ដោយ៖ សុផារី
ព្រៃវែងៈ ផ្លូវជាតិលេខ១១ ដែលមានតម្លៃជិត១០០ លានដុល្លារ តភ្ជាប់ពីខេត្តព្រៃវែងដល់ខេត្តត្បូងឃ្មុំ ត្រៀមបើកប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រុមមន្រ្តី និងថ្នាក់ដឹកនាំខេត្តទាំងពីរកាលពីថ្ងៃទី២៤ ខែវិច្ឆិកា នេះ អាជ្ញាធរបានចុះទៅពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ការចុះពិនិត្យទីតាំងដើម្បីត្រៀមពិធីសម្ពោធ កំណាត់ផ្លូវប្រវែងជិត ១០០ គីឡូម៉ែត្រស្ថិតនៅក្រុងព្រៃវែង ដោយមានវត្តមានពីលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ រួមទាំងអភិបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។
ផ្លូវជាតិលេខ១១ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុច ប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង)។ ផ្លូវនេះមានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវមេប្រវែង៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។
កំណាត់ផ្លូវលេខ ១១ ជាកំណាត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដោយចំណាយទឹកប្រាក់ចំនួនជាង៩៨លានដុល្លារ អាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅចុងឆ្នាំ២០២០៕