ការនាំចេញផលិតផលក្នុងវិស័យវាយណភ័ណ្ឌសម្រេចបានទំហំទឹកប្រាក់ជាង៥០០០លានដុល្លារក្នុងរយៈពេល៨ខែ

ដោយៈសុជាតា

ភ្នំពេញៈ ការនាំចេញផលិតផលក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ ស្បែកជើងនិងកាបូបធ្វើដំណើរសម្រេចបាន ទំហំទឹកប្រាក់ជាង៥០០០លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញអោយដឹងថា ទំហំការនាំចេញសម្លៀកបំពាក់​ ពីកម្ពុជាបានកើនឡើង៣.៣ភាគរយ ស្មើនឹងជាង៥ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួន៤.៨៦១ ពាន់លានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឧស្សាហកម្មកាត់ដេរ គឺប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលវិស័យនេះ មានរោងចក្រប្រមាណ១១០០រោងចក្រ និងសាខា ដោយបានផ្តល់់ការងារប្រមាណ ៧៥០,០០០នាក់ ដែលភាគច្រើនជាស្ត្រី។

សហភាពអឺរ៉ុប ប្រទេសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុនគឺជាទិសដៅនាំចេញសម្លៀកបំពាក់ដ៏ចម្បង របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ការកើនឡើងនៃការនាំចេញផលិតផលសម្លៀកបំពាក់ បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យកាត់ដេរ បើទោះបីជាជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្តក៏ដោយ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា វិស័យកាត់ដេរនៅកម្ពុជា កំពុងទទួលបានការបញ្ជាទិញកើនឡើង។ ដោយឧស្សាហកម្ម កាត់ដេរបានដំណើរការធម្មតា ហើយយើងកើនឡើងការបញ្ជាទិញ ពីព្រោះតែប្រទេ​សយើងមានសុវត្ថិភាពពីវិបត្តិCovid 19 ។

ប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វាក់សាំង កាលពីខែកុម្ភៈដោយប្រទេ​សចិនជាអ្នកផ្គត់ផ្គង់វាក់សាំងដ៏សំខាន់។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំនេះ ប្រជាជនកម្ពុជាប្រមាណ១១.៦លាននាក់ ស្មើនឹង៧២.៥ភាគរយ បានទទួលវាក់សាំងយ៉ាងហោចណាស់មួយដូស៕

រដ្ឋាភិបាលដាក់ដំណើរការកំពង់ផែLM17ជាមួយសមត្ថភាពកាន់តែធំជាងមុន លើការដឹកជញ្ជូនទំនិ

        ដោយៈវឌ្ឍនៈ

កណ្តាលៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដាក់ឲ្យដំណើរការកំពង់ផែLM17 ជាផ្នែកមួយនៃកំពង់ផែសស្វយ័ត្នភ្នំពេញ ដែលហេដ្ឋារចនាសម្ព័ន្ឋនេះបាននិងកំពុងពង្រីកសមត្ថភាពដឹកជញ្ជូន និងលើកដាក់ទំនិញកម្ពុជា។

លោកហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃកំពង់ផែស្វយ័តក្រុងភ្នំពេញបានមានប្រសាសន៍ ក្នុងពិធីសម្ពោធចំណងផែកុងតឺន័រLM 17 នៅព្រឹកថ្ងៃទី២០ កញ្ញា២០២១នេះថា កំណើនកុងតឺន័រឆ្លងកាត់កំពងផែស្វយ័តក្រុងភ្នំពេញ ជាមធ្យមមានចន្លោះពី១៥ ទៅ១៨ភាគរយ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ បរិមាណកុងតឺន័រឆ្លងកាត់មាន២៨១.០៤៣TEU និងឆ្នាំ២០២០មានចំនួន ២៩០.៨៥៧TEU ទោះបីជាមានវិបត្តិដែលកើតឡើងដោយជំងឺកូវីដ១៩ក៏ដោយ ដែលបរិមាណនេះឈានជិតដល់សមត្ថភាពផ្ទុកសរុបរបស់LM 17 ជំហានទី១និងជំហានទី២ ។

លោកបន្តថា “ឆ្លើយតបនឹងកំនើនកុងតឺន័រឆ្លងកាត់កំពង់ផែ នៅក្នុងឆ្នាំ២០១៩ រដ្ឋាភិបាល ក៏បានសម្រេចអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រLM17 ជំហានទី៣ដំណាក់កាលទី១នេះ”។ លោកបន្តថា “នៅពេលចំណតផែកុងតឺន័រមួយនេះ ដាក់ដំណើរការនឹងធ្វើឱ្យសមត្ថភាពផ្ទុកកុងតឺន័រ បានរហូតដល៤០០ពាន់TEU ក្នុងមួយឆ្នាំ និងគ្រោងពង្រីកជាបន្តបន្ទាប់នៅពេលមានកំណើននៃកុងតឺន័រ”។

ចំណតផែកុងតឺន័រLM17 ជំហានទី៣មានទីតាំងនៅភូមិ កណ្ដាលលើ ឃុំបន្ទាយដែកស្រុកគៀនស្វាយ ខេត្តកណ្ដាលលើផ្ទៃ២,៧៥ហិចតា ប្រើទឹកប្រាក់សាងសង់សរុបចំនួន ១៨,៤លានដុល្លារអាមេរិក ជាថវិការបស់កំពងផែស្វយ័តក្រុងភ្នំពេញ ដែលបានមកពីប្រាក់ចំណេញនិងប្រាក់សន្សំ។

លោកបន្ថែមថា បន្ទាប់ពីអភិវឌ្ឍន៍គម្រោងនេះដោយជោគជ័យ កំពង់ផែស្វយ័តក្រុងភ្នំពេញ ក៏នឹងមានគម្រោងអភិវឌ្ឍន៍បន្ថែមទៀតក្នុងនោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ចំណតកំពង់ផែLM 17 ជំហានទី១ដំណាក់កាលទី២ ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម លើផ្ទៃដីសរុប២,៥ហិចតា និងបង្កើនសមត្ថភាពផ្ទុកកុងតឺន័របាន១០០ពាន់TEU ក្នុងមួយឆ្នាំ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសា​សន៍ថា ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មានសារសំខាន់ណាស់ ហើយក្នុងនាមជារដ្ឋមន្ត្រីក្រ​សួងសាធារណការសូមគាំទ្រ និងជំរុញឱ្យមានការដឹកជញ្ជូ នតាមផ្លូវទឹកនេះឱ្យបានកាន់​តែច្រើន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយការខូចខាតផ្លូវថ្នល់របស់យើង។

លោកបន្តថា “គម្រោងដឹកជញ្ជូនតាមផ្លូវទឹក គឺជាគម្រោងប្លង់មេរបស់យើងដែលត្រូវអភិវឌ្ឍន៍ ដើម្បីពង្រីការដឹកជញ្ជូនផ្លូវឱ្យកាន់តែច្រើន”៕

ប្រទេសអនុតំបន់មេគង្គ (GMS) បង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេស​ចរណ៍មេគង្គបានសម្រេចបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា។

កិច្ចប្រជុំកាលពីសប្តាហ៍មុន ដោយមានការចូលរួមពី ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ តំណាងឲ្យប្រទេសកម្ពុជា បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាលនៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ។

អង្គប្រជុំបានផ្តោតសំខាន់ទៅលើចំណុចមួយចំនួនរួមមាន ទី១ ស្ថានភាពទេសចរ​ណ៍ ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទី២ ការស្តារ និងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ ទី៣ ផែនការស្តារទំនាក់ទំនងទេសចរណ៍ មហាអនុតំបន់មេគង្គ និងទី៤ការបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា។

ការប្រជុំតាមរយៈប្រព័ន្ឋ Zoom នេះ ទទូលបានលទ្ឋផលជាច្រើនរួមមាន ទី១ អង្គប្រជុំបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះលោក Jens Thraenhart ដែលបានដឹកនំាអង្គភាព MTCO បានយ៉ាងល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍មេគង្គ ជាគោលដៅទេសចរណ៍តែមួយ និងអបអរសារទរចំពោះនាយកប្រតិបត្តិថ្មី ដែលនឹងចូលបម្រើការងារនៅអំឡុងខែតុលា ខាងមុខ និងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់តំបន់មេគង្គ ផែនការងាររបស់ MTCO និងពង្រឹងទេសចរណ៍ ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

ទី២ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ បានលើកឡើងពីអំពីស្ថានភាពទេសចរណ៍ ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល និងបានឯកភាពទាំងស្រុង លើផែនការស្តារទំនាក់ទំនងទេស​ចរណ៍ឡើងវិញក្នុងមហាអនុតំបន់មេគង្គ ដែលគ្រោងនឹងប្រកាសប្រើប្រាស់ជាផ្លូវការ នៅចុងខែតុលា ឆ្នាំ២០២១ ក្រោមជំនួយបច្ចេកទេស និងថវិកាសម្រាប់ការអនុវត្តពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះ អង្គប្រជុំបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការបញ្ជូលកីឡាទេសចរណ៍ផងដែរ។

ទី៣ កម្ពុជាគ្រោងស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ទទួលអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ជាផ្លូវការនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់ លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ និងការស្តារវិស័យទេសចរណ៍ឡើងវិញ។

ទី៤ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយបរិយាប័ន្ន ក្នុងវិស័យទេសចរណ៍ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបង្ហាញជំហ៊របន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់តំបន់ GMS បន្ថែមទៀតស្របតាមរយៈ ក្របខណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូល GMS កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ តំណាងឲ្យកម្ពុជាក៏បានលើកពីការខិតខំជំរុញការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំ ទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា៕

រដ្ឋាភិបាលចិននឹងបន្តបង្កើនការលើកកម្ពស់ការធ្វើអន្តរភាវូបនីយកម្មរូបិយប័ណ្ណយ័ននៅឆ្នាំ២០២១

ដោយៈសុខុម

ប៉េកាំង: ធនាគារកណ្តាលចិន បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៨ កញ្ញាកន្លងមកថា មហាយក្សចិន នឹងបង្កើនការលើកកម្ពស់ ការធ្វើអន្តរភាវូបនីយកម្មរូបិយប័ណ្ណយ័ន (ធ្វើឱ្យវាក្លាយជារូបិយប័ណ្ណអន្តរជាតិ) “ជាលំដាប់ និងដោយប្រុងប្រយ័ត្ន” នៅឆ្នាំ២០២១ នេះ ហើយបន្តអភិវឌ្ឍទីផ្សាររូបិយប័ណ្ណយ័ន នៅបរទេសបន្ថែមទៀត។

ធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាលបានលើកឡើង ក្នុងរបាយការណ៍ធ្វើអន្តរភាវូបនីយកម្ម រូបិយប័ណ្ណយ័នប្រចាំឆ្នាំ២០២១ របស់ខ្លួនថា ការទូទាត់ឆ្លងដែនជារូបិយប័ណ្ណយ័ន មានទំហំសរុប២៨.៣៩ទ្រីលានយ័ន (៤.៣៩ទ្រីលានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២០ ដោយកើនឡើង៤៤.៣%បើធៀបនឹងឆ្នាំ២០១៩។

របាយការណ៍ដដែលបង្ហាញថា ការទូទាត់ឆ្លងដែនជារូបិយប័ណ្ណយ័ន គ្របដណ្ដប់៤៦,២%នៃការទូទាត់ឆ្លងដែនសរុប ដោយកើនឡើងខ្ពស់មិនធ្លាប់មាន។ ការទូទាត់ឆ្លងដែននៅក្នុងពាណិជ្ជកម្មបរទេស បានឈានដល់៤,៧៨ទ្រីលានយ័ន (៧៣៩ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ដោយកើនឡើង១២,៧% បើធៀបនឹងឆ្នាំ២០១៩។

ធនាគារកណ្តាលរបស់មហាយក្សចិន មួយនេះនឹងពង្រឹងការត្រួតពិនិត្យរំហូរមូលធនឆ្លងដែន និងការពារហានិភ័យជាប្រព័ន្ធនានាដែលអាចកើតមានឡើង។

ប្រទេសចិន បានព្យាយាមបង្កើនឥទ្ធិពលរូបិយប័ណ្ណយ័ន ទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០០៩ មកម៉្លេះដើម្បីកាត់បន្ថយការពឹងផ្អែក លើរូបិយប័ណ្ណដុល្លារអាមេរិក នៅក្នុងការទូទាត់ពាណិជ្ជកម្ម និងការវិនិយោគ និងដើម្បីប្រជែងដណ្ដើមតំណែងរូបិយប័ណ្ណដុល្លារ ជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់ពិភពលោក។

ប៉ុន្តែទោះបីជាចាត់វិធានការមួយចំនួន ឆ្ពោះទៅរកការធ្វើសេរីភាវូបនីយកម្មហើយក្ដី ក៏ធនាគារកណ្ដាលចិន នៅតែគ្រប់គ្រងយ៉ាងណែនលើរូបិយប័ណ្ណមួយនេះ ដោយសារការព្រួយបារម្ភ ខ្លាចការប្រែប្រួលឡើងចុះហួសឆាប់រហ័ស កម្រិតអាចជះផលប៉ះពាល់ដល់រំហូរមូលធនឆ្លងដែន និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៕ Reuters៕

Sky Villa ស្ថាបត្យកម្មនៃ Land Mark មួយនៃរាជធានីភ្នំពេញឌីសាញឡើងដោយអ្នកណា?

ដោយៈសុជាតា

ភ្នំពេញៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទះប្រភេទអាផាតមិនធំៗ នៅកណ្តាលក្រុងបានក្លាយជាទីពេញនិយមនៅ លើទីផ្សារអចលនទ្រព្យរបស់កម្ពុជា ដោយតម្លៃបានកើនឡើងរហូតដល់១លានដុល្លារក្នុងមួយយូនីត។

ជាក់ស្តែង ខុនដូ Sky Villa ដែលជាការអភិវឌ្ឍន៍ដ៏ប្រណីតឈានមុខគេនៅរាជធានីភ្នំពេញ កំពុងលេចចេញជារូបរាង ជាមួយនឹងគំនិតពីរខាងលើនេះ ហើយកំពុងផ្តល់នូវការរស់នៅបែបទំនើបនាអនាគត។

អាផាតមិនធំជាងគេនៅកណ្ដាលរាជធានីភ្នំពេញ
អាផាតម៉ិន Sky Villa ជាវិមានភ្លោះដែលរចនាម៉ូតយ៉ាងប្រណីតកប់ពពក មានកំពស់៣៥ជាន់ ស្មើនឹង១៤០ម៉ែត្រ។ ទាំងការរចនាម៉ូតដ៏ល្អឯកដាច់គេ រួមទាំងមានសេវាកម្មក្នុងអគារ គឺផ្ដល់ជូននូវភាពងាយស្រួល ក៏ដូចជា ប្រណីតភាពនៃការរស់នៅផងដែរ។

តើ Sky Villa ត្រូវបានរចនាប្លង់ស្ថាបត្យកម្មដោយអ្នកណា? ការពិតគំរោងនេះរចនាឡើងដោយអ្នឌីសាញអគារ Taipai101 ជាន់ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

ស្ថាបត្យករ គឺដោយលោក 𝐂𝐘 𝐋𝐞𝐞 ដែលត្រូវបានគេស្គាល់ថា ជាស្ថាបត្យករដ៏ល្បីល្បាញមួយរូបលើពិភពលោក ដោយស្នាដៃរបស់លោកជាច្រើន ត្រូវបានយកទៅសាងសង់តាមបណ្តាទីក្រុងនានានៅអាស៊ី និងអឺរ៉ុប។

លោក 𝐋𝐢 𝐙𝐮𝐲𝐮𝐚𝐧 ដោយបានបញ្ចប់ បរិញ្ញាបត្រវិស្វកម្មស្ថាបត្យកម្មពីសាកលវិទ្យាល័យជាតិ 𝐂𝐡𝐞𝐧𝐠 𝐊𝐮𝐧𝐠 និងជាអនុបណ្ឌិតផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យ 𝐏𝐫𝐢𝐧𝐜𝐞𝐭𝐨𝐧 សហរដ្ឋអាមេរិក៕

​គយគន់សម្រស់ឧទ្យានជាតិបុទុមសាគរ តើស្ថិតនៅខេត្តណា និងមានអ្វីពិសេស?

ដោយៈគង់់ សូរិយា

ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា មានឧទ្យានជាតិជាច្រើន ដែលផ្តល់នូវបរិយាកា​ស និងទេសភាពដ៏ស្រស់ត្រកាល និងមានលក្ខណៈពិសេសតាមលក្ខខ័ណ្ឌពិសេសនៃភូមិ​សាស្រ្តនិមួយៗ។

ឧទ្យាន​ជាតិ​បុ​ទុម​សាគរ មាន​ទីតាំង​ស្ថិតនៅ​ទឹកដី​ខេត្តកោះកុង មាន​ព្រំប្រទល់​ផ្លូវជាតិ​លេខ៤៨ពី​ចំណុច ឃុំ​អណ្តូងទឹក រហូត​ទៅដល់​ឃុំ​ត្រពាំងរូង ក្រៅពីនោះ​គឺមាន​ព្រំប្រទល់​ជាប់មាត់​សមុទ្រ​ទាំងអស់។ ​ឧទ្យាន​នេះ​មាន​ផ្ទៃដី១៨៣,៤០៨ហិកតា ខាងជើង​ជាប់ នឹង​ព្រែក​ត្រពាំងរូង ក្នុង​ឃុំ​ត្រពាំងរូង ខាងកើត​ជាប់​ផ្លូវជាតិ​លេខ៤៨ខាងត្បូង និង ខាងលិច​ជាប់​ព្រំប្រទល់​ទឹកសមុទ្រ។

ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និងជា​ដែនជម្រកសត្វព្រៃ និងមច្ឆជាតិ​គ្រប់​ប្រភេទ។ ក្រៅពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ ​ឧទ្យាន​ជាតិ​ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​សម្បូរ​ទៅ ដោយ​ព្រៃកោងកាង​យ៉ាង​ក្រាស់ក្រែល។

នៅក្នុង​តំបន់​នោះ​ក៏មាន​ប្រជាជន​រហូតដល់​ទៅ២៤ភូមិ ​សុទ្ធសឹងតែ​ប្រជា​នេសាទ សមុទ្រ​ទាំងអស់។ កត្តា​ទាំងអស់​ខាងលើនេះ វា​ក៏​ជា​កន្លែង​អំណោយផល​យ៉ាង​គាប់ប្រសើរ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងឡាយ ​ចង់ទៅ​ទស្សនា​កម្សាន្ត ជាពិសេសនោះ​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះទូក​អូប័រ​ទៅលេង​កម្សាន្ត​នៅ​កោះ​ស្តេច ដែល​ស្ថិតនៅ មិន​ឆ្ងាយប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ។

បុ​ទុម​សាគរ​ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដោយ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣៕

ជ្រុងមួយនៃគំនិតៈចំណុចវិជ្ជមានរបស់កម្ពុជា ការកសាងផែនការច្បាស់លាស់ និងការបំពេញបន្ថែម

ដោយៈ សហសេវិកអន្តរជាតិ

ភ្នំពេញៈ ការសម្លឹងទៅមុខប្រកបដោយទស្សនវិទ្យា និងចក្ចុវិស័យច្បាស់លាស់ ទាមទារនូវផែនទីចង្អុលបង្ហាញផ្លូវត្រឹមត្រូវមួយ ស្របពេលកម្ពុជាកំពុងលេចត្រដែតឡើងលើឆាកអន្តរជាតិ វត្តមានអគារពាណិជ្ជកម្ម លំនៅដ្ឋានបានដុះច្រូងច្រាងពេញទីក្រុង។

ប៉ុន្តែលើវិថីឆ្ពោះទៅមុខ ដើម្បីសម្រេចបានវិបុលភាពបន្ថែម ទាមទារនូវការដើរតាមលំអានមួយ ដែលឈរលើមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនភ្លឺស្វាងជាងមុន ស្របពេលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែលំអរទាំងរចនាសម្ព័ន្ឋរឹ់ង និងទន់បណ្តើរៗហើយ។

អ្នកជំនាញអន្តរជាតិបានចង្អុលបង្ហាញ នូវទស្សនវិស័យចំនួនបី ដែលវានឹងជួយជំរុញ​កំនើនសេដ្ឋកិច្ចកម្ពុជាផង ធ្វើឲ្យមានសុខកាយសប្បាយចិត្តផង និងទទួលបាននូវវិបុលភាព ដោយឈរលើមូលដ្ឋាននៃឆន្ទៈនយោបាយ ការសម្រេចចិត្តដោយឈរលើផែនទីច្បាស់លាស់ ព្រមទាំងមានធនាគារខួរក្បាលប្រកបដោយភាពរ៉ឹងមាំ និងមានធនធនមនុស្សប្រកបដោយគុណវុឌ្ឍិផង។

* ការបែងចែកអំណាចច្បាស់លាស់រវាងស្ថាប័នកំពូល
នៅប្រទេសសិង្ហបុរី បានចំណាយពេលដល់ទៅ៦០ឆ្នាំ ទម្រាំមានការរីកចម្រើនខ្លាំងដូចសព្វថ្ងៃ។ ឥឡូវងាកមកកម្ពុជាវិញ ចំណុចសំខាន់បំផុត គឺការបែងចែកអំណាច ឱ្យច្បាស់លាស់ រវាងស្ថាប័នកំពូលទាំង៣ ពោលគឺស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ។

ត្រង់ចំណុនេះ ច្បាប់ត្រូវតែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ចៅក្រមត្រូវមានឯករាជ្យភាព ហើយស្ថាប័ននីតិប្រតិបត្តិ ត្រូវតែមានថាមពលគ្រប់គ្រាន់ ដើម្បីធ្វើការកែប្រែដើម្បីនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន។ ច្បាប់នៅកម្ពុជា ហាក់មានការវិវឌ្ឍយឺតយ៉ាវជាងការអភិវឌ្ឍ ហើយទិដ្ឋភាពជាក់ស្តែងបានបង្ហាញថា នៅពេលមានការអភិវឌ្ឍ ទើបកម្ពុជា តាក់តែងច្បាប់តាមក្រោយ។

មុខជំនួញកាន់តែធំ យើងត្រូវមានខ្នងបង្អែក ឬបណ្ដាញកាន់តែធំនៅក្នុងប្រទេសនេះ។

ទោះជាយ៉ាងណា កម្ពុជាមានចំណុចវិជ្ជមានជាច្រើន ដោយ៦០ភាគរយ នៃអាជីវកម្មទាំងអស់ជាអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និងគ្រប់គ្នាអាចពឹងផ្អែកបានលើតុលាការដើម្បីការពារយុត្តិធម៌ជូនពួកគេ ហើយច្បាប់ការពារគ្រប់គ្នាដោយស្មើភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

បន្ទាប់មកកម្ពុជា នឹងជំរុញ SMEs បន្ថែម ឱ្យគោរពច្បាប់កាន់តែកាន់តែប្រសើរ ដោយគ្រប់គ្នាចាប់ផ្ដើមបង់ពន្ធ រដ្ឋាភិបាលធ្វើវិសោធនកម្មប្រព័ន្ធពន្ធដារ និងអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរឡើង។ សរុបជារួម ការបែងចែកអំណាចច្បាស់លាស់រវាងស្ថាប័នកំពូលទាំង៣ គឺពិតជាមានសារៈសំខាន់ណាស់។

ឥឡូវងាកទៅមើលប្រទេសសិង្ហបុរី កាលពី៦០ឆ្នាំមុន លោក លី ក្វាន់យូ មេដឹកនាំសិង្ហបុរី ដែលកាលនោះលោកជាមេធាវី បានដឹកនាំប្រទេសដោយយកច្បាប់ជាគោលនិងយកច្បាប់សំខាន់ជាងអ្វីៗទាំងអស់ ដើម្បីឱ្យគ្រប់គ្នាគោរពច្បាប់។ ហើយនៅកម្ពុជា ក៏គួរតែយកគំរូតាមសិង្ហបុរី ដើម្បីទាក់ទាញការវិនិយោគ ពីក្រៅប្រទេសឱ្យបានកាន់តែច្រើន។

បើធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន យើងមើលឃើញថា កម្ពុជាគ្រាន់បើជាងគេ។ វិនិយោគិនទូទៅ មិនចង់ទៅវិនិយោគ នៅប្រទេសវៀតណាម មីយ៉ាន់ម៉ានោះទេ ព្រោះមិនដឹងថាគួរបង់ប្រាក់ឱ្យទៅអ្នកណា ដើម្បីឱ្យពួកគេមានឱកាស បានចូលជួបជាមួយមន្ត្រី ដែលជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសេចក្ដីសម្រេចទាក់ទិនការវិនិយោគ។ និយាយរួមគឹមាននិភ័យខ្ពស់តែម្ដង ហើយប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដ៏ដូចគ្នាដែរ។

ដោយឡែកកម្ពុជា វិញគឺមានយុទ្ធសាស្ត្រល្អ ត្រង់មានបែងចែកអំណាចច្បាស់​លាស់ ដាច់ដោយឡែកពីគ្នារវាងស្ថាប័នទាំង៣។

*ការធ្វើផែនការអភិវឌ្ឍន៍ច្បាស់លាស់
រដ្ឋាភិបាលកម្ពុជា មានផែនការអភិវឌ្ឍន៍ច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដោយគួរងាកទៅពង្រីកការអភិវឌ្ឍន៍នៅក្រុងតាខ្មៅ។ កម្ពុជាគួរតែមានផែនការនគរូបនីយកម្ម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដូចជា របៀប នៃការប្រើប្រាស់ដីធ្លីជាដើម ហើយទាំងអស់នេះ នឹងជំរុញឱ្យក្រុងតាខ្មៅ ក្លាយជាមជ្ឈមណ្ឌល ឬក្រុង ដែលមានការរៀបចំផែនការល្អដាច់គេ បន្ទាប់មកបង្វែរការវិនិយោគទាំងអស់ទៅក្រុងតាខ្មៅ ជំនួសឱ្យការវិនិយោគចូលមកភ្នំពេញ។

នៅពេលការវិនិយោគហូរចូលមកភ្នំពេញ វានឹងបែកខ្ញែកទៅគ្រប់កន្លែង ហើយនៅពេលនោះ វានឹងធ្វើឱ្យតម្លៃដីធ្លីគ្រប់ទីកន្លែងហក់ឡើងថ្លៃខ្ពស់ ហើយនៅពេលដីធ្លីហក់ឡើងថ្លៃខ្ពស់ពេក ពលរដ្ឋនឹងលែងមានលទ្ធភាពទិញ។ ប៉ុន្តែប្រសិនបើយើងផ្ដោតតែទៅលើការអភិវឌ្ឍក្រុងតាខ្មៅ ដែលនឹងក្លាយជាទីក្រុងថ្មីរបស់រាជធានីភ្នំពេញ នៅពេលអនា​គត ហើយបន្ទាប់មកបង្វែររាល់ការវិនិយោគទៅកាន់ទីនោះ ដែលមានអ្វីៗសព្វបែបយ៉ាងមិនថាមន្ទីរពេទ្យ សាលារៀន និងអ្វីៗគ្រប់យ៉ាង ពេលនោះវានឹងក្លាយជាទីក្រុងដ៏ទំនើប និងជាទីក្រុងដែលមានការរៀបចំផែនការល្អដាច់គេ។

ពលរដ្ឋនឹងមិនរងគ្រោះ ដោយសារដីធ្លីហក់ឡើងថ្លៃខ្ពស់ឡើយ ហើយវានឹងធ្វើឱ្យតម្លៃផ្ទះចុះទាប។ នៅពេលតម្លៃផ្ទះចុះទាប ពលរដ្ឋនឹងមានលទ្ធភាពរស់នៅទីនោះ។ ទោះជាយ៉ាងណា បើមានតែផ្ទះដែលមានតម្លៃចុះទាប តែគ្មានមន្ទីរពេទ្យ គ្មានសាលារៀនក៏ពលរដ្ឋមិនទៅនោះដែរ។ ដូចនេះការធ្វើផែនការអភិវឌ្ឍន៍ច្បាស់លាស់ នឹងអាចបញ្ចៀ​សការឡើងថ្លៃចំណាយទ្រទ្រង់ជីវភាព និងការឡើងថ្លៃអចលនទ្រព្យ។

* ការពង្រឹងវិស័យអប់រំឱ្យចំគោលដៅ
ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវពង្រឹងការវិស័យអប់រំឱ្យរឹងមាំ និងចំគោលដៅផងដែរ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

បច្ចុប្បន្ននិស្សិតនៅកម្ពុជាភាគច្រើន បានសម្រុកនាំគ្នាសិក្សាជំនាញគណនេយ្យ និងគ្រប់គ្រងអាជីវកម្ម។
សំណួរសួរថា តើយើងមានអាជីវកម្មច្រើនកម្រិតណា ដែលយើងអាចធ្វើបាន? ដូច្នេះការជម្រុញវិស័យអប់រំចំគោលដៅ ពិតជាមានសារៈសំខាន់ណាស់។ នៅពេលវិស័យអប់រំឈានដល់កម្រិតមួយសមរម្យមួយ នោះសេដ្ឋកិច្ចកម្ពុជា នឹងរីកចម្រើនកាន់លឿនដោយសារយុវជនជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព៕

ផ្លូវជាតិ៤៣ខេត្តកំពតកាន់តែទាក់ទាញវិនិយោគគិនក្នុងស្រុកវិនិយោគដីឡូតិ៏បែបលំហែរកាយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលផ្លូវជាតិលេខ៣សាងសង់ចប់ លក្ខខ័ណ្ឌភូមិសាស្រ្តអំណោយផល និងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដោយសារធនធានធម្មជាតិ បានធ្វើឲ្យតំបន់ស្ថិតនៅជុំវិញក្រុងកំពត ពិសេសផ្លូវជាតិលេខ៤៣ កំពុងទាក់ទាញគំរោងអភិវ ឌ្ឈន៍ដីឡឡូត៍លំហែរកាយ។

លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estateបានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ខេត្តកំពតគឺជាខេត្តមានសក្តានុពលខ្លាំង លើវិស័យទេសចរណ៏ និងមានការអភិវឌ្ឈន៏លឿនជាងគេ បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តសៀមរាប ស្របពេលខេត្តនេះបាន និងកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើនលើរមណីយដ្ឋាន ដីឡូត៍លំហែរនៅតំបន់ជុំវិញក្រុងកំពុង ពិសេសតំបន់ស្ថិតនៅប្របផ្លូវជាតិ៤៣ ក្នុងទឹកដី ខេត្តកំពតជាទីតាំងអំណោយផលល្អ ដែលផ្តល់បរិយាកាស និងបរិស្ថានជា​មួយនឹងខ្យល់អាកាសបរិសុទ្ឋ ។

លោកបន្តថា “កត្តាអំណោយផលនៅតំបន់ផ្លូវជាតិលេខ៤៣ ដោយសារតំបន់នេះនៅជិតក្រុងកំពតត្រឹមតែ១៥គ.ម ពីក្រុងកំពត ពិសេសតំបន់នេះស័ក្តិកសមបំផុតក្នុងការអភិវឌ្ឈន៏បែបលំនៅដ្ឋានលំហែរកាយ”។

លោកបន្តថា ក្នុងរយៈពេល៣ទៅ៣ឆ្នាំខាងមុខ ការវិនិយោគបែបលំហែរកាយលើផ្លូវ៤៣ និងកើនឡើងកាន់តែច្រើនឡើងៗ ខណៈតម្លៃដីបច្ចុប្បន្នបាននិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់”។

លោក Coolor Tan បានបន្តដោយព្យាករណ៍ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ផ្លូវជាតិលេខ៤៣ នឹងក្លាយជាគោលដៅវិនិយោគ វិស័យទេសចរណ៍របស់វិនិយោគគិនជាតិ និងអន្តរជាតិ ពិសេសប្រជាជនកម្ពុជាមិនទាន់ស្គាល់ ពីគុណតំលៃដីលំហែរក្បែរជើងភ្នំនៅឡើយ តែយ៉ាងយូរ៥ឆ្នាំទៀតពួកគេនឹងយល់បាន់ច្បាស់ ហើយងាកមកទិញដីបែបលំហែរក្បែរជើងភ្នំកាន់តែច្រើន។

លោកបន្តថា “ពេលនេះជាឱកាសល្អបំផុត សំរាប់កាវិនិយោគទិញដីប្រភេទដីលំហែ​រក្បែរជើងភ្នំ ក្នុងខេត្តកំពតទុកចំណេញ ព្រោះបច្ចុប្បន្ននេះ ដីលំហែរប្រភេទនេះមានតំលៃធូថ្លៃនៅឡើយ បើប្រៀបធៀបជាមួយដីឡូតិ៏នៅជាយក្រុង”។

ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកលលោកយិ​ន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នខេត្តកំពតបាននិងកំពុងស្ថិត នៅក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ជាអាទិភាពបន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយ​សារភាពអំណោយផលនៃការធ្វើដំណើរជិត លក្ខខ័ណ្ឌភូមិសាស្រ្ត ពិសេសភាពអំណោយផលនៃធនធានធម្មជាតិ ដែលមានទឹកព្រែក សមុទ្រ និងជួរភ្នំវែងអន្លាយគួរឲ្យចង់រស់នៅ និងស័ក្តសមជាទីតាំងសម្រាប់ការសាងសង់ផ្ទះលំហែរកាយ។

លោកបន្តថា “នៅក្នុងជំនឿចិន ហ្វុង ស៊ុយ គឺសំដៅដល់តំបន់បែបនេះ ដែលមានអាកាសធាតុល្អ ត្រជាក់ត្រជុំ និងភ្នំដ៏ស្រស់ស្អាត ជាទីរមនាសម្រាប់គយគន់ទេសភាពដ៏ត្រជាក់ភ្នែក និងស្រូបយកខ្យល់អាកាសបរិសុទ្ឋ”៕







ស្រុកក្រគរ ខេត្តពោធិសាត់បន្តទាក់់ទាញគំរោងវិនិយោគសហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង

ដោយៈសុជាតា

ពោធិ៍សាត់ៈ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។

លោកស្រី ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកជំទាវ បានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា និយាយជារួមនឹងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើន ក្រោមដំបូលសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកស្រីបន្ថែមថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។

សហគ្រាសនេះដែរ បានសហការគ្នាចូលរួមបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីប្រមាណជាង២ហិកតា ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋយើង បានប្រមាណជាង១០០នាក់។

ក្នុងឱកាសអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិនិត្យមើលដំណើរការខ្សែចង្វាក់ សហគ្រាស TK & D នេះដែរ លោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគ​នេះ និងសូមស្នើដល់សហគ្រាស ឱ្យទទួលទិញផលិតផលដើម ដែលបងប្អូនប្រជាកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។

ជាមួយគ្នានោះ លោកសូមឱ្យសហគ្រាសនេះ ទទួលបានការគាំទ្រពីសំណាក់អតិថិជន បានកាន់តែច្រើនឡើង ក្នុងចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចសេដ្ឋកិច្ចកម្ពុជាយើង ឱ្យបានការទទួលស្គាល់ពីឆាកអន្តរជាតិ៕

ការិយាល័ផ្ទះគំរូដ៏អស្ចារ្យរបស់ ODOM បាន​បើកដំណើរការជាសាធារណៈ​ហើយ

Odom​ ដែល​ជាគម្រោងអភិវឌ្ឍន៍បែបទំនើបចម្រុះ​និងទិស​ដៅសម្គាល់ថ្មី នៃ​អគារ​ការិយាល័យ​កម្រិត​ស្តង់ដារ​អន្តរជាតិ​ និង​លំនៅដ្ឋាន​ដ៏​ប្រណីត ទាន់​សម័យ និង​ស៊ីវិល័យ​ ។ គិត​ត្រឹម​ថ្ងៃ​ដំបូង​នៃ​ការ​បើក​បង្ហាញ​ និង​ដាក់​លក់​ជា​សាធារណៈ ​ មាន​ការ​ទិញ និង​កក់​ជា​ច្រើន ​ពី​សំណាក់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជា​បរទេស ព្រោះតែលក្ខណៈដ៏វិសេសវិសាលនិងឯកជនភាពរបស់គម្រោងមួយនេះផ្ទាល់។​

ជាមួយ​ទីតាំង​ពោរ​ពេញ​ដោយ​សក្តានុពលរបស់​គម្រោង​ Odom តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ដែល​​ជា​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ កៀក​នឹង​វិមាន​ឯករាជ្យ​ ព្រះ​បរម​រាជ​វាំង​ សារមន្ទីរ​ សាលារៀន​ជាតិ​ និង​អន្តរជាតិ​ ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ជា​ច្រើន​ទៀត​នោះ​ ​គម្រោង​ឧត្តម​នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍រស់នៅ និង​ធ្វើការ​ប្រកបដោយ​ប្រណីតភាព និងឯកជនភាព​កម្រិត​ខ្ពស់។

គម្រោង​ Odom ​មានអគារការិយាល័យដ៏ទំនើបរហូតដល់ទៅ ៤៥ជាន់ គិតជាទំហំសរុបប្រមាណ ៤០.០០០ ម៉ែត្រការ៉េ អគារលំនៅដ្ឋានដែលបានរចនាឡើងទៅតាមតម្រូវការរស់នៅបែបស៊ីវិល័យ ជាលក្ខណៈគ្រួសារ​មាន​ចំនួន ​១៣៨ យូនីត ចាប់​ពី​១​បន្ទប់​គេង ​រហូតដល់ ​៤បន្ទប់គេង ដោយបន្ទប់​នីមួយ​ៗ​មាន​ទំហំ​ធំ​ទូលាយ ​ខុស​ប្លែក​ពី​លំនៅដ្ឋានទូទៅ។ “ស្ពានវេហា”ឬ “Sky Bridge” ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដើម្បី​តភ្ជាប់​អគារ​ការិយាល័យ​ និង​លំនៅដ្ឋាន​​ អមដោយផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺ Odom Square  ដែលគ្របដណ្ដប់ដោយបរិវេណបៃតងដល់ទៅ ៧.០០០ ម៉ែត្រការ៉េ  ដែលជាចំណីចក្ខុ និងរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និងធ្វើការផងដែរ។ ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យ Odom ក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។

សំណង់​អគារ​ដ៏​មាន​ភាពទាក់​ទាញ​រំលេច​ដោយ​ស្ថាបត្យកម្មដ៏ល្អឯក ស័ក្តិសម​បំផុត​សម្រាប់​មនុស្ស​សម័យ​ថ្មី​ និង​សហគ្រិន​ដ៏​ឆ្នើម​នេះ​ ត្រូវ​បាន​អភិវឌ្ឍឡើងដោយ​ក្រុម​ហ៊ុន​ ULS Cambodia ដែល​ធ្លាប់​មាន​ស្នាដៃ​កសាង​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​ ដែល​ផ្តោត​សំខាន់​លើ​សហគមន៍​ និង​ការ​រស់​នៅ​របស់​មនុស្ស​ជា​គោល។

សូម​អញ្ជើញ​មក​កាន់ការិយាល័យ​ផ្ទះគំរូ​របស់​គម្រោង​ Odom ផ្ទាល់តែម្ដង ដែល​មាន​ទីតាំង​នៅ​ក្នុង​សួន​ Odom Garden ​ ឬ​អាច​ធ្វើការ​ទំនាក់ទំនង​មក​កាន់​លេខ​ 099 231 168។ ​

ទីតាំងសួន Odom Garden៖ https://goo.gl/maps/aF5je8CEevMA3fbX9

ហ្វេសប៊ុក៖ https://www.facebook.com/OdomPhnomPenh

​វេបសាយ៖ https://www.odomphnompenh.com/

ដើម្បី​ដឹងកាន់​តែ​ច្បាស់​ពីគម្រោង សូម​ទស្ស​នា​វីដេអូខាង​ក្រោមនេះ៖ https://www.youtube.com/watch?v=VBqGot51ukw