ប្រទេសមហាអនុតំបន់មេគង្គត្រៀមខ្លួនក្នុងការបើកស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ

ភ្នំពេញ ៖ ប្រទេសមហាអនុតំបន់មេគង្គបានបើកកិច្ចប្រជុំចង្អៀតមួយ ដោយពិភាក្សាទៅលើប្រធានបទ សំខាន់ៗ ពាក់ព័ន្ធនឹងការបើកទេសចរណ៍អន្តរជាតិឡើងវិញ បន្ទាប់ពីរឹតបន្តឹងចំពោះភ្ញៀវទេសចរអន្តរជាតិអស់រយៈពេលជិត២ឆ្នាំ ពីព្រោះតែកូវីដ១៩ ។

ប្រធានបទ៤សំខាន់ដែលកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧កញ្ញា២០២១ រួមមាន ១) ស្ថានភាពទេសចរណ៍ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ២) ការស្តារ និងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ ៣)ផែនការស្តារទំនាក់ទំនងទេសចរណ៍មហាអនុតំបន់មេគង្គ ៤)ការបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាឱ្យដឹងថា លទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំនោះមាន

១). អង្គប្រជុំបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះលោក Jens Thraenhart ដែលបានដឹកនំាអង្គភាព MTCO បានយ៉ាងល្អប្រសើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍មេគង្គ ជាគោលដៅទេសចរណ៍តែមួយ និងអបអរសារទរចំពោះនាយកប្រតិបត្តិថ្មី ដែលនឹងចូលបម្រើការងារនៅអំឡុងខែតុលា ខាងមុខ និងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញក្នុងមហាអនុតំបន់តំបន់មេគង្គ ផែនការងាររបស់ MTCO និងពង្រឹងទេសចរណ៍ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

២). ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានលើកឡើងពីអំពីស្ថានភាពទេសចរណ៍ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល និងបានឯកភាពទាំងស្រុងលើផែនការស្តារទំនាក់ទំនងទេសចរណ៍ឡើងវិញក្នុងមហាអនុតំបន់មេគង្គ ដែលគ្រោងនឹងប្រកាសប្រើប្រាស់ជាផ្លូវការ នៅចុងខែតុលា ឆ្នាំ២០២១ ក្រោមជំនួយបច្ចេកទេស និងថវិកាសម្រាប់ការអនុវត្តពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះ អង្គប្រជុំបានឯកភាពតាមសំណើរបស់កម្ពុជាក្នុងការបញ្ជូលកីឡាទេសចរណ៍ផងដែរ។

៣). កម្ពុជាគ្រោងស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ទទួលអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ជាផ្លូវការនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរនិងការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងនោះ។

៤) តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នក្នុងវិស័យទេសចរណ៍ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបង្ហាញជំហ៊របន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់តំបន់ GMS បន្ថែមទៀតស្របតាមរយៈ ក្របខណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូល GMS កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ តំណាងឲ្យកម្ពុជាក៏បានលើកពីការខិតខំជំរុញការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ កញ្ញា២០២១នេះថាកម្ពុជាគ្រោងនឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញនិងធ្វើចត្តាឡីស័ករយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ ហើយក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័កនោះ ក៏អនុញ្ញាតឱ្យពួកគាត់ធ្វើដំណើរម្សាន្តទស្សនានៅក្នុងតំបន់ដែលធ្វើចត្តាឡីស័កដែរ ។ ឧទាហរណ៍ថាគាត់ចុះចតនៅភ្នំពេញ គាត់អាចទស្សនានៅតាមរមណីយដ្ឋាននានាក្នុងរាជធានីភ្នំពេញបានផងដែរ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ៕

ការនាំចេញរបស់សិង្ហបុរី រួមទាំងមកកាន់ទីផ្សារកម្ពុជាទទួលបានកំណើនទាប

ដោយៈសុខុម

ភ្នំពេញ: ទិន្នន័យដែលទីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរី Enterprise Singapore បានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៧កញ្ញា បានបង្ហាញថា ការនាំចេញទំនិញមិនមែនប្រេង (NODX) របស់សិង្ហបុរី រួមទាំងមកកាន់ទីផ្សារកម្ពុជា ផងទទួលបានកំណើនទាបត្រឹមតែ២,៧%ប៉ុណ្ណោះក្នុងខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ទោះបីជាទទួលបានកំណើន៩ខែ ជាប់ៗគ្នាយ៉ាងណាក្ដី ក៏តួលេខកំណើនក្នុងខែសីហា បានធ្លាក់ចុះក្នុងអត្រាទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយខុសគ្នាឆ្ងាយពីអត្រាកំណើន៨,៣% ដែលទីភ្នាក់ងារព័ត៌មាន Reuters បានព្យាករទុក។ ការនាំចេញទំនិញមិនមែនប្រេងទទួលបានកំណើន១២,៧%ក្នុងខែកក្កដា។

ការនាំចេញទំនិញមិនមែនប្រេង បានធ្លាក់ចុះ៣,៦%ក្នុងខែសីហា បន្ទាប់ពីធ្លាក់ចុះ០,៩%កាលពីខែកក្កដា បើធៀបនឹងអត្រាកំណើន២,៤% ដែលក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្យាករទុក។

ការនាំចេញគ្រឿងអេឡិចត្រូនិក ទទួលបានកំណើន១៦,៧%ក្នុងខែសីហា ខណៈការនាំចេញផលិតផល មិនមែនគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ១,៤%ក្នុងខែសីហា បើធៀបនឹងឆ្នាំមុន។

*នាំចេញទៅកាន់ទីផ្សារកំពូលៗ
ការនាំចេញទៅកាន់ទីផ្សារកំពូលៗទាំងមូល ទទួលបានកំណើនក្នុងខែសីហា ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិន និងសហភាពអឺរ៉ុប បានធ្លាក់ចុះ។ កំណើននេះភាគច្រើនទទួលបានពីការនាំចេញទៅកាន់កោះតៃវ៉ាន់ ក្រុងហុងកុង និងប្រទេសម៉ាឡេស៊ី។

ការនាំចេញទៅកាន់កោះតៃវ៉ាន់ ទទួលបានកំណើន៥០.៦% ខណៈការនាំចេញទៅកាន់ទីក្រុងហុងកុង ទទួលបានកំណើន២២,៨% ហើយការនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី ទទួលបានកំណើន១៧,៩%ក្នុងខែសីហា។

ការនាំចេញទៅកាន់បណ្ដាទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង (Emerging market) ទទួលបានកំណើនទាបត្រឹមតែ២,៦%ប៉ុណ្ណោះ ក្រោយពីទទួលបានកំណើនខ្ពស់ដល់ទៅ៥៩,៨%ក្នុងខែកក្កដា។ កំណើនទាបនេះភាគច្រើន ដោយសារការធ្លាក់ចុះនូវការនាំចេញទៅកាន់អាស៊ីខាងត្បូង ឡាវ មីយ៉ាន់ម៉ា វៀតណាម និងមកកាន់កម្ពុជា ព្រមទាំងទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ។

ពាណិជ្ជកម្មសរុប ទទួលបានកំណើន១៩,៨%ក្នុងខែសីហា បើធៀបនឹងកំណើន១៨%ក្នុងខែកក្កដា។ ក្នុងនោះការនាំចូលទទួលបានកំណើន១៧,៤% ហើយការនាំចេញទទួលបានកំណើន២២,៨%៕

បើចង់ក្លាយជាសហគ្រិនជោគជ័យត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ដោយៈលក្ខិណា

ភ្នំពេញៈ ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់ មិនមែនជារឿងមួយងាយស្រួលនោះទេ វាត្រូវការពេលវេលា និងកត្តាច្រើនយ៉ាង ដែលអាចរុញអ្នកទៅកាន់វិថីនៃភាពជោគជ័យបាន។

នៅក្នុងនោះ ក្រៅពីជំនាញនៅក្នុងការបង្កើតនូវអ្វីដែលថ្មីហើយ សហគ្រិនក៏ត្រូវការភាពរឹងមាំ និងភាពខ្លាំងពីខាងក្នុង ដើម្បីក្លាយខ្លួនជាសហគ្រិនជោគជ័យ នៅក្នុងវិស័យរបស់ខ្លួនផងដែរ។

ចំណុចត្រួសទី៩ ដែលចងក្រងដោយសហគ្រិនខ្មែរ អាចជាគន្លឹះមួយទុកជាដើមទុនសម្រាប់ក្លាយខ្លួនជាសហគ្រិន ដែលវៃឆ្លាតនិងជោគជ័យ ។

១.ការលើកទឹកចិត្ត
ទោះបីជាសហគ្រិនពូកែទាំងនោះ មើលទៅខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាមួយការងាររបស់ពួកគាត់ ក៏ពួកគាត់មិនដែលភ្លេចនោះទេ នៅក្នុងការលើកទឹកចិត្តអ្នកក្រោមបង្គាប់ រួមទាំងរូបគាត់ផ្ទាល់ផងដែរ នៅក្នុងការបំពេញការងារប្រចាំថ្ងៃ។ ជាពិសេសគាត់ត្រូវតែបង្ហាញភាពជាគំរូនៃការតស៊ូ ប្រឹងប្រែងបំពេញការងារទៅដល់បុគ្គលិក តាមរយៈសកម្មភាពរបស់គាត់។

២.ភាពច្នៃប្រឌិត
ការខិតខំប្រឹងប្រែងមួយមុខ មិនគ្រប់គ្រាន់នោះទេ។ ប្រសិនបើអ្នកដឹកនាំគ្មានភាពច្នៃប្រឌិត ក៏មុខជំនួញមិនអាចបន្តទៅមុខ ក្នុងសម័យកាលដ៏ទំនើបមួយនេះដែរ។ ដូច្នេះ សហគ្រិនត្រូវមានភាពច្នៃប្រឌិត នៅក្នុងការព្យាយាមបង្កើតនូវអ្វីដែលថ្មី ដើម្បីជំរុញឲ្យការងារមានភាពរលូនជាងមុន។ មួយវិញទៀត ពួកគាត់ក៏ត្រូវជំរុញឲ្យបុគ្គលិកហ៊ានបញ្ចេញគំនិត ក្នុងការបង្កើតនូវអ្វីដែលថ្មីៗ សម្រាប់អភិវឌ្ឍការងារផងដែរ។

៣ ចេះបញ្ចុះបញ្ចូល
ពិតណាស់អាជីវកម្មនីមួយៗ តែងតែត្រូវការនូវអ្នកគាំទ្ររួមមានអតិថិជន ឬដៃគូសហការនានា ក៏ដូចជាបុគ្គលិកផងដែរ ដូច្នេះវាត្រូវការសហគ្រិន ឬអ្នកដឹកនាំ ដែលមានភាពវៃឆ្លាតនៅក្នុងការបញ្ចុះបញ្ចូល លើកដាក់ ថ្លឹងថ្លែង ដើម្បីឲ្យការងាររបស់ពួកគេមានដំណើរការល្អ។

៤. មានចក្ខុវិស័យខ្ពស់
ចក្ខុវិស័យ គឺជាការសម្លឹងមើលភាពវែងឆ្ងាយ និងអនាគតនៃអាជីវកម្មមួយ ដែលវាជាផ្នែកមួយ នៃការកំណត់អនាគតរបស់អាជីវកម្ម។ សម្រាប់សហគ្រិន ដែលមានគំនិត និងចក្ខុវិស័យធំ តែងតែបង្កើតនូវផែនការយុទ្ធសាស្ដ្រស៊ីជម្រៅ និងដែលអាចសម្រេចបានតាមកាលវេលាកំណត់ ហើយត្រូវប្រាកដថាអាជីវកម្ម នឹងមានភាពរីកចម្រើនជាលំដាប់។

៥. មានភាពអធ្យាស្រ័យ
ជាធម្មតា មិនថាធ្វើកិច្ចការងារអ្វីនោះទេ កំហុសតែងតែមាន ភាពបរាជ័យ និងជោគជ័យក៏មានដែរ។ នៅក្នុងការធ្វើអាជីវកម្មក៏ដូចគ្នា វាមានមនុស្សជាច្រើនសហការគ្នា ដើម្បីឲ្យដំណើរការអាជីវកម្មមានភាពរលូន។

៦. ចេះបត់បែន
នៅក្នុងការធ្វើការងារជាក្រុម កត្តាសំខាន់បំផុត គឺភាពចេះបត់បែនរបស់បុគ្គលម្នាក់ៗ ទៅតាមកាលៈទេសៈណាមួយ ដែលស្ថាប័នទាំងមូលនឹងត្រូវជួបប្រទះ។

៧. មិនចេះតែដាច់អហង្ការគ្រប់ពេល
ជាសហគ្រិនត្រូវចេះបត់បែនទៅតាមកាលៈទេសៈ និងមានគំនិតល្អសម្រាប់អភិវ​ ឌ្ឍ​អាជីវកម្ម។ អ្នកមិនត្រូវធ្វើខ្លួនដាច់អហង្ការ មិនយកគំនិតអ្នកដទៃនោះទេ។ អ្នកត្រូវចេះបត់បែនដោយ ផ្ដើមចេញពីការចេះ បើកចិត្តទទួលគំនិតរបស់អ្នកដទៃមកគិត ប្រមូលផ្ដុំ និងជ្រើសរើសនូវគំនិត ដែលល្អមកអភិវឌ្ឍអាជីវកម្ម ព្រោះគំនិតច្រើនតែងតែគិតបានគ្រប់ជ្រុងជ្រោយជាងគំនិតមនុស្សតែម្នាក់។

៨.មិនចេះរារែក
ការធ្វើការងារអ្វីក៏មានផលលំបាក និងសម្ពាធរបស់វាដែរ កត្តាសំខាន់បំផុតគឺអ្នកត្រូវចេះតស៊ូ អត់ធ្មត់ នៅក្នុងការធ្វើវា នោះភាពជោគជ័យនឹងមកដល់ដៃអ្នក គ្រាន់តែត្រូវការពេលវេលាបន្តិច។ ក្នុងបញ្ហានេះ អ្នកត្រូវដឹងថាអ្វីដែលសំខាន់ អ្វីគួរធ្វើអ្វីមុន មិនថាអ្នកក៏មិនត្រូវរារែកអ្វីឡើយ មានបញ្ហា គឺ មានដំណោះស្រាយ។

៩. ចេះសហការ
មិនមាននរណាម្នាក់ ដែលអាចសម្រេចនូវកិច្ចការអ្វីមួយ បានដោយឯកឯងរហូតនោះទេ មិនថាការងារនោះតូចឬធំឡើយ ដូច្នេះសម្រាប់សហគ្រិន ដែលជោគជ័យ ពួកគាត់គឺជាមនុស្ស ដែលពូកែនៅក្នុងការសហការជាមួយអ្នកដទៃ មិនថានៅក្នុងក្រុម ឬក្រៅនោះទេ៕

មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះជីប ម៉ុង ថៅវើតម្លៃ២០០លានដុល្លារគ្រោងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ២០២២

ដោយៈសុជាតា

ភ្នំពេញៈ បើទោះបីស្ថិតក្នុងអំឡុងពេល ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងវិបត្តិដោយសារវីរុស Covid-19 ក៏ដោយ អគារ Chip Mong Tower ដែលមានកម្ពស់៤៥ជាន់ សាងសង់បានសម្រេចបាន៨០ភាគរយ នៃតួអគារទាំងមូល ហើយគម្រោងអាគារនេះគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ។

លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៃក្រុមហ៊ុន ជីប ម៉ុង ឱ្យដឹងលើផេករបស់គំរោងនេះថា អគារ Chip Mong Tower ត្រូវបានសាងសង់លើផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លារ និងតួអគារទាំង​មូលមានផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារ និងមានកំពស់ចំនួន៤៥ជាន់។

អាគារនេះចំនួន២០ជាន់ នឹងប្រើប្រាស់ជាសណ្ឋាគារលំដាប់ផ្កាយ៣ Fairfield by Marriott Phnom Penh។ ១០ជាន់សម្រាប់ការិយាល័យ ៥ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង និង៩ជាន់សម្រាប់ចំណតរថយន្ត និងជាន់ក្រោមដី។

លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន Chip Mong Retails បានបញ្ជាក់ថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ Chip Mong Tower នឹងមានផលិតផលផ្សេងៗជាច្រើន ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ និងពាណិជ្ជកម្ម យីហោល្បីៗថ្មីៗជាច្រើនទៀត ដែលនឹងផ្ដល់បទពិសោធន៍នៃការទិញទំនិញបែបថ្មី និងសម្បូរបែបជូនដល់អតិថិជនផងដែរ៕

គម្រោងស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីនៅឥណ្ឌូនេស៊ីធំបំផុតប្រចាំតំបន់អាស៊ាន គ្រោងបើកការដ្ឋានឆាប់ៗនេះ

ដោយៈសុខុម

ហ្សារតា: ក្រុមហ៊ុន UPC Renewables ដែលជាអ្នកអភិវឌ្ឍន៍ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនី (Wind Farm) បានប្រកាសកាលពីពេលថ្មីៗនេះថា ដំណើរការសាងសង់ក្នុងគម្រោងស្ថានីយកង្ហារខ្យល់ ផលិតអគ្គិសនីកម្លាំង១៥០មេហ្គាវ៉ាត់នៅទីក្រុង Sukabumi ខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមឆាប់ៗនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post បានឱ្យដឹងថា ផ្អែកតាមផែនការមេ ការសាងសង់ក្នុងគម្រោងស្ថានីយ កង្ហារខ្យល់ផលិតអគ្គិសនី ដែលធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ នេះបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៤។

គោលបំណងនៃការអភិវឌ្ឍស្ថានីយ កង្ហារខ្យល់ផលិតអគ្គិសនីនេះ គឺដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កោះជ្វា (Java) និងកោះបាលី ហើយក៏ដើម្បីជួយរដ្ឋាភិបាលសម្រេចគោលដៅផលិតថាមពលកកើតឡើងវិញឱ្យបាន២៣% នៃការផ្គត់ផ្គង់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥ ដែលស្របតាមគោលនយោបាយជាតិស្តីពីថាមពលផងដែរ។

លោក Uu Ruzhanul អភិបាលរងនៃកោះជ្វា បានលើកឡើងអំឡុងពេលចុះត្រួតពិនិត្យទីតាំងគម្រោងស្ថានីយ៍ កង្ហារខ្យល់ផលិតអគ្គិសនីខាងលើនេះ កាលពីថ្ងៃទី៨ កញ្ញា ថា “ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីក្នុងទីក្រុង Sukabumi នេះទំនងជាធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍”។

គម្រោងស្ថានីយកង្ហារខ្យល់ ផលិតអគ្គិសនីជាមួយនឹងទំហំទុនវិនិយោគជាង២៣១លានដុល្លារនេះ ត្រូវបានចាត់ទុកជាគម្រោងយុទ្ធសាស្ត្រដ៏ល្អមួយ នៅក្នុងខេត្តជ្វាខាងលិច៕

​Gold Tower42 ចាប់ផ្តើមបង្អូតសម្រស់ បើទោះជាការសាងសង់យឺតបន្តិចក្តី

​Gold Tower42 ចាប់ផ្តើមបង្អូតសម្រស់ បើទោះជាការសាងសង់យឺតបន្តិចក្តី

ដោយៈស៊ីវ ម៉េង

​ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ២៤០លាន​ដុល្លារ Gold Tower42 បាននិងកំពុងបំពាក់កញ្ចក់ព៌ណមាសជុំវិញដ៏ឆើតឆាយ និងបង្អួតសម្រស់ទៅលើលំហរមេឃ ខណៈសំណង់នេះបានសាងសង់យឺតជាងផែនការ និងជួបវិបត្តិពីរលើកក្តី។

មជ្ឈមណ្ឌលពាណិជ្ជកម្ម Gold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយ​មានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower 42 នឹងមាន​កំពស់​រហូត​ដល់១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ២០១៩នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។
លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ ជាថ្មីកាលពី​ចុង​ឆ្នាំ២០១៨កន្លងមកថា អាគារ​នេះ ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត។

តាមផែនការ ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ ប៉ុន្តែការសាងសង់បានជាប់គាំង និងយឺតជាងផែនការជាបន្តបន្ទាប់ ដែលធ្វើឲ្យមជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន៣៩៩យូ​នី​តនេះ បានពន្យាពេលបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការរហូតមកទល់ពេលនេះ។

ក្រុមហ៊ុន YUNWOO បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Waiman Construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
អាគារ Gold Tower 42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់៤២ជាន់​នេះ។

មានពាក្យចចាមអារ៉ាមថា Gold Tower42 ត្រូវបានទិញយកដោយក្រុមហ៊ុន Prince Holding Group ប៉ុន្តែមិនមានព៌តមានផ្លួវការណាមួយលើកឡើង ឬថ្នាក់ដឹកនាំក្រុមហ៊ុន Prince Holding Group បញ្ជាក់ពីព៌តមាននេះឡើយ៕

ក្រសួងសាធារណៈការកំពុងព្រាងអនុក្រិតលើការគ្រប់គ្រងលើកិច្ចការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំលើការព្រាអអនុក្រិតស្តីពីការគ្រប់គ្រងលើកិច្ចការ ប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង។

កិច្ចប្រជុំនេះដឹកនាំដោយលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់ គ្រងលើកិច្ចការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង ក៏ដូចជាដើម្បីប្រមូលធាតុ ចូលឱ្យកាន់តែទូលំទូលាយ ដើម្បីបំពេញមន្ថែមចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ។

លោកប៉ាល់ ចន្ទតារាបានមានប្រសាសន៍ថា អនុក្រិតនេះមានគោលដៅក្នុងការទប់ស្កាត់ការរំលោភដីចំណីផ្លូវ និងបានជំរុញលើក ទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិយោបល់ និងជួយគិតគូរយកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យអនុក្រឹត្យនេះចេញទៅអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពរលូន ចៀសផុតពីភាពស្រពេចស្រពិល ដល់មន្ត្រីអនុវត្តច្បាប់ និងមិនបង្កផលប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់។

ជាលទ្ធផលនៃការពិភាក្សា អង្គប្រជុំបានឯកភាពរក្សាទុកចំណងជើងអនុក្រឹត្យនេះឱ្យនៅដដែល យោងតាមតម្រូវការបន្ទាន់ និងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន និងផ្អែកលើលិខិតបទដ្ឋានមួយចំនួន ហើយយោងតាមគោលការណ៍ច្បាប់ ចំណងជើងត្រូវស្របតាមការចង្អុលបង្ហាញរបស់ច្បាប់ និងប្រវត្តិនៃការរៀបចំផងដែរ។

ជាមួយគ្នានោះផងដែរ លោកប៉ាល់ ចន្ទតារា បានស្នើឱ្យប្រធាននាយកដ្ឋាននីតិកម្មស្តីទីធ្វើការសម្រប សម្រួល និងស្នើសុំមតិយោបល់ពីមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំឡើងវិញអត្ថបទនៃមាត្រា១ថ្មីឱ្យស្រប ទៅតាមស្មារតី និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់ដាក់ពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយ៕

រដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍គ្រោងចំណាយថវិកាជាង៦០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម

ដោយៈសុធា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងជម្រុញកម្មវិធីភាពជាដៃគូ ជាមួយដៃគូអភិវឌ្ឈន៍នានា ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដើម្បីជំរុញវិស័យនេះឲ្យមានភាពរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន NCB អង្គភាពសម្របសម្រួលថ្នាក់ជាតិ បានលើកឡើងក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះថា កិច្ចប្រជុំនេះគឺ ដើម្បីប្រគល់ភារកិច្ចភាពជាដៃគូនិងដៃគូអភិវឌ្ឍន៍ (PDWG) នៃអង្គភាពសម្របសម្រួលថ្នាក់ជាតិ (NCB) នៃកម្ម វិធី ដើម្បី ភាពជា ដៃគូ ប្រទេស (PCP) ក្នុងយន្តការនៃការអនុវត្តកម្មវិធី ដើម្បីភាពជាដៃគូប្រទេស (PCP) ២០២០-២០២៣ ដែលកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វីកទទួលបានកម្មវិធីនេះ ពីអង្គការសហប្រជាជាតិ ជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រេចបានគោលដៅ អភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយ ចីរភាព និងបរិយាប័ន (Inclusive and Sustainable Industrial Development-ISID) ដែលជាគោលដៅអភិវឌ្ឍទី៩របស់អង្គការសហប្រជាជាតិ។

កម្មវិធីដើម្បីភាពជាដៃគូប្រទេសនេះ គ្របដណ្ដប់លើផ្នែកធំៗ២ និងផ្នែកអន្ដរវិស័យចំនួន៥ រួមមាន ផ្នែកទី១ ស្ដីអំពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម រួមទាំងការភ្ជាប់ជាមួយវិស័យទេសចរណ៍ និងផ្នែកទី២ ស្ដីអំពីការធ្វើពិពិធកម្មឧស្សាហកម្ម ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងនវានុវត្តន៍ រួមទាំងផ្នែកអន្ដរវិស័យមួយចំនួន ដែលចែកចេញជា៣ផ្នែកដួចជា (១) វិស័យសេដ្ឋកិច្ច ដែលក្នុងនោះមាន គោលនយោបាយឧស្សាហកម្ម និងស្ថិតិ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព (២) វិស័យបរិស្ថាន ដែលក្នុងនោះមានថាមព​លប្រកបដោយចីរភាព និងសេដ្ឋកិច្ចចក្រា (Circular Economy) និង (៣) ផ្នែកសង្គម ដែលក្នុងនោះមាន ការផ្ដល់អំណាចទៅស្ដ្រី និងការបង្កើតការងារជូនយុវជន។ ថវិកាសរុបនៃកម្មវិធី ដើម្បីភាពជាដៃគូប្រទេស២០២០-២០២៣នេះ ត្រូវបានប៉ាន់ស្មានប្រមាណ៦០លានដុល្លាសហរដ្ឋអាមេរិក៕

អារ៉ាប់រួមអេមីរ៉ាត បោះទុនវិនិយោគរហូតដល់ទៅ១៤ពាន់លានដុល្លារនៅអង់គ្លេស ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច

ដោយៈសុខុម

អន្តរជាតិៈ ប្រទេសអារ៉ាប់រួមអេមីរ៉ាត នឹងបោះទុនវិនិយោគរហូតដល់ទៅ១៤ពាន់លានដុល្លារ នៅប្រទេសអង់គ្លេស ក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈប្រទេសនេះកំពុងព្យាយាម ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យហួសពីវិស័យប្រេង។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១៦ កញ្ញា។

ការិយាល័យវិនិយោគ (Office for Investment) របស់អង់គ្លេស និងមូលនិធិវិនិយោគ Mubadala នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានប្រកាសពីគម្រោងវិនិយោគមហាសាលនេះ តាមរយៈសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយលើកឡើងថា ការវិនិយោគនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ពលរដ្ឋក្នុងប្រទេសទាំង២ ព្រមទាំងបង្កើនការវិនិយោគលើបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញផងដែរ។

ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានបោះទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារ ចូលក្នុងសេដ្ឋកិច្ចអង់គ្លេស រួចមកហើយចាប់តាំងពី “កិច្ចព្រមព្រៀងភាពជាដៃគូវិនិយោគ” រវាងប្រទេសទាំង២ ត្រូវបានបង្កើតឡើងកាលពីខែមីនា ដើមឆ្នាំនេះ។

លោក Khaldoon Al Mubarak នាយកប្រតិបត្តិមូលនិធិវិនិយោគ Mubadala បានថ្លែងថា “ការពង្រីកភាពជាដៃគូវិនិយោគរបស់យើងនៅថ្ងៃនេះ នឹងជួយពន្លឿនការផ្តល់ហិរញ្ញប្បទាន និងនវានុវត្តន៍ថ្មីក្នុងវិស័យសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២”។លោកបន្ថែមទៀតថា “យើងកំពុងអភិវឌ្ឍអន្តរកាលថាមពលប្រកបដោយមហិច្ឆតា និងកម្មវិធីវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធដែលជួយបង្កើតការងារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសយើងទាំង២”។

កិច្ចព្រមព្រៀងនេះ នឹងពង្រឹងផែនការរយៈពេល១០ឆ្នាំ របស់អារ៉ាប់រួមអេមីរ៉ាត ដែលត្រូវបានបង្ហាញកាលពីដើមខែនេះ ដើម្បីបង្កើនទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេដង និងដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យបានចំនួន១៥០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។ ប្រទេសផលិតប្រេង និងឧស្ម័នហ្គែសដ៏ធំមួយនេះ ចង់បង្កើនការនាំចេញរួមទាំងទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសចិន ផងដែរ ហើយទាក់ទាញជនបរទេសដែលមានទេពកោសល្យ តាមរយៈការបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការ។

ក្រោមកិច្ចព្រមព្រៀងនេះជាមួយអង់គ្លេស ការវិនិយោគនានានឹងត្រូវផ្តល់អាទិភាពដោយផ្អែកលើសក្តានុពល នៃគម្រោងទាំងនោះ ដើម្បីជួយគាំទ្រដល់ការបង្កើតការងារក្នុងប្រទេសទាំង២ ពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាក់ជាតិ ក៏ដូចជារឹតចំណងទំនាក់ទំនងសេដ្ឋកិច្ចផងដែរ៕ CNN៕

តើលំហូរFDIចូលមកកម្ពុជានៅតែមានភាពតានតឹង និងត្រូវចំណាយពេលច្រើនបន្ថែមទៀតឬយ៉ាងណា?

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) នៅតែមានភាពតានតឹងសម្រា​ប់កម្ពុជានៅឆ្នាំនេះ ហើយវាត្រូវការរយៈពេលវែង ដើម្បីឲ្យអ្វីៗវិលមករកសភាពធម្មតាឡើងវិញ។

អ្នកស្រីអាន សុធីតាអ្នកជំនាញ និងវិភាគពីវិស័យអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនៅរសៀលថ្ងៃទី១៧ កញ្ញានេះថា រហូតមកទល់ពេលនេះយើងមិនទាន់ឃើញមានសញ្ញាវិជ្ជមាននៅឡើយ សម្រាប់ឆ្នាំ២០២១នេះ។ ស្ថានភាពនេះ​នឹងអាចអូសបន្លាយដល់ឆ្នាំ២០២២ ឬ២០២៣ទើបលំហូរFDI ហូរចូលមកកម្ពុជាជាថ្មី និងទាមទាររយៈពេលវែងទៀត ទម្រាំស្ថានភាពវិលត្រលប់មកដូចដើមវិញ។

អ្នកស្រីបន្តថា “ក្នុងស្ថានភាពនេះ អ្នកវិនិយោគបរទេសពួកគេនៅតែមានការលំបា​ក និងភ័យខ្លាចលើជំងឺកូវីដឆ១៩ ដែលធ្វើឲ្យពួកគេមិនទាន់សម្រេចចិត្ត វិលត្រលប់មកកាន់កម្ពុជា”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក​ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា អ្នកវិនិយោគបរទេ​ស ពិសេសអ្នកវិនិយោគចិននឹងមកកាន់កម្ពុជា សារជាថ្មីនៅឆ្នាំ២០២២ខាងមុខនេះ ស្រប​ពេលស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងស្ថានភាពជំងឺកូវីដ១៩ អាចនឹងមានភាពប្រសើរឡើងលើពិភពលោក។

លោកបន្តថា “និន្នាការវិនិយោគរបស់ចិននៅកម្ពុជា ពួកគេវិនិយោគធ្វើឡើងជារបៀបសហគមន៍ ដោយពួកគេបានជ្រើសរើសយកក្រុងព្រះសីហនុ និងរាជធានីភ្នំពេញធ្វើជាមូលដ្ឋានវិនិយោគរយៈពេលវែងរបស់ពួកគេនៅកម្ពុជា”។

ទោះជាយ៉ាងណា លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ពេលនេះអ្នកវិនិយោគចិន បានចាប់ផ្តើមមកកាន់កម្ពុជាបណ្តើរៗហើយ ដោយសារដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យីបានមកទស្សនកិច្ចនៅកម្ពុជា។

លោកបន្តថា “ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងល្អរវាងប្រ​ទេសទាំងពីរនោះទេ ប៉ុន្តែក្នុងទិដ្ឋភាពសេដ្ឋកិច្ចក៏ជាសញ្ញាល្អប្រសើរ ដោយផ្តល់ឲ្យអ្នក​វិនិយោគបរទេស ពិសេសអ្នកវិនិយោគចិនកាន់តែមានទំនុកចិត្ត វិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត”៕