សិក្សាពីវិធីសាស្រ្តចំនួន៦នេះ ដើម្បីដាក់ជួលផ្ទះបានតម្លៃខ្ពស់

0

ដោយ: ម៉ាលីស

ភ្នំពេញ៖ ការជួលផ្ទះបានថ្លៃ គឺជាគោលបំណងរបស់ម្ចាស់ផ្ទះគ្រប់រូប។ ពួកគេចង់បានអតិថិជនល្អ ដែលហ៊ានជួលក្នុងតម្លៃថ្លៃ ហើយចេះថែទាំផ្ទះរបស់ពួកគាត់បានល្អស្អាត និងចៀសវាងការខូចខាតផងដែរ។

ដើម្បីសម្រេចគោលបំណងនេះ ទាមទារឲ្យម្ចាស់ផ្ទះអនុវត្តគោលការណ៍មួយចំនួនដូចខាងក្រោម៖

១ កំណត់គោលដៅអតិថិជន
ម្ចាស់ផ្ទះត្រូវកំណត់ថាផ្ទះរបស់ខ្លួន គឺសម្រាប់តែអតិថិជនប្រភេទណា ឬជនជាតិណាមួយ ក្រៅពីនេះគឺមិនជួលអោយទេ។ ក្រោយកំណត់អតិថិជនគោលដៅហើយ ម្ចាស់ផ្ទះត្រូវតុបតែងលម្អ(décor)ផ្ទះរបស់ខ្លួន ឲ្យស្របទៅតាមចំណង់ចំណូលចិត្តមានទំលាប់ប្រពៃណី រឺអបិយជំនឿ ឬជំនឿរបស់ពួកគេ ដើម្បីទាក់ទាញចិត្តពួកគេឲ្យចង់រស់នៅផ្ទះរបស់ខ្លួន។

២ ជួសជុលនិងលាបថ្នាំពណ៍ផ្ទះឲ្យថ្មី
ម្ចាស់ផ្ទះត្រូវជួសជុលផ្ទះនិង លាបថ្នាំពណ៍ផ្ទះអោយស្អាតល្អ មានសោភ័ណ្ឌភាព ដែលមើលទៅហាក់បីដូចជាផ្ទះថ្មីសន្លាង អតិថិជនមានអារម្មណ៍ពេញចិត្ត នឹងស្និទ្ធស្នាលចំពោះផ្ទះ។ ការជួសជុលផ្ទះមិនអស់ប្រាក់ច្រើននោះទេ ប៉ុន្តែការដែលមិនជួសជុលនាំឲ្យខាតប្រាក់ច្រើនទៅវិញ ពីព្រោះទាំងអតិថិជននិងបង្អាប់បន្ថោក ចំពោះភាពចាស់រខេករខាកនៃផ្ទះនោះ។

៣ ផ្ទះមានសម្ភារៈប្រើប្រាស់
ផ្ទះដែលមានសម្ភារៈប្រើប្រាស់ អាចជួយសម្រួលនិងកាត់បន្ថយចំណាយរបស់អ្នកជួលដែលធ្វើអោយយើងមានឱកាសបង្កើនថ្លៃជួល។ វាមានន័យ ថាយើងជួលទាំងផ្ទះនិងជួយទាំងសម្ភារៈ។ ម្ចាស់ផ្ទះទិញសម្ភារៈតែម្ដង តែគេអាចជួយបានរហូតទាល់តែចាស់។ អតិថិជនមិនចង់ដឹកសម្ភារៈរបស់ខ្លួន មកប្រើប្រាស់នៅផ្ទះជួលទេ ពីព្រោះភាពរញ៉េរញៃ និងការលំបាកក្នុងការដឹកជញ្ជូនផង។ អតិថិជនភាគច្រើន តែងតែចង់បានភាពងាយស្រួលស្រាប់។

៤ មានទឹក ភ្លើង ផ្លូវ
ផ្ទះត្រូវមានប្រព័ន្ធទឹកស្អាត សម្រាប់ការប្រើប្រាស់គ្រប់គ្រាន់ មានប្រព័ន្ធបង្ហូរទឹកកខ្វក់ចោល បន្ទប់ទឹកជាមួយឧបករណ៍ល្អនិង មិនបង្កការរំខាននិងការលំបាក។ មានភ្លើងគ្រប់គ្រាន់មានឧបករណ៍សម្ភារៈអគ្គិសនី មានឧបករណ៍ពន្លត់អគ្គិសនី និងផ្លូវចូលចូលល្អងាយស្រួល និងធំទូលាយ។

៥ ជួលនៅជិតសាលាផ្សារមន្ទីរពេទ្យ
ផ្ទះនៅជិតសាលារៀនតែមិននៅជាប់សាលារៀនទេ ផ្ទះនៅជិតផ្សារ តែមិននៅជាប់ផ្សារទេ ដូចគ្នាដែរផ្ទះនៅជិតមន្ទីរពេទ្យ តែមិននៅជាប់មន្ទីរពេទ្យនោះទេ វាបង្កលក្ខណៈងាយស្រួល នៅពេលដែលកូនចៅរបស់អតិថិជន ទៅរៀនទៅផ្សារ និងម្តងម្កាលពួកគេត្រូវការទៅមន្ទីរពេទ្យ។

៦ ផ្ដល់លក្ខខណ្ឌងាយស្រួលដល់អតិថិជន
ម្ចាស់ផ្ទះគួរតែធ្វើលក្ខខណ្ឌ ងាយស្រួលក្នុងកិច្ចសន្យា។ កុំបង្កើតភាពស្មុគស្មាញ និងការទើសទាល់ មិនគួរបង្កើតលក្ខខណ្ឌដែលមានប្រៀប ទៅដល់អតិថិជន ឬក៏ហាក់ដូចជាមិនឲ្យតម្លៃដល់អ្នកជួល គឺមានលក្ខណៈកំណាញ់គិតតែពីទ្រព្យខ្លួនឯង និងមើល​ងាយទៅដល់អ្នកជួល។

បើធ្វើបែបនេះវាគ្មានផលចំណេញឡើយ ត្រូវគិតថាអ្នកជួលម្ចាស់ផ្ទះគឺមានតម្លៃស្មើគ្នា។ កិច្ចសន្យាត្រូវធ្វើឡើងដើម្បីការពារផលប្រយោជន៍រួមនិងស្មើភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here