ដោយៈ សុផារី
ប្រទេសថៃៈ ស្ថានីយ៍រថភ្លើង Hua Lamphong ដែលមានអាយុរហូតដល់១៥០ឆ្នាំហើយនោះ នឹងត្រូវបិទដំណើរការទាំងស្រុងនៅចុងខែធ្នូឆ្នាំនេះ ដោយមជ្ឈមណ្ឌលផ្លូវដែកថ្មី នៃទីក្រុងបាងកក ត្រូវបានប្តូរទៅកាន់ស្ថានីយ៍ Bang Sue Grand វិញ។ នេះបើតាមការចុះផ្សាយរបស់ការិយាល័យព័ត៌មានជាតិ នៃប្រទេសថៃ ក្នុងថ្ងៃទី២៣ ខែវិច្ឆិកានេះ។
ផែនការអភិវឌ្ឍន៍ពាណិជ្ជកម្មដី ដែលមានទីតាំងនៅស្ថានីយ៍ Hua Lamphong ត្រូវបានគេរំពឹងថា នឹងបង្កើតចំណូលបានប្រហែល៨០០ពាន់លានបាត ក្នុងរយៈពេល៣០ឆ្នាំ ដែលនឹងជួយឱ្យស្ថាប័នរដ្ឋផ្លូវដែករបស់ប្រទេសថៃ (SRT) សងបំណុលចំនួន៦០០ពាន់លានបាតរបស់ខ្លួនបាន។
យោងតាមប្រភពស្ថាប័នរដ្ឋមួយនេះបានឱ្យដឹងថា សេវាកម្មផ្លូវដែកនៅ Hua Lamphong នឹងឈប់ដំណើរការទាំងស្រុងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះតទៅ។ ទោះបីជាយ៉ាងណាក៏ដោយ មុនពេលបិទ ការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកដំណើរនឹងត្រូវកាត់បន្ថយពីចំនួន១៨៨ ទៅ២២លើកក្នុងមួយថ្ងៃ ហើយសេវាកម្មដឹកទំនិញនឹងត្រូវបង្វែរទៅស្ថានីយ៍ Chiang Rak Noi ក្នុងខេត្តអយុធ្យា ដើម្បីបញ្ចៀសចរាចរណ៍ទំនិញនៅស្ថានីយ៍ Bang Sue Grand។
លោក Saksayam រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃ បានមានប្រសាសន៍ឲ្យដឹងថា ផែនការបញ្ឈប់ការងារនៅស្ថានីយ៍ Hua Lamphong នឹងត្រូវបានអនុវត្តជាជំហានៗ ដើម្បីជៀសវាងការរំខាន ដល់សេវាកម្មដឹកជញ្ជូន នេះដើម្បីអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរ ដោយរលូនពីស្ថានីយ៍ Hua Lamphong និងស្ថានីយ៍ Bang Sue Grand៕