តើសេដ្ឋកិច្ចប្រទេសទីម័រខាងកើតមានសន្ទុះខ្លាំងបែបណា ហើយពឹងផ្អែក លើវិស័យអ្វីជាសំខាន់?

ដោយៈសុខុម

ប្រទេសទីម័រៈ ប្រទេសទីម័រឡេស្តេ ឬ ទីម័រខាងកើត ជាប្រទេសមួយដែលបានទទួលឯករាជ្យពីឥណ្ឌូនេស៊ី តើសេដ្ឋកិច្ចនៃប្រទេសមួយនេះ មានសន្ទុះសេដ្ឋកិច្ចខ្លាំងបែបណា ហើយពឹងផ្អែកលើវិស័យអ្វីជាសំខាន់?។

នៅឆ្នាំ២០០២ ទីម័រខាងកើត បានក្លាយជាប្រទេសឯករាជ្យ បន្ទាប់ពីស្ថិតក្រោមនឹមអាណានិគមរបស់ប្រទេសព័រទុយហ្គាល់ អស់រយៈពេល៤សតវត្សរ៍ និងត្រូវបានឥណ្ឌូនេស៊ី ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនអស់រយៈពេល២ទសវត្សរ៍។

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីម័រខាងកើត បានផ្តោតយកចិត្តទុកដាក់លើការរក្សាឯកភាពនយោបាយ និងការជំរុញកំណើនសេដ្ឋកិច្ច។ នេះមិនមែនជាកិច្ចការងាយស្រួលឡើយ បន្ទាប់ពីកើតមានអំពើហិង្សាយ៉ាងរាលដាល ការជម្លៀសប្រជាជន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងប្រទេសនេះ ក្រោយការធ្វើប្រជាមតិនៅក្នុងឆ្នាំ១៩៩៩។ ហេដ្ឋារចនាសម្ព័ន្ធភាគច្រើន ក្នុងប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញ នៅសម័យកាលនោះ រួមមានប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធលូ ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងទ្រព្យសម្បត្តិសាធារណៈ និងឯកជនច្រើនរាប់មិនអស់។

ទោះបីជាមានការរីកចម្រើនជាបន្តបន្ទាប់ក្ដី ក៏តាមការប៉ាន់ប្រមាណថា ពលរដ្ឋទីម័រខាងកើតជាង៤០ភាគរយ នៅតែរស់ក្រោមបន្ទាត់នៃភាពក្រីក្រ ហើយការអត់ការងារធ្វើមានអត្រាខ្ពស់ខ្លាំងនៅពេលបច្ចុប្បន្ន។

 

*ការអភិវឌ្ឍន៍

បន្ថែមពីលើការរីកចម្រើន ក្នុងវិស័យសាធារណៈរបស់ទីម័រខាងកើត ចំនួនអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ជាពិសេសក្នុងវិស័យសំណង់ និងការលក់ដុំ និងលក់រាយទំនិញ ក៏កំពុងមានសន្ទុះកើនឡើងផងដែរ។ អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីឌីលី (Dili) ដែលបានប្រែប្រួលមុខមាត់យ៉ាងខ្លាំងចាប់តាំងពីទទួលបានឯករាជ្យមក ដោយការសាងសង់អគារ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពុងតែបន្តជាហូរហែ។

ដូចក្នុងរដ្ឋធានីភាគច្រើនអញ្ចឹងដែរ រដ្ឋធានីឌីលី មានភាពស៊ីវិល័យ និងសកម្មភាពសេដ្ឋកិច្ចរស់រវើកដូចជាសេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ទំនិញ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ទោះជាយ៉ាងណា ទីប្រជុំជន និងភូមិឋានបែបប្រពៃណីក្នុងបណ្ដាស្រុកជុំវិញ មានការប្រែប្រួលមុខមាត់តិចតួចណាស់ លើកលែងតែការជួសជុលកែលម្អផ្លូវថ្នល់ និងបណ្ដាញអគ្គិសនីប៉ុណ្ណោះ។

ប្រជាជនដែលរស់នៅតំបន់ជនបទ បានបន្តប្រកបមុខរបរនេសាទត្រី អាស្រ័យអនុផលព្រៃឈើ និងធ្វើកសិកម្មទ្រង់ទ្រាយតូច។

*វិស័យប្រេង

បច្ចុប្បន្នសេដ្ឋកិច្ចនៃប្រទេសទីម័រខាងកើត ពឹងផ្អែកស្ទើរតែទាំងស្រុងលើការទាញយកធនធានរ៉ែប្រេងពីសមុទ្រទីម័រ (Timor Sea) ដែលគ្របដណ្ដប់រហូតដល់ទៅ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ប្រាក់ចំណូលដែលបានពីធនធានរ៉ែប្រែងជួយឱ្យប្រទេសនេះ មានលទ្ធភាពវិនិយោគច្រើន សន្ធឹកសន្ធាប់លើសេវាកម្មសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ និងបណ្ដាញអគ្គិសនី។

ទោះជាយ៉ាងណា ខណៈដែលប្រេងមានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងការរក្សាដំណាក់កាលដំបូង នៃការអភិវឌ្ឍប្រទេសទីម័រខាងកើត ធនធានរ៉ែប្រេងកំពុងធ្លាក់ចុះកាន់តែខ្លាំង ហើយប្រទេសនេះចាំត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច (ធ្វើឱ្យសម្បូរបែប) ជាបន្ទាន់ មុននឹងធនធានរ៉ែប្រេងអស់។

*វិស័យផ្សេងៗទៀត

នៅក្នុងប្រទេសទីម័រខាងកើត សេដ្ឋកិច្ចក្រៅពីប្រេងគ្របដណ្ដប់ត្រឹមតែ២១ភាគរយប៉ុណ្ណោះនៃផលទ្នជាតិសរុប(GDP)។ វិស័យកសិកម្ម ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដែលផ្តល់ការងារដល់ប្រជាជនជាង៥០ភាគរយ

ក្នុងចំណោមប្រជាជនសរុប១.៣៤០.៥១៣គិតត្រឹមឆ្នាំ២០២១ នេះ។

ដោយសារប្រទេសនេះ មានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទេសចរណ៍វប្បធម៌ និងបេតិកភ័ណ្ឌ ក្នុងប្រទេសនេះត្រូវបានគេមើលឃើញថា ជាវិស័យដ៏សំខាន់មួយ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។ វាជាគោលដៅមួយ ដែលត្រូវសម្រេចឱ្យបាន តាមរយៈការផ្ដោតលើបេតិកភណ្ឌវប្បធម៌ ដំណើរកម្សាន្តបែបផ្សងព្រេង និងបទពិសោធន៍ទេសចរណ៍ធម្មជាតិ។

ការកែលម្អផលិតកម្មពីវិស័យកសិកម្ម និងនេសាទក៏ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំងផងដែរ ព្រោះវាធានាធ្វើឱ្យប្រទេសនេះមានសន្តិសុខស្បៀង និងកាត់បន្ថយការនាំចូល។

*ការព្យាករណ៍អំពីកំណើន GDP

ប្រទេសនេះ មានប្រាក់ចំណូលGPD សរុបប្រចាំឆ្នាំ២០២០ សម្រេចបាន៥,៣១៥ពាន់លានដុល្លារអាមេរិក និងចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗមានចំនួន៤.០៣១ដុល្លារក្នុងមួយឆ្នាំ។

សាសនា

        ប្រជាជនប្រទេសនេះ កាន់សាសនាគ្រិស្ត៩៩,៥៣ភាគរយ កាន់សាសនាអ៊ីស្លាម០,២៤ភាគរយ  និងសាសនាផ្សេងៗទៀត០,២៣។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា ប្រទេសនេះនឹងទទួលបានកំណើន GDP ប្រមាណ៣,៤ភាគរយ ក្នុងឆ្នាំ២០២១ និង៤,៣ភាគរយក្នុងឆ្នាំ២០២២៕

ទីក្រុងរណបមួយទៀតនឹងរំលេចវត្តមានអគារពាណិជ្ជកម្មរំលេចអាគារខ្ពស់ៗជាច្រើន នៅតំបន់អរិយក្សត្រ

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអគារខ្ពស់ៗជាច្រើននៅតំបន់អរិយក្សត្រ របស់លោកឧកញ៉ាឃុន សៀ មិនទាន់ចេញជារូបរាងនៅឡើយមកដល់ពេលនេះ ប៉ុន្តែតាមរយៈគម្រោងមួយនេះបានធ្វើឱ្យតម្លៃដីធ្លី និងទីផ្សារអចលនទ្រព្យនៅតំបន់គម្រោងមួយនេះ បន្តងើបឡើងនិងមានហាងឆេងល្អ។

គំរោងអភិវឌ្ឍន៍ដ៏ធំនេះ លាតសន្ឋឹងលើផ្ទៃដី៧៥ហិកតា ដែលបច្ចុប្បន្នទីតាំងនេះ

កំពុងចាក់ខ្សាច់ និងថ្មប្របតាមដងទន្លេមេគង្គលើ ដែលតំបន់នេះនឹងមើលឃើញច្បាស់ ប្រសិនជាមើលពីទីក្រុងកោះពេជ្រ និងស្ថិតនៅទល់មុខនឹងទីក្រុងកោះនរា ដែលវិនិយោគ​ដោយក្រុមហ៊ុនOCIC។

ទោះជាយ៉ាងណាក្រុមហ៊ុនឃុន សៀមិនទាន់បង្ហើបឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះថា នឹងចាប់ផ្តើមសាងសង់ និងចំណាយថវិកាប៉ុន្មានរយលានដុល្លារ ដើម្បីអភិវឌ្ឍន៍លើគំរោងនេះនៅឡើយទេ។

អ្នកជំនាញអចលនវត្ថុកម្ពុជាបានលើកឡើងថា នៅពេលមានគម្រោងអភិវឌ្ឍន៍អ្វីធំៗ តែងតែធ្វើមានឥទ្ធិពលទៅលើតម្លៃអចលនទ្រព្យ ជាក់ស្ដែងគម្រោងអភិវឌ្ឍអគារខ្ពស់របស់ក្រុមហ៊ុនឧកញ៉ាឃុន សៀ នៅតំបន់អរិយក្ស័ត្រ បើទោះបីមិនទាន់លេចជារូបរាងក្ដីតែតម្លៃក្នុងតំបន់នេះ បានផ្ទុះឡើងតាំងពីការប្រកាសគម្រោងដំបូងម្ល៉េះ ។

លោកសំ  សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា ចាប់តាំងពីប្រកាសគម្រោង រហូតមកដល់ពេលនេះ តម្លៃដីនៅតំបន់អរិយក្ស័ត្រ តំបន់ដែលមានគម្រោងអភិវឌ្ឍន៍ គឺនៅតែមានកំណើនជាបន្តបន្ទាប់។ ជាក់ស្ដែងមកដល់ពេលនេះតម្លៃដីនៅអរិយក្ស័ត្រ ទល់មុខកោះពេជ្រ វាបានហក់ឡើងដល់ពី១០០០ដុល្លារទៅ១៥០០ដុល្លារអាមេរិក ទៅហើយក្នុងមួយម៉ែត្រការ៉េ ។

លោកបន្តថា “តម្លៃនេះបើយើងនិយាយចំពោះតំបន់នៅជាប់ទន្លេរ ដែលជាប្រភេទដីកម្រ ហើយដីនៅតំបន់មិនជាប់ទន្លេ និងមានទីតាំងនៅក្បែរៗនោះដែរ ក៏មានតម្លៃប្រមាណ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

លោកបន្តថា ដោយឡែកតំបន់ផ្សេងៗ ក៏តាមបណ្ដោយផ្លូវ៣៨០ក្នុងភូមិសាស្ត្រទល់នឹងមុខកោះពេជ្រ ក៏មានតម្លៃពី៦០០ដុល្លារអាមេរិក ទៅ១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកសំ សុខនឿនបានបន្តថា លោកមិនទាន់ច្បាស់សម្រាប់ការអភិវឌ្ឍ ក៏ដូចជាគម្រោង ផែនការអភិវឌ្ឍរបស់ឧកញ៉ាឃុន សៀលើការអភិវឌ្ឍអគារខ្ពស់នោះដែរ ប៉ុន្តែបច្ចុប្បន្នឃើញបន្តចាក់ដី ដើម្បីពង្រាបឱ្យស្មើនឹងត្រៀមអភិវឌ្ឍន៍នៅពេលខាងមុខ។ តំបន់នេះ បើសិនជាមានការតភ្ជាប់ស្ពានពីកោះពេជ្រ កោះនរាហ៍ ឬតំបន់ណាមួយពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្ស័ត្រ នឹងធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍនៅតំបន់នោះ នឹងកាន់តែខ្លាំងឡើង។

លោកបន្ថែមថា “វាជាឧបសគ្គឬជាការរាំងស្ទះ ដល់ការអភិវឌ្ឍនៅតំបន់អរិយក្ស័ត្រគឺគ្មានស្ពានសម្រាប់ធ្វើដំណើរតែម្ដង។ បើសិនជាមានស្ពានឆ្លងទៅកាន់តំបន់នោះ ពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរ អ្នកវិនិយោគនឹងសម្លឹងទៅតំបន់នេះ ក្នុងការអភិវឌ្ឍ ហើយវានឹងមានគម្រោងខុនដូ អគារខ្ពស់ៗ លំនៅឋានតម្លៃខ្ពស់ៗជាដើម ដោយសារតែវានៅជិតរាជធានីភ្នំពេញ គ្រាន់តែបច្ចុប្បន្ននេះ ការធ្វើដំណើររបស់ពលរដ្ឋ គឺត្រូវជិះសាឡាងឆ្លងទន្លេ ។

ប្រជាពលរដ្ឋជាច្រើន នៅក្នុងតំបន់អរិយក្សត្រ ក្បែរគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ាឃុន សៀបានលើកឡើងនាពេលកន្លងមកថា ចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍មួយនេះ មានអ្នកដើររកទិញដីច្រើនណាស់នៅអរិយក្ស័ត្រ មានទាំងខ្មែរ មានទាំងចិន និងហ៊ានឱ្យតម្លៃខ្ពស់ៗទៀតផង ជាក់ស្ដែងផ្ទះនៅជាប់ផ្លូវធំក្បាលត្រឹម២០ ឬ៣០ម៉ែត្រប   ណ្ដោយ៣០ ទៅ៤០ម៉ែត្រពួកគេហ៊ានឱ្យតម្លៃ២០ ទៅ៣០ម៉ឺនដុល្លារអាមេរិកឯណោះ ។​ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនបានសម្រេចចិត្តលក់ទេ ដោយគិតថាលក់ហើយមិនទាន់ដឹងថាទៅធ្វើអ្វី ប្រកបមុខរបរអ្វី ដូច្នេះចេះតែរស់នៅទីនោះសិនទៅ ។

បើតាមអាជ្ញាធរនៅក្នុងតំបន់អរិយក្ស័ត្រ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនធំៗ នៅក្នុងទឹកដីនៃតំបន់អរិយក្ស័ត្រនឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋក្នុងតំបន់នោះ ហើយកូនៗអ្នកស្រុកក៏នឹងទទួលបានការងារនៅជិតផ្ទះ និងមិនបាច់ធ្វើដំណើរទៅធ្វើការឆ្ងាយដែរ។ អ្វីដែលអ្នកស្រុកត្រូវត្រៀមនៅពេលនេះ គឺបញ្ជូនកូនៗទៅរៀនយកជំនាញ ដើម្បីបម្រើការជាមួយក្រុមហ៊ុនជាច្រើនដែលនឹងមកបណ្ដាក់ទុនក្នុងតំបន់អរិយក្ស័ត្រនៅពេលខាងមុខ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងនឹងពង្រីកបន្ថែមនូវ​ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នាពេលខាងមុខ ដោយការពង្រីកផ្លូវខ្សែក្រវ៉ាត់ទី៣នេះ នឹងមានការ​សាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយ ទៅតំបន់អរិយក្សត្រ និងស្ពានមួយទៀតតភ្ជាប់ពីតំបន់កោះដាច់ ទៅកាន់ផ្លូវជាតិលេខ៦អាផងដែរ៕

ក្រុងព្រះសីហនុបន្តលើកកំពស់ស្តង់ដាបៃតង តាមរយៈការបើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣

ដោយ សុជាតា

ក្រុងព្រះសីហនុៈ ការរីកចំរើននៃវិស័យសំណង់ និង នគរូបនីយកម្មនៅខេត្តព្រះសីហនុ យ៉ាងឆាប់រហ័សនៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ទាមទារអោយរដ្ឋាភិបាលត្រូវគិតគូរអភិវឌ្ឍរចនាសម្ពន្ធបន្ថែមទៀត ជាពិសេសគម្រោងអភិវឌ្ឍអាងទឹកកខ្វក់ ដើម្បីទប់ស្កាត់ការហូរចូលទឹកកខ្វក់ ទៅផ្ទៃសមុទ្រដែលប៉ះពាល់ដល់បរិស្ថាន។

នៅថ្ងៃទី១៧ ខែកញ៉ា ឆ្នាំ ២០២១  លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីគម្រោងអភិវឌ្ឍទឹកកខ្វក់ដំណា​ក់កាលទីបី ដោយលើកឡើងថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) សាងសង់លើផ្ទៃដីទំហំ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ២០.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។

ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួនពីរកន្លែងរួចហើយ ដែលកន្លងមកបានដាក់ឱ្យដំណើរការជោគជ័យ ដោយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមា​ណ៥.២០០ម៉ែត្រគូបក្នុង១ថ្ងៃ។

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ទឹកកខ្វក់ ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។

លោកគួច ចំរើនបានលើកឡើងបន្ថែមទៀតថា តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺដើម្បីបញ្ចៀសទឹកកខ្វក់ហូរ ចូលដោយផ្ទាល់ទៅក្នុងសមុទ្រ និងការពារបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមានភាពបៃតង៕

ធនាគារហត្ថា ផ្តល់ជូនលេខគណនីដូចនឹងលេខទូរស័ព្ទលេខហុងស៊ុយ និងលេខពិសេសផ្សេងទៀត ជូនអតិថិជនដល់ផ្ទះដោយមិនគិតថ្លៃ

        ដោយៈសហការី

        ភ្នំពេញៈឥលូវនេះ ធនាគារហត្ថា មានការផ្តល់ជូននូវកម្មវិធីពិសេសបន្ថែមថ្មីមួយទៀត នោះគឺ ការបើកលេខគណនីពិសេស សម្រាប់គណនីប្រាក់បញ្ញើ សន្សំគ្រប់ប្រភេទដោយមិនគិតប្រាក់។

កម្មវិធីបើកលេខគណនីពិសេសនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជន ក្នុងការជ្រើសរើសយកលេខគណនី ដែលអាចជាលេខទូរសព្ទ លេខហុងស៊ុយ ឬលេខណាមួយទៅតាមការពេញចិត្ត មកធ្វើជាលេខគណនីធនាគាររបស់ខ្លួនដើម្បីងាយស្រួលចំណាំ ជាពិសេសងាយស្រួលក្នុងការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុ ប្រចាំថ្ងៃជាមួយដៃគូអាជីវកម្ម មិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងឆាប់រហ័សបំផុត។

តាមរយៈការបើកគណនីលេខពិសេសរបស់ធនាគារ ហត្ថា អតិថិជនមិនត្រឹមតែទទួលបានលេខគណនីពិសេសនោះទេ លើសពីនោះអតិថិជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមាន៖ ទទួលបានសុវត្ថិភាព និងអត្រាការប្រាក់ខ្ពស់ពីគណនីបញ្ញើសន្សំយ៉ាងសម្បូរបែប ការប្រើប្រាស់សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) ដែលមានមុខងារគ្រប់តម្រូវការដោយមិនគិតកម្រៃសេវា ការផ្តល់ជូននូវសេវាបើកគណនីដល់ទីកន្លែងអតិថិជន ជាពិសេសនឹងក្លាយទៅជាអតិថិជន VIP របស់ធនាគារ ហត្ថា និងទទួលបានសេវាធនាគារដ៏ល្អឥតខ្ចោះផ្សេងៗទៀត។

សូមគូសបញ្ជាក់ផងដែរថា ការផ្តល់ជូនដ៏អស្ចារ្យនេះ មាននៅគ្រប់ការិយាល័យសាខាទាំងអស់របស់ធនាគារ ហត្ថា ទាំង១៧៧ទីតាំងនៅទូទាំងប្រទេស ហើយអតិថិជនក៏អាចចូលទៅស្វែងរក និងកក់ទុកនូវលេខគណនី ដែលខ្លួនពេញចិត្តលើគេហទំព័ររបស់ធនាគារហត្ថាផងដែរ។

រួសរាន់ឡើង បើកគណនីយកលេខពិសេសថ្ងៃនេះទាំងអស់គ្នា! ត្បិតការផ្តល់ជូនពិសេសនេះមានត្រឹមថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មាន ឬចម្ងល់បន្ថែមផ្សេងៗ សូមទំនាក់ទំនងមកកាន់ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦៕

 

 

 

 

 

 

 

តំបន់រ៉ុករករ៉ែមាសក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំមានវិសាលភាពលើផ្ទៃដី១០,០០០​ហិកតា

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ តំបន់រ៉ុករករ៉ែមាស ដែលរដ្ឋាភិបាលផ្តល់សិទ្ឋស្រាវជ្រាវជូនក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) គឺមានវិសាលភាពលើផ្ទៃដីប្រមាណ១ម៉ឺនហិកតា គ្របដណ្តប់ស្រុកមេមេត់ ខេត្តត្បូងឃ្មុំ។

ក្រុមហ៊ុននេះ ទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងរ៉ែ និងថាមពល តាំងកាលពីខែមករា ឆ្នាំ២០២១ មកម្លេះ។

លោកអ៊ឹង ឌីប៉ូឡាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល​បានឱ្យដឹងនាព្រឹកថ្ងៃទី១៧ កញ្ញានេះថា នៅក្រោមអាជ្ញាបណ្ណស្វែងរុករករ៉ែមាសនេះ ក្រុមហ៊ុន មានសិទ្ធស្វែងរុករករ៉ែមាសនៅលើទីតាំងទំហំ១០៧គីឡូម៉ែតក្រឡា (ជាង១ម៉ឺនហិកតា) ដោយមានរយៈពេល៣ឆ្នាំ រហូតដល់ខែមករា ឆ្នាំ២០២៤។

លោកបន្តថា “ដំណាក់កាលដំបូង ក្រុមហ៊ុននឹងចុះពិនិត្យទីតាំងនៃដែនអាជ្ញាបណ្ណរបស់ខ្លួន ជាមួយក្រុមការងាររុករក និងក្រុមការងារបរិស្ថាន ព្រមទាំងជួបអាជ្ញាធរមូលដ្ឋា​ន ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីផែនការសម្រាប់ការងារស្វែងរុករករ៉ែមាស”។

កាលពីសប្តាហ៍កន្លងមក ដំណាងក្រុមហ៊ុន ក៏បានជួបជាមួយអភិបាលខេត្តត្បូងឃ្ញុំ ជាម ច័ន្ទសោភណ្ឌ ពិភាក្សាលើផែនការស្វែងរុករករ៉ែមាសនេះ។

ផលិតកម្មចម្រាញ់រ៉ែមាស ក្រុមហ៊ុន Renaissance Minerals (Cambodia) រំពឹងថា នឹងអាចផលិតមាសបាន៣តោន នៅខេត្តមណ្ឌលគីរី ខណៈក្រុមហ៊ុនបាននាំចេញមាសពាក់កណ្តាលសម្រេចលើកដំបូង បានសម្រេចបរិមាណប្រមាណ២០០គីឡូក្រាម យកទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី៕

 

តំបន់ផ្លូវវេង ស្រេងត្រៀមចាប់ផ្តើមស្វាគមន៍អាគារការិយាល័យជួលជាលើកដំបូង

ដោយៈ សុជាតា

ភ្នំពេញៈ តំបន់ផ្លូវវេងស្រេង ដែលជាតំបន់ឧស្សាហកម្មដ៏មមាញឹកកន្លងមក បានចាប់ផ្តើមផ្លាស់ប្តូរមុខមាត់ជាបណ្តើរៗ ដោយលេចេញនូវផ្សារទំនើប អាគារការិយាល័យ ខុនដូជាដើម។

បច្ចុប្បន្នអគារការិយាល័យសម្រាប់ជួលថ្មីមួយ គឺISI tower ជាអាគារទំនើប បាននិងកំពុងត្រៀមដាក់ដំណើរការជួលនៅត្រីមាសទី៤ចុងឆ្នាំនេះ។ អាគារការិយាល័យនេះ គឺស្ថិតនៅជាប់ជាមួយនឹង K Mall ដែលមានកំពស់៩ជាន់ ពោលអាគារនេះគឺត្រូវបានអភិវឌ្ឍជាប់ជនឹងបណ្តុំ ទីតាំងស្ទឹងមានជ័យ និងតំបន់ចោមចៅ ។ អគារនេះបានផ្តល់នូវចំណតខាងក្នុងអាគារ ជាមួយនឹងជម្រើសអាហារពេលល្ងាច និងផ្សារទំនើបសម្រាប់ការដើរកំសាន្តប្រចាំថ្ងៃ។

អ្នកនាងទេព សុភារិន បុគ្គលិកជាន់ខ្ពស់ខាងរដ្ឋបាល និងបំរើអតិថិជននៃក្រុមហ៊ុនUrban Land Asiaបានបញ្ជាក់ប្រាប់Property Area Asia នៅថ្ងៃ១៧ ខែកញ្ញានេះថា អាគារការិយាល័យ អាយ អេស អាយ ដែលមានកម្ពស់9ជាន់ និងមានទីធ្លាសម្រាប់ជូលលើសពី៤៥០០ម៉ែត្រការ៉េ។ មកទល់ពេលនេះ អាគារត្រូវជូលអស់៦៥ភាគរយ។ ហើយអាគារត្រូវបានសាងសង់ឡើងស្របស្តង់ដារអន្តរជាតិ ដែលរចនាឡើងដោយក្រុមហ៊ុនHKA & Partners ដោយផ្តោតលើភាពបត់បែន ទៅតាមតំរូវការរបស់អ្នកជួល។

អ្នកនាងបញ្ជាក់បន្ថែមទៀតថា ដំណាក់កាលទីមួយ នៃគម្រោងអភិវឌ្ឍ KMH  Park នឹងរួមមាន អាគារ អាយ អេស អាយ ផ្សារទំនើបខេ ម៉ល  ផ្ទះពាណិជ្ជកម្ម៤០តារាងបាល់ទាត់មួយ និងទីធ្លាបៃតងជាច្រើនកន្លែងផងដែរ៕

សមាគមចំនួន៣ចូលរួមក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ សហគ្រិនវ័យក្មេងកម្ពុជា

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជៀបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខា តាមរយៈប្រព័ន្ធវីឌីអូអនឡាញ កាលពីរសៀលថ្ងៃទី១៦កញ្ញា២០២១ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រ​សា​សន៍ថា តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងរួមគ្នាបន្តពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឱ្យកាន់តែរឹងមាំជូនដល់សាធារណជន សហគ្រិន និងបណ្តាសហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ។

លោកបណ្ឌិតបន្តថា “កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី បានឆ្លុះបញ្ចាំងទៅនឹង យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និង មធ្យម កសិករ និងសហគ្រិនវ័យក្មេង”។

លោកបន្ថែមថា លើសពីនេះ វានឹងក្លាយជាវេទិកា ដើម្បីឲ្យអ្នកជំនាញខាងវិស័យធនាគារនិងហិរញ្ញវត្ថុ និងសហគ្រិន ក៏ដូចជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។

លោកបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយ​​ហេតុថាសហគ្រាសធុនទាំងនោះ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងបង្កើតការងារដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាផងដែរ ដូច្នេះហើយនាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យម (SME Banks of Cambodia Plc.) បានដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យមជំហានទី២ ឆ្នាំ២០២១ ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់ចំនួន២៦គ្រឹះស្ថាន ដែលមានប្រភពទុនប្រមាណជាង១៦០លានដុល្លារអាមេរិក  ដើម្បីចូលរួមគាំទ្រសហគ្រាសធុនតូច និង មធ្យមក្នុងការទទួលបានហិរញ្ញប្បទានមានលក្ខណៈងាយស្រួល និង មានភាពបត់បែន រួមទាំងផ្តល់នូវអត្រាការប្រាក់សមរម្យ ដើម្បីបង្កើននូវពិពិធកម្មសេដ្ឋកិច្ច ។

ជាមួយគ្នានេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការគាំពារបន្ថែមដល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនវ័យក្មេង ដោយចូលរួមលើកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកបដោយការទទួលខុសត្រូវ ។

ចំណែកលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរំលេចដែរថា ការលំបាកនៃការទទួលបានឥណទាន ​តែងតែត្រូវបានលើកឡើងដោយសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាពិសេសបណ្តាសហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយសារបញ្ហានៃការទទួលបានហិរញ្ញប្បទានពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ បានរារាំងកំណើននៃការរីកចម្រើន នៃសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា “បញ្ហាដែលលំបាកសម្រាប់ទទួលបានហិរញ្ញប្បទាន គឺការកង្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ កង្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុ និងកង្វះខាតព័ត៌មានទូទៅទៅលើប្រភពនៃហិរញ្ញប្បទានបំណុល”៕

សម្ដេចតេជោៈ កម្ពុជាត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលទទួលវ៉ាក់សាំងរួច និងធ្វើចត្តាឡីស័កតែ១អាទិត្យ

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ឡើងវិញ កម្ពុជាគ្រោងនឹងបើកទទួ​លភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា សម្រាប់ភ្ញៀវដែលទទួលបានវ៉ាក់សាំងគ្រប់ដូស ហើយធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅថ្ងៃទី១៧កញ្ញា២០២១នេះ ។

សម្ដេចបានមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងបើកឱ្យទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចរាល់ ហើយធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះតែក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះ ក៏មិនមែនឃុំគាត់ឱ្យក្នុងបន្ទប់ទេ គឺអនុញ្ញាតឱ្យដើរទស្សនានៅតំបន់ដែលគាត់មកដល់។ ឧទាហរណ៍ថា គាត់ចុះចតនៅភ្នំពេញ ដូច្នេះក្នុងអំឡុងពេលគាត់ធ្វើចត្តាឡីស័ក គាត់អាចដើរទស្សនារមណីយដ្ឋាន នៅក្នុងរាជធានីភ្នំពេញ និងគោរពតាមវិធានការ ហើយបន្ទាប់ពី៧ថ្ងៃនៃចត្តាឡីស័ក គាត់អាចធ្វើដំណើរទៅកាន់ខេត្តផ្សេងៗបាន ។

សម្ដេចមានប្រសាសន៍ “វិស័យសេវាកម្មទេសចរណ៍នេះ គឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចនៃប្រទេសនីមួយៗ ហើយប្រទេសកម្ពុជាក៏ដូចគ្នាដែរ ទេសចរណ៍បានជួយដល់សេដ្ឋកិច្ច និងចំណូលពលរដ្ឋនិងចំណូលជាតិច្រើន”។សម្តេចបន្ថែមថា “ដូច្នេះយើងត្រូវគិតគូរលើបញ្ហានេះ។ ជាជំហានដំបូងយើងក៏នឹងបើកទេសចរណ៍ ក្នុងស្រុកជាមុនសិនផងដែរ ពីព្រោះ យើងសង្កេតឃើញថាពលរដ្ឋក្នុងស្រុកយើង ក៏មានការចាយវាយច្រើនដែរ ហើយចាយចង់ច្រើនជាងភ្ញៀវជនបរទេសទៅទៀត”។

សម្ដេចបន្ថែមថា សម្រាប់អ្នកបម្រើសេវាកម្មទេសចរណ៍វិញ បើមិនទាន់បានចាក់សាំងទេ ក៏យើងនឹងមិនអនុញ្ញាតឱ្យបម្រើសេវាកម្មនោះដែរ ដូចជាមគ្គុទេសក៏ទេសចរណ៍ជាដើម បើមិនចាក់វ៉ាក់សាំងទេក៏មិនអនុញ្ញាតឱ្យនាំភ្ញៀវតាមរមណីយដ្ឋានដែរ៕

ប្រធាន GRA បង្ហើបកត្តាចំនួន៧ ដែលភ្នាក់ងារអចលនវត្ថុអាជីពគួរជៀសឱ្យផុត

ដោយៈសុជាតា

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកឧកញ៉ាសំ សុខនឿន (Sam Sn) បានលើកឡើងចំនុច 7 យ៉ាងដែលភ្នាក់ងារអចលនទ្រព្យគួរជៀសវាង ដើម្បី ទទួលបានភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។

ចំណុចសំខាន់ៗចំនួន៧ ដែលលោកលើកយកមកបង្ហាញនោះរួមមានដួចជា ទី១ ជៀងវាងលក់អចលនវត្ថុណាដែលខ្លួនមិនស្គាល់ម្ចាស់។ ទី២ ជៀសវាងដាក់តម្លៃបន្ថែម គួរយកតែកុងស្យុង ឬកម្រៃជើងសារបានហើយ។ ទី៣ ជៀសវាងលក់អចលនវត្ថុណា ដោយមិនផ្តាច់មុខទាំង ដែលម្ចាស់កំពុងរស់នៅទីនោះ។ ទី៤ ជៀសវាងលក់អចលនវត្ថុណាដែលម្ចាស់ដាក់ស្លាកលក់ខ្លួនឯង។

ទី៥ ជៀសវាងលក់អចលនវត្ថុណាដែលមិនស្របច្បាប់។ ទី៦.ជៀសវាងការខំប្រឹងរកដីជូនអ្នកទិញណា ដែលមិនដឹងថា អ្នកទិញមកពីប្រភពណាច្បាស់ពិតប្រាកដ គឺការឮតាមគ្នា ឬច្រើនដំណពេក។ និងទី៧ ជៀសវាងការស៊ីដាច់កុងស្យុងគ្នា ទោះតិច ឬច្រើនត្រូវចេះចែករំលែកគ្នា៕

តើការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវបង់ពន្ធប្រថាប់ត្រាដែរឬទេ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការចុះបញ្ជីដីធ្លីដាច់ដោយដុំ ត្រូវធ្វើបែបណា និងត្រូវបង់ពន្ឋប្រថាប់ត្រាដែរឬទេ? វាជាចម្ងល់របស់មិត្តអ្នកអាន ដែលបានចោទសួរមកកាន់គេហទំព័ររបស់យើង។

ចូរសិក្សាតាមនិតិវិធីចំនួន៤នេះ ដែលជាមូលដ្ឋាននៃទិដ្ឋភាពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

និតិវិធីទាំងបួននោះរួមមាន ដួចជា ទី១ ពន្ឋប្រថាប់ត្រាចំនួន៤%ត្រូវអនុវត្តចំពោះការស្នើសុំចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។ ហើយពន្ធ៤%នេះ ត្រូវបានអនុវត្តរាល់ប្រតិបត្តិការផ្ទេរកម្មសិទ្ធិ ពីម្ចាស់មួយទៅម្ចាស់មួយផ្សេងទៀត។ ទី២ ទោះយ៉ាងណាជាក់ស្តែងគេមើលឃើញថា ការទិញលក់មួយចំនួន ត្រូវធ្វើឡើងត្រឹមថ្នាក់មូលដ្ឋាន ហើយម្ចាស់ដីមួយចំនួនមិនទាន់ចុះបញ្ជីដីនៅឡើយ។ តាមច្បាប់រាល់ការទិញលក់ច្រើនដង ហើយមិនមានការបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយ ជាអ្នកទទួលខុសត្រូវបង់ពន្ធទាំងអស់។​

ទី៣ ប៉ុន្តែដោយពិនិត្យឃើញថាប្រជាពលរដ្ឋ ដែលជាអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវតម្រូវឲ្យមានការបង់ពន្ធប្រថាប់ត្រាច្រើនតំណ នៅមានចំនួនច្រើននៅឡើយ។  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តអនុវត្តន៍គោលការណ៍ បង់ពន្ធប្រថាប់ត្រាចំនួនមួយដង នៅក្នុងឆ្នាំ ២០១៩ ចំពោះការផ្ទេរកម្មសិទ្ធិ ឬកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងកម្មសិទ្ធិបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)។

ទី៤ នៅពេលបច្ចុប្បន្ននេះ ក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅមើលព័ត៌មា​នទាំងស្រុង នៃអចលនវត្ថុបានពោលគឺព័ត៌មាន ដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ៕