ដោយៈសុខុម
ប៉េកាំងៈ ប្រភពច្បាស់ការបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទ ទី២២ វិច្ឆិកា ថា ក្រុមនិយ័តករហិរញ្ញវត្ថុចិន បានចេញសេចក្ដីណែនាំឱ្យធនាគារចិន មួយចំនួន ផ្ដល់ឥណទានបន្ថែមដល់ បណ្ដាក្រុមហ៊ុនអចលនទ្រព្យ សម្រាប់ការអភិវឌ្ឍគម្រោង ដើម្បីបន្ធូរវិបត្តិសាច់ប្រាក់នៅក្នុងវិស័យអចលនទ្រព្យទាំងមូល។
ក្រុមនិយ័តករហិរញ្ញវត្ថុចិន មិនទាន់បើកភ្លើងខៀវជាសាធារណៈនៅឡើយទេថានឹងបន្ធូរបន្ថយ “ខ្សែបន្ទាត់ក្រហមទាំង៣” ជាលក្ខខណ្ឌហិរញ្ញវត្ថុ ដែលធនាគារកណ្ដាលចិន បានដាក់ចេញកាលពីឆ្នាំមុនថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញឱ្យបាន ដើម្បីទទួលបានឥណទានថ្មីៗពីធនាគារ។
ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗ ធនាគារនានាបានធ្វើការកែសម្រួល ការអនុវត្តផ្ដល់ឥណទានរបស់ខ្លួន ដើម្បីឱ្យស្របទៅនឹងសេចក្ដីណែនាំចុងក្រោយ របស់ធនាគារប្រជាជនចិន (PBOC) ជាធនាគារកណ្តាលចិន ដែលជំរុញឱ្យ “បំពេញតម្រូវការហិរញ្ញប្បទានជាប្រក្រតី” ដល់វិស័យអចលនទ្រព្យ។
ប្រភព២ចេញពីធនាគារផ្សេងគ្នា ដែលទទួលបានការណែនាំនេះ ពីក្រុមនិយ័តករចិន បានលើកឡើងថា ថ្វីដ្បិតតែមានការបន្ធូរបន្ថយតិចតួច ចំពោះគោលនយោបាយផ្តល់ឥណទាន ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក្ដី ក៏នៅតែប្រកាន់ខ្ជាប់គោលការណ៍សំខាន់ ដែលថា “ផ្ទះគឺសម្រាប់រស់នៅ មិនមែនសម្រាប់ទិញទុកលក់យកចំណេញឡើយ”។
ប្រភពដដែលបញ្ជាក់ថា ក្រុមនិយតករហិរញ្ញវត្ថុចិន បានណែនាំឱ្យធនាគារនានាពន្លឿនការអនុម័ត ជាពិសេសនូវឥណទាន សម្រាប់អភិវឌ្ឍគម្រោងនានា និងដើម្បីធានាថា ឥណទាននៅជំពាក់ (Outstanding Loan) ដែលផ្ដល់សម្រាប់ការអភិវឌ្ឍគម្រោងនឹងបង្ហាញកំណើនវិជ្ជមាន នៅក្នុងបញ្ជីឥណទានរបស់ពួកគេ ក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលា។
ប្រភពទាំង២បានសុំមិនបញ្ចេញ អត្តសញ្ញាណរបស់ខ្លួនឡើយ ដោយសារនេះរឿងនេះជាបញ្ហាដ៏រសើប។
ធនាគារកណ្ដាលចិន PBOC និងគណៈកម្មាធិការនិយ័តកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះឡើយ។
ទិន្នន័យរបស់ធនាគារកណ្តាលចិន បានបង្ហាញថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ឥណទាននៅជំពាក់ (Outstanding Loan) ដែលផ្ដល់សម្រាប់ការអភិវឌ្ឍគម្រោងមានចំនួន១២,១៦ទ្រីលានយ័ន (១,៩១ទ្រីលានដុល្លារអាមេរិក) ដោយកើនឡើង០,០២%បើធៀបនឹងឆ្នាំ២០២០៕ Reuters៕