មហាសេដ្ឋីលើពិភពលោកកើនដល់់៣២០៥នាក់ ខណៈទីក្រុងហុងកុងជាប់ឈ្មោះជាក្រុងដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លារ

ដោយៈសុខុម

ហុងកុង: ទីក្រុងហុងកុង បានជាប់ឈ្មោះជាក្រុង ដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លារ (Billionaire) រស់នៅច្រើនបំផុតទី២ ក្នុងពិភពលោកជាមួយនឹងចំនួន១១១នាក់កាលពីឆ្នាំ២០២០ នៅពេលទីក្រុងនេះបន្ថែមបាន១៥នាក់ទៀត ដែលម្នាក់ៗមានទ្រព្យសម្បត្តិសុទ្ធយ៉ាងតិច១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ កញ្ញា។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ Wealth-X ជាស្ថាប័នផ្ដល់ព័ត៌មាន និងចក្ខុវិស័យស្ដីពីទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបង្ហាញថា ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានជាប់ឈ្មោះជាទីក្រុង ដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លាររស់នៅច្រើនបំផុតទី១ ក្នុងពិភពលោកជាមួយនឹងចំនួន១២៤នាក់ បន្ទាប់ពីបន្ថែមបាន១១នាក់ទៀតកាលពីឆ្នាំ២០២០។

ចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារ ទូទាំងពិភពលោកបានកើនឡើង១៣.៤%ដល់៣.២០៤នាក់ ហើយនេះជាលើកដំបូងហើយ ដែលចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារកើនលើស៣.០០០នាក់ ចាប់តាំងពីស្ថាប័នខាងលើនេះ ចាប់ផ្ដើមតាមដានចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារក្នុងឆ្នាំ២០១៣មក។

ស្ថាប័ន Wealth-X និយាយថា “ក្រុងញូវយ៉ក មានកំពូលមហាសេដ្ឋីពាន់លានដុល្លាររស់នៅច្រើនជាងគេ ស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក លើកលែងតែប្រទេសចិន និងប្រទេសអាល្លឺម៉ង់ ប៉ុណ្ណោះ។ ហើយទីក្រុងហុងកុង បានជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោក បើទោះបីជាអស្ថិរភាពក្នុងទីក្រុងនេះមានការកើនឡើងក្ដី”។

សេដ្ឋកិច្ចក្នុងទីក្រុងនេះ បានជួបការលំបាករយៈពេលជាង២ឆ្នាំមកហើយ ដោយបានដាំក្បាលចុះ១,២%ក្នុងឆ្នាំ២០១៩ ដែលជាការធ្លាក់ចុះដំបូងបង្អស់របស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ នៅពេលការប៉ះទង្គិចគ្នាជាញឹកញាប់ រវាងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល និងកងកម្លាំងប៉ូលិស បានធ្វើឱ្យរាំងស្ទះដំណើរការអាជីវកម្មក្នុងទីក្រុងនេះ។

កាលពីឆ្នាំ២០២០ សេដ្ឋកិច្ចក្នុងទីក្រុងនេះ បានបន្តដាំក្បាលចុះរហូតដល់៦,១% នៅពេលការរីករាលដាលវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ច ហើយចំនួនអ្នកគ្មានការងារធ្វើក៏កើនឡើងខ្ពស់។
កំពូលមហាសេដ្ឋីពាន់លានដុល្លារក្នុងទីក្រុងនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ២៨២ពាន់លានដុល្លារអាមេរិក។

ទីក្រុងសានហ្វ្រានស៊ីស្កូ (សហរដ្ឋអាមេរិក) ដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៨១នាក់ ជាប់ចំណាត់ថ្នាក់លេខ៣ ក្រុងមូស្គូ (ប្រទេសរុស្ស៊ី​) ជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៧៤នាក់ ហើយទីក្រុងឡុងដ៍ (អង់គ្លេស) ជាប់ចំណាត់ថ្នាក់លេខ៥ ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៧១នាក់។

អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ ចំពោះចំណាត់ថ្នាក់របស់ទីក្រុងហុងកុង គឺថា វាគ្រាន់តែជាទីក្រុងមួយ ដែលមានប្រជាជនរស់នៅ ប្រមាណ៧,៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែវាមានកំពូលមហាសេដ្ឋី មានប្រាក់ពាន់លានដុល្លាររស់នៅច្រើនជាង នៅក្នុងប្រទេសស្វីស ទាំងមូលទៅទៀត ដែលមានត្រឹម១០៧នាក់ ឥណ្ឌា មានត្រឹម១០៤នាក់ ប្រទេសអារ៉ាប៊ីសាឌូអីត មានត្រឹម៦៤នាក់ ប្រទេសបារាំង មានត្រឹម៦៤នាក់ និងប្រទេសអ៊ីតាលី មានត្រឹម៦០នាក់។

បើនិយាយពីក្របខណ្ឌប្រទេសវិញ ប្រទេសដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបំផុត ក្នុងពិភពលោកគឺសហរដ្ឋអាមេរិក ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៩២៧នាក់ ដែលមានទ្រព្យសម្បត្តិសរុប៣.៧ទ្រីលានដុល្លារ។ លេខ២ បានទៅលើប្រទេសចិន ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៤១០នាក់ ដែលមានទ្រព្យសម្បត្តិសរុប១,៣ទ្រីលានដុល្លារអាមេរិក និងលេខ៣ បានទៅលើប្រទេសអាល្លឺម៉ង់ ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន១៧៤នាក់ ដែលមានទ្រព្យសម្បត្តិសរុប៥១៥ពាន់លានដុល្លារអាមេរិក។

ប្រទេសនៅអាស៊ី តែមួយគត់ដែលជាប់ក្នុងបញ្ជីកំពូលទាំង១៥ ក្រៅពីប្រទេសចិន និងប្រទេសឥណ្ឌា ដែលជាប់លេខ៨ គឺប្រទេសសិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់លេខ១៥ ជាមួយកំពូលមហាសេដ្ឋី ពាន់លានដុល្លារចំនួន៥០នាក់ ដែលមានទ្រព្យសម្បត្តិសរុប៨៦ពាន់លានដុល្លារអាមេរិក។

របាយការណ៍ដដែលបញ្ជាក់ថា ចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារ ក្នុងពិភពលោក បានកើនឡើងនៅក្នុងឆ្នាំ២០២០ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងច្រើនក្នុងឆ្នាំ២០១៩ ជាឆ្នាំដែលពួកគេទទួលបានកំណើនខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៧ មក៕ Bangkok Post៕

តើស្ថានការវិវត្តអចលនទ្រព្យនៅតំបន់ខណ្ឌទួលគោកកំពុងមានសភាពដូចម្តេច?

ដោយៈសុជាតា

ភ្នំពេញៈ ទីផ្សារអលនទ្រព្យនៅខណ្ឌទួលគោក នឹងក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មកណ្តាលនៅរាជធានីភ្នំពេញ នេះបើយោងតាមអ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើង។

តំបន់សំខាន់ៗក្នុងខណ្ឌនេះ បានចាប់ផ្តើមវិវត្តពីតំបន់សម្រាប់ការរស់នៅ មកជាតំបន់ពាណិជ្ជកម្មដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញ។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ Property Asia Area នៅថ្ងៃទី១៦ ខែ កញ៉ា ឆ្នាំ ២០២១ថា ខណ្ឌទូលគោក គឺប៉ូលកណ្តាលទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ។ ពីមុនយើងអាចនិយាយថា ប៉ូលកណ្តាល គឺនៅវត្តភ្នំ ប៉ុន្តែយើងមើលការអភិវឌ្ឍជាក់ស្តែង តាមផ្លូវលេខ ២ លេខបី លេខបួន ខណ្ឌទួលគោកបានវិវត្តទៅជាខណ្ឌកណ្តាលរាជធានីភ្នំពេញ។

ចំពោះតម្លៃដីធ្លីនៅតំបន់នេះ គឺមានចន្លោះពី២០០០ដុល្លារ ក្នុងម៉ែត្រការ៉េ រហូតដល់៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយគម្រោងអភិវឌ្ឍជាខុនដូ គឺតម្លៃចន្លោះពី ១៥០០ ដុល្លារទៅ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉ែ។

លោកបន្ថែមទៀត ខណ្ឌទួលគោក គឺជាខណ្ឌដែលមានសក្តានុពលខ្លាំងនៅពេលបច្ចុប្បន្នះ ដោយមានអាគារខ្ពស់ដូចជាអាគារពានិជ្ជកម្ម អាគារការិយាល័យ និងស្នាក់នៅ។ ចរន្តទិញលក់ នៅតាមផ្លូវធំ ដូចជាផ្ទះអាជីវកម្ម ពាណិជ្ជកម្ម នៅតែមានសកម្មភាពទិញលក់ផុលផុស ដោយអតិថិជនក្នុងស្រុកភាគច្រើន។ ប៉ុន្តែយ៉ាងណាក្តី ដីធ្លីសម្រាប់លំនៅ ដ្ឋានខាងក្នុង គឺមានធ្លាក់ចុះរហូតដល់៣០ភាគរយ នៃប្រតិបត្តិការទិញលក់។

លោកព្យាករណ៍ថា “ដរាបណាប្រទេសកម្ពុជា បានទប់ស្កាត់កូវីដ១៩ បានជោគជ័​យ ហើយបើកប្រទេសឡើងវិញ ក្នុងការទទួលអ្នកវិនិយោគចិននោះ តម្លៃដីធ្លីចំពោះលំនៅដ្នាននឹងបន្តកើនឡើងផងដែរ”។

ជាមួយគ្នានេះអ្នកស្រី អាន សុធីតា អ្នកជំនាញដីធ្លី បានឱ្យដឹងថា តម្លៃដីធ្លី នៅតាម បណ្ដាខណ្ឌនានា នៅក្នុង រាជធានី ភ្នំពេញ គឺ នៅ ថេរ បើទោះបីជា ចំនួន ការទិញ លក់ ក្នុង ទីផ្សារ ថមថយ ដោយសារតែ ការរីក រាលដាល នៃ ជំងឺ កូ វីដ១៩ក៏ដោយ។

លោកស្រីពន្យល់ថា “តម្លៃ អចលនទ្រព្យ និងដីធ្លី នៅ កណ្តាល ក្រុងភ្នំពេញ រហូតមកដល់ ពេលនេះ គឺ មិនមាន ការធ្លាក់ថ្លៃនោះទេ ពោលគឺ តម្លៃ នៅ ថេរ នៅឡើយ ដោយសារ មិនសូវមាន ប្រតិបត្តិ ការទិញ- លក់ ពី អ្នកវិនិយោគ ក្រៅ ស្រុក”។

យោងតាម របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា ភ្នំពេញ ឆ្នាំ២០៣០ របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Apprraisal បានបង្ហាញអោយដឹងថា នៅចន្លោះពីឆ្នាំ២០១៩ ទៅដល់ ឆ្នាំ២០២២ អាគារខុនដូរសម្រាប់ស្នាក់នៅក្នុងខណ្ឌទួលគោក នឹងមានសាងសង់រហូតដល់៣៣ ២៦ យូនីត ។ អាគារអាផាតម៉ិនវិញ នឹងមានចំនួនសាងសង់រួច ហើយអាចចូលទីផ្សារបានចំនួនជាមធ្យម២៩០យូនីត ក្នុងមួយឆ្នាំៗ៕

ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅក្រុង ឬជនបទត្រូវធ្វើដូចម្តេច?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការផ្ទេរសិទ្ឋកាន់កាប់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ជីរ ត្រូវធ្វើតាម​និតិ​វិធីជាច្រើន ដែលម្ចាស់អចលនទ្រព្យត្រូវបំពេញ និងគោរពតាមគោលការណ៍ច្បាប់គតិ​យុត្តិនានា។

ដំណាក់កាលសំខាន់ៗចំនួន១៦ ត្រូវធ្វើឡើងតាមនិតិវិធីសំខាន់ៗខាងក្រោម ដើម្បីធ្វើឲ្យប្រាកដថា ការផ្ទេរសិទ្ឋកាន់កាប់ធ្វើឡើងដោយត្រឹមត្រូវ។

និតិវិធីសំខាន់ៗទាំងនោះរួមមានដូចជា ១. អតិថិជនដាក់ពាក្យស្នើសុំ​សេវានៅមន្ត្រី​ផ្តល់​ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ ២ អតិថិជនទទួលបង្កាន់ដៃទទួលពាក្យ ​ពីមន្ត្រី​ផ្តល់​ព័ត៌មាន ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ ៤. អតិថិជន​អញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា​៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំ ទៅប្រធានការិយាល័យ ៧. ប្រធានការិយា​ល័យ​បញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ។

៨. មន្ត្រីបច្ចេកទេសធ្វើដំណើរ ទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ ៩. មន្ត្រីបច្ចេក​ទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យ និងវាយតម្លៃរួច ១០. បញ្ជូនរបា​យការណ៍មក​ប្រធានការិយាល័យ ១១.​ប្រធានការិយាល័យដាក់របាយការណ៍ ជូនអភិបាលរង​ដើម្បីពិនិ​ត្យបន្ត ១២. បន្តដាក់របាយការណ៍ជូនអភិបាល ដើម្បីពិនិត្យនិងសំរេចចុងក្រោយ។

១៣. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ ១៤. បញ្ជូនអាជ្ញាប័ណ្ណ​ទៅប្រធាន​ការិយាល័យបន្ទាប់ពីចុះលេខរួច។

១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រី ផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ ១៦. ផ្តល់​អាជ្ញា​ប័ណ្ណដែលជាលទ្ធផលជូនអតិថិជន៕

 

ក្រុមហ៊ុន OCIC នឹងសាងសង់ស្ថានីយ៍បូមទឹកដ៏ធំមួយនៅលើទីក្រុងកោះនរា

ដោយៈតារាពេជ្រ

ភ្នំពេញៈ ក្រុមហ៊ុន OCIC មានផែនការចង់វិនិយោគសាងសង់ស្ថានីយបូមទឹកថ្មីមួយកន្លែង នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា សម្រាប់ប្រើប្រាស់លើការអភិវឌ្ឍន៍សាងសង់ជារួម។

គម្រោងសាងសង់ស្ថានីយបូមទឹកនេះ ត្រូវបានក្រុមហ៊ុន OCIC លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយ លោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។

លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃពុធទី១៦ កញ្ញានេះថា គម្រោងបូមទឹកឆៅនេះ គឺសម្រាប់ប្រើប្រាស់ទៅលើការងារ អភិវឌ្ឍន៍របស់គម្រោងកោះនរាទាំងមូល។

លោកបន្តថា “ស្ថានីយបូមទឹកនេះ នឹងមានសមត្ថភាពបូមទឹកប្រមាណ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ”៕

រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវទំហំ៣០ម៉ែត្រក្នុងខ័ណ្ឌច្បារអំពៅ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ តាមររយៈខ័ណ្ឌច្បារអំពៅនឹហស្ថាបនាផ្លូវថ្មីមួយខ្សែ ដែលមានទំហំ៣០ម៉ែត្រ ដើម្បីសម្រួលការប្រើប្រាស់ និងការធ្វើចរាចរណ៍នៅមូលដ្ឋា​ន។

តាមប្រភពព៌តមានពីរដ្ឋបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ផ្លូវមួយខ្សែនេះនឹង មានទទឹងប្រវែង៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងក្នុងភូមិអូរអណ្តូង១ ដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។

បច្ចុប្បន្ន ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ នឹងចាប់ផ្តើមចុះបោះបង្គោលកំណត់អ័ក្សផ្លូវនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

លើសពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតក្នុងគម្រោងស្ថាបនានេះ ឱ្យចូលរួមសហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងស្ម័គ្រចិត្តរុះរើរបង ដែលបានសង់លើដីចំណីផ្លូវ។

គម្រោងស្ថាបនានេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមប្លង់គោ​លប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញឆ្នាំ២០៣៥។

ទោះជាយ៉ាងណារដ្ឋបាលខ័ណ្ឌមិនបញ្ជាក់ឲ្យដឹងពីប្រវែងផ្លូវ និងថវិកាប៉ុន្មាន ដែលនឹងត្រូវចំណាយឡើយ៕

 

កត្តាចំនួនពីរដែលជំរុញឱ្យភូមិផ្កាត្រកួននៅតែទាក់ទាញអ្នកទិញក្នុងវិបត្តិកូវីដ

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ភូមិផ្កាត្រកួនដែលគេដឹងថា ជាគម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយនៅជាយរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកដែលមានផ្ទះជាអចិន្ត្រៃយ៍មួយនៅរាជធានីភ្នំពេញ ហើយទោះបីជាក្នុងវិបត្តិកូវីដ១៩ក្ដី ក៏គម្រោងអភិវឌ្ឍន៍ភូមិផ្កាត្រកួននៅតែ ទទួលបានការទាក់ទាញពីពលរដ្ឋផងដែរ។

លោកឌិន សុមេធារឹទ្ធ ស្ថាបនិកភូមិផ្កាត្រកួនបានឱ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសនាព្រឹកថ្ងៃទី១៦ កញ្ញានេះថា មានកត្តាពីរដែលជំរុញឱ្យភូមិផ្កាត្រកួន នៅតែមានភាពទាក់ទាញនៅក្នុងបរិបទកូវីដ១៩ ។ ទី១ . នៅពេលភ្នំពេញ មានការបិទខ្ទប់ឬមានការរីករាលដាលមនុស្សជាច្រើន ត្រូវការរស់នៅដាច់ដោយឡែក។ ដូច្នេះពួកគាត់ត្រូវផ្ទះមួយនៅជាយក្រុងនិងឆ្ងាយពីទីប្រជុំ ។

សម្រាប់អ្នកដែលមានផ្ទះស្រាប់ក្នុងភូមិផ្កាត្រកួន ក៏បានចូលស្នាក់នៅហាត់ប្រាណ និងដាំដំណាំក្នុងដីដែលពួកគាត់បានទិញ។ ហើយអ្នកដែលមិនទាន់មានក៏ចាប់ផ្ដើមសង់ដើម្បីរស់នៅសម្រាប់លំហែកាយចុងសប្ដាហ៍ ក៏ដូចជា គេចពីកូវីដ១៩ផងដែរ ។ កត្តាទី២ ទោះបីជាកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្ដី ក៏ភូមិផ្កាត្រកួនមិនបានបញ្ឈប់ការអភិ​វ ឌ្ឍរបស់ខ្លួនឡើយ ពោលគឺមានតែបន្តនិងសម្រុកអភិវឌ្ឍបន្ថែមទៀត ដូចជាការចាក់កៅស៊ូក្នុងគម្រោងផ្លូវទាំងអស់ក្នុងភូមិផ្កាត្រកួនជាដើម ។

លោកឌិន សុមេធារិទ្ឋបានបន្តថា មានកត្តាផ្សេងៗទៀតដែលធ្វើឱ្យគម្រោងរបស់យើង នៅតែទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដោយក្នុងគម្រោងមានបឹងដ៏ធំមួយទំហំប្រមាណ៣ហិចតា មានប្រឡាយ មានព្រែក មានសួន មានភោជនីយដ្ឋាន មានសាលប្រជុំ និងមានផ្សារភូមិសម្រាប់ប្រជាពលរដ្ឋ ចូលលក់ដូរជូនភ្ញៀវទៅលេងកម្សាន្តនៅថ្ងៃសៅរ៍អាទិត្យជាដើម ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា នៅថ្ងៃអនាគតផ្ទះលំហែកាយ នឹងក្លាយជាផ្ទះដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពធូរធា ហើយការអភិវឌ្ឍលំនៅឋានលំហែកាយនេះដែរ ក៏នឹងមានការរីករាលដាល ទៅកាន់តំបន់ខេត្តដែលសំបូររមណីយដ្ឋានជាច្រើនផងដែរ ។

លោកបន្តថា “ការអភិវឌ្ឍលំនៅឋានលំហែកាយនៅពេលបច្ចុប្បន្ននេះ គេមើលឃើ​ញថា ភាគច្រើនត្រូវអភិវឌ្ឍនៅជាយរាជធានីភ្នំពេញ ហើយនៅថ្ងៃសៅរ៍ អាទិត្យឬក៏ថ្ងៃឈប់សម្រាក ពួកគាត់ក៏នាំគ្រួសារទៅសម្រាកកម្សាន្ត និងលំហែហើយចូលក្រុងវិញនៅថ្ងៃធ្វើការ”។

ប៉ុន្តែនៅថ្ងៃអនាគគតខេត្តណា ដែលមានរមណីយដ្ឋានច្រើន នឹងទាក់ទាញការអភិវឌ្ឍលំនៅឋានប្រភេទនេះកាន់តែច្រើន ខណៈរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍រចនាសម្ព័ន្ធទៅកាន់បណ្ដាខេត្តកាន់តែច្រើន និងកាន់តែងាយស្រួលធ្វើដំណើរ៕

គម្រោងអភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋាននិងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗចំនួន៤ រំពឹងបញ្ចប់នៅឆ្នាំ២០២២

ដោយៈសុជាតា

ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅរាជធានីភ្នំពេញ ដែលត្រូវបានថម ថយល្បឿនអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិ Covid 19។ ប៉ុន្តែគម្រោងអភិវឌ្ឍអចលនទ្រព្យធំចំនួនបួន នោះគឺ PARCE 21 Residence , Agile Sky Residence, Prince Huan Yu Center, Yuetai Phnom Penh Harobor រំពឹងបញ្ចប់គម្រោងរបស់ខ្លួននៅឆ្នាំ ២០២២ ខាងមុខនេះ។
គម្រោងទាំងអស់នេះ បានទាក់ទាញអតិថិជនជាច្រើន តាមរយៈតម្លៃសមរម្យទីតាំ ងប្រកបដោយសក្តានុពល និងអាគារសំណង់ទាក់ទាញជាដើម។

ទី១ Prince Haun Yu Center

គំរោងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមមានផ្សារទំនើប ការិយាល័យប្រភេទSOHO លំនៅដ្ឋានបែបសហកម្មសិទ្ឋជាដើម។ គម្រោងនេះមានអគារចំំនួនពីរ ដែលមានកម្ពស់៣៩ជាន់ ជាមួយនឹង២៦ជាន់។

ទីតាំងគម្រោងនេះស្ថិតនៅទន្លេបាសាក់ ខណ្ឌចំកាមន ដោយមានអភិវឌ្ឍពាណិជ្ជកម្មថ្មីនៅជុំវិញទីក្រុង ដូចជា AEON Mall1 និង ស្ថានទូតបរទេសផងដែរ។

ប៉ុន្តែគំរោងនេះអាចសាងសង់យយឺតជាងផែនការ ដោយការបញ្ចប់គម្រោងនេះអាចលើកទៅដល់ឆ្នាំ២០២៣។

២. Agile Sky Residences 

ជាគម្រោងស្នាក់នៅកម្ពស់៤៤ជាន់ មានទីតាំង ស្ថិតនៅសង្កាត់បឹងកេងកង៣ ដែលជាទីតាំងល្អឯក ដែលប្រមូលផ្តុំដោយអាគារខ្ពស់ៗ ព្រមទាំងអាគារពាណិជ្ជកម្មដែលគ្របដណ្តប់ដោយម៉ាកល្បីទាំងស្រុក និងក្រៅស្រុកផងដែរ។ ពិសេសទីតាំងគំរោងនេះ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស។

៣.Yuetai Phnom Penh Harbor

អគារចំនួន១ក្នុងចំណោមអគារដ៏ច្រើននៃគំរោងនេះ អាចនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ខាងមុខ ខណៈគំរោងដ៏ធំនេះមិនទាន់មានព៌តមានជាក់លាក់នឹងបញ្ចប់នៅពេលណានោះទេ ខណៈប្រភពផ្ទៃក្នុងបានបង្ហើបថា ម្ចាស់គម្រោងនេះកំពុងមានវិបត្តិលំហូរទុនវិនិយោគ។

គំរោងស្ថិតនៅប្របដងទន្លេសាប ក្រុងភ្នំពេញនេះ ប្រសិនជាសាងសង់ចប់តាមផែនការវានឹងជាផ្នែកមួយ នៃការចូលរួមលើកកំពស់មុខមាត់រាជធានីភ្នំពេញ។

៤. The Parc 21 Residence 

ជាអាគារកម្ពស់ ២១ជាន់ នៅខណ្ឌចំការមន ដែលទទួលបានការគាំទ្រពីសំណាក់អ្នកទិញជាតិ និងអន្តរជាតិ សម្រាប់តម្លៃសមរម្យ និងទីតាំងខុនដូប្រកបដោយសក្តានុពល។

ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ឆ្នាំ២០២២ ខាងមុខនេះ ទោះបីជាសកម្មភាព លក់ ទិញអចលនទ្រព្យ នៅមិនទាន់ល្អប្រសើរដូចមុនវិបត្តិកូវីត១៩ក៏ដោយ ប៉ុន្តែទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ នឹងត្រឡប់មកវិញបណ្តើរៗខ្លះវិញហើយ ស្របពេលដែលអ្នកវិនិយោគបរទេស បានចាប់ផ្តើមបណ្តាក់ទុនទៅលើគម្រោ​ងអចលទ្រព្យរបស់ខ្លួន៕

កាវិនិយោគលក្ខណៈពិសេសនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈសហសេវិក

ភ្នំពេញៈ កម្ពុជា គឺជាប្រទេសដែលមានការអភិវឌ្ឍដ៏ឆាប់រហ័សបំផុតនៅ ក្នុងអាស៊ាន ក៏ដូចជាប្រទេសដែលមានភាពទាក់ទាញបំផុត សម្រាប់វិនិយោគគិននៅក្នុងសតវត្សន៍ទី 21 នេះ។កំណើនដ៏គួរឲ្យកត់សម្គាល់នេះ គឺជាលទ្ធផលនៃភាពនឹងនរផ្នែកនយោបាយជាមួយនឹងការកើន ឡើងនៃវិស័យសំណង់ វាយនភ័ន្ឌ និងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។ជាមួយនឹងភាពនឹងនរនៃកំណើនសេដ្ឋកិច្ចជាមធ្យម 7% ក្នុងមួយឆ្នាំ ក្នុងរយៈពេលមួយ ទស្សវត្សចុងក្រោយនេះ ព្រមជាមួយនឹងរបាយប្រជាជនជាង60% ដែលមានអាយុក្រោម30ឆ្នាំ ប្រទេសកម្ពុជា មានទាំងធនធានមនុស្ស និងតម្រូវការអ្នកប្រើប្រាស់ដ៏ច្រើនលើសលប់។

ថ្វីបើសេដ្ឋកិច្ចមានភាពប្រសើរឡើងជាលំដាប់ ជម្រើសនៃការវិនិយោគក៏មានកំណត់ផងដែរ។ ការដោះដូររូបិយប័ណ្ណជាអន្តរជាតិ រូបិយបណ្ណ Crypto មូលបត្រកម្មសិទ្ធ មូលបត្របំណុល និងការដោះដូរ វត្ថុធាតុដើមនៅមិនទាន់មានការផុសផុលនៅឡើយក្នុងប្រទេសកម្ពុជា។ ប្រភេទនៃការវិនិយោគបែបនេះត្រូវបានចាត់ទុកថាជាប្រភេទនៃការវិនិយោគដែលប្រកបដោយគ្រោះថ្នាក់មួយសម្រាប់អ្នកវិនិយោគ ខណៈពេលដែលការវិនិយោគតាមបែបប្រពៃណីដូចជា អចលនទ្រព្យត្រូវបានចាត់ទុកថាជាការ វិនិយោគដែលមានផលចំណេញខ្ពស់។

អាស្រ័យលើកំណើននៃសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងការវិនិយោគធំៗ ធ្វើឲ្យតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា កើនឡើងជាលំដាប់រហូតដល់ 279% ចាប់ពីឆ្នាំ 2010 រហូតដល់ឆ្នាំ 2019។ តម្លៃដីធ្លីក៏មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់នៅតាមបណ្ដាខេត្តដូចជាខេត្តសៀមរាប និងខេត្ត ព្រះសីហនុ។ ភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជាទទួលបានការវិនិយោគភាគច្រើនពីអ្នក វិនិយោគនៅក្នុងស្រុក និងបរទេសផងដែរ។

ភ្នំពេញមានគ្រប់យ៉ាងដែលទីក្រុងទំនើបទូទៅមាន រួមបញ្ចូលទាំងអាគារខ្ពស់ៗ អាផាតមិន ការកម្សាន្ត ផ្សារលក់ទំនិញ ផ្សារក្នុងស្រុក និងតំបន់ពាណិជ្ជកម្ម។ ទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញមាន ផលចំណេញខ្ពស់ជាងគេបង្អស់បើធៀបទៅនឹងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេស។ ដីធ្លី សំណង់លំនៅឋាន និងបុរី មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកវិនិយោគក្នុងស្រុកទាំងអស់ ខណៈពេលដែលខុនដូ និងអាផាតមិន មានអ្នកវិនិយោគភាគច្រើនជាជនបរទេស។

អត្រានៃការជួលនៅក្នុងប្រទេសកម្ពុជាសម្រាប់អចលនទ្រព្យលំនៅឋានមានពី 6% ទៅ 8% ក្នុងមួយឆ្នាំជាមួយនឹងរយៈពេលជួលជាមធ្យម 12 ខែ។ អត្រាជួលខ្ពស់មានភាពទាក់ទាញខ្លាំងបំផុត សម្រាប់អ្នកដែលចង់ស្វែងរកចំណូលពីច្រើនផ្នែកដើម្បីបង្កើតនូវលំហូរសាច់ប្រាក់ជាវិជ្ជមានសម្រាប់ អត្ថប្រយោជន៍ផ្ទាល់របស់ពួកគេ។ បន្ថែមពីលើនេះ កំណើននៃមូលធនក្នុងទីក្រុងភ្នំពេញអាច កើនឡើងរហូតដល់ជាង 29% ប៉ុន្តែទោះជាយ៉ាងនេះក្ដីអត្រានេះគឺអាស្រ័យទៅលើប្រភេទនៃ អចលនទ្រព្យ និងទីតាំងផងដែរ។ នាពេលបច្ចុប្បន្ននេះ ខណ្ឌដែលមានកំណើនមូលធនខ្ពស់ជាងគេ បំផុតគឺខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌទួលគោក។

រាជរដ្ឋាភិបាលក្រុងភ្នំពេញ បានព្យាយាមអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទ្រង់ទ្រាយធំដើម្បី ទទួលនូវការវិនិយោគផ្ទាល់កាន់តែច្រើនពីក្រៅប្រទេសក៏ដូចជាការគាំទ្រដល់នគរូបនីយកម្មផងដែរ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងមាន ភាពប្រសើរឡើង។ ជាមួយនឹងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ទីផ្សារនៃអចលនទ្រព្យមានភាព ខុសប្លែកពីគ្នា ដូច្នេះហើយទាំងអ្នកវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសគប្បីមានស្វែងរកនូវការ វិនិយោគអចលនទ្រព្យប្រភេទផ្សេងៗទៀតផងដែរ។ ជាទូទៅ អចលនទ្រព្យលំនៅឋានគឺជាប្រភេទ នៃការវិនិយោគដ៏មានសុវត្ថិភាពបំផុតសម្រាប់មនុស្សភាគច្រើន ខណៈពេលដែលអចលនទ្រព្យ បែបពាណិជ្ជកម្មគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងទូទាំងប្រទេស ផងដែរ។

ផ្សារជីស៊ី អូរឫស្សីគឺជាឱកាសមាសមួយសម្រាប់អ្នកវិនិយោគ ទាំងអស់ដែលចង់ប្រឡូក នៅក្នុងវិស័យអចលនទ្រព្យ បែបពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះគឺជាធ្វើឲ្យគុណភាព ផ្សារក្នុងស្រុកមានភាព ប្រសើរឡើងជាមួយនឹងទំនើបកម្ម នៃការធ្វើអាជីវកម្មរបស់អាជីវករ ទាំងអស់នៅក្នុងយុគសម័យនៃ បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។ ទីនេះត្រូវបានរាប់បញ្ចូលជាទីតាំងដែលស្នងបន្តពីផ្សារ ក្នុងស្រុកទាំងអស់ ដោយការរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែបខ្មែរ និងការប្រើប្រាស់នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ។ ទីនេះនឹងក្លាយជាផ្នែកមួយនៃផ្សារក្នុងស្រុកទាំងអស់។ ជាមួយនឹងរចនាបទបែប ទំនើបលាយជាមួយនឹងរចនាបទបែបខ្មែរបុរាណ ផ្សារជីស៊ីអូរឫស្សីគឺជាស្ថាបត្យកម្មដែលមានរួម បញ្ចូលនូវស្ថាបត្យកម្មប្រវត្តិសាស្ត្រ រួមបញ្ចូលជាមួយនឹងការរចនាបែបប្រពៃណីទំនើប។ នៅក្នុងឆ្នាំ 2024 ផ្សារជីស៊ី អូរឫស្សីនឹងក្លាយជាទីតាំងដ៏ល្បីល្បាញបំផុតមួយសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ដែលតំណាងឲ្យប្រវត្តិសាស្ត្រ និងអត្តសញ្ញាណដែលផ្សារភ្ជាប់នូវអតីតកាល មកបច្ចុប្បន្នកាល និងទៅកាន់អនាគត កាលផងដែរ។ បេតិកភណ្ឌវប្បធម៌ខ្មែរមានតម្លៃដ៏ច្រើន លើសលប់ លើសពីតម្លៃនៃអចលនទ្រព្យផ្ទាល់ ដោយតំណាងឲ្យគុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិ ត្រូវផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។

ដោយសារតែការអភិវឌ្ឍពាណិជ្ជកម្មនៅតែបន្តបង្កើតឡើងឥតឈប់ឈរ គម្រោងដូចជា ផ្សារជីស៊ី អូរឫស្សីនឹងក្លាយជាប្រភេទនៃការវិនិយោគដ៏ទាក់ទាញមួយសម្រាប់ឲ្យអ្នកវិនិយោគប្រឡូកចូល ក្នុងទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ អ្នកវិនិយោគប្បីចាប់យកនូវឱកាស ឲ្យបានឆាប់រហ័សដោយសារតែតម្លៃនៃអចលនទ្រព្យប្រភេទនេះតែងតែមានកំណើនជាលំដាប់។ អ្នកវិនិយោគអាចលក់តូបវិញនៅក្នុងតម្លៃខ្ពស់ ឬក៏អាចជួលតូបទាំងនេះសម្រាប់ជាចំណូលបន្ថែម មួយដល់លំហូរសាច់ប្រាក់ជាវិជ្ជមានរបស់ពួកគេ។

ពួកយើងមានកម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ “ទស្សនៈវិស័យនៃការវិនិយោគលើផ្សារក្នុងស្រុក” ដោយមានការចូលរួមពី គម្រោងផ្សារជីស៊ីអូឫស្សី (GC Orussey Market) នាយកដ្ឋានស្រាវជ្រាវ ស៊ី ប៊ី អ អុី (CBRE) ក្រុមហ៊ុនធានារ៉ាប់រង Forte (Forte Insurance) និង លោកមេធាវី Bun & Associates ។
លោកអ្នកអាចចូលរួមដោយសេរី និងមិនគិតថ្លៃ ដោយដោយធ្វើការចុះឈ្មោះតាមរយៈ 099 331 015

បញ្ចប់ ចិន្ដា គឺជាអ្នកវិភាគនិងនិពន្ធអំពីការវិនិយោគរយៈពេលវែង។ អត្ថបទនេះ គឺជាការយល់ឃើញទាំងស្រុងរបស់លោក៕

ទំហំទីផ្សារទេសចរណ៍ព្យាបាលជំងឺទូទាំងពិភពលោករួមទាំងកម្ពុជានឹងចំណាយទឹកប្រាក់រហូតដល់២៧៣ពាន់លានដុល្លារ

ដោយៈសុខុម

ភ្នំពេញ: លទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Zion Market Research បង្ហាញថា ទំហំទីផ្សារទេសចរណ៍ព្យាបាលជំងឺទូទាំងពិភពលោក (Global Medical Tourism Market) បានឈានដល់១០២.៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ហើយតាមការព្យាករថាវានឹងឈានដល់២៧២.៧០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ១២,៧%គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៧។

យោងតាមសារព័ត៌មាន PR Newswire ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ កញ្ញា ឱ្យដឹងថា ទីផ្សារទេសចរណ៍ព្យាបាលជំងឺទូទាំងពិភពលោក ទទួលបានចំនួនអ្នកជំងឺជាង២៤លាននាក់ក្នុងឆ្នាំ២០១៩ ហើយតាមការព្យាករថា ទីផ្សារនេះនឹងទទួលបានអ្នកជំងឺរហូតដល់ទៅជាង៧៤លាននាក់នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ១៥.៣%គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៧។

បន្ថែមពីលើនេះ ការឡើងថ្លៃសេវាព្យាបាលជំងឺ បានធ្វើឱ្យការចំណាយរបស់អ្នកជំងឺកើនឡើងជាលំដាប់ ហើយកត្តានេះទំនងជាចំណុចដ៏សំខាន់ ដែលនឹងជួយជំរុញកំណើន ក្នុងទីផ្សារទេសចរណ៍ព្យាបាលជំងឺ ទូទាំងពិភពលោកនៅក្នុងទសវត្សរ៍នេះ។

របាយការណ៍បង្ហាញថា ថ្លៃសេវាព្យាបាលជំងឺនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានហក់ឡើងខ្ពស់កប់ពពក ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ កត្តានេះបានបង្ខំឱ្យពលរដ្ឋ ដែលរស់នៅក្នុងប្រទេសទាំងនេះ រត់ចេញទៅស្វែងរកសេវាព្យាបាល ដែលមានតម្លៃធូរថ្លៃ ក្នុងបណ្ដាប្រទេសនៅអាមេរិកឡាទីន ដូចជា ប្រទេសម៉ិកស៊ិក ជាដើម ឬបណ្ដាប្រទេសនៅអាស៊ី ដូចជាឥណ្ឌា និងប្រទេសថៃ ជាដើម។

លើសពីនេះ ថ្លៃស្នាក់នៅមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក គឺខ្ពស់ខ្លាំងណាស់ បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀត។

ឧទាហរណ៍ ថ្លៃស្នាក់នៅមន្ទីរពេទ្យក្នុងប្រទេស ដូចជា សហរដ្ឋអាមេរិកជាដើមអាចមានតម្លៃរហូតដល់ទៅប្រមាណ១១.៧០០ដុល្លារ ឯណោះក្នុងមួយថ្ងៃ បើធៀបនឹងថ្លៃស្នាក់នៅមួយថ្ងៃដូចគ្នា ត្រឹមតែ១៥៤ដុល្លារ នៅប្រទេសម៉ិកស៊ិក និង៩៥ដុល្លារ នៅកូស្តារីកា (Costa Rica)។

ងាកមកកម្ពុជា យើងវិញ បើផ្អែកតាមទិន្ន័យ និងការពិនិត្យជាក់ស្តែងបង្ហាញថា ក្នុងមួយឆ្នាំៗមានពលរដ្ឋខ្មែរ ជាច្រើនម៉ឺននាក់បានសម្រុកទៅក្រៅប្រទេស ដើម្បីស្វែងរកសេវាព្យាបាលដែលគួរឱ្យជឿទុកចិត្តបាន។ នេះសរបង្ហាញឱ្យឃើញថា ពលរដ្ឋខ្មែរ យកលុយទៅជះចោល នៅក្រៅប្រទេសរាប់លានដុល្លារ លើការព្យាបាលជំងឺក្នុងមួយឆ្នាំៗ។

បណ្ដាប្រទេសដែលពលរដ្ឋខ្មែរ និយមទៅព្យាបាលជំងឺភាគច្រើននៅតំបន់អាស៊ី រួមមានប្រទេសប្រទេសថៃ វៀតណាម សិង្ហបូរី ម៉ាឡេស្រ៊ី ចិន ឥណ្ឌា និងកូរ៉េខាងត្បូង។ ក្នុងចំណោមប្រទេសទាំងនេះ ថៃ ជាប់ចំណាត់ថ្នាក់លើគេដែលពលរដ្ឋខ្មែរ និយមទៅព្យាលបាលជំងឺដោយសារកត្តាតម្លៃសមរម្យ ហើយគុណភាពអាចទទួលយកបាន៕

អាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសចាប់ដៃគូសហការផ្នែកយោធាជាប្រវត្តិសាស្ត្រ ដើម្បីទប់ឥទ្ធិពលមហាយក្សចិន?

ដោយៈសុខុម

អន្តរជាតិៈ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានបង្កើតកិច្ចសហការយោធា “ជាប្រវត្តិសាស្ត្រ” ដើម្បីពង្រឹងសមត្ថភាពយោធានៅតំបន់ប៉ាស៊ីហ្វិក ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះ​ ចែករំលែកបច្ចេកវិទ្យាការពារជាតិទំនើបៗ រវាងគ្នាទៅវិញទៅមក និងថែមទាំងបំពាក់បច្ចេកវិទ្យានុយក្លេអ៊ែរ ដល់កងកម្លាំងរបស់អូស្ត្រាលីទៀតផង។

យោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយនៅថ្ងៃព្រ​ហស្បតិ៍ ទី១៦ កញ្ញា នេះឱ្យដឹងថា ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល ដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ ទី១៥ កញ្ញា នេះជាការពង្រីកកិច្ចសហប្រតិបត្តិការយោធា របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឱ្យមហាយក្សចិន ចងចិញ្ចើមមិនសប្បាយចិត្តយ៉ាងខ្លាំង។

មន្រ្តីជាន់ខ្ពស់មួយរូបមកពីរដ្ឋការ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងថា ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការយោធា លើការការពារសន្តិសុខដែលមានឈ្មោះថា AUKUS (A= អូស្ត្រាលី UK= អង់គ្លេស US= សហរដ្ឋអាមេរិក) នេះ ក្រុមមន្រ្តីកងទ័ពជើងទឹក និងក្រុមអ្នកជំនាញបច្ចេកទេស ដែលមកពីប្រទេសទាំង៣ នឹងធ្វើការជាមួយគ្នា ក្នុងរយៈពេល១៨ខែខាងមុខ ដើម្បីបំពាក់បច្ចេកវិទ្យានុយក្លេអ៊ែរដល់កងកម្លាំងរបស់អូស្ត្រាលី ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះ ដាក់ពង្រាយនាវាមុជទឹក ដើម្បីការពារសន្តិសុខកាន់តែប្រសើរ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (តំបន់ដែលលាតសន្ធឹងរវាងមហាសមុទ្រ២ គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក)។

មន្ត្រីដដែលគូសបញ្ជាក់ថា “យើងចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះ ជាផ្នែកមួយនៃវិធានការធំៗជាបន្តបន្ទាប់ ដែលរួមមានភាពជាដៃគូទ្វេភាគី កាន់តែរឹងមាំជាមួយបណ្ដាដៃគូសន្តិសុខ ដែលមានជាយូរមកហើយរបស់យើងនៅអាស៊ី ពោលគឺជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ព្រមទាំងការចូលរួមកាន់តែរឹងមាំជាមួយដៃគូថ្មីៗ ដូចជា ឥណ្ឌា វៀតណាម និងការបង្កើតភាពជាដៃគូថ្មីៗ ដូចជា កិច្ចសន្ទនាសន្តិសុខចតុភាគី QUAD (ដែលមាន៤ប្រទេសចូលរួមដូចជា សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី) ជាដើម”។

មន្ត្រីដដែលបានបន្ថែមទៀតថា “នេះគឺជាការប្រកាសជាប្រវត្តិសាស្ត្រ។ វាឆ្លុះបញ្ចាំ​ងពីការប្តេជ្ញាចិត្ត របស់រដ្ឋការប្រធានាធិបតី ចូ បៃឌិន ក្នុងការបង្កើតភាពជាដៃគូកាន់តែរឹងមាំដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងមូល”។

លើសពីនេះ ប្រទេសទាំង៣ក៏នឹងសហការគ្នា លើផ្នែកធ្វើសមាហរណកម្មបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) កុំព្យូទ័រកង់ទិច (Quantum Computing) និងសមត្ថភាពក្រោមសមុទ្រ ចូលទៅក្នុងប្រតិបត្តិការយោធារបស់ពួកគេផងដែរ។

ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson លោក ចូ បៃឌិន បានគូសបញ្ជាក់ថា “គំនិតផ្តួចផ្តើមនេះ គឺចាំបាច់ណាស់ដើម្បីធានាបានថា សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន “មានសមត្ថភាពទំនើបបំផុត ដែលយើងត្រូវការ ដើម្បីធ្វើសមយុទ្ធ និងការពារប្រឆាំងការគំរាមកំហែង ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស”។

លោក ចូ បៃឌិន បានបន្ថែមថា “យើងចាំបាច់ត្រូវមានសមត្ថភាព ដោះស្រាយទាំងបរិយាកាសជាយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងដំណើរវិវឌ្ឍន៍របស់វា ព្រោះអនាគតនៃប្រជាជាតិនីមួយៗរបស់យើង និងពិភពលោកទាំងមូល ពឹងផ្អែកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី និងបើកចំហយូរអង្វែង ឆ្ពោះទៅរកការរីកចម្រើនជាច្រើនទសវត្សរ៍ទៅមុខទៀត”។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានអះអាងថា កងនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ នឹងត្រូវសាងសង់ក្នុងទីក្រុងឆ្នេរ Adelaide របស់អូ  ស្ត្រាលី “ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ” ជាមួយប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក៕  South China Morning Post៕