ផ្លូវ៤៣ក្នុងទឹកដីកំពតកំពុងទាក់ទាញការវិនិយោគលើការអភិវឌ្ឍតំបន់លំហែរក្រោយគម្រោងផ្លូវនេះចាប់ផ្ដើមអភិវឌ្ឍន៍

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្លូវលេខ៤៣ ក្នុងទឹកដីខេត្តកំពត ដែលជាគម្រោងអភិវឌ្ឍន៍ផ្លូវថ្មី បាននិងកំពុងទាក់ទាញវិនិយោគិនជាច្រើន ចូលទៅបណ្ដាក់ទុនវិនិយោគ ធ្វើជាគំរោងតំបន់លំហែកាយ ដូចជា ការទិញដីសម្រាប់សង់ផ្ទះលំហែ និងការទិញដីធំៗសម្រាប់ពុះជាចំការលំហែកាយជាដើម ។

លោក កែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងនារសៀលថ្ងៃទី១៦ កញ្ញានេះថា ផ្លូវនេះជាផ្លូវថ្មីមួយក្នុងខេត្តកំពត ហើយក៏កំពុងទាក់ទាញ នូវការវិនិយោគទៅលើការអភិវឌ្ឍជាផ្ទះលំហែ និងចំការលំហែ ។ លោកថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួន បានចូលទៅកាន់តំបន់នោះ ដើម្បីធ្វើការអភិវឌ្ឍគម្រោងរបស់ខ្លួនបណ្ដើរៗហើយ និងធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនោះ បានស្ទុះងើបមួយកម្រិតថែមទៀតផងដែរ។

លោកបន្តថា “អ្នកដែលមានដីផ្ទាល់ខ្លួននៅតំបន់នោះ ដែលទិញយូរមកហើយនោះក៏ចាប់ផ្ដើមធ្វើសកម្មភាពអភិវឌ្ឍន៍ជាចំការ ឬអភិវឌ្ឍន៍ជាផ្ទះលំហែ។ ចំណែកវិនិយោគិនផ្សេងទៀតក៏ទិញដីធំៗ ពុះជាឡូត៏ប្រភេទដីលំហែ សម្រាប់លក់ជូនអតិថិជននៅពេលខាងមុខនេះ”។ លោកបន្តថា “អ្នកអភិវឌ្ឍន៍ភាគច្រើននៅតំបន់មួយនេះ ជាវិនិយោគិនក្នុងស្រុក ដោយមិនទាន់មានវិនិយោគិនក្រៅប្រទេស បណ្ដាក់ទុនវិនិយោគក្នុងតំបន់មួយនេះនៅឡើយ”។

លោកបន្ថែមថា កាលពីមុនតម្លៃនៅតាមបណ្ដោយផ្លូវមួយនេះ មានតម្លៃត្រឹមពីរបីដុល្លារ ឬយ៉ាងច្រើនត្រឹម៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលនេះវាបានហក់ឡើងចាប់ពី៥ដុល្លារអាមេរិកឡើងទៅហើយ គឺអាស្រ័យលើស្ថានភាពដីធ្លី ទីតាំង។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណការនិងដឹកជញ្ជូនបានបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរ ជាទិសដៅអភិវឌ្ឍន៍ ដូច្នេះរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់ឆ្នេរឱ្យកាន់តែងាយស្រួល សម្រាប់ទេសចរធ្វើដំណើរ ក៏ដូចជា សម្រួលដល់វិនិយោគិនទៅកាន់ទឹកដីខេត្តមាត់សមុទ្រផងដែរ ។

ជាការកត់សម្គាល់នៅពេលគម្រោងរបស់រដ្ឋាភិបាលប្រកាស ក៏ដូចជាចាប់ផ្ដើមអភិវឌ្ឍន៍ គេសង្កេតឃើញថា តែងតែមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិន ក៏ដូចជាធ្វើឱ្យតម្លៃដីធ្លីនៅតំបន់អភិវឌ្ឍន៍នោះ តែងមានកំណើនជាបន្តបន្ទាប់ ដូច្នេះហើយទើបរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍគម្រោងផ្សេងៗ ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់តែម្ដង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ខេត្តកំពតជាតំបន់មានសក្តានុពលខ្ពស់ លើការវិនិយោគរមណីយដ្ឋានសម្រាប់លំហែរកាយ និងផ្ទះលំហែរ ដោយសារខេត្តមានសម្បូរធនធានធម្មជាតិមានដងព្រែក ជួរភ្នំ សមុទ្រ ពិសេសមានចម្ងាយជិតរាជធានីភ្នំពេញ បើធៀបនឹងក្រុងព្រះសីហនុ។

លោកបន្តថា “ដោយសារលក្ខខ័ណ្ឌអំណោយផលទាំងនេះហើយ ទើបធ្វើឲ្យខេត្តកំពតទាក់ទាញការវិនិយោគលើវិស័យដីធ្លី និងទីផ្សារផ្ទះលំហែរ ពិសេសខេត្តនេះមានចំណុចពិសេសជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ”៕

កម្ពុជា-អូស្រ្តាលី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាព សំណង់នៅកម្ពុជា

        ដោយៈសុជាតា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីអូស្រ្តាលីបានចុះកិច្ចព្រមព្រៀមលើកិច្ចសហការសុវត្ថិភាពសំណង់នៅកម្ពុជា ខណៈវិស័យនេះកំពុងមានភាពរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាការងារជាមួយលោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការបរទេស និង ពាណិជ្ជកម្មអូស្រ្តាលី និងបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី “ការលើកកម្ពស់សុវត្ថិភាពសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា “។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាព និង​​សុខភាព នៅការដ្ឋានសំណង់ស្របតាមច្បាប់ស្តីពី សំណង់ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩៕

ទីផ្សារអចលនទ្រព្យនៅប្រទេសចិនប្រឈមមុខនឹង កំណើនយឺត

ដោយ៖ សុជាតា

យោងតាមការិយាល័យជាតិនៃប្រទេសចិនបានលើកឡើងថា ទីផ្សារអចលនទ្រព្យបន្តប្រឈមមុខនឹងកំណើនយឺតយ៉ាវពីព្រោះតែការត្រួតពិនិត្យតឹងតែងទៅលើបទបញ្ញត្តិទីផ្សារ និងធ្វើឱ្យការចុះបញ្ជីអចលនទ្រព្យបានធ្លាក់ចុះ ។

តាមការិយាល័យស្ថិតតថា តម្លៃគេហដ្ឋដ្ឋានថ្មីនៅទីក្រុងធំៗដូចជា ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ហ្សិនជិន និង ទីក្រុង Guangzhou បានកើនឡើង ០.៣ ភាគរយនៅខែសីហា នេះបើប្រៀបធៀបនឹងខែកក្កដា ដែលមានអត្រា ០.៤ ភាគរយ ។ ចំពោះទីក្រុងលំដាប់លេខពីរប្រមាណ ៣១ ទីក្រុងបានកើនឡើង ០.២ ភាគរយនៅតម្លៃផ្ទះថ្មី ខណៈទីក្រុងលំដាប់ទីបីដែលមានចំនួន ៣៥ ទីក្រុងបានមើលឃើញកំណើនមិនមានការផ្លាស់ប្តូរនោះទេ។

អ្នកនាំពាក្យការិយាល័យសិ្ថតិជាតិ លោក FU Linghui បានថ្លែងក្នុងសន្និសីទសាព័ត៌មានមួយថា ការទិញ លក់អចលនទ្រព្យគឺស្ថិតនៅស្ថេរភាពក្រោមគោលការណ៍ គេហដ្ឋានសម្រាប់ការរស់នៅ មិនមែនសម្រាប់ទិញទុកលក់ចំណេញនោះទេ។

បើបៀបធៀបនឹងរយៈពេលដូចគ្នា តម្លៃគេហដ្ឋានថ្មីនៅទីក្រុងលំដាប់លេខមួយបានកើនឡើង ៥.៧ ភាគរយនៅខែសីហា ពោលគឺមានធ្លាកចុះពីកំណើន ៦ ភាគរយនៅខែកក្កដាកន្លងទៅនេះ ខណៈទីក្រុងលំដាប់លេខពីរ និង លេខបីបានកើនឡើង ៤.៤ ភាគរយ និង ២.៨ ភាគរយរៀងៗគ្នា។

ផ្អែកទៅលើគោលការណ៍ និងត្រួតពិនិត្យដោយច្បាប់របស់ប្រទេសបានព្យាករណ៍ពីការទប់ស្កាត់នូវហានិភ័យហិរញ្ញវត្ថុ ដែលធ្វើអោយកម្ចីធនាគារចំពោះទីផ្សារអចលនទ្រព្យបានថមថមល្បឿននៅឆមាសទីមួយឆ្នាំ ២០២១នេះ។

បើយោងតាមទិន្នន័យផ្លូវការ បានបង្ហាញអោយដឹងថា កម្ចីចំពោះវិស័យអចលនទ្រព្យបានកើនឡើង ៩.៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ដែលទំហំទឹកប្រាក់ប្រមាណជិត ៨ ទ្រីលានដុល្លារ ដោយកម្ចីថ្មីនេះត្រូវបានកំណត់សម្រាប់តំរូវការអ្នកតាំងទីលំនៅសម្រាប់រស់នៅផងដែរ។

លោក Fu អ្នកនាំពាក្យការិយាល័យស្ថិតិជាតិបានលើកឡើងថា ទីផ្សារអចលនទ្រព្យប្រទេសចិនរំពឹងទុកនៅតែមានស្ថេរភាព ដោយផ្អែកទៅកត្តាមួយចំនួនដូចជា ការសាងសង់ផ្អែកលើទីផ្សារ និងវិធានការច្បាប់បន្តកើនមាន ៕

វិស័យអចលនទ្រព្យនៅប្រទេសវៀតណាមនៅតែរក្សាសញ្ញាវិជ្ជមានក្នុងឆមាសទី១ប៉ុន្តែកំពុងប្រឈមនឹងបញ្ហា

ដោយៈសុជាតា

វៀតណាមៈ ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាម បានរក្សាសញ្ញាវិជ្ជមានដោយតំរូវការជួលអាគារពាណិជ្ជនៅបន្តកើនឡើង ជាមួយនឹងតំបន់ពាណិជ្ជកម្មធំៗដូចជា ទីក្រុងហាណូយ និងទីក្រុង ហូជីមិញនៅត្រីមាសទីពីឆ្នាំ ២០២១ ដែលឈានទៅរកភាពប្រសើរឡើងដូចមុនវិបត្តិ Covid 19។

បើទោះបីជាមានប្រសើរឡើងនៅវិស័យអចលនទ្រព្យ នៅប្រទេសវៀតណាមសម្រាប់ត្រីមាសទីពីរនេះក៏ដោយ ប៉ុន្តែអ្នកជំនាញបានព្រមាន ពីការប្រឈមមុខសម្រាប់រយៈពេលចុងឆ្នាំនេះ ស្របពេលដែលរដ្ឋាភិបាលបានរឹតបន្តឹង វិធានការត្រួតពិនិត្យលើស្ថានភាពជំងឺកូវិត១៩ ដែលបណ្តាលអោយមានការកម្រិត ទៅថ្លៃជួលសម្រាប់បណ្តាខែចុងក្រោយនៃឆ្នាំ ២០២១នេះ។

យោងតាមការវាយតម្លៃរបស់ភ្នាកងារអចលនទ្រព្យCBRE បានបង្ហាញអោយដឹងថា វីរុសប្រភេទថ្មីកូវីដ១៩ បានធ្វើអោយរដ្ឋាភិបាលចេញវិធានការ រឹតបណ្តឹងដែលបន្តប៉ះពាល់ទៅដល់សេដ្ឋកិច្ច និងទីផ្សារអចលទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ជាពិសេសតំបន់សេដ្ឋកិច្ចកំពុងលូតលាស់។

ហេតុដូចនេះហើយ អ្នកជំនាញបានជំរុញរដ្ឋាភិបាលតំបន់អាស៊ី ប៉ាស៊ីហ្វិចបន្តលើកកម្ពស់គោលនយោបាយរូបិយវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងដំណាក់ងើបឡើងវិញនូវសេដ្ឋកិច្ចនេះ។

សម្រាប់ទីផ្សារផ្នែកលក់រាយប្រទេសវៀតណាម ត្រូវបានអ្នកជំនាញមើលឃើញថា បានបន្តធ្លាក់ចុះនៅត្រីមាសទីពីឆ្នាំ២០២១នេះ ដោយរដ្ឋាភិបាលវៀតណាមបានអនុវត្តនូវគម្លាតសង្គមនៅបណ្តាខេត្តក្រុង ទាំងខាងជើង និងខាងត្បូងប្រទេស។

ប្រឈមមុខនឹងបញ្ហានេះ អ្នកលក់រាយភាគច្រើនបានប្រើប្រាស់ សេវាកម្មផ្សព្វផ្សា​យការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដោយវិធីសាស្រ្តនេះបានព្យាករណ៍ថា នឹងក្លាយទៅជាស្តង់ដារអាជីវកម្មលក់រាយថ្មី ដើម្បីជំនះនឹងវិបត្តិ កូវីត១៩ នេះ៕

រដ្ឋមន្រ្តីបរិស្ថានៈប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលនិធិសម្រាប់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលនិធិ សម្រាប់គម្រោងបង្កើតថាមពលអគ្គិសនី មកពីធ្យូងថ្មបណ្តើរៗហើយ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក Pablo Kang ឯកអគ្គ​រដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាកាលពីថ្ងៃទី១៥ កញ្ញាកន្លងមកនេះ។

លោកសាយ សំអាល់បានបន្តថា បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។ ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26។

លោកបន្តថា “យើងកំពុងរៀបចំជំហរកម្ពុជា ដើម្បីសុំគោលការណ៍សម្រេ​ចពីសម្តេ​ចតេជោនាយករដ្ឋមន្ត្រី ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។

លោករដ្ឋមន្ត្រីបានលើកថា “សុខសន្តិភាព និងស្ថេរភាពនយោបាយ ជាកត្តាសំខាន់ដែលធ្វើឲ្យកម្ពុជា មានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។លោកបញ្ជាក់ថា “បេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំ ផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច”។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបរិស្ថាន និងលោក Pablo Kang បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេសការផលិតថាមពល និងការគ្រប់គ្រងធនធានទឹក និងការកំណត់ជំហររបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (COP26)។

លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងបន្ថែមអំពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លើការបង្កា​ត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ។

បន្ថែមលើសពីនេះ លោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទលើកទី២៦ នៃភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

លោកឧកញ៉ាលឹម ហេងដឹកនាំរៀបចំវេទិកាធុរកិច្ចកម្ពុជា-តួកគី

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី និងថ្លែងសន្ទរកថាបិទតាមប្រព័ន្ធវីដេអូ។

វេទិកាធុរកិច្ចនេះ ត្រូវបានសហការរៀបចំដោយ ក្រសួងការបរទេសនិងសហប្រតិ​បត្តិការអន្តរជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធធុរជនឧស្សាកម្មតួកគី (SANKON) និងប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ធុរជន និងវាគ្មិន នៃប្រទេសទាំងពីរបានពិភាក្សាលើវិស័យសក្តានុពល និងស្វែងរកដៃគូលើវិស័យសំខាន់ៗរួមមាន កសិកម្ម ឧស្សាហកម្ម វិស័យវាយនភ័ណ្ឌ សំណង់ បច្ចេកវិទ្យាព័ត៌មានសុខាភិបាល ថាមពល និង ទេសចរណ៍។

វេទិកាធុរកិច្ច បានបញ្ចប់ទៅដោយជោគជ័យ ដោយក្នុងនោះរាល់ធាតុចូល នៃកិច្ចពិភាក្សានឹងត្រូវប្រើបា្រស់ សម្រាប់រៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា នាថ្ងៃអនាគតដើម្បីជម្រុញ ពាណិជ្ជកម្មនិងការវិនិយោគប្រទេសទាំងពីរ៕

ក្រុមហ៊ុនយក្ស Microsoft គ្រោងប្រមូលទិញចូលភាគហ៊ុនត្រលប់មកវិញរហូតដល់ទៅ៦០ពាន់លានដុល្លារ

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនយក្ស Microsoft Corp ដែលជាក្រុមហ៊ុនផលិតសូហ្វវែរធំជាងបំផុតក្នុងពិភពលោក បានដាក់ចេញកម្មវិធីប្រមូលទិញចូលភាគហ៊ុន ត្រលប់មកវិញធំបំផុតរបស់ខ្លួន ក្នុងទំហំរហូតដល់ទៅ៦០ពាន់លានដុល្លារ នៅពេលដែលក្រុមអ្នកតាក់​តែងច្បាប់ កំពុងពិចារណាយកពន្ធលើការប្រមូលទិញចូលវិញ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៥ កញ្ញា។

តម្លៃទីផ្សាររបស់ក្រុមហ៊ុនអាមេរិក មួយនេះបានឈានរហូតដល់ទៅ២,២ទ្រីលានដុល្លារ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈដែលមានតម្លៃបំផុតទី២ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួន បានហក់ឡើងថ្លៃ៣៥%ក្នុងឆ្នាំ២០២១។កាលពីខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុននេះ បានប្រកាសផែនការប្រមូលទិញ ចូលភាគហ៊ុនត្រលប់មកវិញចំនួន៤០ពាន់លានដុល្លារ។

កម្មវិធីប្រមូលទិញចូលភាគហ៊ុនត្រលប់មកវិញ ចុងក្រោយរបស់ក្រុមហ៊ុន Microsoft ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ទី១៤ កញ្ញា នេះធ្វើឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភា២រូប មកពីគណបក្សប្រជាធិបតេយ្យ បានស្នើយកពន្ធ២ភាគរយលើការប្រមូលទិញចូលភាគហ៊ុនសាជីវកម្ម ដើម្បីប្រមូលថវិកាសម្រាប់បំពេញកញ្ចប់ថវិកាជាតិរបស់សហរដ្ឋអាមេរិក ដែលត្រូវបានព្រាងឡើងចំនួន៣.៥ទ្រីលានដុល្លារ។

សំណើយកពន្ធដែលប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ ត្រូវបានចេញផ្សាយដោយលោក Ron Wyden ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភា និងលោក Sherrod Brown ប្រធានគណៈកម្មាធិការធនាគារនៃព្រឹទ្ធសភា ក្នុងគោលបំណងជំរុញការវិនិយោគរបស់ក្រុមហ៊ុន និងកាត់បន្ថយការគេចពន្ធ។

ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ថា ខ្លួននឹងបញ្ចេញលុយចំនួនប៉ុន្មាន ដើម្បីប្រមូលទិញ ចូលភាគហ៊ុនត្រលប់មកវិញនេះឡើយ ប៉ុន្តែគេដឹងថាបច្ចុប្បន្នក្រុមហ៊ុននេះមានសាច់ប្រាក់ រហូតដល់ទៅជាង១៣០ពាន់លានដុល្លារ ដែលខ្លួនបានប្រើប្រាស់សម្រា​ប់ការទិញយកអាជីវកម្ម និងដើម្បីបង្កើនភាគលាភ និងការប្រមូលទិញចូលភាគហ៊ុនត្រលប់មកវិញ។

ការប្រមូលទិញចូលភាគហ៊ុនត្រលប់មកវិញ នៅពេលបច្ចុប្បន្ននេះ គ្មានកាលបរិច្ឆេ​ទផុតកំណត់នោះទេ សម្រាប់ក្រុមហ៊ុននេះ ហើយអាចនឹងបញ្ចប់គ្រប់ពេល។ ក្រុមហ៊ុន Microsoft ក៏បានបង្កើនភាគលាភប្រចាំត្រីមាសរបស់ខ្លួន ចំនួន៦សេនដល់៦២សេនក្នុងមួយភាគហ៊ុនផងដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើង១,២%នៅក្នុងការជួញដូរនៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ទី១៥ កញ្ញា៕ The Edge Markets៕

ក្រសូងសាធារណៈការពិភាក្សាលើគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋឆ្នាំ២០២២ដល់ឆ្នាំ២០២៤

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំដើ​ម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការបីឆ្នាំរំកិល ២០២២-២០២៤ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រើប្រាស់ថវិកាជាតិ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតី លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការ​និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រើប្រាស់ថវិកាជាតិ និងការត្រៀមរៀបចំកញ្ចប់ថវិកា សម្រាប់ការសាងសង់ទៅតាមតម្រូវការជាក់ស្តែង។

កិច្ចប្រជុំក្រុមការងារជំនាញបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការបីឆ្នាំរំកិល ២០២២-២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើង ដើម្បីជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីអនុវត្តឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព សម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញ៕

លោកឧកញ៉ាចេង ខេងៈវិស័យសំណង់និងដីធ្លីមានសក្តានុពលដូចគ្នាក្នុងការវិនិយោគ

ដោយៈតារា

ភ្នំពេញៈ លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ទាំង​វិស័យ​សំណង់ និង​ដីធ្លី គឺ​សុទ្ធតែ​មាន​សក្ដានុពល​វិនិយោគ​ដូច​គ្នា។

លោកបន្តថា គេ​សង្កេត​ឃើញ​ថា វិនិយោគ​ដែល​មិនសូវ​មាន​ធនធាន រឺ​ទុន​ច្រើន​នោះ ពួក​គេ​ចាប់​យក​ការ​វិនិយោគ​ទៅ​លើ​ដីធ្លី និង​ពុះ​ជា​ឡូត៍​លក់​ជូន​ទៅ​ប្រជាពលរដ្ឋ ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​សម្រាប់​សង់ផ្ទះ​នៅ​ពេល​អនាគត ហើយ​សម្រាប់​អ្នក​ដែល​មាន​ធនធាន​និង​ទុន​ច្រើន គេ​ក៏​បោះទុន​វិនិយោគ​ ទៅ​លើ​សំណង់​អគារ​នានា​ ដែល​គេ​បានឃើញ​ថា នៅ​ភ្នំពេញ​មាន​សំណង់​អគារ​ខ្ពស់​ៗ​ច្រើន​ កំពុង​រីក​ដុះដាល​ដូច​ផ្សិត។

លោក​ឧកញ៉ា​បន្ត​ថា ក្រោយ​ពេល​វិស័យ​ដីធ្លី​បាន​ហក់​ឡើង​ខ្លាំង នៅ​រយៈពេល​ក្រោយ​នេះ យើង​ក៏​បាន​សង្កេត​ឃើញ​ថា មិនមែន​មាន​តែ​អ្នក​ដែល​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ក្នុង​វិស័យ​នេះ ដាក់​ទុន​វិនិយោគ​នោះ​ទេ តែ​គេ​ក៏​បានឃើញ​ថា​មាន​អ្នក​វិនិយោគ​ក្នុង​វិស័យ​ផ្សេង ​ក៏​បាន​ងាក​មក​រក​វិស័យ​ដីធ្លី​នេះ​ដែរ។ ជាក់ស្ដែង ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើ​ន​ បាន​ងាក​ទៅ​រក​ការ​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី ដោយ​ពុះ​ជា​ដី​ឡូត៍​សម្រាប់​លក់ ដែល​វា​ជា​ព្រួយបារម្ភ​មួយ​នៅ​ពេល​អនាគត។

លោក​ឧកញ៉ាចេ​ង ខេ​ង មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា តែ​យ៉ាងណា​ក៏​ដោយ ក៏​យើង​បានឃើញ​ថា ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​បាន​ទប់ស្កាត់​នូវ​សកម្មភាព​មួយ​ចំនួន ពី​ការ​ពុះ​ដី​ឡូត៍ ដូច​ជា​រៀបចំ​ជា​ប្លង់​មេ​មួយ និង​តម្រូវ​អោយ​មានការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ផង​ដែរ។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា នៅ​ប្រទេស​មួយ​អាច​រីក​ចម្រើន​ទៅ​បាន​លើ​វិស័យ​ណាមួយ គឺ​ត្រូវការ​មាន​ធនធានមនុស្ស ​ក្នុង​វិស័យ​នោះ​បាន​ច្បាស់លាស់ ជាក់ស្ដែង​វិស័យ​ដីធ្លី​ និង​អចលនទ្រព្យ​ទាំងមូល​នេះ​ជាដើម បើ​ចង់អោយ​រីក​ចម្រើន​ទៅ​បាន គឺ​ត្រូវការ​អ្នក​វិនិយោគ ដែល​មានចំណេះ​ដឹង​ជំនាញ​ និង​បទ​ពិសោធន៍​ទើប​មិន​ធ្វើ​អោយ​វិស័យ​នោះ មាន​ហានិភ័យ តែ​បើសិនជា​អ្នក​វិនិយោគ​ទាំងនោះ មិន​មានបទពិសោធន៍ មិន​មាន​ជំនាញ​និង​ចំណេះដឹង គឺ​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្លាំង​ណាស់។

លោកឧកញ៉ាចេង ខេងបានបន្ត​ថា បើសិនជា​ធនធានមនុស្ស​ ដែល​មាន​ជំ​ណេះ​ដឹង ដោយ​បាន​ឆ្លងកាត់ ​សាលា​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ហើយ តែ​ពួក​គាត់​មិន​យកចំណេះ​ដឹង​នោះ ទៅ អនុវត្ត​ជាក់ស្ដែង ក៏​មិន​អាច​ធ្វើ​អោយ​វិស័យ​នេះ មា​នាករ​រីក​ចម្រើន​បាន​ដែរ ដូច្នេះ​អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​ណាមួយ ​គួរតែ​យកចំណេះ​ដឹង​នោះ​ ទៅ​អនុវត្ត​ក្នុង​ការងារ​ជាក់ស្ដែង ដើម្បី​អោយ​ក្លាយជា​ជំនាញ ដើម្បីរក​លុយ​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ​យើង៕

តើអ្វីជានីតិវិធីចំនួន៥ នៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុ គឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ។

តើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុ ដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) និងប្លង់ទន់ (លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ដូចគ្នា និងខុសគ្នាដូចម្ដេច?។

ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិ នៃអចលនវត្ថុពីម្ចាស់ដីដើម ទៅម្ចាស់អចលនទ្រព្យថ្មី ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិនេះធ្វើឡើងក្រោមទម្រង់ដូចជា

– កិច្ចសន្យាទិញ-លក់អចលនវត្ថុ
– ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ដល់ភាគីម្ខាងទៀតយល់ព្រមទទួល)។
– សន្តតិកម្ម (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ច ពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់)។
– ការបែងចែកមរតកតាមការព្រមព្រៀង ជាដើម។

នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖
ទី១ បំពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។

ភាគីទាំងសងខាង ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
– កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)។
– លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)។
– អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)។
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)។
– ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)។
– និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។

ទី២ ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារ នៅការិយាល័យភូមិបាលរួចរាល់ហើយ ម្ចាស់ដី ត្រូវយកឯកសារនោះ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។

ទី៣ កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។

ទី៤ សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។

ក្នុងករណី ដែលឯកសារគ្រប់គ្រាន់តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ។

ប៉ុន្តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (ដំណាក់កាលទី ៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។

យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យ ត្រូវជាប់ពន្ធ ៤% ទាំងប្លង់រឹង និងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ច ត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។

យ៉ាងណាមិញ នេះបើតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មានការផ្ទេរសិទ្ធិខ្លះ គឺមិនជាប់ពន្ធនោះទេ ដូចជា ការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖

-រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
-រវាងប្តី និងប្រពន្ធ
-រវាងយាយ-តាបង្កើតនិងចៅបង្កើត

ទី៥ ចារឹកឈ្មោះលើប្លង់ដី
ជំហានចុងក្រោយ បន្ទាប់ពីបង់ពន្ធរួចហើយ សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវកាន់ឯកសារទាំងអស់ មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងប្រព័ន្ធកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដីនោះ។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិនោះ នៅពេលនីតិវិធីទាំងអស់នេះបានបញ្ចប់។

ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិ ត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុក-ខណ្ឌ។

នៅពេលនោះ លោក-អ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី៕