ដោយៈ ជេស៊ីកា
កំពង់ចាម/ត្បូងឃ្មុំៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ ការចុះត្រួតពិនិត្យ ទីតាំងសម្រាប់ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានគម្រោងស្ថាបនាសាងសង់ ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
ប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងសម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តឡើងបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។
នាឱកាសនោះ លោកលឹម ស៊ីដេនីនបានណែនាំឱ្យក្រុមហ៊ុន រួមទាំងក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗ ឱ្យបានច្បាស់លាស់ និងធ្វើការសហការគ្នាឱ្យបានជិតស្និទ្ធ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីអាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពការងារ។
ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័សដែលកន្លងមក ពួកគាត់ធ្វើដំណើរឆ្លងកាត់តំបន់នេះ តាមរយៈការឆ្លងសាឡាង និងជាស្ពានផ្តល់សក្តានុពលខ្ព ស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាព រស់នៅកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។
កន្លងមកលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពាននេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕