ដោយៈសុខុម
សិង្ហបុរី: បច្ចុប្បន្នពលរដ្ឋអាស៊ី កំពុងសម្រុកទិញអចលនទ្រព្យ នៅក្នុងប្រទេសអង់គ្លេស ជាពិសេសលំនៅដ្ឋាន ជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងប្រទេសអឺរ៉ុប មួយនេះហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ វិច្ឆិកា។
ចំនួនផ្ទះនៅអង់គ្លេស និងវ៉េលស៍ (Wales) ដែលកាន់កាប់ដោយអ្នកទិញនៅក្រៅប្រទេសបានកើនឡើងជិត៣ដង ក្នុងទសវត្សរ៍ចុងក្រោយនេះ នៅពេលពលរដ្ឋអាស៊ី សម្រុកហក់ចូលក្នុងទីផ្សារលំនៅដ្ឋានរបស់អង់គ្លេស។ ទោះជាយ៉ាងណា ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភថា បណ្ដាវិនិយោគិននៅក្រៅប្រទេស ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ កំពុងធ្វើឱ្យតម្លៃអចលនទ្រព្យហក់ឡើងកាន់តែខ្ពស់ ដែលធ្វើឱ្យប្រជាជនក្នុងស្រុកគ្មានលទ្ធភាពទិញ។
បញ្ហាកម្មសិទ្ធិរបស់ជនបរទេសលើអចលនទ្រព្យ នៅតែចោទជាបញ្ហាដ៏ចម្រូងចម្រាសនៅក្នុងប្រទេសនេះ។ ទិន្នន័យផ្លូវការស្ដីពីបញ្ហានេះមានតិចតួចណាស់ ប៉ុន្តែការវិភាគដោយអង្គការ មិនស្វែងរកប្រាក់ចំណេញមួយ ដែលមានឈ្មោះថា Centre for Public Data (CFPD) បានបង្ហាញថា ចំនួនជនបរទេសដែលទិញអចលនទ្រព្យបានហក់ចូលក្នុងទីផ្សារអង់គ្លេស កាន់តែច្រើនឡើងៗ។
ការវិភាគនេះបានបង្ហាញពីការព្រួយបារម្ភថា អ្នកទិញជាជនបរទេសជាអ្នកធ្វើឱ្យតម្លៃអចលនទ្រព្យ ក្នុងប្រទេសនេះហក់ឡើងខ្ពស់។ យោងតាមទិន្នន័យផ្លូវការឱ្យដឹងថា តម្លៃលំនៅដ្ឋាននៅអង់គ្លេស បានហក់ឡើងពីកម្រិតមធ្យម២២៥.០០០ដុល្លារអាមេរិក ក្នុង១ខ្នងនៅដើមឆ្នាំ២០១០ រហូតដល់៣៥៥.០០០ដុល្លារអាមេរិក នៅត្រឹមខែសីហា ឆ្នាំ២០២១។
យោងតាមអង្គការ CFPD បានឱ្យដឹងថា អចលនទ្រព្យប្រភេទលំនៅដ្ឋានជិត២៥០.០០០ខ្នងនៅអង់គ្លេស និងវ៉េលស៍ (Wales) ត្រូវបានកាន់កាប់ដោយជនបរទេស បើធៀបនឹងតួលេចតិចជាង៨៨.០០០ខ្នងនៅក្នុងឆ្នាំ២០១០។
ទិន្នន័យបង្ហាញថា ចំនួន២ភាគ៣នៃការទិញផ្ទះ ពីសំណាក់ជនបរទេសគឺមកពីប្រទេសប្រមាណជាង១០។ ហើយក្នុងចំណោមពលរដ្ឋអាស៊ីទាំងនោះ ពលរដ្ឋហុងកុង ទិញច្រើនជាងគេបង្អស់ ដោយផ្ទះដែលពួកគេទិញនៅអង់គ្លេស និងវ៉េលស៍ (Wales) មានចំនួនរហូតដល់ទៅ២៣.៥២៤ខ្នង បើធៀបនឹងចំនួន២.១៧០ខ្នងក្នុងឆ្នាំ២០១០។ ទន្ទឹមនេះ ពលរដ្ឋសិង្ហបុរី និងម៉ាឡេស៊ី ក៏ស្ថិតក្នុងចំណោមអ្នកទិញច្រើនផងដែរ៕ CNA៕