ដោយៈសុខុម
អន្តរជាតិ: ប្រទេសអង់គ្លេស មានគម្រោងសាងសង់ស្ពាន ឬផ្លូវក្រោមដីដើម្បីតភ្ជាប់ស្កុតលែន (Scotland) ជាមួយអៀរឡង់ខាងជើង (Northern Ireland) ហើយគម្រោងនេះទទួលបានការគាំទ្រពេញទំហឹង ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២២ វិច្ឆិកា នេះ។
ទោះជាយ៉ាងណា ពេលនេះអនាគតនៃគម្រោងខ្នាតយក្សនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ដោយសារទំហំចំណាយច្រើនពេក ហើយមានបញ្ហាប្រឈមខ្លាំងផ្នែកវិស្វកម្ម។
កាសែត The Daily Telegraph បានចុះផ្សាយជាលើកដំបូងថា អ្នកជំនាញខាងវិស័យដឹកជញ្ជូនលោក Sir Peter Hendy ដែលរដ្ឋាភិបាល បានស្នើឱ្យជួយពិនិត្យមើលលទ្ធភាពគម្រោងតភ្ជាប់រវាងតំបន់ផ្សេងៗនៃប្រទេសអង់គ្លេស បានធ្វើការសន្និដ្ឋានថា គម្រោងនេះគឺមិនអាចទៅរួចឡើយនៅពេលបច្ចុប្បន្ន។
ប្រភពមួយចេញពីរដ្ឋាភិបាលបានទម្លាយឱ្យដឹងថា លោក Sir Peter Hendy បានពិនិត្យមើលខ្ទង់ចំណាយនៃគម្រោងស្ពាន ឬផ្លូវក្រោមដីនេះ ហើយបានរកឃើញថា”គម្រោងនេះមានបញ្ហាប្រឈមខ្លាំង ផ្នែកបច្ចេកទេសនៅពេលនេះ”។
ប្រភពដដែលបានបន្ថែមទៀតថា “នេះមិនមែនបានន័យថា គម្រោងនេះនៅថ្ងៃអនាគត នឹងមិនអាចទៅរួចនោះឡើយ ប៉ុន្តែពេលនេះវាមានការលំបាកខ្លាំង ហើយខ្ទង់ចំណាយគឺច្រើនពេក”។
ក្រសួងដឹកជញ្ជូនរបស់អង់គ្លេស បានប្រាប់សារព័ត៌មាន BBC ថា “ពេលនេះយើងសុំមិនធ្វើអត្ថាធិប្បាយនោះទេជុំវិញការរំពឹងទុក ខណៈលទ្ធផលនៃការត្រួតពិនិត្យលើគម្រោងនេះនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ”។
អ្នកជំនាញខ្លះបានវាតម្លៃថា គម្រោងបែបនេះ នឹងត្រូវចំណាយអស់ប្រមាណ ២០ពាន់លានដុល្លារអាមេរិក ខណៈអ្នកផ្សេងទៀតនិយាយថា គម្រោងនេះនឹងត្រូវចំណាយអស់ប្រមាណ ២៧ពាន់លានដុល្លារអាមេរិកឯណោះ។
តាមពិតទៅ ផែនការតភ្ជាប់បែបនេះរវាងស្កុតលែន និងអៀរឡង់ខាងជើង មិនមែនទើបតែមានពេលនេះទេ ពោលគឺមានតាំងពីទសវត្សរ៍ឆ្នាំ១៨៩០ មកម៉្លេះ ប៉ុន្តែគ្រាន់តែមិនដែលបានចេញជារូបរាង៕ BBC ៕