ភ្ញៀវទេសចរណ័៍ក្នុងស្រុកចេញដើរកម្សាន្តឱកាសបុណ្យអុំទូកផ្ដល់ក្ដីសង្ឃឹមដល់វិស័យទេសចរណ៍កម្ពុជាឡើងវិញ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេល៣ថ្ងៃនេះ ថ្ងៃឈប់សម្រាកបុណ្យអុំទូក អកអំបុក និងសំពះព្រះខែភ្ញៀវទេសចរប្រមាណ៩០ម៉ឹននាក់ បានចេញធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញ ទទួលភ្ញៀវច្រើនជាងគេបន្ទាប់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ខេត្តនៅតំបន់ប៉ែកឦសាន្ត នៃប្រទេសក៏មានភ្ញៀវទេសចរជាច្រើន ទៅសម្រាកនិងកម្សាន្តផងដែរ ។ តាមរយៈការចេញធ្វើដំណើរកម្សាន្ត របស់ភ្ញៀវទេសចរនាពេលនេះ ជាសារមួយផ្ដល់ក្ដីសង្ឃឹម ដល់វិស័យទេសចរណ៍ទាំងមូលផងដែរ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឱ្យដឹងតាមទួរស័ព្ទកាលពីថ្ងៃទី២១ វិច្ឆិកាកន្លងមកថា ក្នុងអំឡុងពេលនៃព្រះរាជពិធី បុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ យើងឃើញថាប្រជាពលរដ្ឋក្នុងស្រុកបានចេញ ធ្វើដំណើរពាសពេញប្រទេសទាំងតំបន់ឆ្នេរ តំបន់អេកូទេសចរណ៍ និងតំបន់ទេស​ចរណ៍វប្បធម៌គឺមានភ្ញៀវច្រើន ទៅសម្រាកនិងកម្សាន្តសប្បាយ ក្នុងឱកាសថ្ងៃឈប់សម្រា​ក។

លោកស្រីបន្តថា “ការចេញធ្វើដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋក្នុងស្រុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានផ្ដល់ក្ដីសង្ឃឹមដល់វិស័យទេសចរណ៍ទាំងមូល ដែលបានរងផលប៉ះពាល់អស់រយៈពេលជិត២ឆ្នាំកន្លងមកហើយ”។ លោកស្រីបន្តថា នៅក្នុងរយៈ៣ថ្ងៃកន្លងមកនេះ យើងឃើញថាតំបន់ប៉ែកឦសាន្ត ក៏មានទេសចរជាច្រើនទៅកម្សាន្ត តំបន់វប្បធម៌ខេត្តសៀមរាប ក៏មានភ្ញៀវយ៉ាងច្រើនទៅសម្រាក និងកម្សាន្ត ហើយតំបន់ឆ្នេរក៏មានពលរដ្ឋទៅសម្រាកនិងកម្សាន្តផងដែរ”។

នៅក្នុងខេត្តសៀមរាបយើងឃើញថា ដោយសារតែអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ដូច្នេះនៅក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូកនេះ មានអាជីវកម្មមួយចំនួនក៏មិនទាន់បានត្រៀមខ្លួន ក្នុងការបើកដំណើរការឡើងវិញ ធ្វើឱ្យការផ្គត់ផ្គត់សេវាកម្មជូនពលរដ្ឋមិនទាន់បានពេញលេញនិងគ្រប់គ្រាន់ ។

លោកស្រីឆាយ ស៊ីវលីនបានបន្ថែមថា បន្ទាប់ពីភ្ញៀវបានចេញធ្វើដំណើរនៅក្នុងឱកាសបុណ្យអុំទូក វាក៏ជារឿងមួយដែលល្អសម្រាប់រដ្ឋាភិបាល ក្នុងការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងមកកាន់កម្ពុជា ដោយសុវត្ថិភាព ។ហើយក៏ជាសារមួយសម្រាប់ប្រតិបត្តិករទេសចរណ៍កម្ពុជា ក្នុងការត្រៀមខ្លួនស្វាគមន៍ទេសចរអន្តរជាតិ វ៉ាក់សាំងមកកាន់កម្ពុជាផងដែរ ។

ក្រៅពីវិស័យទេសចរណ៍ ការបើកប្រទេសឡើងវិញ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងផ្ដល់អត្ថប្រយោជន៍ ដល់វិស័យជាច្រើនទៀតផងដែរ ក្នុងនោះគេឃើញថា សន្ទុះនៃការអភិវឌ្ឍវិស័យអចលនទ្រព្យក៏ឃើញថា មានកំណើនឡើងវិញជាបន្តបន្ទាប់ផងដែរ ដោយវិនិយោគិនជាតិ និងបរទេស ដែលមានវត្តមានក្នុងប្រទេសកម្ពុជា ក៏បានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួនឡើងវិញ ចាប់តាំងពីមានការប្រកាសបើកប្រទេសឡើងវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here