ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្រុកអង្គស្នួល ដែលស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺបានទាក់ទាញទុនវិនិយោគកាន់តែច្រើន ដោយក្រុមហ៊ុនធំៗចំនួនពីរបានបោះទុនលើទំហំទឹកប្រាក់៤៦០លានដុល្លារអាមេរិក។
គម្រោងធំពីររួមមាននៅផ្លូវជាតិលេខ៤ រួមមានក្រុមហ៊ុនផលិតស្រាបៀរហនុមាន ដែលបោះទុនវិនិយោគរហូតដល់១៦០លានដុល្លារអាមេរិក និងក្រុមហ៊ុនSomanea ដែលជាក្រុមហ៊ុនរបស់ចិន បានបោះទុនវិនិយោគទឹកប្រាក់៣០០លានដុល្លារ លើគំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន ផ្សារទំនើបនៅតាមផ្លូវជាតិលេខ៤។
គម្រោងធំទាំងពីរដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួលដែលកំពុងលេចរូបរាងជាបន្តបន្ទាប់នោះ បាននិងកំពុងធ្វើឲ្យតំបន់នេះកាន់តែទាក់ទាញការវិនិយោគច្រើនថែមទៀត។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានមើលឃើញថា តំបន់ណាដែលមានគម្រោងធំៗបោះទីតាំង តំបន់នោះ នឹងទទួលបានការទាក់ទាញការវិនិយោគបន្ថែម និងជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ណា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនតំបន់នោះ ក៏នឹងមានគម្រោងជាច្រើនទៀតចាប់ផ្ដើមនិងបោះទីតាំងវិនិយោគដែរ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែឬថា លោកមើលឃើញថានៅតំបន់ខាងលិចភ្នំពេញ ជាតំបន់មួយដែលមានការទាក់ទាញលើការអភិវឌ្ឍជាបន្តបន្ទាប់ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ខាងលិចក៏ត្រូវបានមើលឃើញថា មានប្រជាពលរដ្ឋទៅរស់នៅច្រើនជាមួយនឹងកំណើនបុរីលំនៅឋានជាច្រើនផងដែរ។
ចំណែកលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលវិញបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ខាងលិចចេញពីរាជធានីភ្នំពេញ៥០គីឡូម៉ែត្រ តម្លៃដីធ្លីមិនក្រោម១០០ដុល្លារអាមេរិកទេក្នុងមួយម៉ែត្រការ៉េ ដូច្នេះបើនៅជិតរាជធានីវានឹងមានតម្លៃហើយនៅឆ្ងាយពីភ្នំពេញបន្តិច តម្លៃវាក៏រាងទាបជាងគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញថាក្នុងចំណោមគម្រោងអភិវឌ្ឍន៍ ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខេត្តកណ្ដាលគឺស្រុកអង្គស្នួល ជាតំបន់ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលបង្ហាញពីសក្ដានុពលកាន់តែខ្ពស់ ក្នុងការអភិវឌ្ឍទាំងឧស្សាហកម្ម លំនៅឋាននិងពាណិជ្ជកម្ម៕