ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រសិទ្ឋនាមស្ពានតភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តភ្ជាប់ជាមួយស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានភ្ជាប់និស្ស័យ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានសម្ពោធថ្មីនេះថាជា “ស្ពានភ្ជាប់និស្ស័យ” បន្ថែមពីលើឈ្មោះបច្ចុប្បន្ន “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ស្ពានភ្ជាប់និស្ស័យ” នេះមានន័យទូលំទូលាយណាស់ ព្រោះប្រៀបដូចជាការភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំចង់បន្ថែមឈ្មោះពីលើឈ្មោះ ស្ពានមិត្តភាពកម្ពុជា-ចិនបន្ដិច ខ្ញុំចង់ហៅស្ពាននេះថាជា ស្ពានភ្ជាប់និស្ស័យ។ ស្ពានភ្ជាប់និស្ស័យនេះ គឺមានន័យទូលំទូលាយភ្ជាប់និស្ស័យម្ខាង រវាងកម្ពុជា និងចិន ដែលនេះជាន័យទូលំទូលាយក៏វាបម្រើឲ្យគោលដៅ នៃមិត្តភាពកម្ពុជា-ចិន”។
បន្ថែមពីការភ្ជាប់និស្ស័យរវាងកម្ពុជា-ចិនហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ស្ពាននេះក៏ភ្ជាប់និស្ស័យរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខណៈកាលពីពេលកន្លងទៅជាខេត្តតែមួយ ប៉ុន្ដែបំបែកជាពីរ។ ស្ពាននេះក៏បានភ្ជាប់និស្ស័យរវាងអ្នកស្រុកស្ទឹងត្រង់ និងអ្នកស្រុកក្រូចឆ្មារ។
អ្វីដែលជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺជាការភ្ជាប់និស្ស័យរវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេលជាង៤០ឆ្នាំមកនេះ។ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រយៈពេលជាង៤០ឆ្នាំមកនេះ សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមរស់នៅជាមួយគ្នា បង្កើតបានជាកូន និងពួនជាចៅ រហូតដល់២២នាក់។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អ្នកដែលត្រៀមរៀបការ ឬរៀបការហើយ ចង់ថតរូបអនុស្សាវរីយ៍នានា ឬថត Pre-Wedding គប្បីថតនៅតាមបណ្ដាស្ពាន ហើយក៏មិនត្រូវបោះបង់ចោលស្ពានភ្ជាប់និស្ស័យ នៅស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ ដែលសម្ដេចហៅស្ពាននេះថា ជាចំណង់មួយទាក់ទងធំណាស់។
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។
ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត៥៧លានដុល្លារអាមេរិក៕