ដោយៈសុខុម
ប៉េកាំង: បន្ទាប់ពីមហាយក្សចិន ប្រកាសផែនការដាក់ចេញគោលនយោបាយយកពន្ធលើអចលនទ្រព្យទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាវិសមភាពសង្គម ដែលរីកកាន់ធំឡើងៗ ស្រាប់តែមជ្ឈដ្ឋានទូទៅ បានផ្ទុះការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហានេះ។
យោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៣ វិច្ឆិកា ឱ្យដឹងថា មជ្ឈដ្ឋានទូទៅក្នុងប្រទេសចិន បានសម្ដែងការព្រួយបារម្ភថា ផែនការយកពន្ធលើអចលនទ្រព្យ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រធានាធិបតី ស៊ី ជីនភីង ក្នុងការជំរុញឱ្យពលរដ្ឋចិន មានជីវភាពធូរធាទាំងអស់គ្នានេះ មិនអាចជួយអ្វីបានឡើយ។
ពួកគេបានបន្ថែមទៀតថា ក្រៅពីមិនអាចជួយអ្វីបាន វានឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលកំពុងតែដុនដាប នឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត ហើយវានឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក ព្រមទាំងសាយភាយពេញពិភពលោក។
ទោះជាយ៉ាងណា គោលនយោបាយយកពន្ធលើអចលនទ្រព្យនេះ នឹងមិនចូលជាធរមានភ្លាមៗនោះទេ ហើយប្រទេសចិន នឹងអនុវត្តគម្រោងសាកល្បងដំបូងនៅរយៈពេល៥ឆ្នាំខាងមុខនៅក្នុងទីក្រុងមួយចំនួន។
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានថ្លែងកាលពីខែសីហា ថា “យើងត្រូវតែសកម្មជានិច្ច នៅក្នុងការជំរុញច្បាប់ស្ដីពី ពន្ធលើអចលនទ្រព្យ និងការធ្វើកំណែទម្រង់ ព្រមទាំងអនុវត្តកម្មវិធីសាកល្បងផងដែរ”។
នៅពេលនោះលោកស៊ី ជីនភីង បានបង្ហាញចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយបរិយាប័ន្នរបស់លោកថា លោកមានបំណងដឹកនាំប្រជាជនចិន ឆ្ពោះទៅរកភាពមានបានទាំងអស់គ្នា ហើយពន្ធលើអចលនទ្រព្យ គឺស្ថិតក្នុងចំណោមគោលនយោបាយមួយចំនួន ដើម្បីសម្រេចបានគោលដៅដូចបានបញ្ជាក់ពីខាងលើ។
ក្រោមសេចក្ដីព្រាងច្បាប់ស្ដីពីពន្ធលើអចលនទ្រព្យនេះ អចលនទ្រព្យមិនថាជាប្រភេទលំនៅដ្ឋាន ឬមិនមែនជាលំនៅដ្ឋាននោះទេ គឺនឹងត្រូវយកពន្ធដោយផ្អែកទៅតាមតម្លៃជាក់ស្ដែងរបស់វា ប៉ុន្តែសម្រាប់គ្រួសារនៅទីជនបទ គឺត្រូវបានលើកលែងជាពិសេស៕ South China Morning Post៕