សិក្សាចំណចទាំង៧យ៉ាងនេះ ដើម្បីបញ្ចៀសហានិភ័យពីការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យ

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្នុងវិស័យអចលនទ្រព្យ បើមើលមួយភ្លេតហាក់ដូចជាកាក់កបខ្លាំងណាស់ ប៉ុន្តែពិតជាកន្លែងរកបានលុយច្រើនមែន ប៉ុន្តែក៏មានហានិភ័យមិនតិចនោះដែរ។

ហេតុនេះអ្នកវិនិយោគ ឬអ្នកចង់ប្រឡូកក្នុងវិស័យនេះ គួរសិក្សាលើចំណុចទាំង៧នេះ ដើម្បីបញ្ចៀសហានិភ័យនានា ដែលអាចកើតមាន។

ដើរចង្អុលតែផ្ដេសតែផ្ដាស
មានការលក់អចលនទ្រព្យរបៀបនេះ វាហាក់កើនឡើងញឹកញាប់កាលពីប៉ុន្មានឆ្នាំមុន​ ដោយអ្នករកស៊ីអចលនទ្រព្យទាំងនោះ ចេះតែដើរចង្អុលបង្ហាញផ្ដេសផ្ដាស តាមផ្លាកដែលគេដាក់លក់អចលនទ្រព្យ ហើយពួកគេដាក់បន្ទាបតម្លៃ​ និយាយបញ្ចុះបញ្ចូល​អ្នកទិញ តាមដែលអាចធ្វើបាន ហើយអ្នករកស៊ីក្រៅវិជ្ជាជីវៈនេះផ្ទាល់ ចេះប្រឌិតនូវប្លង់ក្លែងក្លាយ មានត្រា មានស្នាមមេដាយ ធ្វើដូចប្លង់ពិតប្រាកដដែលចេញពីម្ចាស់គម្រោងដែរ។

ទិន្នន័យលក់គម្រោងក្លែងក្លាយ
វិធីសាស្រ្តមួយនេះកំពុងពេញនិយមខ្លាំងណាស់ ពីព្រោះការប្រកាសរបៀបនេះ ធ្វើឱ្យគម្រោងលក់ដាច់លឿន និងទាក់ទាញអតិថិជនបានឆាប់រហ័ស។ តែវិធីសាស្រ្តនេះ ក៏ចាត់ទុកជាល្បិចកល ក្នុងការបោកអតិថិជនដ៏ធ្ងន់ធ្ងរផងដែ​រ ពីព្រោះការរកស៊ីអចលនទ្រព្យ ទាមទារនូវភាពស្មោះត្រង់។ការប្រកា​សទាំងអស់របស់ក្រុមហ៊ុនមួយចំនួនធំនេះ ចេះតែផ្ដល់ទិន្នន័យឱ្យកើនឡើង ដើម្បីឱ្យអតិថិជន ជឿថាគម្រោងមានការលក់ដាច់ ទើបប្រញាប់ទៅទិញឱ្យបានលឿន។

បោកជាបក្ស ពួកឬជាការរៀបចំំផែនការមុន
ការបោកបែបនេះ ត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នា ដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ ចំណែកអ្នកទី២ បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ បន្ទាប់មកពួកគេទាំងពីរនាក់ បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះ មិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។

ដូច្នេះលោក អ្នកត្រូវតែច្បាស់ និងទាមទាររកអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។

រៀបចំប្លង់មេក្លែងក្លាយ
ចំណុចនេះ គឺសំដៅទៅដល់គម្រោងមួយចំនួន ដែលតែងតែចេញប្លង់រួមខ្យល់ ដើម្បីទាក់ទាញអតិថិជន ដូចជាប្លង់រួមដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធល្អ​មានផ្សារ​ សាលារៀន តំបន់កំសាន្តជាដើម។

តាមពិតប្លង់មេនោះ គ្រាន់បញ្ចេញចោលដើម្បីស្រូបយកអតិថិជន មិនខុសអីពីការបោកបញ្ជោតនោះទេ។

ដើរតួធ្វើជាត្រូវការលុយបន្ទាន់
អ្នកទិញខ្លះ ចូលចិត្តទិញអចលនទ្រព្យដែលដាក់លក់បន្ទាន់ ដើម្បីទិញបានថោកហើយលក់វិញបានចំណេញទៀត។ តាមពិតទៅទិញតាមរបៀបនេះជារឿងត្រឹមត្រូវហើយ គ្រាន់តែមានម្ចាស់គម្រោងហេងស៊យមួយចំនួន ចេះតែដាក់ គ្មានត្រូវការបន្ទាន់នោះទេ ដើម្បីឱ្យអចលនទ្រព្យខ្លួនលក់បានលឿនប៉ុ ណ្ណោះ។ជាពិសេសគឺចំណេញបានច្រើនទៀត ដោយសារតែពួកគេដាក់តម្លៃកប់ក្ដោងមួយដើម្បីចរចា ហើយប្រើពេលខ្លីដើម្បីទទួលបានលុយពីការលក់។

បង់ប្រាក់មុនគម្រោងចាប់ផ្តើម
អ្នកអភិវឌ្ឍន៍ក្លែងក្លាយបានផ្សព្វផ្សាយថា ពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។  ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មម ពួកគេស្រាប់តែគេចខ្លួនបាត់។ ដូច្នេះមុនបង់ប្រាក់ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់ លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អ តាមរយៈគម្រោងកន្លងមក។

អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗ ពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។ ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។

ប្រសិនបើអ្នកអភិវឌ្ឍន៍ មិនបង្ហាញនូវឯកសារទាំងនេះ ច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។

ទាក់ទាញចំណាប់អារម្មណ៍់ខ្លាំង
តាមពិតគេការរកស៊ីអចលនទ្រព្យ គេតែងនិយាយលើកតម្កើនរបស់ខ្លួនឯជារឿងត្រឹមត្រូវហើយ​ តែសូមឱ្យជាការពិត មិនមែនប្រឌិតហើយទាមទារចំណាប់អារម្មណ៍នោះទេ​​ ពីព្រោះអ្នករកស៊ីអចលនទ្រព្យមួយចំនួន ដែលចាត់ទុកក្នុងបញ្ជីខ្មៅនេះ តែងតែស្វែងរកអតិថិជន ដោយស្រូបយកបេះដូង តាម រយៈការប្រាប់នូវព័ត៌មានក្លែងក្លាយ ដូចជា ទីតាំងគម្រោងត្រៀមអភិវឌ្ឍន៍ មានការសាងសង់សំណង់ថ្មីៗ ទិញទៅឆាប់ឡើងថ្លៃជាដើម ដែលធ្វើឱ្យអ្នកទិញមិនបានស្វែងរកព័ត៌មានពិតប្រាកដ ឆាប់ទិញបានយ៉ាងងាយ។

គេហទំព័័រ Propertyarea.asia នឹងលើកយកកលល្បិចមួយចំនួនទៀត យកមកផ្សព្វផ្សាយជូននាពេលខាងមុខ ដើម្បីលោក អ្នកបានសិក្សាស្វែងយល់ និងអាចការពារខ្លួនពីហានិភ័យបាន?

LEAVE A REPLY

Please enter your comment!
Please enter your name here