អ្នកជំនាញអចលនទ្រព្យលំដាប់ជាតិ អន្តរជាតិប្រមាណ១៥០០នាក់នឹងចូលរួមក្នុងកិច្ចប្រជុំសមាគមអចលនទ្រព្យអាស៊ាន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិមកពីតំបន់អាស៊ាន អឺរ៉ុប សហរដ្ឋអាមេរិកជាដើម នឹងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះនឹងមានការថ្លែងសន្ទរកថា បើកដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព៌តមានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានឲ្យដឹងថា កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ – ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី ៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។

កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនី​រ័ត្ននឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនេះ ដែលរហូតមកទល់ពេលនេះអ្នកចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ មានប្រមាណ១៤០០នាក់រួចហើយ និងរំពឹងកើនឡើ់ងបន្តទៀត។

លោកបន្តថា “កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញពីបច្ចេកទេសនៃការវាយតម្លៃអចលនទ្រព្យនៅតំបន់អាស៊ាន ក៏ដូចជាការបង្ហាញពីសក្តានុពលនិងឱកាសវិនិយោគពីកម្ពុជា ទៅកាន់អ្នកវិនិយោគជាតិ អន្តរជាតិដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here