ខេត្តកណ្តាលកំពុងអន្ទងចិត្តអ្នកវិនិយោគអចលនទ្រព្យ ខណៈហេដ្ឋារចនាសម្ព័ន្ឋធំៗកំពុងលេចចេញវត្តមានបណ្តើរៗ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មានមូលដ្ឋាននៅកៀកនឹងរាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែ​ងយ៉ាងប្រសើរ ខេត្តកណ្តាលកំពុងប្រៀបបាននិងកូនក្រមុំមួយ ដែលកំពុងតែងខ្លួន បង្អួតសម្រស់ ក្នុងការទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។

ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ ដែលគិតចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សុទ្ឋតែជាតំបន់ស្ថិតក្នុងក្រសែភ្នែក អ្នកអភិវឌ្ឍន៍លំនៅ ដ្ឋាន រោងចក្រ សហគ្រាសនានា។

ជាមួយនឹងផែនការពង្រីករាជធានីភ្នំពេញ ក្នុងរង្វង់៣០គីឡូម៉ែត្របួនជ្រុង របស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យតម្លៃដីធ្លីកើនឡើង ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គម ដែលនាំមកពីកត្តាសុខសន្តិភាព។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ដែលបានតាមដានការវិវត្តន៍សេដ្ឋកិច្ច អចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៣ វិច្ឆិកានេះថា ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់​ រដ្ឋាភិបាល ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងស្តារសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ១៩ បាននិងកំពុងធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិកាន់់តែមានទំនុកចិត្តវិនិយោគនៅកម្ពុជា។

លោកបន្តថា “រាជធានីភ្នំពេញប្រៀបបីដូចជាពាងមូយ មានទឹកពេញបណ្តើរៗហើ​យ លើផ្នែកខ្លះក្នុងវិស័យអចលនទ្រព្យ ហេតុនេះខេត្តកណ្តាល ដែលស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ នឹងទទួលបានផលមុនគេ”។លោកបន្តថា “ផ្លួវខ្សែក្រវ៉ាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គំរោងទីក្រុងរណបនានាបាន និងកំពុងធ្វើឲ្យខេត្តកណ្តាលក្លាយជាចំណុចកណ្តាលមួយ នៃផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល និងវិស័យឯកជន”។

លោកយិន លាងគង់បានបន្តថា ការពង្រីកសក្តានុពល តាមរយៈគោលនយោបាយជាតិនានា ដើម្បីរុញប្រទេសទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ បានក្លាយជាត្រីវិស័យមួយយ៉ាងសំខាន់ សម្រាប់ផែនការចង្អុលទិសដល់វិស័យឯកជន ដែលអាចគូសវាសនិងមានផែនទីអភិវឌ្ឍដោយត្រឹមត្រូវមួយ ហើយខេត្តកណ្តាលនឹងទទួលបានផលមុនគេ បន្ទាប់ពីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ដីនៅតាមបណ្តាស្រុកសំខាន់ៗ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា។

លោកបន្តថា ខេត្តកណ្តាលព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលមានសក្តានុពលជាច្រើន ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ កំពង់ផែលំដាប់អន្តរជាតិ ការបញ្ចប់ផ្លូវជាតិលេខ១ ដែលជាផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here