ផ្សារទំនើបលំដាប់អន្តរជាតិចំនួន៣កំពុងសាងសង់ប្រណាំងគ្នានៅតំបន់ផ្លូវ៦០ម៉ែត្រ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិចំនួន៣ បាននិងកំពុងសាងសង់ប្រណាំងគ្នានៅតំបន់ជុំវិញ និងលើមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លួវ៦០ម៉ែត្រ) ដែលនឹងធ្វើឲ្យតំបន់នេះ ក្លាយជាកន្លែងដើរផ្សារដ៏ពេញនិយមមួយនាពេលអនាគត។

ផ្សារទំនើបប៉េង ហួត ឌាយមិន ផ្លាហ្សា
មិនត្រឹមតែអភិវឌ្ឍន៍លំនៅដ្ឋានប្រណីត និងមានភាពស៊ីវិល័យជាងគេនៅក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនប៉េង ហួតគ្រុបក៏បាន និងកំពុងពង្រីកមូលដ្ឋានពាណិជ្ជកម្មផ្សេងទៀត ដោយក្រុមហ៊ុននេះ បានសាងសង់ផ្សារទំនើប Peng Huort Diamond Plaza នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ ដែលផ្សារនេះមានទំហំសរុបប្រមាណ៦០,០០០ម៉ែត្រការ៉េ និងបោះទុនវិនិយោគប្រមាណ៦០លានដុល្លារអាមេរិក។

តាមផែនការផ្សារទំនើបនេះ នឹងបើកដំណើរការនៅឆ្នាំ២០២១នេះ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បានធ្វើឲ្យគំរោងនេះ ក៏ដូចជា គំរោងជាច្រើនទៀតបានពន្យាពេលសាងសង់និងបើកដំណើរការ។

បច្ចុប្បន្ន Peng Hout Diamond Plaza បាននិងកំពុងពន្លឿនការសាងសង់ ដែលតាមផែនការផ្សារនេះ អាចនឹងបើកដំណើរការនៅឆ្នាំ២០២២ខាងមុខនេះ។

ផ្សារទំនើបជីប ម៉ុង
អភិវឌ្ឍន៍ដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក ដែលមានទាំងលំនៅដ្ឋាន ខុនដូ ទីផ្សារលក់រាយ ធនាគារជាដើម ក្រុមហ៊ុនជីប ម៉ុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុ​ប្បន្នក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ឋមិនក្រោម២០ក្រុមហ៊ុនឡើយ ខណៈក្រុមហ៊ុននេះកំពុ ងពង្រីកមូលដ្ឋាន និងសក្តានុពលដើម្បីចាប់យកចំណែក ទីផ្សារលក់រាយកាន់តែធំផងដែរ។

ផ្សារទំនើបដ៏ធំមួយនេះ មានឈ្មោះថា ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទីតាំងស្ថិតនៅ ផ្លូវ២៧១ ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឹ លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន។

ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល នឹងត្រូវបានសាងសងឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងជាពិសេសសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់នោះ។

ផ្សារទំនើបខ្នាតអន្តរជាតិមួយនេះ មានចំណតដែលអាចផ្ទុករថយន្តបានរហូតដល់ ១៩៧០គ្រឿង និងម៉ូតូចំនួន៥៤០គ្រឿង ព្រមទាំងមានច្រកចេញចូលធំទូលាយដោយពុំចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មនានាផងដែរ។

ផ្សារទំនើប AEON Mall3
ផ្សារទំនើបនេះ បោះទុនវិនិយោគប្រមាណ១៦០លានដុល្លារអាមេរិក និងវិនិយោគដោយ​ក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន AEON Mall Group។

វាជាផ្សារទំនើបលំដាប់អន្តរជាតិពិតប្រាកដ និងទទួលបានជោគជ័យជាងគេ នៅរាជធានីភ្នំពេញ ដោយសារតែបទពិសោធន៍របស់ក្រុមហ៊ុននេះ មានរយៈពេលវែង និងបានធ្វើការសិក្សាពីចំណង់ចំណូលចិត្ត វបប្បធ៌ម និងការរស់នៅ ការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា បានធ្វើឲ្យផ្សារនេះទទួលបានជោគជ័យទាំងទី១ ទី២ និងផ្សារទំនើបទី៣នេះបានពង្រីកកាន់តែធំ និងកាន់តែមានភាពទាក់ទាញ។

ការបង្ហាញវត្តមានរបស់ក្រុមហ៊ុននេះ នៅកម្ពុជាបានធ្វើឲ្យផ្សារទំនើបតូចៗ ដែលវិនិយោគដោយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិមួយចំនួន បានប្រឈមមុខនឹងការបិទទ្វារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here