លោកប៊ុន ផាកៈវេទិកាទិញទំនិញតាមអនឡាញ ជាបរិបទថ្មីសម្រាប់ប្រជាជនកម្ពុជា

ដោយៈសុជាតា

ភ្នំពេញៈ លោកប៊ុន ផាក ជាស្ថាបនិក និងជា CEO ក្រុមហ៊ុន CAMAZOON បានមើលឃើញទីផ្សារអនឡាញ ជាបរិបទថ្មីសម្រាប់មុខជំនួញរបស់ប្រជាជនកម្ពុជា និងកំពុងមានឱកាសរីកចម្រើនខ្ពស់នាពេលអនាគត។

ស្ថាបនិក និងជា CEO CAMAZOON រូបនេះ ជាសហគ្រិនដែលមានក្រុមហ៊ុនបញ្ជាទិញទំនិញគ្រប់មុខ ពីរោងចក្រនៅប្រទេសចិនដោយផ្ទាល់ យកមកផ្គត់ផ្គងឲ្យអ្នកលក់រាយនៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីបង្កើតឡើង អស់រយៈពេលជាង២ឆ្នាំមកនេះ ក្រុមហ៊ុនលោកត្រូវជួបបញ្ហាជាច្រើនរាប់មិនអស់ មុនពេលលោកអាចធ្វើឲ្យប្រជាជន ងាកមកចាប់ផ្តើមសេវាកម្មបញ្ជាទិញទំនិញតាមអនឡាញ របស់ក្រុមហ៊ុនលោក ស្របពេលដែលប្រជាជនកម្ពុជានិយមប្រើប្រា​ស់បណ្តាញសង្គម Facebook សម្រាប់ទិញ លក់ទំនិញ។

តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យលោកសម្រេចចិត្ត បង្កើតក្រុមហ៊ុននេះឡើង? លោក ប៊ុន ផាក បានថ្លែងបញ្ជាក់ប្រាប់ Property Asia area ថា “ក្នុងនាមជាសហគ្រិនត្រូវមើលឃើញឱកាសអាជីវកម្ម ដែលមិនទាន់កើតមាននៅលើទីផ្សារ”។

លោកបន្ថែមទៀតថា “សហគ្រិន មានសមត្ថភាព មើលឃើញពីបញ្ហា ហើយអាចដោះស្រាយបញ្ហាមួយនេះ”។
សម្រាប់វេទិកាទិញទំនិញតាមអនឡាញ (E commerce Platform) ប្រទេសជិតជិតខាងកម្ពុជា គេមានសេវាកម្មនេះ និងទទួលបានភាពរីកចម្រើនរួចហើយ។

លោកបន្តថា ដោយឡែកទីផ្សារកម្ពុជា ជាទីផ្សារចំឡែកមួយ ដែលប្រជាជនទិញទំនិញតាមបណ្តាញសង្គម Facebook ស្របពេលដែលបណ្តាប្រទេសធំៗ ដូចជា ប្រទេ​សចិន មានក្រុមហ៊ុន Alibaba សហរដ្ឋអាមេរិក គេមានក្រុមហ៊ុន Amazon ដែលគេមានទំលាប់ប្រើប្រាស់ អស់រយៈពេល១០ ទៅ២០ឆ្នាំមកហើយ។

លោកប៊ុន ផាកបានបន្តថា កត្តាទាំងនេះហើយ ដែលទាមទារយើងស្វែងយល់ទំលាប់ប្រើប្រាស់របស់ប្រជាជនកម្ពុជា និងខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញតាមបែបប្រពៃណី ដើម្បីស្វែករកឱកាសពង្រីកអាជីវកម្មនៅលើទីផ្សារ ដោយសារតែយើងមិនទាន់វេទិកាទិញទំនិញលេចធ្លោ និងគំរូអាជីវកម្មថ្មីមួយ ដែលទាក់ទាញការចាប់អារម្មណ៍ និងជោគជ័យនោះទេ។

លោកសង្កត់បន្ថែមទៀតថា “Tech Start up វាមិនមានអាជីវកម្មសម្រាប់ប្រាក់ចំណេ​ញថ្ងៃស្អែកនោះទេ។ វាជាវិថីវែងឆ្ងាយ ដែលទាមទារអោយយើងត្រូវថ្លឺងថ្លែងថា សហគ្រិន ត្រូវដឹងគីឡូខ្លួនឯងប៉ុណ្ណា ហើយឈាមយើងរត់បានយូរប៉ុណ្ណា”។

លោកបន្តថា “សហគ្រិនដែលជោគជ័យ ត្រូវមានការជំរុញការលើកទឹកចិត្តខ្លូនឯង ក្នុងការបង្កើតផលិតផល ស្របតាមតំរូវការអតិថិជន ព្រមទាំងស្តាប់ក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានបទពិសោធន៍ច្រើនជាងយើង”៕

ក្រុមហ៊ុនដ៏ធំរបស់ចិន Prince Holding Group បោះទុនវិនិយោគលើទំហំទឹកប្រាក់ ១០ពាន់លានដុល្លារនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនចិនលំដាប់យក្ស Prince Holding Group បានបោះទុនវិនិយោគដ៏ច្រើននៅកម្ពុជា និងកំពុងពង្រីកផែនការវិនិយោគ ទៅកាន់បណ្តាខេត្តមួយចំនួនទៀតនាពេលអនាគត។

នាយកទីផ្សារនៃក្រុមហ៊ុន Prince Holding Group លោក Liu Guodong បានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគ១០ពាន់លានដុល្លាររួចហើយនៅកម្ពុជា ជាមួយគម្រោងលំដាប់អន្តរជាតិចំនួន៤នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

លោកបន្តថា “ជាមួយនឹងផែនការប្រកបដោយចក្ខុវិស័យ និងសក្តានុពលរបស់កម្ពុជា ដែលមានឱកាសរីកចម្រើនបន្ថែមទៀត ក្រុមហ៊ុននឹងពង្រីកទំហំទុនវិនិយោគកាន់តែច្រើនថែមទៀតនាពេលខាងមុខ”។
ទោះជាយ៉ាងណាលោកមិមបង្ហើបឲ្យដឹងពីគំរោងជាក់លាក់ និងទំហំទុនវិនិយោគដែលត្រូវចាក់បញ្ចួលលើទីផ្សារបន្ថែមទៀតនោះទេ។

លោកបន្តថា “នៅក្នុងដំណាក់កូវីដ១៩ មានវិស័យជាច្រើនបានរងផលប៉ះពាល់ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ វាអាចជាឱកាសមួយសម្រាប់អ្នកទិញគម្រោង ដោយ​សារតែមានការបញ្ចុះតម្លៃ”។ លោកបន្តថា “អ្នកទិញមានសិទ្ធិអាទិភាព ក្នុងការចរចាជាមួយអ្នកលក់ ក្នុងការទិញគម្រោងណាមួយ ដែលខ្លួនចង់វិនិយោគ”។

លោក Liu Guodong បានបន្តថា កត្តាដែលជំរុញឱ្យយើងបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើធៀបនឹងប្រទេសជិតខាង អាចនិយាយថាកម្ពុជារាងយឺតជាងគេបន្តិច ប៉ុន្តែនៅថ្ងៃខាងមុខកម្ពុជាអាចនឹងមានការអភិវឌ្ឍដូចប្រទេសជិតខាងដែរ”។

លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍របស់យើងនៅតែបន្ត និងទទួលបានការលក់ជាហូរហែរ ប៉ុន្តែយើងក៏ពិបាកនិយាយថាមិនមានការប៉ះពាល់ដល់ការលក់ដែរ នៅក្នុងដំណាក់កាលកូវីដ១៩ ប៉ុន្តែគម្រោងធំៗរបស់យើងនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និងជឿជាក់លើការអភិវឌ្ឍរបស់គម្រោងរបស់យើង៕

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់សឹង្ហបុរីដែលកំពុងវិនិយោគនៅកម្ពុជាទទូលបានប្រាក់ចំណេញ

ដោយៈសុជាតា

សឹង្ហបុរីៈ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ របស់ប្រទេសសិង្ហបុរី Oxley Holdling បានរក្សាកំណើនប្រាក់ចំណេញសុទ្ធ៤៩.៥លានដុល្លារសម្រាប់ឆមាសទី១ ឆ្នាំ២០២១នេះ ។

បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន របស់ក្រុមហ៊ុនដែលចុះបញ្ជីរក្នុងផ្សារហ៊ុននេះបានលើកឡើងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើង៥៨ភាគរយទៅ៧៨២លានដុល្លារ នៅរយៈពេលប្រាំមួយឆ្នាំ២០២១ ដែលនាំប្រាក់ចំណូលកើនឡើង១៤០០លានដុល្លារ ពោលគឺកើនឡើង៣៣ភាគរយ។ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មូលហេតុនៃការកើនឡើងប្រាក់ចំណូលនេះ ដោយសារតែគម្រោងអភិវឌ្ឍអចល​នទ្រព្យមួយចំនួន នៅប្រទេសកម្ពុជា សិង្ហបុរី និង អៀឡង់ និងមួយផ្នែកទៀតពីប្រាក់ចំណូ​លទាប នៅគម្រោងអភិវឌ្ឍនៅចក្រភពអង់គ្លេសជាដើម។

ប្រាក់ចំណូលក្នុងមួយភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងរហូតដល់០.៣១ភា​គ​រយ នេះបើប្រៀបធៀបនឹងការខាតបង់ប្រាក់ចំណេញ ក្នុងមួយភាគហ៊ុន៦.៧១ ភាគរយនៅឆ្នាំ២០២០កន្លងទៅនេះ។

សម្រាប់ឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់ខាតបង់ប្រមាណ៨៩លានដុល្លារ រួមបញ្ចូ​លប្រាក់ចំណូលជិត៣០លានដុល្លារ សម្រាប់ការចំណាយទៅលើអភិវឌ្ឍអូតែល នៅក្នុងប្រទេសកកម្ពុជា ព្រមទាំងតម្លៃប្រមាណ១៧,៧លាន បានកើនឡើងពីការវិនិយោគអច​លនទ្រព្យប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន OXLEY បាននិយាយថា គម្រោងអភិវឌ្ឍនៅក្រៅប្រទេសបានសម្រេចជោគជ័យ យ៉ាងសំបើមកាលពីឆ្នាំមុន ជាមួយនឹងគម្រោងនៅទីក្រុងឡុងដុង និង Dublin បានទទួលការលក់គម្រោងបានទាំងស្រុង ព្រមទាំងគម្រោងអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា បានលកដាច់អស់ប្រមាណ៨៧ភាគរយ។

ក្រុមហ៊ុនដ៏ធំរបស់ប្រទេសសិង្ហបុរីនេះ បានបង្ហាញពីកត្តាប្រឈមមុខ នឹងចំពោះកា​រ​បន្តកើនឡើងនូវកង្វះកម្មករធ្វើការ ព្រមទាំងចំណាយខ្ពស់ ជុំវិញការកំណត់តឹងរ៉ឺងដោ​យសារវិបត្តិ Covid 19 ដែលប៉ះពាល់ដល់ផលិតកម្មផងដែរ។ ហើយដំណោះស្រាយ គឺការគ្រប់គ្រងគម្រោងអាគារសាងសង់ស្នាក់នៅ ប្រកបដោយការប្រុងប្រយ័ត្ន ដោយកាត់បន្ថ​យផលរំខាន ចំពោះពេលវេលាដែលត្រូវបញ្ចប់គម្រោងទាំងមូល។

ចំពោះគម្រោងក្រៅប្រទេស ក្រុមហ៊ុន Oxley គឺបញ្ចប់ផែនការនូវគម្រោងអភិវឌ្ឍថ្មីនៅ Deanston wharf និង Connolly Station នៅទីក្រុងឡុងដុង និង Dublin ជាមួយនឹងគម្រោងអភិវឌ្ឍច្រើនជាង១៦00លានដុល្លារ។ បន្ថែមលើគម្រោងអភិវឌ្ឍអចលនទ្រព្យ ក្រុមហ៊ុន ក៏បានពិនិត្យលើឱកាសវិនិយោគទ្រព្យសកម្ម ដើម្បីពង្រឹងលើលំហូរសាច់ប្រាក់ផងដែរ៕

លោកឧកញ៉ា ម៉ន សុខាៈការវិនិយោគដីធ្លីបន្តរីកចម្រើន ប៉ុន្តែស្ថិតក្នុងដំណើរយឺតៗ

ដោយៈសុជាតា

ភ្នំពេញៈ ក្នុងបរិបទកូវីដ១៩ វិស័យជាច្រើនបានប៉ះពាល់ ប៉ុន្តែវិស័យអចលនទ្រព្យ ជាពិសេសការពុះដីឡូលក់ ក៏បន្តមានសកម្មភាពទិញ លក់ បើទោះបីជាតម្លៃទ្រឹង និងគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៀត មិនទាន់ដំណើរការក្តី។

លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា និន្នាការអភិវឌ្ឍអចលនទ្រព្យក្នុងបរិបទកូវីដ១៩ ជាពិសេសការពុះដីឡូត៏ នៅតែកើតមានសម្រាប់អ្នកមានចំណូលមធ្យម និងចំណូលទាប ដែលបានធ្វើអោយវិស័យដីធ្លីបន្តរីកចំរើន ពីខេត្តមួយទៅខេត្តមួយ។

លោកបន្តថា សម្រាប់ឆ្នាំ២០២១នេះ ការទិញ លក់អចលនទ្រព្យ បានបន្តកើនឡើងនៅខេត្តកំពត ជាពិសេសទីក្រុងបូកគោ និងខេត្តកំពង់ឆ្នាំង ពិសេសតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីតំបន់ឧត្តុង្គ រហូតដល់ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

លោកឧកញ៉ាបន្ថែមទៀតថា “ការវិនិយោគដីធ្លី ទាមទារពេលវេលាពី៣ឆ្នាំទៅ៥ឆ្នាំ ដើម្បីទាញរកផលចំណេញបាន”។ លោកបន្តថា “អតិថិជនត្រូវសិក្សាពីចំណូលរបស់ខ្លូន ព្រមទាំងព័ត៌មានជាក់លាក់ ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នព៌តមាននានា ដើម្បីអាចរកផលចំណេញបាន”។

លោកឧកញ៉ាម៉ន សុខាបានលើកឡើងថា ដើម្បីបញ្ចៀសហានិភ័យ អតិថិជនដែលចង់វិនិយោគដីធ្លី ត្រូវទាមទារយកប្លង់រ៉ឹង ដែលជាកម្មសិទ្ធិស្របច្បាប់ និងសិក្សាពីផែនការមេរបស់ម្ចាស់ដីឡូត៏ ដែលបានចុះបញ្ជីរត្រឹមត្រូវនៅក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាងនេះទៀត អតិថិជន ក៏គួរស្វែងរកអ្នកជួយផ្តល់ប្រឹក្សាយោបល់ខាងដីធ្លី និងអ្នកច្បាប់ផងដែរ៕

ក្រុមហ៊ុនឧស្សាកម្មចិនបានរក្សាសេ្ថរភាពលើកំណើនប្រាក់ចំណេញ

ដោយៈសុជាតា

ប្រទេសចិនៈ ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិន បានរក្សាកំណើន ប្រាក់ចំណេញនៅរយៈពេល៧ខែជាប់គ្នា ក្នុងឆ្នាំ២០២១នេះ ជាកំនើនសេ្ថរភាពជាមួយនឹងភាព ប្រសើរឡើងនូវដំណើរការអាជីវកម្ម។

ក្រុមហ៊ុនឧស្សាហកម្មធំៗ បានកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំ ប្រមាណជិត៥ទ្រីលានយ៉ុន ពោលគឺកើនឡើង៥៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណេញពីក្រុមហ៊ុនឧស្សា​ហកម្មធំៗ បានកើនឡើង៤៤,៦ភាគរយគីតរយៈពេល៧ខែឆ្នាំ ២០២១ ខណៈដែលអត្រា កំណើនឆ្នាំ២០២១បានកើនឡើង២០ភាគរយ ធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន។

នៅខែកក្កដា តែមួយ ក្រុមហ៊ុនឧស្សាហកម្មធំៗ បានបង្កើនប្រាក់ចំណេញជាង ៧០០ពាន់លានយ៉ុន ពោលគឺកើនឡើង១៦.៤ ភាគរយ។

ខណៈដែរ ដំណើរការអាជីវកម្មនៃក្រុមហ៊ុនឧស្សាហកម្ម បានធ្វើអោយប្រសើរឡើង ប្រាក់ចំណេញវិស័យឯកជនបានកើនឡើងយឺតជាងមុន។

ក្រុមហ៊ុនឧស្សាហកម្មគ្រប់គ្រងដោយរដ្ឋ បានមើលឃើញប្រាក់ចំណេញកើនឡើង ១០២ភាគរយ ខណៈដែរក្រុមហ៊ុនឯកជនបានកើនឡើង៤០.២ភាគរយ បើប្រៀបធៀនឹងរយៈពេលដូចគ្នាកាលពីមុន។ នេះបើតាមលោក Zhu hong មន្រ្តីជាន់ខ្ពស់ការិយាល័យស្ថិតិ បានលើកឡើង។

ក្រុមហ៊ុនធនធានរ៉ែ និងក្រុមហ៊ុនផលិតធនធានវត្ថុធាតុដើម បានកើនឡើងប្រាក់ចំណេញ២០៣ភាគរយ និង៥០ភាគរយរៀងៗគ្នា។

ការពង្រីកនៃការចាក់វាក់សាំង Covid 19 និង ផលិតផលនៃការចាក់់វាក់សាំង បានជំរុញអោយផ្នែកផលិតឱសថបានកើនឡើង១១០ភាគរយ។

ការបន្តងើបឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម គឺកើនឡើងស្របពេលការរីកចំរើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន ដែលធ្វើឲ្យទិន្នផលឧស្សហកម្មរបស់ប្រទេសចិនបានផលចំណេញប្រមាណ១៤.៤ ភាគរយ។

លោក Zhu បាននិយាយថា ក្រុមហ៊ុនឧស្សាហកម្ម ស្ថិតនៅប្រឈមមុខនឹងការចំណាយថ្លៃដើមខ្ពស់ ពីតម្លៃវត្ថុធាតុដើមកើនឡើង ដោយតំរូវអោយប្រទេសចិនបានខិតខំប្រឹងប្រែងក្នុងការរក្សាស្ថេរភាពថ្លៃ និងដោះស្រាយភាពលំបាករបស់ក្រុមហ៊ុន៕

ចំណេះដឹងវិនិយោគៈមុនវិនិយោគអចលនទ្រព្យត្រូវគិតចំនុចអ្វីខ្លះ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បច្ចុប្បន្ននេះ គេមើលឃើញថាវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនទាំងជាតិនិ ងអន្តរជាតិ ហើយវិនិយោគិនលើវិស័យផ្សេងៗ ក៏បានចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ជាបណ្ដើរៗផងដែរ ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ ។

ថ្ងៃនេះយើងនឹងលើកយកចំនុចមួយចំនួន ជាចំណេះដឹងដល់អ្នកវិនិយោគ ដែលទើបចាប់ផ្ដើមវិនិយោគវិស័យអចលនទ្រព្យ ដោយបានដកស្រង់នូវប្រសាសន៍របស់អ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding លោកវ៉ា វីរៈបានមានប្រសាសន៍ឱ្យដឹងថា ដើម្បីឱ្យការវិនិយោគអចលនទ្រព្យរបស់វិនិយោគិន ទទួលបានជោគជ័យ ត្រូវមានចំណុចជាច្រើនដូចជា ទី១ ត្រូវកំណត់គោលដៅរបស់ខ្លួនជាមុនសិន។ ចំណុចនេះចង់សំដៅ លើការគោលដៅនៃការវិនិយោគថា តើចង់វិនិយោគលើអចលនទ្រព្យប្រភេទណា ដូចជា ចំការ លំនៅឋានឬអាជីវកម្មណាមួយ។

ក្រោយពេលកំណត់គោលដៅរួចហើយ ត្រូវសម្លឹងទៅមើលសក្ដានុពល នៃតម្រូវការទីផ្សារ ថាតើតំបន់ណាមានសក្ដានុពល មានតម្រូវការលើផ្នែកអចលនទ្រព្យដែលបានកំណត់នោះ ។

លោកវីរៈបានបន្តថា នៅក្នុងអភិវឌ្ឍន៍អចលនទ្រព្យ គេក៏មើលទៅលើផ្លូវ បើសិនជាមានផ្លូវ គឺនឹងមានការទៅដល់របស់វិនិយោគិន ហើយតំបន់ណាដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះនឹងមានការអភិវឌ្ឍអចលនទ្រព្យច្រើនដូចគ្នា។ ក្រៅពីផ្លូវយើងក៏មើលទៅលើ បណ្ដាញអគ្គិសនី បណ្ដាញទឹក បណ្ដាញទូរគមនាគមន៍ ដូចជា សេវាទូរសព្ទ និងអ៊ីនធើណេតជាដើម។ យើងក៏ត្រូវមើលទៅលើនិន្នាការ នៃការអភិវឌ្ឍនៅថ្ងៃអនាគតផងដែរថា តើតំបន់ដែលយើងចង់វិនិយោគនោះ ទៅថ្ងៃអនាគតនឹងមាននិន្នាការអភិវឌ្ឍទៅលើអ្វីខ្លះ ។

លោកបន្ថែមថា ចំនុចមួយទៀតដែលពិសេសផងដែរនោះ គឺមុនពេលវិនិយោគអចលនទ្រព្យគឺត្រៀមហិរញ្ញវត្ថុ។ មុនពេលយើងចាប់ផ្ដើមវិនិយោគ លើអចលនទ្រព្យយើងក៏ត្រូវសិក្សាពីហិរញ្ញវត្ថុរបស់ខ្លួនជាមុនសិនថា តើយើងអាចមានលទ្ធភាពកម្រិតណា ហើយអាចយកកម្ចីពីធនាគារបានកម្រិតណា ទៅលើអចលនទ្រព្យ ដែលយើងស្រលាញ់និងចង់ដាក់ទុនវិនិយោគ។

លោកបន្តថា “ការគិតគូបែបនេះនឹងមិនធ្វើឱ្យស្ទះ ដល់ការវិនិយោគឬខាតពេលក្នុងការចរចាជាមួយម្ចាស់អចលនទ្រព្យនោះទេ”។ លោកបន្តថា “ចំនុចសំខាន់មួយទៀតគឺ លំហូរសាច់ប្រាក់របស់យើង ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះថា តើយើងអាចរ៉ាប់រងការបង់ត្រលប់ទៅធនាគារបានដែរទេ ដើម្បីកុំឱ្យជួបបញ្ហានៅពេលយើង សម្រេចដាក់ទុនវិនិយោគរួចហើយ”។

យ៉ាងណាក្ដី សម្រាប់វិនិយោគិនអចលនទ្រព្យ ដែលមានបទពិសោធន៍ និងខ្លាំងពូកែ សុទ្ធតែមានយុទ្ធសាស្ត្រ និងចំណុចខ្លាំង ក្នុងការបណ្ដាក់ទុនវិនិយោគអចលនទ្រព្យ ទោះបីជាមានវិបត្តិ ក៏នៅតែអាចបណ្ដាក់ទុនវិនិយោគបានដដែល និងនៅតែទទួលបានប្រាក់ចំណេញ៕

ក្រសួងចំនួនពីរធ្វើការរួមគ្នាដើម្បីនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន ស្របពេលអគ្គរដ្ឋបាលគយចិនផ្តល់ក្តីសង្ឃឹម

ដោយៈ តារារៈ

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេសនិងសហ​ប្រតិបត្តិការអន្តរជាតិ កំពុងធ្វើការរួមគ្នា ក្នុងការនាំផ្លែមៀនទៅកាន់ប្រទេសចិន ជាលទ្ឋផលអគ្គរដ្ឋបាលគយចិន កំពុងផ្តល់ក្តីសង្ឃឹម។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីរសៀលថ្ងៃទី២៧ សីហាកន្លងមកថា សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើ ចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធា​រណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិន ធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។

ក្នុងគោលបំណងពន្លឿនការងារចរចារ ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវិដ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកសំណើផ្ញើរជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាលើកទីពីរ។

ជាកិច្ចឆ្លើយតប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន ដែលមាននាយកដ្ឋានភូតគាមអនាម័យ និងអនាម័យសត្វ បានគោរពជម្រាបជូនលោកជំទាវ អគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិនថា យើងខ្ញុំមានសេក្តីរីករាយសូមជូនដំណឹងជ្រាបថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។

យោងតាមការផ្តល់ឯកសារបច្ចេកទេសរបស់ភាគី កម្ពុជា និងការស្រាវជ្រាវលើឯកសារភាគីចិន បានធ្វើការវាយតម្លៃសមាសភាពចង្រៃ ដែលកើតមានលើ ផ្លែមៀនកម្ពុជា និងជាបឋមយើង បានជ្រើសរើសនូវសមាសភាពចង្រៃចំនួន៨ប្រភេទ ដែលភាគីចិនយកចិត្តទុកដាក់៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។

ទន្ទឹមនឹងនេះ ភាគីចិនបានស្នើឲ្យភាគីកម្ពុជា ធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រា​វ និងការដាក់ចេញវិធានការណ៍ សម្រាប់ទប់ស្កាត់ និងកម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខខាងលើនេះ។ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ។

ភាគគីចិនបានបញ្ជាក់ថា សង្ឃឹមថាភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការងារលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិនឲ្យទទួលបានជោគជ័យ៕

រដ្ឋាភិបាលចិនចាប់ផ្ដើមបើកការស៊ើបអង្កេតការគេចពន្ធក្នុងចំណោមអ្នកមានប្រាក់ចំណូលខ្ពស់

ដោយៈសុខុម

ប៉េកាំង: អាជ្ញាធរពន្ធដាររបស់មហាយក្សចិន កំពុងបើកការស៊ើបអង្កេត លើបុគ្គលដែលលាក់បាំងប្រាក់ចំណូលខ្ពស់របស់ខ្លួន ហើយគេចវេះមិនបង់ពន្ធជូនរដ្ឋ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ សីហា។

តាមរយៈសេចក្ដីថ្លែងការណ៍មួយ ចេញកាលពីថ្ងៃព្រហស្បតិ៍ អគ្គនាយកដ្ឋានពន្ធដារចិន បានប្តេជ្ញាអនុវត្តគោលការណ៍ណែនាំស្តីពី កំណែទម្រង់ពន្ធដារដាក់ចេញដោយក្រុមប្រឹក្សារដ្ឋកាលពីខែមីនា ដែលបាននិយាយថា ប្រទេសចិន នឹងពង្រឹងការត្រួតពិនិត្យពន្ធដារលើបុគ្គល ដែលមានប្រាក់ចំណូលខ្ពស់ និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន។

អគ្គនាយកដ្ឋានពន្ធដារនិយាយថា ខ្លួននឹងបន្តបង្កើនការបង្រ្កាបជាប្រចាំ លើការអនុវត្តខុសច្បាប់ទាក់ទងនឹងពន្ធដារ។ ចំពោះបទល្មើសធំៗ ការដាក់ពិន័យនឹងត្រូវប្រកាសជាសាធារណៈ ហើយ Log in ចូលក្នុងកំណត់ត្រាឥណទានរបស់ក្រុមហ៊ុន ឬបុគ្គលដែលត្រូវបានចែករំលែកទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការបង់ពន្ធ និងបរិយាកាសធ្វើអាជីវកម្មដោយភាពត្រឹមត្រូវ។

ការប្ដេជ្ញាធ្វើការបង្ក្រាបលើការគេចពន្ធនេះធ្វើឡើង ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រឹងប្រែងជំរុញកាន់តែខ្លាំងដើម្បី “ភាពរុងរឿងទាំងអស់គ្នា” តាមរយៈការកាត់បន្ថយគម្លាតប្រាក់ចំណូល និងវិសមភាពសង្គម។
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយកាលពីសប្តាហ៍មុន ដែលបានសន្យាគ្រប់គ្រងឱ្យបានកាន់តែប្រសើរ លើប្រភពប្រាក់ចំណូលខ្ពស់។

លោកបានបញ្ជាក់ថា “រដ្ឋនឹងការពារប្រាក់ចំណូល ដែលមានប្រភពស្របច្បាប់ ប៉ុន្តែនឹងធ្វើការបង្ក្រាបលើប្រាក់ចំណូល ដែលខ្ពស់ហួសហេតុ និងគ្មានប្រភពច្បាស់​លាស់”៕

ធនាគារអភិវឌ្ឍន៍អាស៊ីលើកអនុសាសន៍ចំនួន៤ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជារីកចម្រើនប្រកបដោយចីរភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថេរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាត ក្នុងស្រុកឱ្យបានច្រើនជាងមុន។

យោងតាមអត្ថបទវិភាគនេះ ដែលនិពន្ឋឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និងសេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះបានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៤។

អត្ថបទបានរំលេចនៅវិធីសាស្ត្រសំខាន់ៗ៤ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ គួរពិចារណាអនុវត្តន៍ដូចជា ទី១ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធាន និងឥន្ធនៈស្អាត។ គោលនយោបាយទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយ ការបញ្ចេញឧស្ម័នពុលនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយគ្រោះធម្មជាតិ និងចំណាយស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតពីគ្រោះធម្មជាតិទាំងនោះទៀតផង។

ទី២ កម្ពុជាគួរពិចារណាបន្ថែមចំណាយ លើការវិនិយោគដែលបញ្ចេញឧស្ម័នពុលខ្លាំង ឬពន្យល់ឱ្យងាយយល់ គឺការគិតលុយលើរាល់ការបញ្ចេញឧស្ម័នពុល ពីរោងចក្រនានា។ គោលនយោបាយនេះត្រូវមានការចូលរួមទាំងរដ្ឋ ឯកជន និងអ្នកប្រើប្រាស់ទូទៅ។ ជាក់ស្ដែង គោលនយោបាយស្រដៀងគ្នានេះ ត្រូវបានអនុវត្តខ្លះហើយ ដូចជាការលក់ឥណទានកាបូនជាដើម។

ទី៣ ការពិចារណាយកពន្ធ លើការបញ្ចេញឧស្ម័នពុលរបស់រោងចក្រនានា ដើម្បីជំរុញឱ្យពួកគេអនុវត្តបច្ចេកវិទ្យាថ្មី កាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់ពួកគេ។

ទី៤ ការងាកពីការប្រើប្រាស់រោងចក្រថាមពលដុតធ្បូងថ្ម មកប្រើថាមពលបៃតងឬថាមពលកកើតឡើងវិញ។ តម្លៃនៃបច្ចេកវិទ្យា ក្នុងការវិនិយោគថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡា និងថាមពលខ្យល់ បានធ្លាក់ថ្លៃជាបន្តបន្ទាប់ ដូច្នេះកម្ពុជាគួរពិចា​រណាជំនួសរោងចក្រថាមពលដុតធ្យូងថ្ម ដោយថាមពលបៃតងវិញ។

ការអនុវត្តគោលនយោបាយទាំងនេះ គឺរឿងលំបាករបស់រដ្ឋាភិបាល ព្រោះត្រូវចំណាយខ្ពស់ ប៉ុន្តែ ADB ចង់ឲ្យរដ្ឋាភិបាលគិតគូរវែងឆ្ងាយជាងមុន។ ទោះបីជាការវិនិយោគបៃតង មានចំណាយខ្ពស់ជាងការវិនិយោគធម្មតាពិតមែន ប៉ុន្តែវាបង្កផលល្អទៅអនាគត បើវិភាគតាមទស្សនវិស័យ នៃវដ្តជីវិតពេញលេញ ក្រោមសេណារីយ៉ូថ្លៃកាបូន ផលចំណេ​ញផ្នែកហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម៕

ក្រសួងសុខាភិបាលៈអ្នកធ្លាប់ចាក់វ៉ាកើសាំងចិនទាំងពីរប្រភេទពីរលើករួច មិនចាំបាច់ចាក់វ៉ាក់សាំងដូសទី៣ក៏បាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm កន្លងមក ពុំចាំបាច់ចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញក៏បាន ដោយអាចប្រើវ៉ាក់សាំង Sinovac ឬ Sinopharm ដដែលនេះបាន។

ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ចំពោះមន្ត្រីជួរមុខ និងបុគ្គលអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ឬអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ អាចចាក់ដូសជំរុញបានក្រោយចាក់ពីរដូសដំបូងបាន ៤-៦ខែ។

អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm នៅតែអាចប្រើវ៉ាក់សាំង ដែល ដោយមិនចាំបាច់ប្ដូរ ប្រភេទវ៉ាក់សាំងនោះទេ។ បន្ថែមពីលើនេះ អ្នកក៏អាចចាក់វ៉ាក់សាំង Pfizer និង Modena បានដែរ។

រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងសុខាភិបាល មិនទាន់អនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសជំរុញណាផ្សេង ក្រៅពីAstraZeneca របស់អង់គ្លេសឡើយ។ ប៉ុន្តែពេលនេះ ក្រសួងបានយល់ព្រមឱ្យប្រើប្រាស់ ប្រភេទវ៉ាក់សាំងដដែល សម្រាប់អ្នកធ្លាប់ចាក់វ៉ាក់សាំងរបស់ចិនទាំង២គឺ Sinovac និង Sinopharm។

ដោយឡែក អ្នកដែលធ្លាប់ចាក់វ៉ាក់សាំង AstraZeneca ឬ វ៉ាក់សាំង Johnson & Johnson ពីមុនមករួចរាល់ ក៏អាចចាក់វ៉ាក់សាំងប្រភេទដដែល ឬអាចចាក់វ៉ាក់សាំងប ច្ចេកវិទ្យា mRNA បានគឺ Pfizer និង Modena៕