រដ្ឋមន្រ្តីសាធារណការៈការសាងសង់ផ្លូវតភ្ជាប់ខេត្តសៀមរាបនិងបាត់ដំបងបាន ដាក់ចូលផែនការហើយ

ដោយៈតារារះ

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងកសាងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ៥ឆ្នាំរំកិល នៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិនហើយ។

មានប្រសាសន៍ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ២០២១ នេះ លោកស៊ុន ចាន់ថុល មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាន ជាពិសេសប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកសាងផ្លូវនេះ ដោយយើងរំពឹងថា ការដ្ឋានរំពឹងថាអាចនឹងចាប់ផ្ដើមមុនឆ្នាំ ២០២៥។

លោកបន្តថា “ក្រសួងបានដាក់ចូលក្នុងផែនការ៥ឆ្នាំរំកិលពិតមែន ប៉ុន្តែមិនមែន​មានន័យថា ត្រូវតែសាងសង់នៅ ឆ្នាំ២០២៥នោះទេ។ តាមស្ថានភាពជាក់ស្តែង អាចព   ន្លឿនមកបើកការដ្ឋាននៅឆ្នាំ២០២៣ ឬ២០២៤”។

ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០កន្លងមក ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។

ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួ ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រឯណោះ។

គម្រោងផ្លូវដ៏សំខាន់នេះ ត្រូវបានលើកយកមកពិភាក្សា ក្រោយមានសំណើរពីស   ម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០កន្លងមកនេះ៕

 

ក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិនបានដាក់ចេញនូវគោលដៅកាត់បន្ថយបំណុលជាអាទិភាពកំពូល ដើម្បីគេចពីចំណាត់ការ

ដោយៈសុខុម

ប៉េកាំង: ក្រុមអ្នកវិភាគលើកឡើងថា ការកាត់បន្ថយបំណុល នឹងក្លាយជាអាទិភាពកំពូល សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន រហូតដល់ឆ្នាំ២០២៣ ហើយក្រុមហ៊ុនជាច្រើន កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីកាត់បន្ថយបំណុលរបស់ខ្លួន ព្រោះមិនចង់ធ្លាក់ក្រោម ចំណាត់ការពិនិត្យពិច័យបន្ថែមទៀតពីក្រុមនិយតករ ដែលប្តេជ្ញាជួយស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុក្នុងវិស័យអចលនទ្រព្យ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៣០ សីហា នេះឱ្យដឹងថា ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើន ព្យាយាមកាត់បន្ថយការខ្ចីប្រាក់ និងបំណុល ក្រុមអ្នកសង្កេតការណ៍ទីផ្សារក៏រំពឹងដែរថា បណ្ដាក្រុមហ៊ុនអចលនទ្រព្យចិនដីគោក នឹងមិនសម្រុកខ្លាំងដូចមុនឡើយ នៅក្នុងផែនការពង្រីកអាជីវកម្មរបស់ខ្លួន ដោយសារប្រាក់ចំណេញដុលរបស់ពួកគេ ត្រូវបានបាត់បង់ដោយសារវិធានការជាបន្តបន្ទាប់ពីក្រុមនិយ័តករ ដើម្បីទប់ស្កាត់តម្លៃផ្ទះដែលហក់ឡើងខ្ពស់។

លោក Alvin Cheung Chi-wan នាយករងក្រុមហ៊ុន Prudential Brokerage បានលើកឡើងថា “ការកាត់បន្ថយបំណុល នឹងក្លាយជាអាទិភាពចម្បង ដែលត្រូវផ្តោតយកចិត្តទុកដាក់ជាសំខាន់ ក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបារម្ភខ្លាចក្លាយជាគោលដៅចាត់វិធានការរបស់ក្រុមនិយ័តករ”។

លោកបានបន្ថែមថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ក៏មិនចង់មានជោគវាសនាអាក្រក់ក្រុមហ៊ុនChina Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ ប្រចាំប្រទេសចិននោះដែរ។

ចាប់តាំងពីរដ្ឋាភិបាលចិនបានដាក់ចេញ “ខ្សែបន្ទាប់ក្រហមទាំង៣” កាលពីខែសីហា ឆ្នាំ២០២០ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោក បានចាត់វិធានការផ្ទាល់ខ្លួន ធ្វើយ៉ាងណាបំពេញឱ្យបានតាមលក្ខខណ្ឌតម្រូវទាំងនោះ។ ប្រសិនបើបំពេញមិនបានតាម “ខ្សែបន្ទាប់ក្រហមទាំង៣”ទេនោះ ក្រុមហ៊ុនទាំងនោះនឹងគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានកម្ចីធនាគារថ្មីឡើយ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា រួមទាំង ក្រុមហ៊ុន China Evergrande ផង ដែលធ្លាក់តេស្ត ឬមិនគ្រប់តាមលក្ខខណ្ឌ មានពេលរហូតដល់ឆ្នាំ២០២៣ ដើម្បីបំពេញឱ្យបានតាមលក្ខខណ្ឌតម្រូវទាំងនេះ ខណៈក្រុមអ្នកធ្វើគោលនយោបាយព្យាយាម គ្រប់គ្រងតម្លៃផ្ទះ គ្រប់គ្រងទីផ្សារដីធ្លី និងគ្រប់គ្រងការផ្ដល់ប្រាក់កម្ចីដល់វិស័យនេះ ឱ្យបានកាន់តែណែន៕

តើធ្វើដូចម្តេចដើម្បីទទួលបានការចាក់វ៉ាក់សាំងរួច មានប្រសិទ្ឋភាពខ្ពស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ មនុស្ស​ខ្លះ​អាច​នៅ​យល់​ច្រឡំ ​មុនពេល ​អំឡុង​ពេល​ និង​ក្រោយ​ចាក់​រួច ដែលជាគោលការណ៍៣ធំៗ សម្រាប់អ្នកចាក់វ៉ាក់សាំងគ្រប់គ្នាបានដឹងច្បាស់ និងគួរអនុវត្តន៍ឲ្យបានគ្រប់ៗគ្នា។

វិធីសាស្រ្តឬគោលការណ៍ធំៗទាំងបីនោះរួមមានដូចជា

១ មុន​ពេល​ចាក់​វ៉ាក់សាំង

-ទៅ​ជួប​គ្រូពេទ្យ​ ប្រសិន​បើ​អ្នក​មាន​ជំងឺ​ពី​កំណើត។

-សម្រាក​ពី​យប់​ឲ្យ​បាន​គ្រប់គ្រាន់។

-ប្រសិន​បើ​មាន​វិជ្ជមាន​កូវីត​ សូម​លុប​ចោល​ការ​ចាក់​វ៉ាក់សាំង​ភ្លាមៗ មិន​ថា​ដូស​ទី​ប៉ុន្មាន​ក៏​ដោយ។

-កុំ​ផឹ​ក​ស្រា​ កាហ្វេ ​ឬ​របស់​មាន​ជាតិ​ផ្អែម ​មុន​ពេល​ចាក់​វ៉ាក់សាំង។

២ អំឡុង​ចាក់​វ៉ាក់សាំង

-ពាក់​ម៉ាស​គ្រប់​ពេល​វេលា ធ្វើ​អនាម័យ​ឬ​លាងដៃ ​បន្ទាប់​ពី​ប៉ះ​ដៃ​ទ្វារ និង​រក្សា​គំលាត​ជានិច្ច។

-រៀបចំ​ឯកសារ​សម្រាប់​ត្រៀម​ចាក់​វ៉ាក់សាំង​ ដូច​អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ។

-ពិនិត្យ​សុខភាព​ខ្លះៗ​ ដូចជា​ ប្រាប់​គ្រូពេទ្យ​ពី​អាការ​ប្រចាំ​កាយ ​មុន​ពេល​ទទួល​វ៉ាក់សាំង។ ចៀសវាង​នាំ​ចាក់​ហើយ​មាន​បញ្ហា។

-ពាក់​ម៉ាស​ក្នុង​អំឡុង​ពេល​ចាក់​ឲ្យ​ជាប់​ជានិច្ច។ ហាម​ដោះចេញ ​បើ​ដោះ​គឺ​ក្នុង​ភាព​ចាំបាច់​បំផុត។

-កាន់​ដប​ទឹក​មួយ​ជាប់​ខ្លួន​ ហើយ​ផឹក​ដើម្បី​ផ្សើម​ដល់​រាងកាយ​កុំ​ឲ្យ​ខះ​ជាតិ​ទឹក។

-អំឡុង​ពេល​ឈរ​តម្រង់​ជួរ​ចាក់​ថ្នាំ​ សុំ​ឈរ​នៅ​ក្រោម​ម្លប់ ​ចៀសវាង​ឲ្យ​បាន​នូវ​ការ​ឈរ​ហាល​ថ្ងៃ។ បើ​អាច​គួរ​មាន​ឆត្រ​តូច​មួយ ​ទុក​ទទូរ​តាម​ខ្លួន​ឬ​មួក​ក៏​បាន។

៣ បន្ទាប់​ពី​ទទួល​បាន​វ៉ាក់សាំង

-សម្រាក​ពី ១៥ ទៅ ៣០ បន្ទាប់ពីចាក់វ៉ាក់សាំង

-អ្នក​អាច​លេប​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​បាន ​ក្នុង​ប្រការ​រាងកាយ​​ក្ដៅខ្លួន ​បើ​សិន​លេប​ថ្នាំ​ឈឺចាប់​ផ្សេង​សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាមុន​សិន។

-ហាម​ប៉ះ​ដៃ​ដែល​ចាក់​រួច​ឬ​អេះ​បើ​សិន​រមាស់​នៅ​កន្លែង​ចាក់។

ប្រកាន់ខ្ចាប់គោលការណ៍ ៣ ចំណុចធំៗនេះ មិនថា​ចាក់ដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា និងឆាប់ដុះអង់ទីគ័រពេញលេញមិនខាន។

អ្វីដែលជាចំណុច​ពិសេស គឺ​កុំ​ភ្លេច​វិធានការណ៍ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល​ គឺ​លាង​ដៃ​ឲ្យ​ញឹកញាប់​ បាញ់​អាកុល​មុន​ចាប់​កាន់​អ្វីមួយ ពាក់​ម៉ាស​ការពារ​មុខ ​និង​រក្សា​គំលាត​សុវត្ថិភាព​ជានិច្ច​ មិន​ថា​ជួប​អ្នក​ស្គាល់​គ្នា​ពេល​ទៅ​ចាក់​វ៉ាក់សាំង​ឡើយ៕

រដ្ឋាភិបាលកម្ពុជាកំពុងបោះជំហានលើផ្លូវវែងឆ្ងាយឆ្ពោះទៅរកកំណើន សេដ្ឋកិច្ចកាបូនទាប

ដោយៈសុជាតា

ភ្នំពេញៈ ទោះបីជាប្រទេសកម្ពុជារួមចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោកក៏ដោយ ក៏ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំង ដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ គោលនយោបាយនិងសកម្មភាព សំខាន់ៗអាចជួយប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។

ថ្វីត្បិតតែបច្ចុប្បន្ននេះ កម្ពុជារួមចំណែកត្រឹមតែ០,០២% ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោកក៏ដោយ  ប៉ុន្តែប្រទេសនេះមានហានិភ័យខ្ពស់ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជា ទំនងជានឹងទទួលរងពីការកើនឡើង នៃទឹកជំនន់និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលមានផលប៉ះពាល់ដល់ការផលិតស្បៀងអាហារ  ជាពិសេសស្រូវ។

តាមការសិក្សានៅឆ្នាំ២០៣០ ការបាត់បង់ព្រៃឈើ និងការប្រើប្រាស់ដីក្នុងគោលបំណងផ្សេងទៀត នឹងរួមចំណែករហូតដល់៤៩% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ដែលតាមពីក្រោយដោយវិស័យថាមពល (២២%) និងវិស័យកសិ​កម្ម (១៧.៥%) ។

ការស្រាវជ្រាវរបស់យើងបង្ហាញថា មានសកម្មភាពសំខាន់ៗ ដែលរាជរដ្ឋាភិបាលនិងវិស័យផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាគួរពិចារណា ដើម្បីជួយប្រទេសឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។

ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ព​ស់ការគ្រប់គ្រងធនធានជាប្រព័ន្ធ ព្រមទាំងឥន្ធនៈស្អាត នឹងមិនត្រឹមតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការខូចខាតបង្កដោយទឹកជំនន់នៅទីក្រុងក៏ដូចជាទីជនបទ ព្រមទាំងកាត់ បន្ថយការចំណាយលើការស្តារហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃខ្ពស់។

កំណើនកាបូនទាប លែងជាទំនួលខុសត្រូវតែឯង របស់រាជរដ្ឋាភិបាលទៀតហើយ។ អ្នកប្រើប្រាស់ ត្រូវទាមទារអន្តរាគមន៍ដោះស្រាយទាំងក្នុងប្រទេស ក្នុងតំបន់ និងទូទាំងពិភពលោក។ និយតករត្រូវបង្កើត ការលើកទឹកចិត្ត ខណៈដែលវិស័យហិរញ្ញវត្ថុត្រូវគិតគូរពីការចំណាយលើហានិភ័យ បង្កដោយអាកាសធាតុក្នុងការផ្តល់ហិរញ្ញប្បទាន និងកាកំណត់តម្លៃរបស់ខ្លួន។

គោលនយោបាយមួយចំនួន កំពុងត្រូវបានសាកល្បង ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបង្កើនការ វិនិយោគបៃតង និងការវិនិយោគស្អាត។ ការខាតបង់ដោយសារការបញ្ចេញកាបូន  ជាអ្វីមួយដែលអ្នកសេដ្ឋកិច្ចភាគច្រើន គួរយល់ស្របគ្នា ដោយសារការចំណាយលើកាបូន គឺជាអ្វីដែលងាយមើលឃើញបំផុត ដែលអាចប្រើដើម្បីលើកទឹកចិត្តសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នពុល។

ប្រព័ន្ធជួញដូរការបញ្ចេញឧស្ម័ន ឬទីផ្សារកាបូនគឺជាមធ្យោបាយមួយ ដើម្បីកំណត់ការចំណាយខាងលើ។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូនដែលមានតម្លៃ១១,៦លានដុល្លារ ពីទីតាំងចំនួនបី គឺដែនជម្រកសត្វព្រៃកែវសីមា ឧទ្យា​នជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។

បណ្តាប្រទេសនៃក្រុមអនុតំបន់មេគង្គ ដែលរួមមាន កម្ពុជា និងផ្នែកខ្លះនៃសាធា​រណរដ្ឋប្រជាមានិតចិនផងដែរ  ក៏បានគិតគូរពីការអភិវឌ្ឍទីផ្សារថាមពលក្នុងតំបន់  ប៉ុន្តែការជួញដូរកាបូននៅក្នុងវិស័យ នេះមានភាពស្មុគស្មាញច្រើន។

ឧទាហរណ៍នៃភាពជោគជ័យមួយ គឺគម្រោងថាមពលពន្លឺព្រះអាទិត្យទំហំ៦០មេហ្កាវ៉ាត់ ដែលត្រូវបានដាក់ដេញថ្លៃក្នុងឆ្នាំ២០១៩ និងផ្តល់នូវតម្លៃផ្គត់ផ្គង់ប្រកួតប្រជែងខ្ពស់គឺ០,០៣៨ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលអាចប្រៀបធៀប ឬទាបជាងតម្លៃគីឡូ​វ៉ាត់ម៉ោងនៃថាមពលធ្យូងថ្ម ធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពល្អ ក្នុងការឈានទៅរកការវិនិ​យោគថាមពលពន្លឺព្រះអាទិត្យ ព្រោះប្រទេសនេះមានកម្រិតនៃការសាយភាយ កម្តៅខ្ពស់​។ គោលនយោបាយផ្សេងទៀត ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពល លើក កម្ពស់សេដ្ឋកិច្ចដែលគិតគូរពីផលប៉ះពាល់ (circular economy) និងវិស័យឧស្សាហកម្មដែលកាត់ បន្ថយជាតិកាបូន។

ដល់ពេលដែលត្រូវគិតឡើងវិញ អំពីការវិនិយោគថាមពលធ្យូងថ្មហើយ។ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ២០១៥ តម្រូវការអគ្គិសនីនៅប្រទេសកម្ពុជា បានកើនឡើង ១៨% ក្នុងមួយឆ្នាំ ហើយនៅឆ្នាំ២០១៩ ប្រទេសបានជួបប្រទះ ឱនភាពថាមពលដ៏ធំមួយដែលបណ្តាល ឱ្យមានការស្វែងរកប្រភពថាមពល និងការចុះកិច្ចព្រមព្រៀងធ្យូងថ្មថ្មីៗ។

បច្ចុប្បន្នប្រទេសកម្ពុជា មានរោងចក្រធ្យូងថ្មយ៉ាងតិចចំនួន៤ កំពុងរៀបចំដាក់ឱ្យដំណើរការ ដែលនឹងបន្ថែមថាមពល១,៦៣ ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ ២០២៤ ដែលជាចំនួនខ្ពស់ជាងទ្វេដង នៃសមត្ថភាពផលិតធ្យូងថ្មបច្ចុប្បន្នទំហំ៦៧៥មេហ្គាវ៉ាត់ នៅក្នុងប្រទេស។

ចាប់តាំងពីឆ្នាំ២០២០ ជាមួយនឹងបញ្ហាកូវីដ១៩ តម្រូវការថាមពលបានធ្លាក់ចុះ  ហើយលើសពីនេះទៀត តម្លៃនៃថាមពលកកើតឡើងវិញបានបន្តធ្លាក់ចុះ។ គិតដល់ការរារាំងកាតព្វកិច្ចកិច្ចសន្យា នៃកិច្ចព្រមព្រៀងធ្យូងថ្មកន្លងមក ប្រសិទ្ធភាពចំណាយនៃការវិនិយោគថាមពលធ្យូងថ្មនៅកម្ពុជា គួរតែត្រូវបានពិចារណាឡើងវិញ ជាពិសេសខណៈពេលដែលវិនិយោគិន និងអ្នកផលិតកាន់តែច្រើនឡើងៗ កំពុងជៀសវាងថាមពលធ្យូងថ្ម ដោយសារការកំណត់ដោយគោលដៅអាកាសធាតុ និងតម្រូវការឱ្យមានការបង្ហាញ សម្រាប់អ្នកវិនិយោគ ដែលមានទំនួលខុសត្រូវសង្គម។

ខណៈពេលដែលការវិនិយោគធ្យូងថ្មទាំងនេះ អាចមានប្រសិទ្ធភាពចំណាយកាលពីអតីតកាលដោយសារបច្ចេកវិទ្យាផ្សេងៗ ការវិនិយោគនេះប្រហែលជាមិនចំណេញទេក្នុងពេលអនាគត ដោយសារមានការគិតគូរកាន់តែ ខ្លាំងអំពីការចំណាយលើកាបូន។ ការបង្កើតឧស្ម័នមានការបញ្ចេញកាបូន ប៉ុន្តែវាមានបរិមាណតែពាក់កណ្តាល នៃបញ្ចេញកាបូន តាមរយៈការផលិតថាមពលធ្យូងថ្មប៉ុណ្ណោះ។

ទោះបីជាធនធាននុយក្លេអ៊ែរ វារីអគ្គិសនី ខ្យល់ និងថាមពលព្រះអាទិត្យ គ្មានឬមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុត(in hydo)  ក៏ដោយ ក៏ការផលិតថាមពលដោយវារីអគ្គិសនី  និងនុយក្លេអ៊ែមានបញ្ហាប្រឈមផ្សេងដែរ។

ថ្លៃដើមប្រតិបត្តិការខ្ពស់ជាងមុន សម្រាប់ការផលិតធ្យូងថ្ម នៅទីបំផុតនឹងត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់ ក្នុងទម្រង់ជាអត្រាថ្លៃអគ្គិសនីខ្ពស់ជាងមុន ឬជាពន្ធដោយប្រយោ​លដែលអាចប៉ះប៉ូវ នូវការកើនឡើងណាមួយដែលបានផ្តល់ តាមរយៈលទ្ធភាពទទួលបានអគ្គិសនីកាន់តែច្រើន៕

រដ្ឋមន្រ្តីសាធារណៈការបង្ហើបពីគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ និងស្ពានធំៗឆ្លងកាត់ទន្លេ មេគង្គចំនួនពីរទៀត

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបពីការពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣ ឲ្យបានពេញលេញ ជាមួយនឹងផែនការសាងសង់ស្ពានធំៗឆ្លងកាត់ទន្លេមេគង្គចំនួនពីរទៀត។

លោកបានមានប្រសាសន៍ក្នុងកម្មវិធីផ្សាយផ្ទាល់ នាព្រឹកថ្ងៃទី៣០ សីហានេះថា ក្រសួងកំពុងគិតគូរ ពីការពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣ឲ្យបានពេញលេញ ព្រោះបច្ចុប្បន្នយើងកំពុងធ្វើផ្លូវនេះតែមួយកំណាត់ប៉ុណ្ណោះ ហេតុនេះយើងត្រូវតភ្ជាប់តំបន់ដំណតភ្ជាប់បន្តទៀតផងដែរ តាមរយៈការសាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ និងពីតំបន់កោះដាច់ តភ្ជាប់មកកាន់ផ្លូវជាតិលេខ៦អាផងដែរ។

លោកបន្តថា “បើយើងសាងសង់ស្ពានទាំងពីរនេះបាន ទើបផ្លូវក្រវ៉ាត់ក្រុងទី៣រប​ស់យើងអាចពេញលេញ”។ លោកបន្តថា  “ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៤ ក្រសួងកំពុងសិក្សាផងដែរ”។

ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ឲ្យ ដឹងពីព៌តមានលំអិតទាក់ទងនឹងគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ចេញពីតំបន់ណាទៅតំបន់ណា និងបញ្ចប់ការសិក្សានៅពេលណានៅឡើយទេ៕

 

លោកស៊ុន ចាន់ថុលៈលទ្ឋផលសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបញ្ចប់ នៅចុងឆ្នាំនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានថ្លែងថា ក្រសួងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជនសិក្សា លើគំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតដែលលទ្ឋផលនៃការសសិក្សានេះនឹងបញ្ចប់នៅចុងឆ្នាំនេះ។

លោករដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងក្នុង​កម្មវិធីផ្សាយបន្តផ្ទាល់នាព្រឹកថ្ងៃទី៣០ សីហានេះថា លទ្ឋផលនេះនឹងដាក់ឆ្លងក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអន្តរក្រសួង ដើម្បីស្វែងរកថវិកា ដើម្បីសាងសង់ផ្លូវនេះនៅពេលណា។

លោកបន្តថា “ខ្ញុំបានចុះMOUជាមួយភាគីវៀតណាម ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនពីហូជីម៉ិញ មកកាន់តំបន់ម៉ុងបាយ ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ បាវិតនាពេលខាងមុខផងដែរ”៕

លោកស៊ុន ចាន់ថុលពន្យល់ហេតុអ្វីកម្ពុជាមិនសាងសង់ផ្លូវដែលមានគុណភាព ជាប់បានយូរនៅទូទាំងប្រទេស?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជារឿងៗបងប្អូនប្រជាពលរដ្ឋកម្ពុជា តែងតែលើកជាចម្ងល់ចំពោះការសា​ងសង់ផ្លូវនៅក្នុងប្រទេស ដោយធ្វើទៅមុខខូចខាងក្រោយ ហើយធ្វើមិនទាន់បានប៉ុន្មានឆ្នាំផងក៏ចាប់ផ្ដើមខូចជាបណ្ដើរ ហើយពួកគាត់លើកជាចម្ងល់ថា ហេតុអ្វីកម្ពុជាមិនសាងសង់ផ្លូវដែលមានគុណភាព ជាប់បានយូរទូទាំងប្រទេសឬឱ្យបានច្រើនទៅ?។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបកស្រាយនៅព្រឹកថ្ងៃតី៣០ សីហា ២០២១នេះ តាមរយៈការឡាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា តាមពិតយើងក៏ចង់បានដែរផ្លូវបេតុង ឬផ្លូវAC ដែលជាប្រភេទផ្លូវជាប់បានយូរ តែបើសិនជាយើងរង់ចាំថវិកា សម្រាប់សាងសង់ផ្លូវទាំងនេះ យើងមិនមានថវិកាសាងសង់ផ្លូវកៅស៊ូឬផ្លូវផ្សេងៗទៀតទេ។

លោកបន្តថា ម្យ៉ាងទៀត យើងថវិកាទៅសង់ផ្លូវណា ដែលមានភាពមមាញឹកនិងសំខាន់ សម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរ។ មួយវិញទៀតរដ្ឋាភិបាល ក៏ត្រូវថវិកាសម្រា​ប់វិស័យផ្សេងៗដែរ ដូច្នេះយើងក៏ត្រូវយកថវិកានោះសម្រាប់ក្រសួងផ្សេងទៀត។

លោកបន្តថា “ធ្វើផ្លូវរឹងមាំយើងក៏ចេះធ្វើដែរ ចាក់បេតុងកម្រាស់កន្លះម៉ែត្រ ក៏យើងអាចធ្វើបានដែរ ប៉ុន្តែត្រូវសួរថាយកយើងថវិកាមកពីណាមកសាងសង់ បើយើងមានតម្រូវការសាងសង់ផ្លូវច្រើន ដើម្បីស្រួលធ្វើដំណើរឆ្លងកាត់”។ លោកបន្តថា “តាមពិតផ្លូវយើងសាងសង់ក៏មានអាយុកាលយូរដែរ ប៉ុន្តែដោយសារតែការដឹកលើសទំងន់ខ្លាំងពេក ធ្វើឱ្យផ្លូវយើងត្រូវបន្ថយអាយុកាល”។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ឡានដឹកទំនិញនៅលើផ្លូវកម្ពុជាមួយដឹកទៅថៃ ឬទៅវៀតណាមដល់ព្រំដែន គេត្រូវផ្ទេរដាក់ឡានគេពីរគ្រឿង ទើបអនុញ្ញាតឱ្យចូលបាន ដូច្នេះឡានដឹកទំនិញពីកម្ពុជា គឺលើសទំងន់ដល់ទៅពីរដងនៃផ្លូវនៅប្រទេសជិតខាង ។

លោកបញ្ជាក់ថា កម្ពុជានៅតែបន្តសាងសង់ផ្លូវសំខាន់ៗ ឆ្លងកាត់ខេត្តមួយចំនួនដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូន ហើយកម្ពុជាក៏មិនរើសអើសនូវជំនួយ និងកម្ចីពីប្រទេសណាទាំងអស់ ដើម្បីយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យតែមានលក្ខខណ្ឌងាយៗ និងឆាប់រហ័ស ព្រោះយើងត្រូវការអភិវឌ្ឍជាបន្តបន្ទាប់ ដោយមិនរង់ចាំយូរឆ្នាំឡើយ៕

តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២កំពុងបង្ហាញសក្ដានុពលអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី២ ដែលតភ្ជាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់តំបន់ទួលពង្រ កំពុងបង្ហាញពីសក្ដានុពល ក្នុងការទាក់ទាញការវិនិយោគលើលំនៅឋាន និងមជ្ឈមណ្ឌពាណិជ្ជកម្ម ពិសេសលំនៅឋានដែលមានតម្លៃមធ្យមឡើង។

ជាក់ស្ដែង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ នៅក្នុងប្រទេសកម្ពុជាសាងសង់គម្រោងលំនៅឋានលើទំហំផ្ទៃដីជាង៧ហិចតា ដែលមានចំនួនជិត៣០០ផ្ទះនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២។

លោកជា ស៊ីមុយប្រធានផ្នែកលក់នៃបុរីភ្នំពេញថ្មី ក៏បានឱ្យដឹងផងដែរកាលពីចុង​សប្តាហ៍មុនថា កត្តាដែលក្រុមហ៊ុនចាប់ផ្ដើមអភិវឌ្ឍន៍លំនៅឋាន នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញនេះ ដោយមើលឃើញថាតំបន់នេះ កំពុងតែមានការចាប់អារម្មណ៍ និងសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍលំនៅឋាន ជាក់ស្ដែងតំបន់នេះមានផ្លូវធំៗមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងមានមន្ទីរពេទ្យធំមួយគឺមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតក្នុងតំបន់នេះផងដែរ ។

លោកបន្តថា “ក្រុមហ៊ុនបានសម្រេចវិនិយោគលំនៅឋាន នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២នេះ លើផ្ទៃដីជាង៧ហិចតា ដែលមានលំនៅឋានជិត៣០០ផ្ទះ មានតម្លៃចាប់ពី២១ម៉ឺនដុល្លារអាមេរិកឡើងទៅ ពីព្រោះហើយក៏រំពឹងថា នឹងទទួលបានការគាំទ្រពីអតិថិជន ដែលកំពុងស្វែងរកលំនៅឋានសម្រាប់អាជីវកម្មនិងស្នាក់នៅ”។

ជាមួយគ្នានេះលោកវ៉ា វីរៈអ្នកជំនាញនៃវិស័យអចលនទ្រព្យ និងជាគ្រូបង្វឹកជំនាញអចលនវត្ថុនៅកម្ពុជាមួយរូបបានឱ្យដឹងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ប្រព័ន្ធទឹក ភ្លើង ទីនោះនឹងទទួលបានការវិនិយោគ ពីសំណាក់វិនិយោគិនជាក់ជាមិនខាន ជាក់ស្ដែងកន្លងមកនិងមកដល់បច្ចុប្បន្ននេះ តំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តែងតែទទួលបានការវិនិយោគលំនៅឋានជាបន្តបន្ទាប់ ។

ចំណែកលោកសន សៀបស្ថាបនិកនិងជានាយកក្រុមហ៊ុនឃី រៀលអ៊ីស្ទេត ក៏បានមានប្រសាសន៍ផងដែរថា តំបន់ក្នុងខណ្ឌដង្កោ ជាពិសេសនៅតាមបណ្ដោយផ្លូវក្រវ៉ាតក្រុង រត់កាត់ដូចជាក្រវ៉ា់តក្រុងទី២នេះ បានជំរុញឱ្យតម្លៃដីធ្លីកាន់តែមានសន្ទុះងើបឡើង និងទាក់ទាញនូវការវិនិយោគ ជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍលំនៅឋាន ។

លោកបន្តថា “តំបន់នេះបានតភ្ជាប់ទៅកាន់តំបន់សំខាន់ៗជាច្រើនទៀត ដូចជាទៅផ្លូវជាតិលេខ២ លេខ៣ និងលេខ៥និងអាចតភ្ជាប់ ទៅកាន់តំបន់ផ្សេងៗបានងាយស្រួល” ។លោកបន្ថែមថា “ម្យ៉ាងទៀតតំបន់នេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក ភ្លើងបានច្រើន ដែលជាកត្តាជំរុញឱ្យមានការវិនិយោគ ពីអ្នកអភិវឌ្ឍជាពិសេសលំនៅឋាន”។

រីឯលោកគាម សៀកឡុង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Dream Property ក៏បានឱ្យដឹងថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែ អ្នកអភិវឌ្ឍន៍លំនៅឋាន នៅតែបន្តអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ទៀត ហើយការអភិវឌ្ឍនេះដែរ ក៏មិនមែនសម្រាប់ផ្គត់ផ្គង់ក្នុងបរិបទនេះទាំងស្រុងទេ តែជាការត្រៀមសម្រាប់ផ្គត់ផ្គង់នៅពេលអនាគតពេលចប់វិបត្តិ៕

ប្រទេសឥណ្ឌាទាក់ទាញរំហូរ FDI ជាង២២.៥ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

ញូវដែលី: ប្រទេសឥណ្ឌា ទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) បានរហូត ដល់ទៅ២២.៥៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំសារពើពន្ធដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែសីហា។

ក្រសួងពាណិជ្ជកម្មឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ក្នុងថ្ងៃដដែលថា ឧស្សាហកម្មផលិតរថយន្តរបស់ឥណ្ឌា មានចំណែករហូតដល់ទៅ២៧% នៃរំហូរវិនិយោគផ្ទាល់ពីបរទេសសរុប ដោយក្លាយជាវិស័យ ដែលមានសន្ទុះខ្លាំងបំផុតនៅក្នុងប្រទេសនេះ បន្ទាប់មកគឺវិស័យសូហ្វវែរ និងហាដវែរកុំព្យូទ័រដែលមានចំណែក១៧% និងវិស័យសេវាកម្មដែលមានចំណែក១១%នៃរំហូរវិនិយោគផ្ទាល់ពីបរទេស។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា “ការចាត់វិធានការរបស់រដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ គោលនយោបាយរំហូរវិនិយោគផ្ទាល់ពីបរទេស ការសម្របសម្រួលការវិនិយោគ និងការបន្ធូរបន្ថយនៅក្នុងការធ្វើអាជីវកម្ម បានជំរុញឱ្យរំហូររំហូរវិនិយោគផ្ទាល់ពីបរទេសកើនឡើងចូលក្នុងប្រទេសនេះ”។

រដ្ឋាភិបាលឥណ្ឌា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី បានកាត់បន្ថយអត្រាពន្ធលើសាជីវកម្ម ដើម្បីទាក់ទាញរោងចក្រ សហគ្រាសផលិត និងធ្វើឱ្យការវិនិយោគក្នុងវិស័យឯកជន មានភាពប្រសើរឡើងវិញ និងបានដាក់ចេញច្បាប់កសិកម្មថ្មីៗ ព្រមទាំងបានអនុម័ត លើការធ្វើកំណែទម្រង់ការងារ សំដៅធ្វើឱ្យការជួល និងការបញ្ឈប់កម្មករមានភាពងាយស្រួលជាងមុន។

ដោយមានប្រជាជនសរុប រហូតដល់ទៅជាង១.២១០លាននាក់ គិតត្រឹមឆ្នាំ២០២១ ប្រទេសឥណ្ឌា និងបានក្លាយជាសេដ្ឋកិច្ចធំបំផុតទី៣ ប្រចាំតំបន់អាស៊ី៕

មេក្រុមហ៊ុនយក្ស Apple ទទួលបានប្រាក់រង្វាន់ ៧៥០លានដុល្លារនៅថ្ងៃខួបកាន់នៃការតំណែងរយៈពេល១០ឆ្នាំ

ដោយៈសុខុម

ញូវយ៉ក: លោក Tim Cook ទើបតែប្រារព្ធខួបកាន់តំណែង១០ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនយក្ស Apple កាលពីពេលថ្មីៗនេះ ជាមួយនឹងការទទួលបានប្រាក់រង្វាន់រហូតដល់ទៅ៧៥០លានដុល្លារ ពីការលក់៣ភាគ៤នៃភាគហ៊ុន តម្លៃប្រមាណរាប់ពាន់លានដុល្លារបស់លោកនៅសប្ដាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ប្រតិបត្តិការទិញលក់ភាគហ៊ុននេះ ត្រូវបានលាតត្រដាង តាមរយៈឯកសារផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះដែលបង្ហាញថា លោក Tim Cook បានទិញ និងលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ជាង៥លានភាគហ៊ុន។

ក្នុងឋានៈជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក មួយនេះ លោក Tim Cook ទទួលបានរង្វាន់ជាភាគហ៊ុនយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការផ្ដល់រង្វាន់ជាភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ធាប់មួយ ធ្វើឡើងក្រោយពីក្រុមហ៊ុន Apple ទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត នៅក្នុងសន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ រង្វាន់ភាគហ៊ុននេះ ត្រូវបានលក់ចេញនៅសប្ដាហ៍នេះ នៅពេលក្រុមហ៊ុននេះ ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលទទួលបានលទ្ធផលល្អកំពូលៗនៅក្នុងសន្ទស្សន៍ផ្សារហ៊ុន ដោយធ្វើឱ្យប្រាក់ចំណូលរបស់ភាហ៊ុនិក កើនឡើងជិត១៩២%គិតពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

បច្ចុប្បន្នក្រុមហ៊ុនយក្សApple បានក្លាយជាក្រុមហ៊ុន ដែលមានតម្លៃខ្ពស់បំផុតរបស់ពិភពលោក ជាមួយនឹងទំហំមូលធនូបនីយកម្មទីផ្សារ (Market Capitalization) រហូតដល់ទៅ២,៤ទ្រីលានដុល្លារ។ ភាគហ៊ុនរបស់ Apple បានហក់ឡើងប្រមាណ១១%គិតមកទល់ពេលនេះ។

យោងតាមឯកសារដាច់ដោយឡែកមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញថា ប្រាក់រង្វាន់ដែលបានពីការលក់ភាគហ៊ុនរបស់លោក Tim Cook កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោកបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Apple ចំនួន ៧ម៉ឺនភាគហ៊ុន (មានតម្លៃប្រហែល១០លានដុល្លារ) ជូនដល់អង្គការសប្បុរសធម៌។ ទោះជាយ៉ាងណា អង្គការដែលទទួលបានអំណោយសប្បុរសធម៌នេះ មិនត្រូវបានទម្លាយឱ្យដឹងទេ។

យោងតាមសន្ទស្សន៍ដាក់ចំណាត់ថ្នាក់មហាសេដ្ឋីពាន់លាន Bloomberg Billionaires Index ឱ្យដឹងថា នាយកប្រតិបត្តិរូបនេះ បានក្លាយជាមហាសេដ្ឋីពាន់លានជាផ្លូវការកាលពីឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណថា លោកមានទ្រព្យសម្បត្តិប្រហែល១,៥ពាន់លានដុល្លារ៕