ក្រុមហ៊ុនលំដាប់យក្សចិន Sinopec គ្រោងចំណាយ៤,៦ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍថាមពលអ៊ីដ្រូសែន

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុន Sinopec Corp របស់មហាយក្សចិន គ្រោងចំណាយដើមទុនដំបូងរហូតដល់ទៅ៣០ពាន់លានយ័ន (៤,៦ពាន់លានដុល្លារអាមេរិក) លើការអភិវឌ្ឍថាមពលអ៊ីដ្រូសែននៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣០ សីហា។

ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប្រទេសចិនមួយនេះ បានងាកមកផលិតថាម​ពលអ៊ីដ្រូសែន និងឧស្ម័នធម្មជាតិ ដើម្បីចូលរួមចំណែកជាមួយពិភពលោក ក្នុងសកម្ម​ភាពសម្រេចគោលដៅ កាត់បន្ថយឧស្ម័នកាបូន ចូលទៅក្នុងបរិយាកាសឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។

ក្រុមហ៊ុន Sinopec Corp បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៣០ ខែសីហា ថា ខ្លួនក៏មានបំណងផលិតឥន្ធនៈអ៊ីដ្រូសែន ឱ្យបាន២០០.០០០តោនផងដែរ ក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងប៉េកាំង ប្រទេសចិននេះ ត្រូវបង្កើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០០ (២១ឆ្នាំមុន)។ ក្រុមហ៊ុនយក្សមួយនេះ បានចុះបញ្ជីផ្សារភាគហ៊ុននៅក្រុងហុងកុង ហើយក៏ធ្វើការជួញដូរភាគហ៊ុននៅក្រុងសៀងហៃ និងក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ។

Sinopec Group ដែលជាក្រុមហ៊ុនមេរបស់ Sinopec Corp គឺជាក្រុមហ៊ុនចម្រាញ់ប្រេង ឧស្ម័ន និងគីមីឥន្ធនៈធំបំផុតរបស់ពិភពលោក៕

តើការសាងសង់សំណង់ត្រូវមានគម្លាតបែបណាពីច្រាំងទន្លេ បឹងបួរ និងឆ្នេរនៅកម្ពុជា?

ដោយៈគង់ សូរិយា

ភ្នំពេញៈ​ ការសាងសង់សំណង់តូច ធំតាមច្រាំងទន្លេ ឬគម្លាតពីឆ្នេរ ត្រូវបានកំណត់ច្បាស់លាស់ដោយរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យសកម្មភាពអភិវឌ្ឍន៍ សមស្របនឹងបរិស្ថានសង្គម បរិស្ថាន។

យោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖

-ឆ្នេរ និងពាមសមុទ្រ ត្រួវមានគម្លាតចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)។
-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
-ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
-ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
-អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ
-ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ ម៉ែត្រ ឡើងទៅ ត្រូវបានកំណត់អនុក្រឹត្យដោយឡែក។

យ៉ាងណាមិញ បើអ្នកការកាន់កាប់ដីចូលជ្រៅជាងរយៈចម្ងាយ ដែលបានកំណត់ អ្នកកាន់កាប់មុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពោលគឺមុនថ្ងៃដែលអនុក្រិត្យដាក់ឱ្យប្រើប្រាស់ ការកាន់កាប់នោះគឺស្របច្បាប់ ព្រោះច្បាប់មិនអនុវត្តថយក្រោយទេ។

យ៉ាងណាក្ដី ការកាន់កាប់ឬការសាង់សង់ នៅលើដីចំណីមាត់ច្រាំង ឬឆ្នេរនៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផងដែរ ដូចជាប្លង់គោលប្រើប្រាស់ដីជាដើម ដូច្នេះអ្នកត្រូវសិក្សាឱ្យបានច្បាស់​លាស់ជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីបញ្ចៀសបញ្ហានាពេលអនាគត៕

គំរោង Mesong Tower កំពស់២៥២ម៉ែត្រកំពុងសាងសង់យឺតៗដូចអណ្តើកវា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ចំណាយពេលជាង១ឆ្នាំមកហើយ គំរោង Mesong Tower បានដំណើរការបុកគ្រឹះយឺតៗ មានសភាពដូចសត្វអណ្តើក “វារ” គើមៗ ខណៈកម្មករធ្វើការនៅការដ្ឋាន មិនមានចំនួនលើសពី១០នាក់ឡើយ។

គំរោងលំនៅដ្ឋានខុនដូសហកម្មសិទ្ឋនេះ នឹងក្លាយជា Land Mark មួយនៅទីក្រុងភ្នំពេញពេលសាងសង់ចប់ ប៉ុន្តែដំណើរការលក់យឺតៗ និងមិនសមតាមការរំពឹងទុក ក៏ដូចជាវិបត្តិកូវីដ១៩ បានធ្វើឲ្យល្បឿននៃការសាងសង់គំរោងនេះ ស្ថិតក្នុងសភាពយឺតៗផងដែរ។

បង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ហុងកុងដ៏មានឥទ្ធិពល និងក្រុមអន្តរជាតិលំដាប់កំពូល Mesong Towwer ជាវិមានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់២៥២ម៉ែត្រ និងមានចំនួនសរុប៧១ជាន់។ គម្រោងនេះមានទីតាំង ស្ថិតនៅក្បែរស្ពាននាគចូលទីក្រុង​កោះពេជ្រ ដែលជាតំបន់ស្នូលនៃស៊ីប៊ីឌី (CBD) ក្នុងរាជធានីភ្នំពេញ ពិតជាអស្ចារ្យនិងប្រណិតជាងគេ។

ការទាក់ទទងសុំការបំភ្លឺពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ នៅកម្ពុជាមិនទទួលបានជោគ​ជ័យទេ៕

រដ្ឋាភិបាលកម្ពុជាប្រើប្រាស់កម្ចីជិត៣ពាន់លានដុល្លារពីចិនដើម្បីសាងសង់ផ្លូវ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ចិនបានក្លាយជាប្រទេសសំខាន់មួយ ក្នុងការផ្ដល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវនិងស្ពានជាដើម ជាក់ស្ដែងមកដល់ពេលនេះ ចិនបានផ្ដល់កម្ចី ប្រមាណជិត៣ពាន់លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាននិងផ្លូវ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅព្រឹកថ្ងៃទី ៣០ សីហា២០២១កន្លងមកថា ផ្លូវសំខាន់ៗដែលជាកម្ចីរបស់ប្រទេសចិនរួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិ៥៧ ផ្លូវ៥៨ ផ្លូវលេខ៦ ផ្លូវ៨ ផ្លូវលេខ៩ផ្លូវ១០ ផ្លូវ៣១ ផ្លូវ៣៣ ផ្លូវ៤១ និងផ្លូវជាច្រើនទៀត ។ ក្រៅពីប្រទេសក៏មានប្រទេសជប៉ុន ក៏រួមចំណែកក្នុងការផ្ដល់ប្រាក់កម្ចី ក៏ដូចជាជំនួយឥតសំណងដល់កម្ពុជា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា ចំណែកប្រទេសកូរ៉េខាងត្បូង ក៏បានផ្ដល់កម្ចីនិងជំនួយឥតសំណងដល់កម្ពុជាក្នុងការសាងសង់ផ្លូវផងដែរ ។ យើងមិនភ្លេចផងដែរ នូវធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកផងដែរ ដែលបានផ្ដល់ប្រាក់កម្ចី សម្រាប់សាងសង់ផ្លូវនៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា “ក្នុងចំណោមប្រទេសទាំងអស់ឃើញថា ចិនជាអ្នកផ្ដល់ប្រាក់កម្ចីដល់កម្ពុជាច្រើនជាងគេ សម្រាប់សាងសង់ផ្លូវ ស្ពានជាច្រើនខ្សែ”។ លោកបន្ថែមថា “យើងមិនរើសអើង នូវប្រាក់កម្ចីពីប្រទេសណានោះទេ សម្រាប់យកមកអភិវឌ្ឍន៍ហើយប្រទេសជិតខាងយើងដូចជាវៀតណាម និងថៃ ក៏បានផ្ដល់ប្រាក់កម្ចីសម្រាប់សាងសង់ផ្លូវនៅជាយដែន នៃប្រទេសកម្ពុជាផងដែរ ដែលជាការសម្រួល ដល់ដល់ការដឹកជញ្ជូននិងធ្វើដំណើរ”។

លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ពិតជាមានសារសំខាន់ណាស់ ក្នុងការស្ដារនិងជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញនូវទេសចរជាតិ និងអន្តរជាតិ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនជាតិអន្តរជាតិ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញនូវការវិនិយោគ និងជំរុញនូវសក្ដានុពលវិនិយោគនៅក្នុងតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងផ្លូវជាតិលេខ៣ ក្រោយការសាងសង់រួចរាល់ បានទាក់ទាញកាន់តែខ្លាំង សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងវិស័យផ្សេងៗទៀត៕

សេដ្ឋវិទូៈជប៉ុនបានកសាងមូលដ្ឋានសំរាប់ការវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សេដ្ឋវិទូកម្ពុជាលោកបណ្ឌិតម៉ី កល្យាណ បានថ្លែងថា គិតចាប់ពីមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចរូបនេះ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជប៉ុនពិតជាបានក្រាលមូលដ្ឋាន វិនិយោគរយៈពេលវែងនៅកម្ពុជារួហើយ តាំងពីមុនពេលមានវិបត្តិកូវីដ១៩មកម្លេស។

លោកបន្តថា ជប៉ុនបានវិនិយោគលើមូលដ្ឋានចាំបាច់ជាច្រើននៅកម្ពុជា ដូចជាមន្ទីរពេទ្យ ខុនដូ អាផាតម៉ិន សណ្ឋាគារ ផ្សារទំនើប ទីលានវាយកូនហ្គោលជាដើម ដែលផ្នែកទាំងអស់នេះ សុទ្ឋតែជាមូលដ្ឋានសំរាប់ការស្នាក់នៅរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “ជនជាតិជប៉ុនពេលមកវិនិយោគ នៅប្រទេសណាមួយ ពួកគេស្ទាបហើយស្ទាបទៀត ដូចជាស្ទាបបង្កាន់ដៃស្ពានចឹង ដើម្បីពួកគេដឹងមូលដ្ឋានជាក់លាក់និងមានជំនឿចិត្តច្បាស់លាស់ ទើបពួកគេឆ្លងស្ពាន (មកវិនិយោគ)”។ លោកបន្តថា “តាមរយៈការប្រឹក្សាជាមួយអ្នកវិនិយោគជប៉ុន និងមានមិត្តភ័ក្តជប៉ុនជាច្រើន លោកមើលឃើញថា ជប៉ុនកំពុងមានទំនុកចិត្តលើស្ថានភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា”។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃទី៣០ សីហា២០២១នេះឱ្យដឹងថា គិតត្រឹមខែកកក្កដា ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគចំនួន២១១គម្រោង មានទឹកប្រាក់ជាង៣,១ពាន់លានដុល្លារ ។

លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ក្នុងវេទិកាពិភាក្សាជាមួយអ្នកវិនិយោគជប៉ុនកាលពីថ្ងៃទី៣០ សីហាកន្លង ដោយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព វិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការចង្អុលបង្ហាញនៃគោលនយោ​បាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០១៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សា​ហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥ ៕

អ្នកជំនាញអចលនទ្រព្យ និងហិរញ្ញវត្ថុលើកឡើងពីផលប្រយោជន៍នៃការវិនិយោគ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងហិរញ្ញវត្ថុបានលើកឡើងពីផលប្រយោជន៍៍ដែលទទួលបានពីការវិនិយោគលើវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យដទៃទៀតនៅកម្ពុជា។

លោកឈុន សម្ផស្ស ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Century 21 The Premium Realty បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣០ សីហានេះថា ការវិនិយោគជាឧបករណ៍មួយល្អ សម្រាប់ផ្ដល់អត្ថប្រយោជន៍មកវិញ នូវសន្តិសុខហិរញ្ញវត្ថុរយៈពេលវែង និងសន្តិភាពផ្លូវចិត្តក៏ដូចជាការជួយទៅដល់សង្គមជាតិផងដែរ។

លោកបន្តថា “ពាក្យថាវិនិយោគ យើងម្នាក់ៗប្រាកដជាបានលឺច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅក្នុងប្រទេសកម្ពុជា ការបង្កើនទ្រព្យរបស់ប្រជាពលរដ្ឋក្រៅពីចំណូ​លស្នូលរបស់ពួកគាត់ គឺភាគច្រើនផ្ដោតទៅលើអចលនទ្រព្យ ដូចជា ប្រភេទលំនៅឋាន និងដីធ្លីជាដើម”។ លោកបន្តថា “ក្រៅពីនេះ ក៏មានប្រជាពលរដ្ឋជាច្រើនទៀត បានវិនិយោគទៅលើវិស័យកសិកម្ម ទេសចរណ៍ និងអប់រំជាដើម គ្រាន់តែភាគច្រើនគឺកំពុងងាកទៅរកវិស័យអចលនទ្រព្យ”។

លោកឈុន សម្ឆស្សបានបន្ថែមថា តាមការសង្កេតរបស់លោក ការវិនិយោគចាប់ពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ គឺភាគច្រើនផ្ដោតទៅលើការវិនិយោគ អចលនទ្រព្យ ដើម្បីបង្កើនចំណូល បង្កើនទ្រព្យ និងហិរញ្ញវត្ថុរបស់ពួកគាត់ ។

បើតាមលោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុកម្ពុជាមួយរូបក៏បានលើកឡើងផងដែរថា ការវិនិយោគតែងតែមានហានិភ័យ ហើយការវិនិយោគដែលត្រឹមត្រូវ និងបានគិតគូច្បាស់​លាស់នឹងនាំមកនូវប្រយោជន៍ សម្រាប់អ្នកវិនិយោគ ដូចជា បង្កើនចំណូល ផ្លាស់ប្តូរជីវភាពរបស់ពួកគាត់ផងដែរ ។

លោកបន្តថានៅក្នុងប្រទេសកម្ពុជា ការវិនិយោគមានច្រើន ដោយអ្នកខ្លះចូលហ៊ុនគ្នាដាក់ទុនវិនិយោគ បង្កើតអាជីវកម្មអ្វីមួយ ដើម្បីទទួលបានចំណូល ហើយការវិនិយោគខ្លះទៀត ត្រូវការយកហិរញ្ញវត្ថុទាំងដុលដើម្បីទៅដាក់ទុន។

លោកបន្តថា “នៅក្នុងប្រទេសកម្ពុជា ការវិនិយោគលើវិស័យអចលនទ្រព្យ កំពុងមានការពេញនិយមខ្លាំង ហើយវិស័យមូលបត្រក៏ឃើញថា ចាប់ផ្ដើមធ្វើសកម្មភាពបន្តិចម្ដងៗផងដែរ”៕

ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាកើនឡើងដល់២១១គម្រោងជាមួយទំហំទឹកប្រាក់ ជាង៣,១ពាន់លានដុល្លារ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជប៉ុនបានក្លាយជាប្រទេសវិនិយោគធំមួយនៅកម្ពុជា ដែលមានទុនវិនិយោគយ៉ាងច្រើន ហើយបានផ្ដល់ការងារដល់ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃទី៣០ សីហា២០២១នេះឱ្យដឹងថា គិតត្រឹមខែកកក្កដា ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគចំនួន២១១គម្រោង មានទឹកប្រាក់ជាង៣,១ពាន់លានដុល្លារ ។

របាយការណ៍ដដែលឱ្យដឹងថា គិតត្រឹមខែកក្កដា ២០២១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៤៥ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបប្រមាណ២,៨ពាន់លានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ៣៤០លានដុល្លារអាមេរិក ។

នៅក្នុងកិច្ចពិភាក្សាជាមួយវិនិយោគិនជប៉ុន កាលពីថ្ងៃទី៣០សីហា២០២១នេះ លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព វិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការចង្អុលបង្ហាញនៃគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០១៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥ ។

ជាមួយគ្នានេះ លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកន្លងមកបានថ្លែងថា ជប៉ុនគឺជាវិនិយោគិន ដែលមានភាពស្មោះត្រង់មួយ ហើយប្រទេសណាក៏ចង់បានវិនិយោគិនជប៉ុន ចូលបណ្ដាក់ទុននៅក្នុងប្រទេសរបស់គេផងដែរ ។

លោកបន្តថា “នៅក្នុងប្រទេសកម្ពុជាយើងឃើញថា វិនិយោគិនជប៉ុនកាន់តែច្រើនបានចូលមកស្វែងរកការបណ្ដាក់ទុនវិនិយោគ ទៅលើវិស័យជាច្រើន ដូចជា អចលនទ្រព្យ និងឧស្សាហកម្មកាត់ដេរជាដើម”៕

វិស័យដីធ្លីនៅតំបន់ភ្នំប្រសិទ្ធិ និងតំបន់ជុំវិញនៅតែមានសកម្មភាពទិញ លក់ច្រើន ស្របពេលតម្លៃហក់ឡើង

ដោយៈសុជាតា    

ភ្នំពេញៈ ទោះបីជាវិបត្តិ Covid 19 បន្តអូសបន្លាញនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវិស័យដី ធ្លីនៅតំបន់ភ្នំប្រសិទ្ធិ និងភ្នំរាបនៅបន្តសកម្មភាពទិញ លក់ខ្លាំង ដោយអ្នកជំនាញពន្យល់ថា ដីធ្លីនៅតំបន់នេះធូរថ្លៃសម្រាប់រស់នៅ និងជាតំបន់អេកូទេសចរណ៍ផងដែរ។

លោកសៅ សុខុម អគ្គនាយកក្រុមហ៊ុនបុត្រា រៀលអេស្ទីតបានប្រាប់ Property  Area  asia  នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ ថា បើគិតតាមតម្លៃដីធ្លីជាមធ្យម សម្រាប់តំបន់នោះ គេវាយតម្លៃបានចន្លោះពី៥០ ដុល្លារ ទៅ៧០ ដុល្លារ រហូតដល់៤០០ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមតំបន់ពាណិជ្ជ និងតំបន់ស្នាក់នៅ ។

លោកបន្តថា តម្លៃនៅតែការកើនឡើងខ្លាំង ដោយឈរមូលហេតុពីរយ៉ាង គឺដោយសារតែរដ្ឋាភិបាលកម្ពុជា បានជំរុញការចាក់វាក់សាំងគ្រប់ចំនួន ដែលធ្វើអោយតម្លៃអចលនទ្រព្យបន្តកើនឡើងគួរអោយកត់សំគាល់។ មូលហេតុទីពីរ គឺ ប្រជាជនបានចាប់   ផ្តើមសំលឹងការរស់នៅលើដីធំៗ ជាជាងការប្រជ្រៀតរស់នៅកុះករតាមតំបន់ទីក្រុង។

លោកបន្តថា “តំបន់ភ្នំប្រសិទ្ធិ ជាតំបន់ដីធ្លីដែលមានតម្លៃធូរថ្លៃ ដោយគម្រោងវិឡាទោល គឺ តម្លៃចន្លោះពី៦ ម៉ឺនទៅ៧ម៉ឺនដុល្លារក្នុងមួយឯកតាប៉ុណ្ណោះ”។

ជាមួយគ្នានេះលោក វ៉ា វីរៈ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Fortuna  investment  បានលើកឡើងថា វីស័យដីធ្លីនៅតំបន់នេះ គឺចាត់ចូលជាតំបន់ធូរថ្លៃ ដោយមានគម្រោងពុះដីឡូលក់ ដែលមានតម្លៃពី១០ ដុល្លារទៅ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះ គឺពិបាករកនៅក្នុងតំបន់រាជធានីភ្នំពេញ។ ចំពោះគម្រោងអភិវឌ្ឍធំៗ មួយចំនួន គឺស្ថិតតំបន់ជិតហ្នឹងដូចជាតំបន់អភិវឌ្ឍន៍បឹងតាមោក ការវិនិយោគពីវិស័យឯកជន និង គម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលជាដើម។

អ្នកជំនាញអចលនទ្រព្យបានពន្យល់ថា សម្រាប់៥ឆ្នាំខាងមុខ តំបន់ភ្នំប្រសិទ្ធិ និងតំបន់ជុំវីញ នេះនឹងមានការអភិវឌ្ឍខ្លាំងសម្រាប់លំនៅដ្ឋាន មធ្យម និងក្រោមមធ្យម  ស្របពេលដែលប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ មានភាពល្អប្រសើរ ដូចជា ផ្លូវជាតិ លេខ៤ និង លេខ ៥ ដែលសុទ្ធតែជាផ្លូវបម្រើដល់ការដឹកជញ្ជូនផងដែរ៕

លោកឧកញ៉ាលឹម ហេងៈវិស័យឯកជនគាំទ្រការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ក្នុងនាមវិស័យឯកជន លោកសូមគាំទ្រនិងលើកទឹកចិត្ត ដល់រដ្ឋាភិបាលដែលបានរៀបចំប្រព័ន្ឋ ចុះបញ្ជីរពាណិជ្ជកម្មតាមអនឡាញ ដែលជាការកាត់បន្ថយការិយាធិបេត្យ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣០ សីហានេះថា ប្រព័ន្ឋចុះបញ្ជីរថ្មីនេះ នឹងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនជាតិ អន្តរជាតិអាចចុះបញ្ជីរពាណិជ្ជកម្មតាមអនឡាញ មិនថានៅក្នុងប្រទេសឬក្រៅប្រទេសក្តី។

លោកបន្តថា “នេះជាអ្វីដែលវិស័យឯកជនចង់បានយូរមកហើយ ហេតុនេះយើងគាំទ្រដល់ដំណើរការនេះ ដែលចូលរួមចំណែកកាត់បន្ថយការិយាធិបតេយ្យនៅកម្ពុជា ក៏ដូចជាកាត់បន្ថយការជួបមុខមន្រ្តីដោយផ្ទាល់”។លោកបន្តថា “វិស័យឯកជនបានស្នើ និងចង់បាននូវការចុះបញ្ជីរតាមការិយាល័យ ច្រកចេញចូលតែមួយបែបនេះជាយូរមកហើយ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ការចុះបញ្ជីរនេះនឹងបង្រួមការងារមកកន្លែងតែមួយ ដោយក្រុមហ៊ុនឯកជនមិនចាំបាច់ ទៅកាន់ក្រសួងពាក់ព័ន្ឋដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៀតនោះទេ ពោលគឺក្រុមហ៊ុនជាតិ អន្តរជាតិធ្វើការចុះបញ្ជីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែមួយជាការស្រេច។

លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាអធិតបីក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២នេះ នៅថ្ងៃទី១ខែកញ្ញាខាងមុខនេះ។

ពិធីនេះនឹងប្រកាសនូវថ្នាលចុះបញ្ជីរ ដែលមានលក្ខណៈបង្រួមពីស្ថាប័នពាក់ព័ន្ឋចំនួនបួន មកកាន់ការិយាល័យតែមួយ ដែលមិនមានភាពស្មុគស្មាញ និងសម្រួលដល់ក្រុមហ៊ុនជាតិ អន្តរជាតិអាចចុះបញ្ជីរក្រុមហ៊ុនតាមប្រព័ន្ឋអនឡាញ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ ដើម្បីសម្រប​សម្រួលដល់ការចុះបញ្ជីរនេះ៕

ហាងលក់ទំនិញរាយដ៏ធំបំផុត 7-Elevenបានបើកដំណើរការនៅខណ្ឌជ្រោយចង្វារ

ដោយ សុជាតា

ភ្នំពេញៈ សម្រាប់ការទន្ទឹងរង់ចាំជាយូរមកហើយ  ទីផ្សារស្តង់ដារអន្តរជាតិ 7-Eleven ដំបូងបង្អស់នៅកម្ពុជា បើកដំណើរការហើយ ចាប់ពីថ្ងៃទី ៣០ សីហានេះ តទៅ ដោយសាខាដំបូងមានទីតាំង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងតំបន់ជ្រោយចង្វារ។

យោងតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់7-Elevenកម្ពុជាបានបញ្ជាក់ថា ក្រៅពីសា ខានេះ កុ្រមហ៊ុនCP All Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ក៏មានផែនការបើកនៅច្រើនកន្លែងទៀត រួមមានសាខាប្រេងPTT ព្រែកព្នៅ ជាដើម។

ការប្រកាសចង់មកបើកផ្សារ7-Eleven ធ្វើឡើងតាំងពីដើមឆ្នាំ២០២០ មកម្លេះ ដោយ ពេលនេះបានបង្ហាញរូបរាងហើយ។

បើតាមការចេញផ្សាយរបស់ក្រុមហ៊ុន CP ALL  ការអភិវឌ្ឍជំនួញរបស់ខ្លួន តាមរយៈការរៀបចំហ្វេនឆាយ ដោយបង្កើតនូវផែនការមេ នៅតាមតំបន់វិនិយោគនិមួយៗ ។ ក្នុងនោះដែរ ការឌីហ្សាយនៅតាមតំបន់ ការជ្រើសរើសហ្វ្រេនឆាយ ការបណ្តុះបណ្តាល ព្រមទាំងការគាំទ្រ សម្រាប់អនុហ្វ្រេនឆាយស្របច្បាប់ទាំងអស់ផងដែរ។

តំបន់ខណ្ឌជ្រោយចង្វារ បានក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់ ដែលបានអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យតំបន់នោះមានទីក្រុងរណប និងអគារពាណិជ្ជកម្មធំៗជាច្រើន បន្តកើតឡើងឥតឈប់ឈរ៕