តំបន់ភាគខាងលិចក្រុងភ្នំពេញមិនទាន់មានវត្តមានផ្សារទំនើប និងគម្រោងអភិវឌ្ឍធំៗ ខណៈសក្តានុពលតំបន់នេះត្រូវបានមើលរំលង

ដោយៈសុជាតា

ភ្នំពេញៈ តំបន់ជាយក្រុង ភាគខាងលិចរាជធានីភ្នំពេញ ដែលបញ្ចូលជាខណ្ឌចុងក្រោយ នោះគឺខណ្ឌកំបូល ដែលត្រុវបង្កើតឡើងដោយអនុក្រឹត្យ ឆ្នាំ២០១៩ កន្លងទៅនេះ បានស្រូបទាញគម្រោងអភិវឌ្ឍជាច្រើនដូចជា បុរី លំនៅដ្ឋាន រោងចក្រសហគ្រាសច្រើន ប៉ុន្តែអ្នកវិនិយោគផ្សារទំនើប មិនទាន់បោះទីតាំងនៅតំបន់នេះនៅឡើយ។

ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ គិតពីរង្វង់មូលចោមចៅ ជាតំបន់មានមនុស្សរស់នៅរាប់ម៉ឺនសែននាក់ ប៉ុន្តែហេតុអ្វីបានជាតំបន់នេះ មិនទាន់ទាក់ទាញការវិនិយោគ​ ផ្សារទំនើប។

អ្នកជំនាញខាងដីធ្លីបានលើកឡើងថា ខណ្ឌកំបូលនេះ បន្តអភិវឌ្ឍទាំងហេដ្ឋរចនាសម្ពន្ធ និង គម្រោងបុរីជាបន្តបន្ទាប់ ព្រមទាំងហាងទំនើបៗជាច្រើន ដែលធ្វើអោយតម្លៃដីធ្លីបន្តកើនឡើងគួរអោយកត់សំគាល់។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គីរៀលធី បានប្រាប់ Property area asia នារសៀលថ្ងៃទី៣១ សីហានេះថា តម្លៃដីនៅតំបន់នេះ ជាមធ្យមគឺចន្លោះពី៥០ ទៅ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ផ្លូវខាងក្នុង និងផ្លូវកៅស៊ូទំហំ៨ ម៉ែត្រ គឺមានតម្លៃ ១០០ ដុល្លារ ទៅ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសម្រាប់ដីនៅផ្លូវធំ គឺមានតម្លៃចន្លោះពី២០០ដុល្លារ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្ថែមទៀតថា “ការទិញលក់ អចលនទ្រព្យនៅខណ្ឌកំបូល គឺធ្លាក់ចុះបន្តិច ដោយសារតែវិបត្តិ Covid 19   ហើយគម្រោងអភិវឌ្ឍភាគច្រើនជាបុរី ស្នាក់នៅ សម្រាប់អតិថិជនកម្រិតមធ្យម និងក្រោមមធ្យម”។

ប៉ុន្តែសម្រាប់អ្នកលក់ដីឡូលំនៅដ្នាន និងគេហដ្ឋានស្នាក់នៅ លោក អែក វណ្ណដា ប្រធានទីផ្សារក្រុមហ៊ុនBDS បានលើកឡើងថា ការទិញលក់អចលនទ្រព្យ នៅតំបន់នេះ បានធ្លាក់ចុះអស់៥០ភាគរយ ដោយសារវិបត្តិសកលនេះ ។ អតិថិជនអ្នកទិញលំដាប់មធ្យ​មជាច្រើន បានថមថយការទិញដីធ្លីនៅតំបន់នេះ ដោយរំពឹងរង៉ចាំសភាពធូរស្រាលឡើញវិញ។

លោកបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ  តំបន់កំបូល គឺមានគម្រោងអភិវឌ្ឍធំៗ ដូចជា បុរីពិភពថ្មី កម្រោងអភិវឌ្ឍរបស់អ្នកឧកញ៉ា ពុង ឃាងសែ និង ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅ ក្រុងសីហនុ ដែលសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។

ខណ្ឌកំបូល គឺស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ ដោយកាត់ចេញពីផ្នែកខ្លះនៃខេត្តកណ្តាល និង ផ្នែកខ្លះនៃខណ្ឌពោធិសែនជ័យ។ ហើយខណ្ឌគឺ មាន៧សង្កាត់ ស្នើនឹង ៩៣ភូមិ នៅក្នុងនោះ៦សង្កាត់ បានកាត់ចេញពីខណ្ឌពោធិសែនជ័យ និងមួយសង្កាត់ទៀតពិខាងដង្កោ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា តំបន់ភាគខាងលិចក្រុងភ្នំពេញ ពិតជាមានភាពមមាញឹក ដែលមានការកកស្ទះចរាចរណ៍ជាប្រចាំ ដោយសារតំបន់នេះសម្បូររោងចក្រ សហគ្រាស និងលំនៅដ្ឋានតម្លៃមធ្យមច្រើ​ន ប៉ុន្តែការដែលអ្នកវិនិយោគផ្សារទំនើបនៅតំបន់នេះ អាចមានមូលហេតុមួយចំនួនដូចជា អំណាចនៃការទិញរបស់ប្រជាជននៅតំបន់នេះ នៅមានកម្រិត ភាពមិនសូវមានសណ្តាប់ធ្នាប់នៃការធ្វើចរា​ចរណ៍លើដងផ្លូវ និងការមិនទាន់ចាប់អារម្មណ៍ពីអ្នកវិនិយោគធំៗមួយចំនួន ដែលមើលរំលងសក្តានុពលតំបន់នេះផងដែរ។

លោកបន្តថា “ការដែលមានវត្តមានផ្សារទំនើបធំៗ នៅកណ្តាលរាជធានីភ្នំពេញ គឺដោយសារប្រជាពលរដ្ឋ នៅកណ្តាលក្រុងមានជីវភាពធូរធារខ្លាំង សម្បូរជនបរទេសរស់នៅ និងជាទីកន្លែងសម្រាប់ការលំហែរបស់ភ្ញៀវទេសចរណ៍ផងដែរ”៕

រដ្ឋាភិបាលចិនដាក់ចេញនូវគោលនយោបាយសុខមាលភាពសង្គម សេដ្ឋកិច្ចនៅរយៈពេល៥ឆ្នាំខាងមុខ

ដោយៈសុជាតា

ប្រទេសចិនៈ ប្រទេសចិនបានចេញផ្សាយផែនការសេដ្ឋកិច្ច៥ ឆ្នាំ ដើម្បីលើកកំពស់ភាពមានការងារធ្វើ ការយកចិត្តទុកដាក់លើប្រាក់ចំណូល និងពង្រីកប្រព័ន្ធអប់រំ ដើម្បីជួយកំណើនតំរូវការក្នុងស្រុក និងលើកកំពស់វិស័យឧស្សាហកម្ម។

ក្រោមផែនការដែលដាក់ចេញដោយក្រុមប្រឹក្សារដ្ឋ មន្រ្តីចិនបានលើកឡើងថា ភាពរដ្ឋាភិបាលនឹងបង្កើតការងារធ្វើ នៅទីប្រជុំជនប្រមាណ៥៥លានកន្លែងនៅត្រឹមឆ្នាំ២០២៥ និងអត្រាអត់ការងារធ្វើស្ថិតនៅត្រឹម៥.៥ភាគរយ បើប្រៀបធៀបអត្រាអត់ការងារធ្វើប្រមាណ៥ភាគរយ ក្រោមផែនការដែលបានដាក់ចេញនៅចន្លោះ២០១៦ ដល់ឆ្នាំ២០២០។

ផែនការថ្មីនេះ មានគោលបំណងបង្កើនជាលំដាប់ នៃចំណែកប្រាក់បៀរវត្សរ៍ក្នុងផលិតផលក្នុងស្រុកសរុប។ ហើយទាមទារគោលដៅលើកកម្ពស់វិស័យអប់រំ ជាមធ្យមប្រមាណ១១.៣ ភាគរយ សម្រាប់អាយុមានការងារធ្វើនៅត្រឹមឆ្នាំ២០២៥ ពោលគឺកើនឡើង១០.៨ ភាគរយនៅត្រឹមឆ្នាំ២០២០កន្លងមកនេះ។

ទីក្រុងប៉េកាំង បានបង្កើតអត្រាការងារធ្វើ ជាអាទិភាពកំពូលចាប់តាំងពីវិបត្តិ Covid 19 វាយលុកកាលពីឆ្នាំមុន ដែលទាមទារការងារដែលមានគុណភាព។

ភាពមានការងារធ្វើត្រូវបានគេមើលឃើញថា ជាសុវត្ថិភាពសេដ្ឋកិច្ច ជាពិសេសប្រទេសចិនជំរុញយុទ្ធសាស្រ្តទ្វេភាគី ដោយជំរុញផលិតផលកំរិតខ្ពស់ ដើម្បីជៀសវាង អន្ទាក់ចំណូលមធ្យម និងពុះពារការដាក់ទណ្ឌកម្ម ពីសំណាក់បរទេសចំពោះបច្ចេកវិទ្យាជាន់ខ្ពស់។

បើតាមផែនការយុទ្ធសាស្រ្ត បានលើកឡើងថា ប្រជាសាស្រ្ត និងរចនាសម្ពន្ធសេដ្ឋកិច្ច បានផ្លាស់ប្តូរស៊ីជំរៅជាមួយនឹងការផ្គត់ផ្គង់ និងតំរូវការពលករ។

អ្នកនិពន្ធផែនការនេះ បានព្រមានពីប្រព័ន្ធអប់រំ ដែលមិនអាចបង្កើតនូវការអប់រំដែលមានជំនាញខ្ពស់ ដើម្បីបំពេញតំរូវការទីផ្សារ។

ទោះបីជាចំនួននិស្សិតបញ្ចប់ពីសាកលវិទ្យាល័យប្រទេសចិន បានកើនឡើងដល់ជាង ៩,៩លាននាក់នៅឆ្នាំ២០២១ នេះ ប៉ុន្តែក្រុមហ៊ុនផលិតកម្មជាច្រើន នៅតែស្វែងរកយ៉ាងលំបាកនូវប្រជាជន ដែលមានជំនាញដែលសេចក្តីត្រូវការ។

អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា កង្វះកម្មករជំនាញ គឹដោយសារតែធ្លាក់ចុះចំណែកផលិតកម្មក្នុងវិស័យសេដ្ឋកិច្ចជាតិ។

ប្រធានាធិបតីចិន លោក ស៊ី ហ្សីនពីង បានអំពាវនាវសម្រាប់វិបុលភាពទូទៅ ដោយដាក់ផែនការប្រាក់បៀវត្សរ៍ ជាការបែងចែកទ្រព្យសម្បត្តិជាជំហានដំបូង។

អ្នករៀបចំគោលនយោបាយ បានលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការចាប់ផ្តើមជំនួញនៅតំបន់ជនបទ ជាមួយនឹងការសន្យាផ្តល់ហិរញ្ញវត្ថុ និងការគាំទ្រគោលនយោបាយ៕

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងចំណាយទឹកប្រាក់៥០០ពាន់លានដុល្លារនៅឆ្នាំ២០២២

ដោយៈសុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារទី៣១ សីហា នេះបានបង្ហាញផែនការបង្កើនការចំណាយយ៉ាងច្រើនសម្បើម នៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ប្រធា​នាធិបតី មូន ចែអ៊ីន ស្របពេលឱនភាពសារពើពន្ធ (fiscal deficit) កាន់តែអាក្រក់ទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសកូរ៉េខាងត្បូង គ្រោងចំណាយរហូតដល់ទៅ៦០៤.៤ទ្រីលានវ៉ុន (៥១៨.៤ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ ពោលគឺច្រើនជាង៨.៣ភាគរយ បើធៀបនឹងថវិកាឆ្នាំ២០២១ មុនពេលកញ្ចប់ចំណាយបន្ថែមចំនួន២ សម្រាប់គ្រាអាសន្នត្រូវបានព្រាងឡើង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារការរីករាលដាលវីរុសកូវីដ-១៩។

ផែនការចំណាយខ្ពស់បំផុតមិនធ្លាប់មាននេះ នឹងធ្វើឱ្យអនុបាតបំណុលធៀបនឹង GDP (Debt-to-GDP Ratio) របស់ប្រទេសកូរ៉េខាងត្បូង កើនរហូតដល់៥០,២%ដែលជាចំនួនធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។

មន្ត្រីមួយរូបនៅក្រសួងហិរញ្ញវត្ថុបានលើកឡើងថា “បំណុលរបស់យើងនឹងកើនលើស៥០ភាគរយ នៃទំហំសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម ប៉ុន្តែនៅពេលយើងចាប់ផ្ដើមធ្វើឱ្យជំហរសារពើពន្ធប្រសើរឡើង យើងរំពឹងថានឹងមានភាពល្អប្រសើរឡើងច្រើន នៅក្នុងសមតុល្យសារពើពន្ធ (fiscal balance) នៃការទូទាត់នៅឆ្នាំក្រោយ”។

យោងតាមក្រសួងហិរញ្ញវត្ថុឱ្យដឹងថា នៅត្រឹមឆ្នាំ២០២៥ ប្រទេសកូរ៉េខាងត្បូង រំពឹងថា អនុបាតបំណុលធៀបនឹង GDP នឹងឈានដល់៥៨,៨%៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគទឹកប្រាក់ជិត១០០លានជាមួយគំរោងចំនួន១៥នៅក្នុងខែសីហានេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បើទោះបីជាកម្ពុជាជួបប្រទះនឹងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែសកម្មភាពវិនិយោគនៅតែបន្ត ជាមួយនឹងការបណ្ដាក់ទុនវិនិយោគ លើគម្រោងថ្មីៗពីសំណាក់វិនិយោ​គិនជាតិនិងអន្តរជាតិ ជាក់ស្ដែងនៅក្នុងខែសីហា២០២១នេះ គម្រោងវិនិយោគចំនួន១៥ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគជាផ្លូវការ ជាមួយនឹងទឹកប្រាក់វិនិយោគជា៩៧លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គិត ចាប់តាំងពីដើមខែសីហា រហូតដល់ដំណាច់ខែសីហា២០២១នេះ ស្ថាប័ននេះបានអនុម័ត គម្រោងវិនិយោគចំនួន១៥ ដោយរួមមាន ទី១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៧កន្លែង ។

ទី២ គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក និងធុងជ័រ នៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៧កន្លែង។ ទី៣. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៧កន្លែង ។ ទី៤. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង (ពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៥នាក់ ។

ទី៥ គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុ​ភាព៥មេហ្កាវ៉ាត់ នៅស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៤នាក់។  ទី៦ គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦នាក់ ។

ទី៧ គម្រោងបង្កើតរោងចក្រផលិតជីវគីមី នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២នាក់។ ទី៨ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (មាន់, ទា, ជ្រូក…) នៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ១១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩២នាក់។

ទី៩ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។ ទី១០ គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ នៅឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់។

ទី១១ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់  ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។ ទី១២. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០៦កន្លែង។

ទី១៣ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់សុវត្ថិភាព ផលិតកាបូប និងឧបករណ៍សម្ភារៈសម្រាប់បោះជំរំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២១កន្លែង។

ទី១៤ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។និងទី១៥ ម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តក ណ្តាល មានទុនវិនិយោគប្រមាណ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧១កន្លែង៕

ជប៉ុនជួបរដ្ឋបាលខេត្តសៀមរាបដើម្បីឈានទៅរៀបចំនិងអនុវត្តគម្រោងទីក្រុងឆ្លាតវៃ

ដោយៈតារា

ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាប និងភាគីជប៉ុនបានជួបជជែកគ្នាអំពីដំណើរឆ្ពោះទៅរៀបចំក្រុងសៀមរាប-ឆ្លាតវៃ ដែលគម្រោងទាំងនោះ នឹងបានចូលរួមជាមួយគម្រោងស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងទេសចរណ៍សៀម រាប-អង្គរផងដែរ។

ផែនការដែលបានសិក្សា ដោយទីភ្នាក់ងារសហប្រតិបតិការអន្តរជាតិជប៉ុន (Jica) និងផែនការ ដែលនឹងសិក្សាដោយក្រុមការងាររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័នដឹកជញ្ជូន និងទេសចរណ៍ជប៉ុន អំពីគម្រោងរៀបចំ និងអនុវត្តសាកល្បង សៀមរាបទីក្រុងឆ្លាតវៃ នឹងមានសង្គតិភាពជាមួយគម្រោងស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

អភិបាលខេត្តសៀមរាប លោកទៀ សីហាបានឱ្យដឹងបែបនេះ កាលពីម្សិលមិញ បន្ទាប់ពីជួបប្រជុំ ជាមួយភាគីជប៉ុន។

កិច្ចប្រជុំទី១ គឺជាកិច្ចប្រជុំរលើកទី៤ វាងក្រុមការងារទីក្រុងឆ្លាតវៃ នៃរដ្ឋបាលខេត្តសៀមរាប ជាមួយគណៈកម្មាធិការដឹកនាំទីក្រុងឆ្លាត នៃក្រុមអ្នកសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលផ្តោតទៅលើគម្រោង នៃការប្រកួតប្រជែងគំនិតអាជីវកម្មទីក្រុងឆ្លាតសៀមរាប និងគម្រោង សាកល្បង។

ក្រុមសិក្សារបស់ Jica បានបង្ហាញចំនួន១៣គម្រោងដើម្បីជ្រើសរើស។ រដ្ឋបាលខេត្តសៀម រាប បានសម្រេចចិត្តទទួលយកនូវការគាំទ្រ ដើម្បីអនុវត្តសាកល្បងគម្រោងរៀបចំចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) ក្នុងវិស័យធ្វើដំណើរ និងដឹកជញ្ជូន ដែលនឹងត្រូវប្រតិបត្តិ ការដោយប្រើទិន្នន័យរូបភាពពីCCTV និងគម្រោងសាកល្បងលទ្ធភាព ប្រើប្រាស់ម៉ូតូអាគុយ (Smart Scooter) ដោយការផ្តល់សេវាជួលម៉ូតូអាគុយដល់ក្រុមហ៊ុននានា ដើម្បីឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់ក្នុងការធ្វើដំណើ​រ ដែលគម្រោងទាំងនេះ នឹងត្រូវអនុវត្តសាកល្បងនៅក្នុងអំឡុងខែតុលា។

នៅក្នុងកិច្ចពិភាក្សាមួយទៀត បានជជែកអំពីសំណើកន្លងមក គឺរដ្ឋបាលខេត្តសៀម​រាប បានស្នើឲ្យ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ផ្តល់កិច្ចសហប្រតិបត្តិការ រៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ស្របតាមផែនការរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអា ស៊ាន។ សំណើនោះ គឺផ្តោតទៅលើការសិក្សាគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទី ក្រុងឆ្លាតវៃ និងគម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។

តាមរយៈនៃជំនួបនេះ ភាគីជប៉ុនបានបង្ហាញនូវការគាំទ្រ និងចាប់ផ្តើមអនុវត្តកិច្ចការនេះ តាមរយៈ នៃការបញ្ជូនក្រុមការងារមកសិក្សាស្រាវជ្រាវ នាអំឡុងខែតុលាខាងមុខ។

កិច្ចព្រមព្រៀងគ្នានេះភាគីទាំង២ បានឈានទៅដល់ការចុះហត្ថលេខាលើកំណ​ត់ហេតុ នៃកិច្ចប្រជុំនេះតែម្តង បើទោះជាស្ថិត ក្នុងកាលៈ ទេសៈ នៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ៕

រដ្ឋាភិបាលសម្រេចបង្កើតសង្កាត់ថ្មីចំនួន២ទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតសង្កាត់ថ្មីចំនួន២ទៀត គឺសង្កាត់អូឬស្ស៊ី និងអូរជ្រៅនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមអនុក្រិតលេខ១៥៧ អនក្រ បក ចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី២០ សីហាកន្លងមកមានចំនួន៦មាត្រា ដោយមាត្រាទី១បានចែងថា ត្រូវបានបង្កើតសង្កាត់អូរឬស្សី នៃក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន៥ ពីសង្កាត់ផ្សារកណ្តាល គឺភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគុប។

ទីតាំងសាលាសង្កាត់អូរឬស្សី ស្ថិតនៅភូមិទួលពង្រ ហើយការបង្កើតសង្កាត់អូរឬស្សី ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាអាណត្តិទី៥ខាងមុខនេះ៕

 

សម្តេចតេជោៈការធ្លាក់ចុះនូវការឆ្លងជំងឺកូវីដជាចំណុចវិជ្ជមានក្នុងការឈានទៅបើក ឡើងវិញនូវសង្គមសេដ្ឋកិច្ច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដោយសារតែជំងឺកូវីដ១៩បានរាលដាល ក្នុងសហគមន៍ចាប់តាំងពីអំឡុងខែកុម្ភៈ២០២១មក អាជីវកម្មជាច្រើនបានរងផលប៉ះពាល់និងរឹតបន្តឹង ដែលធ្វើឱ្យអាជីវករជួបប្រទះនឹងបញ្ហាជាពិសេសហិរញ្ញវត្ថុ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ១៩ ត្រូវបានប្រកាសឃើញថា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីជិត១ពាន់នាក់ក្នុងមួយថ្ងៃ មកនៅត្រឹមជាង៤០០នាក់ឬក្រោមនេះ ដែលជាសញ្ញាវិជ្ជមានសម្រា​ប់សេដ្ឋកិច្ចកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនាព្រឹកថ្ងៃទី៣១ សីហានេះថា នៅរយៈពេលចុងក្រោយនេះ រាជធានីភ្នំពេញ អ្នកឆ្លងកូវីដ១៩បានធ្លាក់ចុះ ហើយអ្នកដែលឆ្លងក៏មិនមានសភាពធ្ងន់ធ្ងរ និងឈានដល់ស្លាប់ដែរ។

តាមតួលេខបានបង្ហាញថា អ្នកស្លាប់ដោយសារតែកូវីដ១៩ នៅក្នុងរយៈពេលចុងក្រោយនេះ ក៏ឃើញថាមានការធ្លាក់ចុះច្រើន។ ដូច្នេះចំណុចនេះជាចំណុចវិជ្ជមានមួយក្នុងការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច នៅទូទាំងប្រទេស  ហើយក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ ។

សម្ដេចបន្តថា “យើងត្រូវអនុវត្តដោយភាពឈ្លាសវៃ និងបត់បែនទន់ភ្លន់ និងគ្រប់​គ្រងសភាពការណ៍ឱ្យបាន ដើម្បីយើងពន្លឿនដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ”។សម្តេចបន្តថា “វិនិយោគិននិងសេដ្ឋវិទូជាច្រើនក៏បានរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាចគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អប្រសើរនិងឈានដល់ការបើកប្រទេស បើកសេដ្ឋកិច្ចនិងដំណើរការអាជីវកម្ម ជាច្រើនត្រលប់មកសភាពដើមវិញបាននៅពេលឆាប់ៗ”។

អាជីវករ សហគ្រិន ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏បាននិងកំពុងស្វះស្វែងរកជំនួយពីស្ថាប័ននានា ដើម្បីបន្តអាជីវកម្មរបស់ខ្លួនក្នុងវិបត្តិនេះ និងរក្សាដំណើរការអាជីវកម្មឱ្យនៅតែបន្តទៅមុខទៀត ។ សហគ្រិនជាច្រើន នៅតែផលិតនូវផលិតផលរបស់ខ្លួនដដែល ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការរកទីផ្សារសម្រាប់លក់ផលិតផល ពុំបានឬមិនមានតម្រូវការសម្រាប់ផលិតផលរបស់ខ្លួន ដែលធ្វើឱ្យអាជីវកម្មត្រូវជួបនឹងបញ្ហាលំហូរសាច់ប្រាក់បង្វិលទៅមក៕

ហេតុអ្វីទើបសួនពាណិជ្ជកម្មណាឌីជាអចលនទ្រព្យដ៏មានសក្ដានុពលសម្រាប់ ការវិនិយោគ?

ដោយៈសហការី

ភ្នំពេញៈប្រសិនបើអ្នកជាម្ចាស់នៃអចលនទ្រព្យលំនៅឋាន អ្នកប្រាកដជាធ្លាប់មានបទពិសោធន៍រួច មកហើយពីការត្អូញត្អែររបស់អ្នកជួល អំពីការលិចជ្រាបពិដាន ការដាច់អគ្គិសនីនៅពេលយប់ជាដើម។ តាមធម្មតាអ្នកប្រាកដជាត្រូវប្រឡាប់ដៃ ជើងសម្អាតផ្ទះនៅពេលដែលអ្នកជួលរើចេញ ជាមួយនឹងរយៈកាលនៃកិច្ចសន្យាត្រឹមតែ3 ទៅ6ខែ ឬយ៉ាងច្រើន1ឆ្នាំតែប៉ុណ្ណោះ។

ប៉ុន្តែក៏មានអ្នកខ្លះ ក៏បានងាកទៅធ្វើការវិនិយោគ នៅក្នុងអចលនទ្រព្យពាណិជ្ជកម្មវិញ ដោយសារតែការភ័យខ្លាចអំពីភាពមិនច្បាស់លាស់ ព្រោះអ្នកភាគច្រើនមិនមែនកើតមកជាម្ចាស់ អចលនទ្រព្យពាណិជ្ជកម្មនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងអាចរៀនតាមលោក Donald Trump ដែលបានចំណាយលុយរបស់គាត់ ទៅលើការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម ហើយក៏ជាកត្តាដ៏ធំមួយធ្វើឲ្យគាត់ក្លាយជាអ្នកមាន។

តើហេតុអ្វីទើបអចលនទ្រព្យបែបពាណិជ្ជកម្ម ល្អជាងអចលនទ្រព្យឯកជន? ផលចំណេញពីការជួលមានខ្ពស់ ពីអចលនទ្រព្យពាណិជ្ជកម្ម ដូចជា ហាងលក់ទំនិញជាដើម ដែលលោក អ្នកអាចកំណត់តម្លៃ ទៅតាមចំនួនអ្នកដំណើរជាក់ស្ដែងនៅ ក្នុងតំបន់នោះ។ ដូច្នេះហើយប្រសិនបើលោកអ្នកវិនិយោគ នៅក្នុងអចលនទ្រព្យបែបនេះ នឹងធ្វើឲ្យលំហូរសាច់ប្រាក់ប្រចាំខែរបស់អ្នក កាន់តែច្រើនជាងការវិនិយោគលើអចនទ្រព្យ ផ្សេងទៀតនៅក្នុងតំបន់ជាមួយគ្នានេះ។

នាពេលថ្មីៗនេះ GCC បាននាំមកជូននូវអចលនទ្រព្យ បែបពាណិជ្ជកម្មមួយគឺ “សួនពាណិជ្ជកម្មណាឌី”។

អ្នកនាង ហែម ស៊ីម៉ាដែលជានាយកផ្នែកលក់នៃគម្រោងបុរី ណាឌី បាន ចែករំលែកអំពីគន្លឹះខ្លះៗ នាំការវិនិយោគលើអចលនទ្រព្យបែបពាណិជ្ជកម្ម។ អ្នកនាងបានជម្រាបថា មានម្ចាស់អាជីវកម្មជាច្រើន ដែលបានមកមើលគម្រោងរបស់យើង ហើយបានកត់សម្គា​ល់ថា ទីតាំងណាមួយនោះ មានអំណោយផលដល់ការធ្វើអាជីវកម្ម ដោយផ្ដោតសំខាន់លើបរិមាណអ្នកមកទស្សនាជាប្រចាំ ហើយក៏ចង់ជួលពីម្ចាស់ផ្ទាល់ ដែលធ្វើឲ្យម្ចាស់គេហ​ដ្ឋានរបស់យើងទាំងអស់មានផល ប្រយោជន៍ច្រើននៅក្នុងការចរចារ។

អ្នកនាងបន្តថា ផ្ទុយទៅវិញ ប្រសិនបើអ្នកជួលដឹងថាមានលំនៅឋានជាច្រើន ផ្សេងទៀតនៅជុំវិញតំបន់របស់អ្នកហើយនោះ បើពួកមិនត្រូវតម្លៃជាមួយនឹងគេហដ្ឋានរបស់អ្នក គេងាយស្រួលនឹងស្វែងរកផ្ទះផ្សេងទៀតក្នុងតំបន់តែមួយនោះ។ ដើម្បីឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ច្រើនអំពីការវិនិយោគនៅក្នុងអចលនទ្រព្យពាណិជ្ជកម្ម លោកអ្នកគួរតែធ្វើការស្រាវជ្រាវពីតំបន់ជុំវិញ ហេដ្ឋារចនាសម្ព័ន្ធ បរិក្ខាររស់នៅ សក្ដានុពលនៃតំបន់នេះឲ្យបានជាក់លាក់បំផុត។

អ្នកនាងហែម ស៊ីម៉ាបានបន្ថែមថា “មកដល់ពេលឥឡូវនេះ យើងមានអ្នកត្រៀមជួលជាស្លាកសញ្ញាអន្តរជាតិជាង10រួចមកហើយ រួមមាន Kabukicho Luk Hot Pot ភោជនីយដ្ឋានហុងកុង Singapore Bak Kut Teh ផ្សារទំនើបGC Supermarket មជ្ឈមណ្ឌលសុខភាព Bioplus ក្រុមហ៊ុនសម្លាប់សត្វល្អិតGC Pest Control ជាដើម។ ម្ចាស់ហាងរបស់យើងទាំងអស់ អាចទុកចិត្តចំនួនអ្នកមកកម្សាន្ត ជាប្រចាំជាមួយនឹងក្រុមហ៊ុនអន្តរជាតិទាំងនេះមកចូលរួម ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់សួនពាណិជ្ជកម្មណាឌី នៅពេលក្រុមហ៊ុនទាំងនេះចូលមកផងដែរ។ នៅពេលបច្ចុប្បន្ននេះយើងបាន និងកំពុងធ្វើការពិភាក្សា ជាមួយនឹងស្លាកសញ្ញាល្បីៗផ្សេងទៀតផងដែរ និងជម្រាបជូនបន្ទាប់ពីបាន ទទួលស្គាល់ជាផ្លូវការ”។

អ្នកនាងបានពន្យល់បន្ថែមទៀតថា ប្រសិនបើនរណាម្នាក់មានអចលនទ្រព្យបែបពាណិជ្ជកម្មដ៏ល្អមួយ លោកអ្នកក៏អាចជ្រើសយកនូវអ្នកជួល ដែលមានអាជីវកម្មល្អៗនៅក្នុងគេហដ្ឋានរបស់អ្នកផងដែរ។ ដែលនេះមានន័យថាអ្នកជួល នឹងធ្វើការថែរក្សាគេហដ្ឋា​នរបស់អ្នកបានល្អ ហើយបង់ប្រចាំខែបានយ៉ាងទៀងទាត់ ដើម្បីជៀសវាងមិនឲ្យមានបញ្ហានៅក្នុងការជួលរបស់ពួកគេ។

ផ្ទុយទៅវិញ សម្រាប់អចលនទ្រព្យលំនៅឋាន អ្នកជួលងាយនឹងរើចេញដោយស្ទើរតែ មិនចាំបាច់បង់ប្រចាំខែក៏មាន ព្រោះពួកគេមិនមានអ្វីត្រូវខាតបង់នោះទេ។ ការប្រមូលប្រាក់ជួលអំពី អ្នកជួលសម្រាប់ស្នាក់នៅក៏មានការលំបាកផងដែរ។

អ្នកនាង ហែម ស៊ីម៉ាដែលជានាយកផ្នែកលក់នៃគម្រោងបុរី ណាឌីបានសង្កត់ធ្ងន់ថា “ផ្ទះអាជីវកម្មរបស់យើង ក៏បានរចនាឡើងប្រកបដោយភាពធំទូលាយ មានគុណភាព និងភាពងាយស្រួលផងដែរ”។

ហាងនេះមានកម្ពស់សរុប4ជាន់ ដែលផ្ទះនីមួយៗមាន 5 បន្ទប់ទឹក និង 6 បន្ទប់គេង និងមានវេរ៉ង់ដាចំនួន 2 សម្រាប់គយគន់ទេសភាពដ៏ស្រស់បំព្រងផងដែរ។ យើងក៏មាននូវជាន់ដំបូលពេញ សម្រាប់ឲ្យម្ចាស់គេហដ្ឋានទាំងអស់ប្រើប្រាស់។ ពួកគេអាចកែលម្អទីនោះឲ្យទៅជាស្កាយបារផ្ទាល់ខ្លួនក៏បាន និងប្រើប្រាស់សម្រាប់ការងារផ្សេង ទៀតផងដែរ។ សួនពាណិជ្ជកម្មណាឌី ស្ថិតក្នុងទីតាំងដ៏ល្អ ដែលមានចម្ងាយត្រឹមតែ2km ពីពហុកីឡ​ដ្ឋានមរតកតេជោ។

លោកអ្នកអាចប៉ាន់ស្មានរួចទៅហើយថា តើនឹងមានមនុស្សប៉ុន្មាននាក់ នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនៅក្នុងឆ្នាំ2023 ខាងមុខនេះ។ សួនពាណិជ្ជកម្មណាឌីត្រូវ បានបង្កើតឡើងជាពិសេស ដើម្បីធានាថាអតិថិជនទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួនដោយគ្មានក្ដីបារម្ភ។ យើងមានសេវាកម្មឡានក្រុង សម្រាប់ដឹកអ្នកដំណើរចុះឡើងមិនក្រោម10,000នាក់ ក្នុងមួយថ្ងៃដើម្បីចូលទៅទស្សនា កម្សាន្ត ទិញទំនិញ និងសេវាកម្មរបស់ស្លាកសញ្ញាអន្តរជាតិទាំង អស់ដែលបន្ធូរនូវរាល់បញ្ហាផ្សេងៗ របស់ម្ចាស់ហាង ឬអាជីវកម្មទាំងអស់។

សរុបមក ប្រសិនបើអចលនទ្រព្យ ស្ថិតនៅក្នុងតំបន់ដែលល្អ ព្រមទាំងមានសក្ដានុពលទៀតនោះ ការវិនិយោគលើអចលនទ្រព្យបែបពាណិជ្ជកម្ម មានភាពប្រសើរជាងការវិនិយោគលើអចលនទ្រព្យបែបលំនៅឋាន។ នេះមានន័យថា  ការវិនិយោគលើអចលនទ្រព្យ គឺមានតម្លៃស្មើនឹងការវិនិយោគប្រភេទ ផ្សេងទៀតដែលផលចំណេញនឹងទទួលបានបន្ទាប់ពីទទួលបានផងដែរ។

អ្នកអាចចំណាយពេលវេលា សម្រាប់ការវិនិយោគលើអចលនទ្រព្យពេលនេះ នឹងក្លាយជាដើមចម ធ្វើឲ្យផលចំណេញនៅពេលបន្ទាប់ ទាំងពីការជួល និងឡើងថ្លៃនៅពេលបន្ទាប់ៗមកទៀត។ ចាប់ផ្ដើមនៅពេលនេះ និងផ្ដោតសំខាន់លើការវិនិយោគលើអចលនទ្រព្យធំដែលអ្នកគិតថាអាចបំពេញតម្រូវការរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុង

កុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC បានផ្ដោតសំខាន់លើវិស័យសំខាន់ៗដោយការបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា GC City, GC Empire, GCC Realty, GC Land, GC Trust, GC Fund, GC Design, GC Media, GC Super, HK Restaurant, Luk Hot Pot, ជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ

លេខទំនាក់ទំនង: +855 96 820 6822

Email: [email protected]

 

លោកង៉ែត ឧត្តមមុន្នី

ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: 089 648 770/ 098 831 868

Email: [email protected]

 

 

តើអ្នកគួរដឹងអ្វីខ្លះ ពេលទិញផ្ទះដំបូងសម្រាប់ស្នាក់នៅ?

ដោយៈសហសេវិក

ភ្នំពេញៈ តើអ្នកគួរដឹងអ្វីខ្លះ នៅពេលអ្នកសម្រេចទិញផ្ទះដំបូងសម្រាប់ស្នាក់នៅ? ជាការពិត ការទិញផ្ទះលើកដំបូង មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ប្រសិនបើលោកអ្នកមិនមានចំណេះដឹង មិនទាន់បានស្វែងយល់ឱ្យស៊ីជម្រៅ និងមិនបានត្រៀមខ្លួនអោយបានរួចរាល់ជាមុនទេនោះ។​

ដូច្នេះដើម្បីជាចំណេះដឹងបន្ថែមសម្រាប់លោកអ្នក ថ្ងៃនេះយើងនឹងលើកយកចំណុចសំខាន់ៗ មួយចំនួនទាក់ទងនឹងការត្រៀមខ្លួន ពេលទិញផ្ទះដំបូងសម្រាប់ស្នាក់នៅ។

គោលដៅ

មុនសម្រេចចិត្តទិញផ្ទះ លោកអ្នកត្រូវដឹងថា តើខ្លួនចង់​ទិញសម្រាប់រស់នៅ​ ឬប្រកបអាជីវកម្ម​​ ហើយទិញសម្រាប់ទំហំគ្រួសារតូចឬធំ។ ទន្ទឹមនេះ បើសិនជាអ្នកទិញដើម្បីទុកលក់យកចំណេញ អ្នកគួរតែទិញផ្ទះក្នុងបុរីណា ដែលមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារលំនៅឋាន។

ហិរញ្ញវត្ថុ

ដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅថ្ងៃក្រោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់​ ដើម្បីដឹងថាខ្លួនត្រូវទិញបង់ផ្តាច់​ឬ​បង់រំលស់​​។ ​បើលោកអ្នកមានប្រាក់គ្រប់គ្រាន់ មិនចង់ចំណាយលើការប្រាក់ អ្នកអាចបង់ផ្តាច់តែម្តង តែផ្ទុយទៅវិញប្រសិនលោក អ្នក​មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ហើយសម្រេចជ្រើសរើសយកវិធីបង់រំលស់ អ្នកចាំបាច់ត្រូវដឹងពីចំណូលរបស់ខ្លួន​ ព្រោះវាចំាបាច់ណាស់ថាតើអ្នកនៅមានលទ្ធភាពសម្រាប់ចំណាយប្រចាំថ្ងៃដែរឬទេ បន្ទាប់ពីបង់រំលស់ហើយ។

ជាទូទៅការបង់រំលស់ តាមរយៈធនាគារនៅកម្ពុជា ចាំបាច់ត្រូវមានយ៉ាងហោចណាស់២០%​ នៃតម្លៃផ្ទះទាំងមូលដើម្បីអាចទទួលបានកម្ចី​៧០% ពីធនាគារជាមួយនឹងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត។

ប្រភេទផ្ទះ និងស្ថានភាពផ្ទះ

បើសិនជាលោកអ្នកមានសមាជិកតិច ហើយចង់បានជីវិតសាមញ្ញនៅក្នុងទីក្រុង ឬទីប្រជុំជន លោកអ្នកអាចរស់នៅក្នុងផ្ទះល្វែង ខុនដូ ឬ​ផ្ទះក្នុងអគារសហកម្មសិទ្ធ។ ចំពោះប្រភេទផ្ទះវីឡា​ ឬផ្ទះក្នុងបុរី វានឹងផ្តល់នូវភាពស្រស់ស្អាត​ និងសុវត្ថិភាពសម្រាប់ការរស់នៅរបស់លោកអ្នក ប៉ុន្តែនៅពេលទិញផ្ទះ ​ អ្នកគួរសម្រេចចិត្តថាតើគួរទិញផ្ទះ មុនគម្រោង​ ផ្ទះសាង់សង់រួច​ ឬផ្ទះកំពុងសាងសង់នៅឡើយ។

ទីតាំង​​

ប្រសិនបើអ្នកទិញសម្រាប់រស់នៅ អ្នកគួរតែជ្រើសរើសទីតាំងណា ដែលមានភាពស្ងប់ស្ងាត់តែមានសុវត្ថិភាព​ មិនឆ្ងាយពីន្លែងធ្វើការពេក ហើយស្ថិតនៅជិតមន្ទីពេទ្យ និងសាលារបស់កូនៗលោកអ្នក។ ដោយឡែក ចំពោះការទិញសម្រាប់ធ្វើអាជីវកម្មវិញ អ្នកគួរជ្រើសរើសទីតាំង ដែលស្ថិតនៅតំបន់ទីប្រជុំជន មានភាពអូរអរ មានទីធ្លាធំទូលាយ​ដែលសមស្របសម្រាប់មុខរបររបស់លោកអ្នក។

ប្លង់ផ្ទះ និងកិច្ចសន្យា​ទិញលក់

វាជាការចាំបាច់សម្រាប់អ្នក ក្នុងការពិនិត្យមើលលើប័ណ្ណកម្មសិទ្ធិ កាន់កាប់អចលនវត្ថុថា តើវាជាប្រភេទប្លង់រឹងឬប្លង់ទន់ ព្រោះថាប្រភេទប្លង់ទាំងពីរនេះ មានប្រសិទ្ធភាពខុសគ្នាដែលអ្នកគួរតែស្វែងយល់បន្ថែម។ ចំពោះកិច្ចសន្យាទិញលក់វិញ វាមានសារៈសំខាន់បំផុតក្នុងការទិញលក់ និងដើម្បីធានានូវសុវត្ថិភាពទាំងភាគីអ្នកទិញ និងភាគីអ្នកលក់។​ ដូច្នេះ អ្នកត្រូវតែពិនិត្យមើលឱ្យបានច្បាស់លាស់ ទៅលើកិច្ចសន្យាទិញលក់ផ្ទះ ដើម្បីការពារហានិភ័យ ជៀសវាងការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានការខាតបង់ផ្សេង​ៗ។

ការស្វែងរកទិញផ្ទះ

នៅក្នុងសម័យឌីជីថល យើងមិនចាំបាច់ចំណាយពេលដើរ រកទិញផ្ទះដូចមុននោះទេ ពោលគឺយើងអាចធ្វើការស្វែងរកទិញផ្ទះ តាមរយៈគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ​​ ក្រុមហ៊ុន ឫភ្នាក់ងារអចលនទ្រព្យ និងតាមរយៈបណ្ដាញសង្គមនានា ជាច្រើនទៀតផងដែរ។

ប្រភព៖​ Harbor Property

សម្ដេចតេជោណែនាំរដ្ឋមន្ត្រីអប់រំត្រៀមបើកសាលារៀនឡើងនៅតំបន់មានការ ឆ្លងកូវីដតិចតួច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសណែនាំឱ្យរដ្ឋមន្ត្រីអប់រំពិនិត្យលទ្ធភាព និងត្រៀមបើកសាលារៀនឡើងវិញ នៅតំបន់ដែលមិនមានការឆ្លងឬមានការឆ្លងតិចតួច។

យោងតាមសារសម្លេងរបស់សម្ដេចតេជោហ៊ុន សែននៅព្រឹកថ្ងៃទី៣១ សីហា២០២១នេះឱ្យដឹងថា ដោយពិនិត្យឃើញថា ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឆ្លងដោយ​ដាច់ជាដុំៗ និងឆ្លងតែទីប្រមូលផ្ដុំទីប្រជុំជនភាគច្រើន តែតំបន់ជនបទបានកើតឡើងតិចតួចណាស់ ក្នុងនោះខេត្តខ្លះស្ទើរតែពុំមានទៀតផង ដូច្នេះសម្ដេចស្នើលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយបណ្ដាខេត្តរាជធានីដើម្បីកំណត់បើកទីតាំង បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។

សម្ដេចមានប្រសាសន៍ថា យើងក៏កំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៨ឆ្នាំ ។ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារនិងយុវវ័យដែលមានអាយុពី១២ ដល់១៨ឆ្នាំ ចំនួនជាង២លាននាក់ យើងចាក់បានជាង១លាន៥សែននាក់រួចទៅហើយ។ បន្ថែមពីនេះ ដោយសង្កេតឃើញថា នៅតាមសាលាជនបទរបស់យើងដែលមិនមានការឆ្លង យើងអាចបើកសាលារៀននោះ ដោយមិនរង់ចាំថាទូទាំងប្រទេសត្រូវតែបើក ឬក៏ខេត្តមួយត្រូវតែបើក ឬស្រុកមួយត្រូវតែបើកទាំងអស់នោះទេ ។ យើងគួរជ្រើសរើសនៅតាមភូមិ តាមឃុំ ដែលមិនមានការកើតនូវជំងឺឆ្លង ឱ្យកុមារា កុមារីរបស់យើងអាចចូលសិក្សា ដោយរក្សាគម្លាតសុវត្ថិភាព រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឱ្យកុមារាកុមារីរបស់យើងបានចូលរៀន ។

សម្ដេចតេជោបន្ថែមថា យើងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក បើសិនជាយើងបន្តបិទ តទៅទៀត ដោយមិនបានពិនិត្យមិនបានញែក រវាងកន្លែងដែលឆ្លងនិងកន្លែងដែលមិនឆ្លង ដែលអាចទៅដល់សិស្សបោះបង់សាលារៀន ឬអាចដល់សិស្សភ្លេចអក្សរជាដើម។ ម្យ៉ាងទៀត បើទោះបីជាយើងបង្កើតកម្មវិធីរៀន តាមអនឡាញនោះតែនៅតាមជនបទ ពុំមានលទ្ធភាព និងមិនមានអ៊ីនធើណេតនៅតាមសាលារៀនទេ។

សម្រាប់កន្លែងទីប្រជុំជនដែលមានការឆ្លងឬឆ្លងតិច យើងអាចអនុញ្ញាតឱ្យរៀនតាមអនឡាញបន្តទៀត ឬរៀនទៅតាមស្ថានភាពផ្គួបផ្សំ រវាងរៀនផ្ទាល់ដោយរក្សាសុវត្ថិភាព និងការរៀនតាមបែបចម្រុះ ។ពីព្រោះនៅតាមទីប្រជុំជនមានលទ្ធភាពច្រើន ក្នុងការៀនតាមអនឡាញព្រោះមានបណ្ដាញអ៊ីនធើណេតច្រើន ។

សម្ដេចបញ្ជាក់ថា នៅពេលដែលកុមារាកុមារី យុវវ័យរបស់យើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ យើងអាចឈានទៅដល់ការបើកសាលារៀនឡើងវិញ ហើយការបើកនេះត្រូវតែធានាការសុវត្ថិភាព និងវិធានការសុខាភិបាលផងដែរ ។ ចំណែកកន្លែងដែលមានការឆ្លងច្រើននៅបន្តរៀនពីចម្ងាយ ។

លោកឧកញ៉ាប៉ិច បូឡែន ប្រធានសហព័ន្ធវិស័យអប់រំកម្ពុជាក៏បានមានប្រសសាន៍ថា ការបិទសាលារៀនកាន់តែយូរ នឹងរងផលប៉ះពាល់ដល់ការសិក្សារបស់សិស្សជាពិសេ​សនៅតាមទីជនបទ ដែលមិនមានអ៊ីនធើណេត ហើយវាក៏ប៉ះពាល់ដល់ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំណត់ថាក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕