Grand City Siem Reapឱកាសនៃការកសាងទីក្រុងថ្មីជាមួយនឹងសក្តានុពលមូលដ្ឋាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការអនុម័តគំរោងGrand City Siem Reapរបស់សម្តេចតេជោបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរតំបន់នេះ ទទួលបានផលប្រយោជន៍រួចទៅហើយ បើទោះបីជាទីក្រុងនេះមិនទាន់លេចចេញជារូបរាងក្តី។

ប៉ុន្តែចំណុចសំខាន់នៃគំរោងនេះ ស្ថិតនៅលើផ្លូវវែងឆ្ងាយនៅឡើយ បើទោះបីជាព្រលានយន្តហោះថ្មីកំពុងសាងសង់យ៉ាងសកម្ម ដែលរំពឹងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះក្តី។

អ្នកជំនាញនិងវិភាគពីអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញានេះថា ការកសាងទីក្រុងថ្មីនេះជារឿងល្អ ដែលការរៀបចំតំបន់ថ្មីបែបនេះ រដ្ឋាភិបាលមានភាពងាយស្រួល ក្នុងការរៀបចំហេដ្ឋារចនាស  ម្ព័ន្ឋបែបSmart City ប៉ុន្តែការរៀបចំបែបនេះវាត្រូវចំណាយដើមទុនច្រើន និងងាយស្រួល​រៀបចំបើធៀបនឹងរាជធានីភ្នំពេញ។

លោកស្រីបន្តថា “ដើម្បីអភិវឌ្ឍន៍ទីក្រុងនេះបានលឿន កម្ពុជាត្រូវការធនធានបីសំខាន់ដូចជា ធនធានមនុស្ស បច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ”។

បច្ចុប្បន្នតំបន់ស្ថិតក្នុងប្លុកទីក្រុងថ្មីនេះ ជាដីទំនេរ វាលស្រែ ប៉ុន្តែតំបន់ជុំវិញមានគំរោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនបណ្តើរៗហើយ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តរួចហើយ នូវគម្រោងបង្កើតទីក្រុងGrand City Siem Reap ដែលមានទីតាំងជិតព្រលានយន្តហោះអ្តរជាតិថ្មី នៃខេត្តសៀមរាប។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនធ្លាប់បានមានប្រសាសន៍ឲ្យដឹង ថា Master Planរបស់ទីក្រុងថ្មីនេះ ត្រូវបានសម្តេចតេជោអនុម័តរួចហើយ ស្របពេលក្រសួងបាននិងកំពុងផ្ញើរឯកសារ និងផែនការអភិវឌ្ឍន៍ទីក្រុងនេះ ទៅកាន់ស្ថាប័នពាក់ព័ន្ឋពិនិត្យ​ ព្រោះការងារនេះត្រូវធ្វើជាអន្តរក្រសួង។លោកបន្តថា ទីក្រុងថ្មីនេះ មានទីតាំងនៅក្បែរព្រលានយន្តហោះថ្មី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាតំបន់មិនស្ថិតក្រោមការ​ការពាររបស់់អាជ្ញាធរអប្សរានោះទេ។

លោកបន្តថា “រហូតមកទល់ពេលនេះ ទីក្រុងថ្មីនេះមិនទាន់មានសកម្មភាពអភិវឌ្ឍ​ន៍ជាដុំកំភួនអ្វីនៅឡើយទេ ខណៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីផែនការនេះត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ១៩”។ លោកបន្តថា “ទោះជាយ៉ាងណា យើងមិនទាន់អាច​បញ្ជាក់ពីទំហំផ្ទៃដី និងផែនការលំអិតរបស់ទីក្រុងនេះបាននៅឡើយទេ ប៉ុន្តែអ្វីៗបានរៀបចំរួចរាល់ហើយ ព្រោះសម្តេចបានអនុម័តរួចហើយ”។

លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប បាននិងកំពុងជម្រុញយ៉ាងសកម្ម ដើម្បីលើកកំពស់សោភ័ណភាពក្រុង ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។

រដ្ឋាភិបាលបាន និងកំពុងសហការជាមួយក្រុមហ៊ុនយូណាន មានមូលដ្ឋាននៅប្រ​ទេសចិន ដើម្បីដំណើរការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅក្នុងស្រុកសូទ្រ​និគម ដែលស្ថិតនៅលើផ្ទៃដី៧០០ហិកតា និងគ្រោងបោះទុនវិនិយោគប្រមាណ៩០០លានដុល្លារអាមេរិក។ តាមផែនការព្រលានយន្តហោះនេះ នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះ៕

ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកើនដល់៧៧១៥ជាមួយ ទុនវិនិយោគជាង៣ពាន់លានដុល្លារអាមេរិក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ឬការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានជួយឱ្យកម្ពុជាទទួលបានការវិនិយោគ និងទទួលក្រុមហ៊ុនចុះបញ្ជីថ្មីៗជាបន្តបន្ទាប់ ជាក់ស្ដែងចាប់តាំងពីបង្កើតនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យារហូតដល់ត្រឹមថ្ងៃទី២៤ សីហា២០២១ មានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធនេះចំនួន៧៧១៥ក្រុមហ៊ុន គិតជាទឹកប្រាក់ចុះបញ្ជីមានរហូត ដល់ជិត៣ពាន់លានដុល្លារអាមេរិក។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២នៅថ្ងៃទី១ កញ្ញា២០២១នេះថា វិស័យចំនួន៥ ដែលមានទំហំដើមទុនធំជាងគេ រួមមាន ទី១ វិស័យសំណង់មានចំនួន២៥,៣២ភាគរយ ទី២អាហរ័ណនីហរ័ណ ទិញលក់ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទចំនួន១៦,៤៤ភាគរយ ទី៣ សកម្មភាពអចលនវត្ថុមានចំនួន១៥,៥៣ភាគរយ ទី៤ កម្មន្តសាលមានចំនួន១៤,៣ភាគរយ និងទី៥ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួន១៣,២២ភាគរយ ។

 

លោកបន្ថែមថា ដំណាក់កាលទី១នៃការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា បានផ្ដោតជាសំខាន់លើនីតិវិធីចាំបាច់ជាមូលដ្ឋាន ដែលគ្រប់ក្រុមហ៊ុនសហគ្រាសត្រូវបំពេញ ដើម្បីធ្វើការចុះបញ្ជីអាជីវកម្មរបស់ខ្លួនជាផ្លូវការ និងស្របច្បាប់ ដែលមានជាអាទិ៍ ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការផ្ដល់សេចក្ដីប្រកាសជូនដំណឹងពីការបើកសហគ្រាស ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកបានបន្តថា ជាមួយនឹងភាពជោគជ័យនៃដំណាក់កាលទី១ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាព ទៅដំណាក់កាលទី២ថែមទៀត ដើម្បីបន្តសម្រួលដល់ធុរជន តាមរយៈការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោ​យប្រសិទ្ធភាពខ្ពស់ តាមលំអានការងារ និងគោលការណ៍ ដែលយើងបានអនុវត្តន៍ក្នុងដំណាក់កាលទី១។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា យ៉ាងណាមិញដំណាក់កាលទី២នេះ ផ្ដោតជាសំខាន់ លើការស្នើសុំអាជ្ញាប័ណ្ណនិងលិខិតអនុញ្ញាតផ្សេងៗ ទៅតាមប្រភេទនៃសកម្ម​ភាពអាជីវកម្ម ដែលមានការចូលរួមពីក្រសួងស្ថាប័នចំនួន៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ការជ្រើសរើសយកក្រសួងស្ថាប័នចំនួន៤នេះ ចូលក្នុងដំណាក់កាលទី២នេះ គឺចូលក្នុងដំណាក់កាល នៃវិស័យដែលមានការស្នើសុំថ្មី ឬស្នើសុំបន្តសុពលភាពនៃសកម្ម​ភាពធុរកិច្ចកន្លងមកក្នុងចំនួនច្រើន៕

ក្រសួងពាណិជ្ជកម្មជំរុញឱ្យផ្សារបរទេសនៅកម្ពុជាទទួលលក់ផលិតផលខ្មែរ

ដោយៈលក្ខិណា

ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ែន សុវិជាតិបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យផ្សារនាំម៉ាកយីហោពីបរទេ​សចូលកម្ពុជា ទទួកលក់នូវផលិតផលផង ដើម្បីជាចំណែកមួយនៃទីផ្សាររបស់ផលិត​ផលកម្ពុជា ។

ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់អ្នកផលិតក្នុងស្រុក ពង្រឹងគុណភាពស្ដង់ដារផលិ​តផលរបស់ខ្លួន ដើម្បីដាក់លក់លើទីផ្សារ Franchise បរទេសទាំងនេះ ព្រោះថាកាលណាផលិតផលរបស់ខ្មែរមានគុណភាពល្អ មានគ្រប់តម្រូវការ និងមាននិរន្ដរភាពនៃការផ្គត់ផ្គង់ មិនយូរមិនឆាប់នោះទេ ផលិតផលខ្មែរនឹងមានកេរ្ដិ៍ឈ្មោះល្អ ព្រមទាំងមានការចាប់អារម្ម​ណ៍យ៉ាងច្រើនពីសាធារណជន ។

លោកបន្តថា “កម្ពុជាតែងតែជំរុញឱ្យទីផ្សារទាំងនោះ ផ្សារ Franchise បរទេស ទទួលលក់នូវផលិតផលកម្ពុជា។ ជាក់ស្ដែងចំពោះទំនិញស្រស់ ដូចជា បន្លែ ផ្លែឈើ និងអាហារកែច្នៃខ្លះ មិនអាចនាំចូលបាននោះទេ ច្បាស់ជាត្រូវការទិញពីប្រជាកសិករនៅកម្ពុជា”។

លោកបន្ថែមថាកន្លងមក ក្រសួងពាណិជ្ជកម្មក៏បានសហកា រនិងបានចុះហត្ថលេ​ខាជាមួយផ្សារទំនើប មកពីក្រៅប្រទេសដូចជាផ្សារ ម៉ាក្រូជាដើម ទទួលទិញបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រពីកម្ពុជា ដោយមិនបានបញ្ជាទិញទំនិញទាំងស្រុង ពីប្រទេសដើមនោះឡើយ ។

ជាមួយគ្នានេះ លោកសង្ឃឹមថា ផ្សារម៉ាតមកប្រទេសថៃ 7-Eleven នឹងទទួលយកទំនិញក្នុងស្រុកលក់ក្នុងផ្សារម៉ាតមួយនេះផងដែរ ។

បើតាមអ្នកផលិតនូវទំនិញជាច្រើន នៅក្នុងប្រទេសកម្ពុជា កំពុងតែពិបាកក្នុងការរកទីផ្សារសម្រាប់លក់ផលិតផល ជាក់ស្ដែងផ្លែមៀនកម្ពុជាជាច្រើនត្រូវគាំងទីផ្សារ នៅក្នុងបរិបទកូវីដនេះ ហើយបញ្ហាក្រៅពីនោះ គឺកសិករដែលចិញ្ចឹមត្រី ចិញ្ចឹមាន់ បានក៏ជួបប្រទះនឹងបញ្ហាទីផ្សារលក់មិនចេញផងដែរ ។

ដោយសារតែផលិតបានទំនិញមិនមានទីផ្សារ និងតម្រូវការនៅលើទីផ្សារបានធ្វើ ឱ្យម្ចាស់អាជីវកម្មជាច្រើន បានជួបនឹងវិបត្តិហិរញ្ញវត្ថុ មិនមានសាច់ប្រាក់សម្រាប់បង្វិលក្នុងដំណើរការអាជីវកម្ម ហើយម្ចាស់អាជីវកម្មជាច្រើន ក៏បាននិងកំពុងរត់រកការជួយពីស្ថាប័នហិរញ្ញវត្ថុ សម្រាប់គាំទ្រដំណើរការអាជីវកម្មបន្តទៀតផងដែរ៕

Harbor Property ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រង​អចលនទ្រព្យ​ CRM​ ជាផ្លូវការហើយ

ដោយៈសហសេវិក

ភ្នំពេញៈ តើអ្នកធ្លាប់ដឹងទេថាការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ CRM មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ក្រុមហ៊ុន ឫភ្នាក់ងារអចលនទ្រព្យ? ក្នុងនាមជាក្រុមហ៊ុន ឫភ្នាក់ងារអចលនទ្រព្យ វាប្រាដកណាស់ថាពួកគេចង់ឱ្យអចលនទ្រព្យ ក្នុងដៃរបស់ខ្លួន ទៅដល់អតិថិជន គោលដៅអោយបានកាន់តែលឿន ប្រកបដោយប្រសិទ្ធិភាពខ្ពស់​​ និងងាយស្រួលក្នុងការគ្រប់គ្រងការងារផងដែរ។

យើងខ្ញុំសូមណែនាំលោកអ្នកអំពីប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យមួយរបស់គេហទំព័រចលនទ្រព្យ Harbor Property ដែលមានឈ្មោះថា​ ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ CRM ឬ​ Property CRM។

តើប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ CRM គឺជាអ្វី? ​​ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ CRM គឺជាប្រព័ន្ធ ដែលអាចគ្រប់គ្រងរាល់ទិន្ន័យអចលនទ្រព្យ​​​ និងអាចគ្រប់គ្រងបុគ្គលិកផ្នែកលក់នីមួយ​ក្នុងក្រុមហ៊ុន ឫភ្នាក់ងារអចលនទ្រព្យបានទាំងស្រុង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចំពោះចំណុចពិសេសៗរបស់ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ CRM​ មានខាងក្រោម៖
•​ អាចបង្កើតគេហទំព័រក្រុមហ៊ុនរបស់លោកអ្នក ដោយសហការជាមួយក្រុមហ៊ុន Harbor Property
• គ្រប់គ្រងរាល់ទិន្ន័យអចលនទ្រព្យ​​របស់លោកអ្នកបានយ៉ាងល្អ
• ងាយស្រួលក្នុងការគ្រប់គ្រងនូវតម្រូវការអតិថិជននៅក្នុងដៃ
• គ្រប់គ្រងក្រុមការងារផ្នែកលក់នីមួយៗ និងសកម្មភាពប្រចាំថ្ងៃ
របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន
• ចំណេញពេលវេលាក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សារ​​​ ដោយអ្នកគ្រាន់តែបញ្ចូលអចលនទ្រព្យតែមួយកន្លែង តែវាអាចចូលទៅកាន់បណ្ដាញផ្សព្វផ្សាយដល់ទៅ​៣កន្លែងដូចជាបណ្ដាញសង្គម​ គេហទំព័រក្រុមហ៊ុនរបស់លោកអ្នក​ និងគេហទំព័រ Harbor Property ។

គឺចំណុចពិសេសៗនៅខាងលើទាំងអស់នេះហើយ ដែលប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ CRM ​នឹងអាចជួយជាប្រយោជន៍ ដល់ក្រុមហ៊ុនលោកអ្នក អោយកាន់តែមានភាពរីកចម្រើនជាច្រើនថែមទៀតនៅលើទីផ្សារអចលនទ្រព្យមួយនេះ។

លោកអ្នកអាចធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែមមកកាន់ +855 967876902 (Telegram) / +855 66886633។

ប្រភព៖ Harbor Property

 

ក្រុមហ៊ុន LG Display បោះទុនវិនិយោគបន្ថែមចំនួន១,៤ពាន់លានដុល្លារអាមេរិកនៅប្រទេសវៀតណាម

ដោយៈសុខុម

ហាណូយ: រដ្ឋាភិបាលវៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន LG Display របស់កូរ៉េខាងត្បូង ដែលនឹងបោះទុនរវិនិយោគបន្ថែម នៅទីក្រុងកំពង់ផែភាគខាងជើង Haiphong រហូតដល់ទៅ១,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

គណៈកម្មាធិការប្រជាជននៃទីក្រុង Haiphong បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី៣១ សីហា ថា ការវិនិយោគបន្ថែមនេះនឹធ្វើឱ្យក្រុមហ៊ុន LG Display មានលទ្ធភាពបង្កើនទិន្នផល នៃការផលិតអេក្រង់ទូរទស្សន៍ប្រភេទ OLED នៅឯរោងចក្ររបស់ខ្លួនក្នុងទីក្រុងនេះ ចន្លោះពី១៣ទៅ១៤លានអេក្រង់ក្នុងមួយខែ បើធៀបនឹងបច្ចុប្បន្នដែលអាចផលិតបានចន្លោះពី៩,៦ទៅ១០,១លានអេក្រង់។

ការបោះទុនវិនិយោគបន្ថែម ចំនួន១,៤ពាន់លានដុល្លារអាមេរិកនេះ នឹងធ្វើឱ្យទំហំវិនិយោគសរុបរបស់ក្រុមហ៊ុន LG Display នៅក្នុងប្រទេសវៀតណាម ឈានដល់៤.៦៥ពាន់លានដុល្លារអាមេរិក។

ទោះជាយ៉ាងណា ក្រុមហ៊ុនមួយនេះមិនបានឆ្លើយតបឡើយ នៅពេលសុំឱ្យឆ្លើយបំភ្លឺជុំវិញករណីនេះ។ LG Display ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិត និងផ្គត់ផ្គង់អេក្រង់ប្រភេទ TFT-LCD អេក្រង់ប្រភេទ OLED និងអេក្រង់ប្រភេទកាច់បត់បានធំៗបំផុត របស់ពិភពលោក។

គណៈកម្មាធិការប្រជាជននៃក្រុង Haiphong បានគូសបញ្ជាក់ថា ការវិនិយោគបន្ថែមនេះ នឹងផ្ដល់ការងារថ្មីចំនួន១០,០០០កន្លែង និងបង្កើតប្រាក់ចំណូលនាំចេញបានចំនួន៦,៥ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕

ប្រធាន CVEA បង្ហាញវិធីសាស្រ្តប្រើប្រាស់បំណុលសម្រាប់ទាញយកប្រយោជន៍ពីវិស័យអចលនទ្រព្យ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ មិនថាការទិញដី ឬទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកផលចំណេញវិញ មិនមែនជារឿងងាយស្រួលនោះទេ ហើយក៏មិនមែនជារឿងដែលពិបាកនោះដែរ។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ឱ្យដឹងថា ជាទូទៅនៅក្នុងពិភពលោក តែងតែមានបំណុ​លដែលបំណុលទាំងនេះ មានលក្ខណៈជាគ្រួសារ សហគមន៍ ឯកជន ក្រុមហ៊ុន និងប្រទេសជាតិ  ហើយនៅពេលដែលប្រើប្រាស់បំណុលទាំងនេះ មានប្រសិទ្ធិភាពនោះ នឹងជំរុញឱ្យជីវភាព នៅក្នុងស្ថានភាពសេដ្ឋកិច្ចគ្រួសារ សហគន៍ ប្រទេស និង ក្រុមហ៊ុន មានការរីកចំរើន។

លោកពន្យល់ថា “បំណុលគឺជាការប្រើប្រាស់ធនធានអ្នកដទៃ តាមរយៈការប្រើប្រា​ស់ជាថវិកាឬជាទ្រព្យសម្បត្តិ និងអ្វីផ្សេងៗទៀតសម្រាប់ធ្វើការការដោះដូរ និងជាប្រយោ​ជន៍ក្នុងការវិស័យជំនួញឱ្យមានប្រសិទ្ធិភាព”។

លោកបន្តថា នៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ អ្នកវិនិយោគអាចស្វែងរកបំណុល តាមរយៈធនាគារដែលជាស្ថាប័នឯករាជ្យ ក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនទូទៅ ក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ ឬទិញលំនៅឋានសម្រាប់ធ្វើការវិនិយោគ​បន្ត ។

លោកពន្យល់ថា “មុនដំបូងយើងត្រូវធ្វើការសិក្សានូវគុណតម្លៃ នៃវិស័យអចលនទ្រព្យដែលយើងត្រូវវិនិយោគ តើជាប្រភេទអចលនទ្រព្យបែបណា”។

ឧទាហរណ៍បើយើងវិនិយោគលើលំនៅឋាន ដូចជាផ្ទះ ឬខុនដូ ឬមួយជាគម្រោងដែលកំពុងសាងសង់ សម្រាប់ទុកវិនិយោគបន្ត ឬសម្រាប់ជួលជាដើមនោះ យើងត្រូវសិក្សាពីចំណូល និងកំណើនតម្លៃអចលនទ្រព្យនៅពេលខាងមុខ ដោយធៀបជាមួយនឹងបំណុល។

លោកច្រឹក សុខនីមបានបន្ថែមទៀតថា នៅពេលដែល យើងមានគម្រោងដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយចីរភាព យើងត្រូវវិភាគអំពីឱកាសនៅក្នុងការវិនិយោគ រួមផ្សំជាមួយនឹងការសងត្រឡប់ បូកជាមួយប្រាក់បំរ៉ុងទុក។ បើយើងមានធនធានទាំងអស់នេះ បំណុលនៅក្នុងវិស័យអចលនទ្រព្យ គឺទុន និងជាលទ្ធភាពល្អបំផុត ពីព្រោះ នៅពេលដែលយើងប្រើប្រាស់បំណុល ធ្វើឱ្យយើងចំណេញពេលវេលា និងអាចធ្វើឱ្យជីវភាពដើរលឿនជាអ្នកដែលមិនប្រើប្រាស់បំណុល។

លោកបញ្ជាក់ថា “ដូច្នេះនៅពេលដែលយើងប្រើប្រាស់បំណុលបានត្រឹមត្រូវ ហើយ ស្ទង់មើលនូវឥទ្ធិពល នៅក្នុងកម្រិតដែលជាវិជ្ជមាន គឺជាហេតុផលចម្បងដែលធ្វើឱ្យសេដ្ឋកិច្ចក្រុមគ្រួសារ មានការរីកចំរើន ។ ការប្រើប្រាស់បំណុល ជាទ្រព្យសម្បត្តិ នឹងទទួលបាននូវគុណតម្លៃពីការវិនិយោគ”។

លោកបន្ថែមថា ជាមួយគ្នានេះដើម្បីទទួលបាននូវព័ត៌មានជុំវិញ ការប្រើប្រាស់បំណុ​លើការវនិយោគវិស័យអចលចនទ្រព្យ លោកអ្នកអាចប្រឹក្សាយោបល់ ជាមួយភ្នាក់​ងារអចលនវត្ថុ ឬ ក៏មន្ត្រីធនាគារ៕

រដ្ឋមន្រ្តីសាធារណៈការៈ ផ្លូវជាតិទូទាំងប្រទេសនឹងត្រូវសម្រួលល្បឿនបើកបរឡើងវិញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ការ​កំណត់​ល្បឿន​បើកបរ​ លើ​ផ្លូវ​ជាតិ​ទូទាំងប្រទេស នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ថ្មី​ ដើម្បី​កែសម្រួល​ឲ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែងនាពេលខាងមុខនេះ។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសកាលពីដើមសប្តាហ៍នេះថា ការ​កំណត់​ល្បឿន​បើកបរ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន​ឃើញ​ថា​ ការ​កំណត់​ល្បឿន​អតិបរមា​កន្លង​មក​ មិន​សមស្រប​នឹង​លំហូរ​ចរាចរណ៍ ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោកបន្តថា “ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​ នឹង​​រៀបចំ​វិសោធនកម្ម​ រួម​ទាំង​ការ​ជជែក​លើ​​ការកំណត់​ល្បឿន បើកបរ​លើផ្លូវ​ជាតិ​មួយ​ចំនួន ដើម្បី​ដាក់ឆ្លងកែ​សម្រួលជា​ថ្មី”។

លោកបន្តថា ក្រុមការងារ​បច្ចេកទេស ​នឹង​ធ្វើ​ការ​​ចុះ​សិក្សា​លើ​ការ​កំណត់ល្បឿនបើកបរលើ​ផ្លូវជាតិ​ទូទាំងប្រទេសឡើង​វិញ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ឲ្យ​បាន​ឆាប់​រហ័ស តាម​ស្ថានភាព​ប្រើប្រាស់​ជាក់ស្តែង។ កន្លងទៅ​តែងតែ​មានការ​រិះ​គន់​ លើការកំណត់ល្បឿនបើកបរ​តាម​ដង​ផ្លូវ​ជាតិ​មួយ​ចំនួន ដែល​មិន​សមស្រប​តាម​ភូមិសាស្រ្ត​តំបន់៕

គំរោងដីឡូត៍លំហែរកាយតម្លៃ៣លានដុល្លារកំពុងទាក់ទាញការចាប់អារម្មណ៍និងពង្រីកសក្តានុពលផ្លូវជាតិលេខ៤៣

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ផ្តោតលើផាសុខភាពដល់អ្នករស់នៅ និងអភិវឌ្ឈន៍៍គំរោងជោគជ័យដោយចីរភាព ដីឡូត៍លំហែរកាយបូកគោលែនដ៏២ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ សួនច្បារ កន្លែងកំសាន្តកុមារ ពិសេសក្លោងទ្វារយ៉ាងប្រណីត។

បោះទុនវិនិយោគ៣លានដុល្លារ លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real estate​ មានបំណងផ្តល់នូវការលើកកំពស់ វិស័យទេសចរណ៍ក្នុងខេត្តកំពត ពិសេស​ផ្តល់នូវបរិកាសរីករាយសំរាប់អ្នកសាងសង់ផ្ទះលំហែរ នៅលើគំរោងរបស់លោកឲ្យក្លាយជាគំរោងគំរូមួយនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា “វិស័យទេសចរណ៍នៅខេត្តកំពត មានសក្តានុពលខ្លាំងនាពេលអនាគត ពិសេសដីឡូត៍លំហែរកាយ ដែលមានទំហំ១៥គុណនឹង៣០ម៉ែត្រ ទំហំ២០គុណនឹង៤០ម៉ែត្រ សំរាប់សាងសង់ផ្ទះលំហែរ ដោយមានភ្ជាប់ប្រព័ន្ឋទឹក ភ្លើង បណ្តាញលូរួចជាស្រេច”។

លោកបន្តថា “លក្ខណៈពិសេសនៃគំរោងនេះ គឺយើងសាងសង់ខ្លោងទ្វារដោយ​ចំណាយអស់២៦ម៉ឺនដុល្លារ សួនច្បារទំហំ៣០០០ម៉ែត្រការ៉េ ដែលអ្នករស់នៅឬទិញដីសាងសង់ផ្ទះលំហែរក្នុងគំរោងនេះ អាចអអ្គុយលេង អានសៀវភៅ និងសំរាកលំហែរក្នុងបរិយាកាសយ៉ាងមនោរម្យ”។

លោកបន្តថា “យើងតែងតែគិតពីផាសុខភាពដល់អ្នករស់នៅ គំរោងនេះបានសង់ផ្លួវទំហំចាប់ពី១២ដល់១៦ម៉ែត្រ ដោយមានសួនច្បារនៅចំកណ្តាល និងអំពូលសូឡាបំភ្លឺនាពេលរាត្រីផងដែរ”។

លោក Coolor Tan បានបន្តថា គោលដៅរបស់យើង គឺផ្តោតចំពោះអ្នកដែលចង់់មានសុខភាពផ្លូវចិត្ត ផ្លូវកាយល្អ និងចង់មានលំនៅដ្ឋាន សំរាប់លំហែរអាចវិនិយោគលើគំរោងនេះបាន ដោយសារទំហំដីរបស់យើងមាន ១៤,៥០ហិកតា ដែលបានរៀបចំសួនលំអរ ផ្កា បណ្តាញហេដ្ឋារចនាសម្ព័ន្ឋរួចជាស្រេច ហេតុនេះអ្នកទិញដីគ្រាន់តែសាងសង់ផ្ទះតាមចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ នឹងមានលំនៅដ្ឋានសំរាកលំហែរចុងសប្តាហ៍បានហើយ។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសា​សន៍ថា ការកើនឡើងនូវស្តង់ដាជីវិតរបស់ប្រជាជនកម្ពុជា ជីវភាពពួកគាត់កាន់តែប្រសើរឡើង បានធ្វើឲ្យទីផ្សារដីឡូត៏លំហែរកាយ កាន់តែមានភាពរីកចម្រើន ប៉ុន្តែអ្នកទិញដីឡូត៍បែបនេះ គួរជ្រើសរើសគំរោងដែលមានការអភិវឌ្ឈន៍ ជាមួយអ្នកវិនិយោគដែលមានទំនួលខុសត្រូវ ខណៈអ្នកអភិវឌ្ឍន៍មួយចំនួនបានគិតតែប្រាក់ចំណេញ ពេលលក់ដីអស់គំរោងនោះត្រូវបានទុកចោល។

លោកបន្តថា “បូកគោលែនដ៍អាចចាត់ទុកជាគំរោងគំរូមួយ តាមរយៈការចុះពិនិត្យ​សិក្សាផ្ទាល់ ព្រោះគំរោងនេះមានខ្លោងទ្វារ សួនច្បារ មានផ្លូវធំទូលាយ មានសន្តិសុខ២៤ម៉ោង មានការសាងសង់​ប្រព័ន្ឋអហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលមិនលំបាកដល់អ្នកទិញ ដើម្បីសាងសង់ផ្ទះនោះទេ”៕

កម្ពុជាត្រៀមចុះ MOU ជាមួយក្រុមហ៊ុន CCC ដើម្បីជម្រុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍

ដោយៈសុជាតា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងព្រាងអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Cambodia (Xi’an) Commercial Center Co., Ltd ដើម្បីជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន។

លោកកៅ កោសល អគ្គនាយក នៃអគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី ការកែសម្រួលសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមហ៊ុន Cambodia (Xi’an) Commercial Center Co., Ltd (CCC) ។

លោកបានណែនាំឱ្យធ្វើការកែសម្រួល លើខ្លឹមសារមួយចំនួន នៃអនុស្សរណៈនេះ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពការងារ និងកិច្ចសហប្រតិបត្តិការល្អលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

បន្ថែមពីនេះទៀត តាមរយៈអនុស្សរណៈនេះ ក្រសួងពាណិជ្ជកម្ម នឹងផ្តល់ទីតាំងនៅក្នុងស្ថានតំណាងពាណិជ្ជកម្ម ប្រចាំនៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យទៅក្រុមហ៊ុនខាងលើ ដើម្បីតាំងបង្ហាញផលិតផលខ្មែរ ផ្សព្វផ្សាយព័ត៌មាន និងជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕

សេដ្ឋីចិននិងក្រុមហ៊ុនLSCGបោះទុនរួមគ្នាលើទឹកប្រាក់២០០លានដុល្លារនៅតំបន់ ព្រលានយន្តហោះភ្នំពេញថ្មី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនមហាសេដ្ឋីពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក LSCG បានរួមគ្នាអនុម័តថវិកា២០០លានដុល្លារ សម្រាប់សហការវិនិយោគជាមួយអ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។

អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយ ដែលជាតំណាងចរចាលើកិច្ចសហការនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនរួចរាល់ ទាំងថវិកាប   ច្ចេ​កទេស និងធនធានមនុស្ស សម្រាប់រួមអនុវត្តគម្រោងព្រលានថ្មីនេះ ដោយបច្ចុប្បន្ន គឺនៅរង់ចាំតែការអនុម័តចុងក្រោយពីអ្នកឧកញ្ញា ពុង ឃាវសែ ប៉ុណ្ណោះ។

លោកលី សុខឆាយ បានបន្តថា ក្រុមហ៊ុនមហាសេដ្ឋីចិន និងក្រុមហ៊ុនLSCG បានចរចាជាមួយនឹងOCIC និងអ្នកឧកញ្ញា ពុង ឃាវសែ ជាច្រើនលើកមកហើយ មុននឹងឈានដល់ដំណាក់កាលត្រៀមថវិកា២០០លានដុល្លារ ពីទីក្រុងប៉េកាំងដោយផ្ទាល់នេះ។

លោកបន្តថា លើសពីនេះក្រុមហ៊ុនក៏បានសិក្សា លើផែនការមេនៃគម្រោងលទ្ធភាពនៃការវិនិយោគ ការងារបច្ចេកទេស ដែលក្រុមហ៊ុនអាចរួមសហការបាន ក៏ដូចជាហានិភ័យដែលអាចនឹងកើតមាន រួចរាល់ជាស្រេចអស់ហើយ។ គ្រប់យ៉ាងក៏ត្រូវបានដាក់បញ្ជូនទៅខាងក្រុមហ៊ុន ព្រលានយន្តហោះថ្មី និង OCIC រួចរាល់” លោកបានបន្ត។

ទោះជាយ៉ាងណា លោក លី សុខឆាយ នៅមិនទាន់បញ្ជាក់នៅឡើយទេថា ទុនវិនិយោគ២០០លានដុល្លារ នឹងត្រូវយកទៅប្រើប្រាស់លើផ្នែកណា ឬយកទៅធ្វើការងារអ្វីនៃគម្រោងព្រលានថ្មីនេះ ដោយរង់ចាំការអនុម័តចុងក្រោយពី អ្នកឧកញ្ញាពុង ឃាវសែជាមុនសិន។

ក្រុមហ៊ុនLSCGកន្លងមក ក៏បានដេញថ្លៃឈ្នះ ដើម្បីធ្វើការងារមួយចំនួនក្នុងគម្រោ​ងរបស់ OCIC ដូចជាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០ និងគម្រោងផ្សេងៗទៀតផងដែរ៕