អ្នកជំនាញៈសេដ្ឋកិច្ចខេត្តសៀមរាបនឹងមានភាពរ៉ឹងមាំជាងមុនតាមរយៈការធ្វើពិពិធកម្មវិនិយោគ

ដោយៈស៊ីវ ម៉េង

សៀមរាបៈ អ្នកជំនាញបានមើលឃើញថា សេដ្ឋកិច្ចខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែមូលដ្ឋានសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពរ៉ឹងមាំជាងមុន ដោយសារការធ្វើពិពិធកម្មវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិ។

អ្នកជំនាញ និងវិភាគអចលនទ្រព្យលំដាប់អន្តរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញាកន្លងមកថា ពីមុនមកខេត្តនេះបានផ្តោតលើវិស័យបដិស ណ្ឋារកិច្ចតែមួយគត់ ប៉ុន្តែបច្ចុប្បន្នមានការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌ​លពាណិជ្ជកម្មថ្មីៗជាច្រើន ដូចជាខុនដូ អាផាតម៉ិន ដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តនេះមានភាពរ៉ឹងមាំជាងមុន។

អ្នកស្រីបន្តថា “បើមានបញ្ហាសេដ្ឋកិច្ចម្តងទៀត ខេត្តនេះមិនរងផលប៉ះពាល់ខ្លាំងដូចពេលបច្ចុប្បន្នឡើយ”។ អ្នកស្រីបន្តថា “អ្វីនឹងកាន់តែមានភាពល្អប្រសើរ សំរាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខទៀត ហើយអំណាចនៃការទិញនឹងកើនឡើង ហើយខេត្តនេះស័ក្តិសមសំរាប់ការវិនិយោគផ្ទះចូលនិវត្តន៍ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកចង់រស់នៅច្រើនជាងរាជធានីភ្នំពេញ”។

អ្នកស្រីអាន សុធីតាបានបន្តថា ការចំណាយលើការរស់នៅទាប តម្លៃអចលនទ្រព្យ ពិសេសដីធ្លីមានកម្រិតទាប ជាងរាជធានីភ្នំពេញពាក់កណ្តាល និងតម្លៃជួលខុនដូ និងអាផាតម៉ិនទាបជាង២០ទៅ៣០ភាគរយ ធៀបនឹងរាជធានីភ្នំពេញជាអ្វី ដែលជាចំណុចទាក់ទាញរបស់ខេត្តនេះ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ការកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នឹងជួយលើកកំពស់សោភ័ណភាព ធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើន ដែលនឹងទាក់ទាញលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ អន្តរជាតិជាច្រើនទៀត។លោកបន្តថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ការកសាងទីក្រុង Grand City Siem Reap នឹងលើកកំពស់សក្តានុពល វិស័យអចលនទ្រព្យក្នុងខេត្តនេះបន្ថែមទៀតនាពេលអនាគត។

លោកបន្តថា “ការវិនិយោគសាងសង់ខុនដូ អាផាតម៉ិននៅក្រុងសៀមរាប ជារឿងល្អមួយសំរាប់អនាគត ព្រោះចំនួនបន្ទប់សណ្ឋាគារនឹងជួបការខ្វះខាត នៅពេលមានពិធីបុណ្យធំៗ ហេតុនេះខុនដូ និងអាផាតម៉ិននឹងជាជម្រើសថ្មីមួយទៀត សំរាប់ភ្ញៀវទេស​ចរណ៍”។

លោកបន្តថា “ការស្នាក់នៅខុនដូ មានតម្លៃទាបបើធៀបនឹងការស្នាក់នៅតាមសណ្ឋា​គារ ហើយនាពេលអនាគត ខុនដូនិងសណ្ឋាគារនឹងក្លាយជាផ្នែកតែមួយ ខណៈប្រទេ​សរីកចម្រើននានាមានទំនោរបែបនេះ”៕

ចំណេះដឹងសុខភាពៈតើអ្នកណាខ្លះត្រូវចាក់វ៉ាក់សាំងរបស់ចិន និងអ្នកណាត្រូវចាក់វ៉ាក់សាំងអង់គ្លេសសំរាប់ដូសទី៣

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ស្របពេលប្រមុខរដ្ឋាភិបាលកំពុងជំរុញឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ ឬសូសជម្រុញ កាចាក់វ៉ាក់សាំងណាមូយ អាចជាជម្រើសរបស់ប្រជាពលរដ្ឋ ប៉ុន្តែការចាក់វ៉ាក់សាំងតាមប្រភេទបានត្រឹមត្រូវ ក៏ជាការប្រសើរផងដែរ ក្នុងការលើកកំពស់សុខភាពសាធារណៈ។

ការចាក់វ៉ាក់សាំងដូសទី៣ ជាតម្រូវការចាំបាច់ ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះ ដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ដូសទំនងមានរយៈពេលតែ៣ ទៅ៦ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀត ត្រូវបានតម្រូវ និងលើកទឹកចិត្ត។

ក្រៅពីមន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ ប្រជាពលរដ្ឋទូទៅប្រមាណ១២លាននាក់ ក៏នឹងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញផងដែរ។

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរួចហើយអំពីប្រភេទវ៉ាក់សាំង ដែលនឹងយកមកប្រើជាដូសទី៣ ឬដូសជំរុញ រួមមាន វ៉ាក់សាំង AstraZeneca របស់អង់គ្លេស វ៉ាក់សាំងចិន Sinovac និង Sinopharm។

មួយវិញទៀត ពលរដ្ឋក៏អាចចាក់វ៉ាក់សាំង​ប្រភេទផ្សេងបាន ប្រសិនវាចរាចរនៅក្នុងស្រុក។
ខាងក្រោមនេះជាប្រសិទ្ធភាពនៃវ៉ាក់សាំង ២ប្រភេទ ក្រោយចាក់ដូសទី៣ ដែលអ្នកគួរតែមានការយល់ដឹង។

វ៉ាក់សាំង Sinovac
ការស្រាវជ្រាវថ្មីមួយ ដែលចុះផ្សាយដោយសារព៌តមាន Global Times ការចាក់វ៉ាក់សាំង Sinovac ដូសទី៣ បន្ទាប់ពីចាក់ដូសទី២បាន៦ខែ ឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ និងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំង នៃប្រព័ន្ធភាពស៊ាំចំពោះការវាយលុកពីវីរុស។ ជាពិសេសវាជួយសុខភាពបុគ្គល ងាយរងគ្រោះបានខ្ពស់ និងទប់ស្កាត់ការរីករាលដាល នៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។

ស្របជាមួយគ្នាដែរ វ៉ាក់សាំងនេះមិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយ ពាក់ព័ន្ធនឹងការចាក់ដូសទី៣ ត្រូវបានគេសង្កេតឃើញនៅក្នុងអំឡុងការសិក្សានោះទេ។

វ៉ាក់សាំង AstraZeneca
ចំណែកវ៉ាក់សាំង AstraZeneca វិញត្រូវបានអ្នកជំនាញអះអាងថា ​មាន​ប្រសិទ្ធភាពខ្ពស់​នៅ​ពេល​ចាក់​បន្ថែម​ដូស​ទី​៣។

ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣​​ក្នុង​រយៈ​ពេល​​៦​ខែ បន្ទាប់​ពី​ចាក់​ដូស​ទី​២​រួច ​​​អាច​ផលិត​​អង់ទីគ័រ​គួរ​ឲ្យ​កត់​សម្គាល់។ វាជួយឱ្យប្រព័ន្ធការពារខ្លួនបង្កើត​អង់ទីគ័រខ្ពស់ និងកោសិកាប្រឆាំងនឹងមេរោគផ្សេងៗទៀត ដែលជួយការពារខ្លួនប្រាណ ក្នុងគ្រាដែលអ្នកឆ្លងមេរោគ។

បន្ថែមពីលើនេះ វ៉ាក់សាំង AstraZeneca នឹងជំរុញឲ្យសរីរាង្គ កាន់តែរឹងមាំជាងមុន អាចវាយបកប្រឆាំងនឹងមេរោគកូវីដ-១៩ បានខ្លាំងជាងមុន ​ព្រមទាំងមានសមត្ថភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួន ​Delta ផងដែរ។

ចំណែកផលរំខាន អាចកើតមានខុសពីវ៉ាក់សាំងចិន ឬអាចមានផលរំខានច្រើនជាង ប៉ុន្តែពុំផ្ដល់ផលអវិជ្ជមានចំពោះសុខភាពឡើយ៕ ប្រភពកម្ពុជាថ្មី៕

ផ្សារទំនើបPhnom Penh Mega Mall នឹងពន្យាពេលបើកដំណើរការរហូតដល់ ចុងឆ្នាំ២០២២

ដោយៈសុជាតា

ភ្នំពេញៈ បន្ទាប់ពីពន្យាលពេលអស់ជាច្រើនឆ្នាំ ផ្សារទំនើបខ្នាតអន្តរជាតិមួយ Phnom Penh Mega Mallស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ីរំពឹងថា នឹងបើកដំណើរការនៅចុងឆ្នាំ ២០២២ ខាងមុខនេះ។

ផ្សារទំនើបដែលមានកម្ពស់ ១១ជាន់ លើទំហំផ្ទៃដីសរុប៧៣ ពាន់ម៉ែត្រការ៉េ ដែលត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Hassan Cambodia development  នៅទីតាំងយុទ្ធសាស្រ្តដែលជាចំនុចប្រសព្ធរវាង ខណ្ឌទួលគោក  ខណ្ឌប្រាំពីរមករា និងខណ្ឌ ដូនពេញ ដែលជា            បណ្តុំអាគារពាណិជ្ជកម្ម អាគារស្នាក់នៅ សាកលវិទ្យាល័យ និងវិមានរដ្ឋាភិបាល។

លោក Michael Vong  អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Grow Retail Asia  ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ សម្រាប់ការបើកជាផ្លូវការនូវទីផ្សារ Phnom Penh Mega Mall  បានបញ្ជាក់ប្រាប់ Property area asia នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រុមហ៊ុនបានកំពុងប្រើប្រាស់វិធីសាស្រ្តរូម ក្នុងការត្រួតពិនិត្យ និងវិភាគបទពិសោធន៍ប្រើប្រាស់ ព្រមទាំងឥរិយាបថប្រើប្រាស់របស់អតិថិជនផងដែរ។

លោកបន្តថា “Phnom Penh  Mega Mall មានផែនការរៀបចំរចនាសម្ពន្ធ ដើម្បីប្រើប្រាស់ទុន សម្រាប់បំពេញនូវតំរូវការអ្នកប្រើប្រាស់ ព្រមទាំងដៃគូសហការ និងអ្នកចាប់ផ្តើមអាជីវកម្មផងដែរ”។

លោកពន្យល់បន្ថែមទៀតថា ការពន្យាពេលបើកទីផ្សារនេះរហូតដល់ឆ្នាំ ២០២២ ដោយសារតែ វិបត្តិ Covid 19 ដែលធ្វើអោយប៉ះពាល់ ដល់ចក្ខុវិស័យខាងវិស័យលក់រាយ ដោយអ្នកប្រតិបត្តិករជាច្រើន ប្រឈមមុខសំពាធ ប្រសិនបើម្ចាស់អាជីវកម្មបន្តនូវផែនការបើកទីផ្សារមុនវិបត្តិCovid19 នេះ។

លោកបន្តថា “ការពន្យាពេលនេះ បានបង្ហាញនូវឱកាសសម្រាប់យើង ក្នុងការកែសម្រួលនូវយុទ្ធសាស្រ្តទីផ្សារ និងម៉ូដែលអាជីវកម្ម ជាមួយនឹងផ្លាស់ប្តូរជីវិតស៊ីវិល័យបែបថ្មី”។

សម្រាប់អតិថិជនគោលដៅសម្រាប់ទីផ្សារនេះ គឺអ្នកនៅទីក្រុងជាពិសេសអ្នកតាំងទីលំនៅតាម តំបន់ទីក្រុងរណប Phnom Penh City និងរួមបញ្ចូលអ្នកនៅតំបន់ទួលគោកដែលមានប្រមាណ៤២,៦០០គេហដ្ឋាន និងប្រាក់ចំណូលគ្រួសារប្រមាណ២១០០ ដុល្លារក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំផងដែរ។

ផ្សារទំនើបខ្នាតធំនេះ នឹងមានទិកន្លែងបោះប៊ូលប្រមាណ៣០រន្ធ រោងកុនចំនួន៩ ព្រមទាំងអាគារម្ហូបអាហារ និងសម្រាប់ក្មេងលេងផងដែរ។ ជាមួយគ្នានេះ ផ្សារទំនើបនេះ នឹងមានចំណតធំទូលាយសម្រាប់រថយន្ត នឹងទទួលបាន១៥០០គ្រឿង និង ម៉ូតូប្រមាណ ១៥០០គ្រឿងផងដែរ៕

បុរីGB Residenceតម្លៃ៦២លានដុល្លារកំពុងផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់យ៉ាងពិសេស

ដោយៈគង់ សូរិយា

ភ្នំពេញៈ បុរីGB Residence ដែលបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់៦២លានដុល្លារអាមេរិក បាននិងកំពុងផ្តល់នូវជំរើសបង់ប្រាក់ពិសេសជាច្រើន ដល់អតិថិជន។

អ្នកនាងគ្រុយ ស្រីខួចនាយិកាក្រុមហ៊ុនCMC Real Estate ដែលកំពុងទទួលបានសិទ្ឋលក់ផ្តាច់មុខនូវគំរោងបុរីដ៏ធំ និងមានទីតាំងនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនារសៀលថ្ងៃទី១ កញ្ញានេះថា ជាមួយនឹងគោលដៅលើកទឹកចិត្តដល់អតិថិជន មានលទ្ឋភាពបង់ប្រាក់កាន់តែងាយស្រួល អ្នកវិនិយោគបុរីGB Residentបាន និងកំពុងផ្តល់ជម្រើសបង់ប្រាក់ជាច្រើន ក្នុងនោះលក្ខខ័ណ្ឌបង់ប្រាក់ពិសេសមួយ គឺអតិថិជនអាចបង់រំលស់ ដោយឥតការប្រាក់រយៈពេល២៤ខែ។

អ្នកនាងបន្តថា “ជាមួយនឹងគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ បុរីGB បាននិងកំពុងទាក់ទាញ ចំណាប់អារម្មណ៍ជាច្រើនពីអតិថិជន ដោយសារទីតាំងមានភាពល្អប្រសើរ ដែលព័ន្ឋជុំវិញដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះ និងសេវាកម្មបំរើឲ្យការរស់នៅកាន់តែមានភាពងាយស្រួល និងផាសុខភាព”។

អ្នកវិនិយោគបុរីGB Residence លោកឧកញ៉ាតាំង គួងហាវធ្លាប់បានមានប្រសា​សន៍ឲ្យដឹងថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។លោកបន្តថា “ផ្ទះក្នុងគំរោងGB Residenceមានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរីGB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។

លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យដឹងទៀតថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាពដូចផ្លូវ២៧១នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះនឹងទទួលបានផលចំណេញច្រើននាពេលអនាគត ដោយសារតំបន់នេះជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។

ទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៩៦៤, ២២២, ០៧៩ ៤៤៣ ៧៧៣, ០១០ ៦០០, ៥៨៧, 0១៦ ៩៩៩ 758៕

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Singha Estate គ្រោងចាប់ផ្ដើមគម្រោងលំនៅដ្ឋានដ៏ធំ

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ Singha Estate Plc គ្រោងចាប់ផ្ដើមដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន កម្ពស់ទាបដល់ទៅ៣គំរោងចាប់ពីឆ្នាំ២០២២ បន្ទាប់ពីផ្អាកគម្រោងខុនដូថ្មីៗរបស់ខ្លួន ក្នុងរយៈពេល១៨ខែចុងក្រោយនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី០១ កញ្ញា នេះ។

ដំណឹងនេះអាចចាត់ទុកជាសញ្ញាវិជ្ជមាន សម្រាប់វិស័យអចលនទ្រព្យ មិនត្រឹមនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់តំបន់ផងដែរ ខណៈវិបត្តិកូវីដ-១៩ មិនដឹងចប់នៅពេលណា។

លោក Chairath Sivapornpan ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចល​នទ្រព្យដែលចុះបញ្ជីនៅផ្សារមូលបត្រថៃ ខាងលើនេះបានលើកឡើងថា គម្រោងទី១ ដែលគ្រោងចាប់ផ្ដើមនៅត្រីមាសទី៣ ឆ្នាំ២០២២ នឹងមានយូនីតដែលមានតម្លៃចន្លោះពី៥០លានបាត (១,៥៥លានដុល្លារអាមេរិក) ទៅ១០០លានបាត (៣,០៩លានដុល្លារអាមេរិក) ជាផ្នែកមួយដែលក្រុមហ៊ុនមានជំនាញ។

លោកបន្ថែមទៀតថា “លំនៅដ្ឋានប្រណីតប្រភេទផ្ទះដាច់ៗពីគ្នា គឺមានតម្រូវការខ្ពស់។ យើងកំពុងព្យាយាមទិញដីធ្លី២កន្លែងទៀត សម្រាប់ចាប់ផ្ដើមគម្រោងលំនៅដ្ឋាននៅឆ្នាំក្រោយ”។ លោកបន្ថែមថា “តម្លៃគោលដៅរបស់យើង នឹងមានចន្លោះពី១០លានបាត (៣០៩.០០០ដុល្លារអាមេរិក) ទៅ១០០លានបាត (១,៥៥លានដុល្លារអាមេរិក)”។

ចាប់តាំងពីខែកុម្ភៈឆ្នាំមុនមក ក្រុមហ៊ុននេះបានផ្អាកការបើកដំណើរការ គម្រោងខុនដូថ្មីៗ នៅពេលទីផ្សារអចលនទ្រព្យ មានផ្ទះលក់មិនចេញច្រើន ហើយតម្រូវការធ្លាក់ចុះខ្លាំងអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩។

លោក Chairath Sivapornpan បានថ្លែងថា ក្រុមហ៊ុននឹងផ្តោតលើស្តុកខុនដូមានស្រាប់ ដែលមានតម្លៃសរុបចំនួន៦,៦២ពាន់លានបាត (២០៥លានដុល្លារ) ពីគម្រោងចំនួន៣។

ប្រធានផ្នែកហិរញ្ញវត្ថុរូបនេះបានគូសបញ្ជាក់ថា “យើងនឹងចាប់ផ្ដើមដំណើរការប៊្រែន (ម៉ាកយីហោ) The Extro ឡើងវិញនៅដំណាច់ឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាល បើកព្រំដែនស្វាគមន៍ជនបរទេសឡើងវិញ។ ប្រទេសថៃ នៅតែជាជម្រើ​សកំពូលសម្រាប់ការទិញផ្ទះទី២ ក្នុងចំណោមអ្នកទិញមកពីហុងកុង និងប្រទេសចិន”។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Singha Estate ក៏បានធ្វើពិពិធកម្មក្នុងវិស័យអចលនទ្រព្យផងដែរ តាមរយៈការហក់ចូលអភិវឌ្ឍវិស័យសួនឧស្សាហកម្ម ដោយគ្រោងបោះទុន១,៨ពាន់លានបាត (៥៥,៧លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍហេដ្ឋារចនាស   ម្ព័ន្ធ និងបណ្ដាញទឹកភ្លើង នៅក្នុងគម្រោងសួនឧស្សាហកម្មថ្មីមួយ នៅខេត្តអាងថុង (Ang Thong) នៅឆ្នាំក្រោយ៕

ហេតុអ្វីតំបន់មានការអភិវឌ្ឍហេដ្ឋាចនាសម្ព័ន្ធថ្មីៗកាន់តែមានភាពទាក់ទាញវិនិ យោគអចលទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ ក្នុង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដោយបានលើកកម្ពស់ផ្លូវដែលមានស្រា​ប់ផង និងអភិវឌ្ឍន៍ផ្លូវថ្មីៗផង។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានជំរុញឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវនោះកាន់តែមានសន្ទុះងើបឡើង។

បើតាមការសង្កេតរបស់អ្នកជំនាញ នៃក្រុមហ៊ុនវាយតម្លៃអចលនវត្ថុកម្ពុជាបានបង្ហាញថា ផ្លូវសំខាន់ៗដែលទើបសាងសង់មួយចំនួនបាន និងកំពុងជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យ និងតម្លៃដីធ្លីកាន់តែមានសន្ទុះ ក្នុងនោះគេសង្កេតឃើញថា ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបង កាត់តាមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង កំពុងសាងសង់ តែតម្លៃដីធ្លីចាប់ផ្ដើមហក់ឡើងក្រឺតៗតែម្ដង។

ក្រៅពីនេះ ផ្លូវសំខាន់មួយទៀតនៅក្នុងខេត្តកោះកុង ដែលតភ្ជាប់ពីតំបន់ដាច់ស្រយាលទៅកាន់តំបន់ទីរួមខេត្តកោះកុង ក៏បាននិងកំពុងជំរុញដីធ្លី កាន់តែមានសន្ទុះនិងជាចំណាប់របស់អ្នកវិនិយោគក្នុងវិស័យដីធ្លីផងដែរ ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ ក្រុមហ៊ុនអចលនទ្រព្យមួយបានឱ្យដឹងថាគម្រោងផ្លូវជាតិលេខ៣ ដែលតភ្ជាប់ខេត្តសំខាន់៣ នៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិន ក្នុងការស្វែងរកការវិនិយោគ។

តំបន់តាមបណ្ដោយផ្លូវជាតិថ្មីមួយនេះ នឹងក្លាយជាទិសដៅក្នុងការដឹកជញ្ជូនទំនិញនិងទេសចរដ៏សំខាន់នៅពេលខាងមុខ។ ផ្លូវនេះមានប្រវែង១៩៨គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ  ដែលអភិវឌ្ឍជាផ្លូវក្រាលកៅស៊ូ២ស្រទាប់ និងបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីចុងខែធ្នូ២០១៩ និងចំណាយទឹកប្រាក់សាងសង់ ប្រមាណ១៨៨លានដុល្លារអាមេរិក ហើយមកដល់ពេលនេះ សាងសង់បានប្រមាណជាង៥០ភាគរយ និងបញ្ចប់នៅអំឡុងឆ្នាំ២០២៤ខាងមុខ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានលើកឡើងពីហេតុផលស្រដៀងគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់ នឹងបង្កើនភាពទាក់ទាញដល់វិនិយោ​គិនក្នុងការបណ្ដាក់ទុនវិនិយោគ ជាក់ស្ដែងកន្លងមកទីណា មានការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទីនោះតែងតែទទួលបានគម្រោងវិនិយោគទៅដល់ផងដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានឱ្យដឹងផងដែរថា ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ មានសារសំខាន់ដល់ការធ្វើដំណើររបស់ពលរដ្ឋនិងទេសចរ ក៏ដូចជា វិនិយោគិនបែបនេះ ទើបរាជរដ្ឋាភិបាលបានខិតខំក្នុងការសន្សំថវិកាផងនិងកៀងគរថវិកា ពីខាងក្រៅប្រទេសផង ដើម្បីសាងសង់ផ្លូវកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា តភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តទៅបណ្ដាខេត្តផ្សេងៗ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាចំណុចគន្លឹះមួយ ដែលទាក់ទាញការអភិវឌ្ឍ និងការវិនិយោគពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដោយមើលឃើញកំលាំងចលករនេះហើយ ទើបរាជរដ្ឋាភិបាលបានវិនិយោគ ទឹកប្រាក់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីសម្រួល​ការដឹកជញ្ជូនផង លើកកំពស់ជីវភាពប្រជាពលរដ្ឋផង ធ្វើឲ្យមានលំហូរប្រជាពលរដ្ឋទៅកាន់គ្រប់ទីកន្លែងផង និងធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសផង។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាសសៃឈាម​សេដ្ឋកិច្ចជាតិ ហេតុនេះទើបការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស នៅតែជាគោលនយោបាយអាទិភាពរបស់សម្តេចតេជោ”៕

ព្រលានយន្តហោះChangi  airport របស់សិង្ហបុរីខាតបង់ប្រាក់៧០៨លានដុល្លារជាការធ្លាក់ចុះលើកដំបូងបង្អស់

ដោយៈសុជាតា

សឹង្ហបុរីៈ ព្រលានយន្តហោះលំដាប់កំពូលរបស់ពិភពលោក Changi  របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះប្រាក់ចំណូលជាលើកដំបូង សម្រាប់ឆ្នាំសាពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២១។

ជាមួយនឹងអ្នកធ្វើដំណើរមានត្រឹមតែ១,១លាននាក់ បានឆ្លងកាត់ប្រទេសនេះ ដោ​យ​​សារតែវិបត្តិ Covid19  ដែលប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស។

តួលេខអ្នកដំណើរនេះ បានតំណាងអោយការធ្លាក់ចុះ៩៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ទំហំទឹកប្រាក់ខាតបង់ចំពោះភាគហ៊ុនិក គឺមានប្រមាណ៩៥៤លានដុល្លារ សីង្ហបុរី ( ៧០៨ លានដុល្លារ) ពោលគឺធ្លាក់ចុះប្រមាណ៤៣៥លានដុល្លារសិង្ហបុរី ( ៣២៣ លានដុល្លារ)នៅឆ្នាំហិរញ្ញវត្ថុ២០១៩ និង២០២០ កន្លងទៅនេះ។

បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Chagi Airport បានបង្ហាញអោយដឹងថា ចំនួនជើងហោះហើរបានឆ្លងកាត់ ព្រលានយន្តហោះនេះ បានធ្លាក់ចុះប្រមាណ៨០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយការលក់សម្បទានបានបាត់បង់សឹងតែ៩០ភាគរយ៕

រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការក្ដៅកំណត់ថ្លៃឈ្នួលផ្ទះក្នុងទីក្រុងនានា

ដោយៈសុខុម

ប៉េកាំង: រដ្ឋាភិបាលចិនបានប្រកាសថា ថ្លៃឈ្នួលផ្ទះនៅតាមទីក្រុងនានា មិនត្រូវឡើងលើសពី៥%ឡើយក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០១ កញ្ញា នេះ។

នេះគឺជាចំណាត់ការដំបូង មិនធ្លាប់មានរបស់រដ្ឋាភិបាលចិន នៅក្នុងការកំណត់ថ្លៃឈ្នួលផ្ទះ ហើយវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យលំនៅដ្ឋានកាន់តែមានតម្លៃសមរម្យ ដែលពលរដ្ឋចិនទូទៅអាចមានលទ្ធភាពទិញ ឬជួល។

ស្ថានភាពលំបាករបស់ពលរដ្ឋ ដែលមានប្រាក់ចំណូលទាប បានក្លាយជាចំណុចស្នូល នៃគោលនយោបាយរបស់រដ្ឋាភិបាលចិន ស្របពេលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្ដេជ្ញាកាត់បន្ថយគម្លាតកម្រិតជីវភាព ឬវិសមភាពសង្គមរបស់ពលរដ្ឋ ដើម្បីឆ្ពោះឈានទៅរក “ភាពរុងរឿងទាំងអស់គ្នា”។

ថ្លៃឈ្នួលផ្ទះក្នុងទីក្រុងធំៗនានា បានហក់ឡើងខ្ពស់កាលពីរដូវក្តៅ ដែលមួយអន្លើដោយសារនិស្សិតទើបបញ្ចប់ការសិក្សា សម្រុកចូលទៅក្នុងទីក្រុងទាំងនោះ ដើម្បីស្វែងរកការងារធ្វើ។ ក្រុងប៉េកាំង និងក្រុងស៊ឹនជិន (Shenzhen) បានចាប់ផ្តើមអនុវត្តវិធានការនានានៅឆ្នាំនេះដើម្បីជំរុញការផ្គត់ផ្គង់ផ្ទះជួល។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីក្រុងធំៗបានចេញសេចក្ដីព្រាងវិធានស្ដីពីការជួលផ្ទះ ដើម្បីផ្ដល់ការការពារកាន់តែប្រសើរ លើសិទ្ធិរបស់អ្នកជួល រួមទាំងបម្រាមមិនឱ្យម្ចាស់ផ្ទះ យកប្រាក់កក់លើសពីថ្លៃឈ្នួលផ្ទះមួយខែផងដែរ។

អាជ្ញាធរក៏នឹងធ្វើការបង្ក្រាបផងដែរ ទៅលើការអនុវត្តបំពានពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ និងPlatform អចលនទ្រព្យតាមអនឡាញ ដូចជា ការយកថ្លៃលើសហួសហេតុពីអ្នកជួលផ្ទះជាដើម។

វិធានទាំងនេះគឺជាផ្នែកមួយ នៃវិធានការបោសសម្អាតទីផ្សារអចលនទ្រព្យឱ្យស្អាតនៅរយៈពេល៣ឆ្នាំក្រោយ ដើម្បីលុបបំបាត់ភាពមិនប្រក្រតីនានា ដែលបានធ្វើឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់ខ្លាំងដែលពលរដ្ឋចិន ទូទៅគ្មានលទ្ធភាពទិញសម្រាប់រស់នៅ៕

តោះមកទស្សនារូបភាពព្រលានយន្តហោះតម្លៃ៩០០លានដុល្លារនៅខេត្តសៀមរាប

ដោយៈគង់ សូរិយា

សៀមរាបៈ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប សាងសង់បានប្រមាណ៥០ភាគរយហើយរហូតមកទល់ពេលនេះ។

ព្រលានយន្តហោះ ស្ថិតក្នុងស្រុកសូទ្រនិគមនេះ សាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះ។

តោះមកទស្សនារូបភាពថតពីលើអាកាស របស់ព្រលានយន្តហោះ ដែលបាននិងកំពុងសាងសង់ និងវិនិយោគដោយក្រុមហ៊ុនយូណាន មកពីប្រទេសចិននេះទាំងអស់គ្នា៕

រដ្ឋមន្ត្រីសេដ្ឋកិច្ចៈ វិស័យឯកជនដើរតួនាទីសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងអាជីវកម្ម

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជារាជរដ្ឋាភិបាលបាន និងកំពុងខិតខំធ្វើបរិវត្តកម្មឌីជីថល ប៉ុន្តែការងារកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងមិនអាចសម្រេចឡើយ បើតួអង្គពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ី មិនដើរស្រប់គ្នា និងមិនចាប់ផ្ដើមចាប់យកបច្ចេកវិទ្យាឌីជីថលនេះមកប្រើប្រាស់ ។ នេះបើតាមលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងនៅព្រឹកថ្ងៃទី១កញ្ញា២០២១នេះ។

លោកបន្តថា វិស័យឯកជនដើរតួនាទីជាតួអង្គដ៏សំខាន់មួយ ដែលត្រូវចាប់ផ្ដល់ធ្វើបរិវត្តនកម្មឌីជីថល ក្នុងអាជីវកម្មរបស់ខ្លួន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការអាជីវកម្ម និងសម្រាប់ជាមធ្យោបាយ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន ក៏ដូចជាការលក់ដូរអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម”។

លោកបានផ្ដល់ជាអនុសាសន៍មួយចំនួន ដល់វិស័យឯកជនក្នុងការចាប់ផ្ដើមគិតគូរធ្វើបរិវត្តកម្មឌីជីថលរួមមាន ទី១ គួរផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបធ្វើការតាមយុគបច្ចេកវិទ្យាឌីជីថល ព្រោះការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាដំណើរការដែលធ្វើតែមួយលើកឬមួយពេលនោះទេ ពោលគឺជាដំណើរការ ដែលត្រូវធ្វើជាប្រចាំ។ ដូច្នេះយើងត្រូវពង្រឹងសមត្ថកភាពសម្របខ្លួន និងសមត្ថភាពផ្លាស់ប្តូររហ័ស ដើម្បីរកដំណោះស្រាយថ្មីៗធ្វើឱ្យបរិវត្តកម្មឌីជីថល កាន់តែមានប្រសិទ្ធភាព និងមានសន្ទុះលឿន។

ទី២ កំណត់ចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការវាយតម្លៃឡើយវិញ នូវសមត្ថភាពនិងធានធានរបស់ខ្លួន ទី៣ កំណត់អាទិភាពនៃការធ្វើឌីជីថលូបនីយកម្ម ទាំងលើផ្នែកប្រតិបត្តិការនិងផ្នែកទីផ្សារ និងទី៤ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហបង្កើតថ្មី រវាងរដ្ឋនិងឯកជន ឬឯកជននិងឯកជននិងពនិត្យនិងស្វងរកកម្មវិធីគាំទ្រផ្សេងៗរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងដាក់ឱ្យមានកម្មវិធីគាំទ្រថ្នាក់ជាតិ ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដែលកម្មវិធីនេះ មានការគិតគូរជាកញ្ចប់ និងគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពហិរញ្ញវត្ថុបច្ចេកទេសនិងជំនាញ។

លោកបន្ថែមថា “តាមរយៈប្រព័ន្ធចុះបញ្ជីតាមអេឡិចត្រូនិក នឹងជួយសម្រួលដល់ធុរជន និងវិនិយោគិនក្នុងការចុះបញ្ជីអាជីវកម្ម ហើយនឹងទាក់ទាញដល់ធុរជន និងវិនិយោគិនដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ និងបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា”៕