ដោយ៖ សុផារី
ភ្នំពេញ៖ សព្វថ្ងៃនេះវិស័យអចលនទ្រព្យគឺមានការរីកចម្រើនជាខ្លាំង។ រូបភាពនៃការវិនិយោគ យើងអាចធ្វើការទិញនូវអចលនទ្រព្យមានដូចជា ផ្ទះ ដី ខុនដូ នូវតម្លៃមួយដោយរំពឹងថាតម្លៃអចលនទ្រព្យនោះនឹងមានការកើនឡើងនៅថ្ងៃខាងមុខ ហើយយើងនឹងទទួលបានប្រាក់ចំណេញខ្លះពីការទិញ លក់អចលនទ្រព្យនោះ។ប្រភេទនៃការវិនិយោគនឹងមានហានិភ័យ បើសិនជាវិនិយោគិនមិនបានសិក្សាឲ្យបានស៊ីជម្រៅមុននឹងធ្វើការវិនិយោគ។ ពិតណាស់ការវិនិយោគច្បាស់ជាប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃពិតមែន តែវាជាគន្លឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបដើម្បីឈានទៅរកសេរីភាពហិរញ្ញវត្ថុនៅថ្ងៃខាងមុខ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំសមាជលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សម្រាប់អ្នកវិនិយោគដំបូងក្នុងការសម្រេចចិត្ត វិនិយោគិនទាំងឡាយគួរសម្រេចចិត្តស្របតាមធនធានហិរញ្ញវត្ថុរបស់ខ្លួន។
យើងត្រូវសម្លឹងមើលឱកាសវិនិយោគមិននឹងចាប់ផ្តើម យើងត្រូវដឹងពីសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន យើងជានរណា? មានលទ្ធភាពដាក់ទុនធំឬតូច? ការប្រើប្រាស់ជាសាច់ប្រាក់ឬកម្ចី?
ប្រសិនបើមានជាសាច់ប្រាក់សុទ្ធ គួរវិនិយោគនៅតាមតំបន់ជាយរាជធានីភ្នំពេញ ក្រវាត់ក្រុងទី៣ ទី៤ ដោយលោកថា ទិញតែមួយរយៈនឹងទទួលបាននូវប្រាក់ចំណេញយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ប្រសិនបើមានលទ្ធភាពខ្ពស់អាចទិញនៅតាមជាយក្រុង ដូចជាម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខជាដើម ដែលអាចផ្តល់នូវប្រាក់ចំណេញគួរសម។
បើមានដើមទុនតិច លោកណែនាំវិនិយោគិនទាំងឡាយគួរមើលសក្តានុពលអភិវឌ្ឍន៍ ដូចជានៅតាមខេត្តកំពង់ស្ពឺ ផ្នែកខ្លះនៃក្រវាត់ក្រុងទី៤ មានកាត់ខេត្តកំពង់ស្ពឺ តាកែវ និងព្រៃវែង សម្រាប់ការវិនិយោគរយៈពេលយូរ។
ប្រសិនបើប្រើប្រាស់ហិរញ្ញប្បទាន លោកលើកទឹកចិត្ដឱ្យវិនិយោគផ្ទះឬខុនដូ ដោយសារផ្ទះនិងខុនដូផ្តល់នូវលំហូរសាច់ប្រាក់ប្រចាំខែ។ លោកមានប្រសាសន៍ណែនាំថា ប្រសិនបើយើងមិននៅ យើងអាចជួយបាន ដោយមិនមានការប្រឈមមុខនឹងហានិភ័យធំ កុំឱ្យការវិនិយោគលើអចលនទ្រព្យជារឿងដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាព។
សព្វថ្ងៃនេះ វិស័យខុនដូនៅក្នុងប្រទេសកម្ពុជាបាននិងកំពុងធ្វើការវិវត្តខ្លួនបន្ទិចម្តងៗ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជននៅក្នុងស្រុកនិងក្រៅស្រុក។ លោកបានមានប្រសាសន៍ថា “អត្ថប្រយោជន៍នៃការរង់នៅខុនដូ មានដូចជាការរស់នៅក្នុងសហគមន៍ប្រជាជនដែលមានជីវភាពប្រហាក់ប្រហែលគ្នា បរិយាកាសល្អ ទីធ្លាទូលាយ មានអាងហែលទឹក កន្លែងហាត់ប្រាណ និងផ្តល់ភាពងាយស្រួលផ្សេងៗ ជាដើម។”
ប្រជាជនកម្ពុជាដែលគាំទ្រខុនដូ ភាគច្រើនមានអាយុចាប់ពី ២៥ ទៅ ៤៥ ឆ្នាំ។ លោកថា “សម្រាប់ខុនដូមួយបន្ទប់គេង អាចជួលបានក្នុងតម្លៃ៥០០ ៧០០ដុល្លា ពីរបន្ទប់គេង ក្នុងតម្លៃ៧០០ ៩០០ដុល្លា ឬអាចខ្ពស់ដល់១២០០ដុល្លា តាមទីតាំង ទំហំ និងសម្ភារៈដែលមាន។ ដូច្នះ ការវិនិយោគលើខុនដូ អាចជួលបានថ្លៃ តម្លៃមិនងាយលក់បានថ្លៃក៏ដោយ តែលំហូរនៃសាច់ប្រាក់គឺល្អ។” លោកបន្តថា “លំហូរនៃការបង់ប្រាក់ នៅសល់លុយខ្លះ អាចទទួលនូវជីវភាពល្អ ដោយសារគាត់់មានចំណូលជាប្រចាំ ហើយក្នុងរយៈពេលយូរ គាត់នឹងទទួលបានខុនដូជាកម្មសិទ្ធិ ជាពិសេសនៅពេលលក់ចេញ គាត់នឹងទទួលបានចំណូលខ្ពស់។”
សម្រាប់ការ ទិញផ្ទះ តម្លៃមានការឡើង តែចំនួនជួលមានតិច។ ចំណែកការវិនិយោគលើដី ត្រូវសងត្រលប់ជាប្រចាំខែឬប្រចាំឆ្នាំ។ បើយើងប្រើប្រាស់ធនធាននេះលើការវិនិយោគលើដី ដែលជាទូទៅពិបាកក្នុងការជួលណាស់ ធ្វើឱ្យមានបញ្ហាចរន្តសាច់ប្រាក់ទូទាត់ត្រលប់ទៅកាន់ធនាគារ៕