គម្រោងផ្តួចផ្គើមខែ្សក្រវាត់1 ផ្លូវ១ជួយប្រទេសកម្ពុជាទប់ស្កាត់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចដោយសារតែវិបត្តិ Covid 19

ដោយៈសុជាតា

ភ្នំពេញៈ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១ កំពុងនាំវិបុលភាពដល់កម្ពុជាបណ្តើរៗ តាមរយៈទំនាក់ទំនងល្អប្រសើររវាងរដ្ឋាភិបាលកម្ពុជា ចិន ដែលផ្តល់នូវកាលានុវត្តន៍ភាពយ៉ាងច្រើនសំរាប់សេដ្ឋកិច្ចកម្ពុជា។

យោងតាមចេញផ្សាយភ្នាក់ងារសារព័ត៌មាន ផ្លូវការរបស់ប្រទេសចិន Xinhua បា​ន​បង្ហាញអោយដឹងថា ថ្វីបើវិបត្តិCovid19 បន្តរាលដាលទូទាំងប្រទេស ក៏ប៉ុន្តែវិស័យសំណង់នៃគម្រោងធំមួយចំនួន ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ និង ក្រុងព្រះស៊ីហនុ  និង រោងចក្រផលិតថាមពលទំហំ៧០០មេហ្គាវ៉ាត នៅក្រុងព្រះសីហនុបានដំណើរបន្តទៅមុខ។ ប៉ុន្តែគម្រោងទាំងនេះ បញ្ចប់វានឹងដើរតួនាទីដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចនៅក្រោយវិបត្តិ Covid 19 ។

លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថា គម្រោង BRI  ដូចជាសំណង់ផ្លូវល្បឿនលឿនភ្នំពេញ និង ក្រុងព្រះសីហនុ  អាកាសយានអន្តរជាតិសៀមរាប ស្តាតពហុកីឡាដ្ឋានថ្មី និង តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ បានផ្តល់សារៈសំខាន់ដ៏ធំសំបើមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងវិបត្តិ Covid 19 នេះ។

ក្នុងនោះដែរ តំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីដ៏សំខាន់គាំទ្រ ការនាំចេញ និង រោងចក្រថាមពលអគ្គិសនី ដែលរក្សាស្ថេរភាពអគ្គិសនី ដែលធានាដល់ការរស់នៅប្រចាំថ្ងៃ និង អាជិវកម្មនានា។

លោកផៃ ស៊ីផានបានបញ្ជាប់ប្រាប់ភ្នាក់ងារព័ត៌មាន Xihua  ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០១៣ គម្រោងBRI  បានក្លាយទៅជាក្បាលម៉ាស៊ីនថ្មី សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ គម្រោងនេះផ្តល់សហប្រតិបត្តិការតំបន់ និងពិភពលោក តាមរយៈហេដ្ឋារចនាសម្ពន្ធទាំងផ្នែកទន់ និង ផ្នែករឺងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱកាសវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ផងដែរ។

ជាមួយគ្នានេះ លោក នាក់ ចាន់ដារ៉ារិទ្ធិ អគ្គនាយកមជ្ឍមណ្ឌលស្រាវជ្រាវវិថីសូត្រសតវត្សទី២១ បានលើកឡើងថា គម្រោងBRI បានដើរតួនាទីក្នុងការរក្សាស្ថេរភាពការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលវិបត្តិCovid 19 ។

លោកបន្ថែមទៀតថា បើយោងតាមរបាយការណ៍ប្រតិបត្តិការ តំបន់សេដ្ឋកិច្ចព្រះសីហនុបានកើនឡើង៤៤ភាគរយ ដោយតំលៃនាំចេញ នាំចូលបានកើនឡើងដល់        ១១៨៥លានដុល្លារ នៅរយៈពេល៧ ខែឆ្នាំ២០២១។ ជាងនេះទៀត គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ រំពឹងទុកថានឹងបញ្ចប់តាមពេលវេលាកំណត់ ដែលបានបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។

តាមរយៈគម្រោង BRI នឹងផ្តល់សារៈប្រយោជន៍ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិ Covid 19 ព្រមទាំងសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ជាមួយបណ្តាសេដ្ឋកិច្ចនៅក្នុងពិភពលោក៕

Balactan គ្មានជាតិសណ្តែកមានអ្វីពិសេសដែលម្សៅទឹកដោះគោដទៃទៀតគ្មាន?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការជ្រើសរើសម្សៅទឹកដោះគោ ដែលមានគុណភាព ជាជម្រើសមួយដែ លមាតា បិតាគួរពិចារណាបំផុត ដើម្បីផ្តល់ការលូតលាស់ដល់កុមារ ប្រកបដោយសុខភាពល្អ និងបញ្ញាឈ្លាសវៃ។

ហេតុនេះការជ្រើសរើសផលិតផលមួយ ដែលត្រឹមត្រូវនឹងជួយឲ្យសុខភាពកុមារទាំងរាងកាយ ប្រាជ្ញាមានភាពល្អប្រសើរ។

Balactan ដែលជាផលិតផលទឹកដោះគោ ផលិតនៅសហគមន៍អឺរ៉ុប ត្រូវបាននាំចូលមកដោយ ក្រុមហ៊ុន MTSL Investment Co., Ltd ជាផលិតផលទឹកដោះគោដែលគ្មានជាតិសណ្តែកដំបូងបង្អស់នៅកម្ពុជា។

តើផលិតផលម្សៅទឹកដោះគោ គ្មានជាតិសណ្តែកផ្តល់ផលប្រយោជន៍ បែបណាដល់កុមារ តាមការស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិមួយបានរកឃឃើញថា ទឹកដោះគោដែលគ្មានជាតិសណ្តែក អាចឲ្យកុមារមានជំងឺអង់ហ្សីម និងជំងឺស្លេស្លាំងអាចទទួលទានបាន។

របាយការណ៍ការសិក្សាបានឲ្យដឹងថា នៅពេលទារកកើតមកភ្លាម គ្រូពេទ្យតែងតែជោះកែងជើង បើសិនជាទារកមានជំងឺអង់ហ្សីម គ្រូពេទ្យតែងតែប្រាប់មាតា បិតាគ្រប់រូបពីបុត្រធីតារបស់ពួកគេថា កូនរបស់ពួកគេមិនអាចញាំ ឬទទួលទានផលិតផលដែលមានជាតិសណ្តែកឡើយ។

ជាមួយគ្នានេះ លោក ប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltd នៅកម្ពុជាក៏ធ្លាប់បានចែករំលែកមូលហេតុ ដែលធ្វើទីផ្សារទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល ត្រូវបានគេទទួលស្គាល់លឿនរហូតល្បីនៅកម្ពុជាស្ទើរ២៥រាជធានី ខេត្ត គឺដោយសារតែកត្តាធំៗចំនួន៣ រួមមាន៖ គុណសម្បត្តិពិសេសៗរបស់ផលិតផល, ក្រុមហ៊ុនមានប្រព័ន្ធគ្រប់គ្រង ល្អ និងចុងក្រោយគឺក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ចំពោះដៃគូសហការ។​

ម្យ៉ាងវិញទៀត លោកអ្នកអាចទៅកាន់ទីតាំងក្រុមហ៊ុនផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៤២​​B ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧​/០៧៨/០៦៨ ៩២៥ ៧៧៧ Facebook Page: Balactan Cambodia និង Telegram Channel: Balactan Cambodia៕

 

អគារផ្កាឈូកGrand Lisboa សំណង់ស្ថាបត្យកម្មប្រចាំក្រុងម៉ាកាវមានលក្ខណៈ ពិសេសបែបណា?

ដោយៈសុខុម

ប្រទេសចិនៈ អគារខ្ពស់ត្រដឹម និងធំស្កឹមស្កៃ Grand Lisboa គឺជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅក្រុងម៉ាកាវ ប្រទេសចិន ជាមួយនឹងរចនាប័ទ្មយ៉ាងស្រស់ស្អាតប្លែកបែបផ្កាឈូក។

អ្នកខ្លះអាចនឹងស្មានថា អគារនេះត្រូវបានសាងសង់ឡើងយ៉ាងពិសេស ដើម្បីឧទ្ទិសដល់សាសនាផងក៏មិនដឹង ព្រោះដូចយើងដឹងហើយថា ផ្កាឈូកជានិមិត្តរូបតំណាងឱ្យព្រះពុទ្ធសាសនា។

ប៉ុន្តែតាមពិត អគារ៥២ជាន់ដែលមានកម្ពស់២៦១ម៉ែត្រនេះ គឺជាសណ្ឋាគារ & កាស៊ីណូ ដូចសណ្ឋាគារ Naga World នៅកម្ពុជាយើងដែរ។ ឌីហ្សាញប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Dennis Lau & Ng Chun Man Architects & Engineers (HK) Ltd អគារដែលមានពណ៌ស្រស់ឆើតឆាយនេះ កាន់កាប់ដោយក្រុមហ៊ុន Sociedade de Turismo e Diversões de Macau (STDM)។

កាស៊ីណូ  & ភោជនីយដ្ឋានក្នុងអគារនេះ បានបើកដំណើរការនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៧ ចំណែកឯសណ្ឋាគារបានបើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៨។ កាស៊ីណូនៅទីនេះមានតុល្បែងចំនួន៨០០តុ និងស្លុតម៉ាស៊ីន (slot machine) ចំនួន១.០០០។

សណ្ឋាគារខាងលើនេះ មានបន្ទប់គេងធម្មតា និងបន្ទប់គេងប្រភេទស្វីត (suite) សរុបចំនួន៤៣០បន្ទប់។ ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតបន្ថែមទៀតឡើយ ជុំវិញអគារផ្កាឈូកនេះ។

Grand Lisboa គឺជាអគារខ្ពស់បំផុតប្រចាំក្រុងម៉ាកាវ និងស្អាតប្លែកខុសពីគេ។ បើធ្វើដំណើរកម្សាន្តទៅកាន់ក្រុងម៉ាកាវ ដោយមិនបានចូលកន្លែងនេះ ប្រៀបដូចមិនបានទៅអញ្ចឹង ពោលគឺមិនខុសពីមកលេងប្រទេសកម្ពុជា ដោយមិនបានទៅទស្សនាប្រាសាទអង្គរវត្តនោះឡើយ៕

ខេត្តព្រះសីហនុបើកឱ្យដំណើរការអាជីវកម្មជាច្រើនឡើងវិញក្រោយស្ថានភាព កូវីដ១៩ប្រសើរឡើង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុបានត្រលប់មកប្រសើរឡើងវិញ ដែលជាហេតុធ្វើឱ្យរដ្ឋបាលខេត្ត អាចបើកដំណើរការអាជីវកម្មមួយចំនួនឡើងវិញ ជួលសម្រួលដល់ការងាររបស់ប្រជាពលរដ្ឋ ក្នុងខេត្តនេះផ្ទាល់តែម្ដង។

លោកតាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ កញ្ញានេះថា ដោយអនុវត្តតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ និងសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បើកអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានឡើងវិញ ព្រោះបច្ចុប្បន្ន ស្ថានភាពនៃការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុមានលក្ខណៈធូរស្រាល និងល្អប្រសើរដូចនេះ ដើម្បីសម្រួលដល់សកម្មភាពអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានផង ក៏ដូចជា បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តរភាព។

លោកបន្តថា “ម្ចាស់អាជីវកម្មដែលអនុញ្ញាតឱ្យភ្ញៀវ ចូលទទួលទានអាហារនៅក្នុង ទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោលការណ៍ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី ៦ តម្រូវឱ្យម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាតបញ្ជាក់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩    ចំនួន២លើកបានរួចរាល់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវយកសំណាកចំនួន ២លើកក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម ។

លោកតាំង សុចិត្រគ្រឹះស្នាបានបញ្ជាក់ថា ម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារ    ដ្ឋានទាំងអស់ត្រូវគោរពឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមវិធានការ”៣កុំ ៣ការពារ” របស់សម្តេចតេជោ វិធានការសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

កាលពីចុងខែសីហា២០២១កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ក៏បានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ១៩ថយចុះ នៅរយៈពេលចុងក្រោយនេះ ជាសញ្ញាវិជ្ជមាន ក្នុងការបើកសង្គមសេដ្ឋកិច្ចឡើងវិញ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនដែលមានការឆ្លងខ្លាំងពីមុន ។

កាលពីម្សិលមិញនេះដែរ ក្រសួងទេសចរណ៍ ក៏បានណែនាំដល់អាជីវកម្មទេស​ចរណ៍មួយចំនួន ក្នុងការអនុវត្តស្ដង់ដារប្រតិបត្តិអប្បបរិមាតាមគន្លងប្រក្រតីភាពថ្មី។ អាជីវកម្មចំនួន ដែលក្រសួងកំណត់ក្នុងការអនុវត្ត រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេស​ចរណ៍  អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍៕

កំពង់ផែដឹកទំនិញលើកដំបូងនៃខេត្តកែបតម្លៃជិត២លានដុល្លារនឹងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលខែនេះ

ដោយៈតារា

កែបៈ រដ្ឋបាលខេត្តកែបបានឱ្យដឹងថា ចំណតជលយានសេះស (កំពង់ផែសេះ-ស) ដែលជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់អូរក្រសារ ក្រុងកែប នឹងចាប់ផ្ដើមដំណើរការសាងសង់ នៅពាក់កណ្ដាលខែកញ្ញានេះហើយ។

គម្រោងសាងសង់កំពង់ផែនេះ ជាការវិនិយោគរួមគ្នារវាងរដ្ឋ និងក្រុមហ៊ុនឯកជន   រយៈពេល១៥ឆ្នាំ លើគម្រោងទឹកប្រាក់វិនិយោគចំនួនជាង១,៩លានដុល្លារ ហើយកំពង់ផែនេះ នៅពេលសាងសង់រួច នឹងមានសមត្ថភាពអាចឲ្យសាឡាងដឹកទំនិញ ចេញចូលបានចាប់ពីចំណុះ១០តោន ទៅ១០០០តោន។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ការអនុវត្តគម្រោងវិនិយោគសាង សង់កំពង់ផែសេះ-សនេះ ក្នុងគោលបំណងរួមចំណែកធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប៕

កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេសមានទឹកប្រាក់ជាង ៣០០០លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួនជាង៣ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមការនាំចេញទាំងនោះ ការនាំចេញអង្ករមានទឹកប្រាក់២៩១,៩២លានដុល្លារអាមេរិក ការនាំចេញស្រូវ មានទឹកប្រាក់៣៩៣,២១លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ និងអង្ករមានទឹកប្រាក់ចំនួន២,៥៤ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា​ញ់និងនេសាទបានបង្ហាញថា កម្ពុជាបាននាំចេញកសិផល ទៅកាន់ទីផ្សារក្រៅប្រទេសមានបរិមាណសរុបជាង៥,៥៤លានតោន ទៅកាន់គោលដៅប្រទេស៦៦ប្រទេស ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការកើនឡើង២,៦២លានតោន ឬប្រមាណ៨៩,៦៨ភាគរយ។

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន អង្ករមានចំនួន៣៤៣.៤៤៧តោន ថយចុះ ២៣,៣៧ភាគរយ ស្រូវបាននាំចេញចំនួន២,៣៨លានតោន ទៅកាន់ប្រទេសវៀតណាមកើនឡើងរហូតដល់៨៥,៩៣ភាគរយ និងការនាំចេញកសិផលក្រៅពីស្រូវ អង្ករ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ មានបរិមាណ៣,៦៣លានតោន កើនឡើងដល់ទៅ៤៦,៩២ភាគរយ។

កសិផលក្រៅពីស្រូវ និងអង្ករ ដែលត្រូវបាននាំចេញ រួមមានចំណិតដំឡូងមីក្រៀម ចំនួនជាង១,២៨លានតោន ដំឡូងមីស្រស់មានចំនួន៤៦៩.៣០០តោន ម្សៅដំឡូងមី ១៨ពាន់តោន កាកសំណល់ដំឡូងមីជាង៥ពាន់តោន គ្រាប់ស្វាយចន្ទីរចំនួន៨៧៦ពាន់តោន គ្រាប់ពោតមានចំនួនជាង១៥២ពាន់តោន គ្រាប់សណ្ដែកបាយមានចំនួនជាង២៣ពាន់តោន ចេកស្រស់មានចំនួនជាង៣១០ពាន់តោន ស្វាយស្រស់ជាង១៦៣,៨២ពាន់តោន ម្រេចជាង២៤ពាន់តោន និងផលិតផលសំខាន់ៗមួយចំនួន៕

លោកឧកញ៉ាសំ សុខនឿនលើកឡើង៤ចំណុចទាក់ទងនិងអាជីពក្នុងវិស័យអចលនទ្រព្យ

ដោយៈតារារះ

ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យ ពិសេសការវិនិយោគក្នុងវិស័យនេះ កំពុងតែមានប្រជាប្រិយភាពខ្ពស់ លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើង៤ចំណុចទាក់ទងនឹងវិស័យនេះ។

លោកឧកញ៉ាបានលើកឡើង តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១ កញ្ញាកន្លងមកងា មានបងប្អូនខ្មែរយើងជាច្រើនដែលមានការយល់ច្រឡំ លើចំណុចមួយចំនួនដូចជា ទី១ មនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វេីជាភ្នាក់ងារអចលនទ្រព្យបានយ៉ាងងាយស្រួល។ ហើយកាន់តែយល់ច្រឡំថា ភ្នាក់ងារអចលនទ្រព្យ គឺជាអាជីពងាយស្រួល ហើយរកលុយបានច្រើន តែតាមពិតទៅការងារនេះត្រូវការចំណេះដឹង ជំនាញ ការខំប្រឹងធ្វើការគ្មានសៅរ៍ អាទិត្យ ការឈ្លាសវៃ និងកត្តាផ្សេងៗទៀត។

ទី២ អ្នកអភិវឌ្ឍន៍បុរីចំណេញលុយច្រើនជាងអ្នកវិនិយោគដី តែតាមពិតទៅ មានអ្នកមានពីការវិនិយោគដីជាច្រើន ដែលចំណេញលុយច្រើនជាងអ្នកអភិវឌ្ឍន៍បុរី តែការលក់ដីដែលបានចំណេញដ៏មហិមានោះ មិនត្រូវបានគេផ្សព្វផ្សាយតែប៉ុណ្ណោះ ហើយគ្រាន់តែអ្នកចំណេញពីការវិនិយោគដី មិនសូវមានមុខមាត់ ដូចនឹងអ្នកអភិវឌ្ឍន៍តែប៉ុ ណ្នោះ។

ទី៣ ការនៅក្បែរអ្នកមាន និងអ្នកមានឥទ្ធិពលហើយថតរូបបង្ហោះ គឺជាអ្នកជោគជ័​យលើជំនួញ ដែលតាមពិតទៅក្រុមហ៊ុនគាត់កំពុងតែជួបវិបត្តផងដែរ។ ​និងទី៤ យល់ច្រឡំថា លោកសំ សុខនឿន មានតែក្រុមហ៊ុនភ្នាក់ងារ តែតាមពិតទៅលោក សំ សុខនឿន ជាអ្នកវិនិយោគដីធ្លី ជាអ្នកអភិវឌ្ឍន៍ ជាភ្នាក់ងារ ហើយនឹងមានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យក្នុងពេលឆាប់ៗនេះផងដែរ៕

ក្រុមហ៊ុនកូរ៉េ SK Innovation គ្រោងបោះទុនជាង១.០០០លានដុល្លារសាងសង់រោងចក្រផលិតអាគុយថ្មីមួយនៅប្រទេសចិន

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន SK Innovation Co Ltd របស់កូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃពុធ ទី១ កញ្ញា ថា ខ្លួននឹងបោះទុនវិនិយោគ១.២ទ្រីលានវ៉ុន (១.០៤ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រផលិតអាគុយថ្មីមួយ នៅប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ការវិនិយោគនេះធ្វើឡើង ស្របពេលបណ្ដាក្រុមហ៊ុនផលិតរថយន្ត ទូទាំងពិភពលោកសម្រុក ងាកទៅផលិតរថយន្តអគ្គិសនី (EV) ដើម្បីគោរពតាមបទប្បញ្ញត្តិនានាស្ដីពីកិច្ចការពារបរិស្ថាន ដែលនាំឱ្យតម្រូវការអាគុយរថយន្តអគ្គិសនីកើនឡើងខ្លាំង។

ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន រួមមាន ក្រុមហ៊ុន Ford Motor Co ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន Hyundai Motor Co និងក្រុមហ៊ុនមួយចំនួនទៀតនេះ មានរោងចក្រផលិតអាគុយនៅប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក ប្រទេសហុងគ្រី ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុន SK Innovation មិនបានផ្តល់ព័ត៌មានលម្អិតអំពីគម្រោងសាងសង់រោងចក្រផលិត អាគុយថ្មីរបស់ខ្លួន នៅក្នុងប្រទេសចិននាពេលណាឡើយ។

កាលពីខែកក្កដា ក្រុមហ៊ុន SK Innovation និយាយថា ខ្លួនមានបំណងបង្កើនសមត្ថភាព ផលិតអាគុយប្រចាំឆ្នាំរបស់ខ្លួន ឱ្យឈានដល់២០០ជីហ្គាវ៉ាត់ម៉ោង (GWh) នៅត្រឹមឆ្នាំ២០២៥ ដោយកើនឡើង៦០% បើធៀបនឹងគោលដៅ១២៥ជីហ្គាវ៉ាត់ម៉ោងដែលខ្លួនបានប្រកាសមុននេះ។ បច្ចុប្បន្នក្រុមហ៊ុននេះ មានសមត្ថភាពផលិតបានត្រឹមតែ៤០ជីហ្គាវ៉ាត់ម៉ោងបុណ្ណោះ៕

រដ្ឋាភិបាលគ្រោងមង្កើតមជ្ឈមណ្ឌលអ៊ីដ្រូសែនដើម្បីទាញយកថាមពលអគ្គិសនីជាលើកដំបូង

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្នើភាគីអូស្រ្តាលី ជួយបង្កើតមជ្ឈមណ្ឌលអ៊ីដ្រូសែន ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់នាពេលខាងមុខ និងជាលើកដំបូងបើសិនជាគំរោងនេះទទួលបានជោគជ័យ។

ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលី បង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែន នៅកម្ពុជារដ្ឋាភិបាលកម្ពុជា ត្រូវបានស្នើឡើងដោយលោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពេលលោកពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី​ប្រចាំកម្ពុជា។

លោកសាយ សំអាល់បានស្នើឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈមណ្ឌល ចែករំលែកចំណេះដឹង ស្ដីពីថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា ទិសដៅចង់ជំរុញការផលិតអគ្គីសនីស្អាត ដើម្បីចូលរួម ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

ក្នុងកិច្ចប្រជុំភាគីអូស្រ្តាលីកាលពីដើមសប្តាហ៍នេះ បានជំរុញឱ្យកម្ពុជា ចូលរួមដោះបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយស្នើថា ការងាកមកប្រើថាមពលផលិតចេញពីឧស្ម័នអីដ្រូសែន គួរតែជាជម្រើសមួយ ព្រោះវាជាថាមពលបៃតងមិនប៉ះពាល់ដល់បរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍ ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលី ហើយលើកជាសំណើ២ ដែលសំណើទី១ គឺឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈ​មណ្ឌលចែករំលែកពត៌មាន អំពីថាមពលឧស្ម័នអ៊ីដ្រូសែន ដោយមានការចូលរួមពីក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់ប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។

ចំណែកសំណើទី២ គឺការជួយបង្កើតឱ្យមានផែនទីបង្ហាញផ្លូវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី៕

លោកឧកញ៉ាគីម ហ៊ាងៈ បុគ្គលជោគជ័យមានឥរិយាបទចំនួន៥យ៉ាង តើអ្វីខ្លះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ បុគ្គលជោគជ័យនៅទីនេះសំដៅដល់អ្នកមានប្រាក់ កិត្តិយស មានសុខភាពល្អ និងចូលរួមជួយសង្គមបានច្រើន។

ហេតុនេះតើបុគ្គលដែលមានភាពជោគជ័យ ជាបុគ្គលប្រភេទណា និងមានឥរិយាបទបែបណា។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia ដែលបានវិវត្តន៍ខ្លួនពីភាពជាក្មេងវត្ត មកជាភ្នាក់ងារអចលនទ្រព្យសាមញ្ញ និងបានក្លាយជាឧកញ៉ាបានចែករំលែកពីឥរិយាបទបុគ្គលជោគជ័យមាន៥យ៉ាង ដូចជា ទី១ បុគ្គលជោគជ័យ ជាបុគ្គលដែលមានការចេះដឹង ព្រោះគ្មានអ្នកមានប្រាក់ច្រើនណាមួយមិនចេះនោះទេ ហើយបើមិនចេះក៏គាត់មិនអាចរក្សាភាពជាអ្នកមានបានយូរដែរ។

ហេតុនេះ បុគ្គលជាអ្នកមានត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចេះគ្រប់គ្រងផ្នែកទីផ្សារ គ្រប់គ្រងផ្នែកធនធានមនុស្ស។

ទី២ ជាបុគ្គ​លដែលមានចិត្តមោះមុត ហ៊ានសម្រេចចិត្ត ព្រោះការធ្វើជំនួញត្រូវតែមានការសម្រេចចិត្ត ប្រកប​ដោយភាពច្បាស់លាស់។ ចំណុចទី៣ បុគ្គលដែលជោគជ័យ ជាអ្នកមានវិន័យផ្ទាល់ខ្លួនតឹងរ៉ឹងក្នុងជីវិត ហើយអ្នកមានជោគជ័យខ្លាំង ត្រូវមានវិន័យតឹងរ៉ឹងចំពោះខ្លួនឯង ចំពោះបុគ្គលនៅជុំវិញខ្លួន ព្រោះអ្នកដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន មិនងាយទទួលបានជោគជ័យនោះទេ។

ទី៤  អ្នកមានត្រូវធ្វើតាមជំនាញ ដែលខ្លួនឯងចេះ និងទី៥ ត្រូវតែជាបុគ្គលឧស្សាហ៍ព្យាយាម រៀនសូត្រជាប់ជាប្រចាំនូវអ្វីទាក់ទងនឹងអាជីព ឬមុខជំនួញផ្ទាល់ខ្លួនលោក៕