រដ្ឋាភិបាលបង្កើតទីផ្សារភាគហ៊ុនទីបី នៅទីក្រុងប៉េកាំង ស្របពេលដែលប្រទេសនេះ សន្យាបង្កើតតំបន់ពាណិជ្ជកម្មឌីជីថលថែមទៀត

ដោយៈសុជាតា

ប្រទេសចិនៈ បើយោងតាមការចេញផ្សាយដោយ South China Morning Post ចេញផ្សាយថ្ងៃនេះ បានលើកឡើងថា ប្រធានាធិបតីចិនលោក ស៊ី ហ្សិនពីងបានប្រកាសផែនការបង្កើតទីផ្សារភាគហ៊ុនថ្មី នៅទីក្រុងប៉េកាំង និងតំបន់ពាណិជ្ជកម្មឌីជីថលសាកល្បង ក្រោមផែនការពង្រីកតួនាទី ប្រទេសជាតំបន់សេវាកម្មពិភពលោក។

ថ្លែងសន្ទរកថារយៈពេលខ្លី ក្នុងការបើកការតាំងពិព័រណ៍អន្តរជាតិ សម្រាប់ពាណិជ្ជកម្មនិង សេវាកម្ម កាលពីថ្ងៃព្រហស្បតិ៍លោក ស៊ី ជីនពីងបានមានប្រសាសន៍ថា បង្កើតតំបន់ពាណិជ្ជកម្មស៊េរី នៅក្នុងប្រទេសចិន នឹងជួយដល់ភាពប្រសើរឡើងវិញ នូវសេដ្ឋកិច្ចពិភពលោក។

ពាណិជ្ជសេវាកម្ម គឺផ្នែកមួយដ៏សំខាន់ សម្រាប់សហប្រតិបត្តិការពាណិជ្ជ និងសេដ្ឋកិច្ច អន្តរជាតិ ដែលដើរតួនាទីដ៏សំខាន់សម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍថ្មី។

លោកបន្តថា “យើងនឹងធ្វើការគ្រប់ផ្នែកទាំងអស់ ផ្អែកទៅលើគោលការណ៍សហប្រតិបត្តិការ និងឈ្នះ ឈ្នះ ដើម្បីបែងចែកឱកាសពាណិជ្ជសេវាកម្ម និងជំរុញភាពប្រសើរឡើងសេដ្ឋកិច្ច”។

លោកស៊ី បាននិយាយបន្តថា ប្រទេសនឹងចាប់ផ្តើមចុះបញ្ជីឈ្មោះ នៃវិស័យនានាដែលវិនិយោគបរទេស ត្រូវបានហាមឃាត់ និងសន្យាបង្កើនការគាំទ្រ ដល់គម្រោងនានានៅក្នុងប្រទេស ដែលគាំទ្រគម្រោងផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ។

ទីផ្សារភាគហ៊ុនប៉េកាំងនេះ នឹងក្លាយទៅប្រតិបត្តិករបី បន្ទាប់ពីទីផ្សារភាគហ៊ុន នៅទីក្រុងសៀងហៃ និង ទីក្រុងស៊ិនជិន ហើយទីផ្សារនេះ នឹងប្រែក្លាយទីក្រុងប៉េកាំង ទៅជាមជ្ឍមណ្ឌល ដែលបំរើសេវាកម្ម សហគ្រាសធុនតូច និង មធ្យម។

ជាងនេះទៀត តំបន់សាកល្បងពាណិជ្ជឌីជីថលនឹងរំពឹងទុកថា បង្កើតនៅទីក្រុងផ្សេងៗគ្នាផងដែរ៕

តើធនាគារណាដែលគិតអត្រាការប្រាក់ទាបជាងគេបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១?

ដោយៈសុខុម

អន្តរជាតិៈ អត្រាការប្រាក់ប្រែប្រួលតាមពេលវេលា ដោយអាស្រ័យលើស្ថានភាពទីផ្សារជាក់ស្ដែង ហើយវាជាឧបករណ៍រូបិយវត្ថុដ៏ពេញនិយមមួយ ដែលគេប្រើដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ឬដើម្បីធ្វើកិច្ចសន្យាផ្គត់ផ្គង់សាច់ប្រាក់ នៅពេលអតិផរណាហក់ឡើងខ្ពស់។

តួយ៉ាងពិភពលោកបច្ចុប្បន្ន កំពុងជួបវិបត្តិសកលដ៏ធ្ងនធ្ងរ គឺការរីករាលដាលវីរុសកូវីដ-១៩ ហើយប្រទេសទាំងអស់ កំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនកុំឱ្យដួលរលំ។ ដូច្នេះហើយប្រទេសទាំងនោះ កំពុងកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ឱ្យសមស្របតាមសម័យកាលនេះ។

ខាងក្រោមនេះគឺជាប្រទេសទាំង៥ ដែលគិតអត្រាការប្រាក់ទាបបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ដោយផ្អែកតាមសារព័ត៌មាន Investopedia ចុះផ្សាយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំនេះ។

*១- ប្រទេសស៊‍្វីស៖ ធនាគារជាតិស្វីស (Swiss National Bank) គិតអត្រាការប្រាក់០,០៧ភាគរយក្នុងមួយឆ្នាំ។

*២- ប្រទេសជប៉ុន៖ ធនាគារជប៉ុន (Bank of Japan) អត្រាការប្រាក់០,១៤ភាគរយក្នុងមួយឆ្នាំ។

*៣- ប្រទេសអេស្ប៉ាញ៖ អេស្ប៉ាញ (Spain central Bank)ដែលជាផ្នែកមួយនៃតំបន់អឺរ៉ុប គិតអត្រាការប្រាក់១,០២ភាគរយក្នុងមួយឆ្នាំ។

*៤- ប្រទេសដាណឺម៉ាក៖ ធនាគារកណ្ដាលដាណឺម៉ាក (Central Bank of Denmark) គិតត្រាការប្រាក់១,១ភាគរយក្នុងមួយឆ្នាំ។

*៥-ប្រទេសស៊ុយអែត៖ ធនាគារកណ្ដាលស៊ុយអែត (Central Bank of Sweden) គិតអត្រាការប្រាក់១,៥ភាគរយក្នុងមួយឆ្នាំ៕

អ្នកឧកញ៉ាលី ហួរមិនទាន់កំណត់ពេលវេលាចាប់ផ្តើមសាងសង់ផ្សារនិងបុរីនៅក្រុងត្បូងឃ្មុំនៅឡើយ

ដោយៈគង់ សូរិយា

ត្បូងឃ្មុំៈ អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានមានប្រសាសន៍ឲ្យដឹងថា លោកមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីចាប់ផ្តើមសាងសង់ផ្សារ និងបុរីនៅទីរូមខេត្តត្បូងឃ្មុំនៅឡើយទេ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ការវិនិ​យោគបុរី និងផ្សារនៅទីរូមខេត្តត្បូងឃ្មុំ មិនទាន់កំណត់ចាប់ផ្តើមនៅពេលណានៅឡើយទេ ដោយលោកបាននិយាយទាំងសំណើចផងថា អ្វីៗរង់ចាំមើលស្ថានភាព(ជំងឺកូវីដ១៩​)សិន មុននឹងសម្រេចវិនិយោគគំរោងនៅទីរួមខេត្តនេះ។

អ្នកឧកញ៉ាបានបន្តថា “ការវិនិយោគលើគំរោងអ្វីមួយ ត្រូវមានការសិក្សាជាមុនសិន ទើបសម្រេចថាចាប់ផ្តើមនៅពេលណា មានន័យថាយើងគិតហើយចាំគូរ និងរៀបចំផែនការយុទ្ឋសាស្រ្តជាមុន”។

តាមប្រភពព៌តមានពីអ្នកវិនិយោគសាងសង់បុរី និងពុះដីឡូត៍លក់នៅទីរួមខេត្តត្បូងឃ្មុំបានឲ្យដឹងថា អ្នកឧកញ៉ាលី ហួរមានដីបំរ៉ងទុកជាច្រើនហិកតា នៅទីរួមខេត្តនេះ។

ខេត្តត្បូងឃុំត្រូវបានបំបែកចេញពីខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្តានុពលផ្នែកកសិឧស្សាហកម្ម និងកសិកម្ម។

បច្ចុប្បន្នខេត្តនេះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនដែលវិនិយោគទឹកប្រាក់៨០លានដុល្លារអាមេរិក និងមានក្រុមហ៊ុនមួយបានចាប់ផ្តើម សាងសង់ផ្សារនៅទីរួមខេត្តនេះហើយ ខណៈគំរោងបុរីមួយចំនួនបានដំណើរការយឺតៗផងដែរ៕

រដ្ឋាភិបាលឆ្លងសេចក្តីព្រាងផែនការយុទ្ឋសាស្រ្តស្តីពីការបើកទេសចរណ៍សុវត្ថិភាព

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំ ដើម្បីដាក់ឆ្លងសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទេសចរណ៍សុវត្ថិភាព” ក្រោមអធិបតីភាពលោកអូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារក្នុងកិច្ច ប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំដ៏នេះ បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូហ៊្សូម (ZOOM) ដោយមានការចូលរួមពីសមាជិក-សមាជិកា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ១១០នាក់។

លោកថោង ខុនបានមានប្រសាសន៍ថា ការបើកទទួលទេសចរណ៍សុវត្ថិភាព គឺពិតជាចាំបាច់ និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាព ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី” នៃសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយឈរលើគោលការណ៍រក្សាបាន នូវតុល្យភាពរវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់ វិស័យទេសចរណ៍កម្ពុជាឱ្យក្លា​យជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព៕

ឥណ្ឌា កម្ពុជាត្រៀមចចារពាណិជ្ជកម្មសេរីនុងបង្កើតវេទិកាផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកជំទាវបណ្ឌិត Devyani Uttam Khobragade បានលើកឡើងពីការចចារកិច្ចព្រមព្រៀងសេរីឥណ្ឌា កម្ពុជា និងរៀបចំផ្គូរផ្អងធុរកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីម្សិលម៉ិញនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានគាំទ្រក្នុងការជំរុញធុរកិច្ច និងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម ហើយក៏បានលើកទ្បើងអំពីបំណង ក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត Devyani Uttam Khobragade បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការជំរុញ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តបានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងទំនាក់ទំនងវប្បធម៌ និងអរិយធម៌ដ៏ជិតស្និទ្ឋនៃប្រទេសទាំងពីរ និងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានិងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។

លោករដ្ឋមន្រ្តីបានស្នើឱ្យភាគីឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗ ជាដើម៕

ទីក្រុងព្រះសីហនុចាប់ផ្តើមងើបពីសុបិនបណ្តើរៗហើយឬយ៉ាងណា ខណៈសក្តានុពលខេត្តនេះនៅតែផ្តល់ក្តីសង្ឃឹម

ដោយៈសុជាតា

ព្រះសីហនុៈ ទីផ្សារអចលនទ្រព្យចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ស្របពេលវិបត្តិកូវីដ១៩បានធូរស្រាល និងសក្តានុពលដែលបានស្រាប់ កំពុងរង់ចាំធ្វើឲ្យខេត្តនេះមានការរីកចម្រើន និងទាក់ទាញការវិនិយោគជាថ្មី។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA ) បានបញ្ជាក់ប្រាប់ Property  Area  Asia នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ថា ព្រះសីហនុ គឹជាតំបន់មានការអភិវឌ្ឍរីកចំរើនលឿនជាងគេ ដោយសារមានអ្នកវិនិយោគចិន ច្រើនជាងគេវិនិយោគលើវិស័យអចលនទ្រព្យ។

លោកបន្តថា “បើយើងងាកទៅមើលអំឡុងបីឆ្នាំមុន វិស័យអចលនទ្រព្យទីក្រុងព្រះសីហនុ ត្រូវបានចាត់ចូលជាដីកំពុងហើម ដោយវិស័យដីធ្លី បានកើនឡើងខ្ពស់រហូតដល់ ១ ម៉ែត្រការ៉េ៣ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារតំរូវការនិងការវិនិយោគដ៏ច្រើនពីអ្នកវិនិយោគចិន”។

ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ចលនានៃការអភិវឌ្ឍអាគារចាស់មួយចំនួន នៅតែបន្តកើតឡើង និងការសាងសង់អាគារមួយចំនួន មានការយឺតយ៉ាវផងដែរ។

ជាងនេះទៀត វិបត្តិ Covid 19  បានធ្វើអោយវិស័យអចលនទ្រព្យ នៅក្រុងព្រះសីហនុមានការស្ងាត់ជ្រងំ ដោយដីមានតម្លៃ ប៉ុន្តែអត់មានអ្នកទិញ។ គេសង្កេតមើលឃើញថា ដីធ្លីមានតម្លៃចន្លោះពី៣០០ដុល្លារ ឡើងទៅ៣៥០០ ដុល្លារក្នុងម៉ែត្រការ៉េ។

លោកពន្យល់បន្ថែមទៀត “ប្រសិនបើម្ចាស់ដីធ្លី ចង់បានប្រតិបត្តិការទិញលក់ឡើងវិញ នោះត្រូវកំណត់តម្លៃទាបជាងមុន ពោលគឺតម្លៃទាក់ទាញ សម្រាប់អ្នកវិនិយោគដែលចង់បានចំណេញច្រើន”។

លោកបង្ហាញសុទិដ្ឋនិយមថា ប្រសិនបញ្ហាកូវីដ១៩ បានគ្រប់គ្រងបានល្អនោះដែរ ព្រមទាំងផែនការវិនិយោគ រ៉ឹងមាំរបស់រដ្ឋាភិបាល អ្នកវិនិយោគបរទេសនឹងត្រឡប់មកវិញ។

រយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុទាក់ទាញបានការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិក្នុងទំហំទឹកប្រាក់ជាង៧០០០លានដុល្លារអាមេរិក ជាមួយវត្តមានអាគារកំពស់ចាប់ពី៥ជាន់ ដល់៥៣ជាន់ជាង៦០០អាគារ។

ជាមួយគ្នានេះ លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត ព្រះសីហនុប្រាប់ឲ្យ​ដឹងនៅថ្ងៃដដែលថា វិស័យអចលនទ្រព្យនៅទិក្រុងព្រះសីហនុ មានសកម្មភាពរើបៗឡើងវិញខ្លះផងដែរ ដោយរដ្ឋបាលក្រុង បានអនុវត្តវិធានការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ ១៩ ប្រកបដោយប្រសិទ្ធិភាព៕

ជប៉ុនដាក់ចេញយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចជាគោលនយោបាយអាទិភាព នៅមុនការបោះឆ្នោត

ដោយៈសុខុម

តូក្យូ: ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី២ កញ្ញា នេះបានប្រកាសដាក់ចេញគំនិត  ផ្តួចផ្តើមជាច្រើន ដែលខ្លួននឹងផ្តោតជាសំខាន់ ដើម្បីលើកកម្ពស់បច្ចេកវិទ្យាបៃតង និងការធ្វើឌីជីថលនីយកម្ម ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ផែនការយុទ្ធសាស្ត្រនេះ ទំនងជានឹងដើរតួនាទីសំខាន់បំផុត សម្រាប់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីណាមួយ ដែលរដ្ឋាភិបាលអាចនឹងចងក្រងនៅចុងឆ្នាំនេះ។

ការដាក់ចេញផែនការយុទ្ធសាស្ត្រនេះ ក៏ធ្វើឡើងផងដែរនៅមុនការប្រកួតប្រជែងដណ្ដើមតំណែងជាមេដឹកនាំ ក្នុងជួរគណបក្សកាន់អំណាច ដែលនាយករដ្ឋមន្ត្រី Yoshihide Suga ត្រូវតែឈ្នះដើម្បីបន្តធ្វើជាប្រមុខរដ្ឋ និងបន្តអនុវត្តគំនិតផ្តួចផ្តើមគោលនយោបាយនានារបស់លោក។

ក្នុងផែនការយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលក៏បានគូសបញ្ជាក់ពីវិស័យនានា ដែលត្រូវឆ្លងកាត់ការពិនិត្យពិច័យកាន់តែហ្មត់ចត់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ រួមទាំងវិធានការនានាដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ ជំរុញកំណើនសេដ្ឋកិច្ចរបស់លោក Yoshihide Suga ដែលត្រូវបានបញ្ចេញកាលពីខែមិថុនា ផងដែរ។

ក្នុងផែនការនេះ ក៏រួមមាន វិធានការសម្រាប់ការពង្រីកសមត្ថភាព ផលិតអាគុយរថយន្តអគ្គិសនី និងការសាងសង់ស្ថានីយបញ្ចូលអគ្គិសនី សម្រាប់រថយន្តអគ្គិសនី ព្រមទាំងការជួយគាំទ្រ ដើម្បីទាក់ទាញរោងចក្រផលិតបន្ទះឈីបនានា នៅក្នុងប្រទេសជប៉ុនផងដែរ។

យុទ្ធសាស្ត្រនេះ ក៏រួមបញ្ចូលទាំងវិធានការធ្វើឌីជីថលនីយកម្ម នូវសេវាកម្មសាធារណៈដូចជាការថែទាំសុខភាពជាដើមផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានងើបឡើងពីការដាំក្បាលចុះ ដែលបង្កឡើងដោយការរីករាលដាលវីរុសកូវីដ-១៩ កាលពីឆ្នាំមុន ហើយការងើបឡើងនេះ ដោយសារការនាំចេញទទួលបានកំណើន។ ប៉ុន្តែក្រុមអ្នកវិភាគរំពឹងថា ការងើបឡើងបន្ថែមទៀតនឹងតិចតួចប៉ុណ្ណោះ ខណៈការកើនឡើងខ្ពស់នូវករណីឆ្លងវីរុសកូវីដ-១៩ ជះផលប៉ះពាល់ដល់តម្រូវការប្រើប្រាស់។

រដ្ឋាភិបាលសង្ឃឹមថា នឹងបង្កើនកំណើនរយៈពេលវែង របស់ប្រទេសជប៉ុនតាមរយៈការបង្កើនផលិតភាពការងារ និងអត្រាចូលរួម។

ក្នុងផែនការយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចនេះ រដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានការប្រឹងប្រែងច្នៃបង្កើតថ្មី និងធ្វើឌីជីថលនីយកម្មផងដែរ ប៉ុន្តែផែនការនេះអាចជួបបញ្ហារអាក់រអួល ខណៈជំហរនយោបាយរបស់លោក Yoshihide Suga ហាក់មិនសូវមានភាពច្បាស់លាស់នៅមុនការបោះឆ្នោត៕

អ្នកជំនាញៈការស្ថាបនាផ្លូវជាតិលេខ៥នឹងជំរុញកំនើនវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការស្ថាបនា​ផ្លូវជាតិ​លេខ​៥ ដែលជាផ្លូវវែងជាងគេនៅកម្ពុជាជាមួយនឹងហិរញ្ពប្បទានរបស់រដ្ឋាភិបាលជប៉ុន ប្រមាណ៥០០លានដុល្លារ ត្រូវបានអ្នកជំនាញមើលឃើញថា បន្ទាប់ពីផ្លូវនេះសាងសង់ចប់ តម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវនេះកើនឡើងចន្លោះពី១០ទៅ៣០ភាគរយ។

រដ្ឋាភិបាលកំពុងរៀបចំផែនការអភិវឌ្ឍន៍តំបន់នៅជាប់ផ្លូវនេះ ជាសួនឧស្សាហកម្ម ដើម្បីទទួលបានផលប្រយោជន៍ ពីការឆ្លងកាត់ការដឹកទំនិញពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោកសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដោយ​តភ្ជាប់​ពី​រាជធានី​-​ភ្នំពេ​ញ​ទៅ​ប្រទេស​ថៃ​។ យ៉ាងណា​ក៏ដោយ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ តម្លៃ​ដី​នៅតាម​ផ្លូវ​មួយ​នេះ​មិនបាន​ប្រែប្រួល​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​។ លោក​បន្ថែមថា បច្ចុប្បន្ន​បើ​គេ​ប្រៀបធៀប​ទីផ្សារ និង​តម្លៃ​អចលនទ្រព្យ​នៅតាម​ផ្លូវជាតិ​លេខ៥ ជាមួយ​នឹង​បណ្តា​ផ្លូវជាតិ​ផ្សេងទៀត​ចេញពី​រាជធានី​ភ្នំពេញ គឺ​នៅតាម​ផ្លូវជាតិ​លេខ​៥ មិនទាន់​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ ឬ​លំនៅឋាន​លក្ខណៈ​ជា​បុរី​ច្រើន​ទេ ប៉ុន្តែ​វា​នឹង​រីកចម្រើន​ក្នុងពេល​ឆាប់ៗ​។

លោក​បន្តថា “​ខ្ញុំ​គិតថា​នៅពេល​ផ្លូវ​នេះ​កែលម្អ​រួច តម្លៃ​អចលនទ្រព្យ​នឹង​កើន​ក្នុង​រង្វង់៣០ភាគរយ ដោយសារភាពងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ ការកើនឡើង​នៃ​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​វិនិយោគ​ចម្រុះ​ដូចជា រោងចក្រ និង​ឃ្លាំង​ស្តុក​ទំនិញ”​។

មានប្រសាសន៍ក្នុងកម្មវិធី MPWT Live Show កាលពី​ថ្ងៃ​ ៣០ ខែសីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ការស្ថាបនា​ផ្លូវ​ពី​ក្រុង​បាត់ដំបង-ក្រុង​សិរីសោភ័ណ បាន​បញ្ចប់១០០ ​ភាគរយ​ហើយ ចំណែក​កំណាត់​ផ្លូវ​ពី​ព្រែកក្តាម-​ពោធិ៍សាត់ និង​ពោធិ៍សាត់-បាត់ដំបង កំពុង​សាងសង់​ដោយ​គ្រោ​ង​រួចរាល់​ឆ្នាំ​ ២០២២-២០២៣​។

​លោកបន្តថា សម្រាប់​កំណាត់​ផ្លូវជាតិ​លេខ៥ ចេញពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត​នឹង​រួចរាល់​ក្នុង​ឆ្នាំ២០២៤ ខណៈ​បច្ចុប្បន្ន​ក្រសួង​សាធារណការ​ កំពុង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរ​ថា នៅពេល​បញ្ចប់​ការដ្ឋាន អចលនទ្រព្យ​នៅ​បណ្តោយ​ផ្លូវជាតិ​នេះ អាច​នឹង​កើនឡើង​ចន្លោះ​ពី១០ ទៅ១៥​ភាគរយ ​បើ​ធៀប​ពេលបច្ចុប្បន្ន​។ ការកើនឡើង​ក្នុង​អត្រា​ទាប​បែបនេះ គឺ​ដោយសារ​វា​ជា​ផ្លូវ​ចាស់​ដែលមាន​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ច្រើន ហើយ​គេ​គ្រាន់តែ​កែលម្អ​ឡើងវិញ​ប៉ុណ្ណោះ​។

លោក​បន្តថា “​តម្លៃ​អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវ​ ដែល​កំពុងមាន​ចរាចរណ៍ គឺ​មិនសូវ​ប្រែប្រួល​ខ្លាំង​ដូច​ការស្ថាបនា​ផ្លូវ​ថ្មី​នោះទេ​។ ប៉ុន្តែ​សម្រាប់​គម្រោង​សាងសង់ និង​គម្រោង​វិនិយោគ​ថ្មីៗ អាច​នឹង​កើតមាន​ច្រើន​ នៅពេល​ការសាងសង់​ផ្លូវ​រួចរាល់​ទាំងស្រុងង”៕

 

ក្រសួងសេដ្ឋកិច្ចជំរុញឲ្យសហគ្រាសឱ្យប្រើប្រាស់សាភានិងរូបិយប័ណ្ណកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីដល់សម្រួលដល់ការធ្វើធុរកិច្ចរបស់ធុរជន ដោយអាចរក្សាបានគុ​ណ​តម្លៃនៃភាសាខ្មែរ និងប្រាក់រៀលព្រមទាំងអាចធានាបាននូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំដល់សហគ្រាស ធ្វើរបាយការន៍ហិរញ្ញវត្ថុ ក្នុងបញ្ជីគណនេយ្យដោយប្រើប្រាស់ភាសា និងរូបិយប័ណ្ណកម្ពុជាផង។

យោងតាមសារាចរណែនាំស្ដីពី ការប្រើប្រាស់ភាសា និងរូបិយប័ណ្ណក្នុងបញ្ជីគណនយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំនូវចំណុចមួយចំនួនដូចជា ទី១ សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងប្រព័ន្ធគណនេយ្យកុំព្យូទ័រ ឬប្រព័ន្ធកុំព្យូទ័រផ្សេងៗទៀត សម្រាប់ការកត់ត្រាប្រតិបត្តិការគណនេយ្យក្នុ ងករណីដែលសហគ្រាស ឬក៏អង្គភាពមិនស្វែងរកប្រាក់ចំណេញ ពុំទាន់អាចរក្សារកបានប្រព័ន្ធកុំព្យូទ័រទាំងនោះ ដែលអាចប្រើប្រាស់ភាសាខ្មែរបានតាមតម្រូវការប្រតិបត្តិការរបស់ខ្លួន។

សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ពុំបានតម្រូវឱ្យស្នើសុំលើការប្រើប្រាស់ភាសាអង់គ្លេស ក្នុងប្រព័ន្ធកុំព្យូទ័រទាំងនោះឡើយ ប៉ុន្តែសហគ្រាសឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវជូនដំណឹងជាលាយល័ក្ខអក្សរ មកនិយ័តករគណនេយ្យនិងសវនកម្មដោយបញ្ជាក់ឱ្យច្បាស់ពីឈ្មោះ និងប្រភពនៃប្រព័ន្ធកុំព្យូទ័រដែលកំពុងប្រើនោះ​។

ទី២ ឯកសារគណនេយ្យផ្ទៃក្នុង ដែលគាំទ្រដល់កិច្ចបញ្ជិកាគណនេយ្យ ត្រូវជាភាសាខ្មែរ។ ឯកសារទាំងនោះ អាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អង់គ្លេស អបជាមួយភាសាខ្មែរបាន។ ចំពោះឯកសារគណនេយ្យ ដែលបង្កើតចេញពីប្រព័ន្ធកុំព្យូទ័រ ដែលមិនអាចប្រើប្រាស់បាន ដូចមានចែងក្នុងចំណុចទី១ខាងលើ និងឯកសារគណនេយ្យត្រូវបានរៀបចំនិងផ្ដល់ដោយដៃគុធុរកិច្ចបរទេស ឬដោយអង្គភាពដៃគូ ឬម្ចាស់ជំនួយបរទេស ឬសម្រាប់ធុរកិច្ចជាមួយដៃគូរធុរកិច្ចបរទេស ឯកសារទាំងនោះអាចជាភាសាអង់គ្លេសបាន ។

ក្នុងករណីឯកសារគាំទ្រការធ្វើធុរកិច្ច ឬប្រតិបត្តិការក្រៅពីភាសាខ្មែរ និងភាសាអង់​គ្លេស សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវទទួលខុសត្រូវបកប្រែឯកសារទាំងនោះទៅជាភាសាខ្មែរ ឬភាសាអង់គ្លេស ដោយមានប្រថាប់ត្រារបស់សហគ្រាសឬអង្គភាពមិនស្វែងរកប្រាក់ចំណេញផ្ទាល់ ។

ទី៣ សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ អាចជ្រើសរើសរូបិយប័ណ្ណមុខងារជាប្រាក់រៀល ឬរូបិយប័ណ្ណ បរទេសតាមគោលនយោបាយគណនេយ្យរបស់ខ្លួនដោយអនុលោមតាមស្ដង់ដារគណនេយ្យជាធរមាន សម្រាប់កត់ត្រាប្រតិបត្តិការគណ​នេយ្យប្រចាំថ្ងៃ  ។

ទី៤ សហគ្រាសឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំជាភាសាខ្មែរ និងបង្ហាញជាប្រាក់រៀល ឬបង្ហាញជាប្រាក់រៀលផង និងរូបិយប័ណ្ណបរទេសផង។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំជាប្រាក់រៀល សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវអនុវត្តតាមការណែនាំក្នុងស្តង់ដារគណនេយ្យជាធរមាន ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការ ដែលបានបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា ហើយត្រូវបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះ មកនិយ័តករគណនេយ្យនិងសវនកម្ម តាមសេចក្តីណែនាំរបស់និយ័តករគណនេយ្យ និងសវនកម្ម ដើម្បីជាកម្មវត្ថុនៃការរក្សាទុក និងការត្រួតពិនិត្យលើកម្រិតអនុលោម តាមភាពស្របតាមច្បាប់ស្ដីពី គណ​នេយ្យនិងសវនកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

រដ្ឋាភិបាលកម្ពុជាសម្រេចរក្សាផ្ទៃបឹងធម្មជាតិ ក្នុងឃុំបារុង ស្រុកល្វាឯមសម្រាប់ប្រយោជន៍សាធារណៈ

ដោយៈសុជាតា

កណ្តាលៈ រដ្ឋាភិបាលបានសម្រេចរក្សាផ្ទៃបឹងធម្មជាតិ ក្នុងស្រុកល្វាឯម ទំហំប្រមាណ១០០០ហិកតា ជាសម្បត្តិរដ្ឋ ដោយបដិសេធសំណើរសុំវិនិយោគពីក្រុមហ៊ុនឯកជន។

យោងតាមលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បានបង្ហាញអោយដឹងថា រដ្ឋាភិបាលកម្ពុជាសម្រេចរក្សាទីតាំងដី ស្ថិតនៅស្រុកល្វាឯម  ខេត្តកណ្តាល ក្នុងទំហំផ្ទៃដី១ពាន់ហិចតា ដែលក្រុមហ៊ុនសំណង់ឈ្នះ ឈ្នះ ស្នើសុំសម្រាប់ការអភិវឌ្ឍជាទីក្រុងរណបបែបទំនើប។

ជាងនេះទៀត រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកអោយបានជ្រៅដើម្បីរក្សាទឹក  ជាពិសេស ក្រសួងកសិកម្ម និង រដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឍប់ ការទទួលនិង លើសំណើដីតំបន់នេះទៀត។

ក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ តាមរយៈក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង រដ្ឋបាលខេត្កកណ្តាល បានស្នើសុំររាជរដ្ឋាភិបាលទិញដីបឹង១០០០ ហិចតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ៕