ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានថ្លែងថា បច្ចុប្បន្នអ្នកជំនាញការកម្ពុជា និងកូរ៉េកំពុងសិក្សាបឋម ដើម្បីឈានទៅសាងសង់ស្ពានជ្រោយចង្វារ ស្វាយជ្រុំនាពេលខាងមុខនេះ។
អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៤ វិច្ឆកាកន្លងមកថា ក្រុមការងារជំនាញកំពុងសិក្សាមូលដ្ឋានបឋម ដើម្បីជ្រើសរើសទីតាំងស្ពាន និងទំហំចំណាយសម្រាប់ការសាងសង់ស្ពាននេះ ដែលការសិក្សានេះអាចចំណាយរយៈពេលចន្លោះពី១៦ទៅ១៨ខែ។
លោកបន្តថា “បន្ទាប់ពីការសិក្សាចប់ ទើបការសិក្សាកម្រិតធំចាប់ផ្តើម ហេតុនេះការសាងសង់ស្ពាននេះនាពេលណា មិនទាន់អាចកំណត់ជាក់លាក់នៅឡើយទេ”។លោកបន្តថា “ទោះជាយ៉ាងណាក្រុមការងារជំនាញ បាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មហើយ”។
លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹង នាពេលកន្លងមកផងដែរថា ការសិក្សាសាងសង់ស្ពាននិមួយៗ ត្រូវការលំអិតច្រើនទាក់ទងលំហូរទឹក ទាក់ទងបញ្ហាបរិស្ថាន ទាក់ទងនឹងការងារបច្ចេកទេសជាច្រើនទៀត ហេតុនេះការសាងសង់គម្រោងនិមួយៗយឺតឬលឿនអាស្រ័យលើការសិក្សា និងលក្ខខ័ណ្ឌនៃការចចាប្រាក់កម្ចីពីប្រទេសជាដៃគូផងដែរ។
កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចបានបញ្ចេញរបាយការណ៍មួយ ទាក់ទងនឹងលទ្ឋភាពរបស់រដ្ឋាភិបាល ផែនមានផែនការខ្ចីប្រាក់ ពីដៃគូអភិវឌ្ឍចំនួន១៦០០លាន USD ដើម្បីវិនិយោគលើវិស៧យសំខាន់ៗជាច្រើន ដោយរួមបញ្ចួលនូវផែនការហេដ្ឋារចនាសម្ព័ន្ឋចំនួន៦ ក្នុងនោះក៏មានគំរោងសាងសង់ស្ពាន តភ្ជាប់តំបន់ជ្រោយចង្វារ និងស្វាយជ្រុំផងដែរ៕