អគារការិយាល័យនិងខុនដូរកម្ពស់ជាង៤០ជាន់ SINO Plaza បន្តជាប់គាំង

ដោយ សុជាតា

ភ្នំពេញ៖ អគារពាណិជ្ជកម្ម បំ់រើឱ្យផ្នែកផ្គត់ផ្គង់ការិយាល័យ និងខុនដូរ ទល់មុខផ្សារបឹងត្របែក ដែលមានឈ្មោះថា Sino PLaza ត្រូវបានជាប់គាំងមិនមានសកម្មភាពសាងសងបន្តទៀតឡើយអស់រយៈពេលជាង ២ឆ្នាំមកនេះ។

គម្រោងនេះចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៥ ហើយផែនការគម្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នំា២០១៨កន្លងទៅនេះ។

បើតាមលោក ឌីត ចាន់ណា អគ្គនាយកក្រុមហ៊ុន Lucky real estate បានប្រាប់ Property Area asia នៅថ្ងៃទី ៣ ខែកញ្ញា នេះ គឺមូលហេតុសំខាន់បីយ៉ាងដែលសំណង់អចលនទ្រព្យបានផ្អាកសកម្មភាព ដោយសារដើមទុនរបស់ក្រុមហ៊ុនអចលនទ្រព្យ ជួបបញ្ហា និង ម្ចាស់ភាគហ៊ុនិកមិនសម្រេចទំលាក់ទឹកប្រាក់បន្ថែមទៀត។

ជាងនេះទៀត មូលហេតុចំបងចុងក្រោយគឺទីផ្សារ ការិយាល័យ និង ខុនដូរជួប្រទះវិបត្តិសកល Covid 19 ដែលធ្វើអោយអាគារនេះ បានផ្អាកលែងដំណើរការតទៅទៀត។

គម្រោង Sino Plaza Sino Plaza ដែលមានចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានអគារចំនួន ៤ រួមមានអគារអាផាតមិន៤២ជាន់ចំនួន២ អគារ ៣៦ ជាន់ចំនួន ១ សម្រាប់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារ ៤៣ ជាន់មួយ សម្រាប់យូនីតការិយាល័យ និងខុនដូ។

គម្រោងនេះគឺជាការសហការជាមួយក្រុមហ៊ុន Cambodian Natural Lucky Real Estate Development Co. Ltd ដែលគ្រប់គ្រងទាំងស្រុងដោយ CYTS (China Youth Travel Services) មកពីហុងកុង និងប្រទេសចិន។

មជ្ឈមណ្ឌលពាណិជ្ជកម្មពពកថ្មីមួយនឹងលេចវត្តមាននៅក្នុងសង្កាត់បឹងកេងកង១

ដោយៈ សហសេវិក

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានកប់ពពកថ្មីមួយ ដែលមានកំពស់រហូតដល់៤៥ជាន់ នឹងបង្ហាញវត្តមាននៅក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

គំរោងដែលបានដាក់ឈ្មោះរបៀបខ្មែរ (Odom Tower) ជាគម្រោងអភិវឌ្ឍន៍បែបចម្រុះមួយ ដែលរួមមានអគារការិយាល័យសហកម្មសិទ្ធិ ជាមួយផ្ទៃក្រឡាទំហំសរុបប្រមាណ៤០,០០០ម៉ែត្រការ៉េ ដែលលោកអ្នកអាចទិញជាកម្មសិទ្ធបាន អគារខុនដូសម្រា​ប់រស់នៅដល់ទៅ៣០ជាន់ ត្រឹម១៣៨យូនីតតែប៉ុណ្ណោះ ព្រោះរាល់បន្ទប់មានទំហំខ្នាតយក្សចាប់ពី១បន្ទប់គេង រហូតដល់៤បន្ទប់គេង  តភ្ជាប់ដោយ “ស្ពានវេហា”ឬ “Sky Bridge” និងជាពិសេសនោះ គឺផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺOdom Square។

គម្រោងទាំងមូលមានបរិវេណធម្មជាតិបៃតង រហូតដល់ជាង៧០០០ម៉ែត្រការ៉េ  ដែលជាចំណីចក្ខុ និងរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និង​ធ្វើការផងដែរ។ ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យឧត្តមក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។

ខុនដូ និងការិយាល័យគំរូរបស់គម្រោងឧត្តម នឹងត្រូវបើកបង្ហាញជាសាធារណៈនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះហើយ។

Odomនឹងបង្ហាញវត្តមាន ជាមួយអគារខ្ពស់ៗកប់ពពកជាច្រើននៅតំបន់បឹងកេងកងដ៏ល្បីល្បាញនេះ ដែលជាតំបន់បាននិងកំពុងរីកដុះដាល និងបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និងស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាព ឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និងសក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។

ជាក់ស្តែងយើងឃើញមានគម្រោងអភិវឌ្ឍន៍ច្រើនបែប ច្រើនសណ្ឋាន មិនថាផ្នែកលំនៅដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍន៍បែបចម្រុះ (Mixed-use Development) បាននិងកំពុងចាក់ឬសគល់ ស្ទើរគ្រប់តំបន់នៃទីក្រុងភ្នំពេញ ជាពិសេសគឺតំបន់ភាគខាងត្បូងដែលសម្បូរ ទៅដោយហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែប ដូចជាគម្រោងព្រលានយន្តហោះថ្មី  ផ្លូវ៦០ម៉ែត្រ និងគម្រោងពាណិជ្ជកម្មជាច្រើនទៀត។

រីឯតំបន់ភាគខាងជើង នៃរាជធានីភ្នំពេញក៏មិនអន់ប៉ុន្មានដែរ ដោយយើងមានឃើញសន្ទុះ នៃការកើនឡើងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែងផងដែរ។

ក្រឡេកមកមើលទីតាំងកណ្តាលនៃទីក្រុងភ្នំពេញ ដែលជាបេះដូងនៃរាជធានី ក៏សម្បូរ ទៅដោយគម្រោងអភិវឌ្ឍន៍ធំៗផងដែរ។

ជាក់ស្ដែងតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌបឹងកេងកង ដែលយើងទាំងអស់គ្នាស្គាល់ថាជាទីតាំងដ៏ល្អឥតខ្ចោះ កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ នឹងមានគម្រោងមួយដ៏អស្ចារ្យ ដែលមានរចនាបថលេចធ្លោគ្មានពីរ ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ ដែលនឹងមករួមចំណែកធ្វើឲ្យទឹកដីខណ្ឌ បឹងកេងកងក្លាយជាតំបន់ដែលរឹតតែមានសក្តានុពលទ្វេដង។

សហគ្រិនចង់បានអគារការិយាល័យ ដែលមានទីតាំងចំកណ្តាលទីក្រុង ឬស្វែងរកលំនៅដ្ឋានមួយដ៏សមស្រប ជាមួយនឹងបែបបទនៃការរស់នៅដ៏ទាន់សម័យ និងស៊ីវិល័យ គម្រោងឧត្តមគឺជាជម្រើសទីមួយ ដែលមិនគួរមើលរំលង៕

 

 

តម្លៃដីធ្លីនៅមណ្ឌលគីរីកើនឡើងតិចក្រោយរដ្ឋាភិបាលប្រកាសសាសង់ ព្រលានយន្តហោះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញបានថ្លែងថា ចរន្តទិញលក់ដីធ្លីនៅខេត្តមណ្ឌលគិរី បានកើនឡើងខ្ពស់ ប៉ុន្តែតម្លៃមិនហក់ឡើងច្រើនឡើយ បើធៀបនឹងមុនពេលរដ្ឋាភិបាលប្រកាសសាងសង់ព្រលានយន្តហោះនៅខេត្តនេះ។

លោកមាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21  Zillion Holding ប្រចាំខេត្តមណ្ឌលគីរី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣ កញ្ញានេះថា ជាការកត់សម្គាល់តម្លៃដីធ្លី នៅក្នុងខេត្តមណ្ឌលគីរី មិនមានការកើនឡើងខ្ពស់នោះទេ ក្រោ​យពេលមានដំណឹង ពីគម្រោងសាងសង់ព្រលាយន្តហោះ នៅក្នុងខេត្តមួយនេះ ។

លោកបន្តថា “ដីធ្លីនៅក្បែរៗគម្រោងសាងសង់ ព្រលានយន្តហោះខេត្តមណ្ឌលគីរីមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ហើយតម្លៃគឺបានកើនឡើងតិចប៉ុណ្ណោះ”។

លោកបន្តថា សម្រាប់ដីធ្លីក្នុងខេត្តនេះ ក្រៅពីក្បែរតំបន់ព្រលានយន្តហោះ មានការចាប់អារម្មណ៍ខ្ពស់ជាពិសេសនៅតំបន់ ដែលមានរមណីយដ្ឋាន ដែលអ្នកទិញដីធ្លីគឺជាអ្នកអភិវឌ្ឍន៍ដែលមានន័យថា ទិញហើយអភិវឌ្ឍន៍ជាលំនៅឋានលំហែកាយភ្លាម មិនមែនជាការទិញដីសម្រាប់ទុកយកចំណេញនៅពេលអនាគតឡើយ។

លោកបន្តថា “អ្នកទិញដីអភិវឌ្ឍន៍ភាគច្រើន ជាអ្នកដែលមានលុយស្រាប់ ឬក៏អ្នកដែលមានដីនៅខេត្តផ្សេង ហើយលក់យកលុយមកទិញដី នៅមណ្ឌលគីរីនិងអភិវឌ្ឍន៍ភ្លាមៗតែម្ដង”។

លោកបន្ថែមថា ក្រៅពីអ្នកអភិវឌ្ឍន៍ក្នុងស្រុកហើយ បច្ចុប្បន្នខេត្តនេះក៏ទទួលបានវិនិយោគិនចិនច្រើនផងដែរ ហើយក៏អាចនិយាយថា បានបន្ទាប់ពីខេត្តព្រះសីហនុ គឺខេត្តមណ្ឌលគីរី ក៏មានវិនិយោគិចិនច្រើនដែរ ហើយក៏ជាសញ្ញាវិជ្ជមានមួយ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តភូមិភាគឦសានមួយនេះ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា មណ្ឌលគីរីគឹជាខេត្តមួយដែលមានការទាក់ទាញការវិនិយោគលើលំនៅឋានលំហែកាយ ដោយសារតែតំបន់មួយនេះ សំបូរដោយរមណីយដ្ឋានធម្មជាតិជាច្រើន រួមជាមួយនឹងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែងផងដែរ ។

លោកបន្តថា “តំបន់នេះសំបូរដោយធនធានធម្មជាតិ ភ្នំ ព្រៃឈើ និងទឹកជ្រោះជាដើម ដែលជាកត្តាទាក់ទាញសម្រាប់ទេសចរជាតិនិងអន្តរជាតិ”៕

ដំណឹងល្អៈព្រលានយន្តហោះអន្តរជាតិធំៗពីរនៅកម្ពុជាចាប់ផ្តើមប្រើប្រាស់ បច្ចេកវិទ្យាឆ្លាតវៃ

ដោយៈតារារះ

ភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះខេត្តព្រះសីហនុ បាននិងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកម្រាលផ្លូវ(APMS) ដែលជាបច្ចេកវិទ្យាថ្មីជួយដោះស្រាយបញ្ហា និងធ្វើឱ្យប្រសើរឡើងនូវកម្រាលផ្លូវរត់របស់យន្តហោះ។

យោងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airports បានឲ្យដឹងថា ប្រព័ន្ធ APMS គឺជា software ថ្មី ដែលមានអត្ថប្រយោជន៍អាចវិភាគ និងផ្តល់នូវព័ត៌មានអំពីស្ថានភាពផ្លូវរត់ ផ្លូវចូលចំណត និងចំណតយន្តហោះ បានដោយងាយស្រួល និងឆ្លាតវៃ។

ប្រព័ន្ធនេះ អាចជួយផ្ដល់ព័ត៌មានជាក់លាក់ ដល់អាកាសយានដ្ឋាន ដើម្បីយកមកពិចារណាធ្វើផែនការថែទាំ ស្តារ និងកសាងឡើងវិញនូវចំណុចខូចខាតនានា នៅក្នុងអាកាសយានដ្ឋានផងដែរ។

ប្រភពព៌តមានដដែលបានបន្តថា មកទល់សព្វថ្ងៃនេះ ប្រព័ន្ធគ្រប់គ្រងនេះត្រូវបានដាក់ប្រើប្រាស់ នៅតាមអាកាសយានដ្ឋានចំនួន៦ផ្សេងទៀត ដែលមានទីតាំងនៅប្រទេសប្រេស៊ីល ជប៉ុន ស៊ែប៊ី និងព័រទុយហ្កាល់ ដែលជាសមាជិកនៃបណ្តាញក្រុមហ៊ុនអាកាសយានដ្ឋានវីនស៊ី (VINCI Airports)៕

 

តើអគារខ្ពស់បំផុតប្រចាំប្រទេសហ្វីលីពីន មានកម្ពស់ប៉ុន្មានម៉ែត្រនិងមានលក្ខណៈពិសេសបែបណា?

ដោយៈសុខុម

ក្រុងម៉ានីល: ប្រទេសហ្វីលីពីន គឺជាសមាជិកស្ថាបនិក និងសកម្មនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រជាជនសរុបប្រមាណ១០៩លាននាក់ បើយោងតាមជំជឿនឆ្នាំ២០២០។

ប្រទេសនេះអាចចាត់ទុកជាប្រទេសរីកចម្រើនក្នុងតំបន់នេះផងដែរ ដែលទីក្រុងមានបង្អួតនូវវត្តមានអាគារកប់ពពកជាច្រើន។

ដោយមានកម្ពស់៣១៨ម៉ែត្រ អគារ៦៦ជាន់ Grand Hyatt Manila ដែលសម្រាប់ប្រើប្រាស់ពហុគោលបំណង នៅតំបន់ Metro Manila ក្នុងទីក្រុងម៉ានីល គឺជាអគារខ្ពស់បំផុតប្រចាំប្រទេសហ្វីលីពីន។

អគារនេះ ក៏រួមមានសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥មួយ ដែលកាន់កាប់ជាន់កំពូលចំនួន២៥ជាន់ និងភោជនីយដ្ឋានល្បីៗចំនួន៣ រួមមាន ភោជនីយដ្ឋាន The Grand Kitchen ភោជនីយដ្ឋាន No. 8 China House និងភោជនីយដ្ឋាន The Peak ផងដែរ។ ហើយទន្ទឹមនេះ វាក៏មានសាលប្រជុំ និងកន្លែងរៀបចំកម្មវិធីផ្សេងៗជាមួយនឹងផ្ទៃក្រឡាសរុបចំនួន២.២៨១ម៉ែត្រការ៉េផងដែរ។

អគារនេះ ជាផ្នែកមួយនៃគម្រោងសហគមន៍ខ្នាតយក្ស Grand Central Park របស់ក្រុមហ៊ុនអចលនទ្រព្យមួយ មានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលមានឈ្មោះថា Federal Land, Inc។

 

*ក្រុមហ៊ុនស្ថាបត្យកម្ម និងក្រុមហ៊ុនវិស្វកម្មដែលនៅពីក្រោយសមិទ្ធផលអគារនេះ

ក្រុមហ៊ុនស្ថាបត្យកម្មហុងកុង Wong & Ouyang និងក្រុមហ៊ុនស្ថាបត្យកម្មហ្វីលីពីន Casas Architects គឺជាអ្នកចេញប្លង់អគារ Grand Hyatt Manila នេះ។ ចំណែកឯក្រុមហ៊ុនអង់គ្លេស Ove Arup & Partners ជាអ្នកទទួលខុសត្រូវផ្នែកសាងសង់ រួមទាំងការងារបច្ចេកទេសធ្វើយ៉ាងណាឱ្យមានខ្យល់ចេញ ចូលអគារបានល្អ និងភាពធុនទ្រាំនៃអគារក្នុងគ្រាមានគ្រោះរញ្ជួយដីផងដែរ។

*ដំណើរការសាងសង់ និងការចំណាយដើមទុន

ដំណើរការសាងសង់អគារនេះ បានចាប់ផ្ដើមក្នុងឆ្នាំ២០១១ ហើយរួចរាល់ជាស្ថា​ពរក្នុងឆ្នាំ២០១៧ ពោលគឺប្រើពេលអស់៦ឆ្នាំ ជាមួយនឹងទុនចំណាយចំនួន៣០០លានដុល្លារអាមេរិក៕

ក្រុមហ៊ុនCPដែលកំពុងវិនិយោគនៅកម្ពុជា និងតំបន់ពង្រឹងរចនាសម្ព័ន្ធឡើងវិញដោយសម្លឹងឱកាសអាជីវកម្មជាអន្តរជាតិ

ដោយ សុជាតា

ប្រទេសថៃៈ ក្រុមហ៊ុន Charoen Pokphand (CP) ដែលជាក្រុមហ៊ុនជំនួញខាងកសិកម្មដ៏ធំបំផុតរបស់ប្រទេសថៃ បានបន្តពង្រីកហាងលក់រាយ និងផ្សារទំនើបនៅក្នុងតំបន់ ដែលរួមបញ្ចូលទីកន្លែងរក្សាសាច់ប្រាក់ ដែលបើកដោយSiam Makro PLc និងហាងជាច្រើនទៀតនៅក្នុងក្រុមហ៊ុនសាជីវកកម្ម CP។

លោក Suphachai Chearavanont អគ្គនាយកក្រុមហ៊ុនCP  បានលើកឡើងថា ហាងលក់រាយ គឺជាឱកាសពិភពលោកសម្រាប់ប្រទេសថៃ  និងជាវិស័យមួយដែលជោគ​ជ័យនៅឆាកអន្តរជាតិ។ ក្រុមហ៊ុនជំនួញរបស់ក្រុមហ៊ុន CP Group បានមានវត្តមាននៅប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌា ប្រទេសកម្ពុជា មីយ៉ាម៉ា ក្រោមផ្លាកសញ្ញាប្រមាណ៣៣៧ ហាង។

លោកបញ្ជាក់បន្ថែមទៀត “ភាពជោគជ័យនៅទីផ្សារពិភពលោក នឹងទាមទារល្បឿន​យ៉ាងឆាប់រហ័សនៃការបង្កើតសម្រេចចិត្ត។ ព្រមទាំងលើកកម្ពស់សមត្ថភាព និងដោះស្រាយរចនាសម្ពន្ធឡើងវិញ”។

ការផ្លាស់ប្តូរទាំងនេះបានធ្វើអោយ Siam Makro និង ក្រុមហ៊ុន Lotus ទទួលជោគជ័យនៅទីផ្សារអន្តរជាតិ។

ការចូលរួមជាសាធារណៈ

នៅក្នុងយុទ្ធសាស្រ្តក្នុងការគាំទ្រមហិច្ឆតាអន្តរជាតិ និង គម្រោងផែនការនានា អគ្គនាយក Siam Makro បាននិយាយថា គឺបង្កើនដើមទុនចុះបញ្ជីប្រមាណ៥. ៥៨ពាន់លានបាត ដោយកើនឡើងពី២៤០លានបាត។

យើងចង់ពង្រីកការបោះផ្សាយភាគហ៊ុនរហូតដល់ ៦. ៣ពាន់លានបាត ជាមួយនឹងតម្លៃ០.៥បាតក្នុងមួយភាគហ៊ុន ។

លោក Suchada Ithijarukul អគ្គនាយកក្រុមហ៊ុន Siam makro បានលើកឡើងថា យើងចង់អោយសាធារណៈជន ចូលរួមជាមួយនឹងយើង នៅក្នុងកំណើនជាអន្តរជាតិ និងពង្រីកជំនួញធំជាងមុន។

ក្រុមហ៊ុន Siam Makro មានគោលបំណងបង្កើតភាគរយទ្វេដង សម្រាប់កម្មសិទ្ធឯកជនពីអត្រា៧ភាគរយ ទៅ១៥ភាគរយ ខណៈដែលភាគហ៊ុនិករបស់ក្រុមហ៊ុន CP ត្រូវបានកាត់បន្ថយពីចំនួន៩៣ភាគរយ ទៅ៨៥ភាគរយវិញ។

កត្តាប្រឈមមុខធំបំផុត

កត្តាប្រឈមមុខរបស់ក្រុមហ៊ុនថៃ និងផលិតករថៃចូលទីផ្សារអន្តរជាតិ គឺភាពលំបាក ក្នុងការទទួលយកប្រព័ន្ធបែងចែករបស់ប្រទេសនានា។

ប្រព័ន្ធដែលចូលចិត្តបង្កើតផ្លាកសញ្ញា  និងផលិតពីចង្វាក់ផ្គត់ផ្គង់ បែបប្រពៃណី បានប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ប្រទេសថៃ។

លោកSuchada Ithijarukulបានបន្តថា ពួកយើងត្រូវការប្រើប្រាស់ហាងរបស់យើង ដើម្បីអោយអ្នកប្រើប្រាស់នៅបរទេស ទទួលបានផលិតផលរបស់ប្រទេសថៃ។ ពួកយើងត្រូវរក្សាគុណភាបផលិតផល តម្លៃសមរម្យ និងយុទ្ធសាស្រ្តទីផ្សារ ដើម្បីបន្តវត្តមាននៅទីផ្សារអន្តរជាតិ។

លោកបន្ថែមថា “ជាងនេះទៀត យើងក៏ត្រូវការអោយសហគ្រាសធុនតូច និងមធ្យម និងផលិតករ ត្រូវយល់ដឹងពីបទបញ្ញករស្គុគស្មាញ នៅទីផ្សារបរទេសដែលលំបាកសម្រាប់អាជីករថៃ ត្រូវប្រឈមមុខដោះស្រាយ៕

បញ្ហានាវា MT Strovolosលួចដឹកប្រេងឆៅពីកម្ពុជា៣ោម៉ឺនបារ៉ែលកាន់តែស្មុគ្រស្មាញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បកស្រាយពីនាវាដឹកប្រេង៣០ម៉ឺនបារ៉ែលចេញពីកម្ពុជាកាលពីពេលថ្មីនេះ ដែលបង្ហាញពីទំនាស់ស្មុគ្រស្មាញរវាងក្រុមហ៊ុនKRISENERGY និងក្រុមហ៊ុននាវាដឹកប្រេងនេះ មានបញ្ហាវិវាទនឹងគ្នា។

យោងតាមសេចកក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ដែលបានចេញផ្សាយនៅថ្ងៃទី៣ កញ្ញា២០២១នេះឱ្យដឹងថា ក្រុមហ៊ុនWorld Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយនៃគ្រីសអេនើជីគ្រុប ដើម្បីធ្វើជានាវាស្តុកទុកនិងផ្ទេរ ប្រេងឆៅពីតំបន់អប្សរាប្លុកA ក្នុងដែនសមុទ្រកម្ពុជា។ នាវាMT Strovolos ត្រូវបានជួលដោយក្រុមហ៊ុន គ្រីសអេនើជី ដើម្បីផ្ដល់សេវានេះ ដែលក្រុមហ៊ុននេះ មានកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងរ៉ែនិងថាមពល សម្រាប់ស្វែងរការរុករកនិងអភិវឌ្ឍក្នុងតំបន់អប្សរាប្លុកAកម្ពុជា។

សេចក្តីប្រកាសបន្តថា នាវា MT Stravoloso បាចតនិងភ្ជាប់ទៅនឹងនាវាផលិតកម្មប្រេង ដើម្បីទទួលស្តុក និងផ្ទេរប្រេងទៅនាវាផ្សេងទៀត ដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិផ្សេងទៀតរបស់កម្ពុជា។

ក្រសួងរ៉ែនិងថាមពលដឹងថា បច្ចុប្បន្នម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវាក្រុមហ៊ុនគ្រីសអេនើជី កំពុងតែមានវិវាទពាក់ព័ន្ធនឹងការបង់ថ្លៃឈ្នួលនាវា។ ប្រសិនជាព័ត៌មាននេះ ជាការពិតវិវាទនេះ គឺជាវិវាទរបស់ភាគីទាំងពីរ ហើយមិនពាក់ព័ន្ធនឹងព្រះរាជាណាចក្រកម្ពុជា និងប្រេងឆៅរបស់កម្ពុជាឡើយ ។

ក្នុងអំឡុងពេលជួលវានាឱ្យទៅក្រុមហ៊ុនគ្រីសអេនើជី នាវានេះត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Ptd Ltd នៅល្ងាចថ្ងៃទី១៨មិថុនា ២០២១ឱ្យចាកចេញពីកម្ពុជា នៅម៉ោង៨ល្ងាចទៅកាន់ទឹកដីប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជាទៅជាមួយផងដែរ ។ ការចាកចេញរបស់នាវាមួយនេះ ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ។

ក្រសួងរ៉ែនិងថាមពល ច្រានចោលការលើកឡើងរបស់ក្រុមហ៊ុន World Tankers Management Pte Ltd នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនដែលថា នាវា MT Strovolos គ្មានជំរើសអ្វី ក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង ។ ក្រសួងរ៉ែ និងថាមពល ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នកគ្រប់គ្រងនាវាឬភាគីណាមួយ ស្នើសុំឱ្យរៀបចំឬអនុញ្ញាតឱ្យធ្វើការផ្លាសប្តូរនាវិក និងចាក់ប្រេងនាវានេះឡើយ ។ យ៉ាងណាក្ដីក៏បញ្ហានៃការប្តូរនាវិក ឬក៏ការចាក់ប្រេងនេះ  មិនអាចយកមកធ្វើជាលេសដើម្បីឱ្យនាវា ចាកចេញនិងយកប្រេងឆៅកម្ពុជាទៅជាមួយ ដោយមិនអនុលោមតាមច្បាប់កម្ពុជា ។

ក្រោយពេលដែលនាវានេះ បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ នាវាមួយនេះ មិនដែលបានបង្ហាញឆន្ទៈ ក្នុងការវិលត្រលប់ ឬដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវាអ្នកគ្រប់គ្រង ប្រធានក្រុម និងនាវិកនៅលើនាវានេះ បានដឹងច្បាស់ថាប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីប្រកាសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបាន និងបន្តចាត់វិធានការផ្សេងៗទៀតដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថាច្បាប់ត្រូវបានអនុវត្ត ដោ​យត្រឹមត្រូវ និងពេញលេញ”៕

គម្រោងសាងសង់ផ្សារបណ្តែតទឹកទំហំ៥៤ហិកតានៅស្រុកបន្ទាយស្រី រង់ចាំ ការអនុម័តច្បាប់

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកសាស្រ្តាចារ្យទួស សាភឿនភាគហ៊ុនិកបុរីAngkor Land Markបានមានប្រសាសន៍ថា គំរោងផ្សារបណ្តែតទឹក និងសួនសត្វសិប្បនិម្មិតនៅក្នុងស្រុកបន្ទា​យ​ស្រី ខេត្តសៀមរាបរង់ចាំតែច្បាប់អនុញ្ញាត្តប៉ុណ្ណោះ នឹងចាប់ផ្តើមសាងសង់ហើយ។

លោកសាស្រ្តាចារ្យទួស សាភឿនបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួននាព្រឹកថ្ងៃទី៣ កញ្ញានេះថា មួយប្រទេសចង់ឃើញគម្រោងផ្សារទឹក សួនសត្វសិប្បន្និមិត្ត និងរីសតគ្រោងនឹងសាងសង់លើផ្ទៃដី៥៤ហិចតា ក្នុងទីតាំង បុរីអង្គរលែនម៉ាក្ស ខេត្តសៀមរាប រង់ចាំតែច្បាប់អនុញាតិទេបងប្អូនអតិថិជន របស់គម្រោងបុរីអង្គរលែនម៉ាក្ស។

លោកបានថា “បើច្បាប់ចេញស្អែក ថ្ងៃខានស្អែកក្រុមហ៊ុននិងចាប់ផ្តើមបុកគ្រឹះអោយឃើញភ្លាម”។

ជាមួយគ្នានេះ លោកបានបង្ហាញរូបភាពជាមួយនឹងការបញ្ជាក់ខ្លឹមសារថា ថ្ងៃនេះជួបពិភាក្សា និងពិនិត្យប្លង់គម្រោងផ្សារទឹក សួនសិប្បន្និមិត្ត និងរីសត ជាមួយដៃគូវិនិយោគថៃ។

គំរោងនេះក្រុមហ៊ុនថៃទាំងបីនោះរួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេ​សថៃសហការវិនិយោគ។

លោកសាស្រ្តាចារ្យ ទួស សាភឿន សហភាគហ៊ុននិកគំរោងបុរីអង្គរលែនដ៏ម៉ាកធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះ គំរោងវិនិយោគនេះស្ថិតនៅលើផ្ទៃដីជាង ៥០០​ហិកតា ក្នុងនោះគំរោងទី១ មានផ្ទៃដី២២៣ហិកតា និងគំរោងទី២ មានផ្ទៃដីទំហំ ៣០០ហិកតា។

លោកបន្តថា គំរោងនេះមានភាពចម្រុះ ដោយមានលំនៅដ្ឋានបែបលំហែរកាយ ភោ​ជនីយដ្ឋាន ផ្សារបណ្តែតទឹកដែលនឹងសាងសង់លើផ្ទៃដី ៥០ហិកតា ហើយវានឹងជាផ្សារបណ្តែតទឹកធំជាងគេនៅកម្ពុជា និងសួនសប្បនិម្មិតស្ថិតនៅលើផ្ទៃដី២០ហិកតា ដែលសួន​នេះនឹងមានសត្វចម្រុះ ដែលផុតពូជពីពិភពលោកនេះ។

លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនរបស់យើងនឹងចុះ MOU ជាមួយក្រុមហ៊ុន​ទាំងនោះនៅថ្ងៃទី២០កម្ភៈនេះ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះ ដែលវាជាគំរោងទី១ ​នៅក្នុងខេត្តសៀមរាប”។

លោកបន្តថា “មកពីណាមិនសំខាន់ទេ សំខា​ន់គឺទាញយកអ្នកវិនិយោគមកវិនិយោ​គនៅស្រុកយើង ដើម្បីផ្តល់ការងារដល់ប្រជា​ជន និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិយើង”។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាស​ន៍ថា ការពិតខេត្តសៀមរាបពិតជាមានសក្តានុពលវិនិយោគ ប៉ុន្តែកន្លងមកអ្វីដែលយើងបានបង្ហាញ និងទាក់ទាញភ្ញៀវទេសចរណ៍របស់យើង មានត្រឹមសំណង់ប្រាសាទប៉ុណ្ណោះ ហេតុនេះប្រសិនជាមានការវិនិយោគ លើរមណីយដ្ឋានកែច្នៃបែបនេះ និងធ្វើឲ្យបានកាន់​តែច្រើន វាពិតជាមានប្រយោជន៍ណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​ឲ្យស្នាក់នៅបានយូរនៅខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា៕

 

ក្រុមហ៊ុន Alibaba នឹងបោះទុនវិនិយោគ១៥.៥ពាន់លានដុល្លារដើម្បីគាំទ្រគំនិតផ្ដួចផ្ដើម ”ភាពរុងរឿងសំរាប់ទាំងអស់គ្នា”

ដោយៈសុខុម

សៀងហៃ: ក្រុមហ៊ុនយក្ស Alibaba Group របស់កំពូលមហាសេដ្ឋីចិន Jack Ma បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគ១០០ពាន់លានយ័ន (១៥.៥ពាន់លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ២០២៥ ដើម្បីគាំទ្រដល់គំនិតផ្ដួចផ្ដើម ”ភាពរុងរឿងទាំងអស់គ្នា” របស់ប្រធានាធិបតីចិន លោកស៊ី ជីនភីង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០២ កញ្ញា។

រដ្ឋាភិបាលក្រុងប៉េកាំង បាននិងកំពុងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុននានា ចែករំលែកទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្លះ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយគម្លាតកម្រិតជីវភាព ឬវិសមភាពសង្គមក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ក្រុមហ៊ុនផ្សេងៗទៀត ក៏បានប្រកាសបោះទុនវិនិយោគដូចគ្នានេះដែររួមមានទាំងក្រុមហ៊ុន Tencent Holdings ដែលសន្យាបោះទុនវិនិយោគ១០០ពាន់លានយ័ន (១៥.៥ពាន់លានដុល្លារអាមេរិក) និងក្រុមហ៊ុន Geely Automobile ផងដែរ។

កាសែត Zhejiang News ដែលគាំទ្ររដ្ឋាភិបាលនិយាយថា មូលនិធិរបស់ក្រុមហ៊ុនAlibaba នឹងធ្លាក់ទៅលើវិស័យនានា ដូចជាការឧបត្ថម្ភធនសម្រាប់ សហគ្រាសធនតូច និងមធ្យម (SME) និងការកែលម្អឱ្យប្រសើរឡើង នូវការការពារធានារ៉ាប់រង សម្រាប់កម្មករ មានប្រាក់ចំណូលទាបដូចជា អ្នកដឹកជញ្ជូន និងអ្នករត់តាក់ស៊ីជាដើម។

កាសែតដដែលបានអះអាងទៀតថា ក្រុមហ៊ុន Alibaba ក៏នឹងបង្កើត “មូលនិធិអភិវឌ្ឍន៍ ដើម្បីភាពរុងរឿងទាំងអស់គ្នា” (Common Prosperity Development Fund) មួយដែលមានទឹកប្រាក់២០ពាន់លានយ័ន (៣,១ពាន់លានដុល្លារអាមេរិក) ផងដែរ។

ក្រុមហ៊ុន e-commerce ខ្នាតយក្សមួយនេះ និងបណ្ដាក្រុមហ៊ុនជាប្រជែងរបស់ខ្លួនបានក្លាយជាគោលដៅ នៃការបង្រ្កាបទ្រង់ទ្រាយធំ ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង លើបញ្ហានានា រាប់ចាប់ពីការផ្ដាច់មុខលើទីផ្សារ រហូតដល់ការបំពានសិទ្ធិអ្នកប្រើប្រាស់។ ក្រុមហ៊ុន Alibaba ត្រូវបានផាកពិន័យ ជាទឹកប្រាក់ដល់ទៅ២,៧៥ពាន់លានដុល្លារអាមេរិក កាលពីខែមេសា ពីបទរំលោភសិទ្ធិផ្តាច់មុខ។

វិស័យ e-commerce ក៏ទទួលរងការរិះគន់ចំពោះផងដែរ ចំពោះការមិនគិតគូរពីសុខុមាលភាពរបស់អ្នកដឹកជញ្ជូនអីវ៉ាន់ និងអ្នករត់តាក់ស៊ីដែលភាគច្រើន មិនទទួលបានធានារ៉ាប់រងផ្នែកសង្គម និងសុខភាព។

Platform ដឹកជញ្ជូនអាហារមួយមានឈ្មោះថា Ele.me និងក្រុមហ៊ុនប្រតិបត្តិករផ្សារទំនើប Freshippo ដែលសុទ្ធតែកាន់កាប់ដោយ Alibaba ស្ថិតក្នុងចំណោមក្រុមហ៊ុនប្រតិបត្តិករ ដែលត្រូវបានកោះហៅចូលជួបពិភាក្សា កាលពីខែកក្កដា ជាមួយក្រុមនិយ័តកររដ្ឋាភិបាល ជុំវិញការកែលម្អឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសិទ្ធិការងារសម្រាប់អ្នកដឹកជញ្ជូនទូទៅ៕

វិភាគៈបទពិសោធន៍អតីតកាល វិបត្តិ​សេដ្ឋកិច្ច​សកល៖ ប្រទេស​ឈ្នះ និង​ប្រទេស​ចាញ់

ដោយហ្សង់ ហ្រ្វង់ស្វ័័រតាន់

ភ្នំពេញៈ នៅ​ចុង​ឆ្នាំ​២០០៨ វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​ផ្ទុះ​ឡើង។ ជិត​ពីរ​ឆ្នាំ​ក្រោយ​មក ប្រទេស​ធំៗ​ខ្លះ បាន​ចេញ​ផុត​ពី​វិបត្តិ​ហើយ ខ្លះ​ទៀត​ក៏​កំពុង​ចេញ​រួច​បណ្តើរៗ​ហើយ​ដែរ។ ប៉ុន្តែ ក៏​មាន​ដែរ​ប្រទេស​ធំៗ​ផ្សេង​ទៀត ​ដែល​នៅ​តែ​ងើប​ក្បាល​មិន​រួច។

តើ​មាន​ប្រទេស​ណា​ខ្លះ​ដែល​ជា​អ្នក​ឈ្នះ និង​ប្រទេស​ណា​ខ្លះ​ទៀត​ដែល​ជា​អ្នក​ចាញ់​ នៅ​ក្នុង​វិបត្តិ​សកល?។
ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ បាន​ផ្តើម​បោក​កញ្ជ្រោក​ទៅ​លើ​ពិភពលោក​ ទាំង​មូល នៅ​ឆ្នាំ​២០០៨-២០០៩​ ថ្នាក់​ដឹកនាំ​ចិន ​បាន​សម្រេច​ចាត់​វិធានការ​ ដោយ​មិន​សំច័យ​លុយ​ឡើយ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ជាតិ។ ជាក់​ស្តែង ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​ចិន មាន​តម្លៃ​ស្មើ​នឹង​៥​ភាគ​រយ ​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក ពោល​គឺ២​ដង​ថ្លៃ​ជាង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​ជា​មធ្យមភាគ៤​ដង​ ថ្លៃ​ជាង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​នៃ​ប្រទេស​សមាជិក​នីមួយៗ​ របស់​សហភាព​អឺរ៉ុប។

គោលដៅ​របស់​ទីក្រុង​ប៉េកាំង គឺ​ធ្វើ​ឲ្យ​ប្រទេស​ចិន​កាន់​តែ​ខ្លាំង និង​លេច​ត្រដែត​ឡើង​កាន់​តែ​លឿន​រហ័ស នៅ​ពេល​វិបត្តិ​សេដ្ឋកិច្ច​សកល​ត្រូវ​ចប់។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ចុង​ឆ្នាំ​២០០៩ ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​អាល្លឺម៉ង់ ដោយ​ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​១ខាង​នាំ​ទំនិញ​ទៅ​ក្រៅ​ប្រទេស ហើយ​នៅ​ចុង​ឆ្នាំ​២០១០​ខាង​មុខ​នេះ ចិន​នឹង​វ៉ា​ឈ្នះ​ប្រទេស​ជប៉ុន ដោយ​ច្បាស់​ជា​នឹង​ក្លាយ​ ទៅ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២ជា​មិន​ខាន​ឡើយ។

តាម​ការ​អះអាង​របស់​អ្នក​វិភាគ​ខ្លះ ចិន​ដែល​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ឡើង​វិញ គឺ​ប្រមាណ​ជិត​១២​ភាគ​រយ នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១០​នេះ នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​១ នៅ​ក្នុង​អំឡុង​ពេល​ពី​១៥​ទៅ​៣០​ឆ្នាំ​ទៀត​ខាង​មុខ​នេះ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​គ្រា​នេះ សេដ្ឋកិច្ច​អាមេរិក​នៅ​តែ​ខ្លាំង​ជាង​សេដ្ឋកិច្ច​ចិន​៣​ដង​យ៉ាង​តិច។ អាមេរិក​ចាប់​ផ្តើម​ងើប​ក្បាល​ចេញ​ រួច​ពី​វិបត្តិ​សកល​បណ្តើរៗ​ហើយ។ សេដ្ឋ​កិច្ច​របស់​ប្រទេស​មហា​អំណាច​ធំ​ជាង​គេ​មួយ​នេះ មាន​កំណើន​ប្រមាណ​៥​ភាគ​រយ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ដើម​ឆ្នាំ​២០១០​នេះ។

នៅ​ក្នុង​បរិបទ​បែប​នេះ គេ​អាច​និយាយ​ម្យ៉ាង​ថា ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដូច​ជា​មិន​បាន​ប៉ះ​ពាល់​ ទាល់​តែ​សោះ​ដល់​សេដ្ឋកិច្ច​ប្រទេស​ចិន ដែល​បន្ត​លេច​ត្រដែត​ឡើង​កាន់​តែ​ច្បាស់​ជា​មហា​អំណាច​ពិភពលោក។ ម្យ៉ាង​ទៀតគេ​អាច​និយាយ​ថា វិបត្តិ​សេដ្ឋកិច្ច​សក​ល ពិត​មែន​តែ​បាន​ប៉ះ​ពាល់​ខ្លាំង​ ដល់​សហរដ្ឋ​អាមេរិក​ក៏​ដោយ មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​បាក់​កម្លាំង​ខ្លាំង​ពេក​ទេ។

ដូចគ្នា​នឹង​ប្រទេស​ចិន​ដែរ ប្រទេស​ប្រេស៊ីល ​(Brésil) ឥណ្ឌា និង​រុស្ស៊ី នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា ពីរ​ឆ្នាំ​ក្រោយ​ការ​ផ្តើម​ឡើង​នៃ​វិបត្តិ​សកល។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​ធំៗ​ទាំង​បី​នេះ ក៏​មិន​បាន​បង្កើន​ប្រាក់​បំណុល​របស់​ពួក​គេ​ដែរ។ ម៉្លោះ​ហើយ គេ​អាច​និយាយ​ថា ប្រេស៊ីល​និង​ឥណ្ឌា​នឹង​ចេញ​ផុត​ពី​វិបត្តិ​សកល ខ្លាំង​និង​មាន​ជាង​មុន។
ប៉ុន្តែរុស្ស៊ី​វិញ មិនមែន​ជា​ប្រទេស​ដែល​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ខ្លាំង​លើស​ដើម ដូច​ប្រទេស​ចិន ឥណ្ឌា​និង​ប្រេស៊ីល​ទេ។ មូលហេតុ គឺ​មក​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ នៅ​តែ​បន្ត​ពឹង​ផ្អែក​ ទៅ​លើ​ការ​លក់​ថាមពល​ចេញ​ទៅ​ក្រៅ​ប្រទេស ជា​អាទិ៍​ប្រេងកាត​និង​ឧស្ម័ន។ ហើយ​ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច សព្វថ្ងៃ​នេះ តម្លៃ​ប្រេងកាត​ធ្លាក់​ចុះ​ខ្លាំង នៅ​លើ​ទីផ្សារ​អន្តរជាតិ។

ម្ល៉ោះ​ហើយ​ប្រាក់​ចំណូល​របស់​រុស្ស៊ី​ក៏​ត្រូវ​ថយ​ចុះ​ដែរ។ ក្រោម​អាណត្តិ​ប្រធានា​ធិបតី​របស់​ពូទីន(Poutine) កំណើន​សេដ្ឋកិច្ច​របស់​រុស្ស៊ី បាន​កើន​ដល់​ទៅ​៦​ឬ​៧​ភាគ​រយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក៏​ប៉ុន្តែថ្នាក់​ដឹកនាំ​រុស្ស៊ី​ មិន​បាន​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ជួសជុល​ឬ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​វិស័យ​ឧស្សហកម្ម​ឡើយ។ និយាយ​បែប​ផ្សេង ថ្នាក់ដឹកនាំ​រុស្ស៊ី​មិន​ចេះ​អភិវឌ្ឍ​ប្រទេស បន្ត​ទ្រមក់​ មិន​ចេះ​រួសរាន់ និង​អាង​លើ​រ៉ែ​ប្រេងកាត​និង​រ៉ែ​ឧស្ម័ន ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន។

អឺរ៉ុប​នៅ​តែ​ងើប​មិន​រួច​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល
បាក់​កម្លាំង​ខ្លាំង​ជាង​គេ ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច​សកល គឺ​អឺរ៉ុប។ ក៏​ដូច​សហរដ្ឋ​អាមេរិក​ដែរ បណ្តា​ប្រទេស​អឺរ៉ុប​បាន​បង្កើន ​ប្រាក់​បំណុល​សាធារណៈ​របស់​ពួក​គេ ដោយ​បាន​ខ្ចី​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ ដើម្បី​តុបតែង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ជា​ហេតុ​បង្កឲ្យ​ឱនភាព​ថវិកា​ របស់​បណ្តា​ប្រទេស​ទាំង​អស់​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​លើស​ដើម។

ទន្ទឹម​នឹង​នេះ ធនាគារ​កណ្តាល​អឺរុប មិន​បាន​សម្រេច​ចិត្ត​បញ្ចុះ​អត្រា​ការប្រាក់​នាំ​មុខ​ឲ្យ​បាន​ទាន់​ពេល​វេលា ជាហេតុ​ធ្វើ​ឲ្យ​លុយ​អឺរ៉ូ​មាន​តម្លៃ​ថ្លៃ​ជ្រុល។ លុយ​អឺរ៉ូ​ថ្លៃ​ពេក បើ​ប្រៀបធៀប​នឹង​លុយ​ដុល្លារ​ ដែល​គេ​ប្រើ​ប្រាស់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ ធ្វើ​ឲ្យ​ផលិ​តផល​របស់​អឺរ៉ុប ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ទំនិញ​មក​ពី​ប្រទេស​ផ្សេង​បាន។
អ៊ីចឹង​ហើយ បានជា​សេដ្ឋកិច្ច​របស់​អឺរ៉ុប​ នៅ​តែ​ចេញ​ពី​វិបត្តិ​សកល​មិន​រួច។ ជា​មធ្យមភាគ សេដ្ឋកិច្ច​របស់​ប្រទេស​អឺរ៉ុប​នីមួយៗ កើន​មិន​បាន​១​ភាគ​រយ​ល្អ​ផង នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១០​នេះ។ កំណើន​សេដ្ឋកិច្ច​មិន​ខ្លាំង ​បូក​ជាមួយ​នឹង​ឱនភាព​សាធារណៈ​ធ្ងន់ធ្ងរ​ឡើង​ជា ​លំដាប់​របស់​រដ្ឋ​នីមួយៗ​ក្នុង​តំបន់​អឺរ៉ូ ធ្វើ​ឲ្យ​ប្រទេស​អឺរុប​ខ្លះ ដូច​ជា​ប្រទេស​ក្រិក​(Grèce) ជា​ដើម គ្មាន​លុយ​សង​បំណុល ជាហេតុ​ញ៉ាំង​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន​អន្តរជាតិ​ឈប់​ទុក​ចិត្ត​អឺរ៉ុប នាំ​គ្នា​លក់​លុយ​អឺរ៉ូ​ចោល។

អ៊ីចឹង​ហើយ បាន​ជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លុយ​អឺរ៉ូ​ដាំ​ក្បាល ទីផ្សារ​ភាគ​ហ៊ុន​
ស្គាល់​អស្ថិរភាព​ខ្លាំង បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ភ័យ​ឆោឡោ នាំ​គ្នា​ប្រមូល​លុយ​មក​ជួយ​ស្រោចស្រង់​ប្រទេស​ក្រិក មក​ជួយ​ស្រោចស្រង់​លុយ​អឺរ៉ូ និង​នាំ​គ្នា​ផ្តើម​អនុវត្ត​នយោបាយ​ត្បិតត្បៀត​ប្រាក់​ចំណាយ។ គោលដៅ​សំខាន់ គឺ​កាត់​បន្ថយ​បំណុល​សាធារណៈ។ ក៏ប៉ុន្តែ មក​ទល់​ចុង​ខែ​ឧសភា​ឆ្នាំ​២០១០ វិបត្តិ​ថ្មី​មួយ​នេះ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ប្រើប្រាស់​លុយ​អឺរ៉ូ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​តែ​មិន​ទុក​ចិត្ត​អឺរ៉ុប ដោយហេតុថា នយោបាយ​ត្បិតត្បៀត​បា្រក់​ចំណាយ​ ដែល​រដ្ឋ​នានា​កំពុង​អនុវត្ត ក៏​អាច​នឹង​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​របស់​អឺរ៉ុប នៅ​ទី​បំផុត​ដែរ។

រីឯ​ប្រទេស​ជប៉ុន​វិញ ជា​ករណី​មួយ​ពិសេស។ បំណុល​សាធារណៈ​របស់​ប្រទេស​នេះ ធំ​ណាស់ ច្រើន​ណាស់ ច្រើន​លើស​បំណុល​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ទៅ​ទៀត។ ក៏​ប៉ុន្តែរដ្ឋ​ជប៉ុន ​មិនមែន​ជំពាក់​លុយ​​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិដូច​អឺរ៉ុប​ទេ។ រដ្ឋ​ជប៉ុន​ជំពាក់​លុយ​ប្រជាជន​ជប៉ុនជា​ពិសេស។ ជប៉ុន​ជា​ប្រទេស​ ដែល​មាន​សំច័យ​ធន​ច្រើន ​សន្ធឹក​សន្ធាប់ ដោយសារ​តែ​ពលរដ្ឋ​ជប៉ុន​ម្នាក់ៗ​ ពូកែ​សន្សំ​លុយ។ អ៊ីចឹង​ហើយបាន​ជា​រដ្ឋាភិបាល​ជប៉ុន ​ក្តាប់​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ ប្រទេស​ខ្លួន​បាន​ល្អ​ជាង​បណ្តា​ប្រទេស​អឺរ៉ុប។ មិន​តែ​ប៉ុណ្ណោះ សេដ្ឋកិច្ច​ជប៉ុន​ដែល​អូសទាញ​ដោយ​សេដ្ឋកិច្ច​ចិន ​និង​ដែល​មាន​មូលដ្ឋាន​នៅ​ លើ​ការ​នាំ​ទំនិញ​ចេញ​ទៅ​ក្រៅ​ប្រទេស មាន​កំណើន​រហូត​ដល់​ទៅ​៥​ភាគ​រយ នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ២០១០​នេះ។

សរុប​មក​វិញ គេ​អាច​និយាយ​ថា វិបត្តិ​សេដ្ឋកិច្ច​សកល​ ដែល​បាន​ផ្តើម​ឡើង​នៅ​ឆ្នាំ​២០០៨-២០០៩ បាន​និង​កំពុង​បន្ត​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់ ​នូវ​បាតុភាព​មួយ​ ដែល​បាន​កើត​ចេញ​ជា​រូបរាង ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។

បាតុភាព​នោះ គឺ​ការ​លេច​ត្រដែត​ឡើង​កាន់​តែ​លឿន​ និង​កាន់​តែ​ច្បាស់ នៃ​មហា​អំណាចសេដ្ឋកិច្ច​ថ្មីថ្មោង​មួយ​ចំនួន ដូច​ជា​ប្រទេស​ចិន ឥណ្ឌា និង ប្រេស៊ីល។ រីឯ​បស្ចិមលោក​វិញ ជាពិសេស​អឺរ៉ុប កំពុង​តែ​ដាំ​ក្បាល អស់​ឫទ្ធិ និង​ខ្សោយ​ទៅៗ។

លើស​ពី​នេះ​ទៅ​ទៀត វិបត្តិ​សកល​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ដែរ​ថា បណ្តា​ប្រទេស​នៅ​ប៉ែក​ខាង​ជើង ​ស្គាល់​កំណើន​បំណុល រីឯ​បណ្តា​ប្រទេស​នៅ​ប៉ែក​ខាង​ត្បូង​ស្គាល់​កំណើន​សេដ្ឋកិច្ច៕