តម្លៃដីធ្លីក្នុងខេត្តកំពតបន្តឡើងថ្លៃ ស្របពេលរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេស

0

ដោយៈ សុផារី

កំពតៈ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកាមក ដីធ្លីក្នុងក្រុងកំពតនៅតែបន្តសកម្មភាពលក់ទិញជាហូរហែ ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍និងលំនៅដ្ឋាន។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate បានប្រាប់ Property Area Asia នារសៀលថ្ងៃទី៤ វិច្ឆិកាថា ទោះជាមិនមានកូវីដ១៩ តម្លៃដីធ្លីនៅតែបន្តកើនឡើង ពីមួយខែទៅមួយខែកើនឡើងរហូត មិនចាំបាច់ទាល់​តែមានការប្រកាសបើកប្រទេសនោះទេ។ ជាពិសេស ការបើកប្រទេសឡើងវិញកាន់តែធ្វើឱ្យតម្លៃដីធ្លីក្នុងខេត្តកំពត កាន់តែមានប្រជាប្រិយភាពកើនឡើង និងអាចទាក់ទាញវិនិយោគិនក្នុងស្រុកនិងអន្តរជាតិកាន់តែច្រើនថែមទៀត។

លោកបានមានប្រសាសន៍ថា “កាលពីមុនតម្លៃឡើងតិចៗ ឥលូវនេះក្រោយបើកប្រទេសហើយ ខ្ញុំជឿថាតម្លៃនឹងកើនឡើងកាន់តែឡើង ហើយកាន់តែលឿនជាងមុនទៀត”។

លោកបានបញ្ជាក់អំពីតម្លៃដីធ្លីក្នុងក្រុងជាប់ផ្លូវជាតិ មានតម្លៃចាប់ពី៨០ ដល់១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីជាប់ផ្លូវលំតូចៗ មានតម្លៃពី២០ ដល់៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់អ្នកវិនិយោគទិញដីទុកចំណេញ លោកបានណែនាំ៣ តំបន់ដែលមានសក្តានុពលសម្រាប់ថ្ងៃអនាគត ដូចជា ទី១ តំបន់ជាយក្រុងដែលមានផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដូចជា កំពង់ផែទេសចរណ៍។ លោកថា តំបន់នេះនឹងក្លាយជាតំបន់មានសក្តានុពលទេសចរណ៍ខ្លាំង នៅថ្ងៃអនាគត។

ទី២ តំបន់ផ្លូវជាតិលេខ៣ ពីផ្សារកំពតមកភ្នំពេញវិញ ដោយជ្រើសរើសតំបន់ចាប់ពី១៥ គីឡូម៉ែត្រពីផ្សារកំពត។ និងតំបន់ទី៣ តំបន់ផ្លូវជាតិលេខ៣ ចាប់ពីផ្សារកំពតទៅកាន់ភ្នំបូកគោ ចាប់ពី២០ គីឡូម៉ែត្រពីផ្សារកំពត។

សម្រាប់វិនិយោគិន ដែលមកវិនិយោគនៅក្នុងខេត្តកំពត ភាគច្រើនជាវិនិយោគិនក្នុងស្រុកដែលមកវិនិយោគលើវិស័យទេសចរណ៍ ផ្ទះសំណាក់ បឹងកាឡូ រីសត ជាដើម។ ចំណែកវិនិយោគិនបរទេស ភាគច្រើនចូលមកវិនិយោគ ដោយទិញដីទុកចំណេញតែប៉ុណ្ណោះ។ លោកថា កំពតត្រូវការរយៈពេលពី៣ ទៅ ៥ ឆ្នាំ ក្នុងការអភិវឌ្ឍខ្លាំង ហើយវិនិយោគិនបរទេសនឹងធ្វើការអភិវឌ្ឍលើដីដែលគាត់បានទិញ។

ចំណែកលោកសុខ គែន អគ្គនាយកនិងជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Kompot Street Real Estate Co.,Ltd បានមានប្រសាសន៍ថា ចរន្តនៃការលក់ទិញហូរហែរ ទោះបីមិនទាន់មានការបើកប្រទេស និងស្ថិតក្នុងស្ថានភាពកូវីដ១៩ក៏ដោយ។ លោកក៏បានកត់សម្គាល់ឃើញថា បើទោះបីជាចរន្តនៃការលក់ទិញដីធ្លី ក្នុងកំពតមិនមានសន្ទុះខ្លាំងក៏ដោយ ក៏នៅតែមានចរន្តថេរដែរ។

លោកថា អ្នកវិនិយោគភាគច្រើន នឹងទទួលបានមកពីភ្ញៀវក្នុងស្រុក ជាពិសេសមកពីភ្នំពេញដើមឬមកពីខេត្តព្រះសីហនុជាដើម។ សម្រាប់វិនិយោគបរទេស លោកថា “ជារឿងធម្មតាទេ ដែលរាជរដ្ឋាភិបាលប្រកាសបើកប្រទេស និងអនុញ្ញាតិឱ្យវិនិយោគិនបរទេ​សចូលមក ជាពិសេសក្នុងខេត្តកំពត ដែលកន្លងមកភាគច្រើនបានទទួលការវិនិយោគពីវិនិយោគិនប៉ែកអ៊ឺរ៉ុប លើកវិស័យទេសចរណ៍ រីសត អូតែល កំសាន្តជាដើម”។

លោកសុខ គែន ក៏ធ្លាប់បានបញ្ជាក់ពីតម្លៃដីធ្លីក្នុងក្រុងកំពតថា ដីដែលនៅជំនៀជើងភ្នំបូកគោ មានតម្លៃចន្លោះ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីនៅក្បែរមាត់ព្រែកឬជាប់ក្រុង ម្ដុំបរិវេណស្ពានថ្មីព្រែកកំពត និងដីក្នុងកាំរង្វង់កន្លះគីឡូម៉ែត្រជុំវិញក្រុងមានតម្លៃប្រហែល៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែក សម្រាប់ដីធ្វើកសិកម្មវិញ យើងអាចរកទិញបានក្នុងតម្លៃសមរម្យ ប្រហែល២ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈចម្ងាយ២៥ ទៅ ៣០ គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ស្រុកទឹកឈូ។

លោកបានបន្តថា ចំណែកដីនៅតាមផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៣ ក្នុងកាំរង្វង់៣គីឡូម៉ែត្រពីក្រុងកំពត គេក៏សង្កេតឃើញមានការឡើងច្រើនដែរ ជាពិសេសសម្រា​ប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ចាប់ពីផ្សារកំពតមកកាន់ផ្លូវជាតិ តម្លៃចន្លោះពី ១៨០ ទៅ ២០០ ដុល្លារក្នុងមួយគីឡូម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here