ដំណឹងល្អៈគម្រោងអភិវឌ្ឍន៍បុរី Angkor Land Mark ខេត្តសៀមរាបបានទទួលអនុក្រិតពីរដ្ឋាភិបាល

ដោយៈគង់ សូរិយា

សៀមរាបៈ គំរោងបុរី Angkor Land Marបានទទួលស.ជ.ណ និងអនុក្រិតពីរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀលគំរបព្រៃឈើ ដើម្បីទុកឱកាសឲ្យក្រុមហ៊ុននេះ អាចចាប់ផ្តើមកសាងគំរោងរបស់ខ្លួនហើយ។

លោកសាស្រ្តាចារ្យទួស សាភឿន ភាគហ៊ុនិកនៃបុរី Angkor Land Mark ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមនាព្រឹកកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីទទួលបានអនុក្រិត និងស ជ ណនេះ អាចឲ្យក្រុមហ៊ុនរៀបចំផែនការអភិវឌ្ឍន៍ស្តារហេដ្ឋារចនាសម្ព័ន្ឋ និងគំរោងប្លង់មេគំរោងទេសចរណ៍ តាមប្លង់គោលរបស់ក្រុមហ៊ុន។ លោកបន្តថា តាមផែនការគំរោងនេះ មានផ្ទៃដីសរុប៥០០ហិកតា ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានរៀបចំំបានជាង២០០ហិកតារួចហើយ។

គំរោងនេះក្រុមហ៊ុនថៃទាំងបីនោះរួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេ​សថៃសហការវិនិយោគ។

លោកសាស្រ្តាចារ្យ ទួស សាភឿនបានបន្តថា គំរោងនេះ គំរោងវិនិយោគនេះស្ថិតនៅលើផ្ទៃដីជាង ៥០០​ហិកតា ក្នុងនោះគំរោងទី១ មានផ្ទៃដី២២៣ហិកតា និងគំរោងទី២ មានផ្ទៃដីទំហំ ៣០០ហិកតា។

លោកបន្តថា គំរោងនេះមានភាពចម្រុះ ដោយមានលំនៅដ្ឋានបែបលំហែរកាយ ភោ​ជនីយដ្ឋាន ផ្សារបណ្តែតទឹកដែលនឹងសាងសង់លើផ្ទៃដី ៥០ហិកតា ហើយវានឹងជាផ្សារបណ្តែតទឹកធំជាងគេនៅកម្ពុជា និងសួនសប្បនិម្មិតស្ថិតនៅលើផ្ទៃដី២០ហិកតា ដែ​លសួន​នេះនឹងមានសត្វចម្រុះ ដែលផុតពូជពីពិភពលោកនេះ។

លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនរបស់យើងនឹងចុះ MOU ជាមួយក្រុមហ៊ុន​ទាំងនោះនៅថ្ងៃទី២០កម្ភៈនេះ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះ ដែលវាជាគំរោងទី១ ​នៅក្នុងខេត្តសៀមរាប”។

លោកបន្តថា “មកពីណាមិនសំខាន់ទេ សំខា​ន់គឺទាញយកអ្នកវិនិយោគមកវិនិយោ​គនៅស្រុកយើង ដើម្បីផ្តល់ការងារដល់ប្រជា​ជន និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិយើង”៕លោកបន្តថា “គំរោងនេះទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ និងកំពុងទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ស្រុកបន្ទាយស្រី និងស្ថាប័នពាក់ព័ន្ឋជាច្រើនទៀត”។

លោកសាស្រ្តចារ្យទួស សាភឿនបានបន្តថា រហូតមកទល់ពេលនេះ ការស្នើសុំសាងសង់ផ្សារបណ្តែតទឹកក្នុងគំរោងនេះ ពីក្រសួងទេសចរណ៍ មិនទាន់បានចាប់ផ្តើមនៅឡើយទេ ព្រោះអ្វីៗស្ថិតក្នុងដំណើរការរៀបចំផែនការ និងបន្តតាមនិតិវិធីរបស់ក្រុមហ៊ុន។

លោកបន្តថា “នៅពេលសាងសង់រួច បុរី Angkor Landmark នឹងក្លាយជាគំរោងអភិវឌ្ឍន៍គំរូមួយនៅខេត្តសៀមរាប ដែលនឹងលើកស្ទយដល់សេដ្ឋកិច្ចសង្គម ពិសេសវិស័យទេសចរណ៍ក្នុងខេត្តសៀមរា”៕

គំរោងវិនិយោគផលិតផលទេសចរណ៍ថ្មីចំនួន៥ គ្រៀមរៀបចំនៅឧទ្យានជាតិភ្នំគូលែន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ត្រូវបានរដ្ឋបាលខេត្តសៀម​រាប សម្រេចឲ្យក្រុមហ៊ុនឯកជនចំនួន៤ ធ្វើការវិនិយោគរមណីយដ្ឋានទេសចរណ៍ ខណៈពេលឧទ្យានជាតិនេះ បាននិងកំពុងមានសក្តានុពលស្រាប់រួចទៅហើយ។

គំរោងវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច៥កន្លែង ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ក្រោយចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ២ កញ្ញា កន្លងទៅ ដោយស្នើឱ្យឯកជនត្រូវរៀបចំផែនការពេញលេញ ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុម័តចុងក្រោយ។

គម្រោងនីមួយៗ នឹងមានផ្ទៃដីទំហំប្រមាណ១០ហិកតាក្នុងមួយគម្រោង ដោយមានទីតាំងស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ការបើកភ្លើងខៀវនេះ ធ្វើឡើងក្រោយពីមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងជាក់ស្ដែង ក្រោមអធិបតីភាព ដែលការងារនេះបានដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

ក្រោយពិនិត្យរួច ក្រុមការងារគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលើ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លើបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នើសុំការពិនិត្យសម្រេចពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន៕

ស្រ្តីជើងចាស់ក្នុងវិស័យអចលនទ្រព្យបីរូបលើកឡើងនូវចំណុចផ្សេងគ្នាក្នុងវិស័យ អចលនទ្រព្យបច្ចុប្បន្ន

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ស្រ្តីជើងចាស់ក្នុងវិស័យអចលនទ្រព្យបីរូប បានលើកឡើងនូវបរិបទ និងការវិភាគក្នុងវិស័យអចលនទ្រព្យ ខុសៗគ្នាលើទិដ្ឋភាពប្រែប្រួល នៃវិស័យអចលនទ្រព្យក្នុងអំឡុងវិបត្តិដែលកំពុងបន្តនាពេលបច្ចុប្បន្ននេះ។
អ្នកស្រីអាន សុធីតាអតីតនាយិកាក្រុមហ៊ុន CBRE Cambodia និងជាអ្នកវិភាគពី

ទីផ្សារអចលនទ្រព្យឯករាជ្យ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនមានសញ្ញាល្អប្រសើរឡើងនៅឡើយទេ បើគិតជារូម អ្វីៗនៅមានភាពតានតឹងនៅឡើយ។

អ្នកស្រីបន្តថា “ក្នុងស្ថានភាពនេះ មានតែអ្នកមានលុយទេ ជាអ្នកឈ្នះ ពួកគេចាប់បានឱកាសច្រើន និងល្អប្រសើរ ដោយសារមានតម្លៃអចលនទ្រព្យក្រោមទីផ្សារបានលក់ចេញ”។ អ្នកស្រីបន្ថែមថា “បើរំពឹងការវិនិយោគពីបរទេស មិនទាន់ដល់ពេលនៅឡើយទេ ពួកគេនឹងចូលមកនៅអំឡុងឆ្នាំ២០២២ខាងមុខ”។

ទោះជាយ៉ាងណាអ្នកស្រីមើលឃើញថា ទីផ្សារដីធ្លីនៅមានសកម្មភាពទិញលក់ច្រើនេះជាងគេ បន្ទាប់់មកផ្ទះតាមបុរីមួយចំនួន។ ចំណែកទីផ្សារលក់រាយ ក៏មិនទាន់មានសញ្ញាប្រសើរផងដែរ។

អ្នកស្រីបន្តថា “ទោះបីរងវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី ប៉ុន្តែវិស័យនេះនៅកម្ពុជាហាក់បង្ហាញសញ្ញារ៉ឹងមាំ បើធៀបនឹងបណ្តាប្រទេសជិតខាងកម្ពុជា”។

ចំណែកអ្នកស្រី Grace Rachy Fong នាយិកាក្រុមហ៊ុន Century21 Cambodiaបានសម្តែងសុទិដ្ឋិនិយមទៅវិញ ដោយអ្នកស្រីមើលឃើញថា ក្នុងបរិបទកូវីដ១៩ បានធ្វើឲ្យមនុស្សអាចបន្សាំខ្លួននឹងបញ្ហា ហើយពួកគេរៀនរស់នៅជាមួយជំងឺកូវីដ១៩ ប៉ុន្តែពួកគាត់បានប្រុងប្រយ័ត្នជាងមុន ខណៈការវិនិយោគរបស់ពួកគេនៅតែបន្ត។

អ្នកស្រីបន្តថា ទីផ្សារនេះបានចាប់ផ្តើម ងើបឡើងវិញបណ្តើរៗហើយ ដោយការវិនិយោគលើទឹកប្រាក់ចន្លោះពី១ទៅ២លានដុល្លារបានកើនឡើង ដោយសារពួកគាត់មានទំនុកចិត្តអ្វីៗនឹងល្អប្រសើរឡើង។

អ្នកស្រីបន្តថា “ការវិនិយោគលើវិស័យអចលនទ្រព្យក្នុងបរិបទនេះ ជាការវិនិយោគ​ល្អ ស្របពេលក្រុមហ៊ុន Zillion Holding បានពង្រីកភ្នាក់ងារអចលនទ្រព្យ ដល់មូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស។

រីឯអ្នកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញលក់ នៅតែមានសភាពរប៉េះរប៉ោះ ហើយប្រជាជនកាន់តែមានសុទិដ្ឋិនិយមជាងមុន ព្រោះបញ្ហាក្រពះ បានធ្វើឲ្យពួកគាត់ចាកចេញពីផ្ទះ មកប្រកបមុខរបរធម្មតា ប៉ុន្តែពួកគេបានការពារខ្លួនយ៉ាងប្រយ័ត្នប្រយ៉ែងជាងមុន។

អ្នកស្រីបន្តថា “មួយរយៈចុងក្រោយនេះ ចាប់តាំងពីរដ្ឋាភិបាលប្រកាសពង្រីកទីក្រុងក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា បានធ្វើឲ្យមានសកម្មភាពទិញលក់ដីធ្លី កាន់តែច្រើន ពិសេសនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ៕

ក្រុមហ៊ុន Saudi Aramco ត្រៀមបោះទុន១១០ពាន់លានដុល្លារ ដើម្បីចាប់ផ្ដើមគម្រោងសាងសង់រោងចក្រឧស្ម័ន

ដោយៈសុខុម

ក្រុងរីយ៉ាដ: ក្រុមហ៊ុនប្រេង Saudi Aramco នៃប្រទេសអារ៉ាប៊ីសាអូឌីត កំពុងត្រៀមចាប់ផ្ដើមដំណើរការឡើងវិញ នូវគម្រោងអភិវឌ្ឍន៍វាលយកឧស្ម័នខ្នាតយក្ស Jafurah ជាមួយនឹងផែនការបោះទុនវិនិយោគ រហូតដល់ទៅ១១០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី០២ កញ្ញា។

តាមការប៉ាន់ប្រមាណថា ទីតាំងទាញយកឧស្ម័នធម្មជាតិ លាតសន្ធឹងលើផ្ទៃដី១០០គីឡូម៉ែត្រការ៉េ គុណនឹង១៧០គីឡួម៉ែត្រការ៉េ ដែលធំបំផុតនៅក្នុងព្រះរាជាណាចក្រមួយនេះ អាចមានឧស្ម័នឆៅច្រើនរហូតដល់ទៅ៥,៦៦ពាន់លានម៉ែត្រគូប។

ប្រភពនៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័នដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ស្ថានីយទូរទស្សន៍អាមេរិក CNBC ថា ក្រុមហ៊ុន Saudi Aramco បានដាក់សំណើដេញថ្លៃជាច្រើន សម្រាប់ការអភិវឌ្ឍវាលយកឧស្ម័ននេះ ដោយក្នុងនោះរួមទាំងការសាងសង់រោងចក្រថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់វាលយកឧស្ម័ននេះផងដែរ នៅដើមខែធ្នូ ឆ្នាំក្រោយ។

ក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា វាលយកឧស្ម័ន Jafurah នេះនឹងធ្វើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លាយជាប្រទេសផលិតឧស្ម័នធម្មជាតិ ធំបំផុតទី៣ ក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុន Saudi Aramco រំពឹងថា ផលិតកម្មពីវាលយកឧស្ម័ន Jafurah នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤។

ប្រភពពីស្ថានីយទូរទស្សន៍ CNBC បានបញ្ជាក់ថា ក្រុមហ៊ុន White & Case និងក្រុមហ៊ុនSMBC នឹងជាអ្នកផ្តល់ហិរញ្ញប្បទាន និងការប្រឹក្សាផ្នែកច្បាប់សម្រាប់គម្រោងខ្នាតយក្សមួយនេះ៕

ការសិក្សាៈទីក្រុងបាងកកក្លាយទៅជាទីក្រុងដែលប្រសើរជាងគេក្នុងការសំរាកលំហែកាយ និងការងារ

ដោយៈសុជាតា

ប្រទេសថៃៈ ការសិក្សាថ្មីមួយ ដែលមានឈ្មោះថា Holidu បានចាត់បញ្ចូលចំណាត់ថ្នាក់ទីក្រុងធំៗទាំង១៥០ នៅលើពិភពលោក ផ្អែកទៅលើការចំណាយរស់នៅ និង សកម្មភាពលំហែកាយ។

បើយោងតាមវាយតម្លៃនេះ បានបង្ហាញថា ទីក្រុងបាងកក បានចាត់ចូលជាទីក្រុងប្រសើរជាងគេ សម្រាប់ការងារ ខណៈដែលកោះភូកេតបានជាប់ចំណាត់ថ្នាក់ទី១០។

ទីក្រុងល្បីល្បាញទាំងពីររបស់ប្រទេសថៃ បានចាត់បញ្ចូលទីក្រុងធំ នៅពិភពលោក ដែលប្រជាជនអាចធ្វើការ និងលំហែកាយនៅក្នុងជីវិតស៊ីវីល័យ។

អាជ្ញាធរទេសចរណ៍ប្រទេសថៃ បានប្រកាសពីការសិក្សាថ្មីនេះ ដោយរួមបញ្ចូលទីក្រុងប្រមាណ១៥០ទីតាំង ដោយផ្អែកទៅលើការវាយតម្លៃផ្សេងៗគ្នា។

ផ្អែកលើការសិក្សាដដែលបានបង្ហាញថា ទីក្រុងបាងកក ឈរនៅលំដាប់លេខមួយដោយសារតែសកម្មភាពទាក់ទាញ ប្រកបដោយគុណភាពខ្ពស់ ការរស់នៅសមរម្យ អ្នកនិយាយភាសាងអង់គ្លេសគ្រប់គ្រាន់ និងបង្កើតការិយាល័យពហុជាតិសាសន៍ ច្រើនផងដែរ។

គេហទំហ័រ Holidu បានលើកឡើងពីសារៈសំខាន់ហិរញ្ញវត្ថុ និងវប្បធម៌នៅក្នុងប្រទេសថៃ ដោយទទួលស្គាល់ទីក្រុងបាងកក និងភូកេត សម្រាប់សមតុល្យដ៏អស្ចារ្យ រវាងគុណភាពជីវិត និងតម្លៃរស់នៅសមរម្យ។

ទេសាភិបាល អាជ្ញាធរទេសចរណ៍ប្រទេសថៃ បានថ្លែងនៅក្នុងការប្រគល់រង្វាន់ថា ការចុះបញ្ជីនេះ វាតំណាងអោយសារៈប្រយោជន៍របស់ប្រជាជន ដែលធ្វើការក្រៅប្រទេសនៅទីតាំងជាក់លាក់ណាមួយ។

ការមានទីក្រុងធំពីរនេះ នៅក្នុងបញ្ចីពិភពលោកនេះ គឺជាការចង្អុលបង្ហាញពីទីកន្លែងការងារពេញចិត្តរបស់ពួកគេ ក្រៅពីភូមិឋានរបស់ពួកគេ៕

ក្រុមហ៊ុនបដិសណ្ឋារកិច្ចអឺរុប Choice Hotels Europe គ្រោងបើកដំណើរការសណ្ឋាគារ១០នៅអារ៉ាប៊ីសាអូឌីត

ដោយៈសុខុម

ក្រុងរីយ៉ាដ: សារព័ត៌មាន Hotel Business បានចុះផ្សាយកាលពីថ្ងៃពុធ ទី១ កញ្ញា ថា ក្រុមហ៊ុនបដិសណ្ឋារកិច្ចអឺរុប Choice Hotels Europe គ្រោងបើកដំណើរការសណ្ឋា​គារយ៉ាងតិចចំនួន១០ នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣ កញ្ញា។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល និងសាទរនេះកើតមានឡើង នៅពេលក្រុមហ៊ុននេះបន្តកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណមេរបស់ខ្លួន ជាមួយក្រុមហ៊ុន Seera Hospitality ជាបុត្រសម្ព័ន្ធកាន់កាប់ផ្តាច់មុខ របស់ក្រុមហ៊ុនទេសចរណ៍ Seera Holding Group ដែលចុះបញ្ជីជាសាធារណៈនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។

បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍ក្រោមម៉ាកយីហោ Choice Hotels ជាច្រើននៅទូទាំងប្រទេសអារ៉ាប៊ីសាអូឌីត ដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ខុសៗគ្នា ហើយគម្រោ​ងអភិវឌ្ឍន៍ទាំងនោះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។

គម្រោងចំនួន៣ដំបូង គឺគម្រោងសណ្ឋាគារ Clarion Jeddah Airport គម្រោងសណ្ឋាគារ Comfort King Road Jeddah និងគម្រោងសណ្ឋាគារ Comfort Olaya Riyadh នឹងត្រូវបើកដំណើរការនៅចុងឆ្នាំ២០២១នេះ ហើយបើកទទួលយកការកក់បន្ទប់ចាប់ពីឥឡូវនេះទៅ៕

វិភាគៈហេតុអ្វីវិស័យអចលនទ្រព្យកម្ពុជាមិនរងគ្រោះធ្ងន់ធ្ងរខ្លាំង ទោះរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល

ដោយៈយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ អ្នកជំនាញ និងអ្នកវិភាគឯករាជ្យជាច្រើន បានលើកឡើងស្រដៀងគ្នាថា វិស័យអចលនទ្រព្យកម្ពុជា ពិតជារងផលប៉ះពាល់ ប៉ុន្តែមិនមានសញ្ញាអាក្រក់ខ្លាំងដូចប្រទេសមួយចំនួននៅក្នុងតំបន់ឡើយ។

ការសាងសង់បុរីតូចធំ ភាគច្រើនលើសលុបនៅតែបន្ត រថយន្តដឹកថ្ម នៅតែបើកបន្តកន្ទុយគ្នានៅលើមហាវិថីឈ្នះ ឈ្នះ (ផ្លូវកប់ស្រូវ) និងសកម្មភាពទិញលក់នៅតែដំណើរការ ទោះបីមិនមានកំនើនខ្ពស់ក៏ដោយ។

ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រព៌តមានហិរញ្ញវត្ថុ និងសេដ្ឋកិច្ច Cambodiafinancialtimes.com លោកយិន លាងគង់ ដែលបានតាមដានការវិវត្តន៍របស់វិស័យនេះ បានលើកនូវចំណុចគន្លឹះសំខាន់ៗមួយចំនួន ដើម្បីចែករំលែកជាទស្សនទាន។

កត្តាទំនុកចិត្ត
ការទិញលក់អចលនទ្រព្យ ពិសេសផ្នែកដីធ្លីនៅតែមានភាពសកម្មជាងគេ ដោយសា​រទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនៅតែមើលឃើញថា​សេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងវិញលឿន បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ បើទោះបីជាឆ្នាំ២០២០កន្លងមក សេដ្ឋកិច្ចកម្ពុជាដក៣,៥០ភាគរយក្តី តែឆ្នាំនេះសេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងក្នុងរង្វង់៣ភាគរយ ហើយបើសេណារីយោអាក្រក់ កំនើនសេដ្ឋកិច្ចឆ្នាំនេះនឹងសម្រេ ចបានត្រឹម១ភាករយ តាមការព្យាករណ៍របស់ធនាគារពិភពលោក។

ជំនឿចិត្តបែបនេះហើយ ទើបបានជាប្រជាជន អ្នកមានលំហូរសាច់ប្រាក់ល្អ ឬអ្នកចេះប្រើប្រាស់បំណុលបានបន្តវិនិយោគបន្ថែម។

សន្តិភាពនិងស្ថេរភាពនយោបាយ
គ្មានសន្តិភាព និងស្ថេរភាពនយោបាយ កុំថាឡើយដីឡើងថ្លៃ កុំថាឡើងមានអារម្មណ៍វិនិយោគ សូម្បីតែលុយដែលកប់ទុកនៅធនាគារ ក៏ត្រូវដកយកមកទុកដែរ ពិសេ​សវិនិយោគិនបរទេស នឹងមិនសម្លឹងមកកាន់កម្ពុជា ក៏ដូចជាប្រទេសណាដែលពួកគេគ្មានអារម្មណ៍មានសុវត្ថិភាពទាំងផ្លួវកាយ ផ្លួវចិត្ត និងសុវត្តិភាពលុយរបស់ពួកគេដែរ។

ហេតុនេះសុខសន្តិភាព ស្ថេរភាពនយោបាយ ពិតជាមានតម្លៃសំរាប់អាយុជីវិត និងសេដ្ឋកិច្ចរបស់ជាតិ។

ប្រើប្រាស់លុយហោប៉ៅខ្លួនឯង
ដោយសារធ្លាប់លំបាក ធ្លាប់ក្រីក្រ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាភាគច្រើន ពូកែសន្សំលុយ មិនហ៊ានចាយវាយផ្តេសផ្តាសឡើយ។

ដោយសារការសន្សំលុយនេះហើយ ទើបបានជាប្រជាជនកម្ពុជាភាគច្រើនបានប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួន យកមកវិនិយោគលើវិស័យអចលនទ្រព្យ នៅតែបន្តមានភាពសកម្ម ពិសេសពួកគេមិនលក់ចេញ ក្នុងតម្លៃទាបក្រោមទីផ្សារ (លើកលែងអ្នកមានបញ្ហាលំហូរសាច់ប្រាក់)។

ការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួន សំរាប់វិនិយោគលើវិស័យអចលនទ្រព្យ ផ្តល់នូវមូលដ្ឋានសំខាន់ជាច្រើនរួមមាន ទី១ មិនធ្វើឲ្យមានបញ្ហាសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ទី២ មិនធ្វើឲ្យទីផ្សារអចលនទ្រព្យជាប់គាំង ទី៣ មិនធ្វើឲ្យមានវិបត្តិហិរញ្ញវត្ថុកើតឡើង និងទី៤ ធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាធ្វើឲ្យសុខភាពក្នុងវិស័យអចល នទ្រព្យរ៉ឹងមាំ។

ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល
ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឲ្យរដ្ឋាភិបាលកាត់បន្ថយ ការចំណាយតាមស្ថាប័នជាតិមួយចំនួនក្តី ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវក្រវ៉ាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះខេត្តសៀមរាប ការកសាងផ្លួវ៣៨ខ្សែនៅក្រុងសៀមរាប ការស្ថាបនាផ្លូវជាតិលេខ១០ជាដើម នៅតែបន្តដំណើរការយ៉ាងសកម្ម។

មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ទាំងនេះហើយ ដែលមិនត្រឹមតែជួយដល់កំនើន​សេដ្ឋកិច្ចជាតិ កាត់បន្ថយបញ្ហាប្រឈមក្នុងសេដ្ឋកិច្ច ប៉ុន្តែបានជួយធ្វើឲ្យវិស័យអចលន ទ្រព្យ ពីសេសដីធ្លីកើនឡើងជាបន្តបន្ទាប់ (នៅតំបន់មួយចំនួន)​ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ក្តី។

គោលនយោបាយលើកទឹកចិត្ត
ជាមួយនឹងគោលនយោបាយបើកចំហជើងមេឃ ការបើកចំហផ្នែកសេដ្ឋកិច្ច តាមរយៈការរៀបចំំច្បាប់បទដ្ឋានគតិយុត្តិនានា បានធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិនៅតែបន្តវិនិយោគ និងពង្រីកមូលដ្ឋានវិនិយោគរបស់ពួកគេនៅកម្ពុជាកាន់តែច្រើនផងដែរ។

ការលើកទឹកចិត្តផ្នែកពន្ឋ ការសម្រួលក្នុងការយកប្រាក់ចំណេញត្រលប់ទៅវិញ ការប្រើប្រាស់ដុល្លារយ៉ាងសេរី និងការអនុញ្ញាត្តឲ្យជនបរទេស អាចបើកក្រុមហ៊ុនខ្លួនឯងបាន១០០ភាគរយក៏ជាផ្នែកសំខាន់ ក្នុងការរក្សាលំនឹងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំនេះ កម្ពុជាទាក់ទាញទុនវិនិយោគលើវិស័យសំណង់ក្នុងទំហំទឹកប្រាក់ជាង២៥០០លានដុល្លារអាមេរិកផងដែរ៕

ក្រុមហ៊ុនផ្សារទំនើប Mini Big C បានឈានជើងមកដល់ក្រុងភ្នំពេញជាលើកដំបូង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផ្សារទំនើប Big C ដែលបានបើកដំណើរការ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីពីរឆ្នាំមុន បានឈានជើងមកកាន់រាជធានីភ្នំពេញហើយ។

ក្រុមហ៊ុន Big C បានប្រកាសកាលពីថ្ងៃទី ១ ខែកញ្ញាកន្លងមកអំពីការបើកដំណើរការផ្សារទំនើប Mini Big C នៅភ្នំពេញជាលើកដំបូង ដែលមានទីតាំងនៅជិតផ្សារដេប៉ូ បន្ទាប់ពីបានបើក Big C Supercenter នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩។

ផ្សារទំនើបមីនីប៊ីកស៊ីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Big C Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នឹងក្រុមហ៊ុនផ្សារទំនើប Big C របស់ប្រទេសថៃ។

យោងតាមព័ត៌មាននៅក្នុងទំព័រហ្វេសប៊ុក Big C ផ្សារទំនើប Mini Big C ដំបូងនេះ មានទីតាំងស្ថិតនៅលើផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧ មករា។

ក្រុមហ៊ុន Big C Cambodia ក៏បានបន្តប្រកាសជ្រើសរើសបុគ្គលិកដើម្បីបំពេញមុខដំណែងជាច្រើនកន្លែងសម្រាប់ផ្សារទំនើបBig C Supercenter នៅក្រុងប៉ោយប៉ែត និងផ្សារទំនើប Mini Big C នៅភ្នំពេញ៕

ហេតុផលចំនួន៤ ដែលគួរចាប់យកឱកាសអាជីវកម្មក្នុងពេលកូវីដ១៩

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ពាក្យគេនិយាយតៗគ្នា និងតែងតែមានភាពពេញនិយម គឺក្នុងវិបត្តិតែងតែ​មានឱកាស ស្របពេលបច្ចុប្បន្នវិបត្តិកំពុងបន្ត តើអ្នកគួរសិក្សាឱកាសអាជីវកម្មយ៉ាងដូច ម្តេច?

តើអ្វីទៅជាឱកាសសម្រាប់អាជីវកម្ម ដែលគួរចាប់ផ្ដើមក្នុងអំឡុងពេលវិបត្តិកូវីដ១៩?។

បើតាមទស្សនៈរបសសហគ្រិនខ្មែរថា នេះអាចជាឱកាសដ៏ល្អមួយ នៅក្នុងការចាប់ផ្ដើមអាជីវកម្ម និងបន្ដអភិវឌ្ឍវាឱ្យមានភាពរីកចម្រើន ដោយសារហេតុផលមួយចំនួនរួមមាន៖

ទី១ ការទិញទំនិញតាមអនឡាញមានការកើនឡើង
ចាប់តាំងពីមានជំងឺកូវីដ ១៩ ការទិញដូរតាមប្រព័ន្ធអនឡាញ ហាក់ដូចជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែមានភាពងាយស្រួល នៅក្នុងការបញ្ជាទិញ និងការស្វែងរកទំនិញសម្រាប់ទិញណាមួយ ប្រជាជនភាគច្រើនសុទ្ធ ចេះប្រើទូរសព្ទទំនើប និងបណ្ដាញសង្គម។ ដូចនេះ អ្នកអាចធ្វើការដាក់លក់ទំនិញ ឬផលិតផលនានា នៅលើបណ្ដាញសង្គមបាន ដូចជាគ្រឿងសម្អាង ការលក់ទឹកផ្លែឈើ ម្ហូបអាហារជាដើម។

ទី២ មានការប្រកួតប្រជែងទាប
ដោយសារម្នាក់ៗ មានការភ័យខ្លាចនឹងការបរាជ័យមិនហ៊ាន នៅក្នុងការសាកល្បងធ្វើអ្វីដែលថ្មី នេះក៏អាចជាឱកាសមួយ សម្រាប់អ្នកនៅក្នុងការសាកល្បងផងដែរ ។ ណាមួយអ្នកមិនសូវមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការប្រកួតប្រជែងគ្នាលើតម្លៃ និងការប្រូម៉ូសិននានា តែត្រូវប្រាកដថាអ្វីដែលអ្នកលក់មានភាពពិសេស និងប្លែកពីអ្នកដទៃ។

ទី៣ អាចចាប់ផ្ដើមពីផ្ទះខ្លួនឯង
ដោយសារកូវីដ១៩ មានមនុស្សជាច្រើនមិនចង់ចេញពីផ្ទះនោះទេ។ ដូចនេះអ្នកអាចចាប់ផ្ដើមប្រកបរបរលក់ទំនិញ ឬសម្ភារៈនានា ពីផ្ទះដោយមិនចាំបាច់មានទីតាំងត្រឹមត្រូវ ដោយគ្រាន់តែមានបណ្ដាញសង្គមសម្រាប់លក់ ជាមួយនឹងអីវ៉ាន់ ដែលមានស្រាប់ជាការស្រេច។ ណាមួយអ្នកអាចឆ្លៀតពេលទំនេរ សម្រាប់ធ្វើការងារទាំងនោះជាមួយគ្រួសារ ដោយមិនអស់ថ្លៃឈ្នួលថែមទៀតផង។

ទី៤ ការកើនឡើងនៃក្រុមហ៊ុនដឹកជញ្ជូន
ការកើនឡើងចំនួនក្រុមហ៊ុនដឹកជញ្ជូន នាពេលបច្ចុប្បន្ននេះ បានសម្រួលដល់អាជីវកម្មជាច្រើន។ អ្នកលក់ថ្មីថ្មោងក៏មិនចាំបាច់បារម្ភ អំពីការដឹកជញ្ជូនទំនិញដោយខ្លួនឯងដូចពីមុនឡើយ។ អ្នកមិនចាំបាច់ចំណាយពេល ឬ បារម្ភពីការដឹកជញ្ជូនទំនិញពីក្នុងផ្ទះទៅដល់ដៃអតិថិជនដោយផ្ទាល់ទេដោយ គ្រាន់តែមានការទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូននៅលើកដំបូងជាការស្រេច។

ដូច្នេះក្តីកង្វល់ពីការលក់ និង ផ្ញើទំនិញក៏លែងជាបញ្ហារារាំងភាពជោគជ័យ នៃអាជីវកម្មរបស់អ្នកដែរ៕

រដ្ឋាភិបាលតម្រូវឱ្យម្ចាស់យានយន្តឯកជនជ្រកក្រោមស្លាកលេខ ខ.ម និង ន.ប ចូលខ្លួនមកបង់ពន្ធ

ដោយសហការី

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានតម្រូវឱ្យម្ចាស់យានយន្តឯកជន ដែលជ្រកក្រោមស្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេសស្លាកលេខ ខ.ម និង ន.ប ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។

លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថារដ្ឋាភិបាលបានលើកសំណើអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជន ដែលជ្រកក្រោមស្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេសស្លាកលេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។

តាមរយៈលិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ណចុះថ្ងៃទី២កញ្ញា លោក បានណែនាំថា ចំពោះយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេងនិងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្ត មួយឆ្នាំទៀតប៉ុណ្ណោះ។

លោកបានបន្តថាការបង់ពន្ធនេះពុំមានន័យថា ម្ចាស់យានយន្តបានរួចផុតពីកាតព្វកិច្ចបង់ពន្ធនិងអាករនាំចូល យានយន្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននោះឡើយ។

លោកបានណែនាំដល់អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប អំពីភិនភាគសម្គាល់យានយន្តនិងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធនិងអាករនាំចូល។

ចំណែកអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយក្នុងការទប់ស្កាត់និងបង្ក្រាប ការរត់ពន្ធរថយន្តចង្កូតស្ដាំចូលមកកម្ពុជា។

លោកបានជំរុញឱ្យគ្រប់ក្រសួងនិងស្ថាប័ន ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេសដូចជា រថយន្ត ពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងទម្រង់ណាមួយក្នុងការទទួលស្គាល់ រថយន្តចង្កូតស្តាំដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណី រកឃើញបុគ្គលដែលមានការពាក់ព័ន្ធ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

លើសពីនេះទៀតត្រូវបានអនុញ្ញាតឱ្យបង់ពន្ធនិងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុកជាលើកចុងក្រោយ តែត្រូវកែចង្កតពីស្តាំមកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះមានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាន នឹងតម្រូវឱ្យដោះបំបែកជាគ្រឿងបន្លាស់ឬកម្ទេចចោល។

ពាក់ព័ន្ធបញ្ហារថយន្តចង្កូតស្តាំនេះដែរ លោកឧត្តសេនីយឯក ឯកសំអូន មេបញ្ជាការយោធភូមិភាគទី៥ បានដាក់បទបញ្ជឱ្យទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេសកម្ពុជា។

លោក ឧត្តសេនីយឯក បានចេញបទបញ្ជាឱ្យគ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្ដោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាពនិងបណ្ដាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាតនូវការលួចនាំចូលរថយន្តចង្កូតស្តាំតាម
ច្រករបៀងនៅតាមខ្សែបណ្ដោយព្រំដែន។

លោក ឧត្តសេនីយឯកបានមានប្រសាសន៍ថាក្នុងករណីមានយោធិនណាឃុបឃិតក្នុងការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្ដោយព្រំ ដែនល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការកងឯកភាពនោះនឹងត្រូវប្រឈមចំពោះមុខច្បាប់។

លោក ឧត្តសេនីយឯកបានណែនាំឱ្យមេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣នៅប៉ៃលិន-សំឡូត និងទិសទី៤ ត្រូវផ្សព្វផ្សាយបទបញ្ជានេះ ដល់មេបញ្ជាការគ្រប់កងឯកភាពស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានឆាប់បំផុត៕