ផ្សារទំនើប K Mall ត្រៀមខ្លួនរួចរាល់ ដើម្បីបម្រើជូនសហគមន៍ នៅតំបន់វេងស្រេង

0

ដោយ៖ សុធារី

ភ្នំពេញ៖ ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបដំបូងគេបង្អស់ នៅលើមហាវិថី វេង ស្រេង បានរៀបចំកម្មវិធីបើកដំណើរការសាកល្បង ដើម្បីស្វាគមន៍សាធារណជន នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ផ្សារទំនើបនេះ នឹងដើរតួជាទីតាំងមួយដ៏សំខាន់ ដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃ របស់ប្រជាជនជាងកន្លះលាន ដែលរស់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។ អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ ផ្សារទំនើបដ៏ថ្មីស្រឡាងមួយនេះ ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយ ដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។

ផ្សារទំនើប ខេ ម៉ល ត្រូវបានរចនាឡើង ក្រោមការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីដើរតួជាទីតាំងមួយ ដែលអ្នករស់នៅក្នុងសហគមន៍នៅជុំវិញតំបន់ទាំងពីរនេះ អាចជួបជុំ ដើរលេងកម្សាន្ត គយគន់ធម្មជាតិ ក៏ដូចជាទទួលបានបទពិសោធន៍ទិញទំនិញយ៉ាងច្រើនសម្បូរបែបផងដែរ។

អតិថិជនផ្សារទំនើបនេះ នឹងរីករាយក្នុងការដើរកម្សាន្តក្នុងទីធ្លាដ៏ធំទូលាយ ដែលពោរពេញដោយធម្មជាតិបៃតង ដែលសមស្របសម្រាប់ការជួបជុំមិត្តភក្តិ ឬការជួបជុំ ជាលក្ខណៈគ្រួសារ។ ពួកគេក៏នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែកតាមរយៈការរចនា និងស្ថាបត្យកម្មបែបទំនើប និងសាមញ្ញរបស់ផ្សារនេះផងដែរ។

ប្រជាជនដែលរស់នៅជុំវិញ និងអ្នកដែលធ្វើដំណើរកាត់តំបន់នេះ នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទំនិញ កាហ្វេ និងភោជនីយដ្ឋានល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ហាងកាហ្វេ Brown ផ្សារទំនើប Lucky ហាង Daiso ហាងសម្ភារៈកីឡា Decathlon ហាងនំបុ័ង Tous les Jours ហាងសម្លៀកបំពាក់ Ten11 និង Zando ហាងស្បែកជើង Nata Footwear ភោជនីយដ្ឋាន Santa Fe និង Pho City ហាង Potato Corner រោងអាហារ The Ground Food Market និងហាងជាច្រើនផ្សេងទៀត។

មានទីតាំងនៅចំពីមុខអគារពាណិជ្ជកម្ម អាយ អេស អាយ (ISI Tower) ដែលជាអគារការិយាល័យទំនើបដំបូងគេបង្អស់ សម្រាប់អាជីវកម្មនាំមុខនានា នៅក្នុងតំបន់នេះ ផងដែរ ផ្សារទំនើប ខេ ម៉ល គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ KMH Park ដែលរួមមាន ផ្សារទំនើប ខេ ម៉ល អគារ អាយ អេស អាយ ផ្ទះពាណិជ្ជកម្ម៤០ តារាងបាល់ទាត់ KMH Stadium និងទីធ្លាបៃតងជាច្រើនកន្លែង។ គម្រោង KMH Park ត្រូវបានរចនាឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាសមាជិកមួយនៃ ISI GROUP ក្នុងគោលបំណងចង់ផ្លាស់ប្តូរមុខមាត់តំបន់ វេង ស្រេង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here