ដោយ៖សុខុម
ប៉េកាំង: គ័ងតុង (Guangdong) ដែលជាខេត្តមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃសុក្រ ទី៥ វិច្ឆិកា នេះថា ទីក្រុងធំបំផុត២របស់ខ្លួនគឺក្រុងគ័ងចូវ (Guangzhou) និងក្រុងស៊ឹនជិន (Shenzhen) ត្រូវទុកដីរបស់ខ្លួនយ៉ាងតិច១០%ម្នាក់សម្រាប់សាងសង់ផ្ទះជួលដើម្បីបំពេញតម្រូវការគេហដ្ឋានដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមយុវវ័យ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា រដ្ឋបាលខេត្តគ័ងតុង បានបញ្ជាក់ក្នុងឯកសារមួយថា ក្រោមសំណើច្បាប់ថ្មី ផ្ទះជួលនឹងផ្តោតលើការអភិវឌ្ឍផ្ទះដែលមានទំហំមិនលើសពី៧០ម៉ែត្រការ៉េនៅក្នុងតំបន់សម្រាប់អ្នករស់នៅថ្មី និងយុវវ័យ។ លើសពីនេះទៀត ថ្លៃឈ្នួលដែលពួកគេបង់ត្រូវតែទាបជាងថ្លៃឈ្នួលទូទៅក្នុងតំបន់ដែលពួកគេរស់នៅ។
ចំនួនប្រជាជននៅខេត្តគ័ងតុង បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល១ទសវត្សរ៍មកនេះដល់១២៦លាននាក់។ ដោយសារខេត្តនេះមានប្រជាជនច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Huawei និង Tencent ជាដើមបានសម្រេចបោះមូលដ្ឋានក្នុងខេត្តភាគខាងត្បូងនេះដើម្បីទាក់ទាញមនុស្សមកពីខេត្តផ្សេងៗដែលចង់ស្វែងរកការងារមានប្រាក់បៀវត្សរ៍ខ្ពស់។
តម្លៃផ្ទះថ្មីនៅខេត្តគ័ងតុង បានហក់ឡើងខ្ពស់ស្របតាមកំណើនប្រជាជន និងកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ ហើយការឡើងថ្លៃនេះដាក់សម្ពាធលើក្រុមពលរដ្ឋដែលមានប្រាក់ចំណូលទាប រួមទាំងនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗផងដែរ។
កាលពីខែសីហា ខេត្តគ័ងតុង បានប្រកាសថា ខ្លួននឹងសាងសង់ផ្ទះជួលចំនួន៧៤០.៥០០យូនីតក្នុងឆ្នាំ២០២១-២០២៥ ដោយក្នុងនោះចំនួន២២២.០០០យូនីតនឹងត្រូវសាងសង់បញ្ចប់នៅឆ្នាំនេះ។
ក្រៅពីទីក្រុងគ័ងចូវ និងក្រុងស៊ឹនជិន គម្រោងផ្ទះជួលក៏នឹងក្លាយជាការផ្តោតយកចិត្តទុកសម្រាប់ទីក្រុងធំៗនៅក្នុងតំបន់ដីសណ្ដទន្លេគជ់ (Pearl River Delta) ដែលជាតំបន់ឧស្សាហកម្មធុនធ្ងន់ផងដែរ។ តំបន់ដីសណ្ដនេះរួមបញ្ចូលទាំងក្រុងជូហាយ (Zhuhai) ក្រុងហ្វូសាន (Foshan) ក្រុងតុងគ័ន (Dongguan) និងក្រុងចុងសាន (Zhongshan) ផងដែរ។
តម្លៃផ្ទះថ្មីនៅទីក្រុងស៊ឹនជិន ជាមធ្យម៥៥.០០០យ័ន (៨.៦០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងខែតុលា ដែលជាតម្លៃថ្លៃបំផុតក្នុងចំណោមទីក្រុងទាំង១០០ដែលតាមដានដោយ China Index Academy ជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេស។
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានសន្យាកាត់បន្ថយវិសមភាពសង្គមឱ្យរួមតូចដើម្បីឱ្យពលរដ្ឋមានជីវភាពធូរធារទាំងអស់គ្នា ហើយការសន្យានេះបានធ្វើឱ្យស្ថានភាពគ្រួសារ និងបុគ្គលដែលមានប្រាក់ចំណូលទាបក្លាយជាអាទិភាពជួរមុខ នៃការបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រទេសចិន កាលពីខែកញ្ញា បានប្រកាសថា តម្លៃឈ្នួលផ្ទះនៅក្នុងទីក្រុងនានាមិនត្រូវឡើងលើសពី៥%ឡើយក្នុងមួយឆ្នាំ៕