ដោយ៖ សូរិយា
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចែករំលែកក្នុងការដឹកនាំនៅលើបណ្តាញសង្គមរបស់អ្នកឧកញ៉ា ដោយបានលើកឡើងថា ផ្នត់គំនិតនៃ «ការយកចិត្តគេដាក់ចិត្តយើង» មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែពេលខ្លះ យើងមិនបានគិតដល់ចំណុចនេះឱ្យបានជាក់លាក់នោះទេ។

-->
អ្នកឧកញ៉ាបានសរសេររៀបរាប់ថា “ថ្ងៃនេះ ខ្ញុំបានលើកយកគតិបែបចិត្តវិទ្យាមួយនេះមកគិតម្តងទៀត ដើម្បីរំលឹកខ្លួនខ្ញុំផ្ទាល់ពីសារៈសំខាន់នៃផ្នត់គំនិតនេះ ក្នុងការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងអាជីវកម្ម ក្នុងនាមជាអ្នកដឹកនាំម្នាក់។”
ការបកស្រាយដ៏សាមញ្ញបំផុតនៃផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» សំដៅលើសមត្ថភាពក្នុងការទទួលស្គាល់អារម្មណ៍ពីអ្នកដទៃ និងយល់ពីទស្សនៈរបស់អ្នកដទៃលើស្ថានភាពមួយ។ បើពន្យល់ក្នុងន័យសម្រាយជាងនេះទៀតនោះ គឺមានន័យថា “ដាក់ខ្លួនអ្នកនៅក្នុងការគិតរបស់អ្នកដទៃ ហើយស្វែងយល់ពីអារម្មណ៍របស់ពួកគេក្នុងពេលនោះ” ទាំងអារម្មណ៍ ទាំងពុទ្ធិ និងទាំងក្ដីមេត្តា។

អ្នកឧកញ៉ាបានបន្តថា ”ក្នុងនាមជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អស់រយៈពេលជាង៣០ឆ្នាំ ការសិក្សាចំណេះដឹងដែលនៅពីក្រោយការរក្សាផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» គឺមានសារៈសំខាន់ ដូចជាការធ្វើឱ្យកិច្ចការសំខាន់ៗសម្រេចបានផងដែរ។
អ្នកឧកញ៉ាបានបញ្ជាក់ថា ការជំរុញឱ្យរក្សាផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» ក្នុងការដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានជួយខ្ញុំឱ្យយល់ពីមូលហេតុដែលនៅពីក្រោយការប្រតិបត្តិការងារមិនល្អ ជួយបង្កើតអារម្មណ៍នៃការជឿទុកចិត្ត ជួយបុគ្គលិកដែលកំពុងខិតខំឱ្យមានភាពប្រសើរឡើងក្នុងការបំពេញការងារ ពង្រឹងទំនាក់ទំនង ហើយជាលទ្ធផល វានាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទៅរកកិច្ចសហការកាន់តែច្រើន និងផលិតភាពកាន់តែខ្ពស់។

អ្នកឧកញ៉ាបានសរសេរបញ្ចប់ថា “សម្តីបង្កើតសកម្មភាព ទង្វើបង្កើតទម្លាប់”។

ចំពោះអ្នកឧកញ៉ា ផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» គឺជាលក្ខណៈសម្បត្តិដ៏សំខាន់បំផុតមួយសម្រាប់អ្នកដឹកនាំដែលត្រូវមាន និងដើម្បីបង្ហាញទៅមនុស្សជុំវិញយើងថា “យើងគ្រាន់តែជាមនុស្សធម្មតា” “ពេលខ្លះយើងបង្កើតកំហុស” ហើយយើងខិតខំប្រឹងប្រែងស្វែងយល់គ្នាទៅវិញទៅមក និងស្វែងយល់ពីបញ្ហាទាំងនោះ៕