បុរីGB Residenceតម្លៃ៦២លានដុល្លារ និងCMC ប្រកាសបើកលក់ជាផ្លូវការហើយ

ដោយៈសុខ ហេង

ភ្នំពេញៈ បុរីប្រណីតលំដាប់អន្តរជាតិ ដែលឌីសាញដោយស្ថាបត្យករល្បីឈ្មោះGB Residence បានប្រកាសលក់ជាផ្លូវការហើយនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការចូលរួមពីអ្នកអភិវឌ្ឍន៍ ភ្នាក់ងារអចលនទ្រព្យ និងតារាល្បីៗជាច្រើននៅកម្ពុជា។

បុរីស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីផ្លូវ៦០ម៉ែត្រ និងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ច្រើនពីសាធារណៈជន ដោយសារបុរីនេះមានទីតាំងល្អ អាចប្រកបអាជីវកម្មបាន។

ចូលរួមក្នុងពិធីសម្ភោធបើកលក់ជាផ្លូវការនេះ ធ្វើឡើងក្រោមវត្តមានលោកឧកញ៉ាតាំង គួងហាវអគ្គនាយកបុរីGB Residence និងអ្នកនាងគ្រុយ ស្រីខួចនាយិកាក្រុមហ៊ុនCMC Real Estate ដែលបានទទួលសិទ្ឋលក់ផ្តាច់មុខលើគំរោងដែលស្ថិតនៅលើផ្ទៃដីប្រមាណ៩ហិកតានេះ។

អ្នកនាងគ្រុយ ស្រីខួច នាយិកាក្រុមហ៊ុន CMC Real Estate បានអោយដឹងថា បុរីជីប៊ីរេស៊ីដិន មាន ដូចជា Shop house ,ថ្វីនវីឡា មានជាប្រភេទផ្ទះអាជីវកម្មខ្នាតតូច និងមធ្យម ដែលផ្តល់នូវបរិយាកាសរស់នៅមនោរម្យ ពិសេសជាទីតាំងអាចប្រកបអាជីវកម្មបាន ព្រោះអ្នកដំណើរជាតិ អន្តរជាតិនឹងធ្វើដំណើរតាមផ្លួវនេះ ដើម្បីចូលមកកាន់រាជធានីភ្នំពេញ និងអាចសម្រាកលំហែរនៅទីនេះ នៅពេលពួកកេរង់ចាំការឡើងយន្តហោះទៅកាន់ប្រទេសនានា។

អ្នកនាងបន្តថា ក្នុងថ្ងៃសម្ភោធន៍បើកលក់ជាផ្លូវការនេះ មានប្រូម៉ូសិនពេសគឺ អតិថិជនមានត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ អាចទិញផ្ទះរបស់គម្រោងបុរីជីប៊ីរេស៊ីឌិនបានហើយអតិថិជនចំណាយមួយឆ្នាំតែ៦០០០ដុល្លារ ដោយបង់ប្រចាំខែតែ៥០០ដុល្លាររ បង់ថេរ ដោយគ្មានការប្រាក់ ពិសេសបើសម្រាប់អតិថិជនកក់ប្រាក់នៅថ្ងៃនេះ មានន័យថាគាត់កក់សម្រាប់រយះពេល១ឆ្នាំ។

ចូលរួមក្នុងពិធីនេះដែរ អ្នកនាង ស្វែង សុជា តាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា បង្ហាញចំណាប់អារម្មណ៍ផងដែរថា នៅពេលដែលជិះមកតាមរង្វង់មូលកួរស្រូវឃើញថា ទីតាំងបុរីជីប៊ីរេស៊ីដិន ពោពេញដោយសក្តានុពលខ្លាំង ព្រោះបុរីនេះនៅជិតផ្សារទំនើបអីអនម៉ល៣ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជិតសាលាអន្តរជាតិ ហើយអ្នកនាងពិតជាស្រលាញ់ទីតាំងនេះខ្លាំងមែនទែន។

អ្នកនាងរំពឹងថា រយះពេលមួយឆ្នាំទៀតតំបន់នេះ នឹងមានការរីកចម្រើនលឿនហួសពីការរំពឹងទុក ចំណែកគ្រឹះនៃសំណង់បុរីនេះក៏ល្អ រឹងមាំ សាងសង់តាមស្តង់ដាតែម្តង ងាយស្រួលក្នុងរស់នៅ ឬទុកចំណេញបន្តនៅពេលក្រោយ។

ចំណែកលោក អិន សុធា តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពដែរនោះបានបង្ហាញចំណាប់អារម្មណ៍ថា លោកកំពុងស្វែងរកផ្ទះ ហើយគ្រាន់តែឃើញគម្រោងបុរីនេះភ្លាម លោកពេញចិត្តតែម្តង ព្រោះនៅជុំវិញពោពេញដោយសក្តានុពលជាច្រើន។

លោកបន្តថា គម្រោងនេះល្អ សំណង់មានភាពរ៉ឹងមាំ ទាំងបរិក្ខាខាងក្នុងសុទ្ធតែប្រណីត ឃើញហើយចង់នៅតែម្តង។ ចំណែកទីតាំងក៏ស្រួលរក ដោយគ្រាន់តែជិះចុះពីផ្លូវ៦០ម៉ែត្រ ជាប់និងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវ៥០ម៉ែត្រចូលបុរី និងជិះតែ១៥នាទីប៉ុណ្ណោះពីផ្លូវសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ និងមកដល់បុរីតែម្តង៕

តើកត្តាអ្វីខ្លះជំរុញឱ្យសកម្មភាពទិញលក់ដីធ្លីនៅខេត្តកំពត កែបនៅតែបន្ត កើនឡើងទោះក្នុងវិបត្តិក្ដី

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅមិនទាន់បានធូរស្រាលក្ដី តែគេក្រលេកឃើញការទិញលក់ដីធ្លី នៅក្នុងខេត្តកែប និងកំពតនៅតែមានភាពសកម្មភាព ទាំងការទិញលក់ដីធ្លីក្នុងមូលដ្ឋាន និងការទិញលក់ដីធ្លី ជាមួយនឹងវិនិយោគិនក្រៅមូលដ្ឋាន។

លោកគង់ ចាន់ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យគង់ វង្សប្រណិតរៀលអ៊ីស្ទេតបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ កញ្ញានេះថា នៅក្នុងរយៈពេលចុងក្រោយនេះ រូបភាពនៃការទិញលក់ នៅតែមានដង្ហើមគួរឱ្យកត់សម្គាល់ ប៉ុន្តែរូបភាពនៃការទិញលក់មិនមានលក្ខណៈទូលំទូលាយដូចមុនឡើយ ។

លោកបន្តថា “រូបភាពនៃការទិញ លក់កើតមានរាល់ថ្ងៃនេះ គឺខ្ញុំមើលឃើញថាមាន៣កត្តាបីធំៗ”។

ទី១ ជារូបភាពអ្នកវិនិយោគ ហើយត្រូវបែងចែកជាពីរក្រុមទៀត គឺការវិនិយោគរួមគ្នាដោយទិញដីមួយប្លង់ចូលហ៊ុនគ្នា ដើម្បីយកចំនេញនៅពេលខាងមុខ។ ទី២ អ្នកវិនិយោគដែលមានលុយច្រើន រង់ចាំចាប់ឱកាសពីអ្នកលក់ដី ដែលមានតម្លៃក្រោមទីផ្សារ ពីព្រោះថាថ្វីត្បិតតែទីផ្សារដីធ្លីជារួមមិនធ្លាក់ចុះមែន តែក៏មានអ្នកលក់ដីធ្លីក្រោមទីផ្សារដែរ ។ រូបភាពទី២ឬក៏កត្តាទី២ ដែលជំរុញឱ្យមានសកម្មភាពទិញ លក់ដីធ្លី ដែលនោះគឺពលរដ្ឋក្នុងខេត្តកំពតកែប ដែលមានដីនៅមាត់សមុទ្រ ក៏បានលក់ដីនោះក្នុងតម្លៃខ្ពស់ហើយទៅទិញដីនៅឆ្ងាយពីមាត់សមុទ្រ ជាលក្ខណៈដីភូមិ ដីស្រែសម្រាប់ចែកកូនចៅ ។

ទី៣ ដែលលោកបានមើលឃើញថាសកម្មដែរនោះ គឺមានក្រុមឧកញ៉ា និងអ្នកមានលុយច្រើនបានពង្រីទុន ទៅឱ្យតំណាងរបស់ខ្លួនច្រើននាក់ នៅក្នុងខេត្តនោះស្វែងរកទិញដីដែលមានសក្ដានុពលសម្រាប់អភិវឌ្ឍន៍នៅពេលអនាគត ។

លោកគង់ ចាន់ណាបានបន្ថែមថា ក្នុងខេត្តកំពតកែប អាចចាត់ទុកជាខេត្តគោលដៅអភិវឌ្ឍន៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលអនាគត ដោយយើងឃើញថានៅក្នុងខេត្តទាំងនេះ ក៏កំពុងអភិវឌ្ឍន៍ជាកំពង់ផែ ទាំងកំពង់ផែទេសចរណ៍ និងកំពង់ទឹកជ្រៅ និងអាចក្លាយជាសក្ដានុពលទាក់ទាញមួយ នៅពេលឆាប់ៗខាងមុខនេះ ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរ ជាគោលដៅអភិវឌ្ឍន៍ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍន៍ និងគ្រោងអភិវឌ្ឍផ្លូវតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តគោលដៅអភិវឌ្ឍន៍នេះ រួមមាន ខេត្តកំពត និងខេត្តកែបផងដែរ ។

លោកបន្តថា “យើងបានសាងសង់ផ្លូវជាតិលេខ៣ តទៅខេត្តកំពតនិងកែបរួចហើយ ហើយយើងនឹងសាងសង់ផ្លូវ៣ខ្សែទៀត ទៅកាន់ខេត្តទាំងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ និងអ្នកវិនិយោគ រួមមានផ្លូវជាតិលេខ៤១តភ្ជាប់ពីលេខ៤ទៅលេខ៣ ផ្លូវជាតិ៣១ភ្ជាប់ពីបែកគុស ទៅកំពង់ត្រាចនិងផ្លូវជាតិ៣៣ ពីទីរួមខេត្តកំពតទៅខេត្តកែប៕

មជ្ឈមណ្ឌលពាណិជ្ជកម្មនិងលំនៅដ្ឋានPrince Happiness Plaza លើមហាវិថីមុនីវង្សអះអាងថាលក់បានច្រើន

ដោយៈសុជាតា

ភ្នំពេញៈគម្រោងPrince Happiness Plaza ស្ថិតនៅលើមហាវិថីមុនីវង្សជាតំបន់កំពុងមានភាពរីកចម្រើនរបស់រាជធានីភ្នំពេញ កំពុងសម្រេចបានវឌ្ឍនភាពល្អប្រសើរ។

គម្រោងPrince Happiness Plaza ផ្តល់នូវពាណិជ្ជកម្មចម្រុះ ដែលរួមបញ្ចូលទាំងដើរទំនិញ ការកម្សាន្ត ការញាំអាហារ និងការលំហែកាយក្នុងកន្លែងតែមួយព្រមទាំងសេវាកម្ម និង បរិក្ខាផ្គត់ផ្គង់ ដ៏ប្រណិតលំដាប់ពិភពលោក បានប្រមូលផ្តុំនៅទីនោះផងដែរ។

អ្នកនាង សុខ រត្ន័មុនី  អ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនZhong Ding Taixing ដែលកំពុងលក់គម្រោងនេះបានប្រាប់ Property Area  Asia នៅថ្ងៃទី៦ ខែ កញ្ញា ថា គម្រោងកណ្តាលអគារ ដែលប្រកាសដាកលក់នេះ បានលក់អោយអតិថិជនប្រមាណ៥០ភាគរយ ដែលតម្លៃចន្លោះពី៥ម៉ឺនដុល្លា ទៅ២០ម៉ឹនដុល្លារ ដែលអតិថិជនភាគច្រើនជាជនជាតិខែ្មរ និងត្រឹមតែ៥ភាគរយប៉ុណ្ណោះជាជនជាតិចិន។

អ្នកនាងលើកឡើងថា “បើទោះបីជាវិបត្តិ Covid 19 នេះ បន្តកើនឡើងក៏ដោយ ប៉ុន្តែនេះបន្តសាងសង់បាតគ្រឹះរួចរាល់ និងបន្តចេញជាតួអាគារបណ្តើរ ដោយវិស្វករ និងកម្មករបន្តធ្វើទាំងយប់ និងទាំងថ្ងៃ ហើយគម្រោងទាំងមូលនឹងបញ្ចប់ មុនផែនការកំណត់ត្រឹមខែមិនា ឆ្នាំ ២០២៤ ខាងមុខនេះ”។

លោក Sun Yuxing  នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អីស្ទេត គ្រុប បានលើកឡើងថា ការប្រឆាំង នឹងជំងឺរាតត្បាតរបស់ប្រទេសកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយនឹងវិធានការប្រឆាំង នឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធិភាព យើងនឹងចាប់យកការសាងសង់យ៉ាងម៉តចត់ និងឆាប់រហ័ស ទន្ទឹមនឹងការធានារនូវគុណភាពយ៉ាងល្អិតល្អន់ ព្រមទាំងខិតខំបញ្ចប់គម្រោងអោយបានឆាប់ មុនពេលកំណត់ ដើម្បីកសា ងគម្រោងPrince Happiness Plaza ក្លាយទៅជាគម្រោងប្រណិតលំដាប់លេខមួយ៕

សិង្ហបុរីគ្រោងនាំចូលពលករកម្ពុជា ខណៈតម្រូវការសេវាជូតសម្អាតផ្ទះក្រៅម៉ោងកើនឡើងខ្ពស់អំឡុងវិបត្តិកូវីដ

ដោយៈសុខុម

សិង្ហបុរី: ប្រទេសសិង្ហបុរី មានគម្រោងនាំចូលពលករបម្រើការងារ តាមផ្ទះពីកម្ពុជា ខណៈតម្រូវការសេវាជូតសម្អាតផ្ទះក្រៅម៉ោង ក្នុងប្រទេសនេះកើនឡើងខ្ពស់ អំឡុងវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៦ កញ្ញា នេះ។

កាលពីចុងឆ្នាំមុន លោក Marcus Lim បានទំនាក់ទំនងទៅក្រុមហ៊ុនផ្ដល់សេវាកម្មជូតសម្អាតផ្ទះចំនួន៤ ដើម្បីសួរអំពីសេវាកម្មជូតសម្អាតផ្ទះក្រៅម៉ោង។ ហើយមានតែក្រុមហ៊ុន២ប៉ុណ្ណោះដែលទាក់ទងមកគាត់វិញ។

បុរសវ័យ៣៨ឆ្នាំរូបនេះ ចង់ជួលមនុស្សឱ្យមកជួយសម្អាតអាផាតម៉ិន របស់គាត់២សប្ដាហ៍ម្ដង ប៉ុន្តែក្រុមហ៊ុនទាំងនោះប្រាប់គាត់ថា ពួកគេគ្មានមនុស្សទេ។ ពួកគេនឹងទទួលយកការងារនេះ ប្រសិនបើគាត់ប្រើសេវាជូតសម្អាតប្រចាំសប្តាហ៍។ ក្រោយព្យាយាមរកបន្តទៀត ទីបំផុតគាត់ជួលបានស្ត្រីជនជាតិសិង្ហបុរី ម្នាក់ដែលជួយជូតសម្អាតផ្ទះរបស់គាត់២ដងក្នុងមួយខែ។

តម្រូវការសេវាកម្មជូតសម្អាតផ្ទះ បានកើនឡើងខ្លាំង ដោយក្រុមហ៊ុននានាទទួលបានកំណើនពី២០ភាគរយ ទៅ៥០ភាគរយ ចាប់តាំងពីផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ មក។

លោកDaniel Thong ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ផ្ដល់សេវាជូតស  ម្អា​តផ្ទះ Nimbus បានលើកឡើងថា ក្រុមហ៊ុនរបស់លោកទទួលបាន “កំណើនជិត៥០%”ដែលភាគច្រើន ដោយសារមនុស្សងាកទៅធ្វើការងារពីផ្ទះកាន់តែច្រើន និងនៅផ្ទះច្រើនជាងមុន។ ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធមួយឈ្មោះ Rooma ដែលផ្តល់សេវាកម្មថែទាំផ្ទះតាមតម្រូវការ និងសេវាកម្មជូតសម្អាតផ្ទះក្រៅម៉ោងផងដែរ។

*កម្មវិធីសេវាកម្មជូតសម្អាតផ្ទះតាមគ្រួសារ

ក្រុមហ៊ុនផ្ដល់សេវាកម្មជូតសម្អាតផ្ទះមួយទៀត ដែលមានឈ្មោះថា Ministry of Clean ទទួលបានកំណើនជាង២០ភាគរយ សម្រាប់តម្រូវការសេវាកម្មជូតសម្អាតផ្ទះ។  លោក Rio Goh នាយកក្រុមហ៊ុននេះថ្លែងថា តម្រូវការខ្លះចេញពីការបោសសម្អាតក្រោយពេលរើចេញ នៅពេលដែលពលករបរទេសចាកចេញពីសិង្ហបុរី ឬការជូតសម្អាតបណ្ដោះ​អាសន្ន ខណៈគ្រួសារនានារង់ចាំអ្នកបម្រើការងារ តាមផ្ទះដែលពួកគេបានជួលមកដល់។

ដោយសារតែការរឹតបន្តឹងព្រំដែន ការមកដល់របស់ពលករបរទេស ដែលបម្រើការងារតាមផ្ទះ ត្រូវបានពន្យារពេលសម្រាប់គ្រួសារជាច្រើន នៅក្នុងប្រទេសដែនកោះដ៏តូចមួយនេះ។ ក្រុមហ៊ុន Ministry of Clean បានបន្តថា តម្រូវការសេវាកម្មបាញ់ថ្នាំសម្លាប់មេរោគក៏កំពុងកើនឡើងផងដែរ។

ទាំងក្រុមហ៊ុន Nimbus និងក្រុមហ៊ុន Ministry of Clean សុទ្ធតែស្ថិតក្រោមកម្មវធីសេវាកម្មជូតសម្អាតផ្ទះ តាមគ្រួសារដែលមានឈ្មោះថា Household Services Scheme។

ក្រសួងនាំពលករ (MOW) របស់សិង្ហបុរីបានអនុម័តកម្មវិធីនេះ ជាផ្លូវការកាលពីថ្ងៃទី០១ កញ្ញា។  កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅឆ្នាំ២០១៧ ដោយមាន១៥ក្រុមហ៊ុនចូលរួម។ ក្រសួងនេះនិយាយថា បច្ចុប្បន្នមានក្រុមហ៊ុនចូលរួមចំនួន៧៦ដែលផ្តល់សេវាកម្ម ជូតសម្អាតផ្ទះដល់ជាង១០.០០០គ្រួសារ។

ក្រុមហ៊ុនទាំងនេះ ត្រូវបានអនុញ្ញាតឱ្យជួលពលការិនី មកពីឥណ្ឌា យ៉ាន់ម៉ា ស្រីលង្កា និងថៃ បន្ថែមពីលើប្រទេស ឬតំបន់មានស្រាប់ ដែលត្រូវបានអនុម័តសម្រាប់វិស័យសេវាកម្មនេះ។ ទន្ទឹមនេះប្រទេសកម្ពុជា ក៏នឹងត្រូវដាក់បញ្ចូលបន្ថែមក្នុងបញ្ជីប្រទេសដែលបានអនុម័តនេះនៅថ្ងៃពុធ ទី៨ កញ្ញា ផងដែរ។

ក្រុមហ៊ុននានាដែលស្ថិតក្រោមកម្មវិធីខាងលើនេះ ក៏អាចដាក់ពាក្យសុំប័ណ្ណការងារបន្ថែមដើម្បីជួលកម្មករ បម្រើការងារតាមផ្ទះបានបន្ថែមទៀតផងដែរ។

*ពលករបម្រើការងារតាមផ្ទះទៅពីកម្ពុជា

សារព័ត៌មាន CNA បានទំនាក់ទំនងទៅក្រុមហ៊ុននានា ដែលជួលពលករមកពីប្រទេសជាច្រើនរួមមានសិង្ហបុរី ម៉ាឡេស៊ី ចិន មីយ៉ាន់ម៉ា ឥណ្ឌា និងស្រីលង្កា ជាដើម។ ហើយក្រុមហ៊ុនជួលពលករធ្វើការងារ តាមផ្ទះមួយឈ្មោះ Clean Lab ដែលទទួលបានកំណើន៥០%បានបញ្ជាក់ថា ខ្លួនមានគម្រោងជួលពលករធ្វើការងារ តាមផ្ទះពីប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង៕

CBC និង TBCC ចុះអនុស្សរណយោគយល់រួមគ្នាក្នុងការជំរុញពាណិជ្ជកម្មនិង វិនិយោគរវាងថៃ និងកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ (CBC ) និងសមាគមពាណិជ្ជកម្មថៃ ប្រចាំប្រទេសកម្ពុជា (TBCC) បានចុះអនុស្សរណយោគយល់គ្នាមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងប្រទេសកម្ពុជានិងប្រទេសថៃ។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈ នៅព្រឹកថ្ងៃទី៦កញ្ញា២០២១នេះ លោកសម្បតិ្ត សុធា ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា ការចាប់ដៃគ្នាក្នុងពេលនេះ នឹងជួយដល់ក្រុមហ៊ុនកម្ពុជានៅថៃ ក្នុងការស្វែងរកដៃគូជាមួយក្រុមហ៊ុនថៃនៅក្នុងប្រទេស ក៏ដូចជា ជួយក្រុមហ៊ុនថៃនៅក្នុងប្រទេសកម្ពុជា រកដៃគូជាក្រុមហ៊ុនកម្ពុជាក្នុងប្រទេសកម្ពុជា ។ កិច្ចសហការនេះដែរ ក៏នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសមួយកម្រិតទៀតផងដែរ ។

លោកបន្តថា “ក្នុងបរិបទកូវីដ១៩នេះ យើងគួរគិតថាមានមេរៀនអ្វីខ្លះ ដែលបានឆ្លងកាត់ ហើយយើងនឹងចាប់ដៃជាមួយគ្នាឱ្យខ្លាំងជាមួយគ្នា”។ លោកបន្តថា “ក្រៅពីការធ្វើពាណិជ្ជកម្ម កិច្ចសហការនេះដែរ ក៏នឹងជួយជំរុញដល់ទេសចរណ៍ទៅវិញទៅមក និងការផ្លាស់ប្តូរនូវវប្បធម៌ជាមួយគ្នាផងដែរ”។

លោកបន្ថែមថា បច្ចុប្បន្ននេះវិនិយោគិនថៃបាន និងកំពុងរង់ចាំមើលពីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ហើយបើសិនជាស្ថានភាពកូវីដ១៩នេះ បានដោះស្រាយចប់ពេលណាលោកថា វិនិយោគិនថៃនឹងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីដាក់វិនិយោគរកស៊ីទៅតាមវិស័យនិងជំនាញរបស់ពួកគេ។

លោកថា “យើងជឿថានៅពេលឆាប់ៗនេះដែរ កម្ពុជានឹងបើកទូលាយនិងទទួលវិនិយោគិននានាជាពិសេសវិនិយោគិនថៃ ខណៈកម្ពុជាបានចាក់វ៉ាក់សាំងបានច្រើនជូនពលរដ្ឋទូទាំងប្រទេស”។

លោកស្រីជីរ៉ាណាន់ វង្សមង្គល តំណាងសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈរវាងCBC និង  TBCC នឹងជំរុញការធ្វើពាណិជ្ជកម្មផង និងការធ្វើវិនិយោគផង ។ នៅពេលវិនិយោគិនថៃចូលកម្ពុជា ពួកគេនឹងមានទំនុកចិត្តកាន់តែខ្លាំងថែមទៀត ក្នុងការបណ្ដាក់ទុននិងធ្វើមុខជំនួញ ។

លោកស្រីបន្តថា វាជាការប្រសើរណាស់ ទោះបីជាស្ថានភាពកូវីដ១៩ក្ដី តែទំនិញរបស់ប្រទេសថៃ នៅតែបន្តហូរចូលមកកម្ពុជា ហើយបើសិនជាស្ថានភាពកូវីដ១៩កាន់តែប្រសើរលោកស្រីជឿជាក់ថា នឹងមានការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងថៃកាន់តែល្អថែមទៀត។

លោកស្រីបន្តថា “ទោះបីមានការហូរចូលទំនិញថៃមកកម្ពុជាក្ដី តែការនាំចូលទំនិញពីថៃមកកម្ពុជា ក៏ឃើញថាមានការថយចុះ ប្រមាណ១០ភាគរយ ជាពិសេសទៅលើការនាំចូលសម្ភារៈសំណង់ និងគ្រឿងសង្ហារឹម”៕

ទីក្រុងឌូបៃបន្តទាក់ទាញគំរោងអភិវឌ្ឍន៍អចលនទ្រព្យកាន់តែច្រើន

ដោយៈសុជាតា

ឌូបៃៈ ជាមួយនឹងវិធានការវីសាថ្មីនិង អត្រាការចាក់វាក់សាំងប្រឆាំង Covid 19 បានល្អប្រសើរ កំពុងលើកទឹកចិត្តអ្នកវិនិយោគបរទេស ចាប់អារម្មណ៍ក្នុងការទិញ លក់វីឡានិង អាផាតម៉ិនលំដាប់ខ្ពស់នៅទីក្រុងឌូបៃ។

លោក Calvin Lee Campbell  ដែលធ្វើការនៅតំបន់ឧស្សហកម្មមួយនៅទីក្រុងឌូ បៃបាននិយាយថា ឱកាសបានបន្តកើនឡើងម្តងទៀត ដោយអាជីវកម្មរបស់យើងបានកើនឡើង ក្រុមការងារបានកើនឡើង ហើយឱកាសជាច្រើនបានចាប់ផ្តើមល្អឡើងវិញ។

បើយោងតាមក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក បានបង្ហាញអោយដឹងថា វិបត្តិសកលបានធ្វើអោយប៉ះពាល់ ដល់សេដ្ឋកិច្ចនៅទីក្រុងឌូបៃ ជាពិសេសវិស័យទេសចរណ៍ ដែលតំណាងអោយ១១.៥ភាគរយនៃផលិតផលទុនសរុប។ អ្នកទេសចរបានមកកាន់ទីក្រុងឌូបៃ បានធ្លាក់ចុះប្រមាណ១៦.៧លាននាក់នៅឆ្នាំ ២០១៩ មកត្រឹម ៥,៥លាននៅឆ្នាំ២០២០។

ខណៈដែរតំរូវការគេហដ្ឋានបានធ្លាក់ចុះ ការជួលក៏បានធ្លាក់ចុះ ដោយតម្លៃជួលនៅទីក្រុងឌូបៃបានធ្លាក់ចុះអស់១២ភាគរយប្រចាំឆ្នាំ សម្រាប់រយៈពេល ប្រាំមួយខែ ឆ្នាំ ២០២០កន្លទៅ ។នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យ Knight Frank បានលើកឡើង។

ជាដំណោះស្រាយទីក្រុងឌូបៃ បានឆ្លើយតបយ៉ាងរហ័ស ដោយបានចាក់វាក់សាំងប្រមាណ១៨៥ដូស រៀងរាល់១០០គ្រួសារ។ ហើយចាប់ពីចុងខែ សីហា មក រៀងរាល់អ្នកទេសចរបានចាក់វាក់សាំងប្រឆាំងកូវីត១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភ​ពលោកមក អាចស្នើសុំវិសាទេសចរណ៍បាន។

ដើម្បីប្រសិទ្ធិភាព ក្នុងការដោះស្រាយវិបត្តិសកលនេះ រដ្ឋាភិបាលបានកាត់បន្ថយការរឹតបន្តឹង ដោយខែកញ្ញា រដ្ឋាភិបាលបានណែនាំវីសា ចូលនិវត្តប្រាំឆ្នាំ សម្រាប់អ្នកមានអាយុ ៥៥ ឆ្នាំ។នៅខែតុលា រដ្ឋាភិបាលបានណែនាំវីសារយៈពេល១ឆ្នាំ ហើយនៅខែធ្នូ បានណែនាំវិសារយៈពេល១០ឆ្នាំសម្រាប់តាំងទីលំនៅ។

លោកScott Livemore សេដ្ឋវិទូ Oxford  ប្រចាំទីក្រុងឌូបៃ បានលើកឡើងថា វាជាជំហានច្បាស់លាស់ ក្នុងការវិនិយោគអចលនទ្រព្យ បន្ថែមទៅកាន់សេដ្ឋកិច្ចឌុយបៃ ជាជាងការស្នាក់នៅបណ្តោះអាសន្ន មុននឹងត្រឡប់ទៅកាន់មាតុភូមិខ្លួនវិញ។

ជាមួយនឹងផ្សារទំនើប និងទីកន្លែងបដិសណ្ឋាកិច្ចជាច្រើន ដែលឥឡូវបានបើកដំណើរខ្លះៗ បានធ្វើអោយទីក្រុងឌូបៃ បានទាក់ទាញអ្នកវិនិយោគពីអាស៊ីខាងត្បូង អ៊ីស្រាអែល និងបណ្តាប្រទេសនៅអឺរ៉ុប។

យោងតាមរបាយការណ៍ពីទីផ្សារអចលនទ្រព្យបានលើកឡើងថា តម្លៃអចលនទ្រព្យជាមធ្យមនៅទីក្រុងឌុយបៃ កើនឡើង៣២ភាគរយ ពោលគឺកើនឡើងតិចតួចបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន  ប៉ុន្តែតម្លៃនេះស្ថិតនៅក្រោមតម្លៃខ្ពស់បំផុតកាលពីឆ្នាំ២០១៤៕

៤ចំណុចគួរពិចារណាមុននឹងសម្រេចចិត្តធ្វើជាតំណាងចែកចាយរបស់ផលិតផលណាមួយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បច្ចុប្បន្ននេះ ពាក្យថាតំណាងចែកចាយផលិតផល គឺកំពុងពេញនិយមសម្រាប់អ្នកប្រកបរបរលក់ទំនិញតាមអនឡាញ ហើយអ្នកខ្លះក៏ទទួលបានជោគជ័យលើមុខជំនួញនេះ ហើយខ្លះទៀតក៏បានត្រឹមតែមួយរស់។

ចំណែកមួយចំនួនទៀត ក៏ឡុងចុងខាតចុងខាតដើម ។ ថ្ងៃនេះ យើងនឹងលើកយកចំណុចគួរពិចារណាមួយចំនួន សម្រាប់ជាគន្លឹះមុន នឹងក្លាយជាអ្នកចែកចាយលើផលិតផលឬកក្រុមហ៊ុនណាមួយ ។

១. ស្វែងយល់ពីខ្លួនឯងជាមុនសិន
តើអ្នកចូលចិត្តលក់ផលិតផលអ្វី ឡេ គ្រឿងសម្អាង ទឹកអប់ ថ្នាំសម្រកទម្ងន់..? តើអ្នកត្រូវចំណាយដើមទុនប៉ុន្មាន ក្នុងការលក់ផលិតផលនេះ? តើត្រូវធ្វើអ្វីខ្លះដើម្បីទាក់ទាញអតិថិជន និងប្រកួតប្រជែងជាមួយ តំណាងចែកចាយផលិតផលដូចគ្នា? តើមានមធ្យោបាយទាក់ទង និងដឹកអីវ៉ាន់ឲ្យអតិថិជនហើយឬនៅ?

២. លក់ផលិតផល ឬលក់តំណាងចែកចាយ?
ត្រូវសិក្សាជាមុនថា តើមនុស្សកំពុងនិយមប្រើប្រាស់អ្វីជាចាំបាច់ ហើយអ្នកត្រូវប្រាកដថា ផលិតផលដែលអ្នកលក់មានតម្រូវការទីផ្សារ (មានអ្នកទិញ) មិនមែនលក់តែតំណាងចែកចាយ ហើយស្តុកទុកអីវ៉ាន់ពេញតែផ្ទះទេ បែបហ្នឹងមិនមែនជាការលក់ផលិត​ផលទេ។

៣. កុំទិញផលិតផលមកលក់ព្រោះឃើញតារា (អាយដល) ផ្សព្វផ្សាយ
ពេលខ្លះតារាដែលអ្នកចូលចិត្ត ផ្សាយពីផលិតផលនេះថាល្អអញ្ចេះ ល្អអញ្ចោះឬជួព្យាបាលជម្ងឺ១០០ មុខ។ល។ ពួកគាត់ផ្សាយផលិតផល ហើយតេស្តឱ្យបងប្អូនមើលក្នុងបណ្តាញសង្គម មិនមែនមានន័យថា ពួកគាត់ពិតជាប្រើប្រាស់ផលិតផលនោះមែនទែនទេ! អ្នកមិនត្រូវឆាប់ជឿគេពេកទេ ព្រោះគ្មានផលិតផលណា ដែលល្អឥតខ្ចោះដូចថ្នាំទេវតាឡើយ វាតម្រូវទៅតាមប្រភេទស្បែក ឬសុខភាពរបស់មនុស្សខុសៗគ្នា។

៤. តើផលិតផលមានប្រភពមកពីណា?
សាកឆែកមើលវែបសាយមើល តើផលិតផលដែលអ្នកចង់លក់ មានប្រភពមកពីប្រទេសណា? តើផលិតផលនេះគេល្បីលើទីផ្សារបានប៉ុន្មានឆ្នាំហើយ? (ប្រយ័ត្នល្បីបានមួយឆាវ ស្ងាត់ជ្រាបវិញ! ) តើគេមានរោងចក្រផលិតត្រឹមត្រូវអត់ ឬគ្រាន់ជាផលិតផលគ្មានប្រភព ហើយបិតផ្លាកថាផលិតនៅប្រទេសថៃ កូរ៉េ ជប៉ុន?។

តើមានគ្រឿងផ្សំ ធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ដែរឬទេ? បើផលិត​ផលនោះប្រកាសថា ប្រើបានចំពោះមនុស្សគ្រប់វ័យ មិនមានផលប៉ះពាល់ មិនប្រតិកម្ម ព្យាបាលរោគនិងបញ្ហា១០០មុខអី គួរតែកុំទិញល្អជាង គ្មានផលិតផលណាអស្ចារ្យដល់ម្លឹងទេ សូម្បីអ្នកវិទ្យាសាស្រ្តក៏ផលិតថ្នាំផ្សេង ដើម្បីព្យាបាលជំងឺខុសគ្នាដែរ៕

ចរន្តនៃការទិញលក់អចលនទ្រព្យនៅអាស៊ី-ប៉ាស៊ីហ្វិកសម្រេចបាន៨៣.៥ពាន់លានដុល្លារ

ដោយៈសុខុម

គូឡាឡាំពួ: ថ្វីបើផ្ទុះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី និងការកើនឡើងករណីឆ្លងនៅអាស៊ី-ប៉ាស៊ីហ្វិក នៅរយៈពេលចុងក្រោយនេះក្ដី ក៏ឱកាសនៅតែមានច្រើនក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៤ កញ្ញា។

យោងតាមរបាយការណ៍មានឈ្មោះថា Asia Pacific Capital Tracker 2Q2021 របស់ក្រុមហ៊ុនអចលនទ្រព្យអង់គ្លេស JLL ដែលបានចេញផ្សាយកាលពីខែកក្កដា ឱ្យដឹងថា ប្រតិបត្តិការទិញលក់អចលនទ្រព្យ ក្នុងតំបន់មានចំនួនសរុប៨៣.៥ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលតិចតែជាង៦%ប៉ុណ្ណោះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩។ របាយការណ៍នេះគូសបញ្ជាក់ថា តាមការរំពឹងទុកថា ចំនួនប្រតិបត្តិការទិញលក់នឹងកើនឡើងពី១៥% ទៅ២០%នៅក្នុងឆ្នាំ២០២១ នេះ។

របាយការណ៍នេះបង្ហាញថា ការវិនិយោគផ្នែកភ័ស្តុភារ នៅក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងចន្លោះពី៥០ពាន់លានដុល្លារអាមេរិក ទៅ៦០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

របាយការណ៍នេះលើកឡើងថា “យើងរំពឹងថា បណ្ដាវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កើនការវិនិយោគរបស់ខ្លួន លើផ្នែកភ័ស្តុភារពី១៦%នាពេលបច្ចុប្បន្ន ដល់២០%ទៅ២៣%។ ប្រសិនបើការបង្កើនការវិនិយោគនេះ ធ្វើឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំ យើងរំពឹងថា ប្រតិបត្តិការផ្នែកភ័ស្តុភារ នឹងកើនឡើងទ្វេដង ចន្លោះពី៥០ពាន់លានដុល្លារ ទៅ៦០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ បើធៀបនឹង២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ និង៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២០”។

*ផ្នែកភ័ស្តុភារមានសន្ទុះខ្លាំងនាំមុខគេ
ការវិនិយោគផ្នែកភ័ស្តុភារ បានកើនឡើងនៅប្រទេសអូស្ត្រាលី ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយសារការកើនឡើងផ្នែកភ័ស្តុភារ និងលក់រាយនៅក្នុងប្រទេសនេះ។ ជប៉ុន នៅតែជាប្រទេសទន់ខ្សោយតែមួយគត់ ក្នុងតំបន់ដោយសារការកើនឡើង ករណីឆ្លងវីរុសកូវីដ-១៩ និងការិយាល័យទំនេរ។ អូស្រ្តាលី ប្រទេសចិន និងកូរ៉េខាងត្បូង សកម្មបំផុត ដោយមានចំណែក៦៩%នៃចំនួនសរុប។

របាយការណ៍ដែលបន្តថា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ប្រតិបត្តិការទិញលក់ការិ​យាល័យមានចំណែក៣១% ផ្នែកភ័ស្តុភារមានចំណែក៣០% និងផ្នែកលក់រាយចំណែក៣០%នៃចំនួនសរុប។ ការលក់រាយត្រូវបានជំរុញ ដោយប្រតិបត្តិការរបស់ចិន និងការលក់ផ្សារទំនើប នៅប្រទេសកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងភ័ស្តុភារកើនឡើងជិតទ្វេដងអំឡុងត្រីមាសនេះ។

ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ការវិនិយោគផ្នែកភ័ស្តុភារនៅអាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិក ដោយកើនឡើង២១៥%។ របាយការណ៍នេះលើកឡើងថា “ការវិនិយោគសរុប ក្នុងរយៈពេល៤ត្រីមាសចុងក្រោយនេះ សម្រេចបាន៤៤ពាន់លានដុល្លារអាមេរិក ធៀបនឹង២៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩”។

យោងតាមក្រុមហ៊ុន JLL ឱ្យដឹងថា មានកត្តារួមចំណែកជាច្រើន។ “កិច្ចព្រមព្រៀងធំៗនឹងសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ។ កិច្ចព្រមព្រៀងភ័ស្តុភារជាង៣០០លានដុល្លារបានកើនឡើង៤ដង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ កិច្ចព្រមព្រៀងចំនួន៣នៅអូស្រ្តាលី ដែលសម្រេចបាន ក្នុងរយៈពេល២ខែចុងក្រោយនេះ មានចំនួន៥ពាន់លានដុល្លារ។

មជ្ឈមណ្ឌលទិន្នន័យកាន់តែធំទៅៗ ហើយ Platform មានឈ្មោះថា ESR នឹងវិនិយោគ២ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យមួយនៅអូសាកា ខណៈក្រុមហ៊ុន Princeton គ្រោងបោះទុនវិនិយោគ១ពានលានដុល្លារនៅ Saitama ប្រទេសជប៉ុន”៕

រដ្ឋាភិបាលគ្រោងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់ក្នុងកម្រិតតំបន់

ដោយៈសុធា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម កំពុងរៀបចំគោលនយោបាយស្វាយចន្ទី ក្នុងគោលដីប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទីរកំរិតតំបន់នាពេលអនាគត។

លោករាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ បានចូលរួមជាអធិតបីក្នុងកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា លើកទី១ បានលើកឡើងកាលពីសប្តាហ៍មុនថា គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បដាក់ជូនក្រុមការងារចម្រុះ និងតួអង្គពាក់ព័ន្ធ ពិនិត្យនិងផ្តល់ធាតុចូលបំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ២០២២-២០២៧។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំជាផ្លូវការកាលពីដើមឆ្នាំ២០១៩ ដោយក្រុមការងារបច្ចេកទេស សហការជាមួយដៃគូអភិវឌ្ឍន៍ និងជំនាញការអន្តរជាតិ បានសិក្សាប្រមូលទិន្នន័យក្នុងប្រទេស និងទីផ្សារសំខាន់ៗក្រៅប្រទេស រៀបចំជារបាយការណ៍ និងកែសម្រួលស្របតាមទម្រង់ ដែលកំណត់ដោយទីស្តីការគណៈរដ្ឋមន្ត្រី និងបានបញ្ចប់ក្នុងកម្រិតបច្ចេកទេសកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅ។

ជាមួយគ្នានេះ លោក ទិត សីច័ន្ទលី ប្រធានស្តីទីនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បន្តពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់ លើខ្លឹមសារសេចក្តីព្រាងគោលនយោបាយជាតិខាងលើ តាមលំដាប់លំដោយនៃមាតិកា និងបានអនុញ្ញាតឱ្យវិស័យឯកជនលើកឡើងនូវបញ្ហាប្រឈម ដែលបានជួបប្រទះកន្លងមក។ បន្ថែមពីនេះ អង្គប្រជុំបានស្នើសុំធ្វើបច្ចុប្បន្នភាពលើទិន្នន័យមួយចំនួន និងកែសម្រួលចំណុចមួយចំនួន ដើមី្បឱ្យឯកសារនេះមានលក្ខណៈត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ នៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។ កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នារយៈពេល៥ខែដើមឆ្នាំ២០២១ មានជាង៨០ម៉ឺនតោន។ បរិមាណនៃការនាំចេញនេះ មានកំណើនរហូតដល់៣២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ ប្រទេសវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយ របស់កម្ពុជា៕

ការសិក្សាៈទីផ្សារទេសចរណ៍នៅក្រៅប្រទេសរបស់ចិនឆ្នាំ២០២១-២០២៦បង្ហាញពីសក្ដានុពលខ្ពស់សំរាប់កម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ទំនាក់ទំនងការទូតស្អិតរមួត បេះមិនចេញរវារាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលក្រុងប៉េកាំង បានជួយឱ្យកម្ពុជា ទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសក្នុងល្បឿនយ៉ាងលឿន ជាពិសេសក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ តួយ៉ាងដូចនៅក្រុងព្រះសីហនុ ជាដើម។

ការសិក្សាពី“ទីផ្សារទេសចរណ៍នៅក្រៅប្រទេសរបស់ចិន ឆ្នាំ២០២១-២០២៦” បានបង្ហាញពីសក្ដានុពលខ្ពស់របស់កម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងគេហទំព័រស្រា​វជ្រាវទីផ្សារដ៏ល្បីល្បាញរបស់ប្រទេសអៀរឡង់ ឈ្មោះថា ResearchAndMarkets.com។ នេះបើយោងតាមសារព័ត៌មាន Business Wire ចុះផ្សាយកាលពីចុងសប្តាហ៍មុន ។

ទីផ្សារទេសចរណ៍នៅក្រៅប្រទេសរបស់ចិន ដែលរួមមានទាំងផ្សារកម្ពុជាផង នឹងទទួលបានកំណើនខ្ពស់ខ្លាំងនៅត្រឹមឆ្នាំ២០២៦ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ៣២%អំឡុងរយៈពេលនៃការព្យាករនេះ។

របាយការណ៍សិក្សាស្តីពី ទីផ្សារទេសចរណ៍នៅក្រៅប្រទេសរបស់ចិន នេះផ្តល់នូវការវិភាគជារួម ទំហំទីផ្សារ និងការព្យាករ និន្នាការ កត្តាជំរុញកំណើន និងបញ្ហាប្រឈមនានាព្រមទាំងការវិភាគ លើទីផ្សារប្រទេសចំនួន២៦ ដែលរួមទាំងប្រទេសកម្ពុជា យើងផងដែរ។

លទ្ធលផលនៃរបាយការណ៍នេះ គឺចេញពីការប្រើប្រាស់ទិន្នន័យ និងការវិភាគ ដើម្បីពិភាក្សាអំពីឱកាស ផ្ដល់ប្រាក់ចំណេញច្រើន និន្នាការបច្ចុប្បន្ន និងអនាគតទាក់ទងនឹងរំហូរទេសចរណ៍នៅក្រៅប្រទេសការរបស់ចិន ការចំណាយ គោលបំណងនៃការមកទស្សនា និងទីផ្សារគោលដៅសំខាន់ៗ។ របាយការណ៍នេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់លើស្ថានការណ៍ វិវឌ្ឍន៍វិស័យទេសចរណ៍បច្ចុប្បន្ន និងអនាគត នៃទីផ្សារទេសចរណ៍នៅក្រៅប្រទេសរបស់ចិន។

លើសពីនេះទៅទៀត របាយការណ៍នេះប្រើប្រាស់ការវិភាគ ដែលផ្តោតលើប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំង២៦ ដើម្បីស្វែងយល់លម្អិតអំពីទីផ្សារទេសចរណ៍នៅក្រៅប្រទេសរបស់ចិន។ កត្តាជំរុញ និងបញ្ហាប្រឈមនានាត្រូវបានសិក្សាលម្អិត ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីទីផ្សារ និងស្វែងយល់ពីឱកាសកំណើននាពេលអនាគតរបស់ទីផ្សារ៕