ដោយៈ ជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានបង្ហើបឲ្យដឹងថា ការសិក្សាបន្តពីការសាងសង់ កំណាត់ផ្លួវក្រវ៉ាត់ក្រុងទី៣ បន្តពីផ្លូវកំណាត់ផ្លួវ ដែលសាងសង់នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការសម្រួលឡើងវិញ។

-->
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមមន្រ្តីជំនាញបានសិក្សាពីគម្រោងនេះទាំងមូលរួចហើយ តែឥលូវនេះគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងសាងសង់បន្តនាពេលបច្ចុប្បន្ននេះ កំពុងរៀបចំកែសម្រួលឡើងវិញ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនអាចកំណត់ថា វានឹងត្រូវសាងសង់បន្ត ឬពង្រីកឲ្យបានមូយជុំនៅពេលណានៅឡើយទេ។
លោកវ៉ាស៊ីម សូរិយាបានបញ្ជាក់ថា “តាមគំរោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តពីកំណាត់ដែលកំពុងសាងសង់នេះ មានប្រវែងជាង១០០គីឡូម៉ែត្រ ដែលអ្នកខ្លះហៅវាថាជាផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ុន្រែតាមពិតវាជាផ្លូវក្រវ៉ាត់ក្រុងទី៣”។លោកបន្តថា “សម្រាប់ព៌តមានលំអិតជាងនេះ និងគំរោងនេះនឹងសាងសង់នាពេលណា និងប្រើប្រាស់ថវិកាជាតិឬដៃគូអភិវឌ្ឍន៍ លោកមិនទាន់ទទួលបានព៌តមានជាក់លាក់នៅឡើយទេ”។
កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា តាមផែនការក្រសួងនឹងសាងសង់កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តពីផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មុនចាប់ផ្តើមស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៤។
លោកបន្តថា “កំណាត់ផ្លួវក្រវ៉ាត់ក្រុងទី៣ ដែលនឹងពង្រីកបន្ថែមនេះ នឹងមានការស្ថាបនាស្ពានតភ្ជាប់ពីក្តីតាកុយ ទៅតំបន់អរិយក្សត្រ និងស្ពានតភ្ជាប់ពីតំបន់កោះដាច់មកកាន់ផ្លូវជាតិលេខ៦អាផងដែរ”។

ប៉ុន្តែទោះជាយ៉ាងណាលោកស៊ុន ចាន់ថុលមិនបានបញ្ជាក់ឲ្យដឹងពីកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែមនេះ នឹងសាងសង់នៅពេលណានៅឡើយទេ៕