ក្រសួងបរិស្ថានបង្ហាញរូបថតពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ភ្នំ១៥០០ តោះស្វែងយល់ពីសក្តានុពលសក្តានុពលទេសចរណ៍នៅតំបន់នេះ

ដោយៈតារារះ

ភ្នំពេញៈ ក្រសួងបរិស្ថានបានបង្ហាញរូបថតមូយចំនួន ពីទិដ្ឋភាពដ៏ស្រស់ស្អាត នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិសាត់ ដែលជាតំបន់មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីសក្តានុពល និងធនធានទេសចរណ៍តំបន់នេះផងដែរ ដែលការអភិវឌ្ឍន៍តំបន់នេះបាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរ​ណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែន ជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។

ប្រសិនបើភ្ញៀវទេសចរណ៍ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទី១ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសច​រណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបាន ប្រទះនឹងរមណីយភាពជាច្រើនសម្បូរបែប។

ចេញពីរង្វង់មូលប្រមោយប្រមាណ៣០គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំ រាងដូចអន្ទង់អាំង “ផ្លូវបុប្ផាលាក់ខ្លួន” ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ប្រសិនបើគេមើលពីផ្នែកលើ។ ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ១៥០០ ទើបក្រុមវិស្វកម្មខិតខំស្ថាបនាផ្លូវបត់បែនឡើង ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។

បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋាន ទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតនឹងមាត់ផ្លូវធ្វើដំណើរ មិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។

អាកាសធាតុនៅក្នុងតំបន់នេះ គឺមានសភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញាំងឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែង កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នេះមិនទាន់និយាយអំពីតំបន់ទេសចរណ៍ផ្សេងៗទៀត ដែលកំពុងត្រៀមចាំស្វាគមន៍ភ្ញៀវទេសចរនោះនៅឡើយ។ នៅតាមផ្លូវដំណើរ ជីវភាពប្រជាជនមានការរស់នៅសម្បូរសប្បាយ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះរបស់ប្រជាជន៕

លោកឧកញ៉ាកាង សុធីៈគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលជះឥទ្ធិពលខ្លាំងដល់វិស័យអចនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លីមួយរូបបានថ្លែងថា គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងផ្តល់ផលវិជ្ជមានយ៉ាងច្រើនដល់វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម។

ជាទូទៅគេសង្កេតឃើញថា គម្រោងអភិវឌ្ឍន៍របស់រដ្ឋ តែងតែជះឥទ្ធិពលដល់ការវិនិយោគនិងតម្លៃ នៃអចលនទ្រព្យ ជាក់ស្ដែងនាពេលកន្លងមកនៅពេលរដ្ឋាភិបាលប្រកា​សសាងសង់អ្វីមួយ តែងតែធ្វើឱ្យមានឥទ្ធិពល ដល់ការវិនិយោគនិងតម្លៃនៃអចលនទ្រព្យនៅតំបន់ក្បែរៗនេះ។

លោកឧកញ៉ា កាង សុធី អគ្គនាយកនៃក្រុមហ៊ុន Century 21 Land Station បានមានប្រសាសន៍ថា ជាធម្មតាគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំឃើញថា មានគ្រប់ទិសទីគ្រប់ទីកន្លែង។ ទោះបីជាកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដីក៏កម្ពុជានៅតែបន្តអភិវឌ្ឍន៍ គម្រោងជាបន្តបន្ទាប់ផងដែរ ។

លោកបន្តថា “ការអភិវឌ្ឍទាំងនោះ យើងមើលឃើញថាមានគម្រោងធំៗមួយចំនួនបានធ្វើឱ្យចលនា នៃតម្លៃដីធ្លីកម្រើក ឬអាចចូលលក្ខណៈដីហើមទៀតផង”។

លោកឧកញ៉ាកាង សុធីបានបន្តថា ដូចយើងបានឃើញស្រាប់គម្រោងមួយចំនួនដែលរដ្ឋាភិបាលកំពុងសាងសង់នៅពេលនេះ បានធ្វើឱ្យតម្លៃហក់តម្លៃខ្ពស់ខ្លាំង ដូចជាគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងផ្លូវល្បឿនភ្នំពេញ ក្រុងព្រះសីហនុ និងគម្រោងពហុកីឡដ្ឋានមរតកតេជោ។

លោកបន្តថា នៅពេលលេចលឺព័ត៌មាន ពីការអភិវឌ្ឍគម្រោងអ្វីមួយរបស់រដ្ឋាភិបាល អ្នកដែលស្រលាញ់វិស័យអចលនទ្រព្យ តែងតែស្វែងរកដីធ្លីនៅជុំវិញតំបន់នោះរួចជាស្រេច ដែលធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លីកាន់តែសន្ទះ និងធ្វើឱ្យតម្លៃកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

លោកឧកញ៉ាបន្ថែមថា នៅពេលរដ្ឋាភិបាលអភិវឌ្ឍន៍គម្រោងអ្វីមួយនោះ គឺតែងតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភ្ជាប់ជាមួយ ជាក់ស្ដែងព្រលានយន្តហោះ ពហុកីឡដ្ឋានជាដើម គឺបានអភិវឌ្ឍជាមួយ នឹងហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងមូលដ្ឋានទាំងនោះ ដូច្នេះហើយពេលមានហេដ្ឋារចនាសម្ព័ន្ធ វិនិយោគិននឹងចូលទៅរកការវិនិយោគ ជាបន្តបន្ទាប់តាមក្រោយផងដែរ៕

វិភាគៈសក្តានុពលនៃការរង់ចាំ ការមកដល់របស់ចិននៅក្រុងព្រះសីហនុ និងក្តីសង្ឃឹម

ដោយៈយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ព្រះសីហនុៈ សម្លេងព្រះសង្ឃសូត្រធ៌មនៅវត្តលើ ក្រុងព្រះសីហនុនៅតែលាន់ឮរងំដដែល ប៉ុន្តែទិដ្ឋភាពជាក់ស្តែងនៃទីក្រុងនេះ បានផ្លាស់ប្តូរទាំងស្រុង។

កាលពីឆ្នាំ២០១៦ បើសម្លឹងពីទីទួលខាងក្រោយវត្តនេះ គេឃើញតែផ្ទះល្វែង និងសណ្ឋាគារកំពស់ទាបៗ ជាមួយប្រជាជនធ្វើដំណើរ តាមយានយន្តរបស់ពូកគេយ៉ាងស្ងប់ស្តាត់ និងហាក់រំពៃរង់ចាំមើលអ្វីមួយ។

ទីបំផុតអ្វីៗបានមកដល់ និងវិវត្តន៍លឿនស្ទើមិនគួរឲ្យជឿ ស្របពេលឆ្នាំ២០១៧ ទីក្រុងព្រះសីហនុ បានចាប់ផ្តើមទទួលពន្លឺព្រះអាទិត្យថ្មី។ ជាទីក្រុងធ្លាប់ស្ងប់ស្ងាត់ ក៏បានចាប់ផ្តើមមានភាពអ៊ូរអរបណ្តើរៗ ជាមួយកំនើនប្រជាពលរដ្ឋក្នុងស្រុក ពិសស​លំហូរជនជាតិចិន ដែលជាអ្នកជំនាញ និងអ្នកវិនិយោគ។ ប៉ុន្មានឆ្នាំជាបន្តបន្ទាប់ទីក្រុងនេះ កាន់តែមានសភាពគគ្រឹកគគ្រេង ផ្លូវដែលមិនដែលកកស្ទះចរាចរណ៍ មកជាកកស្ទះ ផ្ទះសំណាក់ សណ្ឋាគារបានឡើងថ្លៃ ចរន្តនៃការទិញលក់ដីធ្លីបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃព្រះធរណីក្នុងទីក្រុង និងតំបន់ជុំវិញទីក្រុងនេះ កើនឡើងខ្ពស់រហូតដល់១០០០ភាគរយឬលើសពីនេះ។

ថ្ងៃរះហើយលិច
ជាមួយលំហូរជនជាតិចិន មានទាំងអ្នកល្អ និងក្រុមអ្នកលេងបានធ្វើឲ្យរដ្ឋាភិបាលសម្រេចចិត្តយ៉ាងតក់ក្រហល់ ដើម្បីបិទហ្គេមឡនឡាញ ជាអាជីវកម្មកាស៊ីណូដែលបានធ្វើឲ្យទីក្រុងនេះលេចឡើងនូវពន្លឺភ្លើងព៌ណ ប្រៀបដូចជាទីក្រុងម៉ាកាវ ប្រទេសចិន ស្របពេលវត្តមានអាគារខ្ពស់ៗកើនឡើងដូចផ្សិត និងលូតទៅលើមេឃជារៀងរាល់ថ្ងៃ។
សម្លេងនៅតាមការដ្ឋានសំណង់ បានលាន់លឺពេញទីក្រុងនេះ ខណៈប្រជាជនមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុក កម្មករ អ្នករត់តុក តុក និងប្រជាពលរដ្ឋធ្លាប់ក្រីក្រ បានក្លាយជាអ្នកមានយ៉ាងឆាប់់រហ័ស ដោយសារលក់ដីរបស់ពួកគេ។

រាជរដ្ឋាភិបាល​កម្ពុជា ​កាលពី​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​ បាន​ចេញ​សារា​ចរណ៍​បិទ​អាជីវកម្ម​ល្បែងភ្នាល់ ​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៊ីន​អើ​ណេត​អន​ឡា​ញក្នុង​ និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​ និង​គ្រប់រូប​ភាព​។
​សារា​ចរណ៍​របស់រដ្ឋាភិបាលបានពន្យល់ថា ការ​បិទ​នេះ​ បន្ទាប់ពី​បាន​ពិនិត្យ​ឃើញថា​ មាន​ឧក្រិដ្ឋជន​បរទេស​មួយចំនួន​ បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ​ ធ្វើសកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់ ​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​ក្នុង​សង្គម​។

ជាលទ្ឋផលបន្ទាប់ពីបិទហ្គេមឡនឡាញ ក្រុងព្រះសីហនុបានស្លោកស្រពោនមុនគេ ជាមួយនឹងការចាកចេញរបស់អ្នកធ្វើការ និងអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន។

៥ឆ្នាំអ្វីៗបានផ្លាស់ប្តូរទាំងស្រុង
ទីក្រុងដែលធ្លាប់តែមានអាគារខ្ពស់បំផុត១០ជាន់នេះ បានផ្លាស់ប្តូរមុខមាត់ទាំង​ស្រុង ជាមួយនឹងវត្តមានអាគារកប់ពពកកំពស់ពី៥ជាន់ ដល់៥៣ជាន់កើនឡើងដល់៦០៤អគារ ដោយទាក់ទាញលំហូរទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិនប្រមាណ៧០០០លានដុល្លារអាមេរិក។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តព្រះសីហនុកាលពីឆ្នាំ២០២០កន្លងមកថា ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជាង៧ពាន់លានដុល្លារ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាតមានចំនួន១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុប៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។
ស្វាគមន៍ទេសចរណ៍ និងវិនិយោគិនជាមួយហេដ្ឋារចនាសម្ព័ន្ឋថ្មីទាំងស្រុងជាមួយនឹងគោលដៅប្រែក្លាយទីក្រុងនេះ ជាទីក្រុងនៃការអភិវឌ្ឍបែបពហុបំណង តាមលំនាំទីក្រុងស៊ិនជិន ប្រទេសចិន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិភាជន៍ថវិកាប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវចំនួន៣៤ខ្សែ នៅទូទាំងក្រុងព្រះសីហនុ ប៉ុន្តែគំរោងនេះមិនគ្រប់គ្រាន់ទេ ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបន្ថែម​ការស្ថាបនាផ្លូវថ្មីចំនូន១២ខ្សែបន្ថែមទៀត ដើម្បីប្រែក្លាយ និងពង្រីកសក្តានុពលខេត្តនេះឲ្យបានពេញលេញ។

ជាលទ្ឋផលរហូតមកទល់ពេលនេះ ក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់ទាំង​ស្រុង ទាំងហេដ្ឋារចនាសម្ព័ន្ឋ ទាំងវត្តមានអាគារកប់ពពក ទាំងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ និងផែនការអភិវឌ្ឍថ្មី បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន​បានបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំធ្វើឲ្យទីក្រុងនេះ ក្លាយជាទីក្រុងទំនើ​ប ស៊ីវិល័យ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។

កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ទីក្រុងនេះ ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ជាលើកដំបូង ហើយទីក្រុងនេះបានស្ថិត​នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិ​បាលចិន។

បណ្តុំមូលដ្ឋានសក្តានុពលសេដ្ឋកិច្ច
តាមរយៈគោលនយោបាយ និងចក្ខុវិស័យដ៏មុតស្រួច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហេដ្ឋារចនាសម្ព័ន្ឋធំៗលំដាប់អន្តរជាតិ បានចាប់ផ្តើមវិនិយោគ ជាក់ស្តែងផ្លូវរថភ្លើ​ង​ត្រូវបាន ដាក់ឲ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជា ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់៣០០០ម៉ែត្រ សំរាប់ផ្លូវរត់របស់យ​ន្តហោះ ដែលអនុញញ្ញាត្តឲ្យយន្តហោះ​ខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តភ្នំពេញ ខេត្តព្រះសីហនុបាននិងកំពុងសាងសង់យ៉ាងសកម្ម។

អ្វីកាន់តែពិខសេសរដ្ឋាភិបាល ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិន សិក្សាលទ្ឋភាពដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តនេះផងដែរ។

កំពង់ផែទឹកជ្រៅតែមួយគត់ នឹងត្រូវអភិវឌ្ឍន៍នៅជំហ៊ានទី៣ នៅឆ្នាំ២០២២ខាងមុខ ដែលមានជម្រៅទឹក១៨ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗ លំដាប់ពិភព​លោកអាចចូលចតបាន ដែលធ្វើឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

តារារះនាទិសនារតី
ក្រៅពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការគាំទ្ររបស់វិស័យឯកជន ខេត្តព្រះសីហនុក៏មានគ្រាប់ពេជ្រដ៏អស្ចារ្យ ដូចខេត្តជាប់តំបន់ឆ្នេរដទៃទៀត គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប “ឆ្នេរស្អាតជាងគេលើពិភពលោក”ផងដែរ ដោយ​សារតំបន់ឆ្នេរកម្ពុជា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសន្យា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។

សម្បត្តិធម្មជាតិ ដែលចាយមិនចេះអស់នេះ មិនទាន់ប្រើប្រាស់អស់លទ្ឋភាពនៅឡើយ ដោយសារការផ្សព្វផ្សាយ និងធនធានមនុស្សនៅមានកម្រិត។

បន្ទាប់ពីបាំងដោយពពកខ្មៅ ព្រះអាទិត្យនឹងរះចែងចាំងឡើងវិញ
ព្រះអាទិត្យថ្មីត្រៀមរះនៅក្រុងព្រះសីហនុជាថ្មី បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ប៉ុន្តែការគ្របដណ្តប់លើការចាក់វ៉ាក់សាំងយ៉ាងលឿន បានធ្វើឲ្យកម្ពុជាលើកពានថ្មីមួយ ដែលអាចចាក់វ៉ាក់សាំងបានលឿនជាងគេក្នុងតំបន់ បើទោះបីប្រទេសនេះស្ថិតនៅក្នុងនាមជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបក្តី។

អ្នកវិនិយោគចិន និងអន្តរជាតិដទៃទៀត ដែលបានចាក់លុយរបស់ពូកគេនៅទីក្រុងនេះរាប់រយលានដុល្លារបានត្រៀមវេចបង្វិច មកមើលគំរោងរបស់ពូកគេ និងទាញលុយត្រលប់ទៅវិញ (Return of Investment) ខណៈគោលនយោបាយរបស់កម្ពុជាកាន់តែបើកចំហរ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា ចិនកាន់តែស្អីតរមួត បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរពីមិត្តភាពធម្មតា មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងប្រែក្លាយជា “សហគមន៍ពីរ វាសនាតែមួយ”។

ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីចិនឡើយ ដោយរដ្ឋាភិបាល និងអ្នក​វិនិយោគចិនបាន និងកំពុងពង្រីកមូលដ្ឋាន នៃការយល់ដឹងពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដែលមិនអាចបំបែកបាន។

សម្លេងសុត្រធ៌មរដូវបុណ្យភ្ជុំ នឹងលាន់ឮជាថ្មី ហាក់ជាសារជូនពរសព្វសាធុការ​និងជាការត្រៀមស្វាគមន៍នូវវត្តមាន នៃការមកដល់របស់បណ្តាវិនិយោគិនអន្តរជាតិ ពិសេសអ្នកវិនិយោគចិន ដើម្បីធ្វើឲ្យទឹកដីនេះ ប្រជាជនក្នុងទីក្រុងនេះ មានស្នាមញញឹមជាថ្មីជាមួយក្តីសង្ឃឹម នៃអនាគតដ៏ភ្លឺស្វាងមួយ៕

ភោជនីយដ្ឋានអន្តរជាតិ Jollibee ចាប់ផ្តើមហក់ចូលទីផ្សារកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ភោជនីយដ្ឋានឌីមសាំហុងកុង Tim Ho Wan ដ៏ល្បីល្បាញ ដែលមានវត្តមាននៅប្រទេសកម្ពុជា ត្រូវបានប៊្រែនភោជនីយដ្ឋានអន្តរជាតិមួយទិញ យកទាំងស្រុងហើយ។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៦ កញ្ញា ឱ្យដឹងថា ប៊្រែនភោជនីយដ្ឋានអន្តរជាតិ របស់ហ្វីលីពីន Jollibee Foods Corporation (JFC) ដែលល្បីខាងមាន់បំពង បានទិញយកភោជនីយដ្ឋានឌីមសាំ Tim Ho Wan ទាំងស្រុងហើយជាមួយនឹងគោលបំណង ពង្រីកទីផ្សារទៅកាន់ប្រទេសចិន ព្រមទាំងបម្រើមុខម្ហូបចិន នៅទូទាំងពិភពលោករួមទាំងផងដែរ ដើម្បីបង្កើនប្រាក់ចំណូល។

ប៊្រែនភោជនីយដ្ឋាន Jollibee Worldwide ដែលជាបុត្រសម្ព័ន្ធរបស់ JFC បានទិញយកភាគហ៊ុន ដែលនៅសេសសល់១៥ភាគរយ របស់ភោជនីយដ្ឋានឌីមសាំ Tim Ho Wan កាលពីខែមុនក្នុងតម្លៃ៥៣.២៥លានដុល្លារអាមេរិក ដើម្បីកាន់កាប់ភាគហ៊ុន១០០ភាគរយ។

ប្រទេសចិន គឺជាទីផ្សារធំបំផុតទី២ របស់ JFC បន្ទាប់ពីប្រទេសហ្វីលីពីន។ ដោយទីផ្សារហ្វីលីពីន ត្រូវបានបិទខ្ទប់នៅឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ប្រទេសចិន កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើនប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ភោជនីយដ្ឋាន JFC មានបណ្តាញប៊្រែនចំនួន១៧នៅក្នុងប្រទេសចំនួន៣៣ ជាមួយនឹងហាងចំនួន៥.៨១៦កន្លែង។ ក្នុងចំណោមនោះ ហាងចំនួន៣.១៩២ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន ខណៈហាងចំនួន៤០៧កន្លែងរបស់ ប៊្រែនជាច្រើន រួមមាន ទាំងប៊្រែន Yonghe King ប៊្រែន Hong Zhuang Yuan និងប៊្រែន Dunkin’ Donuts សុទ្ធតែនៅក្នុងប្រទេសចិន។

JFC បានបើកដំណើរការភោជនីយដ្ឋាន Tim Ho Wan ដំបូងរបស់ខ្លួននៅក្រុងសៀងហៃ កាលពីខែកញ្ញាឆ្នាំមុន និងបានបើក២កន្លែងបន្ថែមទៀត ចាប់តាំងពីពេលនោះមក។

អ្នកនាំពាក្យរបស់ JFC និយាយថា JFC មានគម្រោងបើកហាងចំនួន១០០កន្លែងនៅទូទាំងប្រទេសចិន ក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។

ភោជនីយដ្ឋានឌីមសាំ Tim Ho Wan មាន៦សាខានៅទីក្រុងហុងកុង និង៤៧សាខានៅតំបន់អាស៊ី ដោយក្នុងនោះមាន១២សាខានៅប្រទេសសិង្ហបុរី។ ១២សាខានៅកោះតៃវ៉ាន់ និង៧សាខានៅហ្វីលីពីន។ ភោជនីយដ្ឋាននេះ ក៏មានវត្តមាននៅកូរ៉េខាងត្បូង ជប៉ុន ក្រុងម៉ាកាវ វៀតណាម ថៃ និងកម្ពុជា ផងដែរ៕

អភិបាលខេត្តបាត់ដំបងត្រៀមស្នើដីទំហំ៧២,៥ហិកតាទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

ដោយៈគង់ សូរិយា

បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកងួន រតនៈបានអញ្ជើ​ញចូលរួមកិច្ចប្រជុំ គណៈកម្មការអនុវត្តនីតិវិធីស្នើសុំ ធ្វើអនុប្បយោគដីទំហំ៧២.៥ហិកតា ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

កិច្ចប្រជុំនេះ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ ប៉ុន្តែកិច្ចប្រជុំនេះមិនបានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ដើម្បីយកដីនេះទៅធ្វើអ្វីឲ្យពិតប្រាកដនៅឡើយទេ ហើយ​ហាក់ស្ថិតនៅអាថ៌កំបាំង។

គណៈកម្មការអនុវត្តនីតិវិធី ស្នើសុំធ្វើអនុប្បយោគដីទំហំ៧២.៥ហិកតា ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ស្ថិតនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង៕

 

 

 

 

សមាគមចំនួនពីរនៅកម្ពុជារួមគ្នាក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលសមាគមបច្ចេកវិទ្យា ឌីជីថលកម្ពុជា និងសមាគមពាណិជ្ជករដឹកកជញ្ជូនទំនិញ បានរួមគ្នាក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាតាមរយៈការលើកកម្ពស់ចំណេះដឹង ក្នុងវិស័យដឹកជញ្ជូននិងបច្ចេកវិទ្យា។

លោកចាន់ ដារ៉ាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានថ្លែងនៅក្នុងពិធីចុះព្រមព្រៀង សហប្រតិបត្តិការជាមួយសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា កាលពីរសៀ​លថ្ងៃទី៦ កញ្ញា២០២១នេះថា កិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ក្នុងវិស័យទាំងពីរដល់សមាជិក ដោយការអភិវឌ្ឍចំណេះដឹង ដល់សហគ្រាសធនតូច មធ្យម ក្រុមហ៊ុន សមាគម សហគមន៍ ក្នុងការប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យា ក្នុងវិស័យឡូជីស្ទីក និងដឹកជញ្ជូន។

លោកបន្តថា “ការចុះអនុស្សារណៈនេះ សមាគមទាំងពីរយល់ឃើញថាប្រព័ន្ធប    ច្ចេកវិទ្យាឌីជីថល ត្រូវបានដើរតួយ៉ាងសំខាន់ ដល់វិស័យឡូជីស្ទ៊ីកនិងដឹកជញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។

លោកបន្តថា ភាគីទាំងពីរ បានឯកភាពយល់ព្រម សហការគ្នា ដោយជំរុញឱ្យមានការផ្សព្វផ្សាយរាល់ប្រតិបត្តិការ ក្នុងកម្មវិធីផ្សេងៗ ទៅដល់សមាជិក សមាគម បច្ចេកវិទ្យា ឌីជីថលកម្ពុជា និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងជំរុញឱ្យមានការចូលរួមស្វែងយល់ ពីវិស័យបច្ចេកវិទ្យា ឌីជីថល និង ឡូជីស្ទ៊ីក ឲ្យយល់កាន់តែច្បាស់ ដើម្បីរៀបចំប្រព័ន្ឋគ្រប់គ្រងឡូជីស្ទីក តាមបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់សមាជិក ឬមិនមែនជាសមាជិក។

លោកចាន់ ដារ៉ាបានបន្ថែមថា សមាគមទាំងពីរ នឹងចូលរួមជួយជ្រោមជ្រែង និងផ្សព្វផ្សាយពីសេវាកម្ម បច្ចេកវិទ្យា ឌីជីថល និងឡូជីស្ទីកនៅក្នុងស្រុក ជូនគ្នាទៅវិញទៅមក ដើម្បីបង្កើនទីផ្សារ ដែលឈានទៅដល់ការពង្រីកអាជីវកម្ម ទៅក្រៅប្រទេសនៃសមា​ជិកនាពេលអនាគត និងចូលរួមសហការជួយដល់វិស័យ សហគ្រាស ធនតូច និងមធ្យមឱ្យយល់ដឹង ក្នុងការដាក់លក់ទំនិញ តាមទីផ្សារអនឡាញ និងការដឹកជញ្ជូនក្នុងកញ្ចប់រួម ដែលអាចផ្តល់តម្លៃសមរម្យ និងការបញ្ចុះតម្លៃពី៥ភាគរយ ទៅ១០ភាគរយ ឬអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ។

តាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យវិស័យឯកជន និងរដ្ឋប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ។

កាលពីសប្តាហ៍មុន កម្ពុជាក៏បានប្រកាសដាក់ដំណើរការ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ផងដែរ បន្ទាប់ពីដំណាក់កាលទី១ទទួលបានការគាំទ្រពីវិនិយោគិននិងធុរជនជាច្រើននោះ៕

គម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាលចំនួន៤ធ្វើឱ្យកាន់តែទាក់ទាញការវិនិយោគ ទោះក្នុងវិបត្តិ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាទទួលរងឥទ្ធិពលពីជំងឺកូវីដ១៩ក្ដី តែកម្ពុជាមិនបានបន្ថយល្បឿន ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចាប់ផ្ដើមតាំងពីមុនវិបត្តិនោះទេ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤ របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងធ្វើឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត លើការវិនិយោគរបស់វិនិយោគិនជាតិនិងអន្តរជាតិ ។

១. អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ហើយបើទោះបី ជាស្ថិតនៅក្នុងវិបត្តិធ្ងន់ធ្ងរយ៉ាងណាក្ដី ក៏គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនេះ មិនបានផ្អាកឬបញ្ឈប់សកម្មភាពឡើយ គឺនៅតែបន្តដើម្បីឱ្យសម្រេចទៅតាមផែនការគ្រោងទុក ។ វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ បានជំរុញសក្ដានុពលវិនិយោគនៅតំបន់ប៉ែកខាងត្បូង កាន់តែខ្លាំងបន្ថែមទៀត ធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់នោះ កើនឡើងមួយកម្រិតទៀតផង ។

២. គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ បានតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងកាត់ផ្លូវជាតិលេខ២ លេខ៣ ទៅភ្ជាប់នឹងផ្លូវជាតិលេខ៤ និងបន្តទៅផ្លូវជាតិលេខ៥និងលេខ៦ តាមមហាវិថីឈ្នះឈ្នះ ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះ បានជំរុញឱ្យមានការវិនិយោគនៅតាមបណ្ដោយផ្លូវដ៏សំខាន់ ពីព្រោះថានៅពេលដែលគម្រោងនេះ បានបញ្ចប់វានឹងក្លាយជាផ្លូវដ៏សំខាន់សម្រាប់ធ្វើដំណើរវាងរាជធានីភ្នំពេញ បញ្ចៀសការកកស្ទះនៅក្នុងក្រុង ហើយចំណេញវេលា សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋផងដែរ។ អ្នកអភិវឌ្ឍន៍មួយចំនួនក៏បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន នៅតាមបណ្ដោយផ្លូវក្រវ៉ាត់នេះបណ្ដើរៗផងដែរ ជាពិសេសគម្រោងលំនៅឋាន។

៣ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ

គម្រោងផ្លូវនេះ ចាត់ទុកជាគម្រោងធំ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលមិនធ្លាប់មានផ្លូវល្បឿនលឿនឡើយ ។ គម្រោងនេះ បានបង្កើតទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ជាពិសេសការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ទោះបីជាជួបបញ្ហាដោយសារតែកូវីដ១៩យ៉ាងណាក្ដី ក៏គម្រោងនេះនៅតែបន្តសាងសង់និងរំពឹងថា អាចនឹងបញ្ចប់ការដ្ឋានសាងសង់ នៅអំឡុងចុងឆ្នាំ២០២២ខាងមុខនេះផងដែរ។

៤. ពហុកីឡដ្ឋានជាតិមរតកតេជោ

សំណង់មួយនេះ ក៏ចាត់ទុកជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ ។ ក្រោយពេលសំណង់មួយនេះ បានលេចចេញជារូបរាង ធ្វើឱ្យបណ្ដាវិនិយោគិនជាច្រើនបានចាប់ផ្ដើមសម្លឹងទៅលើតំបន់ជុំវិញ ហើយក៏ចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរៀងៗខ្លួន ដូចជាគម្រោ​ងលំនៅឋានតម្លៃខ្ពស់ ប្រណីត និងគម្រោងជាច្រើនទៀតផងដែរ ។ គម្រោងនេះ បានបញ្ចប់ស្ទើរតែ១០០ភាគរយមកដល់ពេលនេះ និងដើម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ី  ហ្គេមនៅពេលខាងមុខផងដែរ។

យ៉ាងណាកម្ពុជា ក៏មានគម្រោងទាក់ទាញជាច្រើនទៀត ដែលជំរុញសក្ដានុពលវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង ទោះបីជាកម្ពុជាជួបវិបត្តិនេះក្ដី៕

ក្រុមហ៊ុនយក្សTotal របស់បារាំង ចុះកិច្ចព្រមព្រៀងតម្លៃ២៧ពាន់លានដុល្លារ អាមេរិក

ដោយៈសុខុម

បាកដាដ: ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់បារាំងTotal ដែលបានប្ដូរឈ្មោះមកជា TotalEnergies បានចុះកិច្ចព្រមព្រៀងមួយ មានតម្លៃដល់ទៅ២៧ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ដើម្បីវិនិយោគលើការផលិតប្រេង ឧស្ម័ន និងថាមពលសូឡានៅប្រទេសអ៊ីរ៉ាក់ ខណៈប្រទេសនេះប្រឈមវិបត្តិថាមពលធ្ងន់ធ្ងរ។

សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី៦ កញ្ញា នេះដោយដកស្រង់ប្រភពរបស់ AFPថា ការប្រកាសកិច្ចព្រមព្រៀង ដើម្បីចូលរួមចំណែកកាត់បន្ថយការពឹងផ្អែករបស់ប្រទេសអ៊ីរ៉ាក់ លើឥន្ធនៈហ្វូស៊ីលនេះធ្វើឡើង នៅពេលរដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ាក់ លោក Ihsan Ismail បានចុះកិច្ចព្រមព្រៀងនេះនៅក្រុងបាកដាដ ជាមួយលោក Patrick Pouyanne ប្រធានក្រុមហ៊ុនប្រេង TotalEnergies។

ទោះជាយ៉ាងណា ក្រុមហ៊ុនTotalEnergies មិនបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មា​នដោយផ្ទាល់ AFP អំពីតម្លៃ ឬរយៈពេលនៃកិច្ចព្រមព្រៀងនេះឡើយ។

ប៉ុន្តែក្រុមមន្រ្តីបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្សបារាំង មួយនេះមានផែនការបោះទុនវិនិយោគ ចំនួន១០ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណេញដែលបានពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះ នឹងត្រូវយកមកវិនិយោគ សម្រាប់ការវិនិយោគជុំទី២ ដែលមានទំហំ១៧ពាន់លានដុល្លារអាមេរិក និងចុងក្រោយបន្ថែមឱ្យគ្រប់២៧ពាន់លានដុល្លារអាមេរិក។

លោក Ihsan Ismail បានថ្លែងថា “នេះជាការវិនិយោគធំបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ ពីសំណាក់ក្រុមហ៊ុនលោកខាងលិច។ ការអនុវត្តគម្រោងទាំងនេះ គឺជាបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះនៅពេលនេះ”។

លោក Patrick Pouyanne បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីខែមករា ដើមឆ្នាំនេះថា “រីករាយដែលបានមកកាន់ក្រុងបាសា (Basra) កន្លែង ដែលខ្ញុំបានទៅពិនិត្យមើលវាលយកឧស្ម័ន និងប្រេង។ ការកាត់បន្ថយការផ្ទុះឆេះ និងផលិតកម្មឧស្ម័ន ដែលកំពុងកើនឡើង គឺជាអាទិភាពមួយសម្រាប់ប្រទេសអ៊ីរ៉ាក់ ក៏ដូចជាក្រុមហ៊ុន Total ផងដែរ។ តោះ! យើងធ្វើការរួមគ្នា!”។

ប្រទេសអ៊ីរ៉ាក់ មានប្រេង និងឧស្ម័នបម្រុងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយថ្វីត្បិតតែខ្លួនជាប្រទេសផលិតប្រេងធំបំផុតទី២ នៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) ក៏ដោយ ក៏អ៊ីរ៉ាក់ កំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីរ៉ាំរ៉ៃ។

ជុំវិញបញ្ហានេះ ក្រុមមន្រ្តីអ៊ីរ៉ាក់ បានបកស្រាយថា  វិបត្តិនេះបណ្ដាលមកពីកង្វះការវិនិយោគ និងសភាពចាស់ទ្រុឌទ្រោម នៃបណ្ដាញថាមពលរបស់ប្រទេសនេះ ហើយហេតុផលដ៏ចម្បងមួយ គឺមកពីការធ្លាក់ចុះតម្លៃប្រេង ដែលតំណាងឱ្យជាង៩០%នៃប្រាក់ចំណូលរបស់រដ្ឋ៕

អ្នកជំនាញៈ តំបន់ខាងត្បូង ឈៀងខាងកើតរាជធានីភ្នំពេញនឹងក្លាយទៅជា ទីក្រុងលំដាប់អន្តរជាតិ

ដោយៈសុជាតា

ភ្នំពេញៈ អ្នកជំនាញខាងដីធ្លីបានលើកឡើងថា  នៅប្រាំឆ្នាំខាងមុខនេះ  វិស័យអច​ល​នទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅអ្នកលឿង ខេត្តព្រៃវែង នឹងក្លាយជាទីក្រុងស៊ីវិល័យ បន្ទាប់ខណ្ឌដូនពេញ និង ខណ្ឌបឹងកេងកង។

តំបន់ខាងត្បូង ឈៀងខាងកើតរាជធានីភ្នំពេញ គឺតំបន់ដីសណ្តរទន្លេមេគង្គ និង ទន្លេបាសាក់ ដែលជាដីមានដង្ហើមទឹក សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗនានា ជាអ្វីដែលអ្នកជំនាញកំពុងមើលឃើញ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA បានប្រាប់ Property Area asia នៅថ្ងៃទី ៦ ខែកញ្ញា ថា តម្លៃបានកើនឡើងឥតឈប់ឈរ ដោយបែងចែកតំបន់មួយចំនួន គឺចាប់គល់ស្ពានច្បារអំពៅមាត់ទន្លេ រហូតដល់ កោះនរា ចាប់ពី១០០០ ដុល្លារទៅ ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ចំណែកតម្លៃដីនៅផ្លូវតូចៗ មានតម្លៃដីចាប់ពី៤០០ ដុល្លារទៅ៧០០ដុល្លារ ប៉ុន្តែសម្រាប់ដីតូច២០០០ដុល្លារ ទៅ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េសម្រាប់ Shop lot និង Commercial  land។

ចំណែកឯតម្លៃដីចាប់តំបន់កៀនស្វាយដល់ Prine manor  គឺ250 ដុល្លារ ទៅដល់ ៥០០ ដុល្លារ។  .ចំណែកចាប់ពីក្រវាត់ក្រុងទីបី ទៅតំបន់កំពង់ផែ តម្លៃតំបន់នេះគឺ ចាប់ពី ១០០ ទៅ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីកំពង់ផែ ទៅដល់គគីរធំ គឺចាប់ផ្តើមតម្លៃដីគឺចាប់៨០ ដុល្លារ ទៅ១២០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃដីចាប់ពីគគីរធំ ដល់អ្នកលឿងគឺតម្លៃចាប់ពី៤០ ទៅ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សំរាប់តំបន់ស្ថិតនៅជាប់ផ្លូវជាតិលេខ១។

ជាមួយគ្នានេះលោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន lucky Real Estate បានប្រាប់Property Area Asia ថា គម្រោងធំៗ ដូចជា គម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរា តាមរយៈការតភ្ជាប់ស្ពានពីតំបន់អភិវឌ្ឍកោះពេជ្រ ទៅកាន់កោះនរា និងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបាន និងកំពុងធ្វើឱ្យតម្លៃអចលទ្រព្យ នៅតាមបណ្តោយផ្លូវជាតិលេខ១ ឬតំបន់ច្បារអំពៅបានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។

លោកបានថ្លែងបន្តថា គម្រោងមួយចំនួន ដែលកំពុងសាងសង់ មានដូចជា គម្រោងផ្សារទំនើប បុរីប៉េងហូត គម្រោងលំនៅដ្ឋាន Palm ដែលគម្រោងនេះ នៅតែរក្សាកំណើនទិញលក់ខ្លាំង៕

អ្នកវិនិយោគក្នុងស្រុកចាប់ផ្ដើមអភិវឌ្ឍន៍លំនៅឋានលំហែកាយនៅមណ្ឌលគីរី កាន់តែច្រើន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តមណ្ឌលគីរីជាខេត្តគោលដៅទេសចរណ៍មួយ នៅប៉ែកឦសាននៃប្រទេសកម្ពុជា ហើយរយៈពេលចុងក្រោយនេះ ខេត្តមណ្ឌលគីរីក៏ទទួលបានការចាប់អារម្មណ៍លើការវិនិយោគច្រើន ជាពិសេសទៅលើវិស័យទេសចរណ៍ ជាក់ស្ដែងនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ វិនិយោគិនក្នុងស្រុកនៅតែបន្តអភិវឌ្ឍន៍ លំនៅឋានលំហែកាយសម្រាប់បំពេញតម្រូវការនៅពេលបច្ចុប្បន្នផង និងនៅពេលអនាគតផង។

អ្នកជំនាញអចលនវត្ថុមួយរូប ប្រចាំខេត្តមណ្ឌលគីរី លោក មាឃ រឹទ្ធីជ័យប្រធានសាខាក្រុមហ៊ុន  Century 21 Zillion Holding បានឱ្យដឹងថា សកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តមណ្ឌលគីរី ត្រូវបានគេមើលឃើញថា នៅតែបន្តសកម្មភាពជាបន្តបន្ទាប់ ជាពិសេសវិនិយោគិនក្នុងស្រុក បានមកទិញដីនៅមណ្ឌលគីរី សម្រាប់អភិវឌ្ឍន៍លំនៅឋានលំហែកាយ ហើយមានទំនោរកាន់តែច្រើនផងដែរ ។

លោកបន្តថា តាមពិតទៅសកម្មភាពទិញលក់ដីធ្លី នៅតំបន់កណ្ដាលក្រុង ឬកណ្ដា​លទីរួមខេត្ត មិនមានសកម្មភាពច្រើនប៉ុន្មានទេ នៅពេលបច្ចុប្បន្ន ជាពិសេសនៅតំបន់ជុំវិញ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគីរី ប៉ុន្តែសម្រាប់តំបន់នៅជិតរមណី​យដ្ឋានឬតំបន់ ដែលនៅឆ្ងាយពីទីរួមខេត្ត បែរជាមានការទិញលក់ច្រើនទៅវិញ ។

លោកថា “វិនិយោគិនក្នុងស្រុក ដែលបានលក់ដីនៅខេត្តផ្សេងៗ ដូចជា ពីខេត្តសៀមរាប ពីភ្នំពេញជាដើម បានមកទិញដីនៅមណ្ឌលគីរី និងបានទុកសម្រាប់អភិវឌ្ឍន៍។អ្នកខ្លះក៏ទិញភ្លាម អភិវឌ្ឍន៍ភ្លាមជាប្រភេទរីសត ឬលំនៅឋានលំហែកាយ អ្នកខ្លះទៀតក៏ទុកសិន រង់ចាំចប់វិបត្តិសិនទើបអភិវឌ្ឍន៍ជាក្រោយ” ។

លោកបន្ថែមថា កត្តាទាំងនេះដែលធ្វើឱ្យសកម្មភាព នៃការទិញដីនៅតំបន់រមណី​យដ្ឋានក្នុងខេត្តមណ្ឌលគីរី មានសកម្មភាព ក៏ប៉ុន្តែជារួមទៅតម្លៃដីធ្លីក្នុងខេត្តមួយនេះមិនមានការប្រែប្រួលប៉ុន្មានទេ តែក៏មិនមានការថយចុះដែរ ។

សក្ដានុពលសម្រាប់ការអភិវឌ្ឍខេត្តមួយនេះ ត្រូវបានគេមើលឃើញថាចាប់ផ្ដើមកក្រើកបន្ទាប់ពីមានការសាងសង់ផ្លូវភ្ជាប់ពីភ្នំពេញ និងតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀត ដែលជាការសម្រួល ដល់ការធ្វើដំណើររបស់ទេសចរណ៍និងវិនិយោគិន ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាលោកស៊ុន ចាន់ថុលបានមានប្រសាសន៍កាលពីពេលថហមីៗនេះថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក្នុងការសាងសង់ផ្លូវតភ្ជាប់ពីភ្នំពេញ ទៅបណ្ដាខេត្តមួយទៅបណ្ដាខេត្តមួយទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ទេសចរនិងវិនិយោគិន ហើយទោះស្ថិតនៅក្នុងវិប្តិតយ៉ាងនេះក្ដី រដ្ឋាភិបាល ក៏នៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដដែល ជាពិសេសគម្រោងដែលមានស្រាប់ និងបន្តអភិវឌ្ឍគម្រោងថ្មីៗផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមធ្លាប់បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីពិតជាមានសក្តានុពលផ្នែកទេសចរណ៍ ប៉ុន្តែជាប្រភេទទេសចរណ៍បែបធម្មជាតិ ខុសពីខេត្តសៀមរាប ដែលមានសក្តានុពលផ្នែកវប្បធ៌ម ប្រាសាទបុរាណ។

លោកបន្តថា “អ្នកវិនិយោគភាគច្រើនបានទិញដី សាងសង់ផ្ទះលំហែរជាជាងសាងសង់់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម”៕