សកលវិទ្យាល័យថៃ ស្រូបទាញនិស្សិតអន្តរជាតិបានយ៉ាងច្រើនពីប្រទេសនានា រួមទាំងរួមកម្ពុជាផង

ដោយៈសុខុម

ភ្នំពេញ: សកលវិទ្យាល័យល្បីៗនៅប្រទេសថៃ ជាពិសេសសលវិទ្យាល័យឯកជនទាក់ទាញនិស្សិតអន្តរជាតិបានយ៉ាងច្រើន ពីប្រទេសនានារួមមានប្រទេសចិន និងបណ្ដាប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) តាមរយៈការពង្រឹងសមត្ថភាពរបស់និស្សិត។  នេះបើយោងតាមកាសែត Bankok Post ចុះផ្សាយនៅថ្ងៃទី៧ កញ្ញា នេះ។

ការិយាល័យគណៈកម្មការឧត្តមសិក្សា (OHEC)  របស់ថៃ បានរាយការណ៍ថា ចំនួ​ននិស្សិតអន្ដរជាតិ ដែលសិក្សានៅតាមសកលវិទ្យាល័យឯកជននានា ក្នុងប្រទេសថៃ បានកើនឡើងពី៨.២៥៥នាក់ក្នុងឆ្នាំ២០១៥ ដល់៩.៨៤០នាក់ក្នុងឆ្នាំ២០១៦ និងដល់១១.៥១២នាក់នៅឆ្នាំ២០១៧។

ការិយាល័យដដែលបានបន្ថែមថា និស្សិតអន្តរជាតិភាគច្រើននៅក្នុងឆ្នាំ២០១៧ មកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ សាកលវិទ្យាល័យ Dhurakij Pundit University បានចាប់ផ្ដើមកម្មវិធីពិសេសមួយជាមួយប្រទេសចិន កាលពី១៥ឆ្នាំមុន ហើយផ្តល់កម្មវិធីសិក្សា២ភាសា និង៣ភាសាសម្រាប់និស្សិតចិន។

លោកស្រី Darika Lathapipat ប្រធានសកលវិទ្យាល័យ Dhurakij Pundit University បានលើកឡើងថា “យើងបានចាប់ផ្តើមធ្វើទីផ្សារក្នុងបណ្ដាប្រទេស CLMV ក៏ដូចជាប្រទេសចិនកាលពីច្រើនឆ្នាំមុន”។ លោកស្រីបន្តថា “បន្ទាប់ពីប្រទេសចិន បានផ្តួចផ្តើមគោលនយោបាយបើកចំហ និស្សិតចិន ជាច្រើនបានមកសិក្សានៅប្រទេសថៃ ដោ​យសារពួកគេចូលចិត្តប្រទេសថៃ ហើយមានអារម្មណ៍ស្រួលនៅទីនេះ”។

ទន្ទឹមនេះ សាស្ត្រាចារ្យ Sompong Jitradup ដែលជាអ្នកជំនាញមួយរូបផ្នែកអប់រំនៅមូលនិធិអប់រំសមធម៌ Equitable Education Fund (EEF)និងជាអតីតសាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Chulalongkorn University បានថ្លែងថា សកលវិទ្យាល័យឯកជននានាគួរតែវិនិយោគលើបច្ចេកវិទ្យាឱ្យបានច្រើន។

សាស្ត្រាចារ្យរូបនេះបានគូសបញ្ជាក់ថា “ក្រៅពីការទទួលយកនិស្សិតអន្តរជាតិ សក​លវិទ្យាល័យឯកជននានា គួរតែវិនិយោគលើកម្មវិធីសូហ្វវែរ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យខ្លួនមានវគ្គសិក្សា ទាក់ទងនឹងបច្ចេកវិទ្យាទំនើបជាងសាកលវិទ្យាល័យរដ្ឋ។ បន្ទាប់មកពួកគេគួរតែជួលសាស្ត្រាចារ្យ ពីបណ្ដាសកលវិទ្យាល័យកំពូលៗ ដើម្បីឱ្យនិស្សិតមានអារម្មណ៍ចង់សិក្សាជាពិសេសនៅទីនោះ”៕

អ្នកជំនាញលើកឡើងពីឱកាសទទួលបានផលចំណេញពីការវិនិយោគលើដី កសិកម្មនៅកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ កម្ពុជាជាប្រទេសមួយពឹងលើវិស័យកសិកម្ម និងមានប្រជាជនរហូតដល់៨៥ភាគរយប្រកបរបរកសិកម្ម ហើយដីកសិកម្មកម្ពុជាមកដល់នេះ នៅតែមានទំហំធំ បើទោះបីជាដីកសិកម្មមួយចំនួន ពីមុននោះត្រូវបានបម្លែង ទៅជាដីលំនៅឋាននិងឧស្សាហកម្មក្ដី។

យ៉ាងណាមកពេលនេះ វិនិយោគិននៅតែមានជម្រើសច្រើន ក្នុងការវិនិយោគលើដីសម្រាប់កសិកម្មនៅកម្ពុជា។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិលបានមានប្រសាសន៍ឲ្យដឹង​តាមទូរស័ព្ទនាថ្ងៃទី៧ កញ្ញានេះថា ប្រទេសកម្ពុជាអំណោយផល ទៅលើដីដែលយើងអាចបង្កបង្កើនផលលើដំណាំកសិកម្ម ជាដីដែលមានជីវជាតិល្អ មានទឹកគ្រប់គ្រាន់ និងអាចយកទៅដាំដុះដំណាំគ្រប់ប្រភេទដូចជា ស្រូវ ពោត សណ្ដែក ហើយមិនតែប៉ុណ្ណោះដីកម្ពុជាក៏អាចវិនិយោគទៅលើដំណាំឧស្សាហកម្មដែលពិភពលោកកំពុងមានតម្រូវការខ្ពស់ដូចជាកៅស៊ូ ដើមឈើម៉ៃសាក់ជាដើម ដែលធ្វើឱ្យទទួលផលចំណេញច្រើន។

លោកឧកញ៉ាបន្តថា “យើងមានជម្រើសច្រើន ក្នុងការរកប្រាក់ចំនេញ ទៅលើការវិនិយោគដីកសិកម្ម ដោយដំបូងយើងត្រូវធ្វើការ ជ្រើសរើសដែលមានជីវជាតិ ហើយបន្ទាប់មកយើងត្រូវសិក្សា ទៅលើដំណាំណាដែលអាចសមប្រកបនឹងដី ដែលយើងបានជ្រើសរើសនោះ”។ លោកបន្តថា “នៅពេលដែលយើងជ្រើសរើសដីបានហើយ យើងត្រូវមើលទៅលើដំណាំ ដែលយើងប្រុងនឹងដាំដុះ សម្រាប់រកប្រាក់ចំនេញត្រលប់មកវិញ ឬមួយក៏យើងអាចយកដី ដែលយើងមាននោះទៅជួលឱ្យអ្នកផ្សេង ដើម្បីទទួលកម្រៃជាប្រចាំខែឬក៏ប្រចាំឆ្នាំជាដើម”។

លោកឧញ៉ាបន្ថែមថា អ្នកដែលមានដីកសិកម្ម អាចធ្វើការវិនិយោគដោយខ្លួនឯងក៏បាន ឬក៏ជួលទៅជនបរទេសដែលមិនមានសិទ្ធិទិញដីធ្លី សម្រាប់អភិវឌ្ឍន៍ដំណាំ ឬក៏ផលិតស្បៀងអាហារ ដើម្បីលក់ក្នុងស្រុក ឬក៏នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ចំណុចមួយទៀតដែល អាចធ្វើបានគឺការរួមសហការគ្នា ជាមួយវិនិយោគិនបរទេស ដែលមានជំនាញលើវិស័យកសិកម្ម ដើម្បីរកប្រាក់ចំណេញ ពីការវិនិយោគដីកសិកម្មនេះផងដែរ ។

លោកឧកញ៉ាចេង ខេងបានបន្តថា “យើងត្រូវចាំច្បាស់ថាតម្រូវការស្បៀងនៅលើពិភពលោកនេះ គឺមានជារៀងរាល់ថ្ងៃ ហើយកើនឡើងជាបន្តបន្ទាប់ ដូច្នេះការវិនិយោគទៅលើស្បៀងអាហារដូចជាការដាំដុះបន្លែ ស្រូវ ពោត សណ្ដែកគឺនឹងនាំមកនូវប្រាក់ចំណេញសម្រាប់អ្នកវិនិយោគ”។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា សម្រាប់ក្រុមហ៊ុនស្រី មុននឹងណែនាំដល់វិនិយោគដាក់ទុនលើដីកសិកម្ម ទៅលើដំណាំមួយនេះ គឺមានក្រុមអ្នកជំនាញចុះ ធ្វើតេស្តដីនោះថាវាត្រូវនឹងដំណាំ ដែលវិនិយោគិនចង់វិនិយោគដែរឬទេ។

លោកស្រីបន្តថា “ជាក្រុមហ៊ុនវាយតម្លៃដីធ្លី យើងមិនត្រឹមតែវាតម្លៃលើតែដីទេ តែយើងក៏បានវាយតម្លៃ ទៅលើសក្ដានុពល និងចង់ឱ្យវិនិយោគិន ដែលប្រើសេវារបស់យើងទទួលបានជោគជ័យលើការវិនិយោគរបស់ពួកគេផងដែរ”៕

មហាវិថីសហព័ន្ធរុស្ស៊ីចាប់ផ្តើមបង្ហាញគំរោងអភិវឌ្ឍន៍ធំៗលំដាប់អន្តរជាតិ

ដោយៈសុជាតា

ភ្នំពេញៈ មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះពោចិនតុង ខណៈបច្ចុប្បន្នគំរោងវិនិយោគធំៗលំដាប់អន្តរជាតិបានចាប់ផ្តើមបង្ហាញខ្លួន។

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើ​ងនឹងឃើញមុខមាត់ថ្មី របស់មហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងការសម្ភោធជាផ្លូវការរបស់ភ្នំពេញមេហ្គាលម៉ល ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយ រួមជាមួយសណ្ឋាគារនិងការិយាល័យធនាគារ កន្លែងលក់រាយដែលជាទីតាំងដ៏ល្អបំផុត នៅតាមបណ្តោយមហាវិថីមួយនេះ។

ចំណែកឯការអភិវឌ្ឍន៍នាពេលអនាគតនោះ គឺគម្រោងអភិវឌ្ឍអចលនទ្រព្យ ប៊ូយ៉ុង និងគម្រោងរបស់Prince International Plaza ដែលបណ្ដាលឲ្យតំបន់នេះ មានសភាព មមាញឹកនូវការទិញលំនៅដ្ឋានប្រណីតៗ និងអគារពាណិជ្ជកម្មលំដាប់កំពូល ដូចជាកន្លែ​ងធ្វើអាជីវកម្ម កន្លែងកម្សាន្ត កន្លែងសម្រាកអង្គុយលេង និងការដើរទិញឥវ៉ាន់នៅកន្លែងតែមួយ។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យពិភពលោក (Global Real Estate Association )បានប្រាប់ Property Asia Area នៅថ្ងៃទី៧ ខែកញ្ញាថា តម្លៃអចលនទ្រព្យ តាមបណ្តោយផ្លូវសហព័ន្ធរូស៊ី បានកើនឡើងចន្លោះពី២០០០ដុល្លារទៅ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយគម្រោងអភិវឌ្ឍខុនដូ ផ្សារទំនើប អាគារពាណិជ្ជកម្ម បានធ្វើអោយតំបន់នេះ ពេញណែនតាន់តាប់ដោយគ្មានដី សម្រាប់គម្រោងអភិវឌ្ឍធំៗបន្តទៀត។

គម្រោងធំៗដែលនឹងបន្តសាងសង់ មានដូចជា គម្រោងអភិវឌ្ឍរបស់ Royal Group  ផ្សារទំនើប Phnom Penh mega mall និង គម្រោងអភិវឌ្ឍរបស់ធនាគារជីប ម៉ុងជាដើម។

ជាមួយគ្នានេះ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យបានពន្យល់ថា  ជាផ្លូវដ៏ធំទូលាយ ដែលមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យ បណ្តុំអគារការិយាល័យទំនើបៗ ដែលកំពុងតែផុសឡើង ដែលស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយក៏ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីប្រជុំជនធំៗផ្សេងទៀតផងដែរ។

កត្តាទាំងនេះហើយ ដែលធ្វើឱ្យមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងចំណោមទីតាំងដែលមានសក្ដានុពល សម្រាប់ការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅដ្ឋាននៅរាជធានីភ្នំពេញ។ ប៉ុន្តែគម្រោងអភិវឌ្ឍបានបន្តពេញណែន ធ្វើអោយដីតំបន់នោះ លែងមានដីទំនេរអភិវឌ្ឍធំៗទៀតហើយ។ ជំនួសមកវិញ ផ្លូវជាតិ៦០ម៉ែត្រ ដែលជាមហាវិថីធំភ្ជាប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលកំពុងសាងសង់ បានក្លាយទៅជាតំបន់សក្តានុពលថ្មីសម្រាប់អ្នកវិនិយោគសំលឹងមើលឱកាស។

អ្នកជំនាញដីធ្លី បានព្យាករណ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅពេលមុខមាត់មហាវិថីសហព័ន្ធរុស្ស៊ីកំពុងត្រូវបានផ្លាស់ប្តូរ អ្នកអភិវឌ្ឍន៍នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីឱកាសនេះ ដើម្បីអភិវឌ្ឍគម្រោង ដែលនឹងឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើតមានសម្រាប់អ្នកទិញ៕

លោកស្រីអាន សុធីតាលើកឡើងពីបញ្ហាប្រឈមរបស់ស្រ្តីក្នុងវិស័យអចលនទ្រព្យ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បើនិយាយពីអ្នកដែលប្រឡូក ក្នុងវិស័យអចលនទ្រព្យកាលពីមុនៗ គេសង្កេតឃើញថា ភាគច្រើនគឺជាបុរស និងមិនសូវមានស្ត្រី ជាអ្នកចូលរួមប្រឡូកឬប្រកបអាជីពក្នុងវិស័យនេះប៉ុន្មានទេ។

ប៉ុន្តែក្រោយមកដោយសារតែកំណើននេះ កាន់តែមានភាពរីកចម្រើនក៏ឃើញថាមានស្ត្រី កាន់តែច្រើនបានចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ។ តើស្ត្រីត្រូវជួបឧបសគ្គអ្វីខ្លះ នៅក្នុងការប្រឡូកជាមួយវិស័យអចលនទ្រព្យនេះ?។

លោកស្រី អាន សុធីតា ជាអ្នកជំនួញស្ត្រីមួយរូបក្នុងវិស័យអចលនទ្រព្យជាយូរមកហើយនោះ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Property area ឱ្យដឹងថា នៅក្នុងវិស័យអចលនទ្រព្យ វាមិនមែនសំដៅទៅលើតែការទិញលក់ មួយប៉ុណ្ណោនោះទេ ។ នៅក្នុងវិស័យនេះ វាមានច្រើនផ្នែក តួយ៉ាងដូចជាសេវាកម្មខាងវាយតម្លៃ ដែលតម្រូវឱ្យបុគ្គលិកចុះទៅវាយតម្លៃផ្ទាល់ៗ នៅតាមខេត្ត មិនថាអចលនទ្រព្យប្រភេទអ្វីក៏ដោយ មិនថាកសិកម្មឬឧស្សាហកម្មផ្សេងៗឡើយ ។

លោកស្រីបន្តថា ពេលខ្លះបុគ្គលិកជាស្ត្រីរបស់យើង ក៏ចុះទៅតាមខេត្តដោយធ្វើដំណើរជាមួយបុរសៗភាគច្រើន ឬទៅជួបជាមួយនឹងភ្ញៀវដែលមិនស្គាល់មុខ តែនៅមានឧបសគ្គមួយចំនួនទៀត ដែលបុគ្គលិកផ្នែកអចលនទ្រព្យជាស្ត្រី ត្រូវប្រឈមដូចជាចុះទៅតាមការដ្ឋានសំណង់ដែលកំពុងសាងសង់ ដែលជាហានិភ័យសម្រាប់ស្ត្រីទាក់ទងនឹងគ្រោះថ្នាក់ ហើយអ្វីដែលប្រឈមបំផុតសម្រាប់ស្ត្រី ក្នុងវិស័យអចលនទ្រព្យនោះ គឺទាក់ទងនឹងផ្នែកទិញលក់។

លោកអាន សុធីតាស្រីនិយាយថា “ជាទូទៅតែងមានគេនិយាយថា ដើម្បីលក់អច​លនទ្រព្យបានគឺត្រូវតែហ៊ានលះបង់ ដូចជា ការទៅញ៉ាំកាហ្វេជាមួយភ្ញៀវ ញ៉ាំបាយជាមួ​យភ្ញៀវមិនថាបាយថ្ងៃត្រង់ ឬបាយល្ងាច និងធ្វើឱ្យភ្ញៀវសប្បាយចិត្ត “។លោកស្រ្តីបន្តថា “ជាទស្សនៈខ្ញុំគិតថាវាខុសទាំងស្រុង ពីព្រោះថាបើសិនជាធ្វើបែបនេះ គឺវាខុសនឹងក្រមសីលធម៌ហើយ ។ ការទិញលក់មិនចាំបាច់ទាល់តែ ធ្វើឱ្យភ្ញៀវស្រវឹងទើបសម្រេចការទិញលក់នោះទេ”។

លោកស្រីបន្ថែមថា បើសិនយើងគិតថាជាឧបសគ្គនោះ វានឹងក្លាយជាឧបសគ្គតែបើយើងគិតងាយៗ យើងមិនចាំបាច់ធ្វើដល់ថ្នាក់នោះឡើយ ។ បើត្រឹមតែយើងញ៉ាំកាហ្វេជជែកជាមួយភ្ញៀវ ពិភាក្សាជាមួយនិងពន្យល់ភ្ញៀវពីសេវាកម្ម និងផលិតផលនោះវាមិនមានអ្វីជាឧបសគ្គសម្រាប់ស្ត្រី ក្នុងជំនួញអចលនទ្រព្យនោះទេ។ អ្វីដែលស្ត្រីក្នុងជំនួញអចលនទ្រព្យត្រូវដឹងនោះ គឺស្គាល់ពីផលិតផលឱ្យច្បាស់ និងស្គាល់ភ្ញៀវ ហើយសំខាន់បំផុតនោះគឺស្វែងរកដំណោះស្រាយជូនភ្ញៀវ ។

ជាការកត់សម្គាល់ក្នុងវិស័យអចលនទ្រព្យកម្ពុជានេះ ស្ត្រីកាន់តែច្រើនបានប្រឡូកក្នុងវិស័យអចលនទ្រព្យ ក្នុងនោះរាប់តាំងពីការលក់ដីឡូត៏ លក់ផ្ទះ លក់ខុនដូ និងមានស្ត្រីជាច្រើនទៀត បានក្លាយជាអ្នកដឹកនាំ ក្នុងក្រុមហ៊ុនអចលនទ្រព្យ និងកំពុងទទួលបានការគាំទ្រពីវិនិយោគិន និងសាធារជនក្នុងប្រទេសកម្ពុជាផងដែរ៕

អ្នកជំនាញប្រាប់ពីដី៥ប្រភេទដែលវិនិយោគិនគួរពិចារណាក្នុងការអភិវឌ្ឍ

ដោយៈវឌ្ឍ​នៈ​​

ភ្នំពេញៈ ការវិនិយោគដីធ្លីនៅក្នុងប្រទេសកម្ពុជា នារយៈពេលជាង១ទសវត្សរ៍កន្លងមកនេះឃើញថា កាន់តែមានសន្ទុះ និងមានការអភិវឌ្ឍខ្លាំង ជាក់ស្ដែងក្នុងអំឡុងនៃកូវីដ១៩នេះក្ដី ក៏ការវិនិយោគដីធ្លីនៅតែមានសន្ទុះ និងការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនដដែល ក្នុងនោះដែរដី៥ប្រភេទ ដែលវិនិយោគគួរយល់ដឹងនិងពិចារណា ក្នុងការស្វែងរកការវិនិយោគដើម្បីទទួលបានប្រាក់ចំណេញខ្ពស់និងភ្លាមៗ។

លោកស្រីហ្គ្រេស រចនី ហ្វុងនាយិកាក្រុមហ៊ុនCentury 21 Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ កញ្ញានេះថា ដី៥ប្រភេទដែលរដ្ឋាបាលបានគូសជាប្លង់មេដែលភាគច្រើន មិនសូវបានចាប់អារម្មណ៍ រួមមាន

ទី១ ដីសម្រាប់សាងសង់ជាពាណិជ្ជកម្មឬក៏អគារខុនដូ

ដីប្រភេទនេះ អ្នកវិនិយោគគួរពិនិត្យមើលថា តើមានផ្លូវចេញច្រើនដែរទេអាចសាងសង់អគារឡើងបានប៉ុន្មានជាន់ ហើយការរស់នៅលក្ខណៈក្នុងខុនដូមានភាពងាយស្រួលកម្រិតណា ។

ទី២ ជាដីសម្រាប់ការរស់នៅ

ដីប្រភេទនេះ គឺផ្ដោតលើការចាប់អារម្មណ៍ សម្រាប់អ្នកសាងសង់លំនៅឋានជាបុរី ហើយម្ចាស់បុរីធំៗនៅកម្ពុជា តែងតែចាប់អារម្មណ៍លើដីប្រភេទនេះ ។

ទី៣ ដីសម្រាប់ការសាងសង់ជាឃ្លាំង

ដីប្រភេទនេះគឺមានលក្ខណៈខ្នាតធំៗ និងមានផ្លូវសម្រាប់ឡានកុងតឺន័រធំៗ ចេញចូលក្នុងការលើកដាក់ទំនិញបាន ។ នៅប្រទេសក្រៅការវិនិយោគលើឃ្លាំង គឺរដ្ឋាភិបាលគេរៀបចំដីម្ដុំ សម្រាប់ងាយស្រួលក្នុងការស្តុកទំនិញនានា។

ទី៤ ដីដែលសំខាន់មួយទៀតគឺប្រភេទដីកសិកម្ម

អ្នកវិនិយោគលើវិស័យកសិកម្ម ក៏ត្រូវសិក្សាទៅលើដីប្រភេទនេះផងដែរថា តើវាអាចដាំដុះលើដំណាំអ្វីបានខ្លះ។ អ្នកវិនិយោគខ្លះទៀតមុននឹងចាប់ផ្ដើម ដាក់ទុនលើដំណាំអ្វីមួយទៅលើដីប្រភេទកសិកម្ម ក៏មានក្រុមជំនាញផ្នែកកសិកម្មធ្វើតេស្តដីថា តើវានឹងផ្ដល់សក្ដានុពលលើដំណាំប្រភេទ ដែលគ្រោងវិនិយោគបានដែរទេ។

ទី៥ ដីទេសចរណ៍

ដីប្រភេទនេះអាចសាងសង់ជារីសត និងជាសណ្ឋាគារបាន ។ ដូចយើងបានឃើញហើយថាតំបន់ណា ដែលមានរមណីយដ្ឋាន និងកន្លែងកម្សាន្ត តែងតែទទួលបានការវិនិយោគទៅលើអចលនទ្រព្យ ដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ខេត្តកែប កំពត និងខេត្តព្រះសីហនុជាដើម។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធីអគ្គនាយកក្រុមហ៊ុនCentury21 Land stationបានមានប្រសាសន៍ឲ្យដឹងផងដែរថា សព្វថ្ងៃនេះ លោកបានវិនិយោគលើដី៣ប្រភេទ ទី១ ជាប្រភេទដីសម្រាប់សាងសង់ ទី២ ជាប្រភេទដីសម្រាប់ជួលបើកជាសិប្បកម្ម និងមួយទៀត គឺការវិនិយោគដីសម្រាប់វិនិយោគពេលយូរ ដែលមានន័យថាទិញដីទុកសម្រាប់យកប្រាក់ចំណេញ នៅពេលអនាគត ពេលដែលវាឡើងថ្លៃ ។

លោកឧកញ៉ាបន្តថា មុននឹងលោកទិញដីសម្រាប់ធ្វើអ្វីមួយ នៅតំបន់ណានោះគឺលោកបានសិក្សាច្បាស់លាស់ ទៅលើសក្ដានុពលនៅពេលបច្ចុប្បន្ននៅអនាគត ។ លោកថា៖«ការវិនិយោគទៅលើដី គឺមានឱកាសក្នុងការរកប្រាក់ចំណេញ ជាងអចលនទ្រព្យផ្សេងៗ ពីព្រោះដីដែលមិនទាន់ច្នៃ គេអាចកែច្នៃទៅតាមអ្វី ដែលជាជំនាញរបស់អ្នកអភិវឌ្ឍន៍៕

បម្រែបម្រួលអាកាសធាតុជំរុញឱ្យការទិញធានារ៉ាប់រងលើអចលនទ្រព្យមានសន្ទុះកើនឡើងខ្ពស់

សុខុម

ក្រុងហ្ស៊ូរិច: បម្រែបម្រួលអាកាសធាតុនឹងជួយជំរុញឱ្យបុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យកើនឡើងខ្ពស់រហូតដល់ទៅ៣ដងនៅរយៈពេល២ទសវត្សរ៍ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៧ កញ្ញា នេះ។

ផ្អែកតាមរបាយការណ៍សិក្សាប្រចាំឆ្នាំដែលក្រុមហ៊ុនធានារ៉ាប់រងស្វ‍៊ីស Swiss Re បានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ កញ្ញា បង្ហាញថា អាកាសធាតុកំណាចដែលកើតឡើងកាន់តែញឹកញាប់ ការកើនឡើងនីវ៉ូទឹកសមុទ្រ និងភ្លើងឆេះព្រៃទូទាំងពិភពលោកនឹងជំរុញឱ្យការទិញធានារ៉ាប់រងសម្រាប់ការពារសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធកើនឡើងលឿនជាងផ្នែកផ្សេងៗទៀតនៃឧស្សាហកម្មមួយនេះ។

ក្រុមហ៊ុន Swiss Re ដែលផ្តល់ការធានារ៉ាប់រងដល់ក្រុមហ៊ុនធានាផ្ដល់សេវាកម្មធានារ៉ាប់រងផ្សេងៗទៀតបានធ្វើការព្យាករអំពីនិន្នាការចម្បងៗដែលជំរុញវិស័យនេះរហូតដល់ឆ្នាំ២០៤០។

យោងតាមរបាយការណ៍សិក្សារបស់ខ្លួនបង្ហាញថា ខណៈបុព្វលាភធានារ៉ាប់រង (ចំនួនប្រាក់ដែលអតិថិជនបង់ជូនក្រុមហ៊ុនធានារ៉ាប់រងជាប្រចាំ) លើអចលនទ្រព្យ និងការធានារ៉ាប់រងបន្តដែលបូកបញ្ចូលគ្នានឹងកើនឡើងជាងទ្វេដងរហូតដល់៤.៣ទ្រីលានដុល្លារអាមេរិក គ្រាន់តែបុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យមួយត្រូវបានព្យាករថានឹងកើនឡើងជិត៣ដងឯណោះ។

របាយការណ៍សិក្សាដដែលបានបញ្ជាក់ថា ជាមួយនឹងទំហំបុព្វលាភកើនឡើងរហូតដល់ទៅ១,៣ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៤០ បុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យនឹងមានចំណែកស្មើ២៩%នៃបុព្វលាភដែលប្រមូលបានទាំងអស់ ដោយកើនឡើងពីប្រមាណ២៥%នៅក្នុងឆ្នាំ២០២០។

ដោយមនុស្សកាន់តែច្រើនរស់នៅតាមទីក្រុង ហើយទ្រព្យសម្បត្តិកើនឡើងនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ខ្លាំង លំនៅដ្ឋាន ផ្លូវដែក ស្ថានីយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតនឹងត្រូវការនូវការការពារ ពោលគឺធានារ៉ាប់រងនេះតែម្ដង។ បុព្វលាភធានារ៉ាប់រងលើអចលនទ្រព្យមានចំនួនប្រហែល៤៥០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០៕

ហេតុអ្វីបានជាកម្ចីទិញផ្ទះមានសារៈសំខាន់ខ្លាំងនៅប្រទេសកម្ពុជា?

ដើម្បីឱ្យគ្រួសារដែលមានចំណូលទាប និងមធ្យមនៅកម្ពុជាមានផ្ទះអចិន្រ្តៃយ៍ដើម្បីរស់នៅ យើងមិនអាចមើលរំលងពីសារៈសំខាន់នៃស្ថាប័នផ្តល់ប្រាក់កម្ចីនោះទេដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះដល់ពួកគេ។ ជាទូទៅ ប្រជាជនសាមញ្ញមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញផ្ទះស្នាក់នៅនោះទេ ដោយសារតែប្រាក់ចំណូល និងប្រាក់សន្សំរបស់ពួកគេនៅមានកំរិត។ ដូច្នេះពួកគេត្រូវការខ្ចីប្រាក់មួយចំនួនពីធនាគារដើម្បីអាចទិញផ្ទះសម្រាប់ស្នាក់នៅបាន។ទោះជាយ៉ាងណាក៏ដោយ មុនពេលអ្នកអាចខ្ចីប្រាក់ពីធនាគារ អ្នកត្រូវមានវត្ថុបញ្ចាំដូចជាប្លង់ផ្ទះ និងប្លង់ដីជាដើម ដែលជាការតម្រូវរបស់ធនាគារ ក្នុងករណីអ្នកខកខានមិនបានសងប្រាក់កម្ចីតាមពេលវេលាកំណត់។ ក្រៅពីវត្ថុបញ្ចាំ ធនាគារនឹងសិក្សាពីចំណូលបច្ចុប្បន្នរបស់អ្នកនិងសក្តានុពលប្រាក់ចំណូលនាពេលអនាគត ប្រាក់សន្សំ និងប្រវត្តិឥណទានធនាគាររបស់អ្នក។ បន្ទាប់មក ធនាគារនឹងសម្រេចចិត្តថាតើពួកគេអាចផ្តល់ប្រាក់កម្ចីទិញផ្ទះដល់អ្នកបានចំនួនប៉ុន្មាន។

នៅប្រទេសកម្ពុជាមានធនាគារពាណិជ្ជជាង៣៥ ដែលអ្នកត្រូវជ្រើសរើសមួយក្នុងចំណោមធនាគារទាំងនោះដើម្បីផ្តល់ជូនអ្នកនូវប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌនៃការសងត្រលប់ដ៏ល្អ។ ជាទូទៅ ធនាគារអាចផ្តល់ប្រាក់កម្ចីរហូតដល់៧០%នៃប្រាក់កម្ចីទិញផ្ទះរបស់អ្នក ជាមួយនឹងរយៈពេលពី១៥ទៅ៣០ឆ្នាំ ហើយបន្ទាប់មកអ្នកត្រូវសងធនាគារវិញជាប្រចាំខែ។លោក ព្រុំ សារិទ្ធ គឺជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ ដែលមានភរិយាធ្វើការងារនៅក្នុងវិស័យឯកជនដូចគ្នា។ ក្រោយពីរៀបការជាមួយគ្នាបានពីរឆ្នាំ ពួកគេបានសម្រេចចិត្តទិញផ្ទះនៅក្នុងបុរីមួយកន្លែងនៅជាយក្រុងភ្នំពេញ ដោយជ្រើសយកធនាគារ UCB។

អំពីបទពិសោធន៍នៃការខ្ចីប្រាក់ទិញផ្ទះ លោក ព្រុំ សារិទ្ធ បានបញ្ជាក់ថា ដំបូងលោកត្រូវបង់ប្រាក់ចំនួន៣០%ជាមួយម្ចាស់បុរី ក្រោយមកលោកបានយកប្លង់រឹងដែលទទួលបានពីបុរីដើម្បីខ្ចីលុយពីធនាគារចំនួន៧០% រួចបង់រំលោះជាមួយធនាគាររយៈពេល១០ឆ្នាំ ដោយក្នុងមួយខែលោកត្រូវបង់ប្រាក់រំលស់ចំនួន៥០០ដុល្លារ។ លោកបានបន្តថា មុននឹងធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះដល់លោក ធនាគារបានសិក្សាយ៉ាងលំអិតអំពីប្រាក់ចំណូល និងលទ្ធភាពបង់ប្រាក់របស់លោក ហើយលោកក៏មានការបារម្មណ៍ខ្លះដែរអំពីស្ថេរភាពប្រាក់ចំណូលរបស់លោក ជាពិសេសនៅពេលលោកបាត់បង់ការងារ។នៅក្នុងរបាយការណ៍ប្រចាំឆមាសទីមួយឆ្នាំ២០២១ដោយធនាគារជាតិនៃកម្ពុជា ប្រាក់កម្ចីទិញផ្ទះនៅកម្ពុជារហូតមកដល់ពេលនេះមានចំនួន ៤,៤ ពាន់លានដុល្លារនៃប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ និងសំណង់សរុបចំនួន ១០,៥ ពាន់លានដុល្លារ ខណៈដែលប្រាក់កម្ចីធនាគារសរុបមានចំនួន៣៣,៩ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំ២០២១នេះ។

ទោះជាយ៉ាងណា ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩មកលើសេដ្ឋកិច្ចទាំងមូល ចំនួននៃការស្នើសុំកម្ចីទិញផ្ទះនៅកម្ពុជាបានធ្លាក់ចុះ៣២ភាគរយនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសទីមួយនៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ឥណទានអតិថិជន ដែលបោះពុម្ពផ្សាយដោយការិយាល័យឥណទានកម្ពុជា CBC។

គិតត្រឹមខែមិថុនាឆ្នាំ២០២១ របាយការណ៍នេះបានឱ្យដឹងថា ចំនួននៃការស្នើសុំកម្ចីទិញផ្ទះមានជាង ១៤៦.០០០ ឫស្មើនឹង១១ភាគរយនៃចំនួនស្នើសុំប្រាក់កម្ចីសរុបចំនួន១.៣លាន ចំណែកតម្លៃប្រាក់កម្ចីមានចំនួន ៥.៦ ពាន់លានដុល្លារ ឬស្មើនឹង៥២ភាគរយនៃប្រាក់កម្ចីសរុបចំនួន១០,៧ ពាន់លានដុល្លារ។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងមកកាន់៖ 855 967876902 (Telegram)/ 855 66886633

ប្រភព៖ Harbor Property

 

ប្រទេសចិនបានដាក់ផែនការអភិវឌ្ឍរវាងទីក្រុងហុងកុង និងទីក្រុងស៊ិនជិន

ដោយៈសុជាតា

ប្រទេសចិនៈ អាជ្ញាធរកណ្តាលប្រទេសចិន បានដាក់ផែនការថ្មីសម្រាប់អភិវឌ្ឍតំបន់សហប្រតិបត្តិការផ្នែកតំបន់ខាងត្បូង ស៊ីនជិន និងតំបន់រដ្ឋបាលពិសេសហុងកុង។

បើយោងតាមផែនការ កំណែទម្រង់ និងបើកទូលាយ នូវសេវាកម្មទំនើបនូវតំបន់ឧស្សាហកម្ម ហុងកុង ស៊ីនជិន នឹងត្រូវកែទំរង់ដោយស៊ីជំរៅ គ្រប់ជ្រុងគ្រប់ជ្រោយ។

ផែនការនេះ នឹងត្រូវដាក់ដោយគណកម្មាធិការកណ្តាល និងក្រុមប្រឹក្សារដ្ឋ ដែលបានប្រកាសជាសាធារណៈ កាលពីថ្ងៃច័ន្ទ។ ផែនការទូទៅនេះ ត្រូវបង្កើតតំបន់សហប្រតិបត្តិការ ដោយដាក់ពាក្យស្នើសុំដោយក្រុមប្រឹក្សារដ្ឋកាលពីឆ្នាំ២០១០។

បើយោងតាមទិន្នន័យផ្លូវការកាលពីខែសីហា បានបង្ហាញអោយដឹងថា ក្រុមហ៊ុនវិនិយោគហុងកុង សរុបជាង១១,៥០០ក្រុមហ៊ុន ជាមួយដើមទុនវិនិយោគ១៩៨ ពាន់លានដុល្លារនឹងចូលរួមក្នុងគំរោងនេះ។

តំបន់សហប្រតិបត្តិការសរុប នឹងពង្រីកទំហំរហូតដល់ ១២០.៥៦ Km square ពីទំហំជិត១៥ km square ពីដើម។

ផែនការមេថ្មីនេះ នឹងជួយនឹងQianhai ដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍសម្រាប់តំបន់សមុទ្រម៉ាកាវ ហុងកុង និង Guangdong ។

នៅត្រឹមឆ្នាំ ២០៣៥ តំបន់Qianhai នឹងក្លាយទៅជាមជ្ឈមណ្ឌលជំនួញលំដាប់ពិភពលោក ដែលនឹងក្លាយទៅជាម៉ាស៊ីន សម្រាប់ការអភិវឌ្ឍគុណភាពខ្ពស់ជាមួយនឹងការបែងចែកធនធានរបស់ពិភពលោក។

ការបើកទូលាយហិរញ្ញវត្ថុ
ផែនការនេះ នឹងជំរុញអោយបើកទូលាយតំបន់ហិរញវត្ថុផងដែរ ហើយប្រទេសចិនបានគាំទ្រស្ថាប័នហិរញ្ញវត្ថុ ក្នុងការវិនិយោគមូលបត្រឆ្លងព្រំដែន និងជំនួញផេ្សងៗ នៅតំបន់។

ផែនការនេះ នឹងគាំទ្រកម្មវិធីសាកល្បង ដែលភ្ជាប់រូបិយវត្ថុក្នុងស្រុក និងបរទេសនៅក្នុងគណនីធនាគារ ហើយនិងផ្តល់ទីផ្សារជួញដូរ Qiahai ក្នុងការធ្វើពាណិជ្ជកម្មវត្ថុធាតុដើមផ្សេងទៀតផងដែរ៕

រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការស្ថាបនាផ្លូវពីរខ្សែទៀតទៅកាន់ពហុកីឡដ្ឋានមរតកតេជោ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងសាងសង់ផ្លូវពីរខ្សែទៀត តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់ស្តាតមរតកតេជោ សម្រាប់សម្រួលការធ្វើចរាចរណ៍ អំឡុងពេលកម្ពុជា រៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ។

តាមព៌តមានទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី៦ កញ្ញាកន្លងមកនេះ ដើម្បីពិភាក្សាទៅលើបញ្ហាបច្ចេកទេសនិងផលប៉ះពាល់ជាមួយគម្រោងនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។

លោកឃួង ស្រេង បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេសដែលដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោកមាន ចាន់យ៉ាដា ជាអនុគណៈកម្មការដោះស្រាយផលប៉ះពាល់​ ត្រូងអនុវត្តការងារនេះឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារនៃការស្ថាបនាផ្លូវ អនុវត្តការងារឲ្យបាន​លឿន មិនមានការរាំងស្ទះ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែក​តាសេក ខណ្ឌជ្រោយចង្វារ ក្នុង​មួយ​ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឹង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង។

ការស្ថាបនាផ្លូវនេះ ក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះត្រូវ​ដាក់លូជា អក្សអ៊ុយ (U) នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ៕

លោកឧកញ៉ាហួត អៀងតុងៈ គិតមកដល់ត្រីមាសទី៣ សុខភាពរបស់ធនាគារហត្ថានៅតែល្អប្រសើរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទំហំឥណទាន និងប្រាក់បញ្ញើរនៅធនាគារហត្ថា នៅតែសម្រេចបានកំនើនល្អប្រសើរ នៅអំឡុងត្រីមាសទី៣ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៦ កញ្ញានេះថា គិតពីត្រីមាសទី១ ដល់ត្រីមាសទី៣ឆ្នាំនេះ ទំហំឥណទាននិងប្រាក់បញ្ញើររបស់ធនាគារហត្ថានៅតែបន្តមានភាពរីកចម្រើន ដោយអ្វីៗនៅតែដំណើរការធម្មតា ដែលមានន័យថាសុខភាពរបស់ធនាគារនៅតែមានភាពរ៉ឹងមាំ។

លោកឧកញ៉ាបានបន្តថា “ឥណទានដែលមានភាពលូតលាស់ជាងគេ របស់ធនា​គារគឺ វិស័យកសិកម្ម វិស័យសហគ្រាសធុនតូចនិងមធ្យម ខណៈដែលវិស័យសំណង់ អចលន ទ្រព្យ និងទេសចរណ៍មានការធ្លាក់ចុះបន្តិច”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាសញ្ញាប្រសើរមួយផងដែរ សំរាប់ធនា​គារក៏ដូចជាវិស័យនេះ ដោយការរៀបចំឥណទានឡើងវិញ បានថយចុះបន្តិច ដែល​មានន័យថា សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋបាន និងកំពុងមានភាពប្រសើរឡើងវិញបណ្តើរ ស្របពេលរដ្ឋាភិបាលបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច ដោយ​សារការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានថមថយក្នុងមួយរយៈចុងក្រោយនេះ៕