រដ្ឋាភិបាលប្រកាសលុបគម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍មួយនៅខេត្តសៀមរាប

0

ដោយៈ ប៊ី

ភ្នំពេញៈ ទីស្ដីការគណៈរដ្ឋមន្រ្តី បានប្រកាសលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុននេះ ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន។ យោងតាមលិខិត ចុះហត្ថលេខានៅថ្ងៃទី២៩ កក្កដា ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

លិខិតដែលចុះហត្ថលេខាដោយលោកហ៊ីង ថូរ៉ាក់ស៊ីរដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី បានបានឱ្យដឹងថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

គណៈរដ្ឋមន្រ្តី បង្កើតគណៈកម្មការអន្ដរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណងទូទាត់របស់គម្រោងខាងលើនេះផងដែរ។

លោកសុខ ថុលនាយករដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមការងារបានជួបប្រជុំជាមួយភាគីក្រុមហ៊ុន ចំនួន៣ដងរួចមកហើយ។

ទោះបីយ៉ាងណាក៏ដោយ លោកសុំមិនធ្វើការអត្ថាធិប្បាយលម្អិតទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាបានលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង នេះពិតប្រាកដមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here