ខេត្តកោះកុងត្រៀមស្វាគមន៍តំបន់វិស្សមកាលទំហំ១០០០ហិកតារបស់ក្រសួង ការពារជាតិជាលើកដំបូង

ដោយៈ ខេត្តកោះកុងដែលពីមុនជាខេត្តឆ្ងាយដាច់អាល័យ បានត្រៀមស្វាគមន៍តំបន់វិស្សមកាលទំហំជាង១០០០ហិកតាជាលើកដំបុង ដែលគំរោងនេះនឹងរៀបចំឡើង​ដោយក្រសួងការពារជាតិ។

តាមប្រភពព៌តមានពីមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនេះ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង១០០០ហិកតា នៅខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯកសឿន រឿតទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។

លោកសុខ សុទ្ធីបានមានប្រសាសន៍ឲ្យដឹងថា ការចុះពិនិត្យទីតាំង គឺដើម្បីចង្អុលបង្ហាញ និងអនុញ្ញាតឱ្យគ្រឿងចក្រ នៃកងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមឈូសឆាយព្រំដី និងបោះបង្គោលព្រំដីតាមនិយាមកាដែលបានកំណត់រួចហើយ៕

តំបន់អភិវឌ្ឍរមណីយដ្ឋានវិស្សមកាលនេះ មានទីតាំងស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង៕

កត្តាធំៗចំនួន៤ជំរុញឱ្យតំបន់ជ្រោយចង្វារនិងផ្លូវជាតិលេខ៦ទទួលបានការចាប់អារម្មណ៍វិនិយោគអចលនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សក្ដានុពលវិនិយោគនៅតំបន់ជុំវិញរាជធានីភ្នំពេញ ត្រូវបានមើលឃើញថានៅតែមានសកម្មភាព វិនិយោគជាបន្តបន្ទាប់ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី ក្នុងនោះដែរ តំបន់ជ្រោយចង្វាក៏ត្រូវបានមើលឃើញថា ក្លាយជាចំណាប់អារម្មណ៍មួយរបស់វិនិយោគិក្នុងការដាក់ទុនលើអចលនទ្រព្យ។

មានកត្តាធំៗ៣ដែលបាន និងកំពុងជំរុញឱ្យតំបន់ជ្រោយចង្វារ ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនក្នុងវិស័យអចលនទ្រព្យ។

ទី១ ក្រុងរណបធំៗចំនួនបី

នៅតំបន់ជ្រោយចង្វាគេឃើញថា មានក្រុងរណបរហូតដល់ទៅបី និងសុទ្ធសឹងតែមានផ្ទៃដីធំៗ រួមមាន ក្រុងរណបជ្រោយចង្វារ និងក្រុងរណបឌឺបូតានិកស៊ីធី និងទីក្រុងរណបតេជោមរកត។ ក្រុងរណបទាំងបីនេះ បាននិងកំពុងមានការអភិវឌ្ឍយ៉ាងមមាញឹក ក្នុងនោះ ក្រុងរណបជ្រោយចង្វារ បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងចាប់ផ្ដើមមានសំណង់រីកដុះដាលជាបន្តបន្ទាប់ផងដែរ ដែលធ្វើឱ្យទីក្រុងរណបមួយនេះ កាន់តែមានភាពទាក់ទាញដល់ការវិនិយោគ។

ក្រុងរណបឌឺបូតានិកស៊ីធី បាននិងកំពុងពង្រីកសក្តានុពលជាមួយលំនៅដ្ឋានបែបលំហែរលំដាប់កាយអភិជន រមណីយដ្ឋាន និងផ្ទអាជីវកម្មជាច្រើនទៀត។

ចំណែកទីក្រុងរណបតេជោមរកត បាននិងកំពុងទាក់ទាញការអភិវឌ្ឈដ៏ច្រើនផងដែរ ដូចជា ពហុកីឡដ្ឋានមរតកតេជោ វិមានឈ្នះ ឈ្នះ សួនទឹកលំដាប់អន្តរជាតិ សួនសត្វសាហហវារីវើលដ៏  ស្របពេលតំបន់នេះ កំពុងទាក់ទាញគំរោងបុរីធំៗជាច្រើន ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។

ទី២. បណ្ដុំដោយលំនៅឋានលំដាប់ខ្ពស់ៗ

នៅតំបន់ជ្រោយចង្វាជាពិសេស នៅតាមផ្លូវជាតិលេខ៦អា មានបណ្ដុំលំនៅឋានជាច្រើននិងសុទ្ធសឹងតែជាក្រុមហ៊ុនវិនិយោគធំៗ និងមានតម្លៃខ្ពស់ទាំងក្រុមហ៊ុនក្នុងនិងក្រុមហ៊ុនអន្តរជាតិ ។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានបញ្ជាក់ថា តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦អា ត្រូវបានចាត់ទុកថាជាតំបន់អភិវឌ្ឍន៍ លំនៅឋានដ៏មានសក្ដានុពល និងកំពុងមានការទាក់ទាញវិនិយោគិន អភិវឌ្ឍន៍លំនៅឋានជាបន្តបន្ទាប់ផងដែរ។

ទី៣ ទីតាំងភូមិសាស្ត្រជ្រោយចង្វានេះដែរត្រូវបានចាត់ទុកជាទីតាំងពិសេសជាងគេ

តំបន់នេះ មានសំណង់អគាររដ្ឋជាច្រើន និងសំណង់ប្រវត្តិសាស្ត្រជាធំៗពីរគឺវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ធំទាក់ទាញដល់ការវិនិ​យោ​គពីឯកជនជាច្រើន ។ តំបន់ជ្រោយចង្វាកាន់តែនៅជិតរាជធានីភ្នំពេញ ដោយសារតែមានស្ពានតភ្ជាប់ពីត្រើយ ទៅត្រើយខាងលិច ទៅជ្រោយចង្វាកាន់តែច្រើនខ្សែ ធ្វើឱ្យចរាចរណ៍កាន់តែមានភាពងាយស្រួល។

មានទន្លេអមសងខាង

        ជាមួយលក្ខខ័ណ្ឌភូមិសាស្រ្តអំណោយផល តំបន់នេះក៏ជាទីតាំងមាមលក្ខណៈពិសេសផងដែរ ដោយមានទន្លេរអមសងខាង គឺទន្លេសាប និងទន្លេមេគង្គ នឹងប្រឡាយធម្មជាតិ ដែលធ្វើឲ្យបរិយាកាសនៅតំបន់នេះមានភាពត្រជាក់ និងខ្យល់អាកាសបរិសុទ្ឋ។

វាជាតំបន់មានសក្តានុពល និងខ្យល់អាកាសត្រជាក់ស្រេប ដែលផ្តល់បរិយាកាសសំរាប់ការរស់នៅ ដែលទទួលបានសុខភាពល្អ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានលើកឡើងស្រដៀងគ្នាថា តំបន់ណាដែលមានអគាររដ្ឋច្រើន និងមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ហើយតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន នឹងទាក់ទាញការវិនិយោគពីវិនិយោគិនច្រើនផងដែរ ហេតុនេះហើយទើបរដ្ឋាភិបាលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅទូទាំងប្រទេសកម្ពុជា៕

សម្តេចតេជោនឹងចូលរួមកិច្ចប្រជុំកំពូលក្រោមមូលបទ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”

ដោយៈតារា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញានេះ នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំកំពូលនឹងធ្វើឡើង ក្រោមមូលបទ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី” កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិ​បត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

ទោះយ៉ាងណា កិច្ចប្រជុំកំពូលនេះក៏នឹងផ្តល់ឱកាស ដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅក្នុងអនុតំបន់ តំប​ន់ និងពិភពលោក។

កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាន នៃការពិគ្រោះយោបល់ និងកិច្ចសន្ទ​នា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។ក្នុងនោះដែរ  មហាអនុតំបន់មេគង្គនេះ ផ្តោតលើគម្រោងអនុតំបន់នានា ដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូ​ន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម៕

ម៉ាក្រូសេដ្ឋកិច្ចជាអ្វី មានវិសាលភាពបែបណានិងមានការវិវត្តយ៉ាងដូចម្តេច?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ពាក្យម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ត្រូវបានអ្នកសិក្សាផ្នែកនេះបានយល់ច្បាស់ ប៉ុន្តែអត្ថន័យ ការវិវត្ត និងការគ្របដណ្តប់របស់វាលើសេដ្ឋកិច្ចប្រទេសនិមួយៗ ក៏អាស្រ័យលើសុខភាពមីក្រូសេដ្ឋកិច្ចផងដែរ។

ម៉ាក្រូសេកិច្ច​ (អង់គ្លេស ៖ Macroeconomics)
ជាការសិក្សា ដែលផ្តោតទៅលើ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើ​​បុគ្គល គ្រួសារ​​​ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ច​គេសិក្សាអំពី ផលទុនជាតិសរុប ​(GDP) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ច​បានបង្កើតម៉ូដេល(Model)​​សំរាប់ពន្យល់ពី​អំពីចំណូលជាតិ (National income) ផលិតផល(Output) ការចំណា​យ (Consumption) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) អតិផរណា(Inflation) ការសន្សំ (Saving) ការវិនិយោគ (Investment) ពាណិជ្ជកម្មអន្តរជាតិ (International Trade) និង ហិរញ្ញវត្ថុអន្តរជាតិ ​(International Finance)។ ​

មីក្រូសេដ្ឋកិច្ច
​ជាសិក្សាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស (Firms) អ្នកប្រើប្រាស់ (Consumers) និងការសិក្សាអំពីទង្វើ​ពួកគេ​ទាក់ទងក្នុងការកំនត់​តំលៃ ​(Prices) និងចំនួនផលិតផល (Quantities) នៅលើទីផ្សារ (Markets) អ្វីមួយ។

ម៉ាក្រូសេកិច្ច គឺជាជំនាញ​សិក្សាធំទូលាយទាក់ទងទៅនឹងសេដ្ឋកិច្ច។ គោលបំណងនៃការសិក្សាសំខាន់របស់​ម៉ាក្រូសេកិច្ចមាន២ចំណុចដូចជា ទីមួយ គឺចង់យល់ពីមូលហេតុ(Causes) និង​ផលវិបាក(Consequences) នៃបំរែបំរួលចំណូល​ជាតិក្នុង​រយៈពេលខ្លី (Short-run fluctuations or business cycle)។ ទី២ ចង់យល់អំពីកត្តាដែលកំនត់​ការរីកចំរើនសេដ្ឋកិច្ចជាតិ ​រយៈពេលវែង​(Long-run economic growth)។​

ម៉ូដែលម៉ាក្រូសេកិច្ច ត្រូវបានប្រើដោយ​រដ្ឋាភិបាល និងសហគ្រាសធំៗសំរាប់ជួយក្នុងការវាយតំលៃ​និងដើម្បីអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច (Economic Policy) និង​​យុទ្ធសាស្ត្រ​ក្រុមហ៊ុន ​(Businese Strategy)។

ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច
សៀវភៅដំបូងដែលបានបោះពុម្ភឡើងក្រោមចំណងជើងថា (ម៉ាក្រូសេដ្ឋកិច្ចMacroeconomics) ដោយសេដ្ឋកិច្ចវិទូជនជាតិនរវេ(Norwegian) ឈ្មោះRagnar Frischក្នុងឆ្នាំ១៩៣៣។

ទ្រឹស្តីសេដ្ឋកិច្ចបែបចាស់ និង​ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍ (Classical economics and the quantity theory of money) រហូតដល់ដើមសតវត្សន៍ទី២០ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍គឹជាម៉ូដេលម៉ាក្រូសេកិច្ច ដែលពេញនិយមជាងគេក្នុង​ចំណោមសេដ្ឋកិច្ចវិទូបែបចាស់។ ម៉ូដែលនៃទ្រឹស្តីបទនេះ ​គឺ​មានសមីការ​ដូច​​ខាងក្រោម៖
សមីការនេះមានន័យថា​ ផលគុណបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(Money Supply) និង​ល្បឿនរូបិយបណ្ណន៍ (Velocity of moneyល្បឿន ដែលរូបិយបណ្ណន៍ធ្វើចរន្ត​ពីបុគ្គល​ម្នាក់ទៅ​បុគ្គលម្នាក់ទៀត) គឹជា​តំលៃនៃផលិតផលសរុប (Nominal Ouput=ផលគុណនៃតំលៃទំនិញ និង​បរិមាណផលិផលដែលបានផលិត)។​

ចំពោះសេដ្ឋកិច្ចវិទូដូចជា ​​Irving Fisher បាន​ឧបមាថា​ចំណូលពិត (Real income) និងល្បឿនរូបិយបណ្ណន៍ (V) មិន​ប្រែប្រួលក្នុង​រយៈពេលខ្លី តាមសមីការខាងលើបើតំលៃ​(P)ប្រែប្រួល ធ្វើអោយបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍ (M)​ ប្រែប្រួលដែរ។​​ សមីការបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់ របស់ក្រុមសេដ្ឋកិច្ចរូបិយបណ្ណន៍និយម (Monetarism)។

ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះ (The classical quantity theory of money) បានផ្អែកទៅលើការឧបមាថា ​​តំរូវការរូបិយបណ្ណន៍​ (Money Demand)​ មិនប្រែប្រួល និងមិនមានទំនាក់ទំនងជាមួយកត្តាដទៃទៀត ​ដូចជា ​អត្រាការប្រាក់​ (Interest Rates)។​​

សេដ្ឋកិច្ចវិទូ​បាន​លើកយក​បញ្ហារបស់ទ្រឹស្តីបទ បរិមាណរូបិយបណ្ណន៍បែបចាស់នេះ​ ចំពោះតំរូវការរូបិយបណ្ណន៍​ នៅពេលដែលវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ (Great Depression) បានកើតឡើង​ ដែលនាំអោយល្បឿនរូបិយបណ្ណ បានធ្លាក់ចុះយ៉ាងគំហុក។កេនស៊ាននិយម (Keynesianism) រហូតឆ្នាំ១៩៣០ អ្នកវិភាគសេដ្ឋកិច្ចស្ទើរតែទាំងអស់ ​មិនបានធ្វើការបែងចែកសកម្មភាពជាបុគ្គល និងសកម្មភាពជារួមទេ។ ក្រោយវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ (Great Depression) ក្នុង​ឆ្នាំ​១៩៣០​ និង​ការវិវត្តន៍នៃគំនិតស្តីអំពី ចំណូល​ជាតិ (National Income)​ និងទិន្នន័យផលិតផល (Product statistics) ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចត្រូវបានទទួលការចាប់អារម្មណ័​ ហើយក៏បាន​រីកចំរើនឡើង។​ មុនពេលនោះការយល់ដឹងអំពី​គណនេយ្យជាតិ (National Account) ​ដូចសព្វថ្ងៃនេះគឺគ្មានទេ។

គំនិតរបស់សេដ្ឋកិច្ចេវិទូ​ ជនជាតិអង់គ្លេស​ឈ្មោះ​John Maynard Keynesដែលខំពន្យល់​អំពី​វិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression) បានជំរុញអោយមានការទទួលស្គាល់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច។

ក្រោយកេនស៊ាន (After Keynes)
ក្រោយកេនស៊ាន (After Keynes) មានការខិតខំប្រឹងប្រែង ដើម្បីពន្យល់ថាគ្មានភាពខុសគ្នារវាង​ម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចទេ។ ដោយចាប់ផ្តើមក្នុង​ឆ្នាំ១៩៥០ ម៉ាក្រូសេដ្ឋវិទូ ​បាន​បង្កើតម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ច ដែលផ្អែក​មីក្រូសេដ្ឋកិច្ច (Micro-based models of macroeconomic behavior)​ ដូចជាអនុគមន៍ចំណាយ (Consumption Function)។

សេដ្ឋកិច្ចវិទូ​ជនជាតិហូឡង់ឈ្មោះ Jan Tinbergen បានបង្កើត​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ច ដំបូងគេ​សំរាប់ការស្រាវជ្រាវ​ក្នុង​ប្រទេស​ហូឡង់ ហើយក្រោយសង្គ្រាមលោក​លើកទី២ ត្រូវបានយក​ទៅ​ប្រើ​​ក្នុង​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស។ ម៉ូដែល​ម៉ាក្រូសេដ្ឋកិច្ចដំបូង​គេសំរាប់ការស្រាវ​ជ្រាវ ក្នុង​ពិភពលោក​ ត្រូវបានបង្កើតឡើង​ដោយ​លោក Lawrence Klein ដែលទទួលបាន​ណូលបែលប្រាយ ផ្នែកសេដ្ឋកិច្ច​ (Nobel Memorial Prize in Economics) ក្នុង​ឆ្នាំ​១៩៨០។

ក្នុង​ទសវត្សន៍ទី៧០​ អ្នកទ្រឹស្តី​ដូចជា Robert Lucas Jr បានលើកចោទជាបញ្ហាក្នុង​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចរបស់កេនស៊ាន​ថា ដែលមិនបានគិតបញ្ចូល​នូវ​សកម្មភាពរបស់បុគ្គល ផ្ទុយទៅ​វិញដោយ​ផ្អែក​ ទៅលើការពិនិត្យ​អញ្ញត ម៉ាក្រូសេដ្ឋកិច្ច​កាល​ពីអតីតកាល។

ភាពចំរូងចំរាស់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចមានច្រើន។​ ប៉ុន្តែក្នុង​ឆ្នាំ១៩៥៣​ Friedman, M.​​ បានពោលថាគោលបំនងសំខាន់ នៃការស្រាវជ្រាវសេដ្ឋកិច្ច មិនមែនជាការរកខុស​រឺត្រូវ តែជាការជំរុញធ្វើ​អោយមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច។

ក្រុម (Schools)
ក្រុមរូបិយប័ណ្ណនិយម (Monetarism)​ ដែលដឹកនាំដោយ Milton Friedman បាន​ពោលថាអតិផរណា (Inflation) មាន​នូវគ្រប់ទិសទីក្នុង​សេដ្ឋកិច្ចរូបិយប័ណ្ណ។ វាបានទាត់ចោលនូវ​វិធានការចំណាយរដ្ឋ (Fiscal Policy) ព្រោះវិធានការនេះនាំមកនូវ Crowding out ​ក្នុងផ្នែកឯកជន។​ ជាងនេះទៅទៀត ក្រុមរូបិយប័ណ្ណនិយម មិន​ព្យាយាមដោះស្រាយបញ្ហាអតិផរណា (Inflation)​ និង​អតិបរណា (Deflation)​​ តាមរយៈគ្រប់គ្រង​តំរូវការ (Demand management) ដូច​ក្រុមកេនស៊ានសេដ្ឋកិច្ចទេ។

ប៉ុន្តែវាព្យាយាម​ដោះស្រាយ ​តាមរយៈ​វិធានការរូបិយប័ណ្ណ (Monetary Policy) ដូចជា ការរក្សា​កំណើននៃ​បរិមាណផ្គត់ផ្គង់រូបិយប័ណ្ណអោយថេរ។

– ក្រុមសេដ្ឋកិច្ចតាមបែបថ្មីនិងចាស់ (Neoclassical economics)
– ក្រុមសេដ្ឋកិច្ចតាមបែបកេនស៊ានថ្មី (New Keynesian economics)
– ក្រុមសេដ្ឋកិច្ចតាមបែបក្រោយកេនស៊ាន (Post-Keynesian economics)។

វិធានការម៉ាក្រូសេកិច្ច (Macroeconomic Policies)
ដើម្បីជៀសវាងនូវ​វិវបត្តិសេដ្ឋកិច្ចធំៗ​ ដូចជា The Great Depression រដ្ឋាភិបាលព្យាយាម ​កែលសំរួល​វិធានការសេដ្ឋកិច្ច ដោយសង្ឃឹមថា នឹង​អាចរក្សាបានស្ថេរភាពសេដ្ឋកិច្ច។​ រដ្ឋាភិបាល​ជឿថា​ការជោគជ័យ ​នៃការ​ធ្វើការ​​កែសំរួល​សេដ្ឋកិច្ច មានសារសំខាន់ ​ក្នុង​ការ​ថែរក្សា​អោយមានស្ថេរភាពសេដ្ឋកិច្ច និងជំរុញអោយមាន​ការរីកចំរើន៕

ក្រុមហ៊ុន Country Garden Holding ជាអ្នកអភិវឌ្ឍអចលនទ្រព្យធំបំផុតនៅម៉ាឡេស៊ីនៅតែរក្សាស្ថេរភាពប្រាក់ចំណេញ

ដោយ សុជាតា

ម៉ាឡេស៊ីៈ យោងតាមរបាយការណ៍បណ្តោះអាសន្នរបស់ក្រុមហ៊ុន Country Gardenr Holding ដែលជាក្រុមហ៊ុនវិនិយោគអលចលនទ្រព្យ Forest City នៅប្រទេសម៉ាឡេស៊ី បានបង្ហាញអោយដឹងថា នៅឆមាសទីមួយ ឆ្នាំ២០២១នេះ កំណើនៃការលក់បានកើនឡើងជាលំដាប់។

ជាមួយគ្នានេះ អាត្រាបំណុលសុទ្ធ និងការចំណាយហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុប្រព្រឹត្តិទៅយ៉ាងរលួន។

ក្នុងរបាយការណ៍ដដែលនេះ ក្រុមហ៊ុន Country Garden បានសម្រេចកិច្ចសន្យាលក់ ក្នុងការបែងចែកទៅភាគហ៊ុននិក ក្រុមហ៊ុនមានប្រមាណ៤៦ពាន់លានដុល្លារ ពោលគឺកើនឡើង១៤ភាគរយ ។ប្រាក់ចំណូលបានកើនឡើង២៧ភាគរយ រហូតដល់៣៦ពាន់លានដុល្លារ ហើយប្រាក់ចំណេញបានកើនឡើងជាប្រចាំទៅកាន់ភាគហ៊ុននិក។

ជាមួយនឹងប្រតិបត្តិការយ៉ាងរលូន និងការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងមានស្ថេរភាព ក្រុមហ៊ុន Country Gardent បានទទួលស្គាល់ការគាំទ្រពីភ្នាក់ងារឥណទាន និងស្ថាប័នហិរញ្ញវត្ថុធំៗ។ នាពេលបច្ចុប្បន្ននេះ ទាំង ភ្នាក់ងារវាយតម្លៃឥណទាន moody and Fitch បានផ្តល់អត្រា វិនិយោគមួយ ខណៈដែរ ភ្នាក់ងារ Standard និង poor បានដាក់អត្រា វិជ្ជមាន ដែលជាអត្រាខ្ពស់បំផុតដោយក្រុមហ៊ុន ឯកជននៅក្នុងប្រទេសចិន។

ការទទួលស្គាល់ និង ការគាំទ្របានអនុញ្ញាតអោយក្រុមហ៊ុននេះ ទទួលបានទំនុកចិត្តពីអ្នកវិនិយោគ។ ជាក់ស្តែងនៅឆមាសទីមួយ ឆ្នាំ២០២១ ការចំណាយប្រាក់កម្ចី ជាមធ្យមក្រុមហ៊ុន បានធ្លាក់ចុះ៥.៣៩ ភាគរយ។

លោក Mo Bin អគ្គនាយក ក្រុមហ៊ុន Country Garden Holding បាននិយាយថា ការបន្តនៃកិច្ចប្រឹងប្រែងរបស់ប្រទេស ដើម្បីទប់ស្កាត់ហានិភ័យ ព្រមទាំងសុខភាពទីផ្សារអលចនទ្រព្យរឹងមាំ។

ឧស្សាហកម្មអចលនទ្រព្យនៅក្នុងប្រទេសចិន បានចូលទៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ក្រុមហ៊ុន Country Garden មានជំនឿទុកចិត្តថា ផលិផលល្អ និងសេវាកម្មគឺជាមូលដ្ឋាន នៃការអភិវឌ្ឍយ៉ាងរលូននៃក្រុមហ៊ុន។ ក្រុមហ៊ុននឹងបន្តយកចិត្តទុកដាក់ទៅលើគោលការណ៍អតិថិជន គឹជាសេ្តចសម្រាប់គម្រោងទាំងមូល នៅក្នុងផែនទីបង្ហាញផ្លូវ។

ជាងនេះទៀត ក្រុមហ៊ុននឹងធ្វើអោយប្រសើរឡើង ភាពប្រកួតប្រជែងសម្រាប់វដ្ឋការអភិវឌ្ឍទាំងមូល ព្រមទាំងបង្កើតកិច្ចប្រឹងប្រែង ក្នុងការកសាងបច្ចេកវិទ្យាចំរុះ ដែលបង្កើតជីវិតរីករាយសម្រាប់ពិភពលោក៕

តើអគារកប់ពពកខ្ពស់បំផុតក្នុងពិភពលោក Burj Khalifa មានទំហំទុនវិនិយោគប៉ុន្មាន និងមានលក្ខណៈពិសេសបែបណាខ្លះ?

ដោយៈសុខុម

ឌូបៃ: មនុស្សជាច្រើនប្រហែលជាបានស្គាល់រួចមកហើយ នូវអគារកប់ពពក ដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោកនោះគឺអគារ Burj Khalifa ប៉ុន្តែអ្នកដឹងទេថាតើអគារ ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត មួយនេះមានទុនវិនិយោគធំកម្រិតណា មានទំហំធំប៉ុនណា និងមានលក្ខណៈពិសេសបែបណាខ្លះ?។

អគារកម្ពស់៨២៩,៨ម៉ែត្រ ដែលបានចាបផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៦ មករា ឆ្នាំ២០០៤ និងបញ្ចប់នៅថ្ងៃទី១ តុលា ឆ្នាំ២០០៩ ហើយបើកសម្ពោធនៅថ្ងៃទី៤ មករា ឆ្នាំ២០១០ នេះមានផ្ទៃក្រឡាសរុប៣០៩.៤៧៣ម៉ែត្រការ៉េ។

នៅខែមីនា ឆ្នាំ២០០៩ លោក Mohamed Ali Alabbar ប្រធានក្រុមហ៊ុន Emaar Properties ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះបានលើកឡើងថា តម្លៃផ្ទៃការិយាល័យនៅអគារ Burj Khalifa បានឈានដល់៤៣.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែតការ៉េ ហើយផ្ទះប្រណីតបែបអ៊ីតាលី Armani Residences ដែលស្ថិតនៅក្នុងអគារនេះដែរ លក់បានថ្លៃដល់ទៅជាង៣៧.៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

ប្រធានក្រុមហ៊ុនរូបនេះ បានប៉ាន់ប្រមាណថា ទុនវិនិយោគសរុបសម្រាប់សំណង់អគារកប់ពពកនេះអា ចមានទំហំសរុបប្រមាណ១,៥ពាន់លានដុល្លារអាមេរិក។ អគារនេះមានកម្ពស់១៥៤ជាន់បូកបន្ថែម៩ជាន់ទៀត ដែលជាជាន់សម្រាប់ជួសជុលថែទាំអគារ សរុបគឺ១៦៣ជាន់។

*អគារកប់ពពក Burj Khalifa គ្រងកំណត់ត្រាពិភពលោកជាច្រើនរួមមានដូចខាងក្រោម៖ ​
– ជាសំណង់អគារខ្ពស់បំផុត៖ ៨២៩.៨ម៉ែត្រ
– អគារដែលមានជាន់ច្រើនបំផុត៖ ១៦៣ជាន់
– ការដំឡើងជណ្តើរយន្តខ្ពស់បំផុតរបស់ពិភពលោក
– ជណ្តើរយន្តវែងបំផុតក្នុងពិភពលោក កំពស់៥០៤ម៉ែត្រ
– ការបាញ់បេតុងបញ្ឈរខ្ពស់បំផុត (សម្រាប់អគារ)៖ ៦០៦ម៉ែត្រ
– អគារខ្ពស់បំផុតរបស់ពិភពលោក ដែលរួមបញ្ចូលទាំងកន្លែងស្នាក់នៅ
– ការដំឡើងអាលុយមីញ៉ូម និងកញ្ចក់នៅផ្នែកខាងមុខ នៃអគារខ្ពស់បំផុតរបស់ពិភពលោក៖ ៥១២ម៉ែត្រ។
– ក្លឹបកម្សាន្តខ្ពស់បំផុតរបស់ពិភពលោក៖ ជាន់ទី១៤៤
– ភោជនីយដ្ឋានខ្ពស់បំផុតរបស់ពិភពលោក៖ ជាន់ទី១២២ ក្នុងរយៈកម្ពស់៤៤២ម៉ែត្រ។
– ការបាញ់កាំជ្រួចឆ្លងឆ្នាំថ្មីខ្ពស់បំផុតរបស់ពិភពលោក
– ការបាញ់ភ្លើង និងប្រព័ន្ធសំឡេងដ៏ធំបំផុតរបស់ពិភពលោក នៅលើអាគារតែមួយ៕

អ្នកវិនិយោគចិនមានគំរោងនៅក្រុងព្រះសីហនុចាប់ផ្តើមវិលត្រលប់មកវិញបណ្តើរៗហើយ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមអ្នកវិនិយោគចិន ដែលមានគំរោងអភិវឌ្ឍន៍នៅក្រុងព្រះសីហនុ បាននិងកំពុងត្រលប់មកកាន់ខេត្តនេះបណ្តើរៗឡើងវិញហើយ។ នេះបើតាមការឲ្យដឹងពីលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា អ្នកវិនិយោគចិនបានវិលត្រលប់មកវិញបណ្តើរៗហើយ ប៉ុន្តែមិនទាន់មានចំនួនច្រើននោះទេ ស្របពេលវិស័យអាកាសចរណ៍មានសកម្មភាពឡើងវិញបណ្តើរៗ ប៉ុន្តែសកម្មភាពហោះហើរមិនកើនឡើងខ្លាំងនោះឡើយ។

លោកបន្តថា “រដ្ឋបាលខេត្តបាន និងកំពុងបន្តពង្រឹងការទប់ស្កាត់ជំងឺកូវីដ១៩ ពិ​សេ​សមេរោគប្រភេទ Delta ដែលកំពុងរាតត្បាតជាសកល”។លោកបន្តថា “ក្រុងព្រះសីហនុនឹងវិលមកកាន់ភាពល្អប្រសើរវិញ ប្រសិនជាជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រងបានល្អប្រសើរ ហើយថ្នាក់ដឹកនាំខេត្តកំពុងប្រឹងប្រែងលើការងារនេះ”។

ខេត្តព្រះសីហនុ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទាក់ទាញលំហូរទុនវិនិយោគជាង៧០០០លានដុល្លារអាមេរិក លើវិស័យសំណង់ និងអចលនទ្រព្យ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះផ្លាស់ប្តូរទាំងស្រុង ដោយគិតរហូតមកទល់ពេលនេះ អគារកំពស់ចាប់ពី៥ជាន់ដល់៥៣ជាន់បានកើនឡើងដល់៦០៤អាគារ។

អ្នកតាមដាននិងវិភាគពីមូលដ្ឋានភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ ឯករាជ្យ លោកយិន លាងគង់បានមានប្រសាសន៍ថា ការមានទំនាក់ទំនងល្អប្រសើររវាងមេដឹកនាំចិន និងកម្ពុជា បាននិងកំពុងក្លាយជាមូលដ្ឋាន នៃការផ្សារភ្ជាប់ភាពជាមិត្តភាពដែកថែក ទៅជាសះកមន៍ពីរវាសនាតែមួយ។

លោកបន្តថា ក្នុងកម្រិតមិត្តភាព នៃយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយមិនគ្រប់នោះទេ សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែមេដឹកនាំទាំងពីរបានផ្តល់ផលប្រយោជន៍ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ហេតុនេះការជម្រុញឲ្យអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា គឺជាផលនៃការលើកកំពស់កម្រិតទំនាក់ទំនងនយោបាយផង ផលប្រយោជន៍ផង។

លោកបន្តថា “គ្មានផលប្រយោជន៍ចំពោះគ្នា មេដឹកនាំប្រទេសណាក៏ដោយ ក៏មិនផ្តល់នូវលំហូរទុនវិនិយោគ ដល់ប្រទេសដៃគូរបស់ខ្លួននោះទេ”។ លោកបន្ថែមថា “ហេតុនេះក្នុងទំនាក់ទំនងអន្តរជាតិ គឺមានតែផលប្រយោជន៍ ហើយក្នុងភូមិសាស្រ្តនយោបាយ មានតែការបោះដៃគាំទ្រគ្នាទៅវិញទៅមកប៉ុណ្ណោះ”៕

ស្ពានកាត់ជ្រោះដ៏ធំមួយនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុត្រៀមលេចរូបរាង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ពានកាត់ជ្រោះមួយ នៃគំរោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុប្រវែងជាង២០០ម៉ែត្របានលេចចេញរូបរាងបណ្តើរៗហើយ ខណៈគំរោងផ្លូវប្រចែងជាង១៩០គីឡូម៉ែត្រនេះ ត្រៀមបញ្ចប់នាឆ្នាំ២០២២ខាងមុខ។

យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងកាលពីម្សិលម៉ិញនេះថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។

ស្ពាននេះ ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។

ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គម្រោងផ្លូវល្បឿនលឿន នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូមួយរបស់ចិននេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

ប្រទេសកម្ពុជាជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងសឹង្ហបុរី

ដោយៈសុធា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងសឹង្ហបុរីកំពុងជម្រុញការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីសម្រេចវិបុលភាពរួមគ្នានាពេលអនាគត។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម សិង្ហបុរីដោយ បានផោ្តតសំខាន់លើការពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី វឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេ​ស​ការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាន និងការត្រៀមរៀបចំកិច្ចប្រជុំនានានៅឆ្នាំ២០២២ ខាងមុខ។

លោកបានជម្រាបជូនអំពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-សិង្ហបុរី និងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរគួរផ្តោតលើ ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមមាន ការបន្តធានានូវលំហូរទំនិញ ការផ្គូរផ្គងធុរកិច្ច ការពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងការបង្កើនការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ លោកប៉ាន សួរស័ក្តបានជម្រាបជូនអំពីវឌ្ឍនភាពក្នុងការរៀបចំការងារសំខាន់ៗ និង ទិសដៅការងារក្នុងការត្រៀមរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះរួមមាន ការចងក្រងឯកសារគន្លឹះ ស្តីពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសំខាន់ៗជាដើម។

លោករដ្ឋមន្រ្តី បានបន្ដធ្វើបច្ចុប្បន្នភាព លើដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងបានជម្រាបអំពីសារៈសំខាន់នៃការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២២ ដើម្បីអាចទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ស្របពេលនឹងកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។

ជាការឆ្លើយតប រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេ ជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជា ឱ្យទទួលបានជោគជ័យ នាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២៕

ចំណេះដឹងហិរញ្ញវត្ថុៈតើការជំពាក់ធនាគារជាការជំរុញទឹកចិត្តខិតខំធ្វើការនិងរកស៊ី?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ពាក្យថាខំណាស់ ក៏ព្រោះតែធនាគារ និងមិនចង់ឱ្យធនាគារមកសួរសុខទុក្ខដល់ផ្ទះ ជាសំដៅលើអ្នកដែលប្រើប្រាស់កម្ចីរបស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុក្នុងការប្រើប្រាស់ក្រោមរូបភាពផ្សេងៗ។

ក្នុងនោះមានអ្នកខ្លះប្រើប្រាស់ ដើម្បីបើកអាជីវកម្ម ខ្លះទៀតដើម្បីទិញអចលនទ្រព្យដូចជាផ្ទះដីធ្លី និងខ្លះទៀតប្រើប្រាស់ក្នុងការទិញ សម្ភារៈប្រើប្រាស់ផ្សេងៗជាដើម ។ តើការជំពាក់ធនាគារជាការជំរុញទឹកចិត្ត ឱ្យខំធ្វើការរឬរកស៊ី ដើម្បីយកលុយសងធនាគារវិញឬយ៉ាងណា?។

អ្នកជំនាញ ហិរញ្ញវត្ថុជាច្រើនបានលើកឡើងថា ការយកកម្ចីពីធនាគារឬមីក្រូហិរញ្ញវត្ថុមកប្រើប្រាស់ចំគោលដៅ វានឹងមិនធ្វើឱ្យមានបំណុលវ័ន្តកនោះឡើយ ប៉ុន្តែបើសិនជាយកបំណុលនោះ មកប្រើប្រាស់មិនចំគោលដៅ វានឹងនាំឱ្យមានបំណុលវ័ន្តកឬវិបត្តិហិរញ្ញវត្ថុជាក់ជាមិនខាន។

មានមនុស្សជាច្រើនបានយកកម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុមកសាងសង់ផ្ទះហើយត្រូវធ្វើការ ឬរកស៊ី ដើម្បីយកលុយនោះសងទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុជាប្រចាំខែ ជាមួយនឹងការចាយវាយត្បិតត្បៀត ក៏ព្រោះតែមិនចង់ឱ្យធនាគារមករឹបអូសទ្រព្យបញ្ចាំរបស់ខ្លួន។

បុគ្គលប្រភេទនេះ គេសង្កេតឃើញថា តែងតែទទួលបានជោគជ័យ និងជីវភាពធូរធារ នៅពេលគេបានសងត្រលប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុរួចរាល់ ។ ការយកកម្ចីមកប្រើប្រាស់របៀបនេះ ក៏ឃើញថាបានជួយច្រើនដល់អ្នកប្រើប្រាស់ក្នុងផ្លូវត្រូវ ពីព្រោះបើរង់ចាំឱ្យពួកគេសន្សំលុយពីការរកស៊ីឬធ្វើការ គ្រប់ចំនួនគឺនឹងមិនមានផ្ទះ សមរម្យសម្រាប់ស្នាក់នៅ ហើយលុយដែលរកបាននោះ ក៏មិនប្រកដថាទុកសម្រាប់គោលដៅអ្វីមួយដែរ ពីព្រោះថា លុយហើយនឹងមនុស្ស គឺមិនខុសអីសាច់ហើយនឹងខ្លានោះឡើយ ។

យ៉ាងណាក្ដី ស្ថាប័នផ្ដល់កម្ចីនានាក៏បានចុះសិក្សាពីលទ្ធភាព ក្នុងការសងត្រលប់របស់អតិថិជិនមុន នឹងផ្ដល់កម្ចីជូនសម្រាប់ប្រើប្រាស់ផងដែរ និងបញ្ជាក់ថាតើអតិថិជនអាចយកទំហំឥណទានកម្រិតណា អាចមានលទ្ធភាពសងត្រលប់មកវិញ។ ការធ្វើបែបនេះ ជាការជួយដល់អតិថិជនមិនឱ្យមានបំណុលកាន់តែច្រើន និងឈានដល់វិបត្តិហិរញ្ញវត្ថុនិងនាំឱ្យវេទនាដល់ខ្លួន ។ ប៉ុន្តែការប្រើប្រាស់កម្ចីក្រៅផ្លូវការគេឃើញថា អតិថិជនតែងតែមានវិបត្តិនឹងនាំឱ្យផុងខ្លួនក្នុងបំណុលកាន់តែធ្ងន់ធ្ងរផងដែរ៕