ស្ថានទូតអូស្រ្តាលីព្រមានប្រជាពលរដ្ឋខ្មែរប្រយ័ត្នចាញ់បោកគេ ខណៈប្រទេសនេះ មិនទាន់មានទិដ្ឋាការកសិកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះមិនទាន់មានការរៀបចំទិដ្ឋាការកសិកម្មទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជានៅឡើយទេ។

ជាមួយគ្នានេះ ស្ថានទូតបានសំណូមពរឱ្យប្រជាជនកម្ពុជា ប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនណាដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្ម សម្រាប់អូស្ត្រាលីបាននាបច្ចុប្បន្ននេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពីបច្ចុប្បន្នភាពស្តីអំពី គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសបង្កើតគម្រោង ទិដ្ឋាការកសិកម្មអូស្ត្រាលីថ្មី។ ស្ថានទូតនឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានាសម្រាប់ទិដ្ឋាការនេះ ដោយចាប់ផ្តើមពីបណ្តាប្រទេសមួយចំនួន មុននឹងពង្រីកទៅបណ្តាប្រទេសជាច្រើន ទៅថ្ងៃមុខ។

ព័ត៌មានលំអិតអំពីរបៀបដាក់ពាក្យសុំ និងតម្រូវការដើម្បីទទួលបានទិដ្ឋាការ នឹងធ្វើឡើងតាមរយៈដំណើរការកម្មវិធី ដោយមានការពិគ្រោះយោបល់ជាមួយវិស័យ កសិកម្មអូស្ត្រាលី។ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ជាអ្នកគ្រប់គ្រងលើទិដ្ឋាការនេះ។ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មទឹក និងបរិស្ថាន នឹងផ្តល់ការ គាំទ្រផ្នែកប្រតិបត្តិការ ដើម្បីធានាសុចរិតភាពទិដ្ឋាការ ព្រមទាំងដើម្បីបំពេញតម្រូវការវិស័យកសិកម្ម និងវិស័យឧស្សាហកម្មបឋម។

ស្តង់ដារអប្បបរមា ដើម្បីការពារកម្មករពីការកេងប្រវ័ញ្ច ជាការសំខាន់ ហើយនឹងត្រូវយកគំរូ តាមកម្មវិធីចល័តពលកម្មប៉ាស៊ីហ្វិក ដែលទទួលបានជោគជ័យរបស់អូស្ត្រាលី។ នៅពេលការរៀបចំទិដ្ឋាការត្រូវបានបញ្ចប់ នឹងមានច្បាប់តឹងរ៉ឹងដើម្បីការពារកម្មករ។ រដ្ឋាភិបាលប្តេជ្ញាធានាថា កម្មករទាំងអស់មានឱកាសចូលរួមចំណែក ជាវិជ្ជមានដល់សេដ្ឋកិច្ចអូស្ត្រាលី ដោយមិនមានអារម្មណ៍ភ័យខ្លាចពីការកេងប្រវ័ញ្ច៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា៖

 

ទីផ្សារប្រព័ន្ធ Building Automation System នៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជានឹង ទទួលបានកំណើនប្រចាំឆ្នាំ៨,១ភាគរយ

ដោយៈឧត្តម

ភ្នំពេញ: ផ្អែកតាមរបាយការណ៍មួយដែលមានឈ្មោះថា  “South East Asia Building Automation System Market 2021-2027” បង្ហាញថា ទីផ្សារប្រព័ន្ធ Building Automation System (BAS) ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងត្រូវបានព្យាករថានឹងទទួលបានកំណើនប្រចាំឆ្នាំ៨,១%អំឡុងឆ្នាំ២០២១-២០២៧។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា។

អ្វីទៅជាប្រព័ន្ធ BAS? ប្រព័ន្ធ BAS គឺជាបណ្ដាញសូហ្វែរ និងហាដវែរដែលតភ្ជាប់គ្នាសម្រាប់តាមដាន និងគ្រប់គ្រងប្រព័ន្ធបច្ចេកទេស និងអគ្គិសនីក្នុងសំណង់អគារ ដើម្បីបង្កើនសុវត្ថិភាព និងផាសុកភាពរបស់អ្នកប្រើប្រាស់អគារ។

ការកើនឡើងនូវការគាំទ្រ ពីសំណាក់រដ្ឋាភិបាល ក្នុងទម្រង់គំនិតផ្តួចផ្តើម និងកម្មវិធីនានា ដូចជា ប្រសិទ្ធភាពថាមពល និងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិរក្សរបស់ហ្វីលីពីន (Philippines Energy Efficiency and Conservation Roadmap) (ឆ្នាំ២០១៧-២០៤០) ផែនការមេស្ដីពីប្រសិទ្ធភាពថាមពល និងការអភិរក្សរបស់កម្ពុជា (Cambodia Energy Efficiency and Conservation Master Plan) ផែនការអភិវឌ្ឍន៍ឆ្នាំ២០២០ របស់ CAMEEL (CAMEEL 2020 development Plan) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍បញ្ចេញកាបូនទាបឆ្នាំ២០២០ (Low Carbon Development Initiative 2020) និងគោលនយោបាយបែបនេះផ្សេងៗទៀត រួមជាមួយកំណើនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបដូចជា IoT ការវិភាគទិន្នន័យធំៗ និងបញ្ញាសិប្បនិម្មិត (AI) នឹងជួយជំរុញឱ្យទីផ្សារប្រព័ន្ធ BAS នៅក្នុងតំបន់ទទួលបានកំណើនកាន់តែខ្ពស់ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ទីផ្សារប្រព័ន្ធ BAS នៅអាស៊ីអាគ្នេយ៍ ទទួលបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ ដោយសារកំណើននៃការសាងសង់អគារខ្ពស់ៗ មិនថាជាអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋាននៅ ព្រមទាំងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សក្នុងទីក្រុងកម្រិតទី២ និងកម្រិតទី៣ នៃប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ទោះជាយ៉ាងណា ការរីករាលដាលវីរុសកូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដាំក្បាលចុះ ដែលបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើការវិនិយោគ ក្នុងវិស័យសំណង់ និងជាហេតុនាំឱ្យប្រាក់ចំណូលទីផ្សារធ្លាក់ចុះអំឡុងឆ្នាំ២០២០។

ថ្វីបើមានការធ្លាក់ចុះក្នុងឆ្នាំ២០២០យ៉ាងណាក្ដី ក៏ប្រាក់ចំណូលពីទីផ្សារត្រូវបានព្យាករថា នឹងទទួលបានកំណើនវិញចាប់ពីឆ្នាំ២០២១ តទៅដោយសារសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្មបានចាប់ផ្ដើមឡើងវិញ ដែលនឹងនាំមកនូវរំហូរវិនិយោគបរទេស ក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់។ ដូច្នេះហើយវានឹងជំរុញកំណើនប្រព័ន្ធ BAS នៅពេលដ៏ខ្លីខាងមុខ៕

លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនលើកឡើងពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងឋានៈប្រធានអាស៊ានឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាកថា ការទទួលបានតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ គឺជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សាឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន។ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនារសៀលថ្ងៃទី៨ កញ្ញានេះ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងពិធីបើកកម្មវិធីកម្រងបាឋ​កថាស្តីពី “Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022”ដែលរៀបចំដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

កម្រងបាឋកថាខាងលើមានទិសដៅសំខាន់ចំនួនបី ដូចជា ទី១ លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនង​រវាងកម្ពុជា-អាស៊ាន ទី២ ផ្សព្វផ្សាយនូវតួនាទី និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេន អាស៊ានឆ្នាំ២០២២ និងទី៣ ចែករំលែកនូវឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩។

ក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា ថ្លែងក្នុងពិធីបើកកម្រងបាឋកថានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយវាជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និង មជ្ឈភាពរបស់អាស៊ាន

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងនូវបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសក្នុងស្ថានភាពដ៏តានតឹង នៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយ រវាងប្រទេសមហាអំណាច និងបញ្ហាចំពោះមុខដែលបាន និងកំពុងកើតឡើងនាពេលបច្ចុប្បន្ន​។

លោកក៏បានចង្អុលបង្ហាញអំពីគុណសម្បត្តិ អាស៊ានដោយបន្សល់នូវនិម្មាបនកម្មតំបន់សំខាន់ៗជាច្រើន ដែលជាមាគ៌ាធានា និងរក្សាបាននូវស្ថិរភាព និងវិបុលភាពតំបន់។

ឆ្លៀតក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការនានា ដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានលើភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ទាំងបញ្ហាប្រឈមមិនប្រពៃណី ដែលមានស្រាប់និងកំពុងលេចឡើងមួយចំនួនទៀត ដែលអាស៊ានកំពុងជួបប្រទះ ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺកូវីដ-១៩៕

 

ទីក្រុងហុងកុងបានបញ្ចប់ការសាងសង់ផ្លូវរត់យន្តហោះដំណាក់កាលទីបី

ដោយៈសុជាតា

ហុងកុងៈ ទីក្រុងហុងកុងបានបញ្ចប់ការស្ថាបនារបស់ខ្លួន កាលពីថ្ងៃអង្គារ ស្របពេលដែលទីក្រុង ធ្លាប់ត្រូវកាត់ផ្តាច់ពីការចរាចរអ្នកដំណើរអន្តរជាតិ ដោយសារវិបត្តិនយោបាយកាលពីឆ្នាំ ២០១៩។

លោក Carrie lam មេដឹកនាំទីក្រុងហុងកុង បានថ្លែងនៅក្នុងការប្រារព្ធនេះថា ការបញ្ចប់ស្ថាបនាផ្លូវរត់ប្រវែងជិត៤គីឡូម៉ែត្រ បានយកពេលសាងសង់ប្រមាណ៥ឆ្នាំ ដើម្បីធ្វើផ្លូវរត់ថ្មីនេះ។

ដោយសារតែទីតាំង និងលក្ខខណ្ឌចូលងាយស្រួល បានធ្វើអោយទីក្រុងហុងកុងបានក្លាយទៅជាព្រលានយន្តហោះមួយ ក្នុងចំណោមព្រលានយន្តហោះមមាញឹកបំផុតរបស់ពិភពលោក។ ប៉ុន្តែព្រលានយន្តហោះ បានប្រឈមមុខនឹងការប្រកួតប្រជែងពីប្រ​ទេសក្នុងតំបន់ ដូចជា ប្រទេសសិង្ហបុរី ព្រមទាំងការពង្រីកយ៉ាងឆាប់រហ័សនៅទីក្រុងចិនដីគោក។

ព្រលានយន្តហោះនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ស្របពេលដែលភាពចលចលនយោបាយកើនឡើងកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ។ ហើយបច្ចុប្បន្ននេះ ព្រលានយន្តហោះ នៅតែមិនទាន់ដំណើរការពេញលេញ ដោយសារតែវិបត្តិរាតត្បាតកូវីត ១៩ ដែលទាមទារវិធានការតឹងតែង។

ការសាងសង់ផ្លូវរត់ថ្មីនេះ នឹងប្រឈមមុខការប្រឆាំងយ៉ាងខ្លាំង ពីសំណាក់ក្រុមបរិស្ថាននៅបស្ងឹមប្រទេស ប៉ុន្តែមានការតវ៉ាតិចតួចប៉ុណ្ណោះ។

ពីមុនវិបត្តិ កូរូណា ផ្លូវរត់ចំនួនពីរ បានត្រៀមរួចរាល់ក្នុងការទទួលអ្នកដំណើរចេញចូលប្រមាណ៤២០,០០០ជើងហោះហើរ ក្នុងមួយឆ្នាំ។ ហើយផ្លូវរត់នឹងរំពឹងថា ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២២ ខាងមុខនេះ។

ទីក្រុងនេះ ត្រូវគេមើលឃើញថា មានអត្រាចាក់វាក់សាំងប្រឆាំងCovid 19 ទាបជាងគេហើយរដ្ឋាភិបាល មិនផ្តល់ព័ត៌មានលំអិតពីពេលវេលា ក្នុងការរស់នៅជាមួយនឹងមេរោគថ្មីនេះ។

អ្នកជំនួញអន្តរជាតិ បានលើកឡើងថា ការព្រមានចំពោះអ្នកតាំងទីលំនៅ ដែលអាចប្រឈមុខនឹងបញ្ហាវិបត្តិនេះគ្មានទីបញ្ចប់។

កាលពីសប្តាហ៍មុន លោក Lamបានសំដែងការព្រួយបារម្ភ ចំពោះគោលនយោ បាយ Zero Covid  ដោយនិយាយថា ទីក្រុងហុងកុង នឹងបើកចំពោះអ្នកដំណើរជនជាតិចិន ដែលមានសារៈសំខាន់ជាជាងផ្នែកដទៃទៀតនៅក្នុងពិភពលោក៕

អ្នកឧកញ៉ាសៀ រិទ្ធីបង្ហាញពីបទពិសោធន៍ក្នុងការអភិវឌ្ឍខ្លួនដល់យុវជនកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អ្នកឧកញ៉ាសៀ រិទ្ធីចាត់ទុកជាអ្នកជំនួញជោគជ័យម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ហើយភាគច្រើនជាអចលនទ្រព្យ។

នៅថ្ងៃទី៨ កញ្ញា២០២១នេះ អ្នកឧកញ៉ាបានចូលខ្លួនធ្វើជាវាគ្មិន នៅក្នុងកម្មវិធីមួយរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងបានបង្ហាញពីបទពិសោធន៍ដល់យុវជនក្នុងការអភិវឌ្ឍខ្លួន។

អ្នកឧកញ៉ាសៀ រិទ្ឋីបានមានប្រសាសន៍ថា “សញ្ញាប័ត្រដែលយុវជនទទួលបានពីសាលា វាគ្រាន់តែជាការបញ្ជាក់ពីកម្រិតវប្បធម៌ឬចំណេះដឹង ប៉ុន្តែអ្វីដែលគួរធ្វើនោះគឺ ជំនាញ”។អ្នកឧកញ៉ាបន្តថា “ប្អូនៗត្រូវតែមានជំនាញមួយក្នុងខ្លួន ដើម្បីធ្វើការ ហើយដើម្បីបានជំនាញអ្វីមួយនោះ គឺត្រូវធ្វើការជា Internship ( ធ្វើការស្ម័គ្រចិត្ត ) ឬក៏ទៅរៀនជំនាញតែម្ដង”។

លោកបន្តថា អ្វីដែលប្អូនគួរធ្វើនោះ គឺធ្វើការដើម្បីបទពិសោធន៍ ហើយជាសំណូមពរសូមកុំផ្លាស់ប្តូរការងារលឿនពេក”។ លោកបន្ថែមថា “បើសិនជាយើងធ្វើការត្រឹមរយៈ១ឆ្នាំ ឬក៏២ឆ្នាំហើ​យ​ប្អូនៗផ្លាស់ប្តូរការងារ ខ្ញុំគិតថាប្អូនមិនមានបទពិសោធន៍ទេ ពីព្រោះការងារ ដែលធ្វើឱ្យមានបទពិសោធន៍ បានយ៉ាងហោចណាស់ ក៏ត្រូវការប្រើពេល៣ឆ្នាំដែរ”។

អ្នកឧកញ៉ាសៀ រិទ្ឋីបានបន្តថា អ្វីដែលប្អូនៗគិតគូរនោះគឺ ពេលទៅដាក់ពាក្យធ្វើការនៅកន្លែងណាមួយ មិនគួរគិតអំពីប្រាក់ខែជាចំបងទេ។ ក្នុងន័យនេះមិនមែនឱ្យប្អូនៗធ្វើការអត់យកប្រាក់ខែទេ តែអ្វីដែលគួរគិតគឺគោលដៅយូរអង្វែងរបស់ប្អូន ហើយពេលប្អូនទៅធ្វើការនៅកន្លែងនោះនឹងទទួលបានអ្វីមកវិញ។

លោកលើកទឹកចិត្តដល់ប្អូនៗមួយចំនួន ទៅធ្វើការក្រៅប្រទេស តែត្រូវរកការងារណា ដែលផ្ដល់ជាប្រយោជន៍នៅពេលអនាគត។ ពេលត្រលប់ពីក្រៅប្រទេសវិញប្អូនត្រូវមានជំនាញអ្វីមួយក្នុងខ្លួន និងយកជំនាញនោះ មកបង្កើតអាជីវកម្មខ្លួនឯង ឬយ៉ាងហោចណាស់ ក៏ធ្វើការក្នុងក្រុមហ៊ុនណាមួយមានប្រាក់កម្រៃខ្ពស់ដែរ។

អ្នកឧកញ៉ាបន្ថែមថា “យើងធ្វើការងារអ្វីក៏ដោយ យើងត្រូវរៀនសូត្រពីការងាររបស់យើង ដើម្បីយកចំណេះជំនាញពេលយើងចប់ពីការងារនោះ ហើយក៏កុំធ្វើការងារដើម្បីបានតែជួបគ្នាឱ្យចប់ពីមួយខែទៅមួយខែ តែយើងត្រូវអភិវឌ្ឍន៍ខ្លួនឯង ហើយទោះបីយើងចេញពីក្រុមហ៊ុននោះ ក៏យើងអាចរកការងារបានល្អជាក្រុមហ៊ុនចាស់ដែរ”។

អ្នកឧកញ៉ាបានបន្ថែមទៀតថា អ្វីដែលសំខាន់សម្រាប់យុវជនកម្ពុជា បច្ចុប្បន្ននេះ គួររៀនភាសាយ៉ាងហោចណាស់មួយទៀត ក្រៅពីភាសាជាតិរបស់យើង ពីព្រោះថាយុគសម័យនេះ ហើយបើប្អូនៗចេះតែភាសាមួយ ប្អូនៗនឹងពិបាករកការងារធ្វើណាស់។ អ្វីដែលកាន់តែពិសេស សម្រាប់យុវជនកម្ពុជានោះគឺសិក្សាទៅតាមបរិបទ។ ក្នុងន័យនេះ គឺត្រូវមើលទៅលើវិស័យណា ដែលមានអាទិភាព និងតម្រូវការធនធានមនុស្សច្រើន ហើយវិស័យណា ដែលបានរួមចំណែកខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕

ក្រុមហ៊ុនរបស់អ្នកឧកញ៉ាគិត ម៉េងនឹងបោះផ្សាយលក់មូលបត្របំណុលលើទឹកប្រាក់ ទំហំ២០លានដុល្លារនៅថ្ងៃស្អែក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បើតាមការគ្រោងទុកនៅថ្ងៃទី ៩កញ្ញា២០២១ស្អែកនេះ ក្រុមហ៊ុនមួយនៃបុត្រសម្ព័ន្ធ Royal Group របស់អ្នកឧកញ៉ាគិតម៉េង នឹងបោះផ្សាយមូលបត្រក្នុងតម្លៃ២០លានដុល្លារអាមេរិកនោះ គឺក្រុមហ៊ុនEZECOM /Telcotech ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការមូលបត្រកម្ពុជា។

តាមការគ្រោងទុកពិធីនេះ នឹងធ្វើឡើងតាមប្រព័ន្ធ Video Conference ដោយមានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយតករមូលបត្រកម្ពុជា លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង អភិបាលនៃក្រុមហ៊ុន Telcotech រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ Ezecom កាលពីពេលថ្មីៗនេះបានឱ្យដឹងថា មូលបត្របំណុលក្នុងតម្លៃទឹកប្រាក់២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom/Telcotech ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន។

ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិត សម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុត និងកាន់កាប់ភាគហ៊ុន ក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀត លើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។ ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់មួយ ក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះ ឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងសេចក្តីប្រកាសព័ត៌មានថា “ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា”។

អ្នកឧកញ៉ាបន្ថែមថា ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវ និងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ។

លោកបន្តថា “ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុ​មហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារ ដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ”៕

តោះទៅមើលសម្រស់កោះកុងក្រៅ មានទិដ្ឋភាពស្រស់ស្អាតបែបណា?

ដោយៈគង់ ម៉ាលីន

        កោះកុងៈ ​​​ឱខេត្តកោះកុង ស្ថិតក្នុងចិត្ត នេះជាទំនុកច្រៀងនៃបទចំរៀង “បុប្ផាកោះកុង” ដែលជាខេត្តដាច់ស្រយាល ប៉ុន្តែបច្ចុប្បន្នខេត្តដែលមានសម្រស់ និងធនធានធម្មជាតិដ៏សម្បូរបែបនេះមិនឆ្ងាយទៀតទេ។

កោះកុងពិតជាស្រស់ស្អាត និងមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ពិសេ​សសម្រស់កោះកុងក្រៅ ពិតជាទីមនោរម្យក្រៃលែង។

រដ្ឋបាលខេត្តកោះកុង បានផ្តិតយករូបភាពទេសភាពដ៏ស្រស់ស្អាត នៃទឹកដីកោះ​កុងក្រៅ ដែលគេហទំព័រPropertyarea.asiaសូមយករូបភាពដ៏ស្រស់ស្អាតទាំងនោះមក​បង្ហាញជូន។

កោះកុងក្រៅ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹង​ល្វើយ ដែលមានពណ៌ខៀវស្រងាត់៕

តម្លៃផ្ទះប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ហក់ឡើងខ្ពស់រហូតដល់១៨ភាគរយ ក្នុងខែកក្កដា

ដោយៈសុខុម

វ៉ាស៊ីនតោន: តម្លៃផ្ទះប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់កប់ពពកមិនធ្លាប់មានរហូតដល់១៨%ក្នុងខែកក្កដា បើប្រៀបធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CoreLogic Inc ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៧ កញ្ញា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា នេះជាការហក់ឡើងថ្លៃប្រចាំឆ្នាំខ្ពស់បំផុត ក្នុងរយៈពេល៤៥ឆ្នាំមកនេះ ហើយបើផ្អែកលើមូល    ដ្ឋានប្រចាំខែ តម្លៃផ្ទះបានហក់ឡើង១,៨%ក្នុងខែកក្កដា បើធៀបនឹងខែមិថុនា។

លោក Frank Martell ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CoreLogic ដែលជាក្រុមហ៊ុនផ្ដល់ព័ត៌មាន អចលនទ្រព្យទូទាំងពិភពលោកបានថ្លែងថា “តម្លៃលំនៅដ្ឋានបានបន្តកើនឡើងឥតឈប់ឈរ ដោយសារតម្រូវការកើនឡើងខ្ពស់ នៅពេលពលរដ្ឋដែលមានវ័យចន្លោះពី២៣ឆ្នាំ ដល់៣៨ឆ្នាំសម្រុកទិញផ្ទះ អ្នកជួលផ្ទះស្វះស្វែងគេចចេញពីថ្លៃឈ្នួលផ្ទះដែលហក់ឡើងខ្ពស់កប់ពពក ហើយអ្នកវិនិយោគដែលមានលុយច្រើនទិញផ្ទះទុកចំណេញ”។

លោកបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ការសម្រុកទិញរបស់អ្នកទិញផ្ទះ ស្របពេលអត្រាការប្រាក់ទាបខ្លាំងសម្រាប់កម្ចីទិញផ្ទះ បានធ្វើឱ្យខ្វះការផ្គត់ផ្គង់ផ្ទះក្នុងទីផ្សារលំនៅដ្ឋាន ដែលទំនងជាមិនអាចដោះស្រាយបានឡើយ នៅរយៈពេល៥ទៅ១០ឆ្នាំក្រោយ “បើគ្មានគ្រឿងលើកទឹកចិត្តបន្ថែមទៀត សម្រាប់ជួយជំរុញបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ឱ្យសាងសង់ផ្ទះបន្ថែមថ្មីៗទេនោះ”។

ក្រុមហ៊ុន CoreLogic បានព្យាករថា អត្រាតម្លៃហក់ឡើងនឹងថយចុះគួរឱ្យកត់សម្គាល់។ នៅត្រឹមខែកក្កដា ឆ្នាំ២០២២ តម្លៃផ្ទះប្រចាំឆ្នាំត្រូវបានព្យាករថា នឹងថយចុះមកនៅត្រឹម២,៧% ខណៈអ្នកទិញខ្លះនៅតែបន្តខ្វះលទ្ធភាពទិញ។

លោក Frank Nothaft ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន CoreLogic បានគូសបញ្ជាក់ថា “ការឡើងថ្លៃនេះ គឺលើសពីកំណើនប្រាក់ចំណូលរបស់ពលរដ្ឋ ហើយបានធ្វើឱ្យលទ្ធភាពទិញផ្ទះកាន់តែធ្លាក់ចុះ។ នៅប៉ុន្មានខែខាងមុខនេះតម្រូវការនឹងធ្លាក់ចុះ ហើយវានាំឱ្យកំណើនតម្លៃធ្លាក់ចុះបន្តិចម្ដងៗ”៕

អ្នកជំនាញអចលនទ្រព្យៈផ្លូវជាតិលេខ៥ចាប់ពីភ្នំពេញ ដល់តំបន់ឧត្តុងទាក់ទាញការអភិវឌ្ឍន៍គំរោងលំនៅដ្ឋាន

ដោយៈសុជាតា

ភ្នំពេញៈ តំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៥ ចាប់ពីរាជធានីភ្នំពេញ ដល់ទីប្រជុំជនស្រុកឧត្តុង កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគផ្នែកលំនៅដ្ឋាន ខណៈដីនៅតាមបណ្តោយផ្លូវនេះកំពុងឡើងថ្លៃផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងនៃកំណាត់ផ្លូវជាតិលេខ៥  ប្រវែងសរុប៣៦៦ គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវ មានស្រាប់ចាប់ពី២គន្លង ទៅ៤គន្លង ជាប្រភេទផ្លូវបេតុងកៅស៊ូ AC  ក្រោមកម្ចីឥណទានរដ្ឋាភិបាលជប៉ុនប្រមាណ៥០០ លានដុល្លារបានធ្វើអោយ សំណង់លំនៅឋានលក្ខណៈបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវគេរំពឹងថា នឹងលេចឡើងជាបន្តបន្ទាប់នៅតាមបណ្តោយផ្លូវជាតិលេខ៥។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានប្រាប់Property Asia Area  នាថ្ងៃទី8 ខែ កញ្ញានេះថា បើគិតពីតំបន់គីឡូម៉ែត្រលេខ ៤ ទៅដល់ លេខ៥ ខណ្ឌប្ញស្សីកែវ បានអភិវឌ្ឍអោយបុរី អាគារពាណិជ្ជ ជាច្រើនដែលធ្វើអោយតម្លៃដីបន្តកើនឡើងគួរអោយកតសំគាល់។

បើគិតពីតម្លៃដីធ្លីចាប់ពីគីឡូម៉ែត្រលេខ៦ គឺតម្លៃដី៨០០ដុល្លារ ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅខាងស្តាំដៃខាងមាត់ទន្លេ និងខាងឆ្វេងដៃគឺតម្លៃដីធ្លីមានចន្លោះពី  ៦០០ ដុល្លារ ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំពោះតម្លៃដីធ្លីចាប់ពីគីឡូម៉ែត្រលេខ៧ ទៅដល់ គីឡូម៉ែត្រ៩ គឺតម្លៃចន្លោះពី៧៥០ដុល្លារ ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងខាងស្តាំដៃមាត់ទន្លេ ។ ចំនែកទីតាំងខាងធ្វេងដៃគឺមានចន្លោះពី ៤៥០ដុល្លារទៅ១០០០ ដុល្លារក្នុងម៉ែត្រការ៉េ។

ចំពោះទីតាំងតំបន់ឧត្តុង្គវិញ គឹដីធ្លីភាគច្រើនជាដីពុះឡូលក់ ដែលមានតម្លៃចន្លោះពី១ ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារក្នុងមួយឡូត៏។

ជាមួយគ្នានេះ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលនិយាយថា ការអភិវឌ្ឍអចលនទ្រព្យផ្លូវជាតិលេខ៥ មិនទាន់ឃើញមានគម្រោងអភិវឌ្ឍន៍ធំៗ ឬលំនៅឋានលក្ខណៈជាបុរីច្រើនទេ។   តម្លៃអចលនទ្រព្យនឹងកើនក្នុងរង្វង់ពី១០ទៅ ៣០ ភាគរយជាប្រចាំឆ្នាំ  ដោយសារ ការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ និងគម្រោងវិនិយោគចម្រុះដូចជា រោងចក្រ និងឃ្លាំងជាដើម។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា លោកនឹងធ្វើការអភិវឌ្ឍន៍បុរីធំមួយនៅលើផ្លូវជាតិលេខ៥ តំបន់ក្បែរផ្សារព្រែកព្នៅ ដែលទីតាំងនេះមានដីទំហំជាង១០០​ហិកតា។

លោកបន្តថា “គំរោងនេះនឹងអភិវឌ្ឍន៍ជាលំនៅដ្ឋានបែបពាណិជ្ជកម្ម ផ្សារ រមណី​យដ្ឋាន និងសេវាកម្មជាច្រើនទៀត ប៉ុន្តែការមកដល់នៃជំងឺកូវីដ បានធ្វើឲ្យយើងពិចារណា និងមិនទាន់កំណត់ពេលចាប់ផ្តើមគំរោងនេះនោះទេ”៕

ខេត្តកោះកុងត្រៀមស្វាគមន៍តំបន់វិស្សមកាលទំហំ១០០០ហិកតារបស់ក្រសួង ការពារជាតិជាលើកដំបូង

ដោយៈ ខេត្តកោះកុងដែលពីមុនជាខេត្តឆ្ងាយដាច់អាល័យ បានត្រៀមស្វាគមន៍តំបន់វិស្សមកាលទំហំជាង១០០០ហិកតាជាលើកដំបុង ដែលគំរោងនេះនឹងរៀបចំឡើង​ដោយក្រសួងការពារជាតិ។

តាមប្រភពព៌តមានពីមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនេះ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង១០០០ហិកតា នៅខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯកសឿន រឿតទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។

លោកសុខ សុទ្ធីបានមានប្រសាសន៍ឲ្យដឹងថា ការចុះពិនិត្យទីតាំង គឺដើម្បីចង្អុលបង្ហាញ និងអនុញ្ញាតឱ្យគ្រឿងចក្រ នៃកងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមឈូសឆាយព្រំដី និងបោះបង្គោលព្រំដីតាមនិយាមកាដែលបានកំណត់រួចហើយ៕

តំបន់អភិវឌ្ឍរមណីយដ្ឋានវិស្សមកាលនេះ មានទីតាំងស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង៕