ក្រុមហ៊ុនAmazon គ្រោងបើកហាងWhole Foods ២កន្លែងដោយគ្មានមនុស្ស ចាំគិតលុយនៅឆ្នាំក្រោយ

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនយក្ស Amazon គ្រោងបើកដំណើរការហាង Whole Foods ចំនួន២កន្លែង ដោយគ្មានមនុស្សចាំគិតលុយនៅឆ្នាំក្រោយ ដែលអតិថិជនមិនចាំបាច់តម្រង់ជួរបង់ប្រាក់ដូចមុនឡើយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៨ កញ្ញា។

ក្រុមហ៊ុន Amazon នឹងដំឡើងបច្ចេកវិទ្យា “Just Walk Out” (យកទំនិញហើយដើរចេញ) នៅហាងទាំងនោះ ដែលគ្រោងបើកដំណើរការក្នុងឆ្នាំ២០២២ នៅវ៉ាស៊ីនតោន ឌីស៊ី និងសង្កាត់ Sherman Oaks រដ្ឋកាលីហ្វ័រញ៉ា។

នេះជាការសាកល្បងចុងក្រោយបង្អស់ លើកម្មវិធីសូហ្វវែរនេះ ដែលត្រូវបានដាក់ ឱ្យប្រើរួចមកហើយនៅហាងម៉ាត Amazon Go ក៏ដូចជាហាងលក់គ្រឿងទេស Amazon Fresh។ ក្រុមហ៊ុន Amazon ក៏លក់កម្មវិធីសូហ្វវែរនេះ ឱ្យទៅអ្នកលក់រាយផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុន Amazon បានទិញយកប៊្រែនហាង Whole Foods ដែលមានសាខាសរុបជាង៥០០ទីតាំងនេះ ក្នុងឆ្នាំ២០១៧ ហើយនេះគឺជាលើកទី១ ហើយដែលបច្ចេកវិទ្យានេះមាននៅហាងនេះ។ ក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃពុធ ទី៨ កញ្ញា ថា ខ្លួននឹងធ្វើការស្ទាបស្ទង់ ហើយរង់ចាំមើលថាតើអតិថិជន មានប្រតិកម្មឆ្លើយតបបែបណាចំពោះបច្ចេកវិទ្យានេះ ហើយថា ខ្លួនគ្មានគម្រោងបំពាក់បច្ចេកវិទ្យានេះ នៅក្នុងហាង Whole Foods បន្ថែមទៀតឡើយនៅពេលដ៏ខ្លីខាងមុខនេះ។

កម្មវិធីសូហ្វវែរនេះ អនុញ្ញាតឱ្យអ្នកដើរទិញទំនិញចូល ក្នុងហាងដោយគ្រាន់តែ   ស្គែន QR Code ដែលមានក្នុង App របស់ Amazon ឬ Whole Foods ហើយប្រើកាមេរ៉ា និងស៊ិនស័រចាប់ចលនា ដើម្បីតាមដានថាតើផលិតផលណាខ្លះ ដែលអតិថិជនយកចេញពីធ្នើរ ហើយដាក់បន្ថែមចូលទៅក្នុងរទេះដាក់ទំនិញរបស់ពួកគេ។ នៅចុងបញ្ចប់ អតិថិជនត្រូវស្គែន QR Code ម្តងទៀតដើម្បីចាកចេញពីហាង ហើយទទួលបានបង្កាន់ដៃឌីជីថល។

ទោះជាយ៉ាងណា បច្ចេកវិទ្យានេះអាចប្រើបានសម្រាប់តែអតិថិជន ដែលមានគណនី Amazon ប៉ុណ្ណោះ ហើយអ្នកដើរទិញទំនិញ ដែលគ្មានគណនី Amazon នឹងត្រូវចូលបង់ប្រាក់នៅបញ្ជរ បង់ប្រាក់ដោយខ្លួនឯង (Self-checkout Stations)៕  CNN៕

ខេត្តចំនួនពីរស្របតាមទន្លេមេគង្គទទួលបានខ្សែបញ្ជូនប្រវែង១១៥គីឡូវ៉ុលថ្មី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខេត្តចំនួនពីរស្ថិតនៅស្របតាមដងទន្លេមេគង្គ បានទទួលខ្សែបញ្ជូនអគ្គសនីថ្មីពីអគ្គិសនីកម្ពុជា ដែលបានបើកដំណើរការខ្សែបញ្ជូន១១៥គីឡូវ៉ុល មានប្រវែងប្រមាណ១០០គីឡូម៉ែត្រ។

ការដាក់ដំណើរការនេះ ធ្វើឡើងព្រមជាមួយនឹង អនុស្ថានីយអគ្គិសនីព្រែកប្រសព្វ ១១៥/២២០គីឡូវ៉ុល កម្លាំង៥០មេហ្គាវ៉ាត់ នៅក្នុងឃុំព្រែកប្រសព្វ នៃស្រុកព្រែកប្រសព្វនេះផងដែរ។

បណ្តាញខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (ADF) ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនី។

អគ្គិសនីកម្ពុជា ក៏កំពុងសាងសង់អនុស្ថានីយ១១៥/២២គីឡូវ៉ុល កម្លាំង៥០MVA ថែមមួយទៀត នៅក្នុងទីរួមស្រុកស្ទឹងត្រង់ ដើម្បីបង្កើនការផ្គត់ផ្គង់ទៅស្រុកស្ទឹងត្រង់ ចំការលើ និងបន្តមកស្រុកក្រូចឆ្មារ។

តំបន់ទាំងនេះ កំពុងមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសការដាំដុះដំណាំ កសិឧស្សា​ហកម្ម ដែលនឹងទាក់ទាញអ្នកវិនិយោ គកាន់តែច្រើនថែមទៀត និងជាការជួយបង្កើនចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះការតភ្ជាប់អគ្គិសនីគឺជារឿងចាំបាច់៕

រដ្ឋបាលខេត្តសៀមរាបបានណែនាំឲ្យសេវាកម្មពាក់ព័ន្ឋចំនួន៤ចំណុច

ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តបច្ចុប្បន្នភា ពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រា​ប់សេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សហគមន៍-អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍។

កិច្ចប្រជុំនេះបានដឹកនាំដោយ ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យតាមដាន ការអនុវត្តវិធានសុវត្ថិភាពទេស​ចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសមាជិក ក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

អង្គប្រជុំបានធ្វើការផ្សព្វផ្សាយនូវប្រកាស និងសេចក្តីណែនាំ ទាក់ទងនឹងសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ និងប្រកាស និងសេចក្តីណែនាំសម្រាប់រមណីយដ្ឋាន និងសហគមន៍-អេកូទេសចរណ៍ ។

លោកពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានប្រគល់ភារកិច្ចដល់ក្រុមការងារ ដូចជា ទី១- អាជីវកម្ម សេវាកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលកំពុងបើកដំណើរការទាំងអស់ត្រូវប្រត្តិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យស្របតាមប្រកាស និងសេចក្តីណែនាំស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារអប្បរមា ដែលបានដាក់ចេញដោយក្រសួងទេស​ចរណ៍ ទី២- ក្រុមការងារត្រូវចុះផ្សព្វផ្សាយដោយផ្ទាល់ ដល់ប្រតិបត្តិករទេសរណ៍ទាំងអស់ក្នុងខេត្តឱ្យយល់ដឹង និងអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”។

ទី៣- សម្រាប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ត្រូវកំណត់ឱ្យបាននូវសមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ ដោយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលទស្សនាជាប្រចាំជាពិសេសអនុវត្តឱ្យបាននូវការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ ។

ទី៤- គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលបើកដំណើរការនឹងទទួលបាននូវឡាប៊ែលបញ្ជាក់ពីសុវត្ថិភាព បន្ទាប់ការចុះវាយតម្លៃរបស់ក្រុមការងារ អំពីការអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី” ៕

អ្នកជំនាញខាងដីធ្លីៈចរន្តទិញលក់ដីធ្លីបានធ្លាក់ចុះនៅរយៈពេល២ឆ្នាំ ដោយអ្នកវិនិយោគ ចាប់ផ្តើមវិនិយោគដីធ្លីជាយក្រុង

ដោយ សុជាតា

ភ្នំពេញៈ ស្ថានភាពនៃការទិញលក់ដីធ្លី នៅតែបន្តក្នុងរូបភាពតូចៗ ខណៈនិន្នាការវិនិយោគ បានចាប់ផ្តើមមានភាពសកម្មនៅតំបន់ជាយក្រុង និងខេត្តដែលមានសក្តានុពលមួយចំនូន។

លោកស្រី អាន សុធីតា អ្នកជំនាញខាងអចលនទ្រព្យ បានប្រាប់ Property Area Asia នៅថ្ងៃទី ៨ ខែកញ្ញាកន្លងមកថា ចំពោះការប្រែប្រួលដីធ្លី នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គឺមានផលប៉ះពាលខ្លាំងដោយវិបត្តិ Covid 19 ដោយដីធ្លីនៅកណ្តាលក្រុងគឺមើលទៅមានសភាពទ្រឹង មិនមានតំរូវការដីធ្លី។

ប៉ុន្តែដោយឡែកដីធ្លី នៅជាយក្រុងមានកំណើនធម្មតា តួយ៉ាងតំបន់ក្រវាត់ក្រុងទីបី និងទីបួន មានកំណើនទាបជាងមុនវិបត្តិ Covid 19 ដោយកំនើននេះស្ថិតនៅក្នុងរង្វង់៥ភាគរយប៉ុណ្ណោះ​។

លោកស្រីបន្តថា “នាពេលបច្ចុប្បន្ននេះដីធំៗ ដែលមានទំហំចាប់ពីតម្លៃ៥លានដុល្លារឡើងទៅ គឺប្រឈមមុខនឹងលំបាកលក់ ដោយមិនមានអ្នកវិនិយោគបរទេសនោះទេ ហើយអ្នកវិនិយោគ ក្នុងស្រុកគាត់ទិញដីខ្នាតតូចនៅជាយក្រុង”។

លោកស្រីបន្ថែមថា ចំពោះបរិបទរបស់អ្នកលក់ អ្នកទិញវិញ គឺគេសង្កេតឃើញថា មានអ្នកវិនិយោគដីធ្លីនៅតែមាន ប៉ុន្តែអ្នកលក់នៅតែចង់លក់ដីធ្លីក្នុងតម្លៃខ្ពស់ មិនក្រោមទីផ្សារ។ បើគិតជារួម ចរន្តទិញលក់ដីនៅពេលបច្ចុប្បន្ន គឺមានឆ្លាក់ចុះដោយសារតែវិបត្តិ Covid 19។

ជាមួយគ្នានេះលោកឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអច​លនទ្រព្យបានពន្យល់ថា នាពេលបច្ចុប្បន្ន បញ្ហាប្រឈមមុខដីឡូត៍ មានអ្នកជោគជ័យ និងមានអ្នកបរាជ័យ ដោយមូលហេតុនៃភាពមិនច្បាស់លាស់នៃបណ្ណកម្មសិទ្ធី និងអ្នកលក់អត់បានបង់ប្រាក់អោយម្ចាស់ដី អោយគ្រប់គ្រាន់ដោយសារតែវិបត្តិ Covid 19 ។

លោកពន្យល់ថា “អ្នកអភិវឌ្ឍឈ្មួញកណ្តាល ដែលយកដីឡូម្ចាស់ដើមទៅពុះដីឡូលក់បានជួបប្រទះ នឹងពន្យាពេលបង់ប្រាក់ ដោយសារវិបត្តិសកល ហើយមានបញ្ហាវេលុយទៅម្ចាស់ដី ដោយធ្វើអោយគម្រោងអភិវឌ្ឍទិញលក់ដីធ្លីជួបប្រទះបញ្ហា”៕

តើសៀវភៅណាខ្លះដែលអ្នកគួរតែអាន បើចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ?

ដោយៈសហការី

ភ្នំពេញៈ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ កំពុងពេញនិយម ហើយមនុស្សជា​ច្រើនបានចាប់យកអាជីពនេះ ដោយសារវាវាជាវិស័យមួយ ដែលមានលុយច្រើន និងអាចជាប្រភពចំណូលមួយដ៏ល្អសម្រាប់អ្នក។

នាពេលបច្ចុប្បន្ននេះ ការវិនិយោគក្នុងវិស័យដីធ្លី និងផ្ទះ កំពុងកើនឡើងកាន់តែខ្លាំង  នាំឲ្យល្បិចរកស៊ី ក្នុងវិស័យនេះក៏មានកាន់តែច្រើនដែរ ប៉ុន្តែនៅតែមានវិធីល្អៗជាច្រើនទៀតដែលអ្នកអាចយកមកប្រើ។

យើងសូមណែនាំនូវសៀវភៅខាងក្រោមនេះ ដែលអាចផ្តល់ពន្លឺជូន លោកអ្នក។

១. The Book on Rental Property Investing ដោយលោក Brandon Turner
សៀវភៅនេះ សរសេរដោយអ្នកជំនួញក្នុងវិស័យដីធ្លី និងជាម្ចាស់វេបសាយវិនិយោ​គអចលនទ្រព្យដ៏ល្បីនៅអាមេរិច និងអឺរ៉ុប biggerpocket.com លោក Brandon ។

សៀវភៅដ៏ល្អនេះ រៀបរាប់អំពីការវិនិយោគប្រាក់ ក្នុងវិស័យអចលនវត្ថុ តាមរយៈការជួល។ អ្នកនិពន្ធពន្យល់គ្រប់យ៉ាង តាំងពីរបៀបមើលអចលនវត្ថុ និងការប្រើប្រាស់ហិរញ្ញវត្ថុ។

ប្រសិនបើអ្នកកំពុងសម្លឹងមើលឱកាសវិនិយោគ ក្នុងវិស័យជួលអចលនទ្រព្យ ឬអចលនវត្ថុ ក្នុងនាមជាអ្នកទើបចាប់ផ្តើមដំបូង សៀវភៅនេះល្អបំផុតសម្រាប់អ្នក។

២. The Book on Flipping Houses ដោយលោក J Scott
ជាមួយគ្នានេះ លោក J Scott គឺជាអ្នកជំនាញខាងទិញផ្ទះទុក ហើយលក់វិញក្នុងតម្លៃចំណេញខ្ពស់។

នៅក្នុងសៀវភៅនេះគាត់សរសេរអំពីវិធីសាស្ត្រ វិនិយោគអចលនវត្ថុ តាំងពីជំហានដំបូង ដូចជា វិធីស្វែងរកផ្ទះដែលចំណេញច្រើន រហូតដល់ជំហានទិញវាក្នុងតម្លៃទាប អភិវឌ្ឍវា និងលក់វាចេញវិញក្នុងតម្លៃខ្ពស់។

៣. Mastering the Art of Commercial Real Estate ដោយលោក Doug Marshall
សៀវភៅត្រូវបានសរសេរណែនាំពីតិចនិក វិនិយោគអចលនទ្រព្យ សម្រាប់ពាណិជ្ជកម្ម។ សម្រាប់ពាណិជ្ជកម្មមានន័យថា គេវិនិយោគប្រាក់ទិញដី សម្រាប់សាងសង់អាគារពាណិជ្ជកម្មសម្រាប់ជាការិយាល័យជួល ឃ្លាំងទំនិញ មជ្ឈមណ្ឌលព័ត៌មាន ហាងលក់រាយ ឬអាគារអាផាតមិន ពោលគឺមិនមែនជាការវិនិយោគ លើអចលនទ្រព្យសម្រាប់លក់ឲ្យឯកបុគ្គលដូចជាលំនៅដ្ឋាន ឬផ្ទះលំហែរទេ។

៤. The Millionaire Real Estate Investor ដោយលោក Gary Keller
ចំណែកសៀវភៅមួយក្បាលនេះ ត្រូវបានចងក្រងដោយប្រមូលផ្តុំតិចនិក វិនិយោគវិស័យអចលនទ្រព្យ របស់សេដ្ឋីអចលនទ្រព្យជាង១០០នាក់ ដែលសុទ្ឋតែជាអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ។

សៀវភៅដ៏ល្អមួយក្បាលនេះ បានរៀបរាប់ចំៗ អំពីការប្រើប្រាស់លុយ និងការវិនិយោគ ដែលអាចនាំផ្លូវទៅរកភាពជោគជ័យក្លាយជាសេដ្ឋីអចលនទ្រព្យ៕

ក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនឥណ្ឌាគ្រោងផ្តល់ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដល់អាស៊ាន

ដោយៈសុខុម

គូឡាឡាំពួ: ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ី Telekom Malaysia Bhd (TM) កំពុងចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌា Tata Communications Ltd ដើម្បីផ្តល់សេវា IP Transit សម្រាប់ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន ដល់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា។

ក្រុមហ៊ុន TM បានចេញសេចក្តីថ្លែងការណ៍ក្នុងថ្ងៃដដែលថា ការចាប់ដៃគូសហការគ្នានេះ ធ្វើឡើងដើម្បីផ្តល់ការតភ្ជាប់អ៊ីនធឺណិត ល្បឿនលឿនដែលមានស្ថិរភាព និងអាចទុកចិត្តបាននៅក្នុងតំបន់ និងបើកចំហទៅកាន់ក្រុមហ៊ុនសហគ្រាសទូទាំងពិភពលោក។

សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “កិច្ចសហការនេះនឹងធ្វើឱ្យអ្នកផ្តល់សេវាកម្ម ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត និងអ្នកផ្តល់សេវាកម្មអ៊ីនធឺណិតនានា ក្នុងតំបន់មានលទ្ធភាពឆ្លើយតប ទៅនឹងកំណើនតម្រូវការតភ្ជាប់ទិន្នន័យ របស់អតិថិជនខ្លួន តាមរយៈការផ្ដល់ច្រកចូល ទៅកាន់បណ្តាញ Internet Protocol (IP) លំដាប់លេខ១ របស់ពិភពលោក”។

សេចក្ដីថ្លែងការណ៍បានបន្តថា “កិច្ចសហការនេះ នឹងជួយផ្ដល់សេវា IP Transit (IPT) លំដាប់លេខ១ ជាសេវាតភ្ជាប់អ៊ីនធឺណិត ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចូលទៅកាន់គ្រប់វេបសាយ និងមាតិការព័ត៌មាន (Content) លើបណ្ដាញអ៊ីនធឺណិត។ វានឹងជួយជំរុញបន្ថែមទៀតនូវវិស័យនានា ដូចជា E-commerce កម្មវិធីកម្សាន្តតាមមអនឡាញ ការលក់រាយ ប្រតិបត្តិការធនាគារតាមអនឡាញ និងសេវាដឹកជញ្ជូនជាដើមដែលមានសន្ទុះកើនឡើងលឿនខ្លាំង នៅមួយរយៈពេលចុងក្រោយនេះ”។

ក្រុមហ៊ុន TM បានលើកឡើងបន្ថែមទៀតថា កិច្ចសហការនេះ ក៏នឹងជួយឱ្យក្រុមហ៊ុន Tata Communications មានលទ្ធភាពធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់របស់ក្រុមហ៊ុន TM ក្នុងតំបន់អាស៊ាន តាមរយៈបណ្តាញខ្សែកាបលើដីគោក និងខ្សែកាបក្រោមបាតសមុទ្រទៅកាន់បណ្ដាប្រទេសក្បែរខាង។

បណ្ដាញខ្សែកាបក្រោមបាតសមុទ្រនេះ រួមបញ្ចូលទាំងបណ្ដាញខ្សែកាបក្រោមបា​តសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ សម្រាប់តភ្ជាប់ទៅកាន់ឥណ្ឌូចិន ព្រមទាំងបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ Nusantara Gateway សម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ផងដែរ៕ The Edge Markets៕

រយៈពេល២៩ឆ្នាំរដ្ឋាភិបាលចុះហត្ថលេខាខ្ចីឥណទានសម្បទានថ្មីពីដៃគូអភិវឌ្ឍន៍ជិត១៥ពាន់លានដុល្លារ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ដោយសារតែវិបត្តិកូវីដ១៩ នៅតែបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅឆមាសទី១នៃឆ្នាំ ២០២១នេះ កម្ពុជាមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានថ្មីទេ។

ដោយសារតែកម្មវិធី គម្រោងអភិវឌ្ឍន៍ថ្មីទាំងនោះ កំពុងស្ថិតនៅក្នុងដំណាក់កាលសិកក្សា និងរៀបចំហើយត្រូវបានពន្យារពេល ។ នេះបើតាមស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើមខែកញ្ញា២០២១នេះ ។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា បើគិតពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ទឹកប្រាក់ចំនួន១៤,៨៤ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្របដណ្ដប់ច្រើនជាងគេរហូតដល់៨៤ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ១៦ភាគរយ។

របាយការណ៍បង្ហាញថានៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្ដែង សរុបចំនួន៥៤៥,៩៦លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ៧៨ភាគរយ ស្មើនឹងទឹកប្រាក់៤២៦,៣៩លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគីមានចំនួន ប្រមាណ២២ភាគរយត្រូវនឹង១១៩,៥៧លានដុល្លារអាមេរិក។

បើគិតតាំងពីឆ្នាំ១៩៩៣ មកដល់ដំណាក់ឆមាសទី១ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានដកប្រាក់ប្រាក់ ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្ដែង ប្រមាណ១០,០៥ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៨ភាគរយនៃទំហំឥណទាំនសម្បទានសរុប ដែលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានខាងលើ ក្នុងនោះ៨១ភាគរយត្រូវបានប្រើប្រាស់ដើម្បីហិរញ្ញប្បទាន លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ១៩ភាគរយទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត៕

ដំណឹងល្អៈប្រមុខការទូតចិននឹងអញ្ជើញមកទស្សនកិច្ចកម្ពុជា និងប្រទេសមួយចំនូនទៀត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យី នឹងអញ្ជើ​ញមកទស្សនកិច្ចកម្ពុជា និងប្រទេសមួយចំនួនទៀត នៅចន្លោះថ្ងៃទី១០ដល់១៥ កញ្ញាខាងមុខនេះ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសអំពីដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា និងប្រទេសជាមិត្តចំនួន៣ផ្សេងទៀត រួមមាន ប្រទេសវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងលោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង។

តាមរយៈហ្វេសបុករបស់ខ្លួន ស្ថានទូតចិនបានបញ្ជាក់ថា លោក Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការ កិច្ចសហប្រតិបត្តិការទ្វេរភាគីចិន-វៀតណាម ជាមួយ លោក Pham Binh Minh។

ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង សុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិន និងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បានបោះជំហានទៅមុខ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកល និងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។

ដំណើរទស្សនកិច្ចរបស់ លោក Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះ របស់ភាគីចិនជូនចំពោះប្រទេសទាំង៤ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក»។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិន។

ស្ថានទូតចិនបានបន្តថា ក្នុងឱកាសនៃការបំពេញទស្សនកិច្ច លោក Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ជាមួយបណ្ដា​ភាគីជំរុញអនុវត្តន៍ កុងសុងស៊ីស​សំខាន់ៗ ដែលបានឯកភាពគ្នាដោយលោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ជំរុញកិច្ចផ្ទៀងផ្ទាត់ រវាងផែនការអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់​កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”និងកិច្ចកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។

ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួ​លបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមាន កាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក។

អញ្ជើញជាអធិតបីប្រគល់ពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់ជំនួយ ក្នុងការសាងសង់ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ទាំងស្រុង កាលពីចុងខែសីហា កន្លងទៅនេះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ផងដែរ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ៕

តើ​ថ្លៃ​សេវា​ និង​កម្រៃជើងសា​ទិញ​អចលនទ្រព្យ​មានតម្លៃ​ប៉ុន្មាន​?

ដោយៈតារារះ

ភ្នំពេញៈ តម្លៃសេវាកម្ម និងកម្រៃជើងសារអចលនទ្រព្យ ត្រូវបានចែងយ៉ាងច្បាស់​លាស់ ដែលជាការកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោង​តាម​ឧប​សម្ព័ន្ធ​នៃ​ការប្រកាស​លេខ​ ៧៦១​.សហវ.ប្រក​ ចុះ​ថ្ងៃទី​ ៣១​ ខែ​កក្ក​ដា​ ឆ្នាំ​ ២០១៧​ រូបមន្ត​នៃ​ការ​គណនា​ និង​មូលដ្ឋាន​នៃ​ការកំណត់​ថ្លៃ​សេវា​ និង​កម្រៃជើងសា​វិជ្ជាជីវៈ​សម្រាប់​ការ​បំពេញ​សេវាកម្ម​វាយតម្លៃ​ និង​សេវាកម្ម​អចលនវត្ថុ​ដែល​ត្រូវ​ទិញ​លក់​ត្រូវ​បាន​កំណត់​ដូចជា​ សម្រាប់​ក្រុមហ៊ុន​វាយតម្លៃ​។

តម្លៃ​អចលនទ្រព្យ​ដូចជា​ដីធ្លី​ និង​ផ្ទះសម្បែង​ដែល​ទិញ​ ឬលក់​ មានតម្លៃ​ស្មើនឹង ១០០​,០០០ដុល្លារ​ ឬក្រោម​នេះ​ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ០​,១៧០​ % ឬ អប្ប​បរិមា​ស្មើនឹង ១៧០​ដុល្លា​។

– ១,០០០​,០០១​ – ៥,០០០​,០០០ដុល្លា​ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ០​,០៥​0%
– ៥,០០០​,០០១​ – ១០​,០០០​,០០០ដុល្លា​ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ​ ០,០៣០​%។
– លើស​ពី​ ១០​,០០០​,០០០ដុល្លា​ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ​ ០,០២៥​% ។

សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចល​ទ្រព្យ​ និង​ក្រុមហ៊ុន​គ្រប់គ្រង​អចលនវត្ថុ​ ដែល​ផ្តល់​សេវាកម្ម​ទាក់ទង​ដូចជា៖
១. ការទិញ​ និង​លក់​ អចលនវត្ថុ​ ដូចជា ​ដីធ្លី ​និង​ផ្ទះសម្បែង​:ចំពោះ​ការទិញ​ និង​លក់​ទាំងអស់​ ត្រូវ​បាន​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ​អប្ប​បរិមា៣​% ក្នុងរយៈពេល​ដែល​មិនកំណត់​។

២. ការជួល​អចលនវត្ថុ​:ការជួល​អចលនវត្ថុ​ ដែល​មាន​រយៈពេល​ក្រោម១ឆ្នាំ​ កម្រៃ​សេវា​វិជ្ជាជីវៈ​អាច​កំណត់​ទៅ​បាន​តាម​កិច្ច​ព្រមព្រៀង​ រវាង​ភាគី​ទាំងសងខាង​គឺ​អ្នកជួល​ និង​ម្ចាស់​អចលនវត្ថុ​។ ការជួល​អចលនវត្ថុ​រយៈពេល១ឆ្នាំ​ កម្រៃ​សេវា​វិជ្ជាជីវៈ​ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ​១ខែ​។

ការជួល​អចលនទ្រព្យ​លើស​ពី១ឆ្នាំ ​កម្រៃ​សេវា​វិជ្ជាជីវៈ​ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ១ខែ​ បូករួម​នឹង​ចំនួន២៥​% បន្ថែម​ ទៅតាម​សមាមាត្រ​នៃ​ការជួល​តាម​ឆ្នាំ​នី​មួយ​ៗ៕

ពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល

ដោយសការី

ភ្នំពេញ៖ បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់ គម្រោង ដឹណេតឆឺរ៉ល ។

ដូច្នេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 6A នៅគល់ស្ពានទី 9 ចំណាយពេលត្រឹមតែ 3នាទី ពីផ្លូវលីយ៉ុងផាត់​ និង 12នាទី ពីស្ពានជ្រោយចង្វារ។

ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ USD 80,000 ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ 12%។

កាន់តែពិសេសជាងនេះទៅទៀត ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ 20% ​​ដោយមិនចាំបាច់កក់ប្រាក់ និង គ្មានការប្រាក់ រយៈពេល 30ខែ! ប្រញាប់ឡើង ប្រម៉ូសិននេះមានតែពីរសប្តាហ៍គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត 50ហិកតា មានសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ 6A តែម្តង​ និងមានលំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា៖​ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស ដែលពេញនិយមនិងទាន់សម័យសម្រាប់ការរស់នៅ។

លំនៅឋាននីមួយៗត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញ​ៗ​ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និង ផ្តល់អោយលោកអ្នកទទួលបាននូវបទពិសោធន៍គ្រប់យ៉ាងដែលជីវិតបានផ្តល់អោក្នុងសហគមន៍ដែលមានបរិយាកាសបែបថ្មី។

ជាមួយទីធ្លាដ៏ធំវិសេសវិសាល ដែលហ៊ុំព័ទ្ធដោយធម្មជាតិ សម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចំរុះពណ៌ ធ្វើអោយមានទេសភាពបៃតងកាន់តែស្រស់បំព្រង ​ដែលជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិប្រៀបបានទៅនឹងតំបន់រីសតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ: លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998 ឬតាមរយ:ប្រព័ន្ធអនឡាញ៖ ហ្វេសបុកផេក:

https://m.facebook.com/boreygoldenpark/ តេឡេក្រាម: https://t.me/boreygoldenpark អ៊ីនស្ដាក្រាម: https://instagram.com ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural