ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចប្រទេសមួយ មិនថាកាលៈទេសៈណាក៏ដោយ ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា។
នៅក្នុងរយៈពេលប្រមាណជិត២ឆ្នាំចុងក្រោយនេះ កំណើនវិនិយិោគិនក្នុងស្រុកបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា ចាប់ផ្ដើមកើនឡើង ដោយសារតែជនបរទេស មិនអាចចូលមកទូលំទូលាយ ដូចមុនបានទៀតពីព្រោះតែជំងឺកូវីដ១៩ ប៉ុន្តែទោះជាវិនិយោគិន ក្នុងស្រុកចាប់ផ្ដើមមានសកម្មភាពខ្លាំងជាងមុនក្ដី ក៏ជនបរទេសនៅតែមានសារសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាដដែល។
លោកស៊ឹម ស៊ីសាវុត្ថារ៉ានាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust Plc បានឱ្យដឹងថា នៅពេលបច្ចុប្បន្នវិនិយោគិន នៅក្នុងស្រុកបានចូលរួមធំមួយដែរ ក្នុងការជំរុញវិស័យអចលនទ្រព្យរបស់យើង ហើយវិនិយោគិនបរទេស នៅតែមានឥទ្ធិពលក្នុងការនាំលុយពីក្រៅប្រទេសចូលមកកម្ពុជា ។
លោកបន្តថា លំហូរសាច់ប្រាក់របស់វិនិយោគិនបរទេស ដែលចូលមកកម្ពុជាមិនត្រឹមតែវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យប៉ុណ្ណោះទេ តែពួកគាត់អាចបំបែកទៅវិនិយោគលើវិស័យកសិកម្មនិងទេសចរណ៍ជាដើម”។ លោកបន្តថា “ការបំបែកនេះដែរនឹងធ្វើឱ្យសកម្មភាពវិនិយោគនៅកម្ពុជា កាន់តែមានសន្ទុះឡើង ប៉ុន្តែដូចបានដឹងហើយនៅអំឡុងពេលកូវីដ១៩ មិនមានវិនិយោគិនចូលមកថ្មីៗច្រើននោះទេ ដូច្នេះរាល់ការវិនិយោគមួយចំនួនធំគឺជាវិនិយោគិនក្នុងស្រុក”។
លោកបន្ថែមថា ជនបរទេសមិនមានសិទ្ធិ ក្នុងការទិញដី ឬក៏ផ្ទះនៅជាប់ដីឡើយ តែជនបរទេស ដែលមកវិនិយោគនៅកម្ពុជាគឺមានទំហំទឹកប្រាក់ធំៗ ជាក់ស្ដែងដូចបានដឹងហើយ ការវិនិយោគរបស់បរទេសកន្លងមកនៅកម្ពុជា គឺមានទំហំទឹកប្រាក់ច្រើននិងជាគម្រោងធំៗ លេចធ្លោ។
បើយើងក្រលេកទៅមើលគម្រោងអភិវឌ្ឍន៍ធំៗ នៅក្នុងរាជធានីភ្នំពេញគម្រោងធំៗនៅតាមដងវិថីសំខាន់ៗ គឺភាគច្រើនកាប់កាន់ដោយវិនិយោគិនបរទេស ក្នុងនោះវិនិយោគិនចិនមានចំនួនច្រើនជាងគេ ដែលសបញ្ជាក់ថា វិនិយោគិនបរទេសនៅតែមានឥទ្ធិពលលើវិស័យអចលនទ្រព្យនៅកម្ពុជា ។
សម្រាប់ការបើកប្រទេសឡើងវិញ បន្ទាប់ពីកូវីដ១៩បានវាយលុក អ្នកជំនាញអចលនទ្រព្យ មិនទាន់រំពឹងពីការហូរចូលមកភ្លាមៗនោះទេ ដោយរង់ចាំមើលពីស្ថានភាពនៃកូវីដ១៩ជាមុនសិន ហើយវិនិយោគិនបរទេសនឹងចូលមកកម្ពុជា នៅអំឡុងពាក់ក ណ្ដាលត្រីមាសទី១នៃឆ្នាំ២០២២ខាងមុខនេះ ។
ជាមួយគ្នានេះលោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានឱ្យដឹងថា ការបើកប្រទេសឡើងវិញ យើងមិនទាន់រំពឹងពីការហូរចូលពីវិនិយោគិនបរទេសភ្លាមៗទេ ដោយសារតែស្ថានភាពនៅប្រទេសមួយចំនួន មិនទាន់ធូរស្រាលនៅឡើយ និងមានការរឹតបន្តឹងដដែល ដូច្នេះវិនិយោគិនក៏មិនអាចចេញក្រៅ ដើម្បីស្វែងរកការវិនិយោគរបស់ពួកគេបានទូលំទូលាយដែរ។
ចំណែកលោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា អ្នកវិនិយោគបរទេសដើរតួនាទីសំខាន់ណាស់ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដើម្បីជម្រុញឲ្យវិស័យនេះឈានឡើងមួយកម្រិតទៀត ព្រោះវិនិយោគិនបរទេស ពួកគេចំណាយទុនធំ នាំមកនូវចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗដល់ទីផ្សារ។
លោកស្រីបានបន្តថា “វិនិយោគិនក្នុងស្រុក ទោះបីជាមានការបោះទុនវិនិយោគច្រើនក្តី ប៉ុន្តែវាមិនធ្វើឲ្យទីផ្សារលេចត្រដែតខ្លាំង និងទាក់ទាញទំនុកចិត្តខ្លាំងដូចជាអ្នកវិនិយោគបរទេសនោះទេ”៕