ដំណឹងល្អៈស្ពានមិត្តភាពកម្ពុជា-ចិននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះហើយ

0

ដោយៈ សុផារី

កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីបើកការដ្ឋានគម្រោងសាងសង់ ផ្លូវជាតិលេខ៧១C ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះនឹងត្រូវរៀបចំនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី នៅត្រើយខាងលិចស្ពានស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

កាលពីចុងខែមីនា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នូវស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលឆ្លងកាត់ទន្លេមេគង្គ​។

ផ្លូវ និងស្ពាននេះជាគម្រោង ដែលអនុវត្តដោយក្រុមហ៊ុនសំណង់ចិន និងក្រុមហ៊ុនសំណង់ជប៉ុន ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត ចិន និងរាជរដ្ឋាភិបាលជប៉ុន។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប១១៣១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងអាមេ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here