អនុវត្តន៍តាមវិធីសាស្ត្រទាំង៥នេះ នឹងធ្វើឲ្យអ្នកទិញផ្ទះបានតម្លៃល្អ

0

ដោយ: ម៉ាលីស

ភ្នំពេញៈ ក្នុងនាមជាអតិថិជន តែងតែចង់ទិញផ្ទះក្នុងតម្លៃថោក ដើម្បីពួកគេមានលទ្ធភាពអាចចំណេញបានច្រើន។ ថ្ងៃនេះយើងនិយាយអំពីវិធីសាស្រ្តចរចា ទិញផ្ទះបានថោក ដូចនេះសូមពិចារណាចំណុចមួយចំនួនដូចខាងក្រោម។

១ ស្វែងរកចំណុចខ្សោយនៃផ្ទះ
មុននឹងសម្រេចចិត្តទិញអ្នកគួរតែ ដើរពិនិត្យឲ្យបានល្អគ្រប់ជ្រុងជ្រោយជាមុនសិន។ ជាពិសេសស្វែងរកចំណុចខ្សោយនៃផ្ទះនោះ រួមមាន ដូចជាទីធ្លាតូច អ្នកជិតខាងមិនល្អ បន្ទប់តូច ប្រព័ន្ធភ្លើងមិនគ្រប់គ្រាន់ ប្រព័ន្ធបង្ហូរលូមិនរលូន ថ្នាំលាបមិនល្អ អគារចាស់ ម៉ូតអន់ហួសសម័យ ផ្ទះនៅជិតផ្លូវពេក ឬឆ្ងាយផ្លូវពេក មានរបងការពារ។ល។ យ៉ាងណាត្រូវស្វែងរកចំណុចខ្សោយពិតប្រាកដ ដែលម្ចាស់ផ្ទះមើលឃើញដូចយើងដែរ។

យើងមិនត្រូវបង្អាប់ចំណុចខ្សោយនៃផ្ទះនោះទេ យើងគ្រាន់តែបង្ហាញឲ្យពួកគេបានឃើញតែប៉ុណ្ណោះ នៅពេលពួកគេបានឃើញ ពួកគេនឹងមានអារម្មណ៍ចុះថ្លៃដោយស្វ័យប្រវត្តិ។

២ ស៊ើបតម្លៃទីផ្សារ
អ្នកត្រូវស៊ើបសួរ រឺស្ទាបស្ទង់ តម្លៃទីផ្សារនៃអចលនទ្រព្យ ដែលនៅតំបន់នោះ ដើម្បីអាចដឹងអំពីតម្លៃពិតប្រាកដនៃផ្ទះនោះ ហើយប្រសិនបើម្ចាស់ផ្ទះបានដឹងថា យើងបានដឹងតម្លៃទីផ្សារ គាត់ក៏មិនហ៊ានកាត់ថ្លៃខ្ពស់ដែរ។ វាមិនសូវជាមានតម្លៃខុសគ្នាប៉ុន្មានទេ រវាងតម្លៃទីផ្សារ ហើយការធ្វើឲ្យរយាលពេល នៃការសម្រេចចិត្តទិញរបស់អ្នក អាចនឹងធ្វើឲ្យម្ចាស់ផ្ទះជំរុញឱ្យអ្នកទិញ ដែលយល់ព្រមបញ្ចុះតម្លៃក្រោមទីផ្សារ។

៣ កុំតក់ក្រហល់ចង់ទិញពេក
ចំណុចខ្សោយមនុស្សគ្រប់រូប គឺចំណង់តក់ក្រហល់នេះហើយ អ្នកមិនគួរបង្ហាញចំណង់ថាចង់ទិញផ្ទះនោះទេ ទុកវានៅក្នុងចិត្តចុះ ហើយធ្វើវាធម្មតាហាក់ដូចជាថាបានក៏បានមិនបានក៏មិនថ្វី។ ប្រសិនបើយើងបង្ហាញអារម្មណ៍ចង់បានពេក ម្ចាស់ផ្ទះនៅតែរឹងតម្លៃ គេមិនព្រមចុះឡើ ផ្ទុយទៅវិញប្រសិនបើយើងព្រងើយកន្តើយ គេខ្លាចយើងបែកចិត្តសាវ៉ា គេអាចនឹងបញ្ចុះតំលៃ ដើម្បីអោយមានការព្រមព្រៀង។

៤ ត្រូវដើរមើលផ្ទះឲ្យបានច្រើន
ដូណាល់ត្រាំ (Donald Trump) មហាសេដ្ឋីអចលនទ្រព្យ និងជាអតីតប្រធានា​ធិបតី នៃUSA បាននិយាយថា “មុននឹងសម្រេចចិត្ត ទិញអចលនទ្រព្យណា គួរតែដើរមើលអចលនទ្រព្យ នៅម្ដុំនោះអោយបាន១០០០ដងសិន” ។ វានឹងផ្ដល់អោយអ្នកនូវជម្រើសល្អមួយក្នុងចំណោមច្រើន ហើយអ្នកនឹងទិញវាបានក្នុងតម្លៃថោកបំផុត ក្នុងចំណោមអ្វីដែលអ្នកបានឃើញ អ្នកមិនគួរទៅជួបភ្លាមស្រលាញ់ភ្លែត នឹងចរចាទិញក្នុងមួយពព្រិចភ្នែកនោះទេ អ្នកត្រូវស្គាល់ទាំងអស់ ហើយជ្រើសយកមួយណាដែលល្អបំផុត។

៥ ត្រូវប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ
ប្រហែលជាភ្នាក់ងារអចលនទ្រព្យមានជំនាញ ខាងការបញ្ចុះបញ្ចូលតម្លៃជាងយើង គួរតែប្រគល់ភារកិច្ចនេះទៅកាន់គេចុះ ត្បិតថាគេក៏ចង់បានប្រាក់កម្រៃជើងសារ ដូច្នេះគឺចង់ឲ្យមានការលក់ដូរមួយ ក្នុងតម្លៃថោកសមរម្យ ទៅតាមអតិថិជនចង់បាន។ ម្ចាស់ផ្ទះក៏ជឿជាក់ទៅលើសំដីរបស់ភ្នាក់ងារអចលនទ្រព្យច្រើនជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here