រដ្ឋមន្រ្តីពាណិជ្ជកម្មឡើងការពារច្បាប់ចំនួនបីក្នុងពេលតែមួយនៅរដ្ឋសភា

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួនបី ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦។

សេចក្តីព្រាងច្បាប់ចំនួនបីនោះ រួមមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ទី២សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា-រដ្ឋាភិបាលចិន និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

លោករដ្ឋមន្រ្តីប៉ាន សូរស័ក្តិ នាព្រឹកថ្ងៃទី៩ កញ្ញានេះ បានរាយការណ៍ជូនអង្គប្រជុំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងអាណិត្តប្រគល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសក្រោមផ្នែកទី២.២.២ស្តីពី បរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

លោកបានគូសបញ្ជាក់ពីអំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងជាពិសេសការចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ ដែលជាយន្តការដ៏សំខាន់ក្នុងការធ្វើពិពិធកម្មទីផ្សារ និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌតំបន់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសនឹងចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩៕

ក្រុមហ៊ុនចិន ជាច្រើនសម្រុកលក់ទ្រព្យសកម្មនៅបរទេសក្នុងទំហំច្រើនពាន់ លានដុល្លារ

ដោយៈសុខុម

ហុងកុង: កាលពីប៉ុន្មានឆ្នាំមុន បណ្ដាក្រុមហ៊ុនចិន បានបោះទុនយ៉ាងច្រើនសម្បើមនៅក្រៅប្រទេស ដើម្បីវិនិយោគលើអ្វីគ្រប់យ៉ាងរាប់ ចាប់ពីសណ្ឋាគារប្រណីតរហូតដល់ក្លឹបបាល់ទាត់។

ពេលនេះក្រុមហ៊ុនទាំងនោះ បែរជាសម្រុកនាំគ្នាលក់ចេញទ្រព្យសកម្ម ទាំងនោះទៅវិញ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា។

យោងតាមទិន្នន័យ ដែលបានប្រមូលចងក្រងដោយសារព័ត៌មាន Bloomberg បង្ហាញថា ក្រុមហ៊ុននានានៅប្រទេសចិន បានប្រកាសផែនការដកទុនវិនិយោគរបស់ខ្លួននៅក្រៅប្រទេសរហូត ដល់ទៅ១០,៥ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះដែលជាចំនួនសរុបខ្ពស់បំផុតទី២ ចាប់តាំងពីឆ្នាំ១៩៩៨ មក។ ហើយបើផ្អែកតាមល្បឿន នៃការដកទុនវិនិយោគនាពេលបច្ចុប្បន្ន ឆ្នាំ២០២១ អាចនឹងវ៉ាដាច់ឆ្នាំ២០២០ ដែលមានចំនួនសរុប១៥ពាន់លានដុល្លារ។

លោក Bagrin Angelov ប្រធានផ្នែកទិញយកក្រុមហ៊ុនឆ្លងដែនចិន និងច្របាច់ក្រុមហ៊ុនបញ្ចូលគ្នាប្រចាំក្រុមហ៊ុន China International Capital Corp បានលើកឡើងក្នុងបទសម្ភាសន៍ថា “បច្ចុប្បន្នក្រុមហ៊ុនចិន នានាកំពុងតែសម្រុកលក់ចេញទ្រព្យសកម្មរបស់ខ្លួនជាជាងទិញចូល។ នៅពេលមានការលក់ក្នុងតម្លៃល្អ ក្រុមហ៊ុនចិន ទាំងនោះបើកចំហដើម្បីវាយតម្លៃថា តើគួរទិញចូលក៏អត់”។

តួយ៉ាង ក្រុមហ៊ុន Beijing Capital Group Co ដែលគាំទ្រដោយរដ្ឋ និងក្រុមហ៊ុន Beijing Enterprises Holdings Ltd កំពុងពិចារណាពីការលក់ភាគហ៊ុនរបស់ខ្លួន នៅបរទេស។ ហើយក្រុមហ៊ុន China Tianying Inc កាលពីខែមិថុនា បានព្រមព្រៀងលក់ក្រុមហ៊ុនគ្រប់គ្រងសំរាមរបស់ខ្លួន នៅប្រទេសអេស្ប៉ាញ មានឈ្មោះ Urbaser SA ក្នុងតម្លៃ១,៨ពាន់លានដុល្លារអាមេរិក។

ខុសពីក្រុមហ៊ុនចិន ធំៗផ្សេងទៀតដូចជាក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតទី២ ប្រចាំប្រទេសចិន និងក្រុមហ៊ុន HNA Group Co ដែលពេលនេះកំពុងសម្រុកលក់ចេញទ្រព្យសកម្ម ដើម្បីដោះបំណុលវ័ន្តករបស់ខ្លួននោះ ក្រុមហ៊ុនទាំងនេះមិនមែនលក់ទ្រព្យសកម្ម ដោយសារមានបញ្ហាហិរញ្ញវត្ថុនោះឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងនេះ លក់ដើម្បីបង្វែរដើមទុន សម្រាប់ការវិនិយោគលើទ្រព្យសកម្មនានដែលផ្ដល់ប្រាក់ចំណេញច្រើន ស្របពេលអត្រាការប្រាក់ធ្លាក់ចុះទាប។

ហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញផ្គត់ផ្គង់ទឹក ភ្លើង ស្ថិតក្នុងចំណោមប្រភេទទ្រព្យសកម្មដែលក្រុមហ៊ុនចិន ទាំងនេះកំពុងពិចារណាលក់ចេញ។ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុន Beijing Capital  កំពុងស្វែងប្រមូលដើមទុនឱ្យបានចំនួន១ពាន់លានដុល្លារអាមេរិក ពីការលក់អាជីវកម្មរបស់ខ្លួន នៅប្រទេសនូវែលសេឡង់ ដែលខ្លួនបានទិញចូល ក្នុងតម្លៃប្រហែល៦៦៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤។

ប្រភពបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន China Three Gorges Corp ជិតឈានដល់កិច្ចព្រមព្រៀងលក់ភាគហ៊ុន២៥% ក្នុងទ្រព្យសកម្មថាមពលកកើតឡើងវិញ របស់ខ្លួននៅក្រៅប្រទេសហើយ ហើយតាមការប៉ាន់ប្រមាណថា ការលក់នោះអាចមានតម្លៃដល់ទៅ២ពាន់លានដុល្លារអាមេរិក៕  The Edge Markets៕

តំបន់មួយចំនួនកំពុងក្លាយជាចំណាបអារម្មណ៍របស់វិនិយោគិនក្នុងនិងក្រៅប្រទេសក្រោយបង្កើតក្រុងបូកគោ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់មួយនៅក្នុងខេត្តកំពតបាន និងកំពុងទាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេស ក្នុងការបណ្ដាក់ទុនវិនិយោគបន្ទាប់ពីរដ្ឋាភិបាល បានបង្កើតក្រុងថ្មីមួយនៅខេត្តកំពតគឺក្រុងបូកគោ។

លោកសុខ គែន ជាអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យមួយរូបនៅក្នុងខេត្តកំពតបានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៩ កញ្ញានេះថា អណ្តូងខ្មែរជាឈ្មោះភូមិផ្លូវការ ភូមិនេះ គ្របដណ្តប់លើក្រុមភូមិតូចៗមួយចំនួន ដែលអ្នកស្រុកដើមហៅភូមិទាំងនោះថា ទីមួយភូមិទួល ទី២ភូមិអូតាមារ ទីបីភូមិក្រសាំងលើ ទីបួនភូមិក្រសាំងក្រោម ទីប្រាំភូមិអ  ណ្តូងខ្មែរ។

ភូមិអណ្តូងខ្មែរនេះ ស្ថិតនៅក្នុង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បើគិតពីរង្វង់មូលទីរួមខេត្ត មកព្រុំប្រទល់ភូមិអណ្តូងខ្មែរនេះ មានចំងាយប្រមាណពីរគីឡូម៉ែត្រប៉ុណ្ណោះ។

លោកបន្តថា តំបន់នេះមានផ្លូវមេយ៉ាងសំខាន់មួយ ដែលភ្ជាប់ពីផ្លូវលេខបីទៅកាន់ភូមិតូចៗទាំនោះ ដែលគេស្គាល់ថា “ផ្លូវវាលពួច ឬផ្លូវខ្មោចចោរ”។ ផ្លូវនេះមានទទឹងប្រមាណ៣០ម៉ែត្រ ហើយក៍ជាតំណរភ្ចាប់រវាងផ្លូវជាតិលេខបី និងភ្នំបូកគោដែលនៅកៀកជាមួយ និងក្រុងជាងគេបើធៀបទៅនិងផ្លូវមេដ៍ទៃទៀត។ ក្រៅពីជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាជនក្នុងតំបន់ ផ្លូវនេះក៏ជាជំនួយមួយផ្នែកធំដល់វិស័យទេសចរណ៍ និងទាក់ទាញវិនិយោគ លើការអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានតំបន់នេះផងដែ (ផ្លូវនេះគួតែត្រូវបានធ្វើបញ្ចប់ ហើយការដែលមានឡានដឹកដីធំៗធ្វើអោយខូចផ្លូវ ក៏គួមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ពីព្រោះការដែលបំផ្លាញផ្លូវយ៉ាងគគ្លើន លើផ្លូវដែលមានស្រាប់សព្វថ្ងៃធ្វើអោយប្រជន ក្នុងតំបន់មានការលំបាកខ្លាំង បាត់បង់សោភ័ណ្ឌភាពទេស​ចរណ៍ និងជាក្តីកង្វល់របស់វិនិយោគិនគ្រប់រូប) ។

លោកសុខ គែនបានបន្តថា ប្រជាជនដើមដែលរស់នៅក្នុងភូមិណ្តូងខ្មែរភាគច្រើនជាអ្នកប្រកបការងារកសិកម្ម ហើយដំណាំធុរ៉េនជាដំនាំហូបផ្លែនាំមុខ ហើយក៏ជាតំបន់ផលិតផ្លែធុរ៉េនលេខមួយ សម្រាប់ខេត្តកំពតផងដែ។ ដោយសាកត្តាទីតាំងអំណោយផលទៅលើវិស័យទេសចរណ៍ និងលំនៅដ្ឋានបច្ចុប្បន្ន ទីតាំងដីក្នុងតំបន់ភាគច្រើនបានប្រែក្លាយទៅជាតំបន់ផ្ទះលំហែរ បស់ប្រជាជនមកពីបណ្តាទីក្រុង និងខេត្តមួយចំនួនមានរាជធានីភ្នំពេញ និងក្រុងព្រះស៊ីហនុជាដើម ។

លោកបន្តទៀតថា ក្រៅតែពីការចាប់អារម្មណ៍របស់ប្រជាជនក្នុងស្រុក ភូមិអណ្តូងខ្មែរក៍ជាទីតាំង ដែលទាក់ទាញចំណាប់អារម្មណ៍ជនបរទេស អោយមករស់នៅផងដែ ដែលភាគច្រើន នៃជនបរទេសទាំងនោះគឺជាជនចូលនិវត្តន៍។ ជាក់ស្តែងដោយសាតែមានកំនើននៃការរស់នៅ នៃជនបរទេសក្នុងតំបន់នេះ បានកើនឡើងទើបមានកូនភូមិថ្មីមួយបានកើតឡើងដោយអ្នកក្នុងតំបន់ហៅថា “ភូមិបារាំង” ឬហៅដោយជនបរទេសថា «International Village» ។

ភ្នំបូកគោ និងទឹកធ្លាក់ធម្មជាតិច្រើនកន្លែង គឺជាគោលដៅទេសចរណ៍សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តផ្សងព្រេង និងបោះតង់។ ហើយក៍ជាគោលដៅសំខាន់បំផុតរបស់ប្រជាជន ជាពិសេសអ្នកមកពីទីក្រុងភ្នំពេញ សំរាប់សាងសង់ផ្ទះលំហែចុងសប្តាហ៍ ឬធ្វើផ្ទះទីពីរ៕

ក្រុមហ៊ុនអូស្ត្រាលីនឹងចាប់ផ្ដើមរុករករ៉ែមាសនៅតំបន់សំពៅលូនខេត្តត្បូងឃ្មុំ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល លីមីធីតរបស់ប្រទេសអូស្ត្រាលីបានទទួលសិទ្ធិក្នុងការរុករករ៉ែមាស នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បួងឃ្មុំ ហើយក្រុមហ៊ុននេះ ត្រៀមនឹងធ្វើការរុករករ៉ែមាស ជានៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដើម្បីទាញយកមកប្រើប្រាស់ជាប្រយោជន៍។

នៅក្នុងជំនួបរជាមួយលោកជាម ច័ន្ធសោភ័ណ អភិបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៩កញ្ញា២០២១នេះ ក្រុមហ៊ុនបានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ជួយសហការជាមួយក្រុមហ៊ុន ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការរុករករ៉ែមាសនៅតំបន់មួយនេះ ។

លោកជាម ច័ន្ធសោភ័ណ ក៏បានស្វាគមន៍ដោយក្តីរីករាយ ចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុន ត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។

លោកបានលើកឡើងថា សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួន បានកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរ៉ែជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូ​លទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង មេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ ។ ក្នុងនោះខាងក្រុមហ៊ុន បើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីពួកគាត់មានការងារធ្វើជៀស វាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម ។

តំណាងក្រុមហ៊ុន រុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តាផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរ ការរុករករ៉ែធ្វើទៅបានរលូន ព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នាទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា ៕

ដំណឹងល្អៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េនឹងចុះហត្ថលេខាជាធរមាន នៅដើមខែក្រោយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាពិភពលោកកំពុងជួបវិបត្តិ ដោយសារតែកូវីដ១៩ក្ដី តែកម្ពុជានិងកូរ៉េ នៅតែជំរុញនូវដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងឈានទៅដល់ការចុះហត្ថលេខានៅដើមខែតុលា២០២១នេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថាកម្ពុជា កូរ៉េមានសុទិដ្ឋិនយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ដែលត្រូវចុះហត្ថលេខាចុះហត្ថលេ​ខានៅដើមខែតុលា២០២១នេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី បន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្ដារសេដ្ឋកិច្ច នៃប្រទេសទាំងពីរនៅក្រោយវិបត្តិកូវីដ១៩ ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានកោតសរសើររដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យការស្ដារសេដ្ឋកិច្ច សង្គមមានសន្ទុះខ្លាំង និងវាយតម្លៃខ្ពស់ចំពោះតួនាទី ដ៏សកម្មរបស់សាធារណរដ្ឋកូរ៉េក្នុងក្របខ័ណ្ឌវ៉ាក់សាំងពហុភាគីនិយម ។

លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។

លោកប្រាក់ សុខុនបានបន្តថា “កម្ពុជាស្ញប់ស្ញែង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រីកជំនួយអភិវឌ្ឍន៍ ក្រោមគោលនយោបាយឆ្ពោះទៅរកទិសដៅខាងត្បូងថ្មី និងស្វាគមន៍គោនយោបាយ ឆ្ពោះទៅរកទិសដៅខាងត្បូងថ្មីបូក ដែលផ្ដោតលើវិស័យសំខាន់ៗចំនួន៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាលនិងវេជ្ជសាស្ត្រ”។

លោកឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋកូរ៉េបានមានប្រសាសន៍ផងដែរថា ដោយសារតែកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះ ទៅរកទិសខាងត្បូងថ្មី របស់សាធារណរដ្ឋកូរ៉េ រដ្ឋាភិបាលកូរ៉េនឹងបន្តជួយ និងសហការជាមួយកម្ពុជាក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុនអាយ រីជ ឈីបង្ហាញគោលការណ៍ចំនូន៩ចំណុចដើម្បីឆ្ពោះទៅមុខ លើវិស័យអចលនទ្រព្យ

ដោយៈ ជាក្រុមហ៊ុនមួយដែលទើបបង្កើតឡើង ជាមួយធនធានមនុស្សមានជំនាញ បទពិសោធន៍ច្បាស់លាស់ ថ្នាក់ដឹកនាំក្រុមហ៊ុនIRICHI Investment ឬអាយ រីជ ឈី អ៊ិនវេសមិនបានបង្ហាញគោលការណ៍៩ចំណុច ដើម្បីឆ្ពោះទៅមុខជាមួយនឹងចក្ខុវិស័យច្បាស់លាស់។

មាន៩ចំណុចខាងក្រោយនេះហើយ ទើបស្ថាបនិក អាយ រីជ ឈី សំរេចបើកដំណើរការអាជីវកម្ម ក្រុមហ៊ុន នារដូវកាលកូវីត១៩។

លោកង៉ែត តារាអគ្គនាយកក្រុមហ៊ុនIRICHI Investment Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៨ ៨កញ្ញានេះថា មកដល់បច្ចុប្បន្ននេះ,យើងសង្កេតឃើញថា មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបាន និងកំពុងរីកតែចំរើន ហើយក្នុងនោះទៀតសោធ យើងក៍ឃើញមានក្រុមហ៊ុនអចលនទ្រព្យជាច្រើនបាន និងកំពុងតែបង្កើតឡើងថ្មីៗជាបន្តបន្ទាប់។ ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ច ត្រូវបានវាយប្រហារដោយមេរោគ កូវីត១៩ក៍ដោយ ក៏ដំណើរការប្រតិបត្តិក្រុមហ៊ុនទាំងនោះ នៅតែដំណើរការជាធម្មតា នេះបានសរបញ្ចាក់ឲ្យឃើញថា ស្ថានភាពនិងតំរូវការទីផ្សារអចលនទ្រព្យ នៅតែមានសុខភាពរ៉ឹងមាំដដែល ជាក់ស្តែងដូចជា ក្រុមហ៊ុន អាយ រីជ ឈី អ៊ិនវេសមេន ឯ.ក យើងបានបង្កើតឡើងស្ថិតក្នុងស្ថានភាពកូវីត១៩ ក៏ដោយតែយើងនៅតែមានគំនិតសុទិដ្ឋិនិយម ចំពោះកិច្ចការនេះផងដែរ។

៩ ចំណុចខាងក្រោយនេះហើយ ទើបស្ថាបនិក អាយ រីជ ឈី សំរេចបើកដំណើរការអាជីវកម្មថ្មី របស់ក្រុមហ៊ុនខ្លួននារដូវកាលកូវីត១៩ដូចជា ទី១ ក្រុមហ៊ុន អាយ រីជ ឈី អ៊ិនវេសមេន ឯ.ក ។

ទី១ បង្កើតដោយកូនខ្មែរសុទ្ឋសាធ

អាយ រីជ ឈី–IRICHI មកពីពាក្យ”ទីប្រឹក្សាវិនិយោគផ្នែកលំនៅដ្ឋានអន្តរជាតិ វៃឆ្លាត-INTERNATIOANL RESIDENTIAL INVESTMENT CONSULTANT HUB INTERLLIGENCE” ជាក្រុមហ៊ុនមួយដែលកើតចេញ ពីស្ថាបនិកកូនខ្មែរសុទ្ធសាទរួមមាន៖ លោក ង៉ែត តារា ជាខ្ញុំបាទ លោក ផាត សំណាង លោក សេង ធីតា លោក សឿន ចាន់ណារ៉ា អ្នកស្រី លាភ ចាន់ថេង អ្នកស្រី ម៉ម ស្រីលុច និងលោកខុន ភាក់ បានរួមគ្នាបង្កើតឡើង ដែលពួកយើងទាំងអស់គ្នាសុទ្ធសឹង តែមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យអចលនទ្រព្យនេះ។

២.ពួកយើងមានទស្សនវិស័យរួមគ្នា

ដោយនឹងប្រែក្លាយខ្លួន ទៅជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការធ្វើទីផ្សារ និងផ្តល់ប្រឹក្សាលក់គម្រោងអចលនទ្រព្យ ដែលធ្វើឲ្យក្រុមហ៊ុននិងដៃគូវិនិយោគទទួលបានជោគជ័យជានិច្ចនិរន្ត៍។

៣.បេសកកម្មរបស់យើង

ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ជូនសេវាកម្មអចលនទ្រព្យ កម្រិតឧត្តមភាព ដែលប្រកបដោយក្រមសីលធម៌ ភាពស្មោះត្រង់ ជំនាញវិជ្ជាជីវៈខ្ពស់ ជាមួយនឹងទំនុកចិត្ត ការទទួលខុសត្រូវ ហើយក៍ជាផ្នែកមួយដ៍សំខាន់បំផុត ក្នុងការជួយដោះស្រាយរាល់តម្រូវការរបស់អតិថិជនរបស់យើងផងដែរ។

៤.តម្លៃស្នូលរួមមាន

I: ផ្តល់ភាពស្មោះត្រង់និងទំនុកចិត្តជូនដល់អតិថិជន
R: ទទួលខុសត្រូវចំពោះគុណភាពនិងវិជ្ជជីវះការងារខ្ពស់
I: បង្កើតនូវស្ទាយប្លែកៗ ថ្មីៗ មានតែមួយគត់សម្រាប់អតិថិជន
C: មានភាពច្នៃប្រឌិតក្នុងការផ្តល់ដំណោះស្រាយ ជូនអតិថិជននិងដៃគូវិនិយោគបានយ៉ាងល្អបំផុត។
H: ស្មោះត្រង់ជាមួយដៃគូវិនិយោគ, ក្រុមការងារនិងជាពិសេសមានភក្តីភាពជាមួយក្រុមហ៊ុន អាយ រីជ ឈី អ៊ិនវេសមេន ឯ.ក
I: ក្រុមភ្នាក់ងារដែលមានលក្ខណ: ពិសេសប្លែកដាច់គេ

៥.គោលដៅរួមរបស់យើង

1.ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយះបង្កើតឲ្យមានឱកាសការងារ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យសង្គមជាតិមានភាពរីកចំរើនឆាប់រហ័ស។
2.ជួយដៃគូវិនិយោគ ម្ចាស់អភិវឌ្ឍន៍គម្រោងឲ្យទទួលបានជោគជ័យ លើការវិនិយោគរបស់ខ្លួន។
3.ធ្វើឲ្យក្រុមហ៊ុន និងសមាជិក សមាជិកាទាំងអស់រីកចំរើន តាមរយៈការមានសេរីភាពហិរញ្ញវត្ថុ ពេលវេលា សុភមង្គល និងជាពិសេសទទួលបានភាពជោគជ័យរួមគ្នា។

៦.ក្រុមហ៊ុន អាយ រីជ ឈី

ជាក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនទ្រព្យ ហើយក៍ជាក្រុមហ៊ុនតែមួយគត់ដែលមានឯកទេសក្នុងការធ្វើទីផ្សារ និងការផ្តល់ប្រឹក្សាវិនិយោគ-លក់គម្រោងអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៧.ចក្ខុវិស័យ

ការមើលឃើញពីអនាគត និងចន្លោះខ្វះខាតនៃទីផ្សារអចលនទ្រព្យ ជាពិសេសការបំពេញតាមសេចក្តីត្រូវការ និងទិន្នការនៃការប្រើប្រាស់សេវាកម្ម ក្រុមហ៊ុនអចលនទ្រព្យមានការកើនគួរឲ្យគត់សំគាល់។

៨.ក្រុមហ៊ុនគោរពនូវបទដ្ឋានស្តង់ដា

ជាក្រុមហ៊ុនមួយ ដែលរៀបចំឡើងតាមបទដ្ឋានអរន្តជាតិ ដោយបំពាក់ប្រពន្ធ័ការងារថ្មីតាមបែបឌីជីថល រួមមាន ថ្នាក់ដឹកនាំពោរពេញ ទៅដោយបទពិសោធន៍ច្រើនឆ្នាំ រចនាសម្ពន័គ្រប់គ្រងមានស្ដង់ដា និងច្បាស់លាស់ ប្រព័ន្ធនៃការគ្រប់គ្រងធនធានមនុស្សមានភាពរឹងមាំ មានផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិការងារត្រឹមត្រូវ បុគ្គលិកនិងដៃគូសហការលក់ត្រូវបានបណ្តុះបណ្តាល ឲ្យមានជំនាញនិងវីជ្ជាជីវះខ្ពស់ ដោយត្រៀមនិងចាំបម្រើសេវាកម្មជូនអតិថិជន២៤ម៉ោង។

៩.ការផ្តល់ជូនអត្ថប្រយោជន៍

អាយ រីជ ឈី មានគោលការណ៍ច្បាស់លាស់ ក្នុងបែងចែកភាគលាភ និងកំរៃជើងសារដែលទទួលច្រើនជាងក្រុមហ៊ុនផ្សេងៗ ក្នុងការបែងចែកជូនដៃគូសហការ ក៏ដូចជាមួយបុគ្គលិកផងដែរ ដោយឈរលើភាពស្មោះត្រង់ និងតម្លាភាពខ្ពស់។

ក្រុមហ៊ុន អាយ រីជ ឈី អ៊ិនវេសមេន ឯ.ក ជាដៃគូរវិនិយោគដ័ល្អបំផុតរបស់អ្នក៕

លោកស៊ុន ចាន់ថុលៈផ្លូវជាតិសំខាន់ៗចំនួបីនឹងត្រូវស្ថាបនានៅឆ្នាំ២០២២ ខាងមុខនេះជាអាទិភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួបីខ្សែ នឹងត្រូវបើកការដ្ឋានស្ថាបនានៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។នេះបើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីចុងខែសីហាកន្លងមកថា រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព ក្នុង​បើក​ការដ្ឋាន​ស្តារ​ពង្រីក ​និង​លើក​កម្រិត​ផ្លូវ​ជាតិ​ចំនួន៣ ខ្សែ​នៅ​ដើម​ឆ្នាំ​២០២២ ដែលផ្លូវ​ជាតិ​ទាំង៣ខ្សែនោះរួមមាន ​ផ្លូវ​ជាតិ​លេខ៤១ ​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ៤ មក​លេខ​៣ចាប់​ពី​ចំណុច​ប្រសព្វ​ថ្នល់​ទទឹង ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដល់​ស្រុក​ជុំ​គិរី ​ខេត្ត​កំពត ​ប្រវែងជិត​១០០​គីឡូម៉ែត្រ។

ផ្លូវជាតិ​លេខ៣១ ចេញពីតំបន់​បែក​គូស ទៅ​កំពង់​ត្រាច ក្នុង​ខេត្តកំពត  និង​ផ្លូវជាតិ​លេខ៣៣ពីតភ្ជាប់ពីខេត្ត​កែប ​មក​កំពង់ត្រាច ខេត្តកំពតផងដែរ។

លោកស៊ុន ចាន់ថុលបានពន្យល់ថា “ការ​ផ្តល់​អាទិភាព​ក្នុង​ការ​ស្តារ​និង​លើក​កម្ពស់​ផ្លូវ​ជាតិ​ទាំង៣ខ្សែ​នេះ​មុន​ផ្លូវ​ផ្សេងៗ​ទៀត ដោយសារ​តែ​រដ្ឋាភិបាល​កំណត់​គោលដៅ​​អភិ​វឌ្ឍ​តំបន់​ឆ្នេរ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ត្រូវ​តែ​មាន​ផ្លូវ​ត​ភ្ជាប់​ពី​កែប កំពត ខេត្ត​ព្រះសីហនុ”ដែលជាតំបន់មានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍។

រដ្ឋាភិបាលក៏បានគ្រោងពង្រីកផ្លូវជាតិលេខ៧ ចេញពីតំបន់ប្រជុំជន​ពី​ស្គន់ ក្នុងស្រុកជើងព្រៃ ទៅកាន់ក្រុងកំពង់ចាម ដោយចាត់ទុកគំរោងនេះស្ថិតក្នុងផែនការអាទិភាពផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា នៅក្នុងកញ្ចប់ថវិកាជាតិសម្រាប់ក្រសួង រាជរដ្ឋាភិបាលបានកាត់់បន្ថយ៥០ភាគរយ ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលយកកញ្ចប់ថវិកានោះទៅប្រើប្រាស់ ក្នុងផែនការស្តារសេដ្ឋកិច្ច និងប្រយុទ្ឋនឹងជំងឺកូវីដ១៩ផងដែរ៕

 

ក្រុមហ៊ុនលំដាប់អន្តរជាតិរបស់គូវ៉ែត និងអេមីរ៉ាតអាវាប់រួមមានគោលបំណងវិនិយោ លើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយៈសុជាតា

អន្តរជាតិៈ ក្រុមហ៊ុនលំដាប់យក្សរបស់គូវែត និងអេមីរ៉ាតគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា ខណៈប្រទេសនេះកំពុងមានការរីកចម្រើនយ៉ាងលឿន និងមានតម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋជាចាំបាច់ ដើម្បីពង្រីកឧត្តមភាពសេដ្ឋកិច្ច​របស់ខ្លួន។

លោកAhmad Al Jazzaf  ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Gazmin International ដែលជាក្រុមហ៊ុនកំរិតអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋកូវ៉េត និង ប្រទេសអេមីវ៉ាតអារ៉ាប់រួម បានបង្ហាញពីគោលបំណងចង់មកធ្វើការ វិនិយោគនៅកម្ពុជា លើគម្រោងធំៗមួយចំនួន ដូចជា ការសាងសង់សំណង់អាគារនានា ព្រលានយន្តហោះ ផ្លូវអាកាស (skyway ) ក្នុងរាជធានីភ្នំពេញ ផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅកាន់បណ្តាខេត្តនានា កំពង់ផែសមុទ្រ និងផ្លូវថ្នល់។

លោកបន្ថែមទៀតថា “ក្រុមហ៊ុនសន្យានឹងផ្តល់ជូនស្ថានទូត នូវលិខិតផ្លូវការស្តីពីគម្រោងផែនការកម្មវិធី វិនិយោគធំៗរបស់ក្រុមហ៊ុនផ្តោតនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ”។

ក្នុងឱកាសជំនួបពិភាក្សាជាមួយ ក្រុមហ៊ុននៅថ្ងៃទី ៧ ខែកញ្ញាកន្លងមក ជាមួយលោកហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគូវ៉ែត លោកAhmad Al Jazzaf បានលើកពីគោលនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និង ឱកាសវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និង វិស័យហេដ្ឋារចនាសម្ពន្ធនានានៅកម្ពុជា។

ជាងនេះទៀតប្រទេសកម្ពុជា កំពុងរក្សាបាននូវសេ្ថរភាពនយោបាយ សន្តិភា ការទប់ស្កាត់បាននូវការរីករាលនៃជម្ងឺកូវីត១៩ធូរស្បើយ៕

សម្ដេចតេជោជំរុញឱ្យប្រទេសមហាអនុតំបន់មេគង្គពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការដើម្បីធានាការងើបឡើងវិញនៃសេដ្ឋកិច្ច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារទៅកាន់មេដឹកនាំ នៃបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ពន្លឿនការអនុវត្តកម្មវិធីសហប្រតិបត្តិការ ដើម្បីធានាការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់នេះបានឆាប់រហ័ស។

សម្តេចតេជោបានថ្លែង នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧កាលពីថ្ងៃទី៩ កញ្ញា២០២១នេះឱ្យដឹងថា បច្ចុប្បន្ន ទោះបីជាយើងរំពឹងថាវិបត្តិជំងឺកូវីដ១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះនិងការពង្រីកវិសាលភាព នៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗ កំពុងមានវឌ្ឍនភាពល្អប្រសើរក៏ដោយ ពិភពលោកទាំង​មូលនៅតែប្រឈមនឹងហានិភ័យ នៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាព សង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាពសាធារណរំហូរទេសចរណ៍ រហូតដល់ការរអាក់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ពិភពលោក។

សម្ដេចមានប្រសាសន៍បន្តថា “ក្នុងបរិការណ៍នេះ យើងចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់យើង និងលើកកម្ពុជាសាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគី ដើម្បីធានានូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិនេះបានបញ្ចប់”។

សម្ដេចតេជោបានបន្ថែមថា ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ មហាអនុតំបន់មេគង្គ ជាពិសេសការសម្រេចបានលទ្ធផលជាវិជ្ជមាន លើគ្រប់វិស័យដែលបានរួមចំណែកដល់ការតភ្ជាប់តំបន់ ជាការលើកកម្ពស់ភាពប្រកួតប្រជែង និងការកសាងសហគមន៍ តាមរយៈការអនុវត្តបានពេញលេញ នូវក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេង្គឆ្នាំ២០២២ ផែនការសកម្មភាពហាណូយ និងក្របខ័ណ្ឌវិនិយោគ តំបន់ ចាប់ពីកិច្ចប្រជុំកំពូលលើកទី៦នៅឆ្នាំ២០១៨ មកដល់ពេលនេះ។

តទៅមុខ កិច្ចសហប្រតិបត្តិការរបស់យើង ពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីប្រែក្លាយជាគំរាមកំហែងពីវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់របស់យើង ។

សម្ដេចមានប្រសាសន៍បន្ថែមទៀតថា សម្ដេចមានជំនឿថាការអនុម័ត ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ជាមួយនឹងការដាក់ចេញនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មីៈ កម្មវិធីសហប្រតិបត្តិការអនុតំបន់ ដែលផ្ដោតសារសំខាន់លើកម្លាំងស្នូលនៃសហគមន៍ ការតភ្ជាប់ និងភាពប្រកួតប្រជែង ទន្ទឹមគ្នានឹងការប្រកាន់យកនូវគោលការណ៍ គន្លឹះនៃចីរភាពនិងភាពធន់នៃបរិស្ថាន ដែលមានសមាហរណកម្មទាំងក្នុងនិងក្រៅ និងបរិយាបន្ន ដើម្បីកសាងសហគមន៍មហាតំបន់មេគង្គ ដែលមានអនាគតរួមគ្នា នឹងក្លាយជាសសរស្តម្ភ ដ៏រឹងមាំមួយសម្រាប់មហាអនុតំបន់មេគង្គ ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងបញ្ហាប្រឈម បច្ចុប្បន្នជាពិសេសជួយពង្រឹងភាពធន់ នៃសេដ្ឋកិច្ចនិងសង្គម ក្នុងបរិការណ៍ដែលតំបន់ និងសកលលោកកំពុងប្រែប្រួលយ់ាងឆាប់រហ័សបែបនេះ៕

ក្រុមហ៊ុនAmazon គ្រោងបើកហាងWhole Foods ២កន្លែងដោយគ្មានមនុស្ស ចាំគិតលុយនៅឆ្នាំក្រោយ

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនយក្ស Amazon គ្រោងបើកដំណើរការហាង Whole Foods ចំនួន២កន្លែង ដោយគ្មានមនុស្សចាំគិតលុយនៅឆ្នាំក្រោយ ដែលអតិថិជនមិនចាំបាច់តម្រង់ជួរបង់ប្រាក់ដូចមុនឡើយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៨ កញ្ញា។

ក្រុមហ៊ុន Amazon នឹងដំឡើងបច្ចេកវិទ្យា “Just Walk Out” (យកទំនិញហើយដើរចេញ) នៅហាងទាំងនោះ ដែលគ្រោងបើកដំណើរការក្នុងឆ្នាំ២០២២ នៅវ៉ាស៊ីនតោន ឌីស៊ី និងសង្កាត់ Sherman Oaks រដ្ឋកាលីហ្វ័រញ៉ា។

នេះជាការសាកល្បងចុងក្រោយបង្អស់ លើកម្មវិធីសូហ្វវែរនេះ ដែលត្រូវបានដាក់ ឱ្យប្រើរួចមកហើយនៅហាងម៉ាត Amazon Go ក៏ដូចជាហាងលក់គ្រឿងទេស Amazon Fresh។ ក្រុមហ៊ុន Amazon ក៏លក់កម្មវិធីសូហ្វវែរនេះ ឱ្យទៅអ្នកលក់រាយផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុន Amazon បានទិញយកប៊្រែនហាង Whole Foods ដែលមានសាខាសរុបជាង៥០០ទីតាំងនេះ ក្នុងឆ្នាំ២០១៧ ហើយនេះគឺជាលើកទី១ ហើយដែលបច្ចេកវិទ្យានេះមាននៅហាងនេះ។ ក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃពុធ ទី៨ កញ្ញា ថា ខ្លួននឹងធ្វើការស្ទាបស្ទង់ ហើយរង់ចាំមើលថាតើអតិថិជន មានប្រតិកម្មឆ្លើយតបបែបណាចំពោះបច្ចេកវិទ្យានេះ ហើយថា ខ្លួនគ្មានគម្រោងបំពាក់បច្ចេកវិទ្យានេះ នៅក្នុងហាង Whole Foods បន្ថែមទៀតឡើយនៅពេលដ៏ខ្លីខាងមុខនេះ។

កម្មវិធីសូហ្វវែរនេះ អនុញ្ញាតឱ្យអ្នកដើរទិញទំនិញចូល ក្នុងហាងដោយគ្រាន់តែ   ស្គែន QR Code ដែលមានក្នុង App របស់ Amazon ឬ Whole Foods ហើយប្រើកាមេរ៉ា និងស៊ិនស័រចាប់ចលនា ដើម្បីតាមដានថាតើផលិតផលណាខ្លះ ដែលអតិថិជនយកចេញពីធ្នើរ ហើយដាក់បន្ថែមចូលទៅក្នុងរទេះដាក់ទំនិញរបស់ពួកគេ។ នៅចុងបញ្ចប់ អតិថិជនត្រូវស្គែន QR Code ម្តងទៀតដើម្បីចាកចេញពីហាង ហើយទទួលបានបង្កាន់ដៃឌីជីថល។

ទោះជាយ៉ាងណា បច្ចេកវិទ្យានេះអាចប្រើបានសម្រាប់តែអតិថិជន ដែលមានគណនី Amazon ប៉ុណ្ណោះ ហើយអ្នកដើរទិញទំនិញ ដែលគ្មានគណនី Amazon នឹងត្រូវចូលបង់ប្រាក់នៅបញ្ជរ បង់ប្រាក់ដោយខ្លួនឯង (Self-checkout Stations)៕  CNN៕