គម្រោងអភិវឌ្ឍន៍ផ្លូវថ្មីៗបន្ថែមទៀតទៅកាន់តំបន់ឆ្នេរនឹងជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យកាន់តែខ្លាំង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ផ្លូវសំខាន់ៗ ទៅកាន់តំបន់ឆ្នេរនៃកម្ពុជាបាននិងកំពុងជំរុញសក្ដានុពល និងទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសកម្មភាពនៃការទិញលក់ដីធ្លី នៅក្នុងអំឡុងនៃការរីកដាលនៃជំងឺកូវីដ១៩នេះ។

បើតាមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើផងដែរថា រាជរដ្ឋាភិបាលគ្រោងនឹងជួសជុល និងលើកកម្ពស់ផ្លូវជាច្រើនខ្សែទៀត តភ្ជាប់ទៅកាន់តំបន់ឆ្នេរជាពិសេសខេត្តកំពត និងកែបដែលជាតំបន់ទាក់ទាញថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ។

លោកគង់ ចាន់ណាអគ្គនាយកអចលនទ្រព្យនៃក្រុមហ៊ុនគង់ វង្សប្រណិតរៀលអ៊ីស្ទេតបានឱ្យដឹងថា កំពត និងកែប គឺជាខេត្តអេកូទេសចរណ៍ ដ៏មានសក្ដានុពលនិងកំពុងត្រូវការអ្នកវិនិយោគ សម្រាប់ផ្គត់ផ្គង់សេវាកម្មទៅលើវិស័យទេសចរណ៍ ។ ដោយសារតែខេត្តនេះ មានសក្ដានុពលទៅលើការវិនិយោគអចលនទ្រព្យ សម្រាប់វិស័យទេសចរណ៍ដូច្នេះដី៤ប្រភេទ ដែលមានហាងឆេងនិងទាក់ទាញជាងគេ រួមមាន១.ដីជាប់សមុទ្រ ២.ដីជាប់មាត់ព្រែកធំៗ ទី៣ ដីជាប់ជើងភ្នំ និងទី៤ ដីស្ថិតនៅទីតាំងដែលងាយស្រួលឱ្យវិនិយោគិនធ្វើរីសតបាន ។

លោកបន្តថា ពីព្រោះតែសក្ដានុពល នៃការវិនិយោគយូរអង្វែងនេះហើយ ទើបរដ្ឋាភិបាលលោកបានអភិវឌ្ឍ ហេដ្ឋារចនាសម្ប័ន្ធពីភ្នំពេញ ទៅកាន់ខេត្តទាំងពីរនេះ ដើម្បីងាយស្រួល ដល់ការធ្វើដំណើររបស់ទេសចរ និងវិនិយោគិនទៅកាន់តំបន់ទាំងពីរ”។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះ ក៏បានឱ្យដឹងផងដែរថា កម្ពុជាបានសាងសង់ផ្លូវជាតិល៣ តភ្ជាប់ពីចោមចៅទៅបែកគុសជា៤គន្លង ពីបែកគុសទៅទីរួមខេត្តកំពត ជាពីរគន្លងនិងសម្រេចជិត១០០ភាគរយទៅហើយ។ រដ្ឋាភិបាលក៏មានគម្រោងជួសជុល និងលើកកម្ពស់ផ្លូវជាតិលេខ៤១ពីផ្លូវជាតិលេខទៅផ្លូវជាតិលេខ៣ ឆ្ពោះទៅទីរួមខេត្តកំពត ផ្លូវជាតិលេខ៣១ពី បែកគុសទៅកំពង់ត្រាចឆ្ពោះទៅខេត្តកែប និងផ្លូវជាតិលេខ៣៣ពីទីរួមខេត្តកំពតទៅក្រុងកែប។

លោកបន្តថា “ការអភិវឌ្ឍផ្លូវនេះ នឹងនាំភ្ញៀវទេសចរទៅកម្សាន្ត នៅខេត្តទាំងពីរកាន់តែច្រើន និងនាំវិនិយោគិនជាតិនិងអន្តរជាតិ ទៅកាន់ខេត្តទាំងពីរកាន់តែច្រើនផងដែរនាពេលអនាគត”។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋ បានក្លាយជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច និងអចលនទ្រព្យ ហេតុនេះទើបរដ្ឋាភិបាល បាននិងកំពុងចំណាយទុនវិនិយោគរាប់រយលានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បី​កសាងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ និងអាទិភាពជាមុន។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលផ្តល់ផលប្រយោ​ជន៍សំខាន់ៗជាច្រើន ទី១ ជួយជម្រុញការរីកចម្រើនសេដ្ឋកិច្ចរយៈពេលវែង តាមរយៈការកាត់បន្ថយពេលវេលាដឹកជញ្ជូន ធ្វើដំណើរ ទី២ ជួយជម្រុញការរអភិវឌ្ឈន៍អចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀត ទី៣ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្ខិតជនបទកាន់តែមកកៀកនឹងរាជធានីភ្នំពេញ ដែលជាចំណុចកណ្តាលនៃសេដ្ឋកិច្ច សង្គមរបស់ប្រទេស៕

ក្រសួងរៀបចំដែនដីដាក់ឲ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីធ្លីស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

ដោយៈសុជាតា

ភ្នំពេញៈ បើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី9 ខែកញ្ញា ឆ្នាំ2021 បានអោយដឹងថា រដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីស្រុកបរិប៍ណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការការអភិវឌ្ឍលំនៅឋានគ្រប់វិស័យ។

ក្នុងគោលដៅធានាការគ្រប់គ្រង និងការអភិវឌ្ឍស្រុកបរិបូណ៌ប្រកបដោយចីរភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុកបរិបូណ៌ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ចក្ខុវិស័យឆ្នាំ2030 ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍន៍ដែនដីស្រុកបរិបូណ៌ទាំងមូល ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពី ការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។

ចក្ខុវិស័យដល់ឆ្នាំ ២០៣០នៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូរណ៍ គឺសំដៅរៀបចំ និង អភិវឌ្ឍស្រុកបរិបូរណ៍ ជាស្រុកគំរូក្នុងតំបន់បឹងទន្លសាប លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម  និង បរិស្ថានល្អប្រសើរប្រកបដោយចីរភាព តុល្បភាព និង បរិយាបន្ន តាមរយៈការជំរុញ១.ការអភិវឌ្ឍតំបន់ទីប្រជុំជន និងតំបន់ជនបទប្រកបដោយសោភ័ណ អត្តសញ្ញាណ វប្បធម៍ និងធម្មជាតិល្អប្រសើរ ក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប។

២. ការអភិវឌ្ឍកសិកម្ម និង ជលផលប្រកបដោយចំណេះដឹង ការច្នៃប្រឌិត។ ៣.ការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មសិប្បកម្មកែច្នៃ។ ៤ ការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ។ ៥. ការលើកកម្ពស់អភិបាលល្អ ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និង ការអភិវឌ្ឍបៃតង។

ក្ខុងវិស័យនៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូណ៌មានលក្ខណៈទូលំទូលាយគ្របដណ្តប់ទាំងឯកសារគតិយុត្ត និងបច្ចេកទេសសម្រាប់ធ្វើការ សម្របសម្រួលជាមួយនឹងវិស័យនានា ដែលជាកម្លាំងចលករសេដ្ឋកិច្ចសំដៅធ្វើការ តម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដោយធានាបាននូវការការពារ ធនធានដី ធនធានទឹកក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការអភិរក្ស ធនធាន ធម្មជាតិតំបន់បឹងទន្លេសាប តំបន់ឆ្នុកទ្រដែលរងការបំផ្លាញ ដោយសារសកម្មភាពអភិវឌ្ឍខុសបទដ្ឋានបច្ចេកទេស ឬដោយសារការប្រែប្រួលអាកាសធាតុ ដូចជា ការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកើនឡើងនៃកម្ដៅនៅក្នុងទីប្រជុំជន របបទឹកភ្លៀងមិនទៀងទាត់ ទឹកជំនន់ ភាពរាំងស្ងួត និងខ្យល់ព្យុះជាដើម។

ដើម្បីកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣០ ប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ត្រូវបានសិក្សានូវក្របខណ្ឌ សេដ្ឋកិច្ច សង្គម ដោយផ្អែកតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅ នូវប្រជាសាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ2008 និងឆ្នាំ 2019 របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ តាមរយៈការសិក្សាខាងលើនេះ ស្រុកបរិបូណ៌មានផ្ទៃដី42, 309 ហិកតា ចំនួនប្រជាជននៅឆ្នាំ 2008 មានចំនួន 54, 714 នាក់ ឆ្នាំ 2018 មានចំនួន 58, 417នាក់ និងនៅឆ្នាំ 2030 នឹងកើនឡើងដល់ 63, 194 នាក់ ផ្អែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ៕

សម្ដេចតេជោៈកម្ពុជានឹងអាចសម្រេចគោលដៅបង្កើតភាពស៊ាំសហគមន៍ទូទាំងប្រទេសនិងបើកដំណើរការសេដ្ឋកិច្ចសង្គមឆាប់ៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ថ្លែងនៅក្នុងពិធីបើកពិព័រណ៍ចិន អាស៊ានលើកទី១៨ នៅពីថ្ងៃទី១០ កញ្ញា២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងអាចសម្រេចគោលដៅ នៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្ដើរៗ នៃសកម្ម​ភាពសង្គម សេដ្ឋកិច្ចនាពេលឆាប់ៗខាងមុខនេះ។

សម្ដេចមានប្រសាសន៍ថា ជាលទ្ធផនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ។ គិតត្រឹមដំណាក់ខែសីហា ឆ្នាំ២០២១នេះ ធៀបនឹងផែនការ ការចាក់វ៉ាក់សាំងចំនួន២ដូស ជូនពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបានចំនួន៨៦ភាគរយ និងដូសទី១សម្រាប់កុមារ និងយុវវ័យអាយុពី១២ដល់ក្រោម១៨ឆ្នាំ សម្រេចបាន៨១ភាគរយ ។

សម្ដេចតេជោបានបន្តថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដៃម្ខាងបានប្រយុទ្ធប្រឆាំង យ៉ាងសកម្មជាមួយនឹងជំងឺកូវីដ១៩ តាមរយៈការអនុវត្តន៍យុទ្ធសាស្ត្របីសំខាន់គឺទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តន៍នូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។

សម្ដេចមានប្រសាសន៍ថា “ចិន អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្ដារសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ តាមរយៈការបើកឱ្យទូលំទូលាយ ជាមុននូវទីភ្សារនិងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផ​លដែលមានសក្ដានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត”។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាតាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលកូវីដ២៩ សម្ភារបរិក្ខារពេទ្យនិងជាពិសេសជំនួយវ៉ាក់សាំងបង្ករជំងឺកូវីដ១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ  ៕

ប្រធានាធិបតី ចូ បៃឌិន ដាក់ចេញទិសដៅបង្កើនការផ្គត់ផ្គង់ថាមពលសូឡានៅអាមេរិក ឱ្យឈានដល់៤៥%ត្រឹមឆ្នាំ២០៥០

ដោយសុខុម

ញូវយ៉ក: រដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃឌិន បានប្រកាសកាលពីថ្ងៃពុធ ទី៨ កញ្ញា ថា សហរដ្ឋអាមេរិក គួរតែបង្កើនការផ្គត់ផ្គង់ថាមពលសូឡា (ពន្លឺព្រះអាទិត្យ) ឱ្យបានជិត៥០%នៃការផ្គត់ផ្គង់ថាមពលសរុបនៅត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៩ កញ្ញា។

របាយការណ៍មួយដែលចេញផ្សាយដោយក្រសួងថាមពលអាមេរិក បានបញ្ជាក់ថា ថាមពលសូឡាអាចនឹងគ្របដណ្ដប់រហូតដល់ទៅ៤០%នៃការផ្គត់ផ្គង់ថាមពលសរុបនៅត្រឹមឆ្នាំ២០៣៥ និងឈានដល់៤៥%នៅត្រឹមឆ្នាំ២០៥០។

ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍ថា ទោះជាយ៉ាងណា ការឈានដល់គោលដៅនេះនឹងទាមទារឱ្យសហរដ្ឋអាមេរិក បង្កើនសមត្ថភាពផលិតថាមពលសូឡាប្រចាំឆ្នាំរបស់ខ្លួនដល់ទៅ៤ដងឯណោះ។

ក្រសួងដដែលបានបន្ថែមទៀតថា ដើម្បីសម្រេចបានតាមគោលដៅនេះក៏អាស្រ័យលើការវិនិយោគសាធារណៈលើថាមពលមានភាពទូលំទូលាយកម្រិតណា ព្រមទាំងការកែប្រែគោលនយោបាយដើម្បីដកគ្រឿងលើកទឹកចិត្តសម្រាប់ការផលិតថាមពលដែលផ្អែកលើកាបូនផងដែរ។

ការបញ្ចេញរបាយការណ៍នេះធ្វើឡើង ស្របពេលលោកប្រធានាធិបតី ចូ បៃឌិន ដាក់សម្ពាធឱ្យចាត់វិធានការម៉ឺងម៉ាត់លើបញ្ហាបម្រែបម្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញ នៅពេលដែលសភាពិភាក្សាដេញដោលអំពីសំណើធំៗ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះ ក្រោយពីសហរដ្ឋអាមេរិក ជួបបាតុភូតព្យុះត្រូពិចកាន់តែកំណាច និងភ្លើងឆេះព្រៃ។

ការបញ្ចេញរបាយការណ៍នេះក៏ធ្វើឡើងមិនយូរប៉ុន្មានផងដែរ ក្រោយពីសេតវិមាន ប្រកាសកាលពីខែមុនដោយកំណត់យកឆ្នាំ២០៣០ ជាឆ្នាំគោលដៅបង្កើនការលក់រថយន្តអគ្គិសនីឱ្យបានពាក់កណ្ដាលនៃការលក់រថយន្តសរុបនៅសហរដ្ឋអាមេរិក ជាគោលដៅដ៏មោះមុតមួយទៀតដែលនឹងពឹងផ្អែកលើភាពស្របគ្នានៃគោលនយោបាយសាធារណៈ ការវិនិយោគក្នុងវិស័យឯកជន និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់៕ Bangkok Post

ការជួញដូររូបិយប័ណ្ណឌីជីថលមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅប្រទេសថៃ

ដោយៈសុខុម

បាងកក: ចំនួនគណនីជួញដូររូបិយប័ណ្ណឌីជីថល បានកើនឡើងខ្ពស់រហូតដល់ទៅ២៧,៦ភាគរយ ពីមួយខែធៀបនឹងមួយខែ ខណៈអត្រាការប្រាក់សម្រាប់គណនីប្រាក់បញ្ញើធ្លាក់ចុះខ្លាំង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៩ កញ្ញា។

យោងតាមក្រុមហ៊ុនស្រាវជ្រាវអំពីមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច Kasikorn Research Centerឱ្យដឹងថា បច្ចុប្បន្នមានគណនីជួញដូររូបិយប័ណ្ណឌីជីថល សរុបចំនួនជាង១.៣លានគណនីក្នុងទីផ្សារថៃ ពោលគឺតិចជាងពាក់កណ្តាល បើធៀបនឹងចំនួនគណនីផ្សារភាគហ៊ុន ប៉ុន្តែវាជាអត្រាកំណើនខ្ពស់ប្រចាំខែ។

ក្រុមហ៊ុនខាងលើនេះ បានធ្វើការស្ទង់មតិកាលពីពេលថ្មីៗនេះ ដើម្បីស្វែងយល់ពីឥរិយាបថវិនិយោគ របស់បុគ្គលិកក្រុមហ៊ុនឯកជន មានប្រាក់ចំណូលខ្ពស់ ដែលរស់នៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងនេះ។

លទ្ធផលនៃការស្ទង់មតិនេះបង្ហាញថា ចំនួន៦៩.៤%នៃអ្នកឆ្លើយសំណួរបានដឹងអំពីរូបិយប័ណ្ណឌីជីថល ហើយ៥២%បានបង្ហាញចំណាប់អារម្មណ៍ ចង់វិនិយោគលើរូបិយប័ណ្ណឌីជីថល ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងប្រជាប្រិយភាព នៃការជួញដូរបែបនេះ។

ទោះជាយ៉ាងណា ការជួញដូររូបិយប័ណ្ណឌីជីថល នៅតែត្រូវបានចាត់ទុកថាសម្រា​ប់តែមនុស្សមួយក្រុមតូច ពោលគឺគ្មានលក្ខណៈទូលំទូលាយ ព្រោះអ្នកជួញដូរសកម្មភាគច្រើនជាអ្នកដែលរស់នៅតំបន់ក្រុង ដែលមានប្រាក់ចំណូល និងប្រាក់សន្សំខ្ពស់។

លើសពីនេះទៀត ៤២%នៃអ្នកឆ្លើយតប ដែលមិនបានវិនិយោគលើរូបិយប័ណ្ណឌីជីល ក៏បានបង្ហាញចំណាប់អារម្មណ៍ ចង់វិនិយោគលើរូបិយប័ណ្ណឌីជីថលដែរ នៅឆ្នាំក្រោយ ដែលនេះបង្ហាញថា ចំនួនអ្នកជួញដូររូបិយប័ណ្ណឌីជីថល នឹងកើនឡើងខ្លាំងនាពេលអនា​គតដ៏ខ្លីខាងមុខ។

ការស្ទង់មតិនេះក៏បានរកឃើញដែរថា ជាធម្មតាវិនិយោគិននានា ដែលបានវិនិយោគលើរូបិយប័ណ្ណឌីជីថលរួចហើយ ផ្ដោតលើហាងឆេងឡើងចុះ ច្រើនជាងការជួញដូររយៈពេលវែង។

ការស្ទង់មតិដដែរបានរកឃើញថា ចំនួន៧៦.៣%នៃអ្នកជួញដូរររូបិយប័ណ្ណឌីជីថលសរុបបាននិយាយដូចៗគ្នាថា ពួកគេនៅតែមានឆន្ទៈប្រថុយប្រថាន ទោះបីជាការវិនិ​យោគរបស់ពួកគេ ត្រូវខាតបង់លើសពី៥០% ក្នុងរយៈពេលមួយថ្ងៃក៏ដោយ។ នេះឆ្លុះបញ្ចាំងពីទំនុកចិត្តខ្លាំងថា រូបិយប័ណ្ណឌីជីថល មានសមត្ថភាពអាចហក់ឡើងវិញយ៉ាងឆាប់រហ័ស។

ប្រហែល៤៨.៥%នៃអ្នកឆ្លើយតប ដែលបានវិនិយោគលើរូបិយប័ណ្ណឌីជីថលរួចហើយ បានចំណាយមិនលើសពី ១០%ឡើយ នៃប្រាក់សន្សំរបស់ខ្លួន ដើម្បីវិនិយោគលើរូបិយប័ណ្ណឌីជីថល។ នេះបង្ហាញថា ពួកគេមានការយល់ច្បាស់ អំពីហានិភ័យដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថល ហើយមានសមត្ថភាព អាចរៀបចំយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីការពារការខាតបង់ធំ។

រូបិយប័ណ្ណឌីជីថលបាន និងកំពុងទាក់ទាញវិនិយោគិន កាន់តែច្រើនឱ្យហក់ចូលក្នុងទីផ្សារ ហើយតាមការពឹងថា ប្រជាប្រិយភាពរបស់វានឹងបន្តកើនឡើងកាន់តែខ្លាំង។ យោងតាមការស្ទង់មតិដដែលបង្ហាញថា វិនិយោគិនភាគច្រើន បង្ហាញពីការយល់ដឹងច្បាស់អំពីហានិភ័យនៃការវិនិយោគ។

ទោះជាយ៉ាងណា វិនិយោគិនខ្លះដែលឆ្លើយតប នៅក្នុងស្ទង់មតិនេះ ក៏បានបង្ហាញពីការយល់ដឹងខុសឆ្គង ចំពោះហានិភ័យទាក់ទង នឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណឌីជីថលផងដែរ ព្រោះពួកគេជឿជាក់ថា ប្រាក់ចំណេញដែលបានពីរូបិយប័ណ្ណឌីជីថលនឹងកើនឡើងខ្ពស់ជាលំដាប់។

ក្រុមហ៊ុន Kasikorn Research Center បានឱ្យជាយោបល់ថា ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើតឱកាស ពីការវិនិយោគលើរូបិយប័ណ្ណឌីជីថល បណ្ដាវិនិយោគិនក៏ដូចជា អាជ្ញាធរទីផ្សារចាំបាច់ ត្រូវមានទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងស៊ីជម្រៅអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ៕ Bangkok Post៕

ដំណឹងល្អៈរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាហើយ

ដោយ សុជាតា

ដោយៈ រដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាហើយ ដែលសេចក្តីព្រាងច្បាប់នេះមានលក្ខណៈបើកចំហ និងផ្តល់ភាពអនុគ្រោះជាងមុនពីរាជរដ្ឋាភិបាល ដល់វិនិយោគិនជាតិ និងអន្តរជាតិ។

សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

សេចក្តីព្រាងច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច។

ការធ្វើទំនើបកម្ម ការង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខែ្សច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើជាដើម។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រ​សាសន៍ថា ច្បាប់វិនិយោគថ្មីជាច្បាប់ដ៏ល្អមួយ ដែលផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនជាតិ អន្តរជាតិនូវការលើកទឹកចិត្ត និងអនុគ្រោះជាច្រើន ដើម្បីទាក់ទាញលំហូរទុនវិនិយោ គពីបរទេសកាន់តែច្រើនថែមទៀត។

លោកបន្តថា “ច្បាប់វិនិយោគនេះជាច្បាប់តាក់តែងថ្មី ដោយមិនមែនជាច្បាប់ចាស់ យកមកធ្វើវិសោធនកម្មឡើយ”៕

 

សិក្សាពីរចំណុចនេះដើម្បីដឹងពីនិតិវិធីនៃការបង់ពន្ធលើអចលនទ្រព្យ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ពន្ធលើអចលនទ្រព្យ tax on real property មានអានុភាពទាំងផ្នែកសេដ្ឋកិច្ច និងរដ្ឋបាល។ ពន្ធនេះ គឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ របស់រដ្ឋបាលមូលដ្ឋាន និងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រើប្រាស់ដីធ្លី។

អ្នកជាប់ពន្ធ Taxpayer គឺជារូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលជាកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ លើអចលនទ្រព្យទាំងមូល ឬប្រភេទអចនទ្រព្យណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១នៃប្រការ៣ នៃប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ។

កម្មសិទ្ធិករ សំដៅដល់រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលមានប័ណ្ណសម្គាល់សិទ្ធិឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនទ្រព្យ៕

លោកឧកញ៉ាគីម ហ៊ាងៈពន្យល់ពីតិចនិកក្នុងការក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការក្លាយជាភ្នាក់ងារអចនទ្រព្យម្នាក់មិនលំបាកទេ តែការទទូលបានជោគជ័យ មិនមែនជារឿងសាមញ្ញនោះទេ វាទាមទារនូវកត្តាជាច្រើន។

លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា ប្រសិនអ្នកមានការងារល្អមួយ ប្រសិនបើអ្នកចេះនិយាយភាសាបានល្អ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះមុនពេលព្យាយាមស្វែងរកសំណាងរបស់អ្នក ជាមួយនឹងភ្នាក់ងារអចលនទ្រព្យ ខាងក្រោមនេះជា គន្លឹះមួយចំនួន។

អប់រំខ្លួនឯង
ការអប់រំខ្លួនឯង មិនមែនគ្រាន់តែមានន័យថា ជាការយល់ដឹងពីទីផ្សារ និងធ្វើឲ្យទាន់សម័យ ទៅតាមការប្រែប្រួលត្រឹមតែ តាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកប៉ុណ្ណោះទេ។ មានន័យថា ជាកាទទួលយកការអប់រំត្រឹមត្រូវមួយ និងមានបរិញ្ញាបត្របញ្ជាក់ផងដែរ។ មានមនុស្សប្រហែលជាងមួយពាន់ ឫច្រើនជាងនេះបាន ចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យ និងមានជាងដប់ដងនៃឥស្សរជនល្បីល្បាញ ដែលបានធ្វើការប្រកាសពីអចលនទ្រព្យរបស់ខ្លួន អ្នកទាំងនោះជាអ្នកផ្តល់ឲ្យអ្នកវិនិយោគ ទុននូវកិច្ចព្រមព្រៀងក្លែងក្លាយ និងព័ត៌មានមិនពិត។

នេះមិនត្រឹមតែធ្វើឲ្យអ្នក ដែលមកពីក្រុមហ៊ុនកម្ពុជាមិនល្អនោះទេ ថែមទាំងមានការខ្លាចរអា ក្នុងការធ្វើវិនិយោគទុន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា មិនទុកចិត្តលើភ្នាក់ងារអចលនទ្រព្យម្តងទៀតដែរ។

រៀនភាសា
លោកឧកញ៉ាគីម ហ៊ាង មានប្រសាសន៍ថា ថ្វីបើមានវិនិយោគិនជាច្រើនលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ភាគច្រើនជាជនបរទេស ដែលចង់ធ្វើវិនិយោគទុនលើអចលនទ្រព្យ សម្រាប់ការប្រើប្រាស់ ជាលក្ខណៈពាណិជ្ជកម្ម ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ឫក៏សម្រាប់ការចួលនិវត្តន៍។

ដូច្នេះអ្នកត្រូវតែរៀនពីភាសារបស់ពួកគេ ដើម្បីជៀសវាងរាល់ការយល់ច្រឡំផ្សេង​ៗ។ភាសាអង់គ្លេសជាជម្រើសទីមួយ ដែលត្រូវបាននិយាយ ដោយជាតិសាសន៍ជាច្រើន​។ ប៉ុន្តែចាប់តាំងពីទីផ្សារអចលនទ្រព្យកម្ពុជា មានការពេញនិយមពីអ្នកវិនិយោគពីប្រទេ​សចិន ភាសាអង់គ្លេស នឹងគ្រាន់តែជាផ្នែកមួយសម្រាប់អ្នក ប្រសិនបើអ្នក ចេះនិយាយភាសាចិនបានល្អ។

បទពិសោធន៍ និង ការងារ
បន្ទាប់ពីទទួលបានការអប់រំ និងចេះភាសាផ្នែកមួយដែលត្រូវស្វែងរក គឺបទពិសោ​ធន៍។
លោកឧកញ៉ាគីម ហ៊ាង មានប្រសាសន៍ថា អ្នកចំណូលថ្មីជាច្រើនធ្វើឲ្យមានកំហុសឆ្គងពេលដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនធំៗ។ ប្រសិនបើអ្នកស្វែងរកបទពិសោធន៍ល្អៗ ត្រូវស្វែងរកក្រុមហ៊ុនកម្រិតមធ្យម ដែលជាកន្លែងដែលអ្នក អាចរៀនសូត្រពីស្ថាបនិក ឫក៏នាយកប្រតិបត្តិដោយផ្ទាល់។ នៅក្នុងពេលជាមួយគ្នានោះ ការធ្វើការនៅក្នុងក្រុមហ៊ុនដែលកំពុងតែរីកលូតលាស់ នឹងផ្តល់ឲ្យអ្នកនូវឱកាសល្អៗ ដែលអ្នកនឹងពិបាកនឹងទទួលបាននៅក្នុងក្រុមហ៊ុនធំៗ។

ភាពស្មោះត្រង់
ភាពស្មោះត្រង់របស់អ្នក ប្រហែលជាកត្តាសំខាន់បំផុត ក្នុងចំណោមបុគ្គលិកលក្ខណៈជាច្រើន ដែលភ្នាក់ងារអចលនទ្រព្យម្នាក់ត្រូវតែមាន។ ដូចដែលលោក គីម ហ៊ាង លើកឡើងថា ភាពស្មោះត្រង់កើត ចេញពីបេះដូងរបស់យើង។ មានមនុស្សជាច្រើនដែលបង្កើតក្រុមហ៊ុនថ្មី អាចរកប្រាក់ចំណូលបានយ៉ាង ច្រើននៅពេលដំបូងប៉ុន្តែជារឿយៗខិតខំតស៊ូក្នុងរយៈពេលវែង។

នេះដោយសារតែពួកគេខ្វះខាត ការយល់ចិត្តគ្នា សម្រាប់អ្វីដែលជាតម្រូវការរបស់វិនិយោគិន។ ដូច្នេះជាចាំបាច់អ្នក នៅតែរក្សាការទុកចិត្ត និងផ្តល់នូវជម្រើសដ៏ល្អបំផុតជាជាងកំណត់ពីការរំពឹងទុកយ៉ាងខ្ពស់ ដែលអ្នកដឹងថាអ្នកមិនអាចធ្វើវាបាន។ សេចក្តីសុចរឹត និងអត្តចរឹតល្អរបស់អ្នក គឺជាអ្វីដែលនឹងធ្វើឲ្យអ្នកដ៏ទៃត្រលប់មករកអ្នកវិញ។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា អាជីពដែលមានរយៈពេលវែង គឺពឹងផ្នែកបំផុតលើទំនុកចិត្ត ដែលអ្នកបង្កើតឡើងជាមួយអតិថិជនរបស់ អ្នកជាមូលដ្ឋាន។ មិនថាអ្នកជាអ្នកទើបតែធ្វើការវិនិយោគអចលនទ្រព្យថ្មី ឫមិនមែននោះទេ ដែលជាការសំខាន់ត្រូវរក្សាគន្លឹះទាំងអស់នេះ នៅក្នុងចិត្តរបស់អ្នកជានិច្ច ដើម្បីការពាររាល់កំហុសឆ្គង និងផលវិបាកនានា។

ការសំខាន់ត្រូវចងចាំថាការងារជាភ្នាក់ងារអចលនទ្រព្យ គឺមិនគ្រាន់តែដើម្បីរកប្រា​ក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមាននៅក្នុងចិត្តជានិច្ច ពីចំណាប់អារម្មណ៍បំផុតរបស់វិនិយោគិនគ្រប់ពេលវេលា៕

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ទាក់ទងពាណិជ្ជកម្ម និងវិនិយោគសំខាន់ៗចំនួន៧

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋសភាជាតិ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង នៅក្នុងសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។

កិច្ចប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃនេះ មានរបៀបវារៈចំនួន៨ ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចូលរួមចំនួន៨៣រូប។ របៀបវាៈទី១ ជាការបោះឆ្នោតជ្រើសតាំង លោក ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ក្រៅពីនោះគឺជាការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៧។

ចំណែកសេចក្តីព្រាងច្បាប់ចំនួន៧ ក្នុងចំណោម៨របៀបវារៈ ដែលត្រូវបានរដ្ឋសភា​អនុម័តនេះ រួមមាន៖
* សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
* សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មីច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
*សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។
* សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត ១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ ន ច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជសរកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ១៩៩៧។
*សេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
* សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចពៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។

សេចក្តីព្រាងច្បាប់ទំាងនេះ ផ្តល់លទ្ធភាពកាន់តែប្រសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូល សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគតំបន់ ដោ​យពង្រីកបន្ថែមទៀត នូវខ្សែច្រវាក់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេស និងតំបន់៕

រដ្ឋមន្រ្តីពាណិជ្ជកម្មឡើងការពារច្បាប់ចំនួនបីក្នុងពេលតែមួយនៅរដ្ឋសភា

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួនបី ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦។

សេចក្តីព្រាងច្បាប់ចំនួនបីនោះ រួមមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ទី២សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា-រដ្ឋាភិបាលចិន និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

លោករដ្ឋមន្រ្តីប៉ាន សូរស័ក្តិ នាព្រឹកថ្ងៃទី៩ កញ្ញានេះ បានរាយការណ៍ជូនអង្គប្រជុំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងអាណិត្តប្រគល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសក្រោមផ្នែកទី២.២.២ស្តីពី បរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

លោកបានគូសបញ្ជាក់ពីអំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងជាពិសេសការចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ ដែលជាយន្តការដ៏សំខាន់ក្នុងការធ្វើពិពិធកម្មទីផ្សារ និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌតំបន់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសនឹងចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩៕