អាគារការិយាល័យសម្រាប់ជួលនៅតែបន្តធ្លាក់ចុះនៅចុងឆ្នាំ២០២១

ដោយ សុជាតា

ភ្នំពេញៈ ទីផ្សារអាគារការិយាល័យសំរាប់ជួល នៅតែមានសញ្ញាស្លោកស្រពោននៅឡើយ ដោយសារវិបត្តិកូវីដ១៩ ដែលមិនទាន់មានក្រុមហ៊ុនថ្មីៗបានបង្កើតឡើងច្រើន និងក្រុមហ៊ុនអន្តរជាតិថ្មីៗនៅមិនទាន់ចូលមកម្ពុជានៅឡើយ។

លោកឌឹត ចាន់ណា អគ្គនាយកក្រុមហ៊ុន Lucky Real estate  បានបញ្ចាក់ប្រាប់ Property Area asia នៅថ្ងៃទី១១ ខែកញ្ញាថា នៅត្រីមសទីបី ឆ្នាំ ២០២១ អាគារការិ​យាល័យសម្រាប់ជួល នៅបន្តធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំ ២០២០កន្លងទៅនេះ  ប៉ុន្តែអ្នកជំនាញ នៅក្នុងវិស័យរូបនេះបានបង្ហាញក្ដីរំពឹងថា ភាពល្អប្រសើរឡើង វិញនៅពេលដែលការចាក់វាក់សាំងពេញលេញ និងភាពធូរស្រាលនៃវិបត្តិកូវីត១៩ នេះ។

លោកលើកឡើងថា “មុនវិបត្តិ Covid 19 នេះ អាគារការិយាល័យជួលនៅកណ្តាលរាជធានីភ្នំពេញ មានតំរូវការខ្ពស់ជាងការផ្គត់ផ្គត់ ដោយតំរូវអោយម្ចាស់អាជិវកម្ម ត្រូវការផ្ទះល្វែង និង ផ្ទះវីឡា សម្រាប់ការិយាជួលបន្ថែមទៀត”។

ប៉ុន្តែនាពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះគួរអោយកត់សំគាល់ ជាពិសេសការជួលអាគារការិយាល័យ ពីសំណាក់ភ្ញៀវបរទេស។ ចំពោះតម្លៃជួលការិយាល័យ គឹបែងចែកជាបីធំៗ គឺអាគារកម្រិតA  មានតម្លៃចាប់ពី ១០ដល់៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង អាគារកម្រិតB មានតម្លៃចន្លោះពី១៣ ដល់ ១៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង អាគារកម្រិត C  គឺមានចន្លោះពី១០ដុល្លារ ទៅ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកឌឹត ចណ្ណាបានសង្ឃឹមថា ក្រោយពេលវិបត្តិ ត្រូវបានផុតរលត់ វិនិយោគិន អន្តរជាតិ ជាច្រើននឹងចូលមកកាន់ទីផ្សារកម្ពុជាសាជាថ្មី ដោយសារតែកម្ពុជាជាគោលដៅ របស់ពួកគេ ដែល អាចមានឱកាសច្រើនក្នុងវិនិយោគ និងទទួលបានចំណេញខ្ពស់បើ ប្រៀបធៀប ទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់៕

តាមរបាយការណ៍ស្រាវជ្រាវ របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ បានលើកឡើង ទីតាំងការិយាល័យនៅទីក្រុងភ្នំពេញ មានតម្លៃដាក់ជួលជាមធ្យម២៣,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ស្របពេលដែលទីក្រុងបាងកក មានតម្លៃដាក់ជួលជាមធ្យម៣៩,១ ដុល្លារ ហើយក្រុងហូជីមិញវិញ មានតម្លៃដាក់ជួលជាមធ្យម៤២,១ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

អ្នកជំនាញក្រុមហ៊ុន VTrust Appraisal បានព្យារករណ៍នៅក្នុងរបាយការណ៍ថា ផ្ទៃអគារការិយាល័យ ពីគ្រប់ប្រភេទការិយាល័យទាំងអស់ បូកបញ្ចូលគ្នានឹងកើនដល់ជាង ១លានម៉ែត្រការ៉េ នៅឆ្នាំ២០៣០ ក្នុងកម្រិតកំណើនធម្មតា។  ក្នុងករណីមានកំណើនល្អខ្លាំង ចំនួនសរុបបូកបញ្ចូលគ្នា នឹងកើនដល់១,៦៩២,០០០ ម៉ែត្រការ៉េនៅឆ្នាំ ២០៣០៕

តើមេដឹកនាំមហាអំណាចធំជាងគេទាំង២លើលោកជជែកគ្នាអ្វីខ្លះរហូតដល់៩០នាទី

ដោយៈគង់ សូរិយា

ភ្នំពេញៈ មេដឹកនាំមហាអំណាចលេខ១ និងលេខ២របស់អាមេរិក បានជជែកគ្នាតាមទូរស័ព្ទរហូតដល់៩០នាទី ដែលកិច្ចសន្ទនានេះបានធ្វើឡើងនៅថ្ងៃទី១០ កញ្ញានេះ។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅពេលដែលមហាយក្សសេដ្ឋកិច្ចទាំងពីរ កំពុងជួបប្រទះនូវបញ្ហាធំៗរវាងគ្នា ដែលពិបាកនឹងដោះស្រាយជាទីបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN ។

យ៉ាងណាក៏ដោយ ជំនួបក្នុងរយៈពេល៩០នាទី តាមខ្សែទូរស័ព្ទ ដែលត្រូវបានប្រកាសចេញនៅថ្ងៃសុក្រនេះ ភាគីទាំងពីរហាក់បង្ហាញឥរិយាបទទន់ភ្លន់ និងចង់បានដំណើរឈានទៅរកភាពវិជ្ជមានឡើងវិញ នៃទំនាក់ទំនងរវាងគ្នា ដើម្បីឲ្យសមស្របទៅនឹង បរិបទប្រែប្រួលនៅជុំវិញពិភពលោក។ ក្នុងនោះដែរ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជំរុញឲ្យសហរដ្ឋអាមេរិក នៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន ព្យាយាមធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ងាកមកដើរលើផ្លូវត្រឹមត្រូវវិញ។

នៅក្នុងកិច្ចសន្ទនានោះ លោកស៊ី ជិនពីង បានសម្តែងចេញនូវទឹកចិត្តអាណិតអាសូរ ទៅកាន់លោក ចូ បៃដិន ដោយសារតែការបាត់បង់ជីវិតនៃពលរដ្ឋអាមេរិក និងការខាតបង់ផ្នែកសេដ្ឋកិច្ច បង្កឡើងដោយព្យុះហឺរីខិន អាយដា (Ida) កាលពីសប្តាហ៍មុន។

លោក ចូ បៃដិន ក៏បានទទួលយកនូវទឹកចិត្តអាណិតអាសូរ ពីសំណាក់ប្រធានា​ធិបតីចិនផងដែរ។

លោកស៊ី ជីនពីង បានលើកឡើងអំពីគោលនយោបាយ ដែលសហរដ្ឋអាមេរិកបានដាក់មកលើចិន ដែលពេលខ្លះបានបង្កឲ្យទំនាក់ទំនង ចិន-អាមេរិក ឈានទៅរកភាពលំបាកលំបិនបំផុត។

លោក ស៊ីបានសង្កត់ធ្ងន់ថា “ភាពធ្ងន់ធ្ងរជុំវិញរឿងនេះ មិនត្រឹមតែបង្កផលប៉ះពាល់ទៅដល់ ប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍រួម នៃបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ”។

លោកស៊ី ជិនពីង បានធ្វើការពន្យល់អំលុងកិច្ចសន្ទនា៩០នាទី ជាមួយលោក ចូ បៃដិន នោះទៀតថា សហរដ្ឋអាមេរិក និងប្រទេសចិននៅពេលនេះ គឺជាតួអង្គសេដ្ឋកិច្ចធំៗទាំងពីរប្រចាំពិភពលោក ដូច្នេះតើប្រទេសទាំងពីរ ត្រូវរក្សាទំនាក់ទំនងគ្នាបែបណា ដើម្បីបង្ហាញពីភាពទទួលខុសត្រូវ ចំពោះអនាគតពិភពលោក?។

លោកស៊ី ជិនពីង បានសង្កត់ធ្ងន់ជុំវិញបញ្ហានេះថា “នេះគឺជាសំនួរប្រចាំសតវត្សរ៍ ដែលប្រទេសទាំងពីរ (ចិន និងអាមេរិក) ត្រូវតែផ្តល់ចម្លើយដ៏ល្អមួយ។ នៅពេលដែលប្រទេសទាំងពីរសហការគ្នា នោះប្រទេសទាំងពីរ និងពិភពលោកទាំងមូល នឹងទទួលបានផលប្រយោជន៍… ហើយនៅពេលដែលចិន និងសហរដ្ឋអាមេរិកប្រឈមមុខដាក់គ្នា នោះប្រទេសទាំងពីរ រួមទាំងពិភពលោកទាំងមួល ក៏នឹងទទួលរងគ្រោះដែរ

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជំរុញឲ្យលោកចូ បៃដិន ដែលជាប្រធា​នាធិបតីអាមេរិកកំពុងកាន់អំណាចបច្ចុប្បន្ន ប្រឹងប្រែងស្តារទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យវិលត្រលប់មករកផ្លូវត្រឹមត្រូវវិញ ហើយនេះមិនមែនជាជម្រើសនោះទេ ប៉ុន្តែគឺជាអ្វីដែលចិននឹងអាមេរិកត្រូវតែធ្វើ និងធ្វើឲ្យប្រសើរជាទីបំផុត។

ងាកមកកាន់បញ្ហាបម្រែបម្រួលអាកាសធាតុ និងជំងឺ COVID-19 វិញ លោក ស៊ី ជិនពីង បានបង្ហាញពីជំហរឥតងាករេរបស់ចិន ក្នុងការបង្កើនទំនាក់ទំនង ជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ប្រទេសចិនគាំទ្រការអភិវឌ្ឍបៃតង និងប្តេជ្ញាធ្វើតាមផែនការកាត់បន្ថយកាបូន ចំពោះមុខឆាកអន្តរជាតិ។ ដោយឡែកសម្រាប់ជំងឺ COVID-19 ចិនជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ ដើម្បីដោះស្រាយបញ្ហារួមគ្នា។

ជាការឆ្លើយតប លោកចូ បៃដិន ក៏បានធ្វើកត់សម្គាល់ស្រដៀងគ្នាផងដែរដោយប្រធានាធិបតីអាមេរិករូបនេះបានទទួលស្គាល់ថា ពិភពលោកមានការផ្លាស់ប្តូរដ៏ល្បឿនរហ័ស។

លោក បៃដិន សង្កត់ធ្ងន់យ៉ាងដូច្នេះថា ទំនាក់ទំនងអាមេរិក-ចិន គឺជាទំនាក់ទំនងដែលមានភាពស្មុគស្មាញបំផុត នៅលើពិភពលោក ហើយអនាគតនៃពិភពលោកទាំងមូ​ល គឺអាស្រ័យលើរបៀបដែលសហរដ្ឋអាមេរិក និងចិនមានទំនាក់ទំនងជាមួយគ្នា

លោក ចូ បៃដិន បានថ្លែងបន្តទៀតថា ប្រទេសទាំងពីរមិនទទួលបានប្រយោជន៍អ្វី ពីការបណ្តែតបណ្តោយឱ្យការប្រកួតប្រជែងគ្នា ធ្លាក់ចូលទៅក្នុងជម្លោះនោះទេ…. ហើយភាគីអាមេរិកក៏គ្មានបំណង ផ្លាស់ប្តូរគោលនយោបាយចិនតែមួយដែរ។ លោកបន្តថា វាត្រូវបានរៀបចំឡើង ដើម្បីឱ្យមានការផ្លាស់ប្តូរដោយស្មោះត្រង់ និងការពិភាក្សាប្រកបដោ​យលក្ខណៈស្ថាបនា ជាមួយប្រទេសចិន ដើម្បីកំណត់វិស័យសំខាន់ៗ និងជាអាទិភាព ដែលកិច្ចសហប្រតិបត្តិការអាចធ្វើទៅបាន ដោយចៀសវាងការប្រាស្រ័យទាក់ទងដោយខុសឆ្គង, ការគណនាខុស និងជម្លោះដោយអចេតនា និងធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិន វិលមករកភាពប្រក្រតីវិញ

លោក ចូ បៃដិន បានបន្ថែមថា ភាគីអាមេរិកទន្ទឹងរង់ចាំការពិភាក្សា និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយចិន ដើម្បីឈានដល់ការបង្កើតជំហររួមមួយ ស្តីពីការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាសំខាន់ៗផ្សេងទៀត។ ប្រធានាធិបតីនៃប្រ​ទេសទាំងពីរ បានព្រមព្រៀងគ្នាថា នឹងធ្វើការប្រាស្រ័យទាក់ទង ដ៏ស៊ីជម្រៅរវាងចិន និងអាមេរិក និងទំនាក់ទំនងពាក់ព័ន្ធបញ្ហាអន្តរជាតិធំៗ ហើយប្រការនេះពិតជាមានសារៈសំ​ខាន់ខ្លាំងណាស់ សម្រាប់ការជំរុញទំនាក់ទំនងទ្វេភាគី ឲ្យស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ៕

 

អតិផរណា និងថ្លៃថាមពលហក់ឡើងខ្ពស់បង្ខំយក្សចិនបញ្ចេញលក់ប្រេងឆៅបម្រុង ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ដោយៈសុខុម

ហុងកុង: មហាយក្សចិន កំពុងចាប់ផ្តើមបញ្ចេញលក់ប្រេងឆៅមួយចំនួន ដែលខ្លួនរក្សាទុកក្នុងស្តុកបម្រុង ជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីធ្វើឱ្យតម្លៃលើទីផ្សារធ្លាក់ចុះ ហើយចំណាត់ការនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេសចិន ដែលជាអ្នកនាំចូលប្រេងធំបំផុត និងជាអ្នកប្រើប្រាស់ប្រេងធំទី២ របស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ កញ្ញា នេះ។

ការិយាល័យស្តុកធញ្ញជាតិ និងវត្ថុធាតុដើមបម្រុងថ្នាក់ជាតិរបស់ប្រទេសចិន បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ កញ្ញា ថា ខ្លួននឹងបញ្ចេញលក់ស្តុកប្រេងឆៅរបស់ខ្លួនជាដំណាក់កាលៗ។ ការិយាល័យនេះមានបំណងបញ្ចេញលក់ ប្រេងឆៅទាំងនេះឱ្យទៅបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង និងគីមីឥន្ធនៈក្នុងស្រុក។

ការិយាល័យនេះបានចេញសេចក្តីថ្លែងការណ៍ថា “ការបញ្ចេញលក់ប្រេងឆៅបម្រុងរបស់ជាតិលើទីផ្សារ តាមរយៈការដេញថ្លៃបើកចំហនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់ និងតម្រូវការទីផ្សារក្នុងស្រុកមានស្ថិរភាព និងធានាបាននូវសន្តិសុខថាមពលជាតិ ប្រកបដោយប្រសិទ្ធភាព”។លោកបានបន្ថែមទៀតថា “ការបញ្ចេញលក់ស្តុកប្រេងឆៅនេះនឹង “កាត់បន្ថយសម្ពាធនៃការឡើងថ្លៃវត្ថុធាតុដើមសម្រាប់ក្រុមហ៊ុនផលិតប្រេងនានា”។

តម្លៃប្រេងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុង   រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការប្រកាសរបស់ចិន។ ទីផ្សារប្រេងឆៅអង់គ្លេស Brent បានធ្លាក់ថ្លៃ១,៦% ខណៈទីផ្សារប្រេងឆៅអាមេរិក ធ្លាក់ថ្លៃ១,៧%។ ទីផ្សារទាំងនេះបានស្ទុះងើបឡើងវិញបន្តិចវិញ ដោយប្រេងក្នុងមួយបារ៉ែតម្លៃ៧១,៨៥ដុល្លារក្នុងទីផ្សារប្រេងឆៅអង់គ្លេស និងមួយបារ៉ែលតម្លៃ៦៨,៤៥ដុល្លារក្នុងទីផ្សារប្រេងអាមេរិក។

ទោះជាយ៉ាងណា រដ្ឋាភិបាលចិន មិនបានបញ្ជាក់ពីបរមាណប្រេងឆៅ ដែលខ្លួននឹងបញ្ចេញលក់ឡើយ។ ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើប្រេងបរទេស ដើម្បីផ្គត់ផ្គង់ថាមពលដល់សេដ្ឋកិច្ចរបស់ខ្លួន ហើយបានប្រឹងប្រែងបង្កើនស្តុកប្រេងបម្រុង សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នជាច្រើនឆ្នាំមកហើយ។

ប្រទេសចិន មិនសូវបញ្ចេញទិន្នន័យ អំពីទុនប្រេងបម្រុងរបស់ខ្លួនឡើយ ប៉ុន្តែកាលពីឆ្នាំ២០១៧ បាននិយាយថា ខ្លួនបានបង្កើតមូលដ្ឋាន សម្រាប់ស្តុកប្រេងបម្រុងធំៗចំនួន៩ទីតាំងនៅទូទាំងប្រទេស ដែលមានសមត្ថភាពផ្ទុក សរុបរហូតដល់ទៅ៣៧,៧លានតោន។

ប្រទេសនេះក៏បាននិយាយដែរថា ខ្លួនចង់បង្កើនស្តុកប្រេងបម្រុងសម្រាប់គ្រាអាសន្ន ឱ្យបានរហូតដល់៨៥លានតោន នៅត្រឹមដំណាច់ឆ្នាំ២០២០ ដែលស្ទើរតែស្មើនឹងស្តុកប្រេងបម្រុងរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសមានស្តុកប្រេងបម្រុងច្រើនបំផុតរបស់ពិភពលោក។

ប៉ុន្តែពេលនេះ សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលជាច្រើន។ អតិផរណាកំពុងហក់ឡើងខ្ពស់ ហើយសន្ទស្សន៍តម្លៃសម្រាប់ក្រុមហ៊ុនសហគ្រា​សផលិតកាលពីខែមុន បានឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល១៣ឆ្នាំ ដែលទាំងអស់នេះបណ្តាលមកពីទំនិញឡើងថ្លៃ។ ទន្ទឹមនេះ ថ្លៃថាមពលក៏កើនឡើង ហើយតម្រូវការក៏ខ្ពស់ខ្លាំងដែលខេត្តខ្លះរបស់ចិន ថែមទាំងជួបប្រទះការខ្វះខាតថាមពលទៀតផង៕

ក្រុមអ្នកជំនាញៈទីផ្សារខុនដូរនៅត្រីមាសបីឆ្នាំ២០២១ នៅតែមិនទាន់មាន ភាពប្រកួតប្រជា

ដោយៈសុជាតា

ភ្នំពេញៈ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលបន្តិចក្តី ប៉ុន្តែការលក់យូនីតខុនដូនៅកម្ពុជានៅតែមិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ។

អ្នកនាង គឺម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ កញ្ញានេះថា ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលលំបាកជាងឆ្នាំ២០២០ កន្លងទៅនេះ ដោយក្រុមហ៊ុនសាងសង់ខុនដូរថ្មី មានអាត្រាតិចតួចជាងមុន។

អ្នកនាងបន្តថា ចំពោះគម្រោងខុនដូ ដែលដំណើរការលក់នៅត្រីមាសមុន គឺតែបន្តដំណើរលក់ និង សាងសង់ ដោយមិនទាន់សញ្ញាណផ្អាក និងពន្យាពេលនោះ ប៉ុន្តែចំពោះគម្រោងខុនដូរថ្មី នៅមិនទាន់ចាប់ផ្តើមឡើងទីផ្សារនោះទេ ដោយសារតែពេលនេះ មិនមានជាពេលវេលាសមស្រប គម្រោងខុនដូរថ្មី ហើយមូលហេតុនៃការឆ្លាក់ចុះ គឺ ដោយ​សារតែវិបត្តិកូវីដ១៩ ដែលធ្វើអោយភាគច្រើនបណ្ដាល មកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ។

អ្នកនាងបន្ថែមថា អាគារខុនដូរប្រមាណ ២៧០០០យូនីតបានសាងសង់បញ្ចប់ ដោយមានតម្លៃចន្លោះពី១៥០០ ដុល្លារ ទៅ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់និន្នការរយៈពេលយូរ គឺនៅប្រជាជនច្រើនប្រមូលផ្តុំនៅទីក្រុង ដែលដីនៅកណ្តាលក្រុងចង្អៀត ធ្វើអោយទីផ្សារខុនដូរ សម្រាប់តំរូវការប្រជាជនក្នុងស្រុក បន្តកើនឡើងផងដែរ។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានប្រាប់ Property Area Asian នៅថ្ងៃដដែលថា ចំពោះទីផ្សារខុនដូនៅចុងឆ្នាំ២០២១ នេះគឺយើងបែងចែកជាពីរធំៗ គឺការវិនិយោគពីខាងក្រៅប្រទេស និងខាងក្នុងប្រទេស។ ចំពោះទីផ្សារខុនដូពីក្រៅប្រទេសគឺមានធ្លាក់ចុះ ដោយសារវិបត្តិសកល Covid 19 ដែលប៉ះពាល់ទៅដល់ចរន្តទិញ លក់អាគារសហកម្មសិទ្ធិនេះ។

ប៉ុន្តែចំពោះទីផ្សារខុនដូ ដែលមកពីខាងក្នុងគឺសំដៅអតិថិនក្នុងស្រុក គឺមិនមានការធ្លាក់ចុះនោះទេ ដោយក្រុមហ៊ុនគឺជំនាញលក់ សម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងការបញ្ចុះតម្លៃ និងកញ្ចប់សេវាកម្មទាក់ទាញផងដែរ។ ចំពោះតម្លៃខុនដូ គឺគេបែងចែកជាបីធំ ពោលគឺ Great A គឺតម្លៃ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េGreat B គឺតម្លៃ៣០០០ ដុល្លារក្នុងម៉ែត្រការ៉ និង Great C គឺតម្លៃ ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

អ្នកជំនាញៈតំបន់តាមផ្លូវ៤១កំពុងទាក់ទាញលើការវិនិយោគឧស្សាហកម្មនិងទេស ចរណ៍បន្ទាប់ពីផ្លូវ៥១

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការវិនិយោគលើផ្លូវ៥១ កំពុងតែទទួលបានការទាក់ទាញខ្លាំង ទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងលំនៅឋាន ហើយបន្ទាប់ពីផ្លូវនេះផ្លូវ៤១ក៏កំពុងទទួលបានការចាប់អារម្មណ៍បណ្ដើរៗផងដែរបន្ទាប់ពីផ្លូវ៥១។

លោកឧកញ៉ា យ៉ន សេងហានអគ្គនាយកក្រុមហ៊ុនសេង ហាន បានមានប្រសា​សន៍ក្នុងកិច្ចសម្ភាសន៍ជាមួយគេទំព័រProperty Area Asiaឱ្យដឹងនាព្រឹកថ្ងៃទី១០ កញ្ញានេះថា បច្ចុប្បន្ននេះសក្ដានុពល នៃការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺ ជាពិសេសនៅផ្លូវ៥១និងផ្លូវ៤១ កំពុងតែមានការរីកលូតលាស់ និងទាក់ទាញការវិនិយោគជាបន្តបន្ទាប់ ។

លោកបន្តថា “តំបន់ផ្លូវ៤១ជាតំបន់ខ្ពង់រាប អត់លិចទឹក ដែលជាសក្ដានុពលសក្ដានុពលមួយ សម្រាប់ទាក់ទាញហើយមួយទៀតនោះ ផ្លូវនេះក៏ជាចរន្តផ្លូវមួយតភ្ជាប់ពីផ្លូវ៥១ ដែលអាចធ្វើដំណើរទៅកាន់ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យនិងទៅព្រំដែនកម្ពុជាថៃផងដែរ”។

លោកឧកញ៉ាយ៉ន សេងហានបានបន្តថា ផ្លូវ៥១និង៤១ពេលនេះ សំបូរទៅដោយរោងចក្រ សហគ្រាសជាច្រើនកំពុងសាងសង់ និងកំពុងដំណើរការបណ្ដើរៗ និងជាតំបន់ទេសចរណ៍ សម្រាប់អ្នកទេសចរទៅទស្សនា និងសម្រាកកម្សាន្តផងដែរ ។ លោកមើលឃើញថា នៅជុំវិញរាជធានីភ្នំពេញនេះ មានតែតំបន់ទាំងពីរនេះទេ ដែលមានការទាក់ទាញសម្រាប់វិស័យឧស្សាហកម្ម ។

ជាមួយគ្នានេះ លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺជាខេត្តមួយ ដែលនឹងមានការទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ពីព្រោះវាមានផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ ដូចជា៤១និង៥១ និងជាតំបន់ដែលមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅ និងទៅកាន់តំបន់ច្រកព្រំដែនកម្ពុជាថៃផងដែរ ។

លោកបន្តថា ចង់វិនិយោគ លើដីធ្លីដែលចំណេញ ត្រូវរកតំបន់ណាដែលនៅឆ្ងាយពីក្រុងបន្តិច ហើយតំបន់នៃខេត្តកំពង់ស្ពឺនេះ នឹងធ្វើឱ្យវិនិយោគិនទទួលបានប្រាក់ចំណេញនៅពេលអនាគតមកវិញ ជាជាងការវិនិយោគដីធ្លីនៅតំបន់ជិតឬក្បែរៗរាជធានីភ្នំពេញ ។

ផ្លូវ៤១ក៏ជាស្ថិតនៅក្នុងចំណោម គម្រោងរបស់រដ្ឋាភិបាល ដែលត្រូវជួសជុលនិងកែលម្អឡើងវិញផងដែរ ដើម្បីតភ្ជាប់ផ្លូវជាតិសំខាន់ពីរ គឺផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ហើយតាមបណ្ដោយផ្លូវនេះ ក៏ឃើញមានការអភិវឌ្ឍដីធ្លីកាន់តែមមាញឹក ជាពិសេសទៅលើគម្រោងអភិវឌ្ឍន៍ដីឡូត៏ លំហែកាយរបស់វិនិយោគិនក្នុងស្រុក៕

តើអ្នកអភិវឌ្ឍន៍ត្រូវកំណត់គម្លាតប៉ុន្មានពីព្រុំដី នៅពេលអ្នកសាងសង់លំនៅដ្ឋាន និងអគារខ្ពស់កប់ពពក

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការកំណត់គម្លាតពីព្រុំដីរបស់ខ្លូន នៅពេលសាងសង់លំនៅដ្ឋានឬអាគារខ្ពស់ៗណាមួយ មានការចែងយ៉ាងច្បាស់លាស់ តាមលិខិតបទដ្ឋានគតិយុត្តិដូចជាអនុក្រិត ឬច្បាប់សំណង់។

យោងតាមអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន បានកំណត់គម្លាតរវាងព្រំដី និងសំណង់អគារ ដូចជា

ទី១. អគារកម្ពស់ទាប

រាប់ចាប់ជាន់ផ្ទាល់ដី ដល់ជាន់ទី២ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច៤ម៉ែត្រ (អាចត្រឹម២ ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ដោយឡែក ត្រូវទុកធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច២ម៉ែត្រ។

២. អគារកម្ពស់មធ្យម

សំរាប់អគារ កម្ពស់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៨៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច៤ ម៉ែត្រ (អាចត្រឹម២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ)។ ដោយឡែក ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទូកយ៉ាងតិច២ម៉ែត្រ។

-កម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១៖ ត្រូវទុកធ្លាគម្លាតខាងមុខយ៉ាងតិច៥ ម៉ែត្រ (អាចត្រឹម២,៥ ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ខណៈ ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទុកយ៉ាងតិច២,៥ម៉ែត្រ។

៣. អគារកម្ពស់ខ្ពស់

សំរាប់អគារកម្ពស់ចាប់ពីជាន់ទី១២ ដល់ជាន់ទី២០៖ ត្រូវទុកធ្លាគម្លាតខាងមុខយ៉ាងតិច៦ម៉ែត្រ ខណៈធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទុកយ៉ាងតិច៣ ម៉ែត្រ។

-កម្ពស់ចាប់ពីជាន់ទី២១ ដល់ជាន់ទី៣០៖ ធ្លាគម្លាតខាងមុខយ៉ាងតិច៨ម៉ែត្រ ខណៈធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច៣,៥ ម៉ែត្រ។

ចំណែក-កម្ពស់ចាប់ពី៣១ជាន់ឡើងទៅ៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច១០ ម៉ែត្រ ខណៈធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទុកយ៉ាងតិច៤ម៉ែត្រ។

អនុក្រឹត្យនេះ ក៏បានកំណត់ឱ្យតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ ត្រូវមានច្រកដើរក្នុងអគារ ឬក្រៅអគារទុកទទឹងយ៉ាងតិច២ម៉ែត្រ ហើយត្រូវមានដំបូល ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកថ្មើរជើងផងដែរ។

ចំពោះអគារក្នុងដីឡូតិ៍ ដែលមានប្លង់ធ្លាគម្លាតស្រាប់វិញ (ប្លង់ដែលអនុម័តដោយក្រសួងរួចរាល់) ត្រូវប្រើប្រាស់ដីតាមការកំណត់នៃប្លង់ដែលមានស្រាប់នោះ ។

មូលហេតុដែលច្បាប់តម្រូវឱ្យមានគម្លាត រវាងព្រំដី និងសំណង់អគារនេះ គឺជាការត្រៀមសម្រាប់លទ្ធភាព ពង្រីកផ្លូវនាពេលអនាគត ពិសេសនៅរាជធានី ក្រុង និងទីប្រជុំជន៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគទំហំ៥លានដុល្លារនៅក្នុងស្រុកកៀនស្វាយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានទឹកប្រាក់ជាង៥លានដុល្លារអាមេរិក។

យោងតាមការប្រកាសព៌តមាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គណកម្មាធិការវិនិយោគនៃCDC បានអនុម័តឲ្យក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគគឺ ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD ដែលនឹងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយរំពឹងថានឹងបង្កើតការងារបាន១ ៤១៤កន្លែង ដល់ប្រជាជនក្នុងតំបន់។

ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក៕

 

លោកMoon Jae Inក្លាយជាប្រធានាធិបតីនៅមានជីវិតតែម្នាក់គត់ដែលទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែ១៤លានវ៉ុនក្រោយចូលនិវត្តន៍

ដោយៈសុខុម

សេអ៊ូល: បន្ទាប់ពីចូលនិវត្តន៍ ប្រធានាធិបតី Moon Jae In នឹងទទួលបានប្រាក់សោធននិវត្តន៍ចំនួន១៣.៩លានវ៉ុន (១១.៨៧៥ដុល្លារ)ក្នុងមួយខែ បន្ទាប់ពីអាណត្តិកាន់អំណាចរបស់លោកបញ្ចប់នៅខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃទី៩ កញ្ញា។

លោកនឹងក្លាយជាអតីតប្រធានាធិបតី នៅមានជីវិតតែម្នាក់គត់ នៃប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានអនុញ្ញាតឱ្យទទួល បានប្រាក់សោធននិវត្តន៍ប្រធានាធិបតី ខណៈអតីតប្រធានាធិបតីនៅមានជីវិត៤រូបទៀត មិនទទួលបានសិទ្ធិពិសេសនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ និងដកចេញពីតំណែង ឬជាប់ពន្ធនាគារ។

យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ និងសន្តិសុខដាក់ជូនតំណាងរាស្រ្ត Lee Young ដែលមកពីគណបក្សប្រឆាំងដ៏ធំ People Power Party បង្ហាញថា លោក Moon Jae In នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ១៦៦,៩លានវ៉ុន (១៤២.៨០០ដុល្លារ) ជារៀងរាល់ឆ្នាំ បន្ទាប់ពីចូលនិវត្តន៍ ឬស្មើនឹង១៣,៩លានវ៉ុន (១១.៨៧៥ដុល្លារ) ក្នុងមួយខែ។

ក្រៅពីប្រាក់សោធននិវត្តន៍ លោកMoon Jae In ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីរដ្ឋាភិបាលផងដែររួមមានរថយន្ត ថ្លៃសោហ៊ុយធ្វើដំណើរ ថ្លៃថ្នាំពេទ្យ និងប្រាក់ឧបត្ថម្ភ សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិក ដែលធ្វើការងារនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកជាដើម។

ទន្ទឹមនឹងនេះ ប្រាក់ខែប្រចាំឆ្នាំរបស់លោកMoon Jae In ដែលតាមការរំពឹងទុកថានឹងឈានដល់២៥០,១លានវ៉ុន (២១៤.០០០ដុល្លារ) នៅឆ្នាំក្រោយ ដោយកើនឡើង៥%បើធៀបនឹងឆ្នាំនេះ។ ទោះជាយ៉ាងណា លោកបានស្ម័គ្រចិត្តបង្កកប្រាក់ខែផ្ទាល់ខ្លួនរបស់លោកចាប់តាំងពីឆ្នាំ២០១៩។

អតីតប្រធានាធិបតី៤រូបដែលមានជីវិតនៅឡើយ គឺលោកស្រី Park Geun-hye លោក Lee Myung-bak លោក Roh Tae-woo និងលោក Chun Doo-hwan សុទ្ធតែត្រូវបានដកហូតសិទ្ធិ ទទួលបានប្រាក់សោធននិវត្តន៍ប្រធានាធិបតី ព្រោះពួកគាត់សុទ្ធតែជាប់ពន្ធនាគារ។ ច្បាប់ចែងថាប្រាក់សោធននិវត្តន៍ មិនត្រូវផ្តល់ជូនអតីតប្រធានាធិបតីណាដែលត្រូវបានដកចេញ ឬលាលែងពីតំណែង បន្ទាប់ពីត្រូវបានចោទប្រកាន់ ឬជាប់ពន្ធនា គារឡើយ។

បន្ទាប់ពីចូលនិវត្តន៍ លោកប្រធានាធិបតីMoon Jae In និងជំទាវទី១ Kim Jung-sook មានគម្រោងផ្លាស់ទៅរស់នៅក្នុងទីក្រុង Yangsan នៃខេត្ត South Gyeongsang។ ពួកគាត់បានទិញផ្ទះមួយ ដែលមានកម្ពស់២ជាន់ ហើយបានទិញដីពង្រីកបន្ថែមសម្រាប់សាងសង់ផ្ទះថ្មីសម្រាប់រស់នៅ។ ដើម្បីការពារសុវត្ថិភាពរបស់គ្រួសារលោក រដ្ឋាភិបាលក៏បានលៃទុកកញ្ចប់ថវិកា សម្រាប់សាងសង់អគារមួយ សម្រាប់ក្រុមអង្គរក្សការពារសុវត្ថិភាពគ្រួសាររបស់លោកនៅទីនោះផងដែរ៕   Korea Times>

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មីៗបន្ថែមទៀតទៅកាន់តំបន់ឆ្នេរនឹងជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យកាន់តែខ្លាំង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ផ្លូវសំខាន់ៗ ទៅកាន់តំបន់ឆ្នេរនៃកម្ពុជាបាននិងកំពុងជំរុញសក្ដានុពល និងទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសកម្មភាពនៃការទិញលក់ដីធ្លី នៅក្នុងអំឡុងនៃការរីកដាលនៃជំងឺកូវីដ១៩នេះ។

បើតាមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើផងដែរថា រាជរដ្ឋាភិបាលគ្រោងនឹងជួសជុល និងលើកកម្ពស់ផ្លូវជាច្រើនខ្សែទៀត តភ្ជាប់ទៅកាន់តំបន់ឆ្នេរជាពិសេសខេត្តកំពត និងកែបដែលជាតំបន់ទាក់ទាញថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ។

លោកគង់ ចាន់ណាអគ្គនាយកអចលនទ្រព្យនៃក្រុមហ៊ុនគង់ វង្សប្រណិតរៀលអ៊ីស្ទេតបានឱ្យដឹងថា កំពត និងកែប គឺជាខេត្តអេកូទេសចរណ៍ ដ៏មានសក្ដានុពលនិងកំពុងត្រូវការអ្នកវិនិយោគ សម្រាប់ផ្គត់ផ្គង់សេវាកម្មទៅលើវិស័យទេសចរណ៍ ។ ដោយសារតែខេត្តនេះ មានសក្ដានុពលទៅលើការវិនិយោគអចលនទ្រព្យ សម្រាប់វិស័យទេសចរណ៍ដូច្នេះដី៤ប្រភេទ ដែលមានហាងឆេងនិងទាក់ទាញជាងគេ រួមមាន១.ដីជាប់សមុទ្រ ២.ដីជាប់មាត់ព្រែកធំៗ ទី៣ ដីជាប់ជើងភ្នំ និងទី៤ ដីស្ថិតនៅទីតាំងដែលងាយស្រួលឱ្យវិនិយោគិនធ្វើរីសតបាន ។

លោកបន្តថា ពីព្រោះតែសក្ដានុពល នៃការវិនិយោគយូរអង្វែងនេះហើយ ទើបរដ្ឋាភិបាលលោកបានអភិវឌ្ឍ ហេដ្ឋារចនាសម្ប័ន្ធពីភ្នំពេញ ទៅកាន់ខេត្តទាំងពីរនេះ ដើម្បីងាយស្រួល ដល់ការធ្វើដំណើររបស់ទេសចរ និងវិនិយោគិនទៅកាន់តំបន់ទាំងពីរ”។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះ ក៏បានឱ្យដឹងផងដែរថា កម្ពុជាបានសាងសង់ផ្លូវជាតិល៣ តភ្ជាប់ពីចោមចៅទៅបែកគុសជា៤គន្លង ពីបែកគុសទៅទីរួមខេត្តកំពត ជាពីរគន្លងនិងសម្រេចជិត១០០ភាគរយទៅហើយ។ រដ្ឋាភិបាលក៏មានគម្រោងជួសជុល និងលើកកម្ពស់ផ្លូវជាតិលេខ៤១ពីផ្លូវជាតិលេខទៅផ្លូវជាតិលេខ៣ ឆ្ពោះទៅទីរួមខេត្តកំពត ផ្លូវជាតិលេខ៣១ពី បែកគុសទៅកំពង់ត្រាចឆ្ពោះទៅខេត្តកែប និងផ្លូវជាតិលេខ៣៣ពីទីរួមខេត្តកំពតទៅក្រុងកែប។

លោកបន្តថា “ការអភិវឌ្ឍផ្លូវនេះ នឹងនាំភ្ញៀវទេសចរទៅកម្សាន្ត នៅខេត្តទាំងពីរកាន់តែច្រើន និងនាំវិនិយោគិនជាតិនិងអន្តរជាតិ ទៅកាន់ខេត្តទាំងពីរកាន់តែច្រើនផងដែរនាពេលអនាគត”។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋ បានក្លាយជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច និងអចលនទ្រព្យ ហេតុនេះទើបរដ្ឋាភិបាល បាននិងកំពុងចំណាយទុនវិនិយោគរាប់រយលានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បី​កសាងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ និងអាទិភាពជាមុន។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលផ្តល់ផលប្រយោ​ជន៍សំខាន់ៗជាច្រើន ទី១ ជួយជម្រុញការរីកចម្រើនសេដ្ឋកិច្ចរយៈពេលវែង តាមរយៈការកាត់បន្ថយពេលវេលាដឹកជញ្ជូន ធ្វើដំណើរ ទី២ ជួយជម្រុញការរអភិវឌ្ឈន៍អចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀត ទី៣ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្ខិតជនបទកាន់តែមកកៀកនឹងរាជធានីភ្នំពេញ ដែលជាចំណុចកណ្តាលនៃសេដ្ឋកិច្ច សង្គមរបស់ប្រទេស៕

ក្រសួងរៀបចំដែនដីដាក់ឲ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីធ្លីស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

ដោយៈសុជាតា

ភ្នំពេញៈ បើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី9 ខែកញ្ញា ឆ្នាំ2021 បានអោយដឹងថា រដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីស្រុកបរិប៍ណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការការអភិវឌ្ឍលំនៅឋានគ្រប់វិស័យ។

ក្នុងគោលដៅធានាការគ្រប់គ្រង និងការអភិវឌ្ឍស្រុកបរិបូណ៌ប្រកបដោយចីរភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុកបរិបូណ៌ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ចក្ខុវិស័យឆ្នាំ2030 ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍន៍ដែនដីស្រុកបរិបូណ៌ទាំងមូល ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពី ការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។

ចក្ខុវិស័យដល់ឆ្នាំ ២០៣០នៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូរណ៍ គឺសំដៅរៀបចំ និង អភិវឌ្ឍស្រុកបរិបូរណ៍ ជាស្រុកគំរូក្នុងតំបន់បឹងទន្លសាប លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម  និង បរិស្ថានល្អប្រសើរប្រកបដោយចីរភាព តុល្បភាព និង បរិយាបន្ន តាមរយៈការជំរុញ១.ការអភិវឌ្ឍតំបន់ទីប្រជុំជន និងតំបន់ជនបទប្រកបដោយសោភ័ណ អត្តសញ្ញាណ វប្បធម៍ និងធម្មជាតិល្អប្រសើរ ក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប។

២. ការអភិវឌ្ឍកសិកម្ម និង ជលផលប្រកបដោយចំណេះដឹង ការច្នៃប្រឌិត។ ៣.ការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មសិប្បកម្មកែច្នៃ។ ៤ ការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ។ ៥. ការលើកកម្ពស់អភិបាលល្អ ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និង ការអភិវឌ្ឍបៃតង។

ក្ខុងវិស័យនៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូណ៌មានលក្ខណៈទូលំទូលាយគ្របដណ្តប់ទាំងឯកសារគតិយុត្ត និងបច្ចេកទេសសម្រាប់ធ្វើការ សម្របសម្រួលជាមួយនឹងវិស័យនានា ដែលជាកម្លាំងចលករសេដ្ឋកិច្ចសំដៅធ្វើការ តម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដោយធានាបាននូវការការពារ ធនធានដី ធនធានទឹកក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការអភិរក្ស ធនធាន ធម្មជាតិតំបន់បឹងទន្លេសាប តំបន់ឆ្នុកទ្រដែលរងការបំផ្លាញ ដោយសារសកម្មភាពអភិវឌ្ឍខុសបទដ្ឋានបច្ចេកទេស ឬដោយសារការប្រែប្រួលអាកាសធាតុ ដូចជា ការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកើនឡើងនៃកម្ដៅនៅក្នុងទីប្រជុំជន របបទឹកភ្លៀងមិនទៀងទាត់ ទឹកជំនន់ ភាពរាំងស្ងួត និងខ្យល់ព្យុះជាដើម។

ដើម្បីកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣០ ប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ត្រូវបានសិក្សានូវក្របខណ្ឌ សេដ្ឋកិច្ច សង្គម ដោយផ្អែកតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅ នូវប្រជាសាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ2008 និងឆ្នាំ 2019 របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ តាមរយៈការសិក្សាខាងលើនេះ ស្រុកបរិបូណ៌មានផ្ទៃដី42, 309 ហិកតា ចំនួនប្រជាជននៅឆ្នាំ 2008 មានចំនួន 54, 714 នាក់ ឆ្នាំ 2018 មានចំនួន 58, 417នាក់ និងនៅឆ្នាំ 2030 នឹងកើនឡើងដល់ 63, 194 នាក់ ផ្អែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ៕